មេរៀនទី ១៥ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧
បុព្វកថា
នៅខែវិច្ឆិកា ឆ្នាំ ១៨៣១ ក្រុមនៃពួកអែលឌើរមួយក្រុមបានមកជួបជុំគ្នាសម្រាប់សន្និសីទពិសេសមួយនៅ ហៃរាំ រដ្ឋ អូហៃអូ ។ ប្រធានបទនៃការពិភាក្សាមួយនៅក្នុងសន្និសីទនោះ គឺជាការបោះពុម្ពវិវរណៈទាំងឡាយ ដែលព្យាការី យ៉ូសែប ស៊្មីធ បានទទួល ។ នៅអំឡុងការប្រជុំនោះ ព្រះអម្ចាស់បានប្រទានវិវរណៈទៅដល់ យ៉ូសែប ស៊្មីធ ហើយបានកំណត់វិវរណៈនោះថាជា អារម្ភកថានៃព្រះគម្ពីរវិវរណៈដែលនឹងត្រូវបោះពុម្ព ។ សព្វថ្ងៃនេះ វិវរណៈនោះ គឺជាកណ្ឌទី ១ ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ។ ក្រោយមក នៅក្នុងសន្និសីទនោះ ព្រះអម្ចាស់បានប្រទានវិវរណៈ ដែលសព្វថ្ងៃនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧ ។ នៅក្នុងវិវរណៈនោះ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ពួកបងប្អូនប្រុស ដែលបានមានសំណួរអំពីភាសានៃវិវរណៈ ដែលទ្រង់បានប្រទានដល់ព្យាការី ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១-៣
ព្រះអង្គសង្គ្រោះទ្រង់ជ្រាបអំពីគំនិត និង ចិត្តរបស់មនុស្ស
តើអ្នកធ្លាប់ឆ្ងល់ ថាតើហេតុអ្វីបានជាមនុស្សមួយចំនួនទទួលបានទីបន្ទាល់អំពីគោលលទ្ធិនៃដំណឹងល្អ ចំណែកឯមនុស្សមួយចំនួនទៀតពុំទទួលបាន ?
ក្នុងខែ វិច្ឆិកា ឆ្នាំ ១៨៣១ មានពួកអែលឌើរមួយក្រុម រួមបញ្ចូលទាំងព្យាការី យ៉ូសែប ស៊្មីធ បានប្រជុំគ្នាពិភាក្សាអំពីការបោះពុម្ពវិវរណៈដែលព្យាការីបានទទួល ។ ពួកអែលឌើរមួយចំនួនបានទទួលទីបន្ទាល់ថា វិវរណៈទាំងឡាយនោះគឺពិត ។ ទោះជាយ៉ាងណាក៏ដោយ ពួកអែលឌើរមួយចំនួនទៀត នៅតែសង្ឃឹមថានឹងទទួលបានទីបន្ទាល់ដូចគ្នានោះដែរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:១-២ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលអំពីការអធិស្ឋាន ។
ចេញពីអ្វីដែលអ្នកបានរៀននៅក្នុង ខទី ១–២សូមបំពេញនៅក្នុងចន្លោះនៃគោលការណ៍ដូចតទៅនេះ ៖ ព្រះអម្ចាស់ឮ ហើយជ្រាបអំពី របស់ខ្ញុំ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការដឹងអំពីគោលការណ៍នេះ អាចជួយអ្នកធ្វើឲ្យការអធិស្ឋានរបស់អ្នកមានសភាពកាន់តែប្រសើរថែមទៀតតាមរបៀបណា ? បន្ទាប់មក សូមសរសេរអំពីបទពិសោធន៍មួយរបស់អ្នក ដែលបានជួយអ្នក ឬ មនុស្សណាម្នាក់ដែលអ្នកស្គាល់ ឲ្យបង្កើនការអះអាងខាងវិញ្ញាណអំពីសេចក្ដីពិតនៃដំណឹងល្អ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:៣ដោយស្វែងរកមូលហេតុដែលពួកអែលឌើរមួយចំនួន ពុំទទួលបានពរជ័យ ដែលព្រះអម្ចាស់បានប្រទានដល់ពួកគាត់ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លា ដែលលេចធ្លោចំពោះអ្នក ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការអនុញ្ញាតឲ្យសេចក្ដីភ័យខ្លាចមាននៅក្នុងចិត្តអ្នក អាចរារាំងអ្នកមិនឲ្យទទួលបានពរជ័យយ៉ាងដូចម្ដេចដែរ ? រួចសូមបង្កើតបញ្ជីនៃសេចក្ដីភ័យខ្លាច ដែលអាចនឹងបញ្ឈប់មនុស្សពីការទទួលបានពរជ័យ ។
សូមពិចារណាអំពីព្រះចេស្ដានៃព្រះអម្ចាស់ ដើម្បីជួយយើងឲ្យជំនួសសេចក្ដីភ័យខ្លាចដោយនូវសេចក្ដីជំនឿវិញ ។ តើការយល់ដឹងបែបនេះ ជួយមនុស្សម្នាក់ឲ្យបន្តបង្កើនទីបន្ទាល់យ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:៤-៩
ព្រះអម្ចាស់សាកល្បងមនុស្សដែលបានរិះគន់ដល់វិវរណៈទាំងឡាយរបស់ទ្រង់
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេ ថាតើហេតុអ្វីបានជាយើងគួរតែធ្វើតាមថ្នាក់ដឹកនាំសាសនាចក្រ ទោះបីជាពួកលោកពុំល្អឥតខ្ចោះយ៉ាងណាក៏ដោយនោះ ?
សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧ និង ខទី ៥ ដោយស្វែងរកឥរិយាបថខុសៗគ្នា ដែលពួកអែលឌើរមួយចំនួនបានមានចំពោះវិវរណៈទាំងឡាយ ។ ( សូមចងចាំថា ការចងក្រងដំបូងនៃវិវរណៈរបស់ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបានឲ្យឈ្មោះថាជា ព្រះគម្ពីរនៃបទបញ្ញត្តិ ។ ក្រោយមក ឈ្មោះនោះត្រូវបានប្ដូរទៅជា គោលលទ្ធិ និង សេចក្តីសញ្ញា វិញ ) ។ សូមកត់ចំណាំនៅក្នុងសេចក្ដីណែនាំអំពីកណ្ឌថា « ពួកបងប្អូនប្រុសៗភាគច្រើន បានថ្លែងទីបន្ទាល់យ៉ាងម៉ឺងម៉ាត់ » អំពីភាពពេញលេញនៃវិវរណៈទាំងឡាយ ។ ទោះជាយ៉ាងណាក៏ដោយ « ការសន្ទនាជំទាស់មួយអំពីរបៀបប្រើភាសានៅក្នុងវិវរណនេះ បានកើតឡើង » ។ យោងតាម ខទី ៥ពួកអែលឌើរមួយចំនួនបានគិតថា ពួកគាត់អាច « ថ្លែងបានប្រសើរជាងភាសារបស់ [ របស់ យ៉ូសែប ស៊្មីធ ] » ។ ដោយសារតែភាពឆ្មើងឆ្មៃក្នុងបញ្ញារបស់ខ្លួន នោះពួកគេមានអារម្មណ៍ថា ខ្លួនមានគុណសម្បត្តិច្រើនជាងព្យាការីដែលព្រះអម្ចាស់បានចាត់តាំង ដើម្បីសរសេរវិវរណៈទាំងឡាយនោះ ( សូមមើល នីហ្វៃទី២ ៩:២៨–២៩ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:៤រួចសូមអាន ខទី ៥ សាជាថ្មីផងដែរ ។ សូមស្វែងរករបៀបដែលព្រះអម្ចាស់បានឆ្លើយតបទៅនឹងកង្វល់របស់ពួកអែលឌើរ អំពីការប្រើភាសានៅក្នុងវិវរណៈនេះ ។
តើអ្នកគិតថា ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះពួកអែលឌើរ ដែលត្រូវយល់ថា ព្រះអម្ចាស់ទ្រង់ជ្រាបថាទ្រង់កំពុងធ្វើការជាមួយអ្នកបម្រើទ្រង់ដែលមិនល្អឥតខ្ចោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:៦-៩ដោយស្វែងរកការសាកល្បង ដែលព្រះអម្ចាស់បានប្រទានដល់អ្នកដែលមានកង្វល់អំពីការប្រើភាសានៅក្នុងវិវរណៈនេះ ។
វិលលាម អ៊ី ម៉័កខ្លេលិន បានសម្រេចចិត្តទទួលយកសំណូមពរពីព្រះអម្ចាស់ ដើម្បីសរសេរវិវរណៈមួយប្រៀបធៀបទៅនឹងវិវរណៈដែលព្យាការី យ៉ូសែប ស៊្មីធ បានទទួល ។ យ៉ូសែប ស៊្មីធ បានកត់ត្រារឿងដូចតទៅនេះនៅក្នុងប្រវត្តិរបស់លោក ៖ « វិលលាម អ៊ី ម៉័កខ្លេលិន បានគិតថាខ្លួនគឺជាមនុស្សដែលមានប្រាជ្ញាជាងគេ ដោយសំអាងលើចំណេះវិជ្ជា ជាជាងការប្រើការញ្ញាណដឹង បានព្យាយាមសរសេរព្រះបញ្ញត្តិមួយឲ្យស្រដៀងគ្នាទៅនឹងព្រះបញ្ញត្តិដែលតូចបំផុតរបស់អម្ចាស់ ប៉ុន្តែ បានបរាជ័យ ដ្បិតវាគឺជាការទទួលខុសត្រូវមួយដ៏លើសលុបដើម្បីសរសេរនៅក្នុងព្រះនាមនៃព្រះអម្ចាស់ ។ ពួកអែលឌើរ និង មនុស្សទាំងអស់ដែលបានមើលឃើញការព្យាយាមដែលមិនបានទទួលជោគជ័យនៃបុរសក្លែងម្នាក់នេះធ្វើតាមរបៀបប្រើភាសានៃព្រះយេស៊ូវគ្រីស្ទ បានចាប់ផ្ដើមសេចក្ដីជំនឿរបស់ខ្លួនទៅលើភាពពេញលេញនៃដំណឹងល្អសាជាថ្មី និង លើសេចក្ដីពិតនៃព្រះបញ្ញត្តិ និង វិវរណៈទាំងឡាយ ដែលព្រះអម្ចាស់បានប្រទានដល់សាសនាចក្រតាមរយៈរូបខ្ញុំ ដែលជាឧបករណ៍របស់ទ្រង់ ហើយពួកអែលឌើរបានបង្ហាញឆន្ទៈដើម្បីថ្លែងទីបន្ទាល់អំពីសេចក្ដីពិតរបស់ខ្លួនទៅកាន់ពិភពលោក » ( នៅក្នុង History of the Church ១:២២៦ ) ។
បន្ទាប់ពីព្រឹត្តិការណ៍នេះ ពួកអែលឌើរទាំងប៉ុន្មាននាក់ដែលបានមានវត្តមាននៅទីនោះ បានព្រមព្រៀងចុះហត្ថលេខាលើឯកសារមួយ ដោយបានថ្លែងទីបន្ទាល់ជាផ្លូវការ អំពីភាពពេញលេញនៃវិវរណៈ ដែលមាននៅក្នុងព្រះគម្ពីរនៃបទបញ្ញត្តិ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីបានជា យ៉ូសែប ស៊្មីធ ដែលមានការអប់រំទាប អាចសរសេរវិវរណៈទាំងនេះបាន ប៉ុន្តែ វិលលាម អ៊ី ម៉័កខ្លេលិន ដែលជាអ្នកមានការអប់រំខ្ពស់នោះ បែរជាមិនអាចធ្វើបានទៅវិញ ?
-
តើអ្នកអាចរៀនអ្វីខ្លះ ចេញពីដំណើររឿងនេះ អំពីការវិនិច្ឆ័យដល់ថ្នាក់ដឹកនាំរបស់យើងដោយសារតែភាពមិនល្អឥតខ្ចោះរបស់ពួកលោក ?
-
សូមពិចារណាអំពីការតាំងចិត្ត ដើម្បីធ្វើតាមថ្នាក់ដឹកនាំរបស់អ្នកដោយសេចក្ដីសុចរិត ទោះជាអ្នក ឬ មនុស្សដទៃទៀតបានឃើញមានភាពមិនល្អឥតខ្ចោះដែលពួកលោកមានយ៉ាងណាក៏ដោយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១០-១៤
ព្រះអម្ចាស់ប្រទានឱវាទដល់ពួកអ្នកដើរតាមទ្រង់ អំពីរបៀបត្រៀមខ្លួនចូលទៅក្នុងវត្តមានរបស់ព្រះ
-
សូមគូសតារាងមួយ ដែលមានប្រអប់ឈរពីរ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសរសេរនៅលើប្រអប់ឈរទីមួយថា រង្វាន់ និង លើប្រអប់ឈរទីពីរថា របៀបទទួលបានរង្វាន់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:១០–១៤ដោយស្វែងរករង្វាន់ ដែលព្រះអង្គសង្គ្រោះបានសន្យាដល់ពួកបងប្អូនប្រុសទាំងនេះ និង ទង្វើចាំបាច់ៗដែលពួកគេត្រូវប្រព្រឹត្ត ដើម្បីទទួលបានរង្វាន់នោះ ។ សូមសរសេរចម្លើយរបស់អ្នក ដាក់នៅក្នុងប្រអប់ឈរដែលត្រឹមត្រូវ ៖
យោងតាមខគម្ពីរទាំងនេះ តើពួកបងប្អូនប្រុសទាំងនេះ ត្រូវធ្វើអ្វីដើម្បីបាននៅក្នុងវត្តមាននៃព្រះ ? ( ពាក្យ បាននៅក្នុង មានន័យថា ការកាន់ខ្ជាប់ ឬ ស្ថិតស្ថេរនៅក្នុងទីកន្លែងជាក់លាក់មួយ ) ។ បើពួកគេដកខ្លួនចេញពីការច្រណែនឈ្នានីស និង ការភ័យខ្លាច ហើយបន្ទាបខ្លួន នោះពួកគេនឹងអាចនៅក្នុងវត្តមាននៃព្រះបាន ។
ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:១៣ពួកបងប្អូនប្រុសទាំងនេះ ត្រូវបានលើកទឹកចិត្តឲ្យ « ស៊ូនៅក្នុងសេចក្ដីអត់ធន់ » រហូតដល់ពួកគេបានល្អឥតខ្ចោះ ។ សូមអានដំណើររឿងខាងក្រោមនេះ ដែលបានចែកចាយដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុងគណៈប្រធានទីមួយ ដែលបង្រៀនយើងអំពីសារៈសំខាន់នៃការអត់ធន់នៅក្នុងដំណើរការនៃការប្រែក្លាយជាល្អឥតខ្ចោះ ៖
« អំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ មានសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យ ស្ទែនហ្វដ បានធ្វើការសាកល្បងធ្វើបទពិសោធន៍តូចមួយអំពីកម្លាំងឆន្ទៈរបស់កុមារតូចៗ ដែលមានអាយុបួនឆ្នាំ ។ គាត់ដាក់នំម៉ាស្សម៉ាឡូដ៏ធំមួយនៅចំពោះមុខកុមារតូចៗនោះ ហើយបានប្រាប់កុមារទាំងនោះថា ពួកគេអាចញ៉ាំនំនោះភ្លាមតែម្ដង ឬ បើអាចចាំតែ ១៥ នាទីទៀត នឹងទទួលបាននំម៉ាស្សម៉ាឡូនោះដល់ទីពីរ ។
« បន្ទាប់មក គាត់បានទុកឲ្យកុមារនោះនៅតែឯង ហើយឃ្លាំមើលពីក្រោយកញ្ចក់ដែលអាចឃើញតែម្ខាង ។ កុមារខ្លះបានញ៉ាំនំ ម៉ាស្សម៉េលូ ភ្លាមតែម្តង ហើយខ្លះទៀតអាច រង់ចាំបានតែប៉ុន្មាននាទី មុនពេលពួកវាចុះចាញ់ការល្បួង ។ មានតែ ៣០ ភាគរយប៉ុណ្ណោះដែលអាចរង់ចាំបាន » (បន្តដោយភាពអត់ធន់ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦ ) ។
តើអ្នកគិតថា ការពិសោធន៍ និង ការរកឃើញរបស់សាស្ត្រាចារ្យរូបនេះ អាចអនុវត្តចំពោះយុវវ័យនាពេលបច្ចុប្បន្ននេះយ៉ាងដូចម្ដេច ?
បន្ទាប់មកប្រធាន អុជដូហ្វ បានថ្លែងអំពីការរកឃើញ ដែលចេញពីការពិសោធន៍លើនំម៉ាស្សម៉ាឡូនោះថា ៖
« ប៉ុន្តែនៅពេលដែលពេលវេលាកន្លងទៅ [សាស្ត្រាចារ្យ] បាន តាមដានកុមារទាំងនោះ ហើយចាប់ផ្តើមសំគាល់ ឃើញនូវភាពស្របគ្នាដ៏គួរឱ្យចាប់អារម្មណ៍ថា៖ កុមារទាំងនោះដែលមិនអាចរង់ចាំបាន ក្រោយមកតែងនឹងមានបញ្ហានៅក្នុងជីវិត និងមានបញ្ហាផ្នែកអាកប្បកិរិយាជាងកុមារដែលអាចរង់ចាំបាន នៅពេលដែលកុមារដែលអាចរង់ចាំបាន ទំនងជាមានភាពវិជ្ជមានជាង និងមានការលើកទឹកចិត្តជាង មានពិន្ទុ និងចំណូលខ្ពស់ជាង ហើយមានទំនាក់ទំនងល្អជាងកុមារដែលមិនអាចរង់ចាំបាន ។
« អ្វីដែលបានចាប់ផ្ដើមដោយការពិសោធន៍យ៉ាងសាមញ្ញមួយជាមួយកុមារ ហើយនិងនំម៉ាស្សម៉ាឡូ នឹងក្លាយទៅជាការសិក្សាគំរូសំខាន់មួយដែលបង្ហាញថា លទ្ធភាពដើម្បីរង់ចាំ—អត់ធន់—គឺជាលក្ខណៈសម្បត្តិ អត្តចរិកជាគន្លឹះ ដែលអាចព្យាករនូវជោគជ័យក្រោយមកក្នុងជីវិត ។…
« ការរង់ចាំអាចជាការលំបាក ។ កុមារដឹងថា វាលំបាក ហើយមនុស្សពេញវ័យក៏ដឹងដូច្នោះដែរ ។ យើងរស់នៅក្នុងពិភពលោកមួយ ដែលមានភោជនីយដ្ឋានលក់អាហារលឿនទាន់ចិត្ត ការផ្ញើសារបន្ទាន់ ខ្សែភាពយន្តដែលអាចរើសបានតាមចិត្ត និង ឆ្លើយតបភ្លាមៗលើសំណួរជ្រៅៗ ឬ សំណួររាក់កំផែល ។ យើងមិនចូលចិត្តរង់ចាំនោះទេ ។…
« ភាពអត់ធន់—ជាលទ្ធភាពដើម្បីដាក់ចំណង់របស់យើងឲ្យនៅស្ងៀមក្នុងរយៈពេលមួយ—គឺជាគុណធម៌ដ៏មានតម្លៃ និង កម្រ ។ យើងចង់បានអ្វីដែលយើងចង់បាន ហើយយើងចង់បានវាឥឡូវនេះ ។ ហេតុដូច្នោះហើយ គំនិតនៃភាពអត់ធ្មត់នោះឯង ដែលវាហាក់ដូចជាមិនទទួលបានការពេញចិត្ត ហើយមានរសជាតិល្វីងជូរចត់ ។
« យ៉ាងណាក្ដី ដោយគ្មានការអត់ធន់ យើងមិនអាចធ្វើឲ្យព្រះសព្វព្រះហឫទ័យឡើយ យើងមិនអាចទទួលបានភាពគ្រប់លក្ខណ៍ឡើយ ។ យ៉ាងពិតប្រាកដ ការអត់ធន់ គឺជាដំណើរការឲ្យមានបរិសុទ្ធភាព ដែលដុសខាត់ការយល់ដឹង បង្កើនសុភមង្គល ផ្ដោតទង្វើ ហើយនិងផ្ដល់ក្ដីសង្ឃឹមសម្រាប់ភាពសុខសាន្ត » ( « បន្តដោយភាពធត់ធន់ » ទំព័រ ៥៦) ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីបានជាការអត់ធន់ចាំបាច់ នៅក្នុងការខិតខំរបស់អ្នកឲ្យមានភាពសក្ដិសម ហើយនៅក្នុងវត្តមាននៃព្រះអម្ចាស់ ? សូមយកពេលពីរបីនាទីផងដែរ ទៅពិចារណាអំពីចំណុចទាំងឡាយនៅក្នុងជីវិតរបស់អ្នក ដែលអ្នកអាចត្រូវមានការអត់ធន់ឲ្យបានកាន់តែច្រើនជាមួយខ្លួនឯង និង ជាមួយមនុស្សដទៃ ។ ប្រសិនបើអ្នកមានអារម្មណ៍ល្អក្នុងការធ្វើដូចនេះ សូមសរសេរគោលដៅមួយ ដែលរួមបញ្ចូលទាំងការមានអត់ធន់ឲ្យបានកាន់តែច្រើនក្នុងការខិតខំរបស់អ្នក ដើម្បីមានភាពបរិសុទ្ធនៅចំពោះព្រះ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖