ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១ ៖ ថ្ងៃទី ៤ ការសិក្សា​ព្រះគម្ពីរ


មេរៀន​ទី ១ ៖ ថ្ងៃ​ទី ៤

ការសិក្សា​ព្រះគម្ពីរ

សេចក្តីផ្តើម

មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​យល់ដឹង​ព្រះគម្ពីរ​បាន​កាន់តែ​ប្រសើរ ស្វែងរក​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹងល្អ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​ទាំងឡាយ ហើយ​អនុវត្ត​សេចក្ដីពិត​ទាំងនោះ​ក្នុង​ជីវិត​របស់​អ្នក ។ នៅ​ពេល​អ្នក​ធ្វើ​ដូចនេះ ព្រះគម្ពីរ​នឹង​ក្លាយ​ជា​ធនធាន​ដឹកនាំ និង​វិវរណៈ​កាន់តែ​ប្រសើរ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ការសិក្សា​ព្រះគម្ពីរ​ក្នុង​ថ្នាក់​សិក្ខាសាលា

តើ​អ្នក​ធ្លាប់​ជួយ​នរណា​ម្នាក់​ស្វែងរក​វត្ថុ​ដែល​បាន​បាត់​ដែរ​ឬ​ទេ ? ពីមុន​អ្នក​ចាប់ផ្ដើម​ស្វែងរក តើ​អ្នក​ស្គាល់​ពី​ទ្រង់ទ្រាយ​វត្ថុ​ដែល​អ្នក​កំពុង​តែ​ស្វែងរក​នោះ​ដែរ​ឬ​ទេ ? ប្រសិនបើ​អ្នក​ពុំ​ស្គាល់​ពី​វត្ថុ​ដែល​អ្នក​កំពុង​តែ​ស្វែងរក​ទេ​នោះ តើ​ការស្វែងរក​របស់​អ្នក​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណា​ដែរ ឬ តើ​អ្នក​គិត​ថា ការស្វែងរក​របស់​អ្នក​នោះ​នឹង​ទទួល​បាន​ជោគជ័យ​ដល់​កម្រិត​ណា ?

យុវជន​អាន​ព្រះគម្ពីរ

តាម​របៀប​ដូចគ្នា​នេះ​ដែរ ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អាច​កាន់តែ​មាន​អត្ថន័យ កាល​អ្នក​ស្គាល់​ពី​អ្វី​ដែល​អ្នក​ស្វែងរក នៅ​ពេល​អ្នក​សិក្សា ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​សង្ឃឹម​ថា​នឹង​ទទួល​បាន​នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរ ។

ប្រធាន ម៉ារុន ជី រ៉មនី

ប្រធាន ម៉ារ៉ុន ជី រ៉មនី ក្នុង​គណៈប្រធាន​ទី​មួយ បាន​បង្រៀន​អំពី​មូលហេតុ​មួយ​ដែល​ព្រះគម្ពីរ​ត្រូវបាន​ចងក្រង​ឡើង ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​អ្វី​ដែល​ត្រូវ​ស្វែងរក​នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ថា ៖ « មនុស្ស​ម្នាក់​ពុំ​អាច​សិក្សា​បទគម្ពីរ​ដោយ​ស្មោះ ដោយ​ពុំ​រៀន​គោលការណ៍​នានា​នៃ​ដំណឹងល្អទេ ដោយ​សារតែ​បទគម្ពីរ ត្រូវ​បាន​សរសេរ​ទុក ដើម្បី​រក្សា​គោលការណ៍​នានានោះ​ទុក​ជា​ប្រយោជន៍​ដល់​យើង » ( « The Message of the Old Testament » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នក​អប់រំ​សាសនា ស៊ី.អ៊ី.អេស ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ ១៩៧៩ ] ទំព័រ ៣ si.lds.org ) ។

យោង​តាម​ប្រធាន រ៉មនី ហេតុអ្វី​បាន​ជា​ព្រះគម្ពីរ​ត្រូវបាន​ចងក្រង​ឡើង ?

ដូច្នេះ តើ​យើង​ស្វែងរក​អ្វី​នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ ដើម្បី​ឲ្យ​បាន​ប្រសើរ​ជាង​ការគ្រាន់តែ​ស្គាល់​ពី​សាច់​រឿង​លម្អិត​អំពី​ព្រឹត្តិការណ៍​នានា និង​តួអង្គ​ដែល​នៅ​ក្នុង​ព្រះគម្ពីរ​នោះ ? យើង​គួរតែ​ព្យាយាម​ស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​ពួកព្យាការី​ជំនាន់​បុរាណ​បាន​ថែរក្សា​ទុក​ដែល​បាន​មក​ពី​ព្រឹត្តិការណ៍ ទេសនកថា និង​វិវរណៈ​នានា​ដែល​ពួក​លោក​បាន​កត់ត្រា​ទុក​ក្នុង​ព្រះគម្ពីរ ។ សេចក្ដីពិត​ទាំងនេះ​ត្រូវបាន​ហៅ​ថា​គោលលទ្ធិ និង គោលការណ៍ ។

គោលលទ្ធិ​គឺ​ជា​គ្រឹះ ជា​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ពុំ​ប្រែប្រួល ដូចជា ព្រះវរបិតាសួគ៌​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង ។ គោលការណ៍​គឺ​ជា​សេចក្ដីពិត ឬ ច្បាប់​ដ៏​ខ្ជាប់ខ្ជួន ដែល​យើង​អាច​ប្រើ​ដើម្បី​ដឹកនាំ​យើង​ក្នុង​ការធ្វើ​ការសម្រេចចិត្ត និង​ការអនុវត្ត​គោលលទ្ធិ​ទាំងឡាយ​នៅ​ក្នុង​ជីវិត​យើង ។ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​អំពី​របៀប​ដែល​គោលការណ៍​នៃ​ដំណឹងល្អ​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ដល់​យើង​ថា ៖ « គោលការណ៍​គឺ​ជា​សេចក្ដីពិត​ដ៏​បរិសុទ្ធ​ដែល​ត្រូវបាន​រៀបចំ​ឡើង​ឲ្យ​អនុវត្ត​ក្នុង​គ្រប់​កាលៈទេសៈ ។ គោលការណ៍​ពិត ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​ច្បាស់លាស់ ទោះ​ជា​ស្ថិត​នៅ​ក្រោម​ស្ថានភាព​ច្របូក​ច្របល់ និង​ការ​បង្ខិត​បង្ខំ​ដ៏​ខ្លាំង​បំផុតក្ដី » ( Acquiring Spiritual Knowledge » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៣, ទំព័រ ៨៦ ) ។

យោង​តាម​អែលឌើរ ស្កត តើ​គោលការណ៍​គឺ​ជា​អ្វី ?

ឧទាហរណ៍​នៃ​គោលការណ៍​មួយ​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ មាន​ចែង​នៅ​ក្នុង​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ ។ ចេញ​ពី​បទពិសោធន៍​របស់ យ៉ូសែប យើង​ស្វែងយល់​ថា ព្រះ​ទ្រង់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​គោលលទ្ធិ ឬ គោលការណ៍​មួយ​ដែល​អ្នក​បាន​ស្វែងយល់​ដោយ​ការសិក្សា​ព្រះគម្ពីរ ។

ការយល់ដឹង​អំពី​បរិបទ និង មាតិកា​បទគម្ពីរ

សូម​ស្រមៃ​ពី​រូបភាព​នៃ​ផ្លែឈើ​ដែល​មាន​សំបក ឬ ស្រទាប់​ក្រៅ​ដូចជា ផ្លែ​ចេក ឬ ផ្លែ​ក្រូច ។

ផ្លែ​ចេក

តើ​ផ្នែក​ណាមួយ​នៃ​ផ្លែឈើ​ដែល​មាន​អត្ថប្រយោជន៍​ជាងគេ ? តើ​អ្នក​ត្រូវតែ​ធ្វើ​ដូចម្ដេច​ពី​មុន​អ្នក​អាច​បរិភោគ​ផ្លែឈើ​នោះ​បាន ?

ចេក​ដែល​បក​សំបក​ចេញ​មួយ​ផ្នែក

ប្រសិនបើ​ផ្នែក​ដែល​មាន​សារៈសំខាន់ និង អត្ថប្រយោជន៍​បំផុត​នៃ​ផ្លែឈើ​ស្ថិត​នៅ​ខាង​ក្នុង តើ​សំបក​ផ្នែក​ខាង​ក្រៅ​មាន​តួនាទី​អ្វី ?

ផ្លែឈើ​មាន​សំបក ដែល​យើង​បរិភោគ​ឲ្យ​មាន​ថាមពល និង​សារធាតុ​ចិញ្ចឹម អាច​ប្រៀបធៀប​ទៅ​នឹង​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះគម្ពីរ ។ សំបក​ដែល​នៅ​ពី​ក្រៅ​ផ្លែឈើ​អាច​ប្រៀបធៀប​ទៅ​នឹង​ព្រឹត្តិការណ៍ និង​តួអង្គ​ទាំងឡាយ​នៅ​ក្នុង​ព្រះគម្ពីរ ។ គឺ​ដូចជា​សំបក​ខាង​ក្រៅ​ដែល​ការពារ និង​ជួយ​ដល់​សាច់​ផ្លែឈើ​ផ្នែក​ខាង​ក្នុង​ដែរ ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ទាំងនេះ​មាន ហើយ​នាំ​មក​ឲ្យ​យើង​នូវ​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹងល្អ​តាម​របៀប​ដែល​ជួយ​យើង​ឲ្យ​យល់ ចងចាំ ហើយ​អនុវត្ត​ក្នុង​ជីវិត​របស់​យើង ។

ប្រសិនបើ​អ្នក​មាន​ផ្លែឈើ​មួយ​ចំណិត សូម​ចិត/បក​សំបក​ចេញ​ដើម្បី​អ្នក​អាច​ឃើញ​សាច់​ផ្លែឈើ​ខាង​ក្នុង ( ឬ​គិត​ពី​មធ្យោបាយ​ផ្សេងៗ​គ្នា​ដែល​អ្នក​អាច​បាន​សាច់​ផ្លែ​ចេក ឬ​ផ្លែ​ក្រូច ) ។ សកម្មភាព​ដែល​ត្រូវ​បក/ចិត​សំបក​ខាង​ក្រៅ ហើយ​បង្ហាញ​សាច់​ផ្លែឈើ​ខាង​ក្នុង​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​បើក ឬ​ដកយក​នូវ​វគ្គ​បទ​គម្ពីរ ។ ដើម្បី​បក​សំបក​បើក​ព្រះគម្ពីរ ហើយ​បង្ហាញ​សាច់​ផ្លែឈើ​ខាង​ក្នុង យើង​ត្រូវ​យល់​ពី​ទិដ្ឋភាព​ជា​ប្រវត្តិសាស្ត្រ​នៃ​វិវរណៈ ហើយ​ក៏​ត្រូវ​ព្យាយាម​ស្វែងយល់​ពី​ព្រឹត្តិការណ៍ តួអង្គ និង​អត្ថន័យ​នៃ​សម្ដី​ទាំងឡាយ ។ នៅ​ពេល​យើង​ធ្វើ​ដូច្នេះ គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​មាន​ក្នុង​ដំណើររឿង​ព្រះគម្ពីរ​នឹង​កាន់តែ​មាន​ភាពងាយស្រួល​អាន និង​យល់ ។

ចំណុច​ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ និង​ជំនាញ​សំខាន់ៗ​ដើម្បី​ជួយ​អ្នក​យល់​កាន់តែ​ប្រសើរ​ពី​បទគម្ពីរ​នៅ​ពេល​អ្នក​សិក្សា​ពី​វា ។ នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ អ្នក​នឹង​រកឃើញ​ជំនាញ និង​វិធីសាស្ត្រ​បន្ថែម​អំពី​ការសិក្សា​ព្រះគម្ពីរ ។

ទិដ្ឋភាព​ជា​ប្រវត្តិសាស្ត្រ ៖ កណ្ឌ​នីមួយៗ​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា មាន​នូវ​សេចក្ដី​ណែនាំ​អំពី​កណ្ឌ ដែល​ជាញឹកញាប់​ប្រាប់​ពី​កង្វល់ សំណួរ ឬ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​បង្កើត​បាន​ជា​វិវរណៈ​ក្នុង​កណ្ឌ​មួយ​នោះ ។ ការស្គាល់​ពី​សេចក្ដី​លម្អិត​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​វិវរណៈ ។

  1. journal iconដើម្បី​ឃើញ​ពី​របៀប​ដែល​ការស្គាល់​ទិដ្ឋភាព​ជា​ប្រវត្តិសាស្ត្រ​អាច​បង្កើន​ការយល់ដឹង​ពី​វិវរណៈ សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១ និង ខ ១–៨ ។ សូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​ការដឹង​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​គុក​លីប៊ើធី​អស់​រយៈពេល​បីបួន​ខែ បន្ថែម​អត្ថន័យ​ទៅ​ក្នុង​ការអធិស្ឋាន​របស់​លោក និង​ចម្លើយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

និយមន័យ​ពាក្យ ៖ ពាក្យ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ព្រះគម្ពីរ​អាច​ជា​ពាក្យ​ពិបាក​យល់ ។ Bible Dictionary សេចក្ដីណែនាំ​ដល់​បទគម្ពីរ លេខ​យោង​បទគម្ពីរ និង​វចនានុក្រម​ធម្មតា​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងនោះ ។

ឧទាហរណ៍ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១,៤ ។ ពាក្យ ព្រះពន្លា សំដៅ​លើ​ត្រសាល ឬ សំណង់​ការពារ ។ តើ​ការស្គាល់​បែប​នេះ​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

បទគម្ពីរ​យោង ៖ ជា​ញឹកញាប់ វគ្គ​បទគម្ពីរ​មួយ​អាច​ជួយ​ពន្យល់ ឬ​បកស្រាយ​អត្ថន័យ​នៃ​ឃ្លា ឬ គំនិត​ដែល​មាន​ក្នុង​វគ្គ​បទគម្ពីរ​មួយ​ទៀត ។ ឧទាហរណ៍ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥៥ ។ ខគម្ពីរ​នេះ​ទំនង​ជា​បង្ហាញ​ថា ការណ៍​តែ​មួយ​គត់​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​គ្រង​នគរ​សេឡេស្ទាល​គឺ​ត្រូវ​ធ្វើ​ជា​សមាជិក​សាសនាចក្រ ។ ឥឡូវនេះ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៦៧ រួច​កត់ចំណាំ​ពី​អ្វី​ដែល​វា​បង្រៀន​អំពី​ការធ្វើ​ជា​សមាជិក​សាសនាចក្រ ។

  1. journal iconសូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​របៀប​ដែល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ ជួយ​អ្នក​យល់​ពី​អត្ថន័យ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៥៥ និង ១០:៦៧ ។ អ្នក​អាច​ចង់​សរសេរ គ. និង ស. ១០:៦៧; ២០:៣៧ នៅ​គែម​ទំព័រ​ក្បែរ​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥៥ ជា​បទគម្ពីរ​យោង ។

ស្គាល់​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

នៅ​ពេល​អ្នក​បង្កើន​ការយល់ដឹង​ពី​ប្រវត្តិ ពាក្យ​សម្ដី តួអង្គ និង​ព្រឹត្តិការណ៍​នានា​ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ គឺ​អ្នក​បាន​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​ស្គាល់​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​មាន​ក្នុង​អ្វី​ទាំង​អស់​នេះ ។

គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ចំនួន​គឺ​ស្រួល​ស្គាល់ ដោយសារ​វា​ត្រូវ​បាន​ថ្លែង​ត្រង់ៗ​នៅក្នុង​គម្ពីរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២ រួច​គូសចំណាំ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​ត្រូវបាន​ថ្លែង​ត្រង់ៗ​ក្នុង​ខគម្ពីរ​នេះ ។ ក្នុង​ចំណោម​គោលលទ្ធិ​ដែល​បាន​ប្រកាស​ក្នុង​ខគម្ពីរ​នេះ​គឺ​សេចក្ដីពិត​ដែល​ថា ព្រះវរបិតា និង ព្រះរាជបុត្រា​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង​ដែល​ជាក់ស្ដែង​ដូចជា​រូបកាយ​មនុស្ស ហើយ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួអង្គ​វិញ្ញាណ ។

មាន​គោលលទ្ធិ និង គោលការណ៍​ជា​ច្រើន​ដែល​ពុំ​បាន​ថ្លែង​ដោយ​ត្រង់ៗ​ក្នុង​ព្រះគម្ពីរ​ទេ ប៉ុន្តែ ត្រូវបាន​បង្ហាញ ឬ ពិពណ៌នា​ពេញ​ទាំង​បី​បួន​ខគម្ពីរ ។ ដើម្បី​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ យើង​ត្រូវ​ស្គាល់​សេចក្ដីពិត​ដែល​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​វគ្គ​បទគម្ពីរ ហើយ​ក្រោយ​មក​ថ្លែង​សេចក្ដីពិត​ទាំងនោះ​ឲ្យ​បាន​ច្បាស់ ហើយ​ងាយយល់ ។ ជា​ញឹកញាប់​ការណ៍នេះ​ត្រូវការ​ពេល​វេលា និង ការគិត​ដោយ​ប្រុងប្រយ័ត្ន ។

អែលឌើរ រីឆាដ ជី ស្កត

អែលឌើរ រីឆាដ ជី ស្កត បាន​ផ្ដល់​ដំបូន្មាន​ដូចនេះ​ថា ៖ « នៅ​ពេល​អ្នក​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ ចូរ​ស្វែងរក​គោលការណ៍​នានា ។ សូម​បែង​ចែក​វា​ចេញ​ពី​ព័ត៌មាន​លម្អិត ដែល​បាន​ប្រើ​ដើម្បី​ពន្យល់​វា​នោះ​ដោយ​ប្រុងប្រយ័ត្ន › » ។… វា​សក្តិសម​នឹង​កិច្ចខិតខំ​ដ៏មហិមា​ដើម្បី​រៀបចំ​សេចក្តីពិត​ដែល​យើង​ប្រមូល​ផ្ដុំ​ដើម្បី​បង្កើត​សេច​ក្តីថ្លែងការណ៍សាមញ្ញ​អំពី​គោលការណ៍ »(«Acquiring Spiritual Knowledge » ទំព័រ ៨៦ )។

នៅ​ពេល​អ្នក​រៀន​ពី​របៀប​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​ពុំ​ត្រូវ​បាន​ថ្លែង​ដោយ​ត្រង់ៗ នោះ​អ្នក​អាច​នឹង​សួរ​សំណួរ​ដូចជា ៖ ហេតុអ្វី​បាន​ជា​ព័ត៌មាន​នេះ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​បទគម្ពីរ​នេះ ? តើ​អ្នក​និពន្ធ​ចង់​ឲ្យ​អ្នក​អាន​រៀន ហើយ​យល់ដឹង​ពី​អ្វី ? តើ​ខ្ញុំ​អាច​រៀន​អ្វី​ពី​ការណ៍​នេះ ដែល​អាច​ជួយ​ខ្ញុំ​ក្នុង​ជីវិត​បាន ? តើ​ខ្ញុំ​អាច​រៀន​អ្វី​ពី​ការណ៍​នេះ ដែល​អាច​ជួយ​ខ្ញុំ​ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ​បាន ?

  1. journal iconសូម​អនុវត្ត​ការស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដោយ​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១–៨ រួច​សួរ​ខ្លួនឯង​នូវ​សំណួរ​ពីមុន​នេះ​មួយ​ចំនួន ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​សេចក្ដីពិត​ចំនួន​មួយ ឬ​ពីរ​ដែល​អ្នក​រៀន​ពី​ការអធិស្ឋាន​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការអធិស្ឋាន​នោះ ។

អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​ជីវិត​អ្នក

សូម​គិត​ម្ដងទៀត​ពី​ផ្លែឈើ​ដែល​បាន​ពិភាក្សា​នៅ​ដើម​មេរៀន ។ តើ​ផ្លែឈើ​នោះ​នឹង​មាន​តម្លៃ​អ្វី​ទៅ ប្រសិនបើ​វា​ត្រូវ​បាន​បក/ចិត​សំបក​ចេញ ហើយ​ពុំ​ត្រូវ​បាន​ប្រើ​អ្វី​សោះ​នោះ ?

ប្រសិនបើ​យើង​ប្រៀបធៀប​សាច់​ផ្លែឈើ​ក្នុង​សំបក​នោះ​ទៅ​នឹង​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​យើង​ស្គាល់​ក្នុង​ព្រះគម្ពីរ តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​ជាមួយ​នឹង​សេចក្ដីពិត​ទាំងនេះ​នៅ​ពេល​យើង​រក​វា​ឃើញ​ហើយ​នោះ ?

គុណប្រយោជន៍​នៃ​កិច្ចការ​ដែល​យើង​ធ្វើ​ដើម្បី​ចិត/បក​សំបក​ចេញ​នោះ គឺ​ជា​សារធាតុ​ចិញ្ចឹម និង​ថាមពល​ដែល​យើង​ទទួល​បាន​ពី​សាច់​ផ្លែឈើ​ខាង​ក្នុង ។ តាម​របៀប​ដូចគ្នា​នេះ​ដែរ គុណប្រយោជន៍​នៃ​ការសិក្សា​ព្រះគម្ពីរ​កើតមាន​នៅ​ពេល​យើង​យក​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​យើង​ស្គាល់​មក ហើយ​អនុវត្ត​ក្នុង​ជីវិត​របស់​យើង ។ វិវរណៈ​ជា​ច្រើន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា​ត្រូវ​បាន​ប្រទាន​ដល់​បុគ្គល​ជា​ច្រើន​ដែល​មាន​សំណួរ ឬ កង្វល់​នានា ប៉ុន្តែ យើង​អាច​អនុវត្ត​ដំបូន្មាន និង​ការបង្រៀន​ទាំងឡាយ​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​បាន​ផងដែរ ។ ទោះជា​កណ្ឌ​ភាគ​ច្រើន​សំដៅ​ទៅ​លើ​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​យ៉ាង​ណាក្ដី ក៏​សារលិខិត ការព្រមាន និង​ការក្រើន​រំឭក​នានា​ផ្ដល់​ជា​គុណប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា​ផងដែរ ។

  1. journal iconសូម​គិត​ពី​ឧទាហរណ៍​មួយ​នៃ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​អ្នក​បាន​សិក្សា​ចេញ​ពី​បទគម្ពីរ និង ពី​របៀប​ដែល​វា​ផ្ដល់​ពរ​ដល់​ជីវិត​អ្នក​នៅ​ពេល​អ្នក​បាន​អនុវត្ត​វា ។ សូម​កត់ត្រា​បទពិសោធន៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ជា​ការសន្យា​ទៅ​កាន់​អស់​អ្នក​ដែល​សិក្សា​ព្រះគម្ពីរ ហើយ​អនុវត្ត​សេចក្ដីពិត​ដែល​វា​មាន​ដូចនេះ​ថា ៖ « បើ [ អ្នក ] បាន​ស្គាល់​វិវរណៈ នោះ​អ្នកគ្មាន​ការ​សង្ស័យទេ--ទោះ​ជា​ផ្ទាល់ខ្លួន ជា​សង្គម ឬ​នយោបាយ ឬ​វិជ្ជាជីវៈក្ដី-- ដែលពុំ​ចាំបាច់មាន​ចម្លើយ​ទេ ។ វា​មាន​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អដ៏​អស់កល្ប​ជានិច្ច ។ នៅក្នុង​នោះ យើង​រកឃើញ​គោលការណ៍​នៃ​សេចក្ដីពិត ដែលនឹង​ដោះ​ស្រាយ​រាល់​ការ​ច្របូកច្របល់ និង​រាល់​បញ្ហា និង​រាល់​ទ្វេគ្រោះ ដែល​នឹងប្រឈម​មុខ​ចំពោះ​គ្រួសារ​មនុស្ស ឬ​បុគ្គល​ម្នាក់ៗ​នោះ » ( « Teach the Scriptures » [ address to CES religious educators ថ្ងៃ​ទី ១៤ ខែ តុលា ឆ្នាំ ១៩៧៧ ] ទំព័រ ៣–៤ si.lds.org) ។

អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ផ្នែក​នានា​នៃ​ការសន្យា​របស់​លោក ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។

សូម​គិត​ពី​ការដាក់​គោលដៅ​មួយ​ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្ដីពិត​មួយ​ដែល​អ្នក​បាន​រៀន​អំឡុង​ពេល​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នៅ​ថ្ងៃ​នេះ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ការ​សិក្សា​ព្រះគម្ពីរ » ហើយ​បាន​បញ្ចប់​វា​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

ជំនាញ និង វីធី​សាស្ត្រ​បន្ថែម​នៃ​ការ​សិក្សា​ព្រះគម្ពីរ

ការប្រើ​ឈ្មោះ​ជំនួស ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​គោលការណ៍​ទាំងឡាយ​ចេញ​ពី​ព្រះគម្ពីរ​នៅ​ក្នុង​ជីវិត​អ្នក សូម​ប្រើ​ឈ្មោះ​របស់​អ្នក​ជំនួស​ឈ្មោះ​ដែល​មាន​ក្នុង​ព្រះគម្ពីរ ។ សូម​សាកល្បង​ដំណើរការ​នេះ​ជាមួយ​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:២០ ។

បុព្វហេតុ និង លទ្ធផល ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ក្នុង​ព្រះគម្ពីរ សូម​ស្វែងរក​ទំនាក់ទំនង​នៃ​ពាក្យ បើសិនជា–នោះ/ខណៈនោះ និង មកពី/ពីព្រោះ–ហេតុដូច្នេះហើយ ។ សូម​សាកល្បង​ដំណើរការ​នេះ​ជាមួយ​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៤ ។

ពាក្យ​គន្លឹះ ៖ ពាក្យ និង ឃ្លា​ដូចជា « មើលចុះ » « ហេតុដូច្នេះហើយ » « ពីព្រោះ/មកពី » « ហេតុដូច្នោះ​ហើយ » « ទោះជាយ៉ាងណាក៏ដោយ » ឬ « ដូច្នេះ​យើង​ឃើញ​ថា » សុទ្ធ​តែ​ជា​ការអញ្ជើញ​ឲ្យ​ឈប់ ហើយ​ស្វែងរក​សារលិខិត​ជាក់លាក់​ផ្សេងៗ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៦ រួច​កត់ចំណាំ​ពី​របៀប​ដែល​ពាក្យ​គន្លឹះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។

បញ្ជី​បទគម្ពីរ ៖ ជា​ញឹកញាប់​មាន​នូវ​បញ្ជី​នានា​ដូចជា​បញ្ជី​លក្ខណៈសម្បត្តិ​អាកប្បកិរិយា សេចក្ដី​ណែនាំ ឬ ការព្រមាន ។ នៅ​ពេល​អ្នក​រកឃើញ​បញ្ជី សូម​គិត​ពី​ការចុះ​លេខ​លើ​ចំណុច​នីមួយៗ ។ សូម​សាកល្បង​ដំណើរការ​នេះ​ជាមួយ​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៥–៦ ។

ភាពផ្ទុយ ៖ បទគម្ពីរ​ជា​ញឹកញាប់​បង្ហាញ​ពី​ភាពផ្ទុយ​ក្នុង​គំនិត ព្រឹត្តិការណ៍ និង​តួអង្គ ។ ភាពផ្ទុយ​ទាំងនេះ​គូស​បញ្ជាក់ពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សូម​ស្វែងរក​ភាពផ្ទុយ​ក្នុង​ខគម្ពីរ​នីមួយៗ​ក្នុង​ជំពូក និង​ពេញ​មួយ​ជំពូក និង​ពេញ​មួយ​ព្រះគម្ពីរ ។ សូម​សាកល្បង​ដំណើរការ​នេះ​ជាមួយ​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៣-២៥ ។

ការស្រម៉ៃ ៖ សូម​ស្វែងរក​ការពិពណ៌នា​សេចក្ដី​លម្អិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​បង្កើត​រូបភាព​ក្នុង​គំនិត​នូវ​អ្វី​ដែល​អ្នក​អាន ។ សូម​ស្រម៉ៃ​ថា​អ្នក​កំពុង​មាន​វត្តមាន​ក្នុង​ព្រឹត្តការណ៍​ជាក់លាក់​នានា ។ ការធ្វើ​ដូចនេះ​នឹង​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ភាពពិត​នៃ​អ្វី​ដែល​អ្នក​អាន​ក្នុង​ព្រះគម្ពីរ ។ សូម​សាកល្បង​ដំណើរការ​នេះ​ជាមួយ​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៤៤-៤៦ ។

និមិត្ត​សញ្ញា ៖ ពាក្យ និង ឃ្លា​មាន​ដូចជា « ដូច » « ដូចជា » ឬ « ប្រៀប​ប្រដូច​ទៅ​នឹង » អាច​ជួយ​អ្នក​ស្គាល់​ពី​និមិត្តសញ្ញា​នានា ។ សម្លឹង​មើល​ឲ្យ​ហួស​ពី​និមិត្តសញ្ញា​មួយ​ដោយ​ស្រាវជ្រាវ​ពី​លក្ខណៈ​ធម្មជាតិ ហើយ​គិត​ពី​ឥរិយាបថ​របស់​វា ។ លេខ​យោង Bible Dictionary និង សេចក្ដីណែនាំ​ដល់​បទគម្ពីរ អាច​ជួយ​អ្នក​ឲ្យ​បកស្រាយ​ពី​និមិត្តសញ្ញា​មួយ​ចំនួន​បាន ។ សូម​សាកល្បង​ដំណើរការ​នេះ​ជាមួយ​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤៦, ៥១–៦១ ។

ការសញ្ចឹងគិត ៖ ការ​ពិចារណា​រួមមាន ការ​គិត ការ​ស្មឹងស្មាធ ការ​សួរសំណួរ ហើយ​និង​ការ​វាយ​តម្លៃ​នូវ​អ្វីៗ​ដែល​អ្នក​ដឹង និង អ្វីៗ​ដែល​អ្នក​បាន​រៀន ។ ជា​ញឹកញាប់ ការពិចារណា ជួយ​យើង​ឲ្យ​យល់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​យក​គោលការណ៍​នានា​នៃ​ដំណឹង​ល្អមកអនុវត្ត ។ ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​ថា « ការស្មឹងស្មាធ​គឺ​ជា​ច្រក​ចូលដ៏​អាថ៌កំបាំង និង​ពិសិដ្ឋបំផុត​មួយ ដែល​យើង​ដើរ​ចូល​ទៅកាន់​វត្តមាន​របស់​ព្រះអម្ចាស់​បាន » (Teachings of Presidents of the Church: David O. McKay[ ឆ្នាំ ២០០៣ ] ទំព័រ ៣២) ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១–៤ ស្វែងរក​គំរូ​នៃ​មនុស្ស​ដែល​ប្រើ​ដំណើរការ​មួយ​នេះ ។