មេរៀនទី ២៦ ៖ ថ្ងៃ ទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-១០; ១២២
សេចក្តីផ្តើម
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១-២៣ មាននូវផ្នែកនៃសំបុត្រដែលបានជ្រើសរើស ដែលយ៉ូសែប ស្ម៊ីធ បានសរសេរទៅកាន់សាសនាចក្រ ចុះថ្ងៃទី ២០ ខែ មិនា ឆ្នាំ ១៨៣៩ ។ យ៉ូសែប ស្ម៊ីធ បានសរសេរសំបុត្រនេះ ខណៈដែលលោក និងដៃគូពីរបីនាក់របស់លោកត្រូវបានជាប់ឃុំឃាំងនៅក្នុងគុកលិបើធី ។ នៅក្នុងសំបុត្រនោះ យ៉ូសែបបានដាក់បញ្ចូលនូវការអធិស្ឋានមួយចំនួនរបស់លោកសម្រាប់ពួកបរិសុទ្ធដែលកំពុងរងទុក្ខ ដោយសារតែសកម្មភាពនៃមារសត្រូវរបស់ពួកគេ ។ លោកក៏បានដាក់បញ្ចូលនូវចម្លើយដែលលោកបានទទួលសម្រាប់ការអធិស្ឋានទាំងនោះផងដែរ ។ ( សូមមើល History of the Church ៣:២៨៩-៣០៥ ) ។ អ្នកនឹងសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១-២៣ នៅក្នុងមេរៀនប្រចាំថ្ងៃទាំងបួនថ្ងៃ នៅក្នុងសប្ដាហ៍នេះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-៦
យ៉ូសែប ស៊្មីធ អធិស្ឋានសម្រាប់ពួកបរិសុទ្ធដែលបានរងទុក្ខ
សូមនឹកស្រមៃថា មិត្តម្នាក់នឹងឆ្លងកាត់បទពិសោធន៍មួយដ៏លំបាក ។ មិត្តនោះប្រាប់អ្នកថា នាងមិនយល់ថាហេតុអ្វីបានជានាងជួបទុក្ខលំបាកបែបនេះ ហើយថានាងមានអារម្មណ៍ថាព្រះបានបោះបង់នាងចោល ។ តើអ្នកនឹងប្រាប់អ្វីខ្លះទៅមិត្តរបស់អ្នក ?
តើអ្នកនឹងធ្វើអ្វីខ្លះ ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ដែលបានជួបទុក្ខលំបាកនោះ ?
នៅពេលអ្នកសិក្សាពីការអធិស្ឋានរបស់ព្យាការីយ៉ូសែប ស្ម៊ីធ នៅក្នុងគុកលិបើធី និងបន្ទូលទូន្មានរបស់ព្រះអម្ចាស់ចំពោះលោក សូមស្វែងរកគោលលទ្ធិ និង គោលការណ៍នានាដែលអាចជួយអ្នកឲ្យស៊ូទ្រាំការសាកល្បង និង ទុក្ខវេទនាដោយសេចក្ដីជំនឿ ។
នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៨៣៨ ចច ហ៊ីងខល ជាសមាជិកម្នាក់របស់សាសនាចក្រ និងជាវរសេនីយឯកម្នាក់នៅក្នុងជីវពលរដ្ឋមិសសួរី បានក្បត់នឹងយ៉ូសែប ស្ម៊ីធ ។ ហ៊ីងខល បានប្រាប់យ៉ូសែបថា ក្រុមមនុស្សដែលវាយធ្វើបាបដល់ពួកបរិសុទ្ធនៅក្នុងទីក្រុងហ្វារវែស្ទ រដ្ឋមិសសួរី ចង់ជួបសម្ភាសន៍ដោយសន្តិភាព ដើម្បីដោះស្រាយការមិនចុះសម្រុងនឹងគ្នា ។ នៅពេលយ៉ូសែប និង ថ្នាក់ដឹកនាំផ្សេងទៀតរបស់សាសនាចក្របានមកដល់សម្រាប់បទសម្ភាសន៍នោះ មានកងជីវពលបានចាប់ពួកលោកដោយបង្ខិតបង្ខំដូចជាអ្នកទោសសង្គ្រាម ។ នៅខែបន្ទាប់នោះ យ៉ូសែប ស៊្មីធ និងពួកសហការីរបស់លោកត្រូវបានគេធ្វើទុក្ខទោស ហើយជេរប្រមាថ ខណៈដែលមារសត្រូវរបស់ពួកលោកបានយកពួកលោកទៅដាក់គុកជាច្រើននៅក្នុងតំបន់នោះ ហើយបាននាំពួកលោកទៅមុខចៅក្រមជាច្រើន ។
ខណៈដែលព្យាការីយ៉ូសែប ស្ម៊ីធ អែលឌើរ ប៉ាលី ភី ប្រាត្ត និង ថ្នាក់ដឹកនាំផ្សេងទៀតរបស់សាសនាចក្រត្រូវបានឃុំខ្លួនយ៉ាងអយុត្តិធម៌ក្នុងគុកមួយនៅរីចម៉ន្ត រដ្ឋមិសសួរី ពួកលោកបានឮពួកអ្នកយាមគុកនិយាយភាសាថោកទាប ដូចជាទង្វើអាក្រក់នៃការឆក់ប្លន់ ការចាប់រំលោភ និង ការកាប់សម្លាប់ដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅក្នុងការពិពណ៌នារបស់លោកអំពីបទពិសោធន៍នោះ អែលឌើរ ប្រាត្ត បានសរសេរ ៖
« នៅយប់ដ៏ធុញទ្រាន់មួយនោះ យើងបានទម្រេតខ្លួន ដូចជាដេកលក់ រហូតដល់យប់ជ្រៅ តែត្រចៀក និងដួងចិត្តយើង ឈឺចាប់ ពេលយើងស្ដាប់ឮរាប់ម៉ោងនូវការចំអក ការស្បថអាក្រក់ៗ ការប្រមាថគួរឲ្យខ្លាច និងភាសាស្មោកគ្រោករបស់ពួកអ្នកយាម ។…
« ខ្ញុំបានស្ដាប់ឮរហូតដល់ខ្ញុំខ្ពើមឆ្អើម តក់ស្លុត រន្ធត់ និង ពេញដោយវិញ្ញាណដ៏ឈឺចាប់ ដែលវាពិបាកសម្រាប់ខ្ញុំដើម្បីទប់ខ្លួនកុំឲ្យឈរឡើង ហើយស្ដីបន្ទោសដល់ពួកអ្នកយាមនោះ ប៉ុន្តែ ខ្ញុំពុំនិយាយអ្វីទាំងអស់ទៅយ៉ូសែប … ទោះបីខ្ញុំដេកនៅជិតនឹងលោក ហើយបានដឹងថា លោកពុំទាន់ដេកក្ដី ។ រំពេចនោះ លោកបានក្រោកឈរឡើង ហើយនិយាយដូចជាសំឡេងផ្គរលាន់ ឬដូចជាតោគ្រហឹម និយាយយ៉ាងច្បាស់ដែលខ្ញុំអាចនៅចាំបានថា ៖
« ‹ ស្ងាត់ទៅ ! មនុស្សអាក្រក់ក្នុងរណ្ដៅដ៏អប្រិយអើយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំស្ដីបន្ទោសដល់អ្នក ហើយបញ្ជាឲ្យអ្នកស្ងាត់ភ្លាម ដ្បិតខ្ញុំនឹងមិនរស់នៅមួយនាទីទៀត ហើយស្ដាប់ឮភាសាដូច្នេះឡើយ ។ ឈប់និយាយភ្លាម បើមិនដូច្នោះអ្នក ឬខ្ញុំនឹងស្លាប់ឥឡូវនេះ ! ›
« លោកបានឈប់វាចា ។ លោកបានឈរយ៉ាងមុតមាំនៅក្នុងមហិទ្ធានុភាពខ្លាំងណាស់ ។ ត្រូវគេដាក់ច្រវ៉ាក់ ហើយដោយគ្មានអាវុធ តែលោកស្ងប់ស្ងាត់ មិនក្រញេងក្រញាង ហើយថ្លៃថ្នូរប្រៀបដូចជាទេវតាមួយអង្គ នោះលោកបានមើលទៅអ្នកយាមដែលឱបជង្គង់រួញខ្លាចនៅគៀនជញ្ជាំង ឬក្រាបចុះនឹងជើងលោក បានសុំទោសដល់លោក ហើយនៅស្ងៀមរហូតដល់វេនផ្លាស់ប្ដូរអ្នកយាម ។
« ខ្ញុំធ្លាប់ឃើញពួករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពាក់រ៉ូបរបស់ចៅក្រម … ខណៈដែលជីវិតត្រូវបានពន្យារពេល នៅក្នុងតុលាការប្រទេសអង់គ្លេស ខ្ញុំធ្លាប់ឃើញសមាជិកមួយនៅក្នុងកិច្ចប្រជុំដ៏ឱឡារិកចេញច្បាប់សម្រាប់ប្រទេសជាតិ ខ្ញុំបានធ្លាប់ព្យាយាមគិតអំពីពួកស្តេច ពួករាជវាំង បល្ល័ង្ក និង មកុដ និងអំពីពួកអធិរាជដែលបានប្រមូលផ្ដុំគ្នាដើម្បីសម្រេចពីជោគវាសនានៃនគរនានា ប៉ុន្តែសេចក្ដីថ្លៃថ្នូរ និង អានុភាពដ៏អស្ចារ្យដែលខ្ញុំធ្លាប់ឃើញគឺមានតែម្ដងគត់គឺនៅពេលលោកឈរទាំងជាប់ច្រវ៉ាក់នៅពាក់កណ្ដាលអាធ្រាត្រក្នុងគុកមួយនៅភូមិដ៏ងងឹតនៃរដ្ឋមិសសួរី » ( Autobiography of Parley P. Pratt ed. Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ] ទំព័រ ២១០–១១ ) ។
ខណៈនៅរង់ចាំវិនិច្ឆ័យកិច្ចដោយសារតែការចោទប្រកាន់ខុស ហើយដោយគ្មានវិនិច្ឆ័យកិច្ចត្រឹមត្រូវ យ៉ូសែប ស៊្មីធ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់សាសនាចក្រត្រូវបានគេចាប់ខ្លួនដាក់គុកនៅក្នុងលិបើធី រដ្ឋមិសសួរី នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ។ ( សូមមើល ប្រវត្តិនៃសាសនាចក្រ ៣:១៨៨-៨៩, ២១៥ ) ។
នៅអំឡុងបួនខែបន្ទាប់មកទៀត ព្យាការី បងប្រុសលោក ហៃរុម អាឡិចសាន់ឌើរ ម៉ាក់រ៉ា ឡៃម៉ាន វ៉ែត និង ខាលិប បលវិន ត្រូវបានគេយកទៅដាក់នៅជាន់ក្រោមនៃគុកលិបើធីនៅក្នុងរដូវរងារយ៉ាងល្វីងជូចត់ ។ ស៊ីឌនី រិកដុន ក៏បាននៅជាមួយនឹងពួកលោកមួយរយៈដែរ ប៉ុន្តែលោកត្រូវបានគេដោះលែងនៅដើមខែកុម្ភៈ ។ គុកក្រោមដីនោះមានទំហំប្រហែលជា ៤.៣ ម៉ែត្រគុណនឹង ៤.៣ ម៉ែត្រ ) ។ ពិដានមានកម្ពស់ចន្លោះពី ១.៨ ម៉ែត្រ និង ២ម៉ែត្រ ។ មានបង្អូចតូចពីរដែលផ្ដល់ពន្លឺព្រឹមៗ ហើយនៅពីខាងក្រៅបង្អួចចទាំងនេះ មានមនុស្សជាច្រើនបានចំអក ហើយប្រមាថដល់ពួកអ្នកជាប់ឃុំ ។ ពួកអ្នកជាប់ឃុំទាំងនោះបានដេកនៅលើចំបើងដែលកខ្វក់ ហើយមានពេលខ្លះយ៉ូសែបគ្មានភួយដណ្ដប់ឡើយ ។ ម្ដងម្កាលអាហារត្រូវបានគេដាក់ថ្នាំបំពុល ហើយពេលខ្លះទៀតវាគួរឲ្យខ្ពើមរអើមខ្លាំងណាស់ ប៉ុន្តែពួកលោកទទួលទានដោយសារតែភាពស្រេកឃ្លាន ។ ពួកលោកកម្រនឹងឲ្យមានអ្នកមកសួរសុខទុក្ខណាស់ ហើយមានទុក្ខជាទម្ងន់ដោយស្ដាប់ឮពីការរងទុក្ខរបស់ពួកបរិសុទ្ធដែលត្រូវបានបណ្ដេញចេញពីរដ្ឋមិសសួរីនៅពាក់កណ្ដាលរដូវរងារ ។
ខ្លឹមសារសំបុត្រនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ១២១-២៣មានបញ្ចូលនូវការអធិស្ឋានមួយចំនួនរបស់យ៉ូសែប ស្ម៊ីធ ទៅកាន់ព្រះអម្ចាស់ ។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពរបស់ព្យាការី តើអ្នកនឹងអធិស្ឋានសុំអ្វីខ្លះ ?
សូមអានគោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-៦ ហើយកត់សម្គាល់ពីអ្វីដែលព្យាការីបានអធិស្ឋានសុំ រួមបញ្ចូលទាំងសំណួរដែលលោកបានសួរផងដែរ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងឡាយដែលមានអត្ថន័យចំពោះអ្នក ។ ( នៅពេលអ្នកអានខ ១ និង ៤ វាជាការល្អដើម្បីស្គាល់ថា ព្រះពន្លាគឺជាអគារមួយ ឬគ្រោងមួយទៀតដែលផ្ដល់ទីជម្រក ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-១០; ១២២
ព្រះអម្ចាស់លួងលោមយ៉ូសែប ស្ម៊ីធ
ចម្លើយរបស់ព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់យ៉ូសែប ស្ម៊ីធ គឺមាននៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-៤៦និង១២២:១-៩ ។ សូមអានគោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-៩ ដោយស្វែងរកសេចក្ដីពិតដែលបានជួយយ៉ូសែប និងពួកដៃគូរបស់លោកនៅក្នុងគុកលិបើធី ។
-
នៅពេលអ្នកសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-៩ សូមបំពេញកិច្ចការខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរយ៉ាងហោចណាស់ឲ្យបានសេចក្ដីពិតចំនួនពីរដែលអ្នករកឃើញនៅក្នុងខគម្ពីរទាំងនេះ ។ សូមពន្យល់ពីរបៀបដែលគោលការណ៍ ឬគោលលទ្ធិទាំងនេះប្រហែលជាបានជួយដល់យ៉ូសែប និង ពួកដៃគូរបស់លោក ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើអ្នកគិតថាអ្វីទៅជាភាពខុសប្លែកគ្នារវាងការស៊ូទ្រាំនឹងការសាកល្បង និង ការស៊ូទ្រាំនឹងការសាកល្បងបានល្អ ? ព្រះអម្ចាស់បានមានបន្ទូលថា សេចក្តីទំនាស់ និង សេចក្ដីលំបាករបស់យ៉ូសែប ស្ម៊ីធ នោះ « គ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » ( គ. និង ស. ១២១:៧ ) ។ តើអ្នកគិតថា វាមានន័យយ៉ាងណា ? តើទស្សននេះជួយយើងឲ្យស៊ូទ្រាំនឹងការសាកល្បងរបស់យើងឲ្យល្អតាមរបៀបណា ?
-
សូមសរសេរពាក្យពីរ ឬបីប្រយោគអំពីមនុស្សម្នាក់ដែលអ្នកស្គាល់ ហើយមានគំរូនៃការស៊ូទ្រាំនឹងការសាកល្បងបានល្អ ។
-
-
សូមគិតឡើងវិញពីស្ថានភាពដែលបានពិពណ៌នានៅដើមមេរៀននេះ—មិត្តម្នាក់ដែលកំពុងរងទុក្ខ ហើយគិតថាព្រះបានបោះបង់នាងចោល ។ សូមសរសេរសំបុត្រលួងលោមចិត្តមួយច្បាប់ទៅកាន់មិត្តម្នាក់នេះ ដោយប្រើសេចក្ដីពិតដែលអ្នករកឃើញនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-៩ ។ សូមពន្យល់ពីរបៀបដែលសេចក្ដីពិតទាំងនេះអាចជួយដល់នាង ។ អ្នកអាចនឹងចង់ដកស្រង់ផ្នែកមួយចំនួន ឬផ្នែកទាំងស្រុងនៃខ ៩ដាក់នៅក្នុងសំបុត្រនេះ ។
សូមសញ្ជឹងគិតពីកម្លាំងដែលអ្នកទទួលបានពីចំណេះដឹងរបស់អ្នកថា នៅពេលយើងអំពាវនាវដល់ព្រះអម្ចាស់នៅក្នុងគ្រានៃសេចក្ដីទំនាស់ និង សេចក្ដីទុក្ខលំបាក យើងអាចទទួលបានសេចក្ដីសុខសាន្តរបស់ទ្រង់ ហើយថាប្រសិនបើយើងស៊ូទ្រាំនឹងការសាកល្បងបានល្អនៅក្នុងជីវិតរមែងស្លាប់ ព្រះនឹងប្រទានពរដល់យើងនៅពេលនេះ និងនៅភាពអស់កល្បជានិច្ច ។
នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ១២២ យើងអានពាក្យទូន្មាន និង ការលួងលោមបន្ថែមទៀតដែល ព្រះអម្ចាស់បានប្រទានដល់យ៉ូសែប ស្ម៊ីធ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:១-៤ ដោយស្វែងរកពរជ័យ ដែលព្រះអម្ចាស់បានសន្យាដល់យ៉ូសែប ស្ម៊ីធ ។ តើអ្នកគិតថា ការសន្យាទាំងនេះបានជួយព្យាការីនៅក្នុងគ្រាដ៏លំបាកនេះយ៉ាងណាខ្លះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៥-៧ ដោយស្វែងរកគោលការណ៍មួយ ដែលព្រះអម្ចាស់បានបង្រៀន យ៉ូសែប ស៊្មីធ អំពីហេតុផលដែលយើងជួយសេចក្ដីទុក្ខលំបាក ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ និងប្រយោគដែលសំខាន់ចំពោះអ្នក ។
តើយើងអាចរៀនអ្វីខ្លះពីខគម្ពីរទាំងនេះ អំពីគោលបំណងមួយនៃសេចក្ដីទុក្ខលំបាក ? សូមបំពេញប្រយោគដូចតទៅនេះ ៖សេចក្ដីទុក្ខលំបាកអាចផ្ដល់ឲ្យយើង ហើយទៅ ជា។
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីរបៀបដែលសេចក្ដីទុក្ខលំបាកអាចផ្ដល់ការពិសោធន៍ដល់យើង ហើយទៅជាការល្អដល់យើង ។
« អ្នកប្រហែលជាមានអារម្មណ៍ឯកោ នៅពេលសេចក្ដីទំនាស់ចូលមកក្នុងជីវិតអ្នក ។ អ្នកគ្រវីក្បាល ហើយនឹកឆ្ងល់ថា ‹ ហេតុអ្វីជារូបខ្ញុំ › ?
« ប៉ុន្តែនៅទីបំផុតទុក្ខព្រួយនេះនឹងកើតមានចំពោះយើងម្នាក់ៗ ។ នៅពេលខុសៗគ្នា មនុស្សគ្រប់រូបត្រូវតែជួបនឹងទុក្ខព្រួយ ។ គ្មាននរណាម្នាក់ចៀសផុតឡើយ » ។…
« ការរៀនស៊ូទ្រាំក្នុងគ្រានៃការខកចិត្ត ការរងទុក្ខ និងសោកសៅ គឺជាផ្នែកនៃការបំពាក់បំប៉នការងាររបស់យើង ។ ជាញឹកញាប់ បទពិសោធន៍ទាំងនេះហាក់បីដូចជាពិបាកទ្រាំទ្រ តែវាក៏ជាប្រភេទនៃបទពិសោធន៍ជាក់លាក់ ដែលពង្រីកការយល់ដឹងរបស់យើង ស្ថាបនាចរិកលក្ខណៈរបស់យើង ហើយបង្កើនសេចក្ដីមេត្តារបស់យើងចំពោះអ្នកដទៃ » (Come What May, and Love It » Ensignឬ Liahona,ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៧ ) ។
អែលឌើរ អួសុន អែហ្វ វិតនី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក៏បានបង្រៀនថា សេចក្ដីលំបាកនានាអាចទៅជាការល្អដល់យើង ៖ « គ្មានការឈឺចាប់ណាមួយដែលយើងរងទុក្ខ គ្មានការសាកល្បងណាមួយដែលយើងជួបជារឿងអាសារឥតការឡើយ » ។ វាបម្រើដល់ការអប់រំរបស់យើង ដល់ការអភិវឌ្ឍនៃគុណសម្បត្តិដូចជា ការអត់ធ្មត់ សេចក្ដីជំនឿ ការរឹងមាំ និង ការបន្ទាបខ្លួន ។ អ្វីទាំងអស់ដែលយើងរងទុក្ខ និងអ្វីទាំងអស់ដែលយើងស៊ូទ្រាំ ជាពិសេសនៅពេលយើងស៊ូទ្រាំវាដោយអត់ធ្មត់នោះ វានឹងពង្រឹងដល់អត្តចរិតរបស់យើង បន្សុទ្ធដួងចិត្តយើង ពង្រីកព្រលឹងយើង និង ធ្វើឲ្យយើងចេះស្រឡាញ់ និងសប្បុរសកាន់តែខ្លាំង កាន់តែសាកសមនឹងត្រូវបានហៅថាជាកូនចៅនៃព្រះ … ហើយវាគឺតាមរយៈសេចក្ដីសោកសៅ និងការរងទុក្ខ ការលំបាកនិង ទុក្ខព្រួយ ដែលយើងទទួលបានការអប់រំដែលយើងមកទីនេះដើម្បីទទួលបាន » ( នៅក្នុង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ៩៨ ) ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានជួបសេចក្ដីលំបាកច្រើនទៀតក្រោយពីលោកបានរងទុក្ខនៅក្នុងគុកលិបើធី ។ ប្រធាន ព្រិកហាំ យ៉ង់ បានមានថ្លែង ៖ « យ៉ូសែបមិនអាចល្អឥតខ្ចោះបានឡើយ ទោះជាលោកបានរស់នៅដល់រាប់ពាន់ឆ្នាំក្ដី ប្រសិនបើលោកគ្មានការបៀតបៀន ។ ប្រសិនបើលោករស់នៅបានរាប់ពាន់ឆ្នាំ ហើយដឹកនាំប្រជាជននេះ ហើយផ្សាយដំណឹងល្អដោយគ្មានការបៀតបៀន នោះលោកមិនអាចល្អឥតខ្ចោះដូចជាលោកបានរស់នៅត្រឹមតែ [ សាមសិបប្រាំបី ] ឆ្នាំឡើយ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៦៤) ។
-
នៅក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីបទពិសោធន៍ដ៏លំបាកមួយដែលបានក្លាយជាការល្អដល់អ្នក ។
តើអ្នកធ្លាប់ឮគេនិយាយថា គ្មាននរណាម្នាក់យល់ពីការសាកល្បងដែលពួកគេកំពុងជួបដែរឬទេ ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៨ ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់អាចមានបន្ទូលតបទៅនឹងមតិនេះ ។ ដើម្បីបង្កើនការយល់ដឹងរបស់អ្នកអំពីប្រយោគថា « បានចុះទាបជាងការណ៍ទាំងនោះទៅទៀត » សូមអាននីហ្វៃទី២ ៩:២០-២១; អាលម៉ា ៧:១១; និង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥-៦ ។ អ្នកអាចពិចារណាសរសេរនូវគោលលទ្ធិដូចតទៅនេះនៅក្បែរគោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៨ ៖ ព្រះអង្គសង្គ្រោះបានរងទុក្ខការឈឺចាប់ និងសេចក្ដីលំបាករបស់មនុស្សទាំងអស់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា គោលលទ្ធិនេះបានជួយព្យាការី យ៉ូសែប ស៊្មីធ និង ពួកដៃគូរបស់លោកនៅក្នុងគុកលិបើធីតាមរបៀបណាខ្លះ ?
-
តើគោលលទ្ធិនេះ អាចជួយអ្នក នៅពេលអ្នកជួបនឹងបញ្ហាយ៉ាងដូចម្ដេចខ្លះ ?
-
អែលឌើរ វ៉ឺតលីន បានបង្រៀន ៖
« ដោយសារព្រះយេស៊ូវគ្រីស្ទបានរងទុក្ខយ៉ាងមហិមា ទ្រង់យល់ពីការរងទុក្ខរបស់យើង ។ ទ្រង់យល់ពីភាពសោកសៅរបស់យើង ។ យើងជួបរឿងលំបាកៗដើម្បីយើងអាចមានសេចក្ដីមេត្តាករុណា និង ការយល់ដឹងកាន់តែច្រើនចំពោះមនុស្សផ្សេងទៀត ។
« សូមចងចាំបន្ទូលដ៏ឧត្តមរបស់ព្រះអង្គសង្គ្រោះទៅកាន់ព្យាការីយ៉ូសែប ស្ម៊ីធ នៅពេលលោកបានរងទុក្ខជាមួយនឹងពួកដៃគូរបស់លោកនៅក្នុងភាពងងឹតអាប់អួរនៃគុកលិបើធី ។
« ‹ បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីលំបាករបស់អ្នកនោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
« ‹ ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ › ។ ( គ. និង ស. ១២១:៧-៨ ) ។
« ជាមួយនឹងទស្សនដ៏អស់កល្បនោះ យ៉ូសែបបានយកការលួងលោមពីបន្ទូលទាំងនេះ ហើយយើងក៏អាចធ្វើដូចគ្នាផងដែរ » ( « Come What May, and Love It » ទំព័រ ២៧ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៩ ហើយគិតពីរបៀបដែលខគម្ពីរនេះមានទំនាក់ទំនងនឹងជីវិត និងការបម្រើរបស់ព្យាការីយ៉ូសែប ស្ម៊ីធ ។
-
សូមឆ្លើយសំណួរដូចតទៅនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៩ ពង្រឹងដល់អ្នកនៅក្នុងគ្រាដ៏លំបាកបានយ៉ាងដូចម្ដេច ?
បន្ទាប់ពីសំបុត្រនេះត្រូវបានសរសេរមិនយូរប៉ុន្មាន ព្រះអម្ចាស់បានបើកផ្លូវឲ្យយ៉ូសែប ស្ម៊ីធ និង ពួកដៃគូរបស់លោកទៅជួបជុំនឹងពួកបរិសុទ្ធនៅរដ្ឋអិលលីណោយ ។ ព្រះបានគង់នៅជាមួយនឹងអ្នកបម្រើរបស់ទ្រង់ យ៉ូសែប ស៊្មីធពេញមួយជីវិតរបស់យ៉ូសែប ។ ក្រោយមកទៀត មួយឆ្នាំកន្លះពីមុនលោកត្រូវបានគេធ្វើទុក្ករកម្ម យ៉ូសែប ស៊្មីធបានប្រកាស ៖ « ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាខែលរបស់ខ្ញុំ ហើយតើមនុស្សអាចធ្វើអ្វីបាន ប្រសិនបើព្រះជាមិត្តរបស់ខ្ញុំ ? » ( នៅក្នុង History of the Church ៥:២៥៩ ) ។ ប្រសិនបើយើងបន្តស្មោះត្រង់នៅក្នុងសេចក្ដីលំបាករបស់យើង នោះព្រះក៏នឹងគង់នៅជិតយើង ដើម្បីពង្រឹង ហើយជ្រោមជ្រែងយើងជារៀងរហូត ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-១០; ១២២:១–៩ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖