ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២២ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥


មេរៀន​ទី ២២ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥

បុព្វកថា

ដើម្បី​គោរពប្រតិបត្តិ​តាម​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់ នោះ​ព្យាការី យ៉ូសែប ស៊្មីធ ថែមទាំង​ពួក​អ្នក​ស្ម័គ្រចិត្ត និង អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​ប្រមាណ ២០០ នាក់​ផ្សេង​ទៀត បាន​បង្កើតកង​ទ័ពជំរំស៊ីយ៉ូន ឡើង ដើម្បី​ផ្ដល់​ជំនួយ​ដល់​ពួក​បរិសុទ្ធ ដែល​ត្រូវបាន​និរទេស​ចេញ​ពី​ឃុំ​ចាកសុន រដ្ឋមិសសួរី ។ នៅ​ថ្ងៃ​ទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ កាល​កំពុង​បោះជំរំ​នៅ​ក្បែរ​ទន្លេ ហ្វ៊ិស៊ីង ក្នុង​រដ្ឋមិសសួរី នោះ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​អំពី​ការរំដោះ​ទីក្រុង ស៊ីយ៉ូន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:១-១៩

ព្រះអម្ចាស់​ណែនាំ​ពួក​បរិសុទ្ធ ឲ្យ​ទន្ទឹង​រង់ចាំ​ការរំដោះ​ទីក្រុង ស៊ីយ៉ូន

អ្នក​កូត វីយ៉ូឡុង

សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​តន្ត្រីករ​ម្នាក់ ក្នុង​វង្ស​ភ្លេង​មួយ​វង្ស ។ ស្រាប់តែ​នៅ​ចំ​ពាក់​កណ្ដាល​នៃ​ការប្រគុំ អ្នក​កូត​វីយូឡុង​ពីរ​បី​នាក់​សម្រេចចិត្ត​លេង​នៅ​លើ​ទំព័រ ដែល​ខុស​ពី​តន្ត្រីករ​ឯ​ទៀត​នៅ​ក្នុង​វង្ស ។ ពួកគេ​មិន​ទាន់​បាន​ចាប់ផ្ដើម​ផង ស្រាប់តែ​អ្នក​ផ្លុំ​ខ្លុយ​មួយ​ចំនួន​សម្រេច​ចិត្ត​លេង​ក្នុង​ល្បឿន​កាន់តែ​លឿន ។ នៅ​ខណៈ​ពេល​តែ​មួយ​នោះ ក្រុម​ផ្លុំ​ត្រែ​ទាំងមូល​សម្រេចចិត្ត​ឈប់​លេង​យ៉ាង​ដំណាល​គ្នា ។

ក្នុង​នាម​ជា​តន្តី្រករ​មួយ​រូប​ក្នុង​វង្ស​ភ្លេង​នេះ តើ​អ្នក​នឹង​ទទួល​ឥទ្ធិពល​ពី​ការសម្រេចចិត្ត​ទាំងនេះ​យ៉ាង​ដូចម្ដេច ? តើ​លទ្ធផល​នៃ​ការប្រគុំ​ដូចនេះ នឹង​ទៅ​ជា​យ៉ាង​ណា ? ហេតុអ្វី​បាន​ជា​ការមាន​ភាពចុះសម្រុង​ក្នុង​គោលបំណង និងការធ្វើការ​រួមគ្នា ចាំបាច់​ដើម្បី​ឲ្យ​វង្ស​ភ្លេង​អាច​ប្រគុំ​តន្ត្រី​បាន​យ៉ាង​ពិរោះ​ក្រអួន​ក្រអៅ ?

សូម​ចងចាំ​ថា ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៣៤ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ព្យាការី យ៉ូសែប ស៊្មីធ និងសមាជិក​ដទៃ​ទៀត ឲ្យ​ប្រមូល​ធនធាន​ខាង​សាច់ឈាម ហើយ​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​ទៅ​ជួយ​ដល់​ពួក​បរិសុទ្ធ ដែល​ត្រូវបាន​ជម្លៀស​ចេញ​ពី​ឃុំ​ចាកសុន រដ្ឋមិសសួរី ដើម្បី​ទាមទារ​យក​កម្មសិទ្ធ​ដីធ្លី​របស់​ខ្លួន​មក​វិញ ។ នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥សូម​ស្វែងរក​ថាតើ​សាមគ្គីភាព ដើរតួ​យ៉ាង​ដូចម្ដេច​នៅ​ក្នុង កិច្ចខ្នះខ្នែង​របស់​ពួក​បរិសុទ្ធ​ក្នុង​ការទាមទារ​យក​ដែនដី​ស៊ីយ៉ូន​មក​វិញ ។

នៅ​ក្នុង​វិវរណៈ​កាល​ពី​មុន ( សូម​មើល គ. និង ស. ១០៣:៣០–៣៤ ) ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថ្លែង​ថា ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​មាន​អ្នក​ស្ម័គ្រចិត្ត​ចំនួន ៥០០ នាក់​ចូលរួម​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន ។ បើ​សិន​ជា​មិន​មាន​មនុស្ស​ដល់ ៥០០ នាក់​ទេ ចំនួន​អ្នក​ស្ម័គ្រចិត្ត​ជា​អប្បបរមា​ដែល​ទ្រង់​តម្រូវ​ឲ្យ​មាន​គឺ ១០០ នាក់ ។ លទ្ធផល​ចំពោះ​កិច្ចខិតខំ​របស់​ព្យាការី យ៉ូសែប ស៊្មីធ និងអ្នក​ដទៃ​ទៀត ក្នុង​ការជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត និង ធនធាន​សម្រាប់​កង​ទ័ពជំរំស៊ីយ៉ូន​នោះ ពុំ​បាន​ជោគជ័យ​ដូច​ដែល​បាន​សង្ឃឹម​ទុក​នោះ​ទេ ។ នៅ​ត្រឹម​ពេល​ដែល​ជំរំ​នោះ​បាន​ចាប់ផ្ដើម​ចេញ​ដំណើរ​នៅ​ដើម​ខែ ឧសភា ឆ្នាំ ១៨៣៤ មាន​អ្នក​ស្ម័គ្រចិត្ត​ចំនួន​តែ ១២២ នាក់​ប៉ុណ្ណោះ ។ ជំរំសីយ៉ូន បាន​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​បន្ថែម នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ មិសសួរី ។ នៅ​ពេល​ក្រុម​ដែល ហៃរុម ស៊្មីធ និង ឡាយមិន វ៉ាយ ដែល​បាន​ជ្រើសរើស​ចេញ​ពី​ដែនដី មីឈីហ្កេន បាន​មក​ជួប​ជាមួយ​ក្រុម​របស់ យ៉ូសែប នៅ​ដើម​ខែ មិថុនា ឆ្នាំ ១៨៣៤ នោះ​កង​ទ័ពជំរំស៊ីយ៉ូន​មាន​បុរស​ចំនួន​ជាង ២០០ នាក់ ស្ត្រី ១២ នាក់ និង កុមារ ៩ នាក់ ( សូម​មើល Alexander L. Baugh« Joseph Smith and Zion’s Camp,” Ensignខែ មិថុនា ឆ្នាំ ២០០៥ ទំព័រ ៤៥ ) ។

អាយុ​ជា​មធ្យម​របស់​បុរស​នៅ​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន​គឺ ២៩ ឆ្នាំ ។ សមាជិក​នៃ​ជំរំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​គឺ ១៤ ឆ្នាំ ហើយ​ចាស់​ជាង​គេ​គឺ ៧៩ ឆ្នាំ ។ យ៉ូសែប ស៊្មីធ ដែល​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា « មេបញ្ជាការ​ដឹកនាំ​ពលទ័ព​អ៊ីស្រាអែល » ( នៅ​ក្នុង History of the Church ២:៣៩ ) បាន​មាន​អាយុ​ត្រឹមតែ ២៨ ឆ្នាំ​ប៉ុណ្ណោះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៧-៨ដោយ​ស្វែងរក​មូលហេតុ​មួយ ដែល​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ ពុំ​ជ្រើសរើស​ទៅ​ជួយ​មិត្តភក្ដិ​ពួក​បរិសុទ្ធ​របស់​ពួកគេ​នៅ​រដ្ឋ មិសសួរី ។

សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ បាន​រង់ចាំ​មើល​ថាតើ​ព្រះ​ធ្វើ​អន្តរាគមន៍ ហើយ​ជួយ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែរ​ឬ​ទេ ពីមុន​ពួកគេ​ជួយ ឬ ផ្ដល់​ជំនួយ​ខាង​ហិរញ្ញវត្ថុ ទៅ​ដល់​មិត្តភក្ដិ​សមាជិក​សាសនាចក្រ​របស់​ពួកគេ​នោះ ។ តើ​អ្នក​គិត​ថា មាន​អ្វី​ខុស​ឆ្គង​ចំពោះ​ឥរិយាបថ​នេះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:១-៦ដោយ​ស្វែងរក​ថាតើ​ការមិន​គោរពប្រតិបត្តិ និងការខ្វះ​សាមគ្គីភាព​បាន​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច ចំពោះ​សមាជិក​នៃ​សាសនាចក្រ ។ វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការដឹង​ថា « ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល » ដែល​មាន​លើកឡើង​នៅ​ក្នុង ខទី ៤–៥ រួម​បញ្ចូល​ទាំង​ក្រឹត្យវិន័យ និង គោលការណ៍​ទាំងឡាយ​ដែល​យើង​ត្រូវ​គោរពប្រតិបត្តិ ពិធីបរិសុទ្ធ​ដែល​យើង​ត្រូវ​ទទួល និងសេចក្ដី​សញ្ញា​ដែល​យើង​ត្រូវ​រក្សា​ដើម្បី គ្រង​នគរ​សេឡេស្ទាល ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​គោលការណ៍​មួយ​ណា ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ទីក្រុង​ស៊ីយ៉ូន​ត្រូវបាន​ស្ថាបនា​ឡើង ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន តម្រូវ​ឲ្យ​មាន​ការរួបរួមគ្នា និងការគោរពប្រតិបត្តិ ?

    3. តើ​បទពិសោធន៍​អ្វី​ខ្លះ ដែល​បាន​ជួយ​ដល់​អ្នក ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​សមាជិក​សាសនាចក្រ​ដែល​ត្រូវ​មាន​ការរួបរួមគ្នា ?

សមាជិក​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ជំរុំស៊ីយ៉ូន បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ ហើយ​បាន​ឃើញ​អព្ភូតហេតុ​ជា​ច្រើន​ពេញ​មួយ​បេសកកម្ម​របស់​ខ្លួន ។ សូម​ពិចារណា​ថា​តើ​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ទៅ​កាន់​ឧបសគ្គ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ៖

កង​ទ័ពជំរំស៊ីយ៉ូន បាន​ធ្វើ​ដំណើរ​ប្រមាណ ១,៤៥០ គីឡូម៉ែត្រ ឆ្លង​កាត់​រដ្ឋ​ចំនួន​បី ដោយ​បាន​ធ្វើ​ដំណើរ​ចន្លោះ​ពី ៣២ ទៅ ៦៤ គីឡូម៉ែត្រ ក្នុង​មួយ​ថ្ងៃ និងអស់​រយៈ​ពេល ៤៥ ថ្ងៃ ។ សមាជិក​ក្នុង​ជំរំ​បាន​ពង​ជើង អាកាសធាតុ​ក្ដៅ និងស្អុះស្អាប់ កង្វះ​អាហារ និងទទួល​ទាន​អាហារ​មិន​ល្អ ។ ( សូម​មើល Alexander L. Baugh, “Joseph Smith and Zion’s Camp,” ទំព័រ ៤៤ Church History in the Fulness of Times Student Manual,ការបោះពុម្ព​លើក​ទី ២ [Church Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ១៤៣–៤៤) ។ យូរៗម្ដង ដោយ​ការស្រេក​ទឹក​ខ្លាំង​ពេក ជំរុញ​ឲ្យ​សមាជិក​ក្នុង​ជំរំ​ផឹក​ទឹក​ថ្លុក ដែល​ដង្កូវ​មូស​បាន​បន្សល់​មេរោគ​ក្នុង​នោះ ( ពេល​ខ្លះ​បាន​ប្រើ​ធ្មេញ​ដើម្បី​ច្រោះ​ទឹក ) ឬ​ផឹក​ទឹក​ចេញ​ពី​ដាន​សេះ បន្ទាប់​ពី​មាន​ភ្លៀង​ខ្លាំង ។ ពេញ​មួយ​ការធ្វើ​ដំណើរ​នោះ កង​ទ័ពជំរំស៊ីយ៉ូន​ត្រូវបាន​គំរាម​កំហែង​ជា​ញឹកញាប់ ដោយ​អំពើ​ហិង្សា​ពី​មនុស្ស​ដទៃ ។ ( សូម​មើល Church History in the Fulness of Times, ១៤៤–៤៥) ។

ទោះ​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក្ដី ក៏​កង​ទ័ពជំរំស៊ីយ៉ូន​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​ឃើញ​អព្ភូតហេតុ​ជា​ច្រើន ពេញ​មួយ​ការធ្វើ​ដំណើរ​នោះ​ដែរ ។ តួយ៉ាង​នៅ​ថ្ងៃ​ដ៏​ក្ដៅ​ហួតហែង​មួយ​ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣៤ ពួក​ក្នុង​ជំរំ​បាន​ធ្វើ​ដំណើរ​ពេញ​មួយ​ថ្ងៃ ហើយ​ពុំ​មាន​ទឹក​ផឹក​តាំង​ពី​ព្រឹក​មក​ម្ល៉េះ ។ បន្ទាប់​ពី​បាន​សង្កេត​ឃើញ​មាន​ការរងទុក្ខ​ជា​ច្រើន​នៃ​មនុស្ស ព្រមទាំង​សត្វ​ពាហនៈ​របស់​ពួកគេ​ផងដែរ​នោះ ព្យាការី​បាន​សួរ​រក​ប៉ែល ហើយ​ជ្រើសរើស​ចំណុច​មួយ ហើយ​បាន​ជីក​អណ្ដូង​ដ៏​រាក់​មួយ ។ ភា្លម​នោះ ទឹក​បាន​ចេញ​ពេញ​អណ្ដូង ហើយ​វា​នៅ​តែ​មាន​ពេញ​ដដែល ទោះ​ជា​ក្រោយ​ពី​សមាជិក​ទាំងអស់​ក្នុង​ជំរំ ព្រមទាំង​សត្វ​ពាហនៈ​របស់​ពួកគេ​ផងដែរ​នោះ បាន​ទទួលទាន​ហើយ​ទាំងអស់​ក្ដី ។

នៅ​ពាក់​កណ្ដាល​ខែ មិថុនា ឆ្នាំ ១៨៣៤ កង​ទ័ពជំរំស៊ីយ៉ូន បាន​បោះ​ជំរំ​នៅ​លើ​ជ្រោយ​មួយ​នៃ​ទន្លេ ហ្វិស៊ីង រដ្ឋ មិសសួរី ។ អ្នក​ស្រុក មិសសួរី ប្រដាប់​ដោយ​អាវុធ​ចំនួន​ប្រាំ​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជំរំ ហើយ​បាន​ស្បថ​ថា សមាជិក​ទាំងឡាយ​នៃ​ជំរំ​នឹង « មិន​មាន​ជីវិត​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ » ( នៅ​ក្នុង History of the Church ២:១០៣ ) ។ ពួកគេ​បាន​និយាយ​ថា ក្រុម​មនុស្ស​កំណាច​ដែល​មាន​បុរស​ជាង ៣០០ នាក់ បាន​ប្រមូល​គ្នា​ពី​ឃុំ​ផ្សេងៗ​គ្នា ហើយ​បាន​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទន្លេ មិសសួរី មក​បំផ្លាញ​ពួកគេ​បង់ ។ បុរស​មួយ​ចំនួន​នៅ​ក្នុង​ជំរំ​បាន​ចង់​ប្រយុទ្ធ​តបត ប៉ុន្តែ ព្យាការី​បាន​សន្យា​ថា ព្រះអម្ចាស់​នឹង​ថែ​រក្សា​ពួកគេ ។ ព្យាការី​បាន​ប្រកាស​ថា « សូម​ឈរ​ឲ្យ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ » ( ដកស្រង់​ចេញ​ពី Joseph Holbrook « History of Joseph Holbrook ឆ្នាំ ១៨០៦–១៨៨៥ » ទំព័រ ១៥ នៅ​ក្នុង Church History in the Fulness of Timesទំព័រ ១៤៨) ។

ទន្លេ ហ្វ៊ិស៊ីង

ទន្លេ ហ្វ៊ិស៊ីង រដ្ឋមិសសួរី

នៅ​ប៉ុន្មាន​នាទី​បន្ទាប់​ពី​អ្នក​ស្រុក មិសសួរី បាន​ចាកចេញ​ទៅ ដុំ​ពពក​ខ្មៅ​មួយ​ផ្ទាំង​តូច បាន​លេច​ឡើង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​មេឃ ។ វា​បាន​រសាត់​ទៅ​ភាគ​ខាង​កើត លាតត្រដាង​ឡើង​ដូចជា​រមូរ​ក្រដាស​បាន​លាត​ឡើង បិតបាំង​ផ្ទៃ​មេឃ​ដោយ​ភាពងងឹត ។ ព្យុះ​ភ្លៀង ព្រិល ខ្យល់ រន្ទះ​ដ៏​ធំ ព្រមទាំង​ផ្លេក​បន្ទោរ​ឆ្វេចឆ្វាច​បាន​លេច​ឡើង ។ ពួក​កង​ទ័ពជំរំស៊ីយ៉ូន​បាន​រត់​ចោល​ត្រសាល​របស់​ខ្លួន ហើយ​បាន​រក​ឃើញ​ជម្រក​នៅ​ក្នុង​សាលា​ប្រជុំ​បាទ្ទីស​ដ៏​ចំណាស់​មួយ​នៅ​ក្បែរ​នោះ ។ នៅ​ពេល យ៉ូសែប ស៊្មីធ បាន​រត់​ចូល​មក​ដល់​ក្នុង លោក​បាន​ស្រែក​ឡើង​ថា « បងប្អូន​ប្រុសៗ​អើយ ការណ៍​នេះ​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត ។ ព្យុះ​នេះ​គឺ​ជា​ទីសម្គាល់​មក​ពី​ព្រះ » ។ ពួក​មនុស្ស​កំណាច​ដែល​ប៉ុនប៉ន​ឆ្លងកាត់​ទន្លេ មិសសួរី នោះ ត្រូវបាន​បញ្ឈប់​ដោយសារ​ព្យុះ​នោះ​ទៅ ។ ព្យុះ​ដ៏​ខ្លាំង​នោះ បាន​ធ្វើ​ឲ្យ​គ្រាប់​រំសេវ​របស់​ពួក​មនុស្ស​កំណាច​ទទឹក​សើម ដោយ​ធ្វើ​ឲ្យ​វា​មិន​អាច​ប្រើ​ការបាន​ឡើយ ។ ព្យុះ​នោះ​ក៏​បាន​បំភ័យ ហើយ​ធ្វើ​ឲ្យ​សេះ​របស់​ពួក​មនុស្ស​កំណាច​រត់​ផាយ​បែកខ្ញែក​អស់​រលីង​ទៅ ហើយ​បាន​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ទន្លេ ហ្វិស៊ីង កើនឡើង​ជិត​មួយ​ម៉ែត្រ ដែល​បាន​រារាំង​ពួកគេ​ពី​ការវាយ​ប្រហារ​លើ​កង​ទ័ពជំរំស៊ីយ៉ូន ។ ( សូម​មើល Church History in the Fulness of Timesទំព័រ ១៤៨ សូម​មើល​ផងដែរ History of the Church២:១០៤–៥ ) ។

  1. journal iconបទពិសោធន៍​ទាំងនេះ​បង្ហាញ​អំពី របៀប​ដ៏​សំខាន់ និងអស្ចារ្យ ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​កង​ទ័ពជំរំស៊ីយ៉ូន ។ ទ្រង់​ក៏​បាន​ជួយ​ពួកគេ តាម​របៀប​ដ៏​សាមញ្ញៗ​ដែរ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​ព្រះអម្ចាស់​បាន​ជួយ​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់ ឲ្យ​សម្រេច​គោលបំណង​របស់​ទ្រង់ ។

ពីមុន​កង​ទ័ពជំរំស៊ីយ៉ូន បាន​ចាកចេញ​ពី​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ថ្នាក់​ដឹកនាំ​សាសនចក្រ បាន​ទទួល​បាន​ការសន្យា​ពី​លោក​អភិបាល​រដ្ឋ ដានីយ៉ែល ដាំងឃ្លីន ថា បើ​ក្រុម​យុត្តិធម៌​នៃ​សន្តិភាព​ប្រចាំ​ឃុំ​ចាកសុន ពុំ​ធានា​សុវត្ថិភាព​ដល់​ពួក​បរិសុទ្ធ​ទេ នោះ​គាត់​នឹង​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​ដាក់​ឲ្យ​ច្បាប់​មាន​ដំណើរការ ។ គាត់​ក៏​បាន​ថ្លែង​ផងដែរ​ថា កងជីវពល​រដ្ឋ​នឹង​ចាំបាច់​ត្រូវ​ជួយ​ពួក​បរិសុទ្ធ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន​វិញ ។ បន្ទាប់​ពី​សមាជិក​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋ មិសសួរី ពួកគេ​បាន​ដឹង​ថា លោក​អភិបាល​រដ្ឋ ដានីយ៉ែល ដាំងឃ្លីន ពុំ​បាន​រក្សា​ការសន្យា​របស់​ខ្លួន​ថា​នឹង​ជួយ​ពួក​បរិសុទ្ធ​នោះ​ទេ ។ ( សូម​មើល Church History in the Fulness of Timesទំព័រ ១៣៥, ១៤៦–៤៧) ។ ទោះ​ជា​មាន​ដំណឹង​ដ៏​ខកចិត្ត​យ៉ាង​នេះ​ក្ដី ក៏​ពួក​កង​ទ័ពជំរំស៊ីយ៉ូន នៅ​តែ​បាន​បន្ត​ទៅ​ឆ្ពោះ​ទៅ​ឃុំ​ចាកសុន​ដែរ ដោយ​រង់ចាំ​ការបង្ហាញ​ផ្លូវ​បន្ថែម​ពី​ព្រះអម្ចាស់ ។

ការបង្ហាញ​ផ្លូវ​ដ៏​ចាំបាច់​នេះ បាន​កើតឡើង​នៅ​ក្នុង​វិវរណៈ​ពី​ព្រះអម្ចាស់​នៅ​ថ្ងៃ​ទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ បន្ទាប់​ពី​ពួកកង​ទ័ពជំរំស៊ីយ៉ូន​បាន​ធ្វើ​ដំណើរ​ជិត​ប្រាំពីរ​សប្ដាហ៍ ហើយ​បាន​ត្រឹម​ចម្ងាយ ១៦–២០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ឃុំ​ចាកសុន ។ វិវរណៈ​នេះ មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៥ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៩-១៤ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ពួកគេ​ត្រូវ​ធ្វើ ទាក់ទង​ទៅ​នឹង​ការរំដោះ​ទីក្រុង ស៊ីយ៉ូន ។

ក្រុម​បុរស​រុញ​រទេះ

សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​សមាជិក​ម្នាក់ ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន ។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ចម្ងាយ​នេះ​មក អ្នក​ដឹង​ថា អ្នក​នឹង​ត្រូវ​រង់ចាំ « មួយ​រដូវ​ខ្លី​សិន » ពីមុន​ទីក្រុង ស៊ីយ៉ូន នឹង​ត្រូវ​រំដោះ ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច ?

  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​រាយ​នាម​ហេតុផល​ចំនួន​ពីរ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៩-១៤ ចំពោះ​មូលហេតុ​ដែល​ទីក្រុង ស៊ីយ៉ូន ពុំ​ត្រូវបាន​រំដោះ​នៅ​គ្រា​នោះ ។ ចំពោះ​ហេតុផលនីមួយៗ​ទាំងនេះ សូម​ពន្យល់​អំពី​ចំណុច ដែល​ត្រូវ​កែតម្រូវ ឬ កើតឡើង​ពី​មុន​ទីក្រុង ស៊ីយ៉ូន អាច​ត្រូវបាន​រំដោះ និងអំពី​មូលហេតុ​អ្វី ។

សូម​ចងចាំ​ថា ការរំដោះ​ទីក្រុង ស៊ីយ៉ូន ពុំ​គ្រាន់តែ​ជា​ការទាមទារ​កម្មសិទ្ធ​ដីធ្លី​ស៊ីយ៉ូន​មក​វិញ​នោះ​ទេ ។ ទោះជា​ស៊ីយ៉ូន​គឺ​ជា​ទីតាំង​ខាង​សាច់ឈាម ក៏​វា​ជា​សង្គម​មួយ ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ប្រភេទ​មួយ​ចំនួន​ដែរ ។ រាស្ត្រ​របស់​ព្រះអម្ចាស់​ត្រូវតែ​បាន​ញែក​ឲ្យ​បរិសុទ្ធ និងមាន​ភាពសក្ដិសម ដើម្បី​ទទួលបាន​កម្មសិទ្ធ​ដី​មក​វិញ ហើយ​ស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង ។

សមាជិក​ភាគ​ច្រើន​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន បាន​ទទួល​យក​ការណែនាំ​ពី​ព្រះអម្ចាស់​នៅ​ក្នុង​វិវរណៈ​នេះ ប៉ុន្តែ សមាជិក​ខ្លះ​បាន​រអ៊ូរទាំ ហើយ​ពុំ​បាន​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ឡើយ បន្ទាប់​ពី​បាន​ដឹង​ថា ពួកគេ​នឹង​មិន​ច្បាំង​នៅ​ក្នុង​រដ្ឋ មិសសួរី នោះ ។ ពួកគេ​ពុំ​បាន​យល់​ថា ចេតនា​ដ៏​ជ្រៅជ្រះ​របស់​កង​ទ័ពជំរំស៊ីយ៉ូន គឺ​ពុំ​មែន​ចូលរួម​ក្នុង​ចម្បាំង ឬ ទាមទារ​យក​កម្មសិទ្ធ​ដីធ្លី​របស់​ពួក​បរិសុទ្ធ​នៅ​ឃុំ​ចាកសុន​មក​វិញ ដោយ​ប្រើ​កម្លាំង​ទ័ព​នោះ​ទេ ។ ពួក​បុរស​នៅ​ក្នុង​ជំរំ​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ចម្បាំង បើសិនជា​ជីវិត​របស់​ពួកគេ​ត្រូវបាន​គំរាមកំហែង​នោះ ប៉ុន្តែ ព្រះអម្ចាស់​ពុំ​មាន​ព្រះទ័យ​រំដោះ​ស៊ីយ៉ូន ដោយ​កម្លាំង​របស់​មនុស្ស​ឡើយ ( សូម​មើល គ. និង ស. ១០៣:១៥–១៨; ១០៥:១៤ ) ។ ជា​លទ្ធផល​នៃ​វិវរណៈ​នេះ ដែល​ត្រាស់​បង្គាប់​ឲ្យ​ពួកគេ​រង់ចាំ ហើយ​ពុំ​ធ្វើ​ចម្បាំង​នោះ មាន​បុរស​មួយ​ចំនួន​បាន​បះបោរ​ឡើង ហើយ​ក្រោយ​មក​បាន​ក្បត់​សាសនា ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:១៨–១៩ដោយ​ស្វែងរក​មូលហេតុ​ដែល​ព្រះអម្ចាស់ បាន​នាំ​ពួក​កង​ទ័ពជំរំស៊ីយ៉ូន​មក​ដល់​រដ្ឋ មិសសួរី ហើយ​នៅ​ពេល​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​ដល់ ពួកគេ​ពុំ​ត្រូវ​ធ្វើ​សកម្មភាព​ណា ដើម្បី​ទាមទារ​យក​ដីធ្លី​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ស៊ីយ៉ូន នៅ​គ្រា​នោះ ។ ( វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការយល់​ថា ការសាកល្បង​សេចក្ដី​ជំនឿ អាច​សំដៅ​ទៅ​លើ​ការពិសោធន៍​ថា​តើ​យើង​នឹង​ជ្រើសរើស ដើម្បី​ទុកចិត្ត ហើយ​គោរពប្រតិបត្តិ​តាម​ព្រះអម្ចាស់​ដែរ​ឬ​ទេ ទោះ​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ​នោះ ) ។

សូម​ពិចារណា​អំពី​ការបង្កើត​ឃ្លា​នៅ​ក្នុង ខទី ១៨–១៩ ដែល​បង្រៀន​សេចក្ដីពិត​ថា ព្រះ​បាន​រៀបចំ​ព្រះពរ​ទុក សម្រាប់​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការសាកល្បង​របស់​ពួកគេ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពេល​ណា​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ធ្លាប់​បាន​ទទួល​បទពិសោធន៍​នៃ​ការសាកល្បង​សេចក្ដី​ជំនឿ ?

    2. តើ​ការសាកល្បង​សេចក្ដី​ជំនឿ គឺ​ជា​ការត្រៀម​ខ្លួន​ទទួល​បាន​ពរជ័យ​នា​ពេល​អនាគត​យ៉ាង​ដូចម្ដេច ?

ពរជ័យ​មួយ​ដែល​សមាជិក​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន បាន​ទទួល គឺ​ជា​ឱកាស​បម្រើ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់ ។ ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៣៥ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់ ត្រូវបាន​បង្កើត​ឡើង ។ សាវក​តាំង​ពី​ដំបូង​ទាំង​ប្រាំបួន​នាក់ និង សមាជិក​ក្នុង​កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់​ទាំងអស់ បាន​បម្រើ​នៅ​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន ។ ( សូម​មើល Church History in the Fulness of Timesទំព័រ ១៥១) ។

យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​អំពី​តួនាទី ដែល​កង​ទ័ពជំរំស៊ីយ៉ូន​បាន​មាន ក្នុង​ការរៀបចំ​បុរស​ទាំងនេះ​ឲ្យ​មាន​តំណែង​ជា​អ្នក​ដឹកនាំ ៖ « ព្រះ​ពុំ​មាន​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​ចម្បាំង​ឡើយ ។ ទ្រង់​ពុំ​អាច​ស្ថាបនា​នគរ​ទ្រង់​ឡើង ដោយ​មាន​បុរស​ដប់​ពីរ​នាក់ ដែល​ត្រូវ​បើក​ទ្វារ​ដំណឹងល្អ​ឲ្យ​ជាតិ​សាសន៍​ទាំងអស់​នៅ​លើ​ផែនដី​នោះ​ទេ និង ដោយ​មាន​បុរស​ចិតសិប​នាក់​ទៀត ស្ថិត​នៅ​ក្រោម​ការដឹកនាំ​របស់​ពួកគេ​ដើម្បី​បន្ត​កិច្ចការ​បាន​ឡើយ លើកលែង​តែ​ទ្រង់​ចម្រាញ់​ពួកគេ​ចេញ​មក​ពី ក្រុម​បុរស​ដែល​បាន​ថ្វាយ​ជីវិត​ខ្លួន និង ដែល​បាន​លះបង់​យ៉ាង​ធំធេង​ដូច​ដែល​អ័ប្រាហាំ​បាន​ធ្វើ​ប៉ុណ្ណោះ » ( នៅ​ក្នុង History of the Church ២:១៨២ ) ។

នៅ​ពេល​ក្រោយ​មក​ទៀត ថ្នាក់​ដឹកនាំ​សាសនាចក្រ បាន​សម្ដែង​អំណរគុណ​ចំពោះ​បទពិសោធន៍ ដែល​ពួក​លោក​បាន​មាន​ក្នុង​នាម​ជា​សមាជិក​ក្នុង​កង​ទ័ពជំរំស៊ីយ៉ូន ។ តួយ៉ាង នៅ​ពេល ព្រិកហាំ យ៉ង់ បាន​ត្រឡប់​មក​កាន់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ វិញ មាន​បុរស​ម្នាក់​បាន​សួរ​គាត់​ថា « តើ​លោក​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ ពី​ការធ្វើ​ដំណើរ​ដ៏​ឥតប្រយោជន៍​ទៅ​កាន់​រដ្ឋ មិសសួរី ជាមួយ យ៉ូសែប ស៊្មីធ » ? ព្រិកហាំ យ៉ង់ បាន​បន្លឺ​តប​វិញ​ថា « អ្វី​ទាំងអស់ ដែល​យើង​បាន​ឆ្លង​កាត់ » ។ គាត់​បាន​បន្ថែម​ទៀត​ថា « ខ្ញុំ​នឹង​មិន​ប្ដូរ បទពិសោធន៍ ដ៏​សែន​លំបាក ដែល​ខ្ញុំ​បាន​មាន​នៅ​ក្នុង​ការធ្វើ​ដំណើរ​នោះ ជាមួយ​នឹង​ជាមួយ​នឹង​ភាពសុខសាន្ត​នៅ​ឃុំ​ហ្គីហ្កា​ឡើយ » ( នៅ​ក្នុង B. H. Roberts, “Brigham Young: A Character Sketch,” Improvement Era ខែ មិថុនា ឆ្នាំ ១៩០៣ ទំព័រ ៥៦៧ ) ។ នៅ​ជំនាន់​នោះ ទីក្រុង ខឺត​ឡង់ ស្ថិត​នៅ​ក្នុង​ឃុំ​ហ្គីហ្កា ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:២០-៤១

ព្រះអម្ចាស់​ត្រាស់​បង្រៀន​ពួក​បរិសុទ្ធ អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ពីមុន​ស៊ីយ៉ូន​ត្រូវបាន​រំដោះ

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:២០–៣៧យើង​អាន​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី អំពី​របៀប​ដែល​ពួកគេ​ត្រូវ​ឆ្លើយ​តប​ចំពោះ​សេចក្ដី​បៀតបៀន ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ខណៈ​ដែល​ពួកគេ​កំពុង​រង់ចាំ​ការរំដោះ​ស៊ីយ៉ូន​នៅ​ថ្ងៃ​ខាង​មុខ​នោះ ។ ទ្រង់​បាន​ប្រទាន​ឱវាទ​ឲ្យ​ពួកគេ បន្ទាប​ខ្លួន ហើយ​ចៀសវាង​ការមាន​ទំនាស់ ។ ទ្រង់​បាន​ពន្យល់​ថា ពួកគេ​ត្រូវ​តែ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ការត្រៀមខ្លួន​សម្រាប់​ការរំដោះ​ស៊ីយ៉ូន​នៅ​ទីបំផុត ។ ដូច​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​តាំង​ពី​ដំបូង នៅ​ក្នុង​វិវរណៈ​តែ​មួយ​នេះ​ថា ពួកគេ​ត្រូវ « បាន​បង្រៀន​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ទៅ​ទៀត ហើយ​មាន​ការពិសោធន៍ ហើយ​ចេះ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ទៅ​ទៀត អំពី​កាតព្វកិច្ច​របស់​ពួកគេ និងអ្វីៗ​ដែល​យើង​តម្រូវ​ពី​ដៃ​របស់​ពួកគេ » (គ. និង ស. ១០៥:១០ ) ។

ព្រះអម្ចាស់​បាន​បញ្ចប់​វិវរណៈ​នេះ ដោយ​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​មិន​មែន​ចំពោះ​តែ​អ្នក​ដែល​បៀតបៀន​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺ​សម្រាប់​ពិភពលោក​ទាំងមូល ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៣៨–៤១ដោយ​ស្វែងរក​អ្វី ដែល​ទ្រង់​បាន​ណែនាំ​ឲ្យ​ពួកគេ​ធ្វើ ។ ( នៅ​ពេល​អ្នក​អាន វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ដឹង​ថា តវ៉ា មាន​ន័យ​ថា ស្វែងរក និង ទង់ជ័យ មាន​ន័យ​ថា ទង់ ឬ សញ្ញា ) ។

  1. journal iconសូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ដោយ​យោង​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៣៨–៤១សូម​សរសេរ​គោលការណ៍​មួយ អំពី​ពរជ័យ​ដែល​អាច​កើត​មាន បើសិនជា​យើង​ព្យាយាម​បង្កើត​សន្តិភាព​ជាមួយ​មនុស្ស​ទូទៅ ។

    2. សូម​រាយ​បញ្ជី​កត្តា​ចំនួន​បួន ឬ ប្រាំ ដែល​សមាជិក​សាសនាចក្រ​នៅ​ជំនាន់​យើង​នេះ​អាច​ធ្វើ ដើម្បី​ព្យាយាម​បង្កើត​សន្តិភាព​ជាមួយ​មនុស្ស​ទូទៅ ជា​ពិសេស​ជាមួយ​ជន​ដែល​អាច​នឹង​បៀតបៀន​ដល់​ពួកគេ ។

    3. សូម​ជ្រើសរើស​កត្តា​មួយ ដែល​អ្នក​បាន​រាយ​ក្នុង​បញ្ជី រួច​ដាក់​គោលដៅ​ដើម្បី​អនុវត្ត​កត្តា​នោះ​នៅ​ក្នុង​ជីវិត​អ្នក ។

  2. journal iconសូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖