មេរៀនទី ១១ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧-៤៨
បុព្វកថា
ក្នុងខែ មិនា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧ និង ៤៨ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧ព្រះអម្ចាស់បានតែងតាំង យ៉ូហាន វិតមើរ ឲ្យធ្វើជាអ្នកសរសេរប្រវត្តិសាស្ត្រ និង ជាអ្នកកត់បញ្ជីសម្រាប់សាសនាចក្រជំនួស អូលីវើរ ខៅឌើរី ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨ព្រះអម្ចាស់បានណែនាំឲ្យពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ជួយធុរៈដល់សមាជិកសាសនាចក្រដែលធ្វើដំណើរមកពីរដ្ឋ នូវ យ៉ោក ។ ព្រះអម្ចាស់ក៏បានណែនាំឲ្យសមាជិកសាសនាចក្រត្រៀមខ្លួនទិញដី ដើម្បីស្ថាបនាទីក្រុង ស៊ីយ៉ូនឡើងនៅរដ្ឋ មិសសួរី ផងដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧
ព្រះអម្ចាស់បានតែងតាំង យ៉ូហាន វិតមើរ ឲ្យរក្សាប្រវត្តិសាស្ត្រសាសនាចក្រដែលបានកត់ត្រាទុក ។
សូមគិតអំពីព្រឹត្តិការណ៍កន្លងទៅជាមួយនឹងចំណាប់អារម្មណ៍ខាងវិញ្ញាណ ដែលអ្នកបានរួមចំណែក ហើយដឹងថាវាមានតម្លៃគួរតែចងចាំ ( ឧទាហរណ៍ ៖ ពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ការប្រជុំមួយក្នុងសាសនាចក្រ ឬ កម្មវិធីក្នុងក្រុមគ្រួសារមានដូចជា អាពាហ៍ពិពាហ៍ ឬ បុណ្យសព ) ។
ប្រសិនបើអាច សូមនិយាយប្រាប់សមាជិកគ្រួសារម្នាក់អំពីព្រឹត្តិការណ៍នោះ ហើយឆ្លើយសំណួរខាងក្រោមនេះ ។ ( ប្រសិនបើមិនមានសមាជិកគ្រួសារដើម្បីប្រាប់ទេនោះ សូមពិចារណាអំពីសំណួរទាំងនេះ ) ។
-
តើនៅក្នុងព្រឹត្តិការណ៍នេះ អ្វីទៅដែលដក់ជាប់នៅក្នុងចិត្តរបស់អ្នកជាងគេ ?
-
តើការចងចាំអំពីព្រឹត្តិការណ៍នេះ មានតម្លៃយ៉ាងដូចម្ដេចដែរ ?
-
តើការដឹងអំពីព្រឹត្តិការណ៍នេះ អាចប្រទានពរដល់កូនចៅជំនាន់ក្រោយរបស់អ្នកក្នុងរយៈពេល ១០០ ឆ្នាំខាងមុខទៀតយ៉ាងដូចម្ដេច ?
សូមអានវគ្គសេចក្តីណែនាំនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧ និង ខទី ១–៣ នៃវគ្គនេះដើម្បីរកមើលអ្វីដែលព្រះអម្ចាស់បានហៅឲ្យ យ៉ូហាន វិតមើរ ធ្វើ ។ ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់បុគ្គលម្នាក់ដើម្បីសរសេរប្រវត្តិរបស់សាសនាចក្រ ?
សូមគិតអំពីព្រឹត្តិការណ៍មួយចេញពីប្រវត្តិសាស្ត្រសាសនាចក្រ ដែលមានការបំផុតគំនិតចំពោះអ្នក ។ តើអ្នកបានរៀនអំពីព្រឹត្តិការណ៍នោះយ៉ាងដូចម្ដេច ?
យើងស្គាល់ព្រឹត្តិការណ៍កន្លងហួសទៅក្នុងប្រវត្តិសាស្ត្រសាសនាចក្របាន ដោយសារតែមានមនុស្សសរសេរ ហើយរក្សាកំណត់ហេតុនៃព្រឹត្តិការណ៍ទាំងនោះ ដើម្បីបានរក្សាទុកសម្រាប់មនុស្សជំនាន់នេះ និង ជំនាន់ខាងមុខទៀត ។ សូមចងចាំថា នៅក្នុងវិវរណៈមួយកាលពីមុន ព្រះអម្ចាស់បានមានព្រះបន្ទូលថា « នឹងមានបញ្ជីមួយកត់ទុកនៅក្នុងចំណោមអ្នករាល់គ្នា » ( គ. និង ស. ២១:១ ) ។ បច្ចុប្បន្ននេះ មានអ្នកសរសេរ និង កត់បញ្ជីមួយរូបនៅក្នុងសាសនាចក្រ ត្រូវបានតែងតាំងដោយគណៈប្រធានទីមួយ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសរសេរប្រវត្តិសាស្ត្ររូបនេះ ពុំអាចសង្កេត ហើយកត់ត្រាគ្រប់ហេតុការណ៍ដែលកើតឡើងនៅក្នុងសាសនាចក្របានទាំងអស់ឡើយ ដូច្នេះ គាត់ត្រូវបានណែនាំឲ្យជ្រើសរើសរឿងប្រវត្តិពីមនុស្សដទៃ ។ ក្នុងន័យទូទៅមានន័យថា បទពិសោធន៍របស់សមាជិកសាសនាចក្រ គឺជាចំណែកនៃប្រវត្តិសាសនាចក្រ ហើយអាចមានឥទ្ធិពលដល់មនុស្សជំនាន់ខាងមុខ ។
អែលឌើរ ម៉ាលីន ឃេ ជែនសិន នៃក្រុមចិតសិបនាក់ ដែលបានបម្រើជាអ្នកសរសេរប្រវត្តិសាស្ត្រ និង អ្នកកត់បញ្ជីសម្រាប់សាសនាចក្រពីឆ្នាំ ២០០៥–១២ បានបង្រៀនថា « រឿងប្រវត្តិដ៏អស្ចារ្យបំផុតជាច្រើននៃសាសនាចក្រ មាននៅក្នុងរឿងប្រវត្តិរបស់បុគ្គល និង ក្រុមគ្រួសារ ហើយទាំងនេះគឺជាចំណែកមួយនៃកេរដំណែលរបស់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ » ( «There Shall Be a Record Kept among You» Ensignឬ លីអាហូណាខែ ធ្នូ ឆ្នាំ ២០០៧ ទំព័រ ៣១ ) ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាប្រវត្តិផ្ទាល់ខ្លួនរបស់អ្នក មានសារៈសំខាន់ ?
-
សូមគិតអំពីព្រឹត្តិការណ៍សំខាន់ខាងវិញ្ញាណនៅក្នុងជីវិតរបស់អ្នក ដែលអ្នកដឹងថាមានតម្លៃក្នុងការចងចាំ ។ សូមស្រមៃថា កូនៗ និង ចៅៗអ្នក នឹងអានបញ្ជីប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកអំពីព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមប្រាប់អំពីប្រភេទព្រឹត្តិការណ៍នោះ រួចឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកនឹងសរសេរអំពីផ្នែកណាមួយនៃព្រឹត្តិការណ៍នោះ ?
-
តើអ្នកនឹងចង់ឲ្យកូនចៅជំនាន់ក្រោយរបស់អ្នកដឹង ហើយស្គាល់អ្វីអំពីព្រឹត្តិការណ៍នោះ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧:៤ ដើម្បីស្វែងយល់អំពីអ្វី ដែលព្រះអម្ចាស់បានសន្យាជាមួយ យ៉ូហាន វិតមើរ ថានឹងប្រទានដល់កិច្ចខិតខំរបស់គាត់ « ក្នុងការកត់បញ្ជី និង ប្រវត្តិសាសនាចក្រជានិច្ច » ( គ. និង ស. ៤៧:៣ ) ។
យោងតាមអ្វីដែលអ្នកបានអាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧:៤សូមបញ្ចប់គោលការណ៍ដូចតទៅនេះ ៖ បើយើង នោះព្រះវិញ្ញាណអាចជួយយើងឲ្យ ។
ព្រះវិញ្ញាណបរិសុទ្ធអាចនាំយកគ្រប់ទាំងសេចក្ដីមកកាន់ការចងចាំរបស់យើង ( សូមមើល យ៉ូហាន ១៤:២៦ ) ហើយជួយយើងឲ្យសរសេរអំពីព្រឹត្តិការណ៍ និង ស្ថានភាពនានា ទៅតាមរបៀបដែលនឹងប្រទានពរដល់សមាជិកគ្រួសារ រួមទាំងមនុស្សដទៃទៀតនៅជំនាន់ខាងមុខ ។ សូមអធិស្ឋាន ហើយរស់នៅដោយសក្ដិសមដើម្បីមានជំនួយពីព្រះវិញ្ញាណ នៅពេលអ្នកខិតខំរក្សាប្រវត្តិផ្ទាល់ខ្លួន ។
សូមពិចារណាអំពីរបៀបផ្សេងៗទៀត ដែលអ្នកអាចបង្កើនការខិតខំរក្សាកំណត់ហេតុផ្ទាល់ខ្លួនមួយ ឬ នៅពេលអ្នកសរសេរព្រឹត្តិការណ៍សំខាន់ខាងវិញ្ញាណផ្ទាល់ខ្លួន ពិធីបរិសុទ្ធ និង មនុស្សដែលនៅក្នុងជីវិតរបស់អ្នក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨
ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ត្រូវជួយធុរៈដល់ពួកបរិសុទ្ធ ដែលធ្វើដំណើរមកពីរដ្ឋ នូវ យ៉ោក ហើយត្រៀមខ្លួនទទួលមរតករបស់ខ្លួននៅទីក្រុង ស៊ីយ៉ូន
សូមស្រមៃថា ថ្មីៗនេះ មានសមាជិកសាសនាចក្រ ដែលរស់នៅតំបន់ដាច់ស្រយាលមួយបានរងទុក្ខដោយគ្រោះធម្មជាតិ ហើយត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ។ ថ្នាក់ដឹកនាំសាសនាចក្របានស្នើឲ្យអ្នក និងគ្រួសារអ្នក ផ្ដល់ជាជម្រកដល់អ្នកដែលបាត់បង់ជម្រកមួយចំនួន សម្រាប់រយៈពេលបីបួនខែ ។ តើសំណួរ និង កង្វល់អ្វីខ្លះ ដែលអ្នក និង គ្រួសារអ្នកនឹងមាន ? តើកង្វល់ និង អារម្មណ៍ដូចម្ដេចខ្លះ ដែលអ្នកគិតថា អ្នកដែលផ្លាស់មកស្នាក់នៅក្នុងផ្ទះរបស់អ្នកនោះ នឹងមាន ?
សូមមើលទៅផែនទីប្រវត្តិសាស្ត្រសាសនាចក្រទី ៣ នៅក្នុងព្រះគម្ពីររបស់អ្នក ៖ « តំបន់នូវ យ៉ោក ផែនសិលវ៉េញ៉ា និង អូហៃអូ នៃស.រ.អា » ។ ទីតាំង ប៉ាលម៉ៃរ៉ា រដ្ឋ នូវយ៉ោក និង ខឺតឡង់ រដ្ឋ អូហៃអូ ។ តើទីក្រុងទាំងនេះមានចម្ងាយពីគ្នាប្រហែលប៉ុន្មានគីឡូម៉ែត្រ ?
ក្នុងខែ កុម្ភៈ ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ បានផ្លាស់ទីលំនៅពីភូមិ ប៉ាលម៉ៃរ៉ា រដ្ឋ នូវយ៉ោក ទៅកាន់ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ សមាជិកសាសនាចក្រជាច្រើន បានផ្លាស់លំនៅទៅតាមក្រោយអំឡុងប្រាំមួយខែក្រោយមក ។ សមាជិកទាំងនេះបានទុកចោលទ្រព្យសម្បត្តិ និង ធនធានខាងលោកិយជាច្រើន ដើម្បីធ្វើតាមព្រះបញ្ញត្តិរបស់ព្រះ ហើយផ្លាស់លំនៅទៅរដ្ឋ អូហៃអូ ហើយពួកគេបានត្រូវការជំនួយ ។ តើអ្នកគិតថា ព្រះអម្ចាស់អាចនឹងតម្រូវអ្វីខ្លះពីអ្នក ប្រសិនបើអ្នកបានរស់នៅរដ្ឋ អូហៃអូ ហើយបានឃើញពួកបរិសុទ្ធទាំងនេះ ផ្លាស់ទីលំនៅទៅកាន់តំបន់របស់អ្នកដោយគ្មានផ្ទះសម្បែង និងមានប្រាក់កាសបន្តិចបន្តួចនោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨:១–៣ ដើម្បីស្វែងរកការណ៍ដែលព្រះអម្ចាស់ បានមានព្រះបន្ទូលប្រាប់សមាជិកសាសនាចក្រក្នុងរដ្ឋ អូហៃអូ ឲ្យធ្វើ សម្រាប់សមាជិកសាសនាចក្រ ដែលផ្លាស់ទីលំនៅទៅកាន់ភូមិភាគនោះ ។ គោលការណ៍មួយដែលយើងរៀនចេញពីខគម្ពីរទាំងនេះគឺថា ព្រះអម្ចាស់បញ្ជាឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយ ចែកចាយអ្វីដែលខ្លួនមានទៅដល់អ្នកដែលខ្វះខាត ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្បែរ ខទី ២ ។
សូមកត់ចំណាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨:៣ ថាព្រះអម្ចាស់បានរំពឹងពីអ្នកដែលមានធនធាន និង ប្រាក់កាសបន្តិចបន្តួច ដែលបានផ្លាស់ទីលំនៅទៅកាន់រដ្ឋ អូហៃអូ ដើម្បីទិញដីធ្លីនៅទីនោះ ។ ដូចគ្នានេះដែរ ព្រះអម្ចាស់រំពឹងឲ្យយើងម្នាក់ៗ ប្រើប្រាស់ធនធានទាំងឡាយដែលយើងមាន ហើយមិនពឹងផ្អែកឲ្យមនុស្សដទៃជួយយើងឡើយ ។
-
សូមឆ្លើយនឹងសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើយើងអាចចែករំលែកអ្វីដែលយើងមាន ជាមួយសមាជិកដទៃនៅក្នុងសាសនាចក្របានតាមរបៀបណាខ្លះ ?
នៅពេលអ្នកអានរឿងខាងក្រោមនេះ ដែលបានប្រាប់ដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុងកូរ៉ុមនៃគណៈប្រធានទីមួយ សូមពិចារណាអំពីរបៀបដែលយុវជនម្នាក់ បានបំពេញព្រះបញ្ញត្តិរបស់ព្រះក្នុងការចែករំលែកជាមួយអ្នកដែលខ្វះខាត ៖
« អស់ជាច្រើនឆ្នាំកន្លងទៅ មានកូរ៉ុមសង្ឃមួយ បានសម្រេចចិត្តប្រមូលអាហារសម្រាប់ជនខ្វះខាត ជាគម្រោងបម្រើ ។ ជីម ជាសង្ឃម្នាក់ ដែលមានចិត្តរំភើបចូលរួម ហើយបានតាំងចិត្តថាប្រមូលអាហារឲ្យបានច្រើនជាងអ្នកផ្សេងទៀត ។ ពេលវេលាបានមកដល់ ដែលពួកសង្ឃមកជួបជុំគ្នានៅរោងថ្វាយបង្គំ ។ ពួកគេទាំងអស់គ្នាបានចេញទៅក្នុងពេលតែមួយ ហើយត្រឡប់មកវិញក្នុងពេលជាក់លាក់មួយនៅពេលល្ងាច ។ មនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះរទេះរបស់ ជីម គ្មានអ្វីទាល់តែសោះ ។ គាត់មើលទៅដូចជា [ ស្រងូតស្រងាត់ ] ណាស់ ហើយក្មេងប្រុសផ្សេងទៀតបានសើចចំអកដាក់គាត់ ។ ដោយឃើញដូចនេះ ហើយដឹងថា ជីម ចូលចិត្តឡាន នោះអ្នកដឹកនាំបានប្រាប់គាត់ ‹ ជីម ចេញទៅក្រៅទៅ ។ ខ្ញុំចង់ឲ្យឯងទៅមើលឡានខ្ញុំ ។ វាដើរមិនស្រួលទាល់តែសោះ › ។
« អ្នកដឹកនាំបានសួរ ជីម ថាគាត់អន់ចិត្តឬទេ ។ ជីម បានតបថា ‹ ទេ អត់ទេ ។ ប៉ុន្តែនៅពេលខ្ញុំបានចេញដើម្បីប្រមូលអាហារ ខ្ញុំពិតជាទទួលបានច្រើនណាស់ ។ រទេះរបស់ខ្ញុំពេញដោយអាហារ ។ នៅពេលខ្ញុំត្រឡប់មករោងថ្វាយបង្គំវិញ ខ្ញុំបានឈប់នៅផ្ទះរបស់ស្ត្រីម្នាក់ដែលមិនមែនជាសមាជិក ដែលបានលែងលះប្ដី ហើយរស់នៅក្នុងព្រំប្រទល់វួដរបស់យើង ។ ខ្ញុំបានគោះទ្វារ ហើយពន្យល់អំពីអ្វីដែលយើងកំពុងធ្វើ ហើយគាត់បានអញ្ជើញខ្ញុំឲ្យចូលក្នុងផ្ទះ ។ គាត់បានចាប់ផ្តើមរកមើលអ្វីមួយឲ្យខ្ញុំ ។ គាត់បានបើកទូទឹកកក ហើយខ្ញុំអាចមើលឃើញថា គាត់គ្មានអ្វីនោះទេ ។ ទូរបស់គាត់ទទេស្អាត ។ ទីបំផុត គាត់រកបានផ្លែប៉ែសមួយកំប៉ុងតូច ។
« ‹ ខ្ញុំស្ទើរតែពុំជឿទេ ។ មានកូនតូចៗរត់ពេញក្នុងផ្ទះ ដែលត្រូវការអាហារ ហើយគាត់បែរជាហុចផ្លែប៉ែសកំប៉ុងនោះមកឲ្យខ្ញុំទៅវិញ ។ ខ្ញុំបានយកវា ហើយបានដាក់វាក្នុងរទេះរបស់ខ្ញុំ ហើយក៏ចេញដើរមកតាមផ្លូវ ។ ពេលខ្ញុំបានដើរបានពាក់កណ្ដាលផ្លូវនោះ ខ្ញុំមានអារម្មណ៍កក់ក្ដៅពីក្បាលដល់ចុងជើង ហើយបានដឹងថា ខ្ញុំចាំបាច់ត្រូវត្រឡប់ទៅផ្ទះនោះវិញ ។ ខ្ញុំបានឲ្យអាហារទាំងអស់ដល់គាត់ › ។
« អ្នកដឹកនាំបានវាចាថា ‹ ជីម ឯងនឹងមិនភ្លេចនូវអារម្មណ៍ដែលឯងមាននៅយប់នេះនោះទេ ព្រោះនោះហើយជាអ្វីដែលយើងត្រូវធ្វើ › » ( “Spiritual Nutrients,” Ensign ឬ Liahona, ខែ តុលា ឆ្នាំ ២០០៦ ទំព័រ ៥៤ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា អ្វីបានកើតឡើងចំពោះ ជីម កាលគាត់ទទួលអារម្មណ៍ថាគាត់គួរតែត្រឡប់ក្រោយវិញនោះ ?
-
នៅពេលអ្នកដឹកនាំបានប្រាប់គាត់ថា អ្វីដែល ជីម បានទទួលអារម្មណ៍នៅពេលនោះគឺជា « អ្វីដែលយើងត្រូវធ្វើ » តើអ្នកគិតថា គាត់ចង់មានន័យដូចម្ដេច ?
-
-
សូមស្វែងរកវិធីដែលអ្នកអាចជួយបំពេញសេចក្ដីត្រូវការរបស់នរណាម្នាក់ ដែលប្រហែលជាដោយការចែករំលែកនូវអ្វីដែលអ្នកមាន ។ ឧទាហរណ៍ អ្នកអាចជួយសមាជិកគ្រួសារ មិត្តភក្ដិ នរណាម្នាក់នៅក្នុងថ្នាក់រៀន ឬ កូរ៉ុមក្នុងសាសនាចក្រ ឬ នរណាម្នាក់ដែលជាអ្នកជិតខាង ឬ ជាអ្នករួមសាលាជាមួយគ្នា ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអ្នកនឹងធ្វើដើម្បីជួយបុគ្គលដែលអ្នកគិតដល់ ក្រោយមកតាមដានផែនការរបស់អ្នក ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៨:៤–៦ ព្រះអម្ចាស់បានពន្យល់ថា ទ្រង់សព្វព្រះទ័យឲ្យពួកបរិសុទ្ធត្រៀមខ្លួនទិញដីធ្លី នៅពេលទ្រង់បើកសម្ដែងអំពីទីតាំងនៃទីក្រុង ស៊ីយ៉ូន ឬ យេរ៉ូសាឡិមថ្មី ។ ព្រះអម្ចាស់បញ្ជាឲ្យពួកគេសន្សំប្រាក់ទាំងអម្បាលម៉ានដែលពួកអាចធ្វើទៅបាន ដើម្បីត្រៀមខ្លួនចាក់គ្រឹះទីក្រុងនេះ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧-៤៨ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖