មេរៀនទី ១០ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-២៩
បុព្វកថា
នៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ១៨៣១ មិនយូរប៉ុន្មានបន្ទាប់ពីបានទៅដល់ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈ ដែលឥឡូវនេះបានបញ្ចូលទៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១–៧២ ។ លោកបានទទួលការណែនាំបន្ថែមនៅថ្ងៃទី ២៣ ខែ កុម្ភៈ ( សូមមើល គ. និង ស. ៤២:៧៣-៩៣ ) ។ នៅពេលដាក់បញ្ចូលជាមួយគ្នា វិវរណៈទាំងនេះត្រូវបានស្គាល់ថាជា « ក្រឹត្យវិន័យនៃសាសនាចក្រ » ( សូមមើល សេចក្ដីណែនាំអំពីកណ្ឌនៃ គ. និង ស. ៤២ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ត្រូវបានបែងចែកជាពីរមេរៀន ។ មេរៀននេះមាន ខទី ១–២៩ដែលផ្ដល់នូវសេចក្ដីណែនាំលើការបង្រៀនដំណឹងល្អ និង ការចេញក្រឹត្យវិន័យទូទៅនៃការប្រព្រឹត្តរបស់សមាជិកសាសនាចក្រ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-១០
ព្រះអម្ចាស់ត្រាស់ហៅពួកអែលឌើរ ឲ្យបង្រៀនដំណឹងល្អ ហើយស្ថាបនាសាសនាចក្រទ្រង់ឡើង
សូមគូសរង្វង់លើពាក្យខាងក្រោម ដែលអ្នកគិតថាប្រើចំពោះក្រឹត្យវិន័យ និង ព្រះបញ្ញត្តិរបស់ព្រះ ៖
ភាពតឹងតែង |
ពរជ័យ |
ពិបាក |
ត្រួតត្រា |
អំណោយ |
ដាក់កំហិត |
រង្វាន់ |
សេរីភាព |
ហេតុអ្វីបានជាពេលខ្លះ យើងគិតអវិជ្ជមានចំពោះក្រឹត្យវិន័យ និង ព្រះបញ្ញត្តិរបស់ព្រះ ? ហេតុអ្វីបានជាវាមានសារៈសំខាន់ដើម្បីយល់ថា ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់គឺជាអំណោយ ឬ ពរជ័យ ? តើការគោរពប្រតិបត្តិតាមក្រឹត្យវិន័យ និង ព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ រំដោះយើងចេញពីលទ្ធផលនៃអំពើបាបយ៉ាងដូចម្ដេច ?
នៅពេលអ្នកសិក្សាមេរៀនថ្ងៃនេះ សូមស្វែងរករបៀបដែលពួកបរិសុទ្ធចាត់ទុក ការទទួលយកក្រឹត្យវិន័យរបស់ព្រះ ហើយពិចារណាអំពីលក្ខណៈសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកចំពោះព្រះបញ្ញត្តិ ។
ព្រះអម្ចាស់បានបញ្ជាពួកបរិសុទ្ធនៅរដ្ឋ នូវ យ៉ោក ឲ្យទៅរដ្ឋ អូហៃអូ ហើយបានសន្យាថា ទ្រង់នឹងប្រទានក្រឹត្យវិន័យទ្រង់ដល់ពួកគេបន្ទាប់ពីបានទៅដល់ទីនោះ ( សូមមើល គ. និង ស. ៣៨:៣២ ) ។ តាមរយៈការបូជាដ៏ធំ ពួកគេបានចាកចោលផ្ទះសម្បែង និង ទ្រព្យសម្បត្តិរបស់ខ្លួន ហើយបានគោរពប្រតិបត្តិតាមការបញ្ជាឲ្យទៅប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ ។ ពួកបរិសុទ្ធភាគច្រើននៅរដ្ឋ នូវ យ៉ោក បានគោរពប្រតិបត្តិតាមការបញ្ជាឲ្យទៅប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ ។ បន្ទាប់ពីពួកគេបានទៅដល់ទីក្រុង ខឺតឡង់ ពួកអែលឌើរចំនួន ១២ នាក់ បានមកជួបព្យាការី យ៉ូសែប ស៊្មីធ ហើយបានអំពាវនាវដល់ព្រះអម្ចាស់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១–៣ដោយស្វែងរកមូលហេតុ ដែលពួកអែលឌើរនៃសាសនាចក្របានមកជួបជុំគ្នា ។
ពួកអែលឌើរទាំងនេះបានមកជួបជុំគ្នា ព្រោះពួកគាត់ត្រូវបានបញ្ជាឲ្យធ្វើដូច្នោះ ដើម្បីព្រះអម្ចាស់អាចប្រទានក្រឹត្យវិន័យដល់ពួកគាត់ ។ សេចក្ដីណែនាំដំបូងពីព្រះអម្ចាស់ដល់ពួកគាត់ គឺពួកគាត់ត្រូវចេញទៅធ្វើជាអ្នកផ្សព្វផ្សាយសាសនា ពីរនាក់ៗ ដើម្បីចែកចាយដំណឹងល្អ ស្ថាបនាសាសនាចក្រឡើងក្នុងគ្រប់ទាំងភូមិភាគ ដែលពួកគាត់ត្រូវបានហៅឲ្យទៅ ដរាបដល់មនុស្សទាំងអស់បានប្រមូលគ្នាតែមួយ ( សូមមើល គ. និង ស. ៤២:៤–១០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១-១៧
ព្រះអម្ចាស់ចេញគោលការណ៍នៃការបង្រៀនដំណឹងល្អ
សូមស្រមៃថាអ្នកកំពុងអង្គុយនៅក្នុងសាលាជំនុំ រង់ចាំការប្រជុំសាក្រាម៉ង់ចាប់ផ្ដើម ។ ពុំមានវត្តមានសមាជិកក្នុងគណៈប៊ីស្សព ឬ គណៈប្រធានសាខានៅទីនោះឡើយ ។ មានមនុស្សម្នាក់នៅក្នុងក្រុមជំនុំក្រោកឈរឡើង ហើយពន្យល់ថា គាត់ចង់បន្តការហៅមួយចំនួន ហើយបង្រៀនអំពីគោលលទ្ធិថ្មីខ្លះៗ ដែលបានបើកសម្ដែងដល់គាត់ ។ តើអ្នកនឹងគិតដូចម្ដេចចំពោះស្ថានភាពនេះ ? ហេតុអ្វី ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១១រួចស្វែងរកអ្វីដែលត្រូវធ្វើ ពីមុនបុគ្គលម្នាក់អាចផ្សាយដំណឹងល្អ ឬ ស្ថាបនាសាសនាចក្រឡើង ក្នុងនាមជាអ្នកតំណាងជាផ្លូវការនៃសាសនាចក្រ ។ សេចក្ដីណែនាំអំពីការតែងតាំងនេះ ពុំគ្រាន់តែអនុវត្តចំពោះពួកអ្នកផ្សព្វផ្សាយសាសនាប៉ុណ្ណោះទេ គឺថែមទាំងអនុវត្តចំពោះអ្នកដែលត្រូវបានញែកចេញឲ្យបង្រៀន ហើយដឹកនាំក្នុងសាសនាចក្រដែរ ។ អ្នកអាចនឹងគូសចំណាំពាក្យ ឬ ឃ្លានៅក្នុងខគម្ពីរនេះ ដែលបង្រៀនអំពីគោលការណ៍ដូចតទៅនេះ ៖ អ្នកទាំងឡាយណាដែលបង្រៀន ហើយស្ថាបនាសាសនាចក្រឡើង ត្រូវបានហៅដោយព្រះ និង ត្រូវបានតែងតាំង ឬ ញែកចេញដោយថ្នាក់ដឹកនាំសាសនាចក្រដែលទទួលបានសិទ្ធិអំណាច ។
សូមគិតអំពីរបៀបដែលការអនុវត្តនៃការប្រកាសជាសាធារណៈ និង ការគាំទ្រដល់ថ្នាក់ដឹកនាំសាសនាចក្រ និង ដល់សមាជិកក្នុងការហៅរបស់ខ្លួន អាចបំពេញតាមការបង្គាប់បញ្ជារបស់ព្រះអម្ចាស់ ដែលថាសិទ្ធិអំណាចរបស់ពួកគេ « បានស្គាល់ដោយសាសនាចក្រ » ( គ. និង ស. ៤២:១១ សូមមើល គ. និង ស. ២៨:១៣ ) ។ តើការណ៍នេះធ្វើឲ្យសាសនាចក្រមានសណ្ដាប់ធ្នាប់ ហើយការពារយើងឲ្យមានសុវត្ថិភាពពីការបំភាន់យ៉ាងដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១២–១៣រួចគូសចំណាំការទទួលខុសត្រូវទាំងឡាយ ដែលត្រូវបានប្រទានដល់អ្នក ដែលបង្រៀន ហើយដឹកនាំក្នុងសាសនាចក្រ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១២ តើគ្រូបង្រៀននៅក្នុងសាសនាចក្រ បង្រៀនអំពី អ្វី ?
-
យោងតាម ខទី ១៣ តើពួកគេបង្រៀនតាម របៀបណា ?
-
-
សូមកត់ចំណាំឃ្លា « ធ្វើតាមសេចក្តីសញ្ញា និង មាត្រាទាំងឡាយនៃសាសនាចក្រ » នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៣ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលវាមានសារៈសំខាន់ចំពោះគ្រូបង្រៀន និង ថ្នាក់ដឹកនាំសាសនាចក្រ ដែលពួកគាត់ត្រូវរស់នៅស្របទៅតាមអ្វីដែលពួកគាត់បង្រៀន ។ តើជីវិតអ្នក ឬ ជីវិតមនុស្សណាម្នាក់ដែលអ្នកស្គាល់ ធ្លាប់មានពរនៅដោយសារតែគ្រូបង្រៀន ឬ អ្នកដឹកនាំបានរស់នៅតាមគោលលទ្ធិ និង គោលការណ៍ ដែលគាត់បានបង្រៀនយ៉ាងដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៤ រួចស្វែងរកអ្វី ដែលអ្នកបង្រៀនគប្បីធ្វើ ដើម្បីទទួលបានការដឹកនាំពីព្រះវិញ្ញាណ ។ បន្ទាប់មក សូមបញ្ចប់គោលការណ៍ដូចតទៅនេះ ៖ បើយើង នោះយើងអាចទទួលបានព្រះវិញ្ញាណ ជួយយើងឲ្យបង្រៀនដល់មនុស្សដទៃ ទៀត ។ ( អ្នកអាចនឹងចង់គូសចំណាំពាក្យដែលមាននៅក្នុងខគម្ពីរ ដែលបង្រៀនអំពីគោលការណ៍នេះ ឬ សរសេរគោលការណ៍នេះនៅលើគែមព្រះគម្ពីររបស់អ្នក ) ។
គោលការណ៍មួយទៀតដែលមានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៤ គឺ បើយើងពុំមានព្រះវិញ្ញាណទេ នោះយើងនឹងមិនបង្រៀនឡើយ ។
ដើម្បីជួយអ្នកឲ្យយល់អំពីមូលហេតុវាមានសារៈសំខាន់ ដែលត្រូវមានព្រះវិញ្ញាណនៅពេលអ្នករៀន ហើយបង្រៀនដំណឹងល្អ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៦–១៧ រួចស្វែងរកអ្វី ដែលព្រះវិញ្ញាណបរិសុទ្ធទ្រង់ជ្រាប ហើយធ្វើ ។ វាក្យសព្ទ ព្រះដ៏ជាជំនួយ ដែលត្រូវបានប្រើនៅក្នុងខគម្ពីរទាំងនេះ គឺជាព្រះនាមមួយរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុងចន្លោះដែលផ្ដល់ឲ្យ សូមបញ្ចប់ការបង្រៀនដែលជាគោលការណ៍ចេញពី ខទី ១៧ ដូចតទៅនេះ ៖ ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជ្រាប ហើយធ្វើទីបន្ទាល់ពី ។
យោងតាមសេចក្ដីពិតនេះ តើព្រះវិញ្ញាណបរិសុទ្ធ អាចជួយអ្នកបង្រៀនយ៉ាងដូចម្ដេច ?
ដោយសារព្រះវិញ្ញាណបរិសុទ្ធជ្រាបគ្រប់ទាំងអស់ នោះទ្រង់ជ្រាបពីអ្វី ដែលយើងទាំងអស់គ្នាធ្លាប់មានបទពិសោធន៍ និង ត្រូវការក្នុងជីវិតយើង ។ អ្នកទាំងឡាយណាដែលបង្រៀន ថ្លែងទីបន្ទាល់ ឬ ពន្យល់អំពីសេចក្ដីពិតនៃដំណឹងល្អ តាមរយៈការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ អាចត្រូវបានដឹកនាំទៅជួយមនុស្សដទៃ ឲ្យទទួលបានអ្វី ដែលព្រះអម្ចាស់ទ្រង់ជ្រាបថាពួកគេត្រូវការ ។
-
សូមពិពណ៌នានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគ្រាមួយដែលអ្នកបានទទួលអារម្មណ៍ពីអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធនៅពេលអ្នកបង្រៀន ចែកចាយ ពន្យល់ ឬ ថ្លែងទីបន្ទាល់អំពីដំណឹងល្អ ។ សូមសរសេរផងដែរអំពីពេលដែលអ្នកបានទទួលអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ទៅកាន់អ្នកអំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកពុំប្រាកដថា អ្នកធ្លាប់មានបទពិសោធន៍បែបនេះទេនោះ សូមសួរសមាជិកគ្រួសារ ឬ មិត្តភក្ដិរបស់អ្នកអំពីបទពិសោធន៍ដែលពួកគេបានទទួលអារម្មណ៍ពីអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ រួចសរសេរអំពីអ្វីដែលអ្នករៀនចេញពីដំណើររឿងរបស់បុគ្គលនោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៨-២៩
ព្រះអម្ចាស់ប្រទានក្រឹត្យវិន័យ និង ព្រះបញ្ញត្តិដល់សមាជិកសាសនាចក្រ
បន្ទាប់ពីព្រះអម្ចាស់ បានប្រទានសេចក្ដីណែនាំស្ដីពីការបង្រៀននៅក្នុងសាសនាចក្រហើយ ទ្រង់បានបើកសម្ដែងក្រឹត្យវិន័យ និង ព្រះបញ្ញត្តិទាំងឡាយ ដែលអនុវត្តចំពោះសមាជិកសាសនាចក្រទាំងអស់គ្នា ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៨-២៩ រួចស្វែងរកព្រះបញ្ញត្តិទាំងឡាយ ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនោះ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
ទោះជា ខទី ១៩ ថ្លែងថា « អ្នកណាដែលសម្លាប់ នោះនឹងត្រូវស្លាប់ » យ៉ាងណាក្ដី ក៏ ខទី ៧៩ ជួយឲ្យយើងយល់ថា ឃាតករសម្លាប់គេ នឹងត្រូវបញ្ជូនទៅអាជ្ញាធរក្នុងស្រុក « កាត់ក្ដីតាមច្បាប់ទាំងឡាយនៃប្រទេស » ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២០–២៨ ត្រូវ « បណ្ដេញចេញ » មានន័យថា ត្រូវកាត់កាលចេញ ឬ ដកសមាជិកភាពរបស់បុគ្គលម្នាក់ចេញពីសាសនាចក្រ ។ ទោះជាខគម្ពីរទាំងនេះបង្រៀនថា ការកាត់កាលចេញ គឺអនុវត្តចំពោះអ្នកដែលនឹងមិនប្រែចិត្ត ក៏លទ្ធផលនៃការកាត់កាលចេញចំពោះអំពើបាបធ្ងន់ធ្ងរខ្លះ អាចជាផ្នែកនៃដំណើរការនៃការប្រែចិត្តដល់បុគ្គលមួយចំនួនដែលបន្ទាបខ្លួន ប្រែចិត្ត ដែលស្វែងរកការអភ័យទោសចំពោះអំពើបាបខ្លួនដែរ ។ ទង្វើលត់ដំក្នុងសាសនាចក្រ គឺដើម្បីការពារសមាជិកសាសនាចក្រ និង ដើម្បីជួយអ្នកប្រព្រឹត្តបាបឲ្យប្រែចិត្ត ហើយទទួលបានពរជ័យពីដង្វាយធួននៃព្រះអង្គសង្គ្រោះ ។
-
ដើម្បីបង្កើនការយល់ដឹងអំពីគោលការណ៍មួយចំនួន ដែលមានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៨–២៩ សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សសព្វថ្ងៃនេះត្រូវបានល្បួងឲ្យលួចប្លន់ ? តើអ្នកគិតថា អ្វីដែលអាចជួយបុគ្គល ដែលជាញឹកញាប់ត្រូវបានល្បួងឲ្យលួចប្លន់នោះ ?
-
ទម្រង់មួយនៃការកុហក គឺការបន្លំ ។ តើអ្នកគិតថា ហេតុអ្វីបានជាការកុហក និង ការបន្លំគឺជាអំពើបាបធ្ងន់ធ្ងរ ?
-
ដោយគិតអំពីបទពិសោធន៍ដែលអ្នកមាន ហេតុអ្វីបានជាការពោលពាក្យអាក្រក់អំពីមនុស្សដទៃគឺជាទង្វើខុសឆ្គង និង ធ្វើឲ្យមានទុក្ខទោស ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២២–២៣ រួចគូសចំណាំពាក្យទាំងឡាយ ដែលបង្រៀនអំពីគោលការណ៍នេះ ៖ បើយើងមានតម្រេកសម្រើបចង់បានបុគ្គលណាមួយ នោះយើងនឹងបោះបង់ចោលសេចក្ដីជំនឿ ហើយនឹងមិនមានព្រះវិញ្ញាណឡើយ ។
តម្រេកសម្រើបពុំមែនជាសេចក្ដីស្រឡាញ់នោះទេ ។ បុគ្គលដែលមានតម្រេកសម្រើបចង់បាននរណាម្នាក់នោះ គឺជាបុគ្គលដែលខ្វល់ខ្វាយតែពីការបំពេញតាមកិលេសរបស់ខ្លួនយ៉ាងអាត្មានិយមបំផុត ។ បុគ្គលទាំងនោះចាត់ទុកមនុស្សដទៃថាជាវត្ថុ ហើយពុំអាចគ្រប់គ្រងខ្លួនឯងបាន ។ តម្រេកសម្រើបកែប្រែ និង ធ្វើឲ្យខុសពីភាពដើមនូវរបៀបដែលអ្នកចាត់ទុកមនុស្សដទៃ ។ វាបណ្ដាលឲ្យអ្នកបាត់បង់ការដឹកនាំពីព្រះវិញ្ញាណ ហើយអាចបំផ្លាញលទ្ធភាពរបស់អ្នកក្នុងការមានទំនាក់ទំនងល្អជាមួយនឹងមនុស្សដទៃ ជាពិសេសអនាគតភរិយា/ស្វាមីរបស់អ្នក ។ វាកំណត់ពីលទ្ធភាពរបស់អ្នក ក្នុងការមានអារម្មណ៍ពីសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ ។ តម្រេកសម្រើបបង្ហាញពីកង្វះសេចក្ដីជំនឿលើព្រះ ហើយប្រឆាំងនឹងអ្វីដែលទ្រង់រំពឹងឲ្យយើងចាត់ទុកមនុស្សដទៃ ។
របៀបមួយដែលតម្រេកសម្រើប រាលដាលនាពេលបច្ចុប្បន្ននេះគឺ ការណ៍អាសគ្រាម ។ អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានព្រមានថា ៖
« រូបអាសគ្រាមបណ្ដាលឲ្យលទ្ធភាពរបស់បុគ្គលម្នាក់ ចុះអន់ថយក្នុងការរីករាយនឹងទំនាក់ទំនងខាងអារម្មណ៍ ខាងមនោសញ្ចេតនា និង ខាងវិញ្ញាណជាមួយនឹងមនុស្សភេទផ្ទុយគ្នា ។…
« ការណ៍អាសគ្រាម ក៏ធ្វើឲ្យញៀនផងដែរ ។ វាធ្វើឲ្យលទ្ធភាពនៃការសម្រេចចិត្តចុះអន់ថយ ហើយវា ‹ ចាប់ › អ្នកដែលបើកមើលវា ដោយធ្វើឲ្យពួកគេចេះតែរវើរវាយទៅៗ ។…
« ចូរធ្វើអ្វីទាំងអស់ ដែលអ្នកអាចធ្វើទៅបាន ដើម្បីចៀសវាងពីការណ៍អាសគ្រាម ។ បើអ្នកឃើញថា ខ្លួនអ្នកស្ថិតនៅក្នុងចំណោមការណ៍អាសគ្រាម—ដែលអាចកើតឡើងចំពោះមនុស្សគ្រប់រូបលើពិភពលោក ដែលយើងរស់នៅនោះ—សូមធ្វើតាមគំរូរបស់ យ៉ូសែប ដែលនៅស្រុក អេហ្ស៊ីប ។ កាលការល្បួងបានធ្វើឲ្យគាត់ត្រូវបានជាប់នៅក្នុងកណ្ដាប់ដៃនាង គាត់បានគេចចេញពីការល្បួង ហើយបាន ‹ រត់ចេញទៅក្រៅទៅ › ( លោកុប្បត្តិ ៣៩:១២ ) ។
« ចូរកុំបំពេញតាមតម្រូវចិត្តនៃការល្បួងគ្រប់កម្រិតណាឲ្យសោះ ។ ចូរទប់ស្កាត់កុំឲ្យមានអំពើបាប ហើយចៀសវាងពីការពាក់ព័ន្ធទៅនឹងសេចក្ដីបំផ្លិចបំផ្លាញដែលចៀសមិនរួចរបស់វា ។ ដូច្នេះ ចូរបិទវាចោលទៅ ! សម្លឹងមើលទៅឲ្យឆ្ងាយ ! ចូរចៀសវាងពីគ្រប់រូបភាពទាំងអស់ ។ ចូរដឹកនាំគំនិតរបស់អ្នក ឲ្យទៅតាមមាគ៌ាដ៏ត្រឹមត្រូវ ។…
« …ចូរកុំគាំទ្រការណ៍អាសគ្រាម ។ ចូរកុំប្រើប្រាស់ឥទ្ធិពលនៃការជួញដូររបស់អ្នក មកគាំទ្រការបន្ទាបបន្ថោកខាងសីលធម៌ឲ្យសោះ ។ ចំណែកឯក្រុមយុវនារី សូមយល់ថា ប្រសិនបើប្អូនៗស្លៀកពាក់ពុំសមរម្យ មានន័យថា ប្អូនៗកំពុងតែចូលដៃក្នុងបញ្ហានេះ ដោយប្រព្រឹត្តការណ៍អាសគ្រាមទៅកាន់បុរសមួយចំនួន ដែលមើលមកប្អូនៗ » ( Pornography,” Ensign ឬ លីអាហូណាខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨៩–៩០ ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវកថាខណ្ឌមួយ ដែលពិពណ៌នាអំពីអ្វី ដែលអ្នកអាចធ្វើ ដើម្បីពង្រឹងខ្លួនអ្នកប្រឆាំងនឹងការល្បួងនៃតម្រេកសម្រើប ។ សូមបញ្ចូលហេតុផលនានាទៅក្នុងកថាខណ្ឌរបស់អ្នកអំពីមូលហេតុដែលអ្នកគិតថា ព្រះបញ្ញត្តិនេះមានសារៈសំខាន់ ។ ( អ្នកអាចសិក្សាប្រធានបទ « ព្រហ្មចារីភាព » នៅក្នុងសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] សម្រាប់យោបល់បន្ថែម ) ។
ដើម្បីបញ្ចប់មេរៀននេះ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២៩ រួចស្វែងរកគោលការណ៍ដែលបានបង្រៀននៅក្នុងខគម្ពីរនេះ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកគិតថា ការគោរពតាមក្រឹត្យវិន័យ និង ព្រះបញ្ញត្តិរបស់ព្រះ បង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់យ៉ាងដូចម្ដេច ។ តើការគោរពតាមព្រះបញ្ញត្តិទាំងឡាយ បាននាំឲ្យអ្នកខិតទៅកាន់តែជិតព្រះយ៉ាងដូចម្ដេច ?
នៅអំឡុងសប្ដាហ៍ក្រោយ សូមបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះឲ្យបានកាន់តែច្រើន តាមរយៈការខិតខំគោរពប្រតិបត្តិតាមក្រឹត្យវិន័យ ឬ ព្រះបញ្ញត្តិរបស់ទ្រង់ណាមួយ ឲ្យបានកាន់តែប្រសើរជាងមុន ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១-២៩ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖