មេរៀនទី ១៩ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៦៩
សេចក្ដីផ្ដើម
នេះគឺជាមេរៀនទីពីរក្នុងចំណោមមេរៀនទាំងបី ដែលផ្ដោតទៅលើវិវរណៈ មាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨ ។ ចំណែកនៃវិវរណៈដែលមានពាសពេញក្នុងមេរៀននេះ ត្រូវបានប្រទានឲ្យនៅក្នុងសន្និសីទរបស់ពួកសង្ឃជាន់ខ្ពស់នៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ នៅថ្ងៃទី ២៧ និង ២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ។ វាបូកបញ្ចូលទាំងការបកស្រាយរបស់ ព្រះយេស៊ូវគ្រីស្ទ អំពីរបៀបដែលព្រះគ្រប់គ្រងការបង្កបង្កើតរបស់ទ្រង់ និង ការអញ្ជើញយើងឲ្យខិតទៅជិតទ្រង់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៥០
ព្រះអង្គសង្គ្រោះបើកសម្ដែងថា គ្រប់ការណ៍ទាំងអស់ត្រូវបានគ្រប់គ្រងដោយក្រឹត្យវិន័យដ៏ទេវភាព
តើអ្នកធ្លាប់គយគន់ហ្វូងតារា ហើយគិតអំពីព្រះ និង ការបង្កបង្កើតរបស់ទ្រង់ដែរឬទេ ? តើសំណួរ ឬ គំនិតអ្វីខ្លះ ដែលអ្នកពិចារណានៅពេលអ្នកសម្លឹងមើលទៅមេឃ ។
នៅពេលមនុស្សគិតស្រមៃអំពីភាពធំធេងនៃការបង្កបង្កើតរបស់ព្រះ នោះជួនកាលពួកគេមានអារម្មណ៍ថាខ្លួនតូចតាច ហើយពុំសំខាន់ ។ ពួកគេអាចឆ្ងល់ ថាតើព្រះទ្រង់ស្គាល់ពួកគេដែរឬទេ ។ ខគម្ពីរជាច្រើន ដែលអ្នកសិក្សានៅថ្ងៃនេះក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ បង្ហាញអំពីការស្គាល់របស់ព្រះ ចំពោះអ្នក និង ព្រះឆន្ទៈរបស់ទ្រង់ដើម្បីនាំអ្នកឲ្យទៅជិតទ្រង់ ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤១ ។ សូមគិតថាតើខគម្ពីរនេះ បង្ហាញយ៉ាងដូចម្ដេចថា ព្រះមានព្រះចេស្ដាដើម្បីស្គាល់អ្នក និង ជ្រាបអំពីសេចក្ដីត្រូវការរបស់អ្នក ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤២–៤៥រួចស្វែងរករបៀបដែលព្រះគ្រប់គ្រងការបង្កបង្កើតរបស់ទ្រង់ រួមបញ្ចូលទាំងព្រះអាទិត្យ ព្រះចន្ទ ហ្វូងតារា និង ពិភពទាំងឡាយ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
-
សូមគិតអំពីការបង្កបង្កើតមួយចំនួនរបស់ព្រះនៅឯស្ថានសួគ៌ និង នៅលើផែនដី ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីការបង្កបង្កើតរបស់ព្រះ ដែលធ្វើឲ្យអ្នកស្ញប់ស្ញែង ។ តើការបង្កបង្កើតនោះ បង្រៀនអ្នកអំពីព្រះដ៏បង្កបង្កើតយ៉ាងដូចម្ដេច ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤៦-៤៧ដោយស្វែងរកថាតើព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ថា យើងនឹងមើលឃើញអ្វី នៅពេលយើងសង្កេតមើលការបង្កបង្កើតរបស់ព្រះ ។ រួចសូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើយើងនឹងមើលឃើញអ្វី នៅពេលយើងសង្កេតមើលការបង្កបង្កើតដ៏តូចមួយរបស់ទ្រង់ ?
-
តើការបង្កបង្កើតដែលអ្នកមើលឃើញនៅឯស្ថានសួគ៌ និង នៅលើផែនដី ជួយអ្នកបង្កើនទីបន្ទាល់អំពីព្រះយ៉ាងដូចម្ដេច ?
-
-
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤៨-៥០ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសង្ខេបខគម្ពីរទាំងនេះជាពាក្យពេចន៍ផ្ទាល់ខ្លួនរបស់អ្នក ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥១-៦១
ព្រះអម្ចាស់លើករឿងប្រដូចមួយឡើង អំពីបុរសទាំងឡាយធ្វើការនៅក្នុងចម្ការ ហើយត្រូវបានចៅហ្វាយត្រឡប់មកជួប
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥១–៦០ មានរឿងប្រដូចមួយ ដែលជួយយើងយល់អំពីទំនាក់ទំនងរបស់ព្រះជាមួយនគរទាំងឡាយ ដែលទ្រង់បានបង្កើត ។ រឿងប្រដូច គឺជារឿងដែលប្រើប្រាស់ការប្រៀបធៀប ដើម្បីបង្រៀនអំពីសេចក្ដីពិត ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥១–៥៥ដោយស្វែងរកថាតើបុរសម្នាក់នៅក្នុងរឿងប្រដូចនេះ បានបញ្ជាដល់ពួកអ្នកបម្រើគាត់ឲ្យធ្វើអ្វី ហើយថាតើគាត់បានសន្យាដូចម្ដេចទៅកាន់ពួកគេម្នាក់ៗ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥៦–៦០យើងអានថា ម្ចាស់ចម្ការបានមកជួបពួកអ្នកបម្រើរបស់គាត់នៅពេលដល់វេនពួកគេ ៖ « ពួកគេទាំងអស់គ្នាបានទទួលរស្មី នៅលើមុខចៅហ្វាយរបស់ខ្លួន គឺមនុស្សម្នាក់ៗតាមម៉ោងរបស់ខ្លួន » ( គ. និង ស. ៨៨:៥៨ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦១ដោយស្វែងរកអ្វីដែលរឿងប្រដូចបង្រៀនយើង អំពីរបៀបដែលព្រះទាក់ទងជាមួយនគរទាំងឡាយ ដែលទ្រង់បានបង្កើត ។
ផែនដីដែលយើងរស់នៅ គឺជានគរមួយក្នុងចំណោមនគរទាំងឡាយ ដែលព្រះអម្ចាស់បានសន្យាថានឹងយាងមកជួប ។ សេចក្ដីពិតមួយដែលយើង អាចរៀនចេញពីរឿងប្រដូចនេះគឺថា ព្រះអម្ចាស់នឹងយាងទៅនគរទាំងឡាយរបស់ទ្រង់ និង ទៅជួបនឹងបណ្ដាជនដែលគ្រងនគរទាំងនោះទៅតាមកាលវេលារបស់ទ្រង់ ។ អ្នកអាចនឹងចង់សរសេរសេចក្ដីពិតនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
យើងនឹងរីករាយក្នុងវត្តមានរបស់ព្រះអម្ចាស់នៅលើផែនដីនេះ អំឡុងពេលសហស្សវត្សរ៍ បន្ទាប់ពីការយាងមកជាលើកទីពីររបស់ទ្រង់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦២-៦៩
ព្រះសន្យាថានឹងយាងចូលមកជិតយើង នៅពេលយើងចូលទៅជិតទ្រង់
សូមពិចារណាអំពីសំណួរដូចតទៅនេះ ៖ តើអ្នកមានអារម្មណ៍ថា ស្និទ្ធស្នាលជាមួយព្រះអម្ចាស់ដល់កម្រិតណា ? តើអ្នកចង់ស្និទ្ធស្នាលជាមួយទ្រង់ កាន់តែខ្លាំងដែរឬទេ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦២–៦៣ដោយស្វែងរកអ្វីដែលយើងអាចធ្វើ ដើម្បីអញ្ជើញព្រះអម្ចាស់ឲ្យយាងចូលមកជិតយើង ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
-
សូម ធ្វើ ដូច ខាងក្រោម នេះ នៅក្នុង សៀវភៅ កំណត់ ហេតុ ការសិក្សា ព្រះគម្ពីរ របស់ អ្នក ៖
-
សូមសរសេរគោលការណ៍ ដែលអ្នករៀនចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៣ អំពីការខិតចូលទៅជិតព្រះអម្ចាស់ ។
-
សូមសរសេរសកម្មភាពចំនួនបី ចេញពី ខទី ៦៣ ដែលផ្ដល់ការយល់ដឹងជ្រាលជ្រៅដល់អ្នកអំពីរបៀបដែលអ្នកអាចខិតចូលទៅកាន់តែជិតព្រះអម្ចាស់ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើអ្នកបានធ្វើអ្វីខ្លះក្នុងការស្វែងរក សូម និង គោះ ដើម្បីខិតចូលទៅកាន់តែជិតព្រះអម្ចាស់ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៤ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានសន្យាដល់អ្នកទាំងឡាយ ដែលអធិស្ឋានដល់ព្រះវរបិតានៅក្នុងព្រះនាមរបស់ទ្រង់ ។
តើព្រះអង្គសង្គ្រោះបានបង្រៀនដូចម្ដេច អំពីរបៀបដែលព្រះវរបិតាសួគ៌ ឆ្លើយតបរាល់ការអធិស្ឋាន ? នៅក្នុងខគម្ពីរនេះ ឃ្លា « ជាការចាំបាច់សម្រាប់អ្នក » អាចនិយាយបានថា « ជាការប្រសើរបំផុតសម្រាប់អ្នក » ។ ហេតុដូច្នេះហើយ គោលការណ៍មួយដែលយើងអាចរៀនចេញពីខគម្ពីរនេះ គឺថា ព្រះ វរបិតា សួគ៌ឆ្លើយតបរាល់ការអធិស្ឋានរបស់យើង ទៅតាមអ្វីដែលទ្រង់ជ្រាបថា ជាការប្រសើរបំផុតសម្រាប់យើង ។
សេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយ អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អាចជួយអ្នកយល់អំពីមូលហេតុ ដែលអ្នកគួរតែមានអារម្មណ៍នៃការដឹងគុណ ទោះជាព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋានរបស់អ្នក ទៅតាមរបៀបមួយខុសពីអ្វី ដែលអ្នកសង្ឃឹម ឬ រំពឹងទុកយ៉ាងណាក៏ដោយ ៖ « វាពិតជារឿងមួយដ៏លំបាក នៅពេលការអធិស្ឋានដ៏ស្មោះដើម្បីបានអ្វីមួយ ដែលអ្នកប្រាថ្នាចង់បានខ្លាំងបំផុតនោះ ពុំត្រូវបានឆ្លើយតបទៅតាមរបៀបដែលអ្នកចង់បាននោះ ។ វាពិបាកដើម្បីយល់អំពីមូលហេតុ ដែលការអនុវត្តសេចក្ដីជំនឿដ៏ជ្រាលជ្រៅ និង ស្មោះរបស់អ្នកដោយរស់នៅក្នុងជីវិតមួយ ដែលមានការគោរពប្រតិបត្តិ បែរជាមិនបានទទួលលទ្ធផលដែលចង់បានទៅវិញ ។… ពេលខ្លះវាពិបាក ដើម្បីស្គាល់អំពីអ្វីដែលជា ការប្រសើរបំផុត ឬ ការចាំបាច់សម្រាប់អ្នកណាស់ ។ ជីវិតរបស់អ្នកនឹងកាន់តែងាយស្រួល នៅពេលអ្នកទទួលស្គាល់ថាអ្វីដែលព្រះបានធ្វើឲ្យមាននៅក្នុងជីវិតរបស់អ្នក គឺសម្រាប់សេចក្ដីល្អដ៏អស់កល្បជានិច្ច របស់អ្នក » (Using the Supernal Gift of Prayer » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩ ) ។
-
តើអ្នកគួរតែធ្វើដូចម្ដេច នៅពេលចម្លើយចំពោះការអធិស្ឋានកើតឡើង តាមរបៀបដែលអ្នកពុំបានរំពឹងទុកនោះ ? សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីបទពិសោធន៍មួយ ដែលអ្នកធ្លាប់មាននៅពេលព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់អ្នក នៅតាមរបៀបដែលប្រសើរបំផុតសម្រាប់អ្នក ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៦យើងរៀនថា របៀបដែលព្រះទាក់ទងមកកាន់យើងគឺ « សំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅក្នុងទីរហោស្ថាន » ។ សូមអានខគម្ពីរនោះ ដោយស្វែងរករបៀបដែលព្រះសូរសៀងរបស់ព្រះបន្លឺមកកាន់យើង ។ សូមគិតអំពីគ្រាមួយ ដែលអ្នកធ្លាប់បានមានអារម្មណ៍ថា ព្រះបានយាងចូលមកជិតអ្នក ទោះជាអ្នកពុំអាចមើលឃើញទ្រង់យ៉ាងណាក្ដី ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៧-៦៩ ដោយស្វែងរករបៀបបន្ថែម ដែលអ្នកអាចចូលទៅជិតព្រះអម្ចាស់បាន ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
ដោយប្រើខគម្ពីរទាំងនេះ សូមបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ បើភ្នែករបស់ខ្ញុំស្មោះស្ម័គ្រទាំងស្រុង ទៅចំពោះសិរីល្អរបស់ព្រះ នោះ ។
នៅក្នុង ខទី ៦៧ ឃ្លា « ភ្នែក … ស្មោះស្ម័គ្រទាំងស្រុងទៅចំពោះសិរីល្អរបស់យើង » មានន័យថា លះបង់ទាំងស្រុងចំពោះកិច្ចការ និង គោលបំណងរបស់ព្រះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនរណា ដែលអ្នកស្គាល់ ដែលមើលទៅហាក់ដូចជាពេញទៅដោយពន្លឺនៃព្រះអម្ចាស់ ?
-
តើអ្នកមើលឃើញពន្លឺនៃព្រះអម្ចាស់ ដែលបុគ្គលនោះមាន តាមរបៀបណា ?
-
នៅក្នុង ខទី ៦៨ សូមកត់ចំណាំថា ដើម្បីធ្វើឲ្យគំនិតរបស់អ្នកស្មោះស្ម័គ្រទាំងស្រុងចំពោះព្រះ អ្នកត្រូវញែកខ្លួនអ្នករាល់គ្នាចេញជាបរិសុទ្ធ ។ ឃ្លា « ញែកខ្លួនអ្នករាល់គ្នាចេញជាបរិសុទ្ធ » សំដៅទៅលើតម្រូវការធ្វើឲ្យបានបរិសុទ្ធ ហើយសម្អាតខ្លួនចេញពីអំពើបាប ។ អ្នកអាចបានញែកចេញជាបរិសុទ្ធបាន តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និង អានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកប្រែចិត្តចេញពីអំពើបាបរបស់អ្នក ហើយទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ថែមទាំងរក្សាសេចក្ដីសញ្ញា ។
-
សូមរំឭកអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលអ្នកបានរកឃើញនៅក្នុងមេរៀននេះ ។ រួចស្រមៃថា អ្នកកំពុងគយគន់ហ្វូងតារាជាមួយមិត្តភក្ដិម្នាក់ ដែលគិតថា ព្រះទ្រង់ពុំស្គាល់គាត់ឡើយ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអ្នកនឹងថ្លែងទៅកាន់មិត្តភក្ដិរបស់អ្នក ។
សូមបញ្ចប់មេរៀននេះ ដោយអាន និង ពិចារណាលើសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុងគណៈប្រធានទីមួយ ៖
« បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ វាជាការពិត ដែលមនុស្សគឺគ្មានជាអ្វីសោះ បើប្រៀបទៅនឹងភាពធំធេងនៃចក្រវាឡនេះ ។ ជួនកាល យើងអាចមានអារម្មណ៍ថាជាមនុស្សមិនសំខាន់ គ្មានគេកត់សម្គាល់ ឯកោ ឬ ត្រូវបានបំភ្លេចចោល ។ ប៉ុន្តែ សូមចងចាំជានិច្ចថា— អ្នកសំខាន់ចំពោះទ្រង់ !…
« ព្រះទតមើលអ្នក ពុំមែនគ្រាន់តែជាមនុស្សរមែងស្លាប់នៅក្នុងភពតូចមួយ ដែលយើងរស់នៅមួយរយៈនេះនោះទេ— ទ្រង់ទតមើលលើអ្នក ក្នុងនាមជាបុត្ររបស់ទ្រង់ ។ ទ្រង់ទតមើលអ្នកជាតួអង្គ ដែលមានសមត្ថភាព និង បានរៀបចំរចនាអ្នកឡើងឲ្យប្រែក្លាយទៅជាដូចនោះ ។ ទ្រង់ចង់ឲ្យអ្នកដឹងថា អ្នកសំខាន់ចំពោះទ្រង់ » (You Matter to Him » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ២២ ) ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៦៩ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖