មេរៀនទី ២៩ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៧៤
បុព្វកថា
នេះគឺជាមេរៀនទីពីរ ដែលមានវិវរណៈកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះ នៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ។ វាឆ្លើយសំណួរទាំងឡាយដែលពួកអ្នកផ្សព្វផ្សាយសាសនាបានមានអំពីការប្រកាសដំណឹងល្អ និង ការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ។ វាក៏ប្រាប់អំពីការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និង អំពីអ្វីដែលយើងត្រូវធ្វើដើម្បីត្រៀមខ្លួនទទួលព្រឹត្តិការណ៍នោះដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៤០
ព្រះអម្ចាស់មានព្រះបន្ទូលប្រកាសថា ដំណឹងល្អដែលបានស្ដារឡើងវិញ នឹងត្រូវបានប្រកាសទៅដល់ពិភពលោកទាំងមូល
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីអារម្មណ៍របស់អ្នក នៅពេលអ្នកពិចារណាអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកមានអារម្មណ៍សប្បាយរីករាយ និង មានសង្ឃឹមដែរឬទេ កាលបានឃើញព្រះអង្គសង្គ្រោះនៅពេលទ្រង់យាងមកជាលើកទីពីរនោះ ? តើការត្រៀមខ្លួនរបស់យើងទទួលការយាងមកជាលើកទីពីរ អាចជួយយើងយកឈ្នះលើសេចក្ដីភ័យខ្លាចបានយ៉ាងដូចម្ដេច ?
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នឹងជាបទពិសោធន៍មួយដ៏ផ្អែមល្ហែម និង អស្ចារ្យសម្រាប់មនុស្សមួយចំនួន តែក៏ជាបទពិសោធន៍មួយដ៏តក់ស្លុតសម្រាប់មួយចំនួនទៀតដែរ—ដោយផ្អែកទៅលើការត្រៀមខ្លួន និង ភាពសក្ដិសមផ្ទាល់ខ្លួនរបស់ពួកគេ ។
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៣៩ ដោយស្វែងរកភស្ដុតាងដែលបង្ហាញថា ព្រះអង្គសង្គ្រោះមានព្រះទ័យចង់ឲ្យមនុស្សទាំងពួង ត្រៀមខ្លួនជាស្រេចទទួលការយាងមកជាលើកទីពីររបស់ទ្រង់ ។
យើងមានតួនាទីជួយរៀបចំពិភពលោក ទទួលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ យោងតាមអ្វីដែលអ្នករៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៣៧–៣៨ សូមបញ្ចប់សេចក្ដីពិតដូចតទៅនេះ ៖ ក្នុងនាមជាអ្នកបម្រើរបស់ព្រះ យើងអាចជួយរៀបចំមនុស្សទូទៅ ទទួលការយាងមកជាលើកទីពីរតាមរយៈ ។
យោងតាម ខទី ៣៨ យើងត្រូវប្រកាសដំណឹងល្អ « ដោយបន្លឺសំឡេងយ៉ាងខ្លាំង » ។ តើអ្នកគិតថា ការណ៍នេះមានន័យដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤០ ដោយស្វែងរកកិច្ចការមួយទៀត ដែលពួកអ្នកបម្រើរបស់ព្រះនឹងត្រូវធ្វើ ពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ តើខគម្ពីរនេះណែនាំអ្វីខ្លះ ទាក់ទងនឹងអារម្មណ៍របស់ពួកសុចរិតអំពីការយាងមករបស់ព្រះអង្គសង្គ្រោះ ?
នៅក្នុង ខទី ៤០ តើពាក្យណាខ្លះ ដែលបង្ហាញអំពីបំណងប្រាថ្នារបស់ពួកសុចរិត ដែលចង់ឃើញព្រះអម្ចាស់នៅពេលទ្រង់យាងមកជាលើកទីពីរ ? អ្នកអាចនឹងចង់គូសចំណាំពាក្យទាំងនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤១-៥៦
ព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលប្រាប់ អំពីការយាងមកជាលើកទីពីររបស់ទ្រង់
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤១–៤៥ ដោយស្វែងរកពរជ័យនានា ដែលនឹងកើតមានដល់អ្នកទាំងឡាយ ដែលអធិស្ឋាន ហើយទន្ទឹងរង់ចាំទទួលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
ចេញពី ខទី ៤៥ យើងរៀនថា ព្រះអម្ចាស់បានរៀបចំពរជ័យដ៏អស្ចារ្យៗ ទុកសម្រាប់អ្នកទាំងឡាយដែលទន្ទឹងរង់ចាំទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដបពីរនាក់ សូមគូសបន្ទាត់ពីក្រោមការណ៍ ដែលយើងត្រូវធ្វើដើម្បីទន្ទឹងរង់ចាំព្រះអម្ចាស់ដោយមានចិត្តស្មោះត្រង់ ៖
« យើង មិនត្រូវ អនុញ្ញាតឲ្យសេចក្ដីភ័យខ្លាច និង បិតានៃសេចក្ដីភ័យខ្លាច ( សាតាំងខ្លួនវា ) បង្វែរយើងចេញពីសេចក្ដីជំនឿ និង ការរស់នៅដោយមានចិត្តស្មោះត្រង់ទៅតាមស្ថានភាព ណាមួយ ឲ្យសោះ ។ វា តែងតែ មានការចោទសួរអំពីអនាគតកាលជានិច្ច ។ បុគ្គលវ័យក្មេង ឬ គូស្វាមីភរិយាវ័យក្មេងគ្រប់រូបនៅគ្រប់ជំនាន់ ត្រូវដើរដោយសេចក្ដីជំនឿទៅរកអ្វីមួយដែល តែងតែ ជារឿងមិនប្រាកដប្រជា—ចាប់ផ្ដើមដោយ អ័ដាម និង អេវ៉ា នៅក្នុងជំហានដំបូងដ៏ញញើតញញើម ចេញពីសួនច្បារអេដែន ។ ប៉ុន្តែ ការណ៍នោះពុំមែនជាបញ្ហានោះទេ ។ នេះគឺជាផែនការណ៍ ។ វានឹងពុំមានបញ្ហាឡើយ ។ សូមមានចិត្តស្មោះត្រង់ ។ ព្រះទ្រង់ទទួលយកបន្ទុកនោះហើយ ។ ទ្រង់ជ្រាបអំពីឈ្មោះរបស់អ្នក ហើយជ្រាបអំពីសេចក្ដីត្រូវការរបស់អ្នក ។…
« ព្រះមានព្រះទ័យរំពឹងឲ្យអ្នកមានសេចក្ដីជំនឿគ្រប់គ្រាន់ និង ការប្ដេជ្ញាចិត្ត ហើយទុកចិត្តលើទ្រង់ ដើម្បីបន្តទៅមុខ បន្តរស់នៅ និងបន្តមានចិត្តរីករាយ ។ ប្រាកដណាស់ ទ្រង់មិនមានព្រះទ័យរំពឹងឲ្យអ្នក ប្រឈមមុខ នឹងអនាគតកាលដោយធម្មតា ( ដែលហាក់ដូចជាក្រៀមក្រំ និង បណ្ដោយតាមវាសនា ) នោះទេ ដ្បិតទ្រង់មានព្រះទ័យរំពឹងឲ្យអ្នកឱបក្រសោបយក ហើយ រៀបចំ អនាគតកាល—ដើម្បីចេះស្រឡាញ់ ហើយអរសប្បាយនឹងអនាគតកាល ហើយធ្វើឲ្យរីករាយឡើងនៅក្នុងជីវិតរបស់អ្នក ។
« ព្រះទ្រង់ទន្ទឹងរង់ចាំដោយអន្ទះសា ចំពោះឱកាសដើម្បីឆ្លើយតបការអធិស្ឋានរបស់អ្នក ហើយបំពេញតាមសេចក្ដីប្រាថ្នាដែលអ្នកមាន ដូចដែលទ្រង់ធ្លាប់បានធ្វើរួចមកហើយ ។ ប៉ុន្តែ ទ្រង់ពុំអាចធ្វើយ៉ាងនោះបានទេបើសិនជាអ្នកពុំអធិស្ឋាន ហើយពុំមានសេចក្ដីប្រាថ្នានោះ ។ និយាយឲ្យខ្លី ទ្រង់ពុំអាចធ្វើយ៉ាងនោះបានទេ បើសិនជាអ្នកពុំជឿទេនោះ » ( Terror, Triumph, and a Wedding Feast» [ Brigham Young University fireside address ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០០៤ ] ទំព័រ ៣ speeches.byu.edu
សូមពិចារណាសំណួរដូចតទៅនេះ ៖ តើមនុស្សគ្រប់គ្នានឹងស្គាល់ព្រះយេស៊ូវគ្រីស្ទជានរណាដែរឬទេ នៅពេលទ្រង់យាងមកជាលើកទីពីរនោះ ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៦-៤៧ ដើម្បីស្វែងរកចម្លើយចំពោះសំណួរនេះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៨–៤៩ ដោយការពិពណ៌នាដែលប្រាប់អំពីរូបរាងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់នឹងយាងមកជាលើកទីពីរ ។
ដើម្បីយល់អំពីនិមិត្តរូបនៃព្រះពស្ត្រពណ៌ក្រហមរបស់ព្រះអង្គសង្គ្រោះ វានឹងផ្ដល់អត្ថប្រយោជន៍ក្នុងការដឹងអំពីអត្ថន័យនៃវាក្យសព្ទ « ធុងទំពាំងបាយជូរ » នៅក្នុង ខទី ៤៨ ។ ធុងទំពាំងបាយជូរក៏ត្រូវបានហៅថា ប្រដាប់គាបទឹកទំពាំងបាយជូរដែរ ដែលជាធុងមួយដ៏ធំផ្ទុកទៅដោយផ្លែទំពាំងបាយជូរ ។ មនុស្សជាន់លើផ្លែទំពាំងបាយជូរ ដើម្បីគាបយកទឹក ដូច្នេះវាអាចត្រូវបានផ្ទុកនៅក្នុងធុងតែមួយ ។ នៅពេលមនុស្សឈាន់លើផ្លែទំពាំងបាយជូរ នោះទឹករបស់វាបានខ្ទាតប្រឡាក់សម្លៀកបំពាក់ពួកគេដែលមានពណ៌ឡើងក្រហមទែង ។
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៨-៥១ ។ ចេញពីខគម្ពីរទាំងនេះ យើងរៀនអំពីសេចក្ដីយុត្តិធម៌ និង ការសងសឹកពេលទ្រង់យាងមកជាលើកទីពីរ ។
ចំពោះនិមិត្តរូបនៃប្រដាប់គាបទឹកទំពាំងបាយជូរ ផ្លែទំពាំងបាយជូរតំណាងឲ្យពួកទុច្ចរិត ដែលនឹងត្រូវបានបំផ្លាញចោលនៅពេលព្រះអង្គសង្គ្រោះយាងមកជាលើកទីពីរ ។ ព្រះពស្ត្រពណ៌ក្រហមរបស់ទ្រង់ អាចត្រូវបានចាត់ទុកជានិមិត្តរូបនៃសេចក្ដីយុត្តិធម៌របស់ទ្រង់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥២–៥៣ ដោយស្វែងរកអ្វីដែលពួកសុចរិត នឹងចងចាំ ហើយថ្លែង « ឆ្នាំកំណត់នៃពួកប្រោសលោះរបស់យើង » ( គ. និង ស. ១៣៣:៥២ ) ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគ្រាដែលអ្នកបានមានអារម្មណ៍អំពីសណ្ដានព្រះទ័យនៃសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥៤-៥៦ ដោយស្វែងរកអ្វីដែលនឹងកើតឡើងចំពោះពួកបរិសុទ្ធសុចរិត ដែលបានស្លាប់ពីមុនការយាងមកជាលើកទីពីរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥៧-៧៤
ដំណឹងល្អត្រូវបានបញ្ជូនទៅ ដើម្បីរៀបចំពិភពលោកទទួលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
សូមគោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥៧–៦២ ដោយស្វែងរកសេចក្ដីពិតអំពីមូលហេតុ ដែលដំណឹងល្អត្រូវតែបានបញ្ជូនទៅ ពីមុនព្រះអម្ចាស់យាងមកជាលើកទីពីរ ។
នៅពេលអ្នករៀនចេះដឹងអំពីដំណឹងល្អ ហើយរស់នៅតាម អ្នកនឹងត្រៀមខ្លួនជាស្រេចទទួលការយាងមកជាលើកទីពីរ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៦២ បង្ហាញអំពីពរជ័យមួយទៀត ដែលអ្នកអាចទទួលបាន ។ សូមយោងទៅកាន់ខគម្ពីរនេះ ដើម្បីបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ អ្នកទាំងឡាយដែល ហើយញែកខ្លួនចេញជាបរិសុទ្ធ នោះនឹងត្រូវបាន ។
អ្នកអាចនឹងឃើញទំនាក់ទំនង រវាងគោលការណ៍នៅក្នុង ខទី ៦២និង គោលការណ៍ដែលអ្នករកឃើញមុននេះនៅក្នុង ខទី ៤៥—ដែលប្រាប់ថា ព្រះអម្ចាស់បានរៀបចំពរជ័យអស្ចារ្យៗ ទុកសម្រាប់អ្នកទាំងឡាយដែលទន្ទឹងរង់ចាំទ្រង់ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើគោលការណ៍នៅក្នុង ខទី ៦២ ទាក់ទងនឹងគោលការណ៍ដែលអ្នករកឃើញនៅក្នុង ខទី ៤៥ យ៉ាងដូចម្ដេច ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៦៣–៧៤ យើងអានអំពីលទ្ធផលនានា កើតឡើងចំពោះអស់អ្នកទាំងឡាយដែលមិនប្រែចិត្ត ហើយមិនត្រៀមខ្លួនទទួលការយាងមកជាលើកទីពីរ ។ លទ្ធផលមួយចំនួនទាំងនេះ រួមបញ្ចូលទាំងការត្រូវបានកាត់ចេញពីព្រះអម្ចាស់ និង ការ « ត្រូវបានប្រគល់ទៅឯសេចក្ដីងងឹត » ( គ. និង ស. ១៣៣:៧២ ) ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៦៦–៦៧, ៧០–៧១ ម្ដងទៀត ជាខគម្ពីរដែលមានព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅកាន់មនុស្សដែលពុំទទួលទ្រង់ ។ បន្ទាប់មក សូមសង្ខេបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីជម្រើសនានារបស់មនុស្ស ដែលមានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។
ចំពោះអ្នកទាំងឡាយដែលបានមានឱកាសទទួលព្រះអម្ចាស់ហើយ ប៉ុន្តែ ពុំទទួលទ្រង់ទេនោះការយាងមកជាលើកទីពីរ នឹងជាពេលមួយដ៏ក្រៀមក្រំ ។ ប៉ុន្តែ បើសិនជាយើងទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យទទួលទ្រង់ ស្ដាប់តាមព្រះសូរសៀងទ្រង់ ព្រមទាំងជឿ ហើយទទួលពួកអ្នកបម្រើរបស់ទ្រង់ផងនោះ ការយាងមកជាលើកទីពីរ នឹងជាទិវាមួយដ៏រុងរឿងសម្រាប់យើង ។
-
សូមស្រមៃថា ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកកាន់ផែនដីវិញនៅថ្ងៃនេះ ។ តើអ្នកនឹងអរសប្បាយនៅក្នុងវត្តមានទ្រង់ ជាមួយអ្នកទាំងឡាយដែលបានទន្ទឹងរង់ចាំទ្រង់ដែរឬទេ ? សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវកិច្ចការមួយដែលអ្នកនឹងធ្វើ ដើម្បីឲ្យការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ នឹងក្លាយជាបទពិសោធន៍មួយដែលពោរពេញទៅដោយសេចក្តីអំណរសម្រាប់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៧៤ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖