មេរៀនទី ៨ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣-៣៤
បុព្វកថា
ក្នុងវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣ ព្រះអម្ចាស់បានត្រាស់ហៅ អែសរ៉ា ធេយ័រ និង ណូរត្រុព ស្វីត ឲ្យផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់ក៏បានប្រទានការណែនាំដល់បុរសទាំងនេះ អំពីការបង្រៀនដំណឹងល្អផងដែរ ។ ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤ ព្រះអម្ចាស់បានទុកព្រះទ័យលើ អួរសុន ប្រាត្ត ចំពោះសេចក្ដីជំនឿរបស់គាត់ ហើយក៏បានត្រាស់បញ្ជាឲ្យគាត់ទៅផ្សាយដំណឹងល្អផងដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១-៦
ព្រះអម្ចាស់ត្រាស់ហៅ អែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ឲ្យប្រកាសដំណឹងល្អទ្រង់
ព្រះទ្រង់ទាក់ទងមកកាន់កូនចៅទ្រង់តាមរបៀបជាច្រើន ។ តើមានឧទាហរណ៍ណាមួយ អំពីរបៀបដែលទ្រង់ទាក់ទងមកកាន់អ្នក និង ទៅកាន់មនុស្សដែលអ្នកស្គាល់ ?
របៀបមួយ ដែលព្រះអម្ចាស់អាចនឹងទាក់ទងមកកាន់យើងគឺ តាមរយៈសុបិន និង ការនិមិត្ត ។ សូមអានដំណើររឿងនៃការនិមិត្តខាងក្រោមនេះ ដែលបានដកពិសោធន៍ដោយ អែសរ៉ា ធេយ័រ ។ សូមពិចារណា ថាតើការនិមិត្តរបស់គាត់ ទាក់ទងដូចម្ដេចទៅនឹងរមូរក្រដាស ត្រចៀក និង ត្រែ ។ សូមគិតផងដែរអំពីអត្ថន័យនៃការនិមិត្តនេះ ។
« មានបុរសម្នាក់បានមកជួបខ្ញុំ ថែមទាំងបាននាំយករមូរក្រដាសមួយដុំ ហើយបានបង្ហាញវាមកឲ្យខ្ញុំ ក៏មានត្រែមួយ ហើយបានប្រាប់ខ្ញុំឲ្យផ្លុំត្រែនោះ ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនដែលចេះផ្លុំឧបករណ៍អ្វីឡើយក្នុងមួយជីវិតខ្ញុំនេះ ។ គាត់បានពោលថា លោកអាចផ្លុំវាបាន សូមសាកល្បងម្ដងចុះ ។ ខ្ញុំបានដាក់វានៅក្នុងមាត់របស់ខ្ញុំ ហើយបានផ្លុំវា ហើយបានបញ្ចេញសូរសំឡេងដ៏ពិរោះ ដែលខ្ញុំមិនដែលធ្លាប់បានឮពីមុនមក » ( “Testimony of Brother E. Thayre,” The True Latter Day Saints’ Herald ខែ តុលា ឆ្នាំ ១៨៦២ ទំព័រ ៨២ ) ។
អែសរ៉ា ធេយ័រ បានរស់នៅភូមិប៉ាលម៉ៃរ៉ា រដ្ឋនូវយ៉ោក ហើយបានស្គាល់ក្រុមគ្រួសារស្ម៊ីធ តាមរយៈការងារ ដែលគាត់បានធ្វើឲ្យលោកជាច្រើនដង ។ ក្នុងខែ តុលា ឆ្នាំ ១៨៣០ អ៊ែសរ៉ា ធេយ័ររ និងអ្នករស់នៅភូមិប៉ាល់ម៉ៃរ៉ា ម្នាក់ទៀតឈ្មោះ ណូរត្រុព ស្វ៊ីត បានទទួលពិធីបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រ ។ មិនយូរប៉ុន្មានបន្ទាប់ពី អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត បានទទួលពិធីបុណ្យជ្រមុជទឹក នោះព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយដែលថ្លែងទៅកាន់បុរសទាំងពីររូបនេះ ដែលឥឡូវត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣ ។ ជាច្រើនឆ្នាំក្រោយមក អែសរ៉ា បានពន្យល់ថា « រមូរក្រដាសនោះ គឺជាវិវរណៈចំពោះខ្ញុំ និង ណូរត្រុព ស្វ៊ីត » ( “Testimony of Brother E. Thayre,” ទំព័រ ៨២ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:១–២ រួចស្វែងរកពាក្យ និង ឃ្លា ដែលទាក់ទងនឹងរមូរក្រដាស ត្រចៀក និង ត្រែ ។
សូមពិចារណាថាតើវាមានន័យដូចម្ដេចដើម្បី « បើក…ត្រចៀក ហើយស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ ជាព្រះរបស់អ្នកចុះ » ( គ. និង ស. ៣៣:១ ) ។ សូមពិចារណាអំពីរបៀប ដែលអ្នកអាចបង្ហាញដល់ព្រះអម្ចាស់ថា ត្រចៀករបស់អ្នកត្រូវបើក ដើម្បីស្ដាប់តាមសំឡេងរបស់ទ្រង់យ៉ាងដូចម្ដេច ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា វាមានន័យដូចម្ដេច ដើម្បីប្រកាសដំណឹងល្អ « ហាក់ដូចជាដោយសំឡេងត្រែ » ? ( គ. និង ស. ៣៣:២ ) ?
-
នៅក្នុងការនិមិត្តរបស់ អែសរ៉ា ធេយ័រ កាលគាត់បានផ្លុំត្រែនោះ វាបានបញ្ចេញសូរសំឡេងពិរោះ ដែលគាត់មិនដែលធ្លាប់បានឮពីមុនមក ។ ចេញពីអ្វីដែលអ្នកបានរៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:២ តើអ្នកគិតថា ហេតុអ្វីបានជាសំឡេងត្រែនោះពិរោះ ?
-
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៣ ព្រះអម្ចាស់បានប្រើនិមិត្តរូបបន្ថែម ដើម្បីបង្រៀន អែសរ៉ា និង ណូរត្រុព អំពីការហៅរបស់ពួកគាត់ ឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ សូមអានខគម្ពីរនេះ រួចគិតអំពីនិមិត្តរូបដែលវាមាន ។ នៅក្នុងលំហាត់ខាងក្រោមនេះ សូមគូសបន្ទាត់ផ្គូផ្គងនិមិត្តរូបនីមួយៗទៅនឹងអត្ថន័យរបស់វា ។
និមិត្តរូប |
អត្ថន័យ |
---|---|
ស្រែ ឬ ចម្ការទំពាំងបាយជូរ |
សមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដែលបម្រើក្នុងការស្ថាបនានគរព្រះលើផែនដី |
អ្នកធ្វើការ |
លោកិយ |
ម៉ោងទីដប់មួយ |
គ្រាកាន់កាប់ត្រួតត្រាចុងក្រោយនៃដំណឹងល្អ និង គ្រាចុងក្រោយ ដែលព្រះអម្ចាស់នឹងរៀបចំនគររបស់ទ្រង់ឡើងនៅលើផែនដី មុនពេលការយាងមកជាលើកទីពីររបស់ទ្រង់ ( សូមមើល Bible Dictionary, “Dispensations” ) |
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៤ ដោយស្វែងរករបៀបដែលព្រះអម្ចាស់ បានពិពណ៌នាអំពីស្ថានភាពនៃលោកិយក្នុងឆ្នាំ ១៨៣០ ។ តើអ្នកឃើញមានឧបសគ្គអ្វីខ្លះ នៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់នាពេលបច្ចុប្បន្ននេះ ?
សូមពិចារណាអំពីការណ៍ ដែលព្រះអម្ចាស់បានធ្វើ ឬ កំពុងតែធ្វើ ដើម្បីជួយអ្នកឲ្យរស់នៅក្នុងលោកិយពុករលួយនេះបាន ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៥-៦ ។ តើព្រះអម្ចាស់បានមានព្រះបន្ទូលថា ទ្រង់បានធ្វើអ្វីខ្លះដើម្បីជួយដល់យើង ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូររូបមួយ ដែលបង្ហាញអំពីរបៀបមួយ ដែលព្រះបានជួយរាស្ត្រទ្រង់ចៀសឲ្យឆ្ងាយពីភាពពុករលួយនៃលោកិយនេះ ។
អ្នកអាចនឹងចង់គូសចំណាំ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៥–៦ ដែលបង្រៀនសេចក្ដីពិតតទៅនេះ ៖ ព្រះអម្ចាស់បានស្ថាបនាសាសនាចក្រទ្រង់ឡើង ហើយកំពុងប្រមូលអ្នកដែលទ្រង់បានរើសតាំងនៅថ្ងៃចុងក្រោយ ។
-
ដើម្បីជួយអ្នកឲ្យកាន់តែយល់ច្បាស់អំពីសេចក្ដីពិតនេះ និង សារៈសំខាន់របស់វា សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៦ តើនរណាគឺជាអ្នកដែលទ្រង់បានរើសតាំង ?
-
នៅពេលពិចារណាអំពីភាពពុករលួយនៃលោកិយ ហេតុអ្វីបានជាវាសំខាន់ ដើម្បីប្រមូលផ្ដុំពួករើសតាំងរបស់ព្រះអម្ចាស់ ?
-
តើសាសនាចក្រ បានជួយអ្នកឲ្យចៀសឲ្យឆ្ងាយពីភាពពុករលួយនៃលោកិយយ៉ាងដូចម្ដេច ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៧-១៨
ព្រះអម្ចាស់បានប្រទានការណែនាំដល់ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត សម្រាប់ការបង្រៀនដំណឹងល្អ
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៧–១០ ដើម្បីរៀនអំពីការណ៍ ដែលព្រះអម្ចាស់បានបង្រៀន អែសរ៉ា ធេយ័រ និង ណូរត្រុព ស្វីត ថាពួកគាត់ត្រូវធ្វើដោយប្រើមាត់របស់ពួកគាត់ ។ នៅក្បែររូបភាពខាងក្រោមនេះ សូមសរសេរគោលការណ៍មួយ ដោយផ្អែកទៅលើអ្វីដែលអ្នកបានស្វែងយល់ចេញពីខគម្ពីរទាំងនេះ ។ គោលការណ៍នេះអាចចាប់ផ្ដើមដោយថា ៖ បើយើងបើកមាត់របស់យើងប្រកាសដំណឹងល្អ នោះព្រះអម្ចាស់នឹង…
-
សូមគិតអំពីពេលមួយ ដែលអ្នកបានទទួលអារម្មណ៍ថា គួរតែបានថ្លែងចេញមកនូវដំណឹងល្អ ប៉ុន្តែ អ្នកមិនបានធ្វើ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើមានស្ថានភាពមួយចំនួនណាខ្លះ ដែលអ្នកអាចនឹងស្ទាក់ស្ទើរ ក្នុងការបើកមាត់របស់អ្នកប្រាប់អំពីដំណឹងល្អ ?
-
តើនៅពេលណាខ្លះ ដែលអ្នកធ្លាប់បានចែកចាយដំណឹងល្អ ហើយទទួលអារម្មណ៍បំផុសគំនិតឲ្យដឹងនូវអ្វីដែលត្រូវនិយាយ ? ឬ តើនៅពេលណាខ្លះ ដែលអ្នកបានឃើញមនុស្សដទៃ ចែកចាយដំណឹងល្អ ហើយទទួលអារម្មណ៍ថា ពួកគេត្រូវបានបំផុសគំនិតនៅក្នុងអ្វីដែលពួកគេបានថ្លែងនោះ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១០-១៥ មាននូវការណែនាំពីព្រះអម្ចាស់ទៅដល់ អ៊ែសរ៉ា និង ណូរត្រុព ឲ្យផ្សាយគោលការណ៍ និងពិធីបរិសុទ្ធដំបូងៗទាំងឡាយនៃដំណឹងល្អ ( សេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និង អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ) ។ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:១៦–១៨ ដើម្បីរៀនអំពីឱវាទបន្ថែម ដែលព្រះអម្ចាស់បានប្រទានដល់ អ៊ែសរ៉ា និង ណូរត្រុព ដែលនឹងជួយពួកគាត់ឲ្យដឹងនូវអ្វី ដែលត្រូវនិយាយក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។ ឱវាទដែលមាននៅក្នុង ខទី ១៧ ការមាន « ចង្កៀងបង្កាត់ ហើយឆេះ ហើយមានប្រេងនៅជាមួយអ្នកផង » មានន័យថា ត្រៀមខ្លួនជាស្រេចខាងវិញ្ញាណ និង រួចរាល់គ្រប់ពេលវេលាសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវចំណុចមួយនៃឱវាទដែលបានប្រទានឲ្យនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:១៦–១៨ រួចពន្យល់អំពីរបៀប ដែលវាអាចជួយអ្នកឲ្យត្រៀមខ្លួនជាស្រេច ដើម្បីបើកមាត់អ្នក ហើយចែកចាយដំណឹងល្អជាមួយមនុស្សដទៃនៅគ្រប់ពេលវេលាទាំងអស់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤
ព្រះអម្ចាស់ទុកព្រះទ័យលើ អួរសុន ប្រាត្ត ចំពោះសេចក្ដីជំនឿរបស់គាត់ ហើយបានត្រាស់ហៅឲ្យគាត់ផ្សាយដំណឹងល្អ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤ ផ្ដល់នូវឧទាហរណ៍មួយអំពីមនុស្សម្នាក់ ដែលត្រូវបានប្រទានពរ នៅពេលមានមនុស្សម្នាក់ទៀត បានបើកមាត់របស់គាត់ចែកចាយដំណឹងល្អ ។ សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃវិវរណៈនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ដើម្បីស្វែងយល់អំពីមនុស្ស ដែលបានបើកមាត់របស់គាត់ ដើម្បីចែកចាយដំណឹងល្អជាមួយ អួរសុន ប្រាត្ត ។
អួរសុន ប្រាត្ត បានមានអាយុ ១៩ ឆ្នាំ កាលគាត់បានទទួលពិធីបុណ្យជ្រមុជទឹក ដោយបងប្រុសរបស់គាត់គឺ ប៉ាលី ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:១ រួចកត់ចំណាំអំពីរបៀប ដែលព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ អួរសុន ។
ឥឡូវនេះ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:២-៣ ដោយស្វែងរកមូលហេតុ ដែលព្រះអម្ចាស់ហៅ អួរសុន ថាជាបុត្ររបស់ទ្រង់ ។
អ្នកអាចនឹងបានកត់ចំណាំនៅក្នុង ខទី ៣ ថា អ្នកទាំងអស់ណា ដែលជឿលើ ព្រះយេស៊ូវគ្រីស្ទ ក្លាយទៅជាបុត្រារបស់ទ្រង់ ។ នេះគឺជានិមិត្តរូបនៃជីវិតថ្មី ដែលយើងទទួលបាន នៅពេលយើងទទួលយកដំណឹងល្អនៃព្រះអង្គសង្គ្រោះ ។ យើងរៀនចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១ ថា ការសន្យានេះអនុវត្តដូចគ្នាផងដែរសម្រាប់ស្ត្រីៗ ដែលក្លាយទៅជាបុត្រីរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេទទួលយកដំណឹងល្អទ្រង់ ។
នៅពេលអ្នកអានព័ត៌មានខាងក្រោមដែល អួរសុន ប្រាត្ត បានសរសេរអំពីជីវិតកាលពីមុនរបស់គាត់ សូមគូសចំណាំអ្វី ដែលគាត់បានធ្វើដើម្បីបង្ហាញថា គាត់បានជឿលើព្រះអម្ចាស់ ៖
« ចាប់តាំងពីអាយុដប់ឆ្នាំដល់ដប់ប្រាំបួនឆ្នាំ ខ្ញុំបានធ្វើដំណើរតាមជនបទជាច្រើន ហើយបានផ្លាស់ទីលំនៅជាញឹកញាប់ ប៉ុន្តែតាមរយៈព្រះគុណរបស់ព្រះ ខ្ញុំត្រូវបានការពារពីសេចក្ដីអាក្រក់ជាច្រើន ដែលមនុស្សវ័យក្មេងបានជួបប្រទះ ដែលចំណាប់អារម្មណ៍ពីមុន អំពីសីលធម៌ និងសាសនា បានដក់ក្នុងគំនិតខ្ញុំ តាមរយៈឪពុកម្ដាយខ្ញុំ វាតែងតែដិតជាប់នឹងខ្ញុំ ហើយជាញឹកញាប់ ខ្ញុំមានអារម្មណ៍រំភើបដ៏ខ្លាំងដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពនាពេលអនាគតមួយ ប៉ុន្តែពុំដែលបានចាប់ផ្ដើមស្វែងរកព្រះអម្ចាស់ដ៏ពិតទេ រហូតមកដល់រដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ១៨២៩ ។ បន្ទាប់មក ខ្ញុំបានចាប់ផ្ដើមអធិស្ឋានយ៉ាងក្លៀវក្លា ប្រែចិត្តពីគ្រប់អំពើបាបរបស់ខ្ញុំ ។ ក្នុងភាពស្ងប់ស្ងាត់នាពេលរាត្រី កាលដែលអ្នកដទៃទៀតបានលង់លក់នៅក្នុងដំណេក ជាញឹកញាប់ខ្ញុំបានចូលទៅកន្លែងស្ងាត់ខ្លះៗក្នុងទីវាលតែឯង ឬវាលរហោស្ថានស្ងាត់ដាច់ពីគេ ហើយឱនក្បាលចំពោះព្រះអម្ចាស់ ហើយបានអធិស្ឋានរាប់ម៉ោង ដោយដួងចិត្តសង្រេង និង វិញ្ញាណទន់ទាប ដ្បិតការធ្វើបែបនេះជាការលួងលោមចិត្ត និង សេចក្ដីរីករាយចំពោះខ្ញុំ ។ បំណងប្រាថ្នាដ៏ធំនៃចិត្តរបស់ខ្ញុំ គឺដើម្បីឲ្យព្រះអម្ចាស់សម្ដែងព្រះឆន្ទៈទ្រង់អំពីខ្ញុំ ។ ខ្ញុំបានបន្តអធិស្ឋានតាមរបៀបដ៏ក្លៀវក្លានេះរហូតដល់ខែ កញ្ញា ឆ្នាំ ១៨៣០ ជាពេលដែលអែលឌើរពីររូបនៃ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមកជួបអ្នកជិតខាងខ្ញុំ ដែលជាបងប្រុសរបស់ខ្ញុំគឺ ប៉ាលី ។ ខ្ញុំបានចូលរួមការណាត់ជួបមួយចំនួនរបស់ពួកគាត់ ។
« ដោយបានជឿលើ យថាភាពដ៏ទេវភាពនៃគោលលទ្ធិ ដែលពួកគាត់បានបង្រៀន ខ្ញុំបានទទួលពិធីបុណ្យជ្រមុជទឹកនៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៨៣០ ។ នេះគឺចំថ្ងៃកំណើតគម្រប់ដប់ប្រាំបួនឆ្នាំរបស់ខ្ញុំ ។ ខ្ញុំគឺជាបុគ្គលតែម្នាក់គត់នៅក្នុង [ តំបន់ ] នោះ ដែលបានទទួលយក ហើយគោរពប្រតិបត្តិតាមសារលិខិត » ( នៅក្នុង The Orson Pratt Journals,comp. Elden J. Watson [ ឆ្នាំ ១៩៧៥ ] ទំព័រ ៨–៩ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:៤–៦ ដើម្បីឃើញអ្វី ដែលព្រះអម្ចាស់បានត្រាស់ហៅ អួរសុន ប្រាត្ត ឲ្យធ្វើ ដើម្បីទទួលបានពរជ័យបន្ថែម ។ សូមពិចារណាអំពីមូលហេតុ ដែលយើងទទួលបានពរជ័យកាន់តែច្រើន នៅពេលយើងបង្រៀនដំណឹងល្អទៅកាន់មនុស្សដទៃ ។
ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ អួរសុន អំពីទីសម្គាល់មួយចំនួន ដែលនឹងកើតឡើងនៅពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ ( សូមមើល គ. និង ស. ៣៤:៧–៩ ) ។ បន្ទាប់មក ទ្រង់បានបញ្ចប់វិវរណៈនេះដោយបានលើកទឹកចិត្ត អួរសុន ក្នុងការហៅរបស់គាត់ដើម្បីផ្សាយដំណឹងល្អ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:១០–១២ ដោយស្វែងរកសេចក្ដីពិតតទៅនេះ ៖ អ្នកទាំងឡាយណា ដែលបង្រៀនដំណឹងល្អដោយឧស្សាហ៍ព្យាយាម នឹងធ្វើដូច្នោះតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ បើយើងមានចិត្តស្មោះត្រង់ នោះព្រះអម្ចាស់នឹងគង់នៅជាមួយយើង ។
តើការសន្យារបស់ព្រះអម្ចាស់ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:១១ អាចជួយលួងលោម ហើយពង្រឹងមនុស្សម្នាក់នៅក្នុងគ្រាដែលបាក់ទឹកចិត្តយ៉ាងដូចម្ដេច ?
-
សូមពិពណ៌នាដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលអ្នកគិតថា វាចាំបាច់ត្រូវមានព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យបង្រៀនដំណឹងល្អទៅដល់មនុស្សដទៃ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣-៣៤ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖