ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២ ៖ ថ្ងៃ​ទី ២ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១-២៦


មេរៀន​ទី ២ ៖ ថ្ងៃ​ទី ២

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១-២៦

បុព្វកថា

បន្ទាប់​ពី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​ការនិមិត្ត​ដំបូង​ក្នុង​ឆ្នាំ ១៨២០ ហើយ លោក​បាន​ចែកចាយ​ពី​បទពិសោធន៍​នោះ​ទៅ​កាន់​គ្រូ​បង្រៀន​សាសនា​ម្នាក់ ប៉ុន្តែ​គាត់​បាន​ច្រានចោល​ទីបន្ទាល់​របស់​លោក ។ មនុស្ស​ដទៃ​ទៀត​ក្នុង​សហគមន៍​ក៏​បាន​បដិសេធ ហើយ​បៀតបៀន​ដល់​យ៉ូសែប​ដ៏​វ័យ​ក្មេង​នេះ​ដែរ ។ ជន​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​សង្គម​ជា​ច្រើន​នាក់​បាន​ខិតខំ​រិះគន់​លោក​ដល់​សាធារណជន ។ ទោះជា​មាន​ការប្រឆាំង​យ៉ាង​នេះ​ក្ដី យ៉ូសែប ស៊្មីធ នៅ​តែ​បន្ត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​លោក​ដដែល ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១-២៣

សេចក្ដី​បៀតបៀន​ប្រឆាំង​នឹង​យ៉ូសែប ស្ម៊ីធ បាន​រីករាលដាល​ឡើង

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ចែកចាយ​ពី​បទពិសោធន៍​ដែល​លោក​បាន​មាន​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​មួយ​រូប​នៅ​ទីក្រុង ឡុងដ៏ ប្រទេស អង់គ្លេស ។ នៅ​ពេល​អ្នក​អាន​ពី​ដំណើររឿង​របស់​លោក សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​នឹង​ធ្វើ​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដូច​យុវជន​រូប​នេះ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« [ យុវជន​ម្នាក់​បាន​មក ] ដល់​ផ្ទះ​របស់​ពួកយើង​ដោយ​ដើរ​កាត់​ភ្លៀង​នា​ពេល​រាត្រី​មួយ ។ គាត់​បាន​គោះ​ទ្វារ​ផ្ទះ​របស់​យើង ហើយ​ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​ចូល​ក្នុង ។

« គាត់ប្រាប់ថា ‹ ខ្ញុំ​ត្រូវការ​និយាយ​ជាមួយ​នឹង​នរណា​ម្នាក់ ។ ខ្ញុំ​ឯកោ​ណាស់… › ។

« រួច​ខ្ញុំ​ពោល​ថា ‹ តើ​ប្អូន​មាន​បញ្ហា​អ្វី ? ›

« រួច​គាត់​និយាយ​ថា ‹ ​នៅពេល​ខ្ញុំ​ចូលរួមក្នុង​ព្រះវិហារ​មិន​បាន​មួយ​ឆ្នាំ​ផង នោះ​ឪពុក​ខ្ញុំ​បាន​ដេញខ្ញុំ​ចេញ​ពីផ្ទះ​របស់គាត់ និង​ឲ្យ​ត្រឡប់​ទៅ​វិញ​ឡើយ › ។ ហើយ​ខ្ញុំ​ពុំ​ដែល​បាន​ទៅវិញទេ ›។

« គាត់​បាន​បន្ដ​ថា ‹ ប៉ុន្មាន​ខែ​ក្រោយមក ក្រុម​កីឡាក្រិកខិត ដែល​ខ្ញុំ​ជា​សមាជិក បាន​ដកខ្ញុំ​ចេញ​ពី​ក្រុម រារាំង​ខ្ញុំ​មិន​ឲ្យ​មាន​ទំនាក់ទំនង​នឹង​យុវជន​ដែល​ខ្ញុំ​បាន​ធំឡើង​ជាមួយ និង​ពី​មិត្ត​ភក្ដិ​ជិត​ស្និត​របស់ខ្ញុំ ›។

« រួច​គាត់​និយាយ​ថា ‹ កាល​ពី​ខែ​មុន ចៅហ្វាយ​ខ្ញុំ​បាន​បណ្ដេញ​ខ្ញុំ​ចេញ ដោយ​សារ​តែ​ខ្ញុំ​ជា​សមាជិក​នៃ​ព្រះវិហារ​នេះ ហើយ​ខ្ញុំ​ពុំ​អាច​រក​ការ​ងារ​ផ្សេងធ្វើបាន​ទេ › ។…

« ‹ ហើយ​យប់​មិញ​នេះ នារី​ដែល​ខ្ញុំ​បាន​ស្គាល់​អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ បាន​ប្រាប់​ខ្ញុំ​ថា នាង​ពុំ​រៀបការ​ជាមួយ​ខ្ញុំ​ឡើយ ដោយសារតែ​ខ្ញុំ​ជា​ពួក​មរមន › » ( «The Loneliness of Leadership » [ ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ១៩៦៩ ] ទំព័រ ៣ speeches.byu.edu) ។

តើ​អ្នក​ធ្លាប់​បាន​ទទួល​អារម្មណ៍​ថា​អ្នក​ត្រូវ​គេ​ប្រព្រឹត្ត​មិន​ល្អ​ដាក់ ឬ រិះគន់​ដោយសារ​តែ​ជំនឿ​សាសនា​របស់​អ្នក​ដែរ​ឬ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​នៅ​ពេល​នោះ ?

ការនិមិត្ត​ដំបូង

ទោះជា យ៉ូសែប ស៊្មីធ បាន​ទទួល​ពរ​យ៉ាង​អស្ចារ្យ​ដោយសារ​តែ​លោក​នៅ​តែ​បន្ត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​នៃ​ការនិមិត្ត​ដំបូង​របស់​លោក​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​ត្រូវ​បាន​សាកល្បង​ជា​ទម្ងន់​ដែរ ។ នៅ​ពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​នឹង​រៀន​ពី​របៀប​ដែល​យ៉ូសែប ស្ម៊ីធ បាន​ឆ្លើយ​តប​ទៅ​នឹង​ការប្រឆាំង​ចំពោះ​ទីបន្ទាល់​របស់​លោក ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​ការប្រឆាំង​ដែល​អ្នក​អាច​នឹង​ប្រឈមមុខ​នា​ពេល​បច្ចុប្បន្ន ឬ នៅ​ថ្ងៃ​ណា​មួយ​នា​ពេល​អនាគត ។

ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ព្យាការី​បាន​ប្រាប់​ពី​ការប្រឆាំង​ដែល​លោក​បាន​ប្រឈម​មុខ​ដោយសារតែ​ទីបន្ទាល់​របស់​លោក ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១–២៣ ដោយ​រកមើល​ពាក្យ ឬ ឃ្លា​ដែល​ជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​លោក​បាន​មាន​បទពិសោធន៍ ។ យោង​តាម ខទី ២២ តើ​នរណា​ដែល​រួម​ចំណែក​ធំ​ជាង​គេ​ក្នុង​ការបៀតបៀន​ដល់​យ៉ូសែប ស៊្មីធ ? កាល​អ្នក​គិត​ពី​វ័យ​របស់​យ៉ូសែប ស៊្មីធ និង​ស្ថានភាព​នៃ​ជីវិត​លោក តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ការបៀតបៀន​ចេញ​ពី​មនុស្ស​ទាំងនេះ​អាច​ក្លាយ​ជា​ការលំបាក​ដ៏​ធំ​សម្រាប់​លោក ?

សូម​កត់ចំណាំ​ឃ្លា​ដែល​នៅ​ជិត​ចុងបញ្ចប់​នៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ ដែល​ចាប់ផ្ដើម​ដោយ​ពាក្យ « មើលទៅហាក់បីដូចជា… » ។ ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​ពាក្យ​ទាំងនេះ សូម​អាន​ខគម្ពីរ​នេះ​ដល់​ចប់ ដោយ​រក​មើល​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​យ៉ូសែប ស្ម៊ីធ ទទួល​ការបៀតបៀន​នេះ ។ យោង​តាម​យ៉ូសែប ហេតុអ្វី​បាន​ជា​លោក​ត្រូវ​ទទួល​បទពិសោធន៍​នៃ​ការបៀតបៀន​ដ៏​ធំ​នោះ​នៅ​វ័យ​ដ៏​ក្មេង​បែប​នេះ ?

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៤-២៦

ទោះជា​យ៉ូសែប ស្ម៊ីធ ត្រូវបាន​គេ​ស្អប់ និង​បៀតបៀន​យ៉ាង​ណា​ក្ដី ក៏​លោក​នៅតែ​បន្ត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​លោក​ដែរ

សូម​គិត​ពី​ដំណើររឿង​ជា​ច្រើន​អំពី​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​ខុស​ប្លែក​ពី​គ្នា​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។ តើ​មាន​តួអង្គ​ណា​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​មាន​លក្ខណៈសម្បត្តិ ឬ ភាពរឹងមាំ​នៃ​សេចក្ដី​ជំនឿ​ដែល​អ្នក​កោតសរសើរ​ជា​ខ្លាំង​ដែរ​ឬ​ទេ ?

  1. journal iconសូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤ រួច​ស្វែងរក​តួអង្គ​ម្នាក់​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​យ៉ូសែប ស៊្មីធ កោតសរសើរ ហើយ​លើកឡើង​ដោយសារតែ​ការបៀតបៀន​ដែល​លោក​បាន​ជួប​ប្រទះ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា​វា​អាច​នឹង​មាន​គុណប្រយោជន៍​ដូចម្ដេច​សម្រាប់​យ៉ូសែប ស្ម៊ីធ ដែល​បាន​ឃើញ​រឿង​ដែល​លោក​មាន​ដែល​ដូច​គ្នា​ទៅ​នឹង​រឿង​របស់​សាវក​ប៉ុល ?

    2. តើ​យើង​អាច​រៀន​មេរៀន​អ្វី​អំពី​របៀប​ដោះស្រាយ​ឧបសគ្គ​លំបាកៗ​ពី​គំរូ​របស់​យ៉ូសែប ស្ម៊ីធ ដែល​បាន​សិក្សា ហើយ​ពិចារណា​អំពី​បទពិសោធន៍​របស់​ប៉ុល ?

មេរៀន​មួយ​ដែល​យើង​អាច​រៀន​គឺ នៅ​អំឡុង​ពេល​លំបាក យើង​អាច​ទាញយក​ភាពរឹងមាំ​ចេញ​ពី​គំរូ​នៃ​តួអង្គ​ស្មោះត្រង់​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។ ( អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤ ) ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​ដែល​អ្នក​ធ្លាប់​ត្រូវបាន​ពង្រឹង​ដោយ​ការសិក្សា​ពី​បទពិសោធន៍​របស់​តួអង្គ​ស្មោះត្រង់​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។

ក្នុង​ការសិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា​របស់​អ្នក​នៅ​ឆ្នាំ​នេះ អ្នក​នឹង​ជួប​ប្រទះ​តួអង្គ​ជា​ច្រើន​ដែល​អ្នក​អាច​រកឃើញ និង​ជា​តួអង្គ​មាន​បទពិសោធន៍​ដែល​អ្នក​អាច​ទាញ​យក​ភាពរឹងមាំ​ដែល​អ្នក​ត្រូវការ​បាន ។

សូម​ពិចារណា​ឃ្លា​នេះ​ចេញ​ពី​ទីបន្ទាល់​របស់ព្យាការី​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៥ ៖ « ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ » ។

  1. journal iconនៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​នៃ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ឃ្លា​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៥ បង្រៀន​អ្នក​ដូចម្ដេច​អំពី​ទីបន្ទាល់​នៃ​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ?

    2. តើ​អ្នក​អាច​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ការនិមិត្ត​ដំបូង​បាន​យ៉ាង​ដូចម្ដេច ?

  2. journal iconសូម​រំឭក យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤ រួច​សិក្សា ខទី ២៥ ដោយ​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​បន្ថែម​ដែល​អាច​ជួយ​អ្នក​ពេល​អ្នក​ប្រឈម​មុខ​នឹង​ការផ្ទុយ ឬ អារម្មណ៍​ដែល​ត្រូវ​បាន​ល្បួង​ឲ្យ​រារែក​នឹង​ទីបន្ទាល់​របស់​អ្នក ។ សូម​សរសេរ​សេចក្ដីពិត​បន្ថែម​ទាំងនេះ​ដែល​អ្នក​រកឃើញ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. journal iconសូម​ជ្រើសរើស​សេចក្ដីពិត​មួយ​ដែល​អ្នក​បាន​រកឃើញ​ចេញ​ពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤–២៥ ។ សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​នេះ​ដោយ​ផ្អែក​ទៅ​លើ​សេចក្ដីពិត​ដែល​អ្នក​បាន​ជ្រើសរើស​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    1. តើ​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បង្ហាញ​ភស្ដុតាង​នៃ​សេចក្ដីពិត​នេះ​ក្នុង​ជីវិត​របស់​លោក​យ៉ាង​ដូចម្ដេច ?

    2. តើ​សេចក្ដីពិត​នេះ​អាច​នឹង​មាន​គុណប្រយោជន៍​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក ?

    3. តើ​ការរស់នៅ​តាម​សេចក្ដីពិត​នេះ​នឹង​មាន​ឥទ្ធិពល​លើ​ជម្រើស​របស់​អ្នក​យ៉ាង​ដូចម្ដេច ឬ​តើ​ការរស់នៅ​តាម​សេចក្ដីពិត​នេះ​បាន​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ហើយ​ឬ​នៅ ?

គោលលទ្ធិ និង គោលការណ៍​បន្ថែម​មួយ​ចំនួន​ដែល​អ្នក​អាច​រកឃើញ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤–២៥ គឺ ៖ ចំណេះដឹង​ដែល​យើង​ទទួល​បាន​ពី​ព្រះ​គឺ​ជា​ចំណេះដឹង​ពិត ទោះជា​លោកិយ​បដិសេធ​ចំណេះដឹង​នោះ​យ៉ាងណាក៏​ដោយ ។ យើង​គប្បី​ខ្វាយខ្វល់​ពី​អ្វី​ដែល​ព្រះ​ទ្រង់​មាន​ព្រះទ័យ​រំពឹង​ពី​យើង​ជាង​អ្វី​ដែល​មនុស្ស​រំពឹង​ពី​យើង ។ ទោះជា​យើង​ត្រូវ​គេ​ស្អប់ ហើយ​បៀតបៀន​ដោយសារ​ទីបន្ទាល់​របស់​យើង​យ៉ាងណាក្ដី ក៏​យើង​ត្រូវតែ​បន្ត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​យើង​ដែរ ។

សូម​គិត​អំពី​ដំណើររឿង​ដែល​ប្រធាន ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ប្រាប់​អំពី​យុវជន​ម្នាក់​នៅ​ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ដែល​បាន​ប្រឈម​មុខ​នឹង​ការប្រឆាំង​មួយ​ដ៏​ធំ​ដោយសារតែ​ជំនឿ​សាសនា​របស់​គាត់ ។ ប្រធាន ហ៊ិងគ្លី បាន​បន្ត​តំណាល​រឿង​របស់​លោក​ថា ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​បាននិយាយថា ‹ បើរឿង​នេះ ធ្វើឲ្យ​អ្នក​ត្រូវបាត់​បង់ច្រើន​យ៉ាង​នេះ ហេតុ​អ្វី​ក៏​អ្នក​មិន​ចាកចេញ​ពី​សាសនាចក្រ​នេះ ហើយ​ត្រឡប់ទៅ​ផ្ទះ​រក​ឪពុក​អ្នកវិញ ទៅ​រក​ក្រុម​កីឡា​ក្រិកខិត​របស់អ្នក និង​ទៅ​រកកន្លែងការងារ ដែល​មានន័យ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក និង ទៅរកមិត្ត​ស្រី ដែល​អ្នក​គិតថា​អ្នក​ស្រឡាញ់​នោះវិញទៅ ? ›

« គាត់​ពុំបាន​និយាយ​អ្វី​ជា​យូរ ។ រួច​ហើយ​គាត់យកដៃអោបក្បាល​ចុះ គាត់​យំខ្សឹក​ខ្សួល​យ៉ាង​ខ្លាំង ។ ទីបំផុត គាត់បាន​ងើប​ឡើងវិញ​និយាយ​ទាំង​ទឹកភ្នែក​ថា ‹ ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នោះ​បានទេ ។ ខ្ញុំ​ដឹង​ថា សាសនាចក្រ​នេះ​ពិត ហើយ​បើ​វា​ត្រូវ​ចំណាយ​ទាំង​ជីវិត​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​លះបង់​វា​ចោល​ឡើយ ។

« គាត់​បាន​យក​មួក​សើម​របស់​គាត់ ហើយ​បាន​ដើរ​សំដៅ​ទៅ​ទ្វារ ហើយ​បាន​ចេញ​ទៅ​ទាំង​ភ្លៀង តែ​ម្នាក់​ឯង ទាំង​រងារ និង​ភ័យ​ខ្លាច ប៉ុន្តែ​មាន​ការតាំងចិត្ត​ដ៏​មុតមាំ ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​គាត់​ដូច្នេះ ខ្ញុំ​បាន​គិត​ដល់​ភាព​ឯកោ​នៃ​សតិសម្បជញ្ញៈ ភាពឯកោ​នៃ​ទីបន្ទាល់ និង​ភាពឯកោ​នៃ​សេចក្ដី​ជំនឿ ថែមទាំង​ភាពរឹងមាំ និង​ការលួងលោមចិត្ត​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ » ( «The Loneliness of Leadership, » ទំព័រ ៣-៤ ) ។

សូម​ជ្រើសរើស​សេចក្ដីពិត​មួយ​ដែល​អ្នក​រាយ​ក្នុង​បញ្ជី រួច​ដាក់​គោលដៅ​ដើម្បី​អនុវត្ត​សេចក្ដីពិត​នោះ​នៅ​ក្នុង​ជីវិត​អ្នក ។ ( អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ) ។

ដើម្បី​បញ្ចប់ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៦ រួច​ស្វែងរក​គោលការណ៍​តទៅ​នេះ​ដែល​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ៖ ដោយ​ការប្រព្រឹត្ត​តាម​គោលការណ៍​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ នោះ​យើង​អាច​បង្កើន​ទីបន្ទាល់​នៃ​សេចក្ដីពិត​របស់​គោលការណ៍​ទាំងនោះ​បាន ។ នៅ​ពេល​អ្នក​ប្រព្រឹត្ត​តាម​គោលលទ្ធិ ឬ គោលការណ៍​ដែល​អ្នក​បាន​សរសេរ នោះ​ទីបន្ទាល់​របស់​អ្នក​នឹង​ត្រូវបាន​ពង្រឹង ហើយ​អ្នក​នឹង​អាច​មាន​ជោគជ័យ​លើ​ការផ្ទុយ ឬ​ឧបសគ្គ​នានា​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១–២៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖