មេរៀនទី ២៣ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧
បុព្វកថា
នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ បានប្រជុំជាមួយទីប្រឹក្សាទីមួយរបស់លោកនៅក្នុងគណៈប្រធានទីមួយ ព្រមទាំងឪពុករបស់លោក យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ នៅក្នុងបន្ទប់ជាន់លើនៃព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ដែលបានសាងសង់ជិតសព្វគ្រប់ហើយនោះ ។ នៅក្នុងឱកាសនេះ ព្យាការីបានទទួលការនិមិត្តអំពីនគរសេឡេស្ទាល ហើយបានស្ដាប់ឮព្រះអម្ចាស់មានព្រះបន្ទូលប្រាប់អំពី របៀបដែលទ្រង់នឹងជំនុំជម្រះ បុគ្គលទាំងឡាយណាដែលបានចែកឋានទៅដោយពុំស្គាល់ដំណឹងល្អ ។ វ៉ារិន ផារីស្ស ដែលជាស្មៀនរបស់ យ៉ូសែប ស៊្មីធ នៅគ្រានោះ បានកត់ត្រាការនិមិត្តនេះ ដាក់នៅក្នុងកំណត់ហេតុរបស់ព្យាការី ។ នាពេលក្រោយមកទៀត កំណត់ត្រានៃការនិមិត្តនេះ ត្រូវបានដាក់បញ្ចូលទៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ជា កណ្ឌទី ១៣៧ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១-៦
យ៉ូសែប ស៊្មីធ ទទួលបានវិវរណៈ អំពីនគរសេឡេស្ទាល
សូមគិតអំពីបុគ្គលមួយចំនួន ដែលជាមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នក ។ ហេតុអ្វីបានជាពួកគេជាមនុស្សសំខាន់សម្រាប់អ្នក ?
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលវាចាំបាច់ចំពោះអ្នក ក្នុងការដឹងថា មនុស្សដែលអ្នកស្រឡាញ់ នឹងមានឱកាសរស់នៅក្នុងនគរសេឡេស្ទាល បន្ទាប់ពីអស់ជីវិតទៅ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ មាននូវការពិពណ៌នាអំពីការនិមិត្តរបស់ព្យាការី យ៉ូសែប ស៊្មីធ នៃអ្វីដែលលោកបានឃើញ អំពីនគរសេឡេស្ទាល ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១-៤ដោយស្វែងរកពាក្យ និង ឃ្លាទាំងឡាយ ដែលពិពណ៌នាអំពីនគរសេឡេស្ទាល ។ សូមសាកល្បងនឹកស្រមៃក្នុងចិត្ត ថាតើការរស់នៅក្នុងនគរសេឡេស្ទាល មានសភាពបែបណា ។
យ៉ូសែប ស៊្មីធ បានរីករាយនៅពេលបានឃើញសមាជិកក្រុមគ្រួសាររបស់លោករស់នៅក្នុងនគរសេឡេស្ទាល ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៣, ៥–៦រួចស្វែងរកថាតើនរណាដែល យ៉ូសែប ស៊្មីធ បានឃើញនៅក្នុងនគរសេឡេស្ទាល ។
ឪពុកម្ដាយរបស់ យ៉ូសែប នៅមានជីវិតនៅឡើយនៅគ្រានោះ ចំណែកឯឪពុករបស់លោកវិញ កំពុងនៅជាមួយលោកក្នុងបន្ទប់នោះ អំឡុងពេលលោកទទួលបានការនិមិត្តនេះ ។ ការណ៍នេះបង្ហាញថា ការនិមិត្តនេះពុំមែនសំដៅលើអ្នកដែលបានរស់នៅក្នុងនគរសេឡេស្ទាលនោះទេ ប៉ុន្តែ សំដៅលើអ្នកណាដែលនឹងរស់នៅក្នុងនគរនោះវិញ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៦ហេតុអ្វីបានជា យ៉ូសែប ស៊្មីធ ឆ្ងល់ នៅពេលលោកបានឃើញបងប្រុសរបស់លោក អាលវិន នៅក្នុងនគរសេឡេស្ទាល ?
-
តើអ្នកគិតថា យ៉ូសែប បានមានអារម្មណ៍បែបណាទៀត នៅពេលលោកបានឃើញ អាលវិន នៅក្នុងនគរសេឡេស្ទាលនោះ ?
-
ព្យាការី យ៉ូសែប ស៊្មីធ ស្រឡាញ់ ហើយគោរពបងប្រុសរបស់លោកខ្លាំងបំផុត ។ អាលវិន ក៏ស្រឡាញ់ យ៉ូសែប ដែរ ហើយបានគាំទ្រ យ៉ូសែប ក្នុងការត្រៀមខ្លួនទទួលផ្ទាំងចំណារមាស ពីទេវតាមរ៉ូណៃ ។ ក្នុងខែ វិច្ឆិកា ឆ្នាំ ១៨២៣ ពេលអាលវីន អាយុ ២៥ ឆ្នាំ ហើយយ៉ូសែប អាយុ ១៧ ឆ្នាំ ស្រាប់តែ អាលវីនបានធ្លាក់ខ្លួនឈឺជាទម្ងន់ ។ នៅពេលស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ ហើយឃើញថាគាត់នឹងជិតស្លាប់ គាត់បានទូន្មាននឹងយ៉ូសែបថា ៖ « បងចង់ឲ្យប្អូនធ្វើជាក្មេងល្អ ហើយធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចប្អូនដើម្បីទទួលបានកំណត់ត្រានោះ ។ ចូរមានចិត្តស្មោះត្រង់ ក្នុងការទទួលសេចក្ដីណែនាំ និង រក្សារាល់ព្រះបញ្ញត្តិដែលបានប្រទានដល់ឯង » ( ប្រសាសន៍ដកស្រង់នៅក្នុង ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤០១) ។
មរណភាពរបស់ អាលវិន បាននាំឲ្យគ្រួសារ ស៊្មីធ មានទុក្ខជាទម្ងន់ ។ « គ្រួសារ ស្ម៊ីធ បានសុំឲ្យគ្រូគង្វាលប្រែសប៊ីធារាន ទីក្រុង ផាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ធ្វើពិធីបុណ្យសពដល់លោក ។ ដោយសារ អាលវិន មិនមែនជាសមាជិកនៃក្រុមជំនុំរបស់គ្រូគង្វាលនោះ លោកអាចារ្យនោះបានពោលអះអាងនៅក្នុងទេសនកថារបស់គាត់ថា អាលវិន មិនអាចបានសង្គ្រោះឡើយ ។ វិល្លាម ស្ម៊ីធ ដែលជាប្អូនប្រុសរបស់ យ៉ូសែប បានចាំ ៖ ‹ [ គ្រូគង្វាលនោះ ] … បានប្រកាសដោយម៉ឺងម៉ាត់ថា [ អាលវិន ] បានចុះនរកហើយ ដោយសារ អាលវិន មិនមែនជាសមាជិកនៃសាសនាចក្រគាត់ឡើយ យ៉ាងណាក៏ដោយ គាត់ជាក្មេងដ៏ល្អម្នាក់ ហើយឪពុករបស់ខ្ញុំមិនពេញចិត្តនឹងការណ៍នេះទេ › » (Teachings: Joseph Smith,៤០១ ទំព័រ ៤០៣) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៧-១០
ព្រះអម្ចាស់ត្រាស់សម្ដែង អំពីរបៀបដែលទ្រង់នឹងជំនុំជម្រះមនុស្ស ដែលបានចែកឋានទៅ ដោយពុំបានស្គាល់ដំណឹងល្អ
នៅពេលព្យាការី យ៉ូសែប ស៊្មីធ បានឆ្ងល់ថាតើវាបានកើតឡើងតាមរបៀបណា ដែល អាលវិន អាចចូលទៅក្នុងនគរសេឡេស្ទាល ដោយពុំទាន់បានទទួលពិធីបុណ្យជ្រមុជទឹក នោះព្រះអម្ចាស់បានប្រទានចម្លើយមួយ ។ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៧–៨រួចស្វែងរកគោលលទ្ធិ ដែលព្រះអម្ចាស់បានបង្រៀន ដើម្បីជួយ យ៉ូសែប យល់អំពីមូលហេតុដែល អាលវិន អាចចូលទៅក្នុងនគរសេឡេស្ទាលបាន ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រាគោលលទ្ធិដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៧–៨រួចឆ្លើយសំណួរដូចតទៅនេះ ៖ តើគោលលទ្ធិនេះ លួងលោមចិត្តដល់អ្នកទាំងឡាយ ដែលមានមនុស្សជាទីស្រឡាញ់បានអស់ជីវិតទៅ ដោយពុំបានស្គាល់ដំណឹងល្អយ៉ាងដូចម្ដេច ?
ព្រះអម្ចាស់បានត្រាស់សម្ដែងគោលលទ្ធិនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៧–៨ ពីមុនទ្រង់បានបើកសម្ដែងគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ អ្នកនឹងសិក្សាវិវរណៈ អំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន នៅក្នុងមេរៀនបន្ទាប់ទៀត ។
ព្រះអម្ចាស់បានបង្រៀនអំពីរបៀប ដែលទ្រង់នឹងជំនុំជម្រះមនុស្សលោកទាំងអស់ ទុកជាផ្នែកមួយនៃវិវរណៈនេះ អំពីអ្នកដែលចែកឋានទៅ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៩រួចបំពេញសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ ព្រះអម្ចាស់នឹងជំនុំជម្រះយើងស្របតាម និង ។
-
សូមពន្យល់នៅក្នុងព្រះគម្ពីររបស់អ្នក ដោយប្រើពាក្យសម្ដីរបស់អ្នកផ្ទាល់ថាតើ អ្នកគិតថា មូលហេតុអ្វីបានជាបំណងប្រាថ្នា និង កិច្ចការរបស់យើងមានសារៈសំខាន់ទាំងពីរ ។
ដើម្បីយល់ឲ្យបានកាន់តែច្បាស់ អំពីរបៀបដែលព្រះអម្ចាស់នឹងជំនុំជម្រះយើងស្របតាមកិច្ចការ និង បំណងប្រាថ្នា សូមសិក្សាសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« តើអ្នកប្រាកដដែរឬទេ ថានឹងពុំមានទោសនៅក្រោមក្រឹត្យវិន័យនៃព្រះ បើយើងគ្រាន់តែចៀសវាងចេញពីអំពើអាក្រក់នោះ ? ចុះបើសិនជាអ្នករីករាយនឹងគំនិត និង បំណងប្រាថ្នាដែលអាក្រក់ទៅវិញនោះ ?
« តើអារម្មណ៍សម្អប់ នឹងមិនត្រូវបានលើកឡើងនៅថ្ងៃនៃការជំនុំជម្រះទេឬអី ? ចុះការច្រណែនវិញ ? ចុះការលោភចង់បាននោះ ?…
« ចម្លើយរបស់យើងទៅនឹងសំណួរទាំងនេះ បង្ហាញអំពីអ្វីដែលយើងហៅថាជាដំណឹងអាក្រក់ ជាអ្វីដែលយើងប្រព្រឹត្តអំពើបាបដោយពុំបើកចំហ [ ឲ្យឃើញច្បាស់ ] ដែលគ្រាន់តែជាអារម្មណ៍ និង បំណងប្រាថ្នានៃដួងចិត្តរបស់យើង ។
« វាក៏ជាដំណឹងល្អផងដែរ ។ នៅក្រោមក្រឹត្យវិន័យនៃព្រះ យើងអាចទទួលបានរង្វាន់សម្រាប់ភាពសុចរិតរបស់យើង ទោះជាយើងស្ថិតនៅក្នុងកាលៈទេសៈដែលយើងពុំអាចប្រព្រឹត្តទង្វើ ដែលជាធម្មតានាំឲ្យមានពរជ័យដូចនោះក្ដី ។
« នៅពេលមាននរណាម្នាក់ចង់ធ្វើអ្វីមួយដោយសប្បុរស សម្រាប់ឪពុកក្មេកខ្ញុំ ប៉ុន្តែត្រូវបានរារាំងដោយកាលៈទេសៈផ្សេងៗ នោះគាត់នឹងពោល ៖ ‹ សូមអរគុណ ។ ខ្ញុំនឹងទទួលយកទង្វើល្អនោះ › ។ ស្រដៀងនេះដែរ ខ្ញុំជឿថា ព្រះវរបិតាគង់នៅស្ថានសួគ៌នឹងទទួលយកបំណងប្រាថ្នានៃដួងចិត្តយើង ជំនួសឲ្យទង្វើដែលតាមការជាក់ស្ដែងពុំអាចធ្វើទៅបាន » ( “The Desires of Our Hearts” [ Brigham Young University devotional ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៨៥ ] ទំព័រ ៤ speeches.byu.edu ) ។
-
ឧទាហរណ៍ទាំងបួនដូចតទៅនេះ អាចជួយអ្នកយល់បានកាន់តែច្បាស់ អំពីគោលលទ្ធិដែលអ្នករកឃើញនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៧–៨ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរដូចតទៅនេះ សម្រាប់ឧទាហរណ៍នីមួយ ៖ តើឧទាហរណ៍នេះ បង្ហាញអំពីសារៈសំខាន់នៃបំណងប្រាថ្នារបស់យើង និង ការប្រព្រឹត្តរបស់យើងយ៉ាងដូចម្ដេច ?
-
សមាជិកសាសនាចក្រម្នាក់ មានបំណងប្រាថ្នារៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីមួយជីវិតនៃការបម្រើដោយស្មោះត្រង់នៅក្នុងសាសនាចក្រ សមាជិករូបនេះបានស្លាប់ ដោយពុំមានឱកាសផ្សារភ្ជាប់ជាមួយស្វាមី/ភរិយានៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។
-
យុវជនម្នាក់ រក្សាសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់ខ្លួនដោយក្លាហាន ហើយធ្វើតាមករណីយកិច្ចបព្វជិតភាពអើរ៉ុន ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ គាត់មានបំណងប្រាថ្នាយ៉ាងមុតមាំដើម្បីបម្រើបេសកកម្មពេញម៉ោង ប៉ុន្តែ ពុំមានលទ្ធភាពធ្វើដូច្នោះបាន ដោយសារតែអសមត្ថភាពខាងរូបកាយ ។
-
យុវនារីម្នាក់ចងគំនុំជាមួយយុវនារីម្នាក់ទៀត ។ នាងធ្វើពុតជាមានភាពស្និទ្ធស្នាល ប៉ុន្តែ មានបំណងធ្វើឲ្យមានរឿងអាក្រក់កើតឡើងចំពោះយុវនារីម្នាក់ទៀតដោយសម្ងាត់ ។
-
យុវជនម្នាក់មានគំនិតអសីលធម៌ គាត់ពុំបានស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីលុបបំបាត់គំនិត និង អារម្មណ៍មិនសមរម្យនោះចេញឡើយ ។
-
សូមពិចារណា ថាតើការដឹងថា អ្នកនឹងត្រូវជំនុំជម្រះដោយទង្វើ និង រួមទាំងបំណងប្រាថ្នានៃដួងចិត្តនោះ មានន័យយ៉ាងណាចំពោះអ្នក ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១០រួចគូសចំណាំសេចក្ដីពិត ដែលខគម្ពីរបង្រៀនអំពីក្មេងៗដែលបានស្លាប់ពីមុនវ័យដែលមានការដឹងខុសត្រូវ ។
នៅពេលព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១០លោក និង ភរិយារបស់លោក អិមម៉ា បានសោកសៅដោយសារតែមរណភាពរបស់កូនទាំងបួននាក់របស់ពួកលោក រួមទាំងកូនដែលពួកលោកទទួលមកចិញ្ចឹមផងដែរ ។ ក្រោយមកទៀត កូនរបស់លោកពីរនាក់ទៀត ក៏បានស្លាប់ទៅដែរ ។ សូមគិតថាតើគោលលទ្ធិដែលបានបើកសម្ដែងនៅក្នុងខគម្ពីរនេះ អាចលួងលោមចិត្តក្រុមគ្រួសារទាំងឡាយដែលសោកសៅដោយសារតែមរណភាពរបស់កូនតូចរបស់ពួកគេយ៉ាងដូចម្ដេចដែរ ។
តើគោលលទ្ធិនេះ អាចជួយបង្កើនសេចក្ដីជំនឿរបស់អ្នកទៅលើព្រះបានយ៉ាងដូចម្ដេច ? តើអ្នកគិតថា ហេតុអ្វីបានជាវាមានសារៈសំខាន់ក្នុងការជឿជាក់ទៅលើផែនការរបស់ព្រះ នៅពេលកូនតូចស្លាប់កាលពួកគេនៅជាទារកនៅឡើយនោះ ?
នៅពេលនិយាយអំពីមរណភាពរបស់កូនតូចៗ ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀន ៖ « ព្រះអម្ចាស់ដកយកមនុស្សជាច្រើនទៅ សូម្បីតែទារក ដើម្បីឲ្យពួកគេអាចចៀសផុតពីសេចក្ដីច្រណែន និង ទុក្ខសោក និង សេចក្តីអាក្រក់នៃពិភពលោកនាពេលបច្ចុប្បន្ននេះ ដ្បិតពួកគេបរិសុទ្ធណាស់ គួរឱ្យស្រឡាញ់ណាស់ ដែលមិនអាចរស់នៅលើផែនដីនេះ ហេតុដូច្នេះហើយ បើសិនជាត្រូវបានពិចារណាដោយត្រឹមត្រូវនោះ ជាការជំនួសឱ្យការទួញសោក នោះយើងមានមូលហេតុដើម្បីរីករាយ នៅពេលពួកគេត្រូវបានរំដោះចេញពីសេចក្តីអាក្រក់ ហើយយើងនឹងមានពួកគេម្តងទៀតក្នុងពេលឆាប់ៗ » (Teachings: Joseph Smithទំព័រ ១៧៦) ។
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានបង្រៀន ៖ « សំណួរអាចចោទឡើងដោយខ្ញុំ និង ដោយអ្នកថា—‹ ហេតុអ្វីបានជាព្រះអម្ចាស់ ដកយកកូនពីខ្ញុំទៅ › ? ប៉ុន្តែការណ៍នោះមិនមែនខ្ញុំទេ ដែលជាអ្នកប្រាប់នោះ ព្រោះខ្ញុំពុំដឹងឡើយ ដ្បិតការណ៍នេះស្រេចតែព្រះអម្ចាស់ទេ ហើយវាបានកើតឡើងដូច្នេះ ចាប់តាំងពីកំណើតលោកិយដរាបរៀងមក ។ កូនតូចៗត្រូវបានដកយកទៅកាលនៅជាទារក ហើយពួកគេទៅឯពិភពវិញ្ញាណ ។ ពួកគេមកទីនេះ ហើយបំពេញគោលបំណងនៃការមកនោះ ដែលជាការរស់ក្នុងរូបកាយសាច់ឈាម ។ ពួកគេមកលើផែនដីនេះដើម្បីទទួលការពិសោធន៍មួយ និង កេរមរតកនៅលើផែនដី ដ្បិតពួកគេទទួលបានរូបកាយ ឬ ទីកន្លែងស្នាក់នៅ ហើយទីកន្លែងស្នាក់នៅនោះនឹងត្រូវបានថែរក្សាទុកឲ្យពួកគេ ហើយនៅទិវានៃការរស់ឡើងវិញ នោះវិញ្ញាណ និង រូបកាយនឹងបានផ្គុំគ្នាឡើងវិញ ដូចគ្នានៅលើផែនដីនេះដែរ យើងឃើញមានកូនគ្រប់អាយុនៅក្នុងក្រុមគ្រួសារ ចាប់ពីទារកដែលបៅដោះម្ដាយរហូតដល់មនុស្សពេញរូបរាង ដើម្បីឲ្យក្លាយជាក្រុមគ្រួសារមួយនៅពិភពសេឡេស្ទាល ។ កូនៗរបស់យើងនឹងបានរស់ឡើងវិញនៅជាមួយយើងម្ដងទៀត នៅពេលដែលពួកគេត្រូវបញ្ចុះទៅក្នុងផ្នូរបើសិនជាយើង ដែលជាឪពុកម្ដាយបន្តស្មោះត្រង់ ហើយបង្ហាញភស្ដុតាងថាខ្លួនយើងសក្ដិសមនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ហើយបើសិនជាយើងមិនធ្វើដូច្នោះទេ ក៏កូនៗយើងនឹងនៅតែអាចបានរក្សាទុក ហើយនឹងគ្រងមរតកនៃសិរីល្អសេឡេស្ទាលដែរ ។ នេះគឺជាទស្សនរបស់ខ្ញុំ ស្ដីពីទារកទាំងឡាយដែលស្លាប់ទៅ » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ៨៤–៨៥) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកបានសិក្សាអ្វីខ្លះ ចេញពីការសិក្សារបស់អ្នកនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ អំពីការខិតខំរបស់ព្រះអម្ចាស់ ក្នុងការធ្វើឲ្យមនុស្សទាំងអស់មានឱកាសរស់នៅក្នុងនគរសេឡេស្ទាល ?
-
ហេតុអ្វីបានជាសេចក្ដីពិតទាំងនេះ មានសារៈសំខាន់ចំពោះអ្នក ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖