មេរៀនទី ១១ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦
បុព្វកថា
វិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ ត្រូវបានទទួលនៅថ្ងៃទី ៨ ខែ មិនា ឆ្នាំ ១៨៣១—គឺជិតមួយឆ្នាំ ក្រោយពីសាសនាចក្រត្រូវបានបង្កើតឡើង ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានដាស់តឿនពួកបរិសុទ្ធថា ការប្រជុំទាំងឡាយនៅក្នុងសាសនាចក្រ គឺត្រូវធ្វើឡើងដោយព្រះវិញ្ញាណ ហើយទ្រង់បានគូសសម្គាល់ថា មនុស្សដែលមិនមែនជាសមាជិកសាសនាចក្រ មិនគួរត្រូវបានដេញចេញពីការប្រជុំជាសាធារណៈឡើយ ។ ព្រះអម្ចាស់ក៏បានពន្យល់ អំពីគោលបំណងនៃអំណោយទានទាំងឡាយនៃព្រះវិញ្ញាណផងដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១-៦
ព្រះអម្ចាស់ណែនាំពួកបរិសុទ្ធ ស្ដីពីការប្រជុំទាំងឡាយនៅក្នុងសាសនាចក្រ
សូមស្រមៃថា អ្នកត្រូវបានស្នើឲ្យរៀបចំការប្រជុំសាក្រាម៉ង់ទាំងមូល ។ តើអ្នកនឹងជ្រើសរើសចម្រៀង អ្នកអធិស្ឋាន ប្រធានបទការឡើងនិយាយ អ្នកឡើងនិយាយ និង លំដាប់លំដោយនៃការឡើងនិយាយ ដោយរបៀបណា ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១-២ដោយស្វែងរកសេចក្ដីណែនាំ ដែលព្រះអម្ចាស់បានប្រទាន អំពីរបៀបដែលការប្រជុំទាំងឡាយត្រូវបានដឹកនាំ ។ ពាក្យ ដឹកនាំ នៅក្នុង ខទី ២ មានបញ្ចូលទាំងការរៀបចំ និង ការដឹកនាំការប្រជុំទាំងឡាយនៅក្នុងសាសនាចក្រ ។
-
សូមពិពណ៌នាដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកគិតថា ការប្រជុំមួយមានសភាពដូចម្ដេច នៅពេលវាត្រូវបាន « ដឹកនាំ និង ណែនាំដោយព្រះវិញ្ញាណបរិសុទ្ធ » ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើថ្នាក់ដឹកនាំ និង សមាជិកសាសនាចក្រអាចនឹងត្រូវធ្វើអ្វី ដើម្បីឲ្យការប្រជុំក្នុងសាសនាចក្រត្រូវបានដឹកនាំ និង ណែនាំដោយព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្នកត្រូវធ្វើអ្វី ដើម្បីនាំឲ្យមានអានុភាពនៃព្រះវិញ្ញាណ ស្ថិតនៅក្នុងការប្រជុំក្នុងសាសនាចក្រ ?
-
សូមគូសចំណាំពាក្យ ឬ ឃ្លាដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:២ ដែលបង្រៀនអំពីគោលការណ៍ដូចតទៅនេះ ៖ ថ្នាក់ដឹកនាំសាសនាចក្រត្រូវតែបានណែនាំដោយព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគាត់ដឹកនាំសាសនាចក្រ ។
សូមគិតអំពីទីកន្លែងមួយចំនួនដែលអ្នកធ្លាប់បានឃើញស្លាកដែលមានឃ្លា « សូមស្វាគមន៍ភ្ញៀវទស្សនា » ។ សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ដោយស្វែងរកអ្នកដែលពួកបរិសុទ្ធបានអនុញ្ញាតឲ្យចូលរួមក្នុងការប្រជុំទាំងឡាយរបស់ពួកគេ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៣–៦ ដើម្បីស្វែងរកឃ្លា និង ពាក្យទាំងឡាយដែលបង្ហាញថា ព្រះអម្ចាស់បានបញ្ជាយើងឲ្យស្វាគមន៍ដល់មនុស្សទាំងអស់មកដល់ការប្រជុំជាសាធារណៈរបស់យើង ។ អ្នកអាចដឹងរួចមកហើយថា ឃ្លា « សូមស្វាគមន៍ភ្ញៀវទស្សនា » ត្រូវបានសរសេរនៅខាងមុខសាលាប្រជុំនៃសាសនាចក្រ ។
សូមពិចារណាអំពីស្ថានភាពដូចតទៅនេះ ៖ យុវនារីម្នាក់ទៅលេងវួដថ្មីមួយ ជាមួយក្រុមគ្រួសាររបស់នាងជាលើកទីមួយ ។ បន្ទាប់ពីការប្រជុំសាក្រាម៉ង់ មានសមាជិកក្នុងវួដម្នាក់ មកទទួលរាក់ទាក់ក្រុមគ្រួសារនោះ ហើយបង្ហាញពួកគេអំពីថ្នាក់សាលាថ្ងៃអាទិត្យ ។ គាត់បាននាំយុវនារីរូបនោះចូលទៅក្នុងថ្នាក់ ហើយណែនាំនាងឲ្យស្គាល់គ្រូបង្រៀន ។ យុវជន និង យុវនារីនៅក្នុងថ្នាក់នោះ ទទួលយុវនារីនោះបានតែមួយភ្លែត ហើយបានបន្តជជែកគ្នាតែក្នុងចំណោមគ្នាគេ ដោយមិនអើពើពីនាងឡើយ ។
តើស្ថានភាពនេះអាចមានសភាពខុសគ្នាយ៉ាងដូចម្ដេច ប្រសិនបើសិស្សក្នុងថ្នាក់សាលាថ្ងៃអាទិត្យនោះ យល់ច្បាស់អំពីព្រះបញ្ញត្តិក្នុងការស្វាគមន៍មនុស្សទាំងអស់មកដល់ការប្រជុំជាសាធារណៈនោះ ?
-
សូមធ្វើបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមធ្យោបាយមួយចំនួន ដែលអ្នកអាចជួយដល់មនុស្សដែលមិនមែនជាសមាជិកសាសនាចក្រ សមាជិកដែលពុំបានទៅព្រះវិហារអស់មួយរយៈ សមាជិកថ្មីនៅក្នុងវួដ ឬ សាខា និង ភ្ញៀវទស្សនា ឲ្យមានអារម្មណ៍ថាមានគេទទួលស្វាគមន៍ ។
មធ្យោបាយមួយចំនួន ដែលអ្នកបានលើកឡើង អាចជាការពិបាកក្នុងការប្រព្រឹត្ត ប៉ុន្តែ សូមគិតអំពីពេលដែលអ្នកបានចូលរួមក្នុងការប្រជុំ ឬ សកម្មភាពនៅក្នុងវួដ ឬ សាខាផ្សេងទៀតក្នុងសាសនាចក្រ ។ តើសមាជិកសាសនាចក្រដទៃទាំងនោះបានធ្វើអ្វី ឬ អ្វីដែលអ្នកនឹងចង់ឲ្យពួកគេធ្វើ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ថាមានគេស្វាគមន៍ ? សូមគិត ហើយអធិស្ឋានអំពីរបៀបដែលអ្នកអាចជួយមនុស្សដទៃ ឲ្យមានអារម្មណ៍ថាកាន់តែមានគេស្វាគមន៍នៅឯការប្រជុំ និង សកម្មភាពទាំងឡាយនៃសាសនាចក្រ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧-៣៣
ព្រះអម្ចាស់ពន្យល់ អំពីគោលបំណងនៃអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ
តើការដែលត្រូវគេបញ្ឆោតមានន័យដូចម្ដេច ? តើអ្នកអាចគិតអំពីគ្រាមួយ កាលអ្នកមានអារម្មណ៍ថា ត្រូវបានគេបញ្ឆោតដែរឬទេ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីចៀសវាងពីការដែលត្រូវគេបញ្ឆោត ?
នៅពេលព្យាការី យ៉ូសែប ស៊្មីធ បានមកដល់រដ្ឋ អូហៃអូ លោកបានឃើញថាមានឫកពារចម្លែក និង ជ្រុលនិយមនៅក្នុងសមាជិកមួយចំនួននៃសាសនាចក្រ ឧទាហរណ៍ សមាជិកខ្លះបានអះអាងថា ប្រព្រឹត្តទៅនៅក្រោមអានុភាពនៃព្រះវិញ្ញាណ ប៉ុន្តែ បង្ហាញចេញឫកពារដែលពុំចុះសម្រុងទៅនឹងព្រះវិញ្ញាណបរិសុទ្ធ ។ ថ្នាក់ដឹកនាំ និង សមាជិកដទៃទៀត បានសង្ស័យថា ឫកពារនោះបានមកពីអានុភាពរបស់អារក្សអាសោចិ៍ ។ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៧–៨ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានប្រទានឱវាទដល់រាស្ត្រទ្រង់ឲ្យធ្វើ ដើម្បីពួកគេនឹងមិនត្រូវបញ្ឆោតដោយស្មារតីក្លែងបន្លំ ឬ គោលលទ្ធិខុសឆ្គង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧–៨តើអ្វីទៅ ដែលអាចជួយយើងឲ្យចៀសវាងពីការដែលត្រូវគេបញ្ឆោតបាន ?
-
ហេតុអ្វីបានជាអ្នកគិតថា ការណ៍នោះអាចជួយបុគ្គលម្នាក់មិនឲ្យគេបញ្ឆោតបាន ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៧ បង្រៀនយើងអំពីគោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងធ្វើតាមការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងគ្រប់ភាពបរិសុទ្ធ ហើយធ្វើសកម្មភាពទាំងអស់ដោយនូវការអធិស្ឋាន និង សេចក្ដីថ្លែងអំណរគុណ នោះយើងអាចចៀសវាងពីការដែលត្រូវគេបញ្ឆោតបាន ។
អ្នកអាចនឹងចង់គូសចំណាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៨ នូវការណ៍ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា យើងនឹងស្វែងរកដោយស្មោះត្រង់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៩-១២, ២៦ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់មានព្រះទ័យឲ្យយើងយល់ដឹងអំពីអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ។ ( អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ) ។ យោងតាមអ្វីដែលអ្នកបានរៀនចេញពីខគម្ពីរទាំងនេះ សូមបញ្ចប់គោលការណ៍ដូចតទៅនេះ ៖ បើយើងស្វែងរកអំណោយទានទាំងឡាយដោយស្មោះត្រង់ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលអ្នកគិតថា វាមានសារៈសំខាន់ ដែលយើងស្វែងរកអំណោយទានខាងវិញ្ញាណដើម្បីជាប្រយោជន៍ដល់កូនចៅរបស់ព្រះ ជាជាងដើម្បីគោលបំណងដ៏អាត្មានិយម ។ បន្ទាប់មក សូមឆ្លើយសំណួរដូចតទៅនេះ ៖ យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១១–១២ហេតុអ្វីបានជាអំណោយទានខាងវិញ្ញាណនៃបុគ្គលម្នាក់ៗ មានសារៈសំខាន់ចំពោះសាសនាចក្រ ? ( សូមមើលផងដែរ កូរិនថូស ទី១ ១២ ) ។
ទោះជាអំណោយទានខាងវិញ្ញាណរបស់យើងអាចមានច្រើនខុសៗគ្នាក្ដី ក៏សាសនាចក្រព្រះអម្ចាស់ត្រូវការពួកគេទាំងអស់គ្នាដែរ ។ មនុស្សគ្រប់រូបមានតួនាទី និង ការទទួលខុសត្រូវមួយ ក្នុងការស្ថាបនានគរព្រះនៅលើផែនដី ។ សូមសិក្សាអំណោយទានទាំងឡាយខាងវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១៣–២៧ ។ អ្នកអាចនឹងចង់គូសចំណាំនូវអំណោយទានទាំងនោះ ។
ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអំណោយទានទាំងឡាយខាងវិញ្ញាណទាំងនេះ សូមផ្គូផ្គងអំណោយទានដែលមាននៅក្នុងតារាងខាងក្រោម ទៅនឹងសេចក្ដីពន្យល់ដែលត្រូវនឹងវា ។ ( ចម្លើយមាននៅចុងមេរៀន ) ។
អំណោយទាន |
សេចក្ដីពន្យល់ |
---|---|
|
|
|
|
|
|
|
|
បញ្ជីនៃអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ដែលមានលើកឡើងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ គ្រាន់តែជាអំណោយទានមួយចំនួននៃអំណោយទានទាំងឡាយដែលមានតែប៉ុណ្ណោះ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖ « អំណោយទានទាំងឡាយខាងវិញ្ញាណមានច្រើនសន្ធឹកសន្ធាប់ និង មិនចេះចប់មិនចេះហើយឡើយ ។ អំណោយទានទាំងឡាយដែលមានសម្ដែងចេញនោះ គឺជាការបង្ហាញឲ្យឃើញអំពីការចាក់បង្ហូរព្រះគុណដ៏ឥតព្រំដែន ដែលព្រះដ៏ប្រកបដោយសេចក្ដីមេត្តាករុណា ប្រទានដល់បុគ្គលដែលស្រឡាញ់ ហើយបម្រើទ្រង់ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៧១ ) ។
តើអ្នកអាចគិតអំពីអំណោយទានទាំងឡាយខាងវិញ្ញាណ ដែលអ្នកធ្លាប់ឃើញ ឬ អាចលើកឡើងពីអំណោយទានណាដែលមិនមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ ដែរឬទេ ?
ប្រសិនបើអ្នកបានទទួលពររបស់លោកអយ្យកោហើយនោះ ព្រះអម្ចាស់អាចនឹងបានធ្វើបញ្ជីអំណោយទានមួយចំនួន ដែលទ្រង់បានប្រទានឲ្យអ្នក ។ អ្នកក៏អាចនឹងទទួលបទពិសោធន៍នៃអំណោយទានទាំងឡាយខាងវិញ្ញាណដែរ នៅពេលអ្នកបម្រើព្រះវរបិតាសួគ៌ និង កូនចៅទ្រង់នៅក្នុងការហៅនានានៅក្នុងសាសនាចក្រ ។គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦បង្រៀនថា អស់អ្នកដែលត្រូវបានហៅឲ្យ « មើលគន់លើសាសនាចក្រ » ត្រូវបានប្រទានឲ្យនូវអំណោយទានដើម្បីធ្វើការវិនិច្ឆ័យ ថាតើអំណោយទានទាំងឡាយខាងវិញ្ញាណមួយណាដែលបានមកពីព្រះ ( សូមមើល គ. និង ស. ៤៦:២៧ ) ។ អ្នកអាចទុកចិត្តលើសមត្ថភាពប៊ីស្សពរបស់អ្នក ដើម្បីញាណដឹងអំពីអំណោយទានរបស់អ្នក និង តំណែងដែលអ្នកអាចមានលទ្ធភាពបម្រើបានយ៉ាងល្អបំផុត ហើយប្រទានពរដល់មនុស្សដទៃនៅក្នុងសាសនាចក្រ ទោះជាអ្នកពុំទាន់ដឹងអំពីអំណោយទានទាំងនោះក្ដី ។
វាក៏អាចនឹងមានប្រយោជន៍ផងដែរ ដើម្បីយល់ដឹងឲ្យបានកាន់តែច្បាស់អំពីអំណោយទានខាងភាសា ។ ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនអំពីអំណោយទាននៃព្រះវិញ្ញាណមួយនេះដូច្នេះថា ៖
« [ អំណោយទានខាងភាសាត្រូវបាន ] ប្រទានឲ្យដើម្បីជាគោលបំណងនៃការប្រកាសដំណឹងល្អ ទៅក្នុងចំណោមមនុស្សដែលនិយាយភាសាផ្សេងដូចនៅបុណ្យថ្ងៃទីហាសិប ជាដើម ហើយវាពុំចាំបាច់ឡើយ ដែលភាសាទាំងឡាយត្រូវតែបានបង្រៀនទៅដល់សមាជិកក្នុងសាសនាចក្រជាពិសេសនោះ ដ្បិតមនុស្សណាក៏ដោយ ដែលមានព្រះវិញ្ញាណបរិសុទ្ធ អាចថ្លែងអំពីការណ៍ទាំងឡាយនៃព្រះបានជាភាសារបស់ខ្លួន ក៏ដូចជាថ្លែងជាភាសាមួយផ្សេងទៀតដែរ ព្រោះសេចក្ដីជំនឿពុំមែនកើតឡើងដោយសារទីសម្គាល់នោះទេ ផ្ទុយទៅវិញ គឺដោយការឮព្រះបន្ទូលនៃព្រះទេតើ » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៣៨៣–៨៤) ។
« ប្រសិនបើការណ៍ណាមួយត្រូវបានបង្រៀនដោយអំណោយទានខាងភាសានោះ វាពុំមែនត្រូវបានទទួលសម្រាប់គោលលទ្ធិនោះទេ » (ការបង្រៀន ៖ យ៉ូសែប ស៊្មីធទំព័រ ៣៨៤) ។
« ចូរកុំថ្លែងដោយនូវអំណោយទានខាងភាសាឡើយ ប្រសិនបើគ្មានការយល់ដឹងអំពីវា ឬ ដោយគ្មានការបកប្រែទេនោះ ។ អារក្សអាចនិយាយបានច្រើនភាសា បច្ចាមិត្តនឹងមកជាមួយនឹងកិច្ចការរបស់វា វាអាចល្បួងមនុស្សបានគ្រប់ជាន់ថ្នាក់ វាអាចនិយាយជាភាសាអង់គ្លេស ឬ ភាសាហូឡង់ ។ ចូរកុំឲ្យមាននរណាម្នាក់ថ្លែងជាច្រើនភាសាឡើយ លើកលែងតែបុគ្គលនោះចេះបកប្រែ ដោយមានការអនុមតិពីម្នាក់គ្រប់គ្រងពីលើ លំដាប់នោះ បុគ្គលនោះអាចញាណដឹង ឬ អាចបកប្រែបាន ឬ បុគ្គលម្នាក់ទៀតអាចធ្វើបាន » (ការបង្រៀន ៖ យ៉ូសែប ស៊្មីធទំព័រ ៣៨៤) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖ « អំណោយទានខាងភាសា និង ការបកប្រែ ត្រូវបានប្រទានឲ្យក្នុងគោលបំណងពិសេស ដើម្បីប្រើប្រាស់ក្នុងកាលៈទេសៈពិសេសៗ ។ មានអំណោយទានជាច្រើន ដែលមានសារៈសំខាន់បំផុត ចំណែកឯការប្រើប្រាស់របស់វាវិញនោះ គឺធ្វើឲ្យការបំភាន់បាត់បង់ឱកាសរបស់វា ។ អំណោយទាននៃការដាស់តឿន នៃការប្រកាសដំណឹងល្អ នៃការបកស្រាយគោលលទ្ធិ នៃការបង្រៀនដំណឹងល្អ—ទោះជាមិនមានសេចក្ដីរំភើបខ្លាំងក្ដី—ក៏វាមានសភាពប្រសើរ និង មានតម្លៃជាងភាសាដែរ » ( Mormon Doctrine ការបោះពុម្ពលើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៨០០ ) ។
សូមពិចារណាមួយស្របក់អំពីរបៀបដែលអំណោយទានទាំងឡាយនៃព្រះវិញ្ញាណបានផ្ដល់អត្ថប្រយោជន៍ដល់អ្នក ។ សូមគិតផងដែរ អំពីរបៀបដែលអ្នកអាចស្វែងរក ហើយប្រើប្រាស់អំណោយទានទាំងឡាយដើម្បីប្រទានពរដល់កូនចៅរបស់ព្រះ ។
ព្រះអម្ចាស់បានបញ្ចូលវិវរណៈនេះតាមរយៈការបង្គាប់ឲ្យអ្នកដើរតាមទ្រង់អំពីអ្វីដែលពួកគេត្រូវធ្វើ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៥–៦ដោយស្វែងរកអ្វីដែលទ្រង់បានបង្រៀន ។
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៣៣
សូមចំណាយពេលពីរបីនាទីទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៣៣ ។ ប្រសិនបើអាច សូមសូត្រខគម្ពីរនេះឲ្យសមាជិកគ្រួសារ ឬ មិត្តភក្ដិម្នាក់ស្ដាប់ ។
-
សូមធ្វើបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមធ្យោបាយមួយចំនួនដែលអ្នកអាច « ប្រព្រឹត្តដោយគុណធម៌ និង ដោយបរិសុទ្ធភាព » ។ នៅពេលអ្នកធ្វើបញ្ជីរបស់អ្នក សូមជ្រើសរើសយកពីរ ឬ បីជំពូកចេញពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ហើយប្រើប្រាស់ជំពូកទាំងនោះ ដើម្បីជួយអ្នកឲ្យមានចំណុចបញ្ចូលទៅក្នុងបញ្ជីនោះ ។ សូមសរសេរគោលដៅអំពី របៀបដែលអ្នកគ្រោងដើម្បីប្រព្រឹត្តដោយគុណធម៌ និង បរិសុទ្ធភាពនៅចំពោះព្រះអម្ចាស់ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖