ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២


មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២

សេចក្ដីផ្ដើម

នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និង ពួក​អែលឌើរ​ជា​ច្រើន​នាក់​ទៀត បាន​ត្រៀមខ្លួន​ចេញ​ដំណើរ​ពី​ក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ហើយ​ត្រឡប់​ទៅ​រដ្ឋ អូហៃអូ វិញ ។ ព្រះអម្ចាស់​បាន​ណែនាំ​ពួក​អែលឌើរ​ឲ្យ​ផ្សាយ​ដំណឹងល្អ នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ--ការណែនាំ​នោះ ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០ ។ នៅ​ថ្ងៃ​ទី​បី​នៃ​ការធ្វើដំណើរ​របស់​ពួកគាត់ ក្រុម​នោះ​បាន​ជួប​នឹង​គ្រោះ​ថ្នាក់​នៅ​ទន្លេ មិសសួរី ។ នៅ​ពីរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី ១២ និង ១៣ ខែ សីហា ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ចំនួន​ពីរ​មក​ពី​ព្រះអម្ចាស់ ។ វិវរណៈ​ទាំងនោះ ឥឡូវ​ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១ និង៦២ ។ វិវរណៈ​ទាំងនេះ មាន​ទាំង​ពាក្យ​ណែនាំ ការ​ព្រមាន ការ​លួងលោមចិត្ត និង​ការ​លើកទឹកចិត្ត ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦០

ព្រះអម្ចាស់​បញ្ជា​ឲ្យ​ពួក​អែលឌើរ ផ្សាយ​ដំណឹងល្អ​នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​ពី​រដ្ឋ មិសសួរី ទៅ​រដ្ឋ អូហៃអូ

យុវវ័យ​អាន​ព្រះគម្ពីរ​នៅ​លើ​ឡាន​ដឹក​សិស្ស​សាលា

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រាប់​មនុស្ស​ដទៃ អំពី​ជំនឿ​របស់​អ្នក ឬ ស្ទាក់ស្ទើរ​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ ។

ព្រះអម្ចាស់​បាន​បន្ទោស​ដល់​ពួក​អែលឌើរ​មួយ​ចំនួន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:១-២ ដើម្បី​ស្វែងយល់​អំពី​មូលហេតុ ដែល​ព្រះអម្ចាស់​ពុំ​សព្វព្រះហឫទ័យ​នឹង​ពួក​អែលឌើរ​មួយ​ចំនួន​ទាំង​នេះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​យល់​ឃើញ ។

ពួក​អែលឌើរ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ខទី ១–២ បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ អូហៃអូ ទៅ​កាន់​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ដើម្បី​ចូលរួម​ការឧទ្ទិសឆ្លង​ដី និង ទីតាំង​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ មិសសួរី ( សូម​មើល គ. និង ស. ៥៩:៩-១០ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​អែលឌើរ​មួយ​ចំនួន ពុំ​បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នេះ​ទេ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ពួកគេ​មិន​ព្រម​បើក​មាត់​គេ​ឡើយ ប៉ុន្ដែ ពួកគេ​លាក់​ការ​ប៉ិនប្រសប់​របស់​ខ្លួន ដែល​យើង​បាន​ប្រទាន​ដល់​ពួកគេ​ទៅ​វិញ » (គ. និង ស. ៦០:២ ) ។ និយាយ​ម្យ៉ាង​ទៀត​ថា ពួកគាត់​ពុំ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ដំណឹងល្អ​នោះ​ទេ ។

យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:២ហេតុអ្វី​ពួក​អែលឌើរ​មួយ​ចំនួន​ពុំ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគាត់ ជាមួយ​នឹង​មនុស្ស​ដទៃ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦០:៣ ដើម្បី​ស្វែងយល់ ថាតើ​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​យើង​ពុំ​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជា​ទេ​នោះ ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ បើ​យើង​មិន​ចែកចាយ​ទីបន្ទាល់​របស់​យើង​ទេ នោះ​យើង​នឹង​បាត់បង់​វា ។ ការចែកចាយ​ទីបន្ទាល់ ពុំ​សំដៅ​តែ​លើ​ការឡើង​ថ្លែង​ទីបន្ទាល់​ជា​ផ្លូវការ​នៅ​ក្នុង​ការប្រជុំ​នៃ​សាសនាចក្រ​នោះ​ទេ ។ សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ ដែល​ពុំ​មាន ឬ កម្រ​នឹង​មាន​ឱកាស​ឡើង​ថ្លែង​នៅ​ក្នុង​ការប្រជុំ​នៃ​សាសនាចក្រ ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន តាមរយៈ​របៀប​ដែល​ពួកគេ​រស់នៅ ។ សមាជិក​ខ្លះ ថ្លែង​ទីបន្ទាល់​អំពី​ដំណឹងល្អ តាមរយៈ​ការពុះពារ​នឹង​បញ្ហា​សុខភាព ឬ ការលំបាក​ផ្សេងៗ ។ សមាជិក​ខ្លះ​ទៀត ថ្លែង​ទីបន្ទាល់​យ៉ាង​សាមញ្ញ​ទៅ​កាន់​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ តាមរយៈ​ការបង្ហាញ​សេចក្ដី​សង្ឃឹម និង សេចក្ដី​ជំនឿ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់ អំពី​សារៈសំខាន់​នៃ​ការចែកចាយ​ទីបន្ទាល់​របស់​យើង ៖

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ស្មារតី និង ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ នឹង​កើត​មាន​នៅ​នឹង​អ្នក​ជា​ផ្នែក​មួយ​ដ៏​ធំ នៅ​ពេល អ្នក​ចែកចាយ​វា នោះ វា​នឹង​នៅ​ស្ថិតស្ថេរ​ជាមួយ​អ្នក ។ ដំណើការ​នោះ​គឺ​ជា ចំណុច​សំខាន់ នៃ​ដំណឹងល្អ ។

« តើ​នេះ​មិនមែន​ជា​ការបង្ហាញ​មួយ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​គ្រិស្តសាសនា​ទេ​ឬ​អី ? អ្នក​មិន​អាច​រក​វា​ឃើញ ឬ រក្សា​វា​ទុក ឬ ពង្រីក​វា​បន្ថែម​បាន​នោះ​ទេ លុះត្រា​តែ និង រហូត​ទាល់​តែ​អ្នក​មាន​បំណង​ចែកចាយ​វា​តែ​ប៉ុណ្ណោះ ។ ដោយសារ​តែ​អ្នក​ផ្ដល់​វា ទើប​វា​ក្លាយ​ជា​របស់​អ្នក » ( The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៥ ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​មាន​អារម្មណ៍​ថា ទីបន្ទាល់​របស់​អ្នក​បាន​រីកចម្រើន​កាន់តែ​រឹងមាំ​ដោយសារ​អ្នក​បាន​ចែកចាយ​វា​នោះ ?

    2. តើ​នៅ​ពេល​ណា​ក្នុង​សប្ដាហ៍​ក្រោយ ដែល​អ្នក​អាច​នឹង​មាន​ឱកាស ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ?

ក្នុង​ខគម្ពីរ​ដែល​នៅ​សល់​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០អ្នក​នឹង​អាន​ឃើញ​ថា ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួក​អែលឌើរ​ទាំងនេះ ឲ្យ​ប្រកាស​ដំណឹងល្អ​នៅ​តាម​ផ្លូវ​ធ្វើដំណើរ​ត្រឡប់​ទៅ​រដ្ឋ អូហៃអូ វិញ ។ នៅ​ពេល​អ្នក​សិក្សា អ្នក​អាច​នឹង​គូសបន្ទាត់​ពី​ក្រោម​ពាក្យ ឬ ឃ្លា ដែល​ទាក់ទង​នឹង​ការថ្លែង​ទីបន្ទាល់​មាន​ដូចជា « ប្រកាស​ព្រះបន្ទូល​របស់​យើង » ឬ « ផ្សាយ » ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦១

ព្រះអម្ចាស់​បាន​ប្រទាន​ការដឹកនាំ​សម្រាប់ យ៉ូសែប ស៊្មីធ និង ពួក​អែលឌើរ​ដទៃ​ទៀត អំពី​ការធ្វើ​ដំណើរ​ត្រឡប់​ទៅ​រដ្ឋ អូហៃអូ វិញ

ព្យាការី យ៉ូសែប ស្ម៊ីធ និង ពួក​អែលឌើរ​ចំនួន ១០ នាក់ បាន​ឃើញ​ថា ពួកគាត់​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ នៅ​ពេល​ពួកគាត់​ធ្វើដំណើរ​តាម​ទូក​ក្នុង​ចរន្ដទឹក​ហូរ​ដ៏​ខ្លាំង​ក្នុង​ទន្លេ មិសសួរី ។ នៅ​ពេល​អ្នក​អាន​ដំណើរឿង​ខាង​ក្រោម​នេះ សូម​គិត​អំពី​អារម្មណ៍​ដែល​អ្នក​អាច​នឹង​មាន បើ​អ្នក​មាន​វត្តមាន​នៅ​ទី​នោះ ។

ទន្លេ មិសសួរី ចំណុច​ផ្លូវ​កោង មិកខលវេន

ទន្លេ មិសសួរី ចំណុច​ផ្លូវ​កោង មិកខលវេន

យ៉ូសែប ស៊្មីធ នៅ​ចាំ​អំពី​ថ្ងៃ​ទី​បី​នៃ​ការ​ធ្វើដំណើរ​នោះ​ថា « គ្រោះថ្នាក់​ជា​ច្រើន​បាន​កើតឡើង​នៅ​គ្រប់​ទីកន្លែង នៅ​លើ​ទឹក​នៃ​តំបន់​ប៉ែក​ខាង​លិច ហើយ​បន្ទាប់​ពី​យើង​បាន​ទៅ​ដល់​ច្រាំង​ទន្លេ… បងប្រុស [ វិលលាម ដ័បបុលយូ ] ហ្វែប្ស បាន​មាន​ការនិមិត្ត​មួយ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ឃើញ​មេ​បំផ្លាញ​កំពុង​តែ​រេរា​នៅ​លើ​ផ្ទៃទឹក​ដោយ​អំណាច​ដ៏​ខ្លាំង​សម្បើម ហើយ​មនុស្ស​ដទៃទៀត​បាន​ឮ​សំឡេង ប៉ុន្តែ ពុំ​បាន​មាន​ការនិមិត្ត​នោះ​ទេ » ( នៅ​ក្នុង History of the Church ១:២០៣ ) ។ ពី​មុន​ការនិមិត្ត​នេះ « មាន​ការខ្វែង​គំនិត និង អារម្មណ៍​មិន​ល្អ​ខ្លះៗ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ចំណោម​ពួក​បងប្អូន​ប្រុស​ទាំង​នោះ » ( B. H. RobertsA Comprehensive History of the Church ១:២៦២-៦៣ ) ។ នា​ល្ងាច​នោះ ពួក​បងប្អូន​ប្រុស​ទាំងនោះ បាន​ជជែក​អំពី​ការ​លំបាក​របស់​ពួកគាត់ ហើយ​ពួកគាត់​ភាគ​ច្រើន​បាន​អភ័យ​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ លុះ​ព្រឹក​ស្អែក​ឡើង យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន ហើយ​បាន​ទទួល​វិវរណៈ ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦១:២, ២០, ៣៦–៣៧រួច​គូសចំណាំ​ឃ្លា ដែល​អាច​នាំ​ឲ្យ​ពួក​អែលឌើរ​ទាំងនេះ ទទួល​បាន​ការលួងលោមចិត្ត ។

ព្រះអម្ចាស់​មិន​ត្រឹមតែ​បាន​អភ័យទោស​ដល់​ពួក​អែលឌើរ​ទាំងនេះ​ពី​អំពើបាប​របស់​ពួកគាត់​ប៉ុណ្ណោះ​នោះ​ទេ ទ្រង់​ថែមទាំង​បាន​ពន្យល់​ថា « មាន​ការបំផ្លិចបំផ្លាញ​ជា​ច្រើន » នឹង​កើត​មាន​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​នៅ​ថ្ងៃ​ចុង​ក្រោយ ( សូម​មើល គ. និង ស. ៦១:៥, ១៤-១៩ ) ។ ព្រះអម្ចាស់​ក៏​បាន​មាន​ព្រះ​បន្ទូល​អំពី​ព្រះចេស្ដា​របស់​ទ្រង់​ផងដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦១:១, ៦, ១០រួច​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ព្រះ​ចេស្ដា​របស់​ទ្រង់ ។

ដោយសារតែ​ការនិមិត្ត​របស់ វិលាម ដ័បុលយូ ហ្វែប្ស អំពី​មេ​បំផ្លាញ​នៅ​លើ​ផ្ទៃ​ទឹក នោះ​មាន​មនុស្ស​មួយ​ចំនួន​បាន​សន្មត់​ថា សាតាំង​មាន​អំណាច​នៅ​លើ​ផ្ទៃ​ទឹក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១:១ បញ្ជាក់​ថា ព្រះអម្ចាស់​មាន​គ្រប់​ព្រះចេស្ដា ។ ការណ៍​នេះ​ក៏​រួម​បញ្ចូល​ទាំង​ព្រះចេស្ដា​នៅ​លើ​ផ្ទៃ​ទឹក​ផង​ដែរ ។. ខទី ៦ និង ១០ បញ្ជាក់​អំពី​លទ្ធភាព​របស់​ព្រះអម្ចាស់​ក្នុង​ការការពារ​យើង ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះអម្ចាស់​មាន​គ្រប់​ព្រះចេស្ដា ហើយ​ទ្រង់​អាច​ការពារ​យើង​បាន ។

ខគម្ពីរ​ដែល​នៅ​សល់​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៦១ មាន​នូវ​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់​ទៅ​ដល់​ពួក​អែលឌើរ​ទាំងនេះ ដើម្បី​ដឹកនាំ​ពួក​គាត់​ត្រឡប់​ទៅ​កាន់​រដ្ឋ អូហៃអូ វិញ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦២

ព្រះអម្ចាស់​បាន​សរសើរ​ដល់​ភាព​ស្មោះត្រង់​របស់​ក្រុម​អែលឌើរ​មួយ​ក្រុម ដែល​ធ្វើ​ដំណើរ​ទៅ​ក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។

នៅ​ក្នុង​តារាង​ខាង​ក្រោម សូម​គូស​សញ្ញា « x » នៅ​ក្បែរ​សំណួរ ដែល​អ្នក​គិត​ថា អាច​នឹង​សំខាន់​បំផុត​ចំពោះ​ព្រះអម្ចាស់ ។

តើ​ខ្ញុំ​គួរ​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​គួរ​ស្លៀក​សំពត់​ពណ៌​ខ្មៅ ឬ ពណ៌​បៃតង​ទៅ​ព្រះវិហារ ? តើ​ខ្ញុំ​គួរ​ពាក់​ក្រវាត់​ក​ពណ៌​ក្រហម ឬ ពណ៌​ខៀវ ?

តើ​ខ្ញុំ​គួរ​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ ? បើ​ដូច្នោះ តើ​នៅពេល​ណា ?

បើ​ម្ដាយ​របស់​ខ្ញុំ​ប្រាប់​ថា គាត់​នឹង​ចម្អិន​អាហារ​ដែល​ខ្ញុំ​ពេញចិត្ត តើ​ខ្ញុំ​គួរ​ជ្រើសរើស​យក​មុខ​ម្ហូប​មួយ​ណា ?

ដោយ​អាស្រ័យ​ទៅ​តាម​កាលៈទេសៈ ការសម្រេចិត្ត​ជាច្រើន ដែល​យើង​ធ្វើ​អាច​នឹង​សំខាន់​ចំពោះ​ព្រះអម្ចាស់ ប៉ុន្តែ ការសម្រេចិត្ត​ខ្លះ​ទៀត​ពុំ​សំខាន់​សោះ​ឡើយ ។ ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦០–៦២ព្រះអម្ចាស់​បាន​ជួយ​ពួក​អែលឌើរ​នៃ​សាសនាចក្រ​ទ្រង់​ឲ្យ​យល់​ថា ការសម្រេចិត្ត​មួយ​ចំនួន ដែល​ពួកគាត់​ត្រូវ​ធ្វើ សំខាន់​ខ្លាំង​ចំពោះ​ទ្រង់​ជាង​ការសម្រេចចិត្ត​ឯ​ទៀតៗ ។ នៅ​ពេល​អ្នក​បន្ត​សិក្សា​វិវរណៈ​ទាំងនេះ អ្នក​អាច​បង្កើន​ការយល់​ដឹង​ជ្រាលជ្រៅ​ដើម្បី​ដឹកនាំ​អ្នក​ក្នុង​ការសម្រេចិត្ត ។

ដើម្បី​យល់​អំពី​ព្រឹត្តិការណ៍​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៦២សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ ។

ពួក​អែលឌើរ​ដែល​ត្រូវបាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ណែនាំ​អំពី​កណ្ឌ បាន​ធ្វើ​ដំណើរ​យ៉ាង​យឺត​ទៅ​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី គឺ​យឺត​ជាង​ពួក​អែលឌើរ​ខ្លះ​ទៀត ដោយសារតែ​ពួកគាត់​បាន​រវល់​តែ​ខ្នះខ្នែង​យ៉ាង​ឧស្សាហ៍​ក្នុង​ការផ្សាយ​ដំណឹងល្អ ។ ដោយ​ហេតុនោះ​ហើយ ពួកគាត់​បាន​ខកខាន​មិន​បាន​ចូលរួម​សន្និសីទ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ដី និង ទីតាំង​ដែល​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ឧទ្ទិស​ឆ្លង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦២:១–៣ដោយ​ស្វែងរក​ពរជ័យ​មួយ​ចំនួន ដែល​មាន​ចំពោះ​អ្នក​ដែល​ផ្សាយ​ដំណឹងល្អ ហើយ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន ។

សូម​សិក្សា​សេចក្ដីយោង​បទគម្ពីរ ដែល​មាន​នៅ​ក្នុង​ប្រអប់​ឈរ​ខាង​ឆ្វេង​នៃ​តារាង​ខាង​ក្រោម ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ឈរ​ដែល​ត្រឹមត្រូវ នូវ​អ្វី​ដែល​សំខាន់​ចំពោះ​ព្រះអម្ចាស់ និង អ្វី​ដែល​ពុំ​សំខាន់​ចំពោះ​ទ្រង់ ។

តើ​អ្វី​ដែល​សំខាន់​ចំពោះ​ព្រះអម្ចាស់ ?

តើ​អ្វី​ដែល​មិន​សំខាន់​ចំពោះ​ព្រះអម្ចាស់ ?

គ. និង ស. ៦០:៥

គ. និង ស. ៦១:២១-២២

គ. និង ស. ៦២:៥-៧

  1. journal iconនៅ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ អំពី​បទគម្ពីរ​ដែល​អ្នក​បាន​សិក្សា​នៅ​ក្នុង​តារាង ៖ តើ​ភាពខុសគ្នា​អ្វី​ខ្លះ ដែល​អ្នក​បាន​សម្គាល់​ឃើញ​រវាង​អ្វី​ដែល​សំខាន់ និង អ្វី​ដែល​ពុំ​សំខាន់​ចំពោះ​ព្រះអម្ចាស់ ?

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​គូស​បន្ទាត់​ពី​ក្រោម​ពាក្យ ឬ ឃ្លា ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ពួក​អែលឌើរ កាល​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ការណ៍​មួយ​ចំនួន​សំខាន់​ចំពោះ​ទ្រង់ ប៉ុន្តែ ការណ៍​មួយ​ចំនួន​ទៀត​ពុំ​សំខាន់​នោះ​ទេ ៖

អែលឌើរ ដាវីឌ អេ បែដណា

« ច្បាស់​ណាស់ ព្រះអង្គ​សង្គ្រោះ​ពុំ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ថា ទ្រង់​ពុំ​យក​ព្រះទ័យ​ទុក​ដាក់​លើ​អ្វី​ដែល​ពួកគេ​កំពុង​តែ​ធ្វើ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​គូស​សម្គាល់​អំពី​សារៈសំខាន់​នៃ​ការដាក់​អ្វី​ដែល​សំខាន់​ជា​ចម្បង ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ត្រូវ ។… អ្វី​ដែល​ចាំបាច់​នោះ​គឺ​ជា​កិច្ចការ ដែល​ពួកគាត់​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ ចំណែក​ឯ​របៀប​ដែល​ពួកគេ​ទៅ​ដល់​ទី​នោះ​មាន​សារៈសំខាន់​ដែរ ប៉ុន្តែ ពុំ​ចាំបាច់​ឡើយ » ( « A Reservoir of Living Water » [ Church Educational System fireside for young adults ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ៤ LDS.org) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​គំរូ​នៃ​អ្វី​ដែល​សំខាន់​ចំពោះ​ព្រះអម្ចាស់ និង អ្វី​ដែល​មិន​សំខាន់​ចំពោះ​ទ្រង់ ដឹកនាំ​អ្នក​នៅ​ពេល​អ្នក​ធ្វើការសម្រេចចិត្ត​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦២:៨រួច​ស្វែងរក​ការណ៍​ចំនួន​ពីរ ដែល​យើង​អាច​ពឹងផ្អែក​ទៅ​លើ កាល​យើង​ធ្វើ​ការសម្រេចចិត្ត ។ រួច​សូម​បញ្ចប់​គោលការណ៍​តទៅនេះ ដោយ​បំពេញ​ចន្លោះ ៖ នៅ​ពេល​ធ្វើ​ការសម្រេចចិត្ត យើង​ត្រូវ​ពឹងផ្អែក​ទៅ​លើ និង  ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ការវិនិច្ឆ័យ​របស់​យើង ក៏​ដូច​ជា​ការដឹកនាំ​មក​ពី​ព្រះវិញ្ញាណ ?

    2. តើ​នៅ​ពេល​ណា ដែល​អ្នក​បាន​ធ្វើ​ការសម្រេចចិត្ត ដោយ​ផ្អែក​ទៅ​លើ​ការវិនិច្ឆ័យ​ផ្ទាល់ខ្លួន ក៏​ដូចជា​ផ្អែក​ទៅ​លើ​ការ​ដឹកនាំ​មក​ពី​ព្រះវិញ្ញាណ ? តើ​អ្នក​បាន​ទទួល​ពរ​ដោយ​ព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​គិត​អំពី​របៀប ដែល​អ្នក​អាច​ប្រព្រឹត្ត​តាម​គោលការណ៍​មួយ ឬ ច្រើន ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០–៦២ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖