មេរៀនទី ៣១ ៖ ថ្ងៃទី ២
ការលេចចេញមកនៃព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា
បុព្វកថា
ក្នុងឆ្នាំ ១៨៥១ អែលឌើរ ហ្រ្វែងគ្លីន ឌី រីឆាដ ជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង ជាប្រធានបេសកកម្មអង់គ្លេស បានបោះពុម្ពវិវរណៈ ការបកប្រែ និង ការសរសេរមួយចំនួនរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ហើយត្រូវបានហៅថា ការជ្រើសរើសនៃមុក្ដាដ៏មានតម្លៃមហិមា ដែលក្រោយមកត្រូវបានបញ្ចូលទៅក្នុងបទដ្ឋានព្រះគម្ពីរ ។ « ព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា គឺជាការជ្រើសរើសនូវឯកសាដ៏សំខាន់ទាំងឡាយ ដែលទាក់ទងទៅនឹងចំណុចសំខាន់ៗជាច្រើន អំពីសេចក្តីជំនឿ និងគោលលទ្ធិនៃសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទបរិសុទ្ធថ្ងៃចុងក្រោយ » ( បុព្វកថាមុក្ដាដ៏មានតម្លៃមហិមា) ។ ឃ្លា « មុក្ដាដ៏មានតម្លៃមហិមា » បានមកពីរឿងប្រដូចមួយរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាថាយ ១៣:៤៥–៤៦ ) ។ នៅក្នុងរឿងប្រដូចនេះ ឈ្មួញម្នាក់បានលក់របស់ទ្រព្យខ្លួនទាំងអស់ ដើម្បីទិញមុក្តាដ៏មានតម្លៃនោះ ។
ការលេចចេញមកនៃព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា
តើអ្នកដឹងថា មុក្ដាត្រូវបានបង្កើតឡើងតាមរបៀបណាដែរឬទេ ? មុក្ដាមួយគ្រាប់ត្រូវបានបង្កបង្កើតឡើងនៅក្នុងមាត់ខ្យងសមុទ្រ ចំពោះខ្យងសមុទ្រវាគិតថាជាគ្រាប់ខ្សាច់ដ៏រំខានមួយគ្រាប់ប៉ុណ្ណោះ ។ ខ្យងសមុទ្របង្កើតជាសារធាតុមួយ ដែលរុំជុំវិញគ្រាប់ខ្សាច់ដែលយូរៗទៅបង្កើតបានជាគុជ ។ គុជធម្មជាតិ គឺកម្រមានណាស់ ហើយវាត្រូវបានចាត់ទុកថាមានតម្លៃខ្ពស់ ។
នៅក្នុងមេរៀននេះ អ្នកនឹងរៀនអំពីធាតុដើមនៃគុជមួយទៀត—ដែលជាសៀវភៅមួយក្នុងព្រះគម្ពីរមានចំណងជើងថា មុក្ដាដ៏មានតម្លៃមហិមា ។ នៅពេលអ្នកសិក្សាថាតើព្រះគម្ពីរនេះចេញមកតាមរបៀបណា នោះសូមស្វែងរកមូលហេតុមួយចំនួនដែលមុក្ដាដ៏មានតម្លៃមហិមា មានតម្លៃសម្រាប់យើង ។
សូមអានកថាខណ្ឌផ្នែកទីមួយនៅក្នុងបុព្វកថានៃមុក្ដាដ៏មានតម្លៃមហិមា ដោយស្វែងរកអ្វីដែលមានសរសេរនៅក្នុងមុក្ដាដ៏មានតម្លៃមហិមា ។ ពាក្យ ទស្សនាវដ្ដី សំដៅទៅលើកាសែត ឬ ទស្សនាវដ្ដី—ជាការបោះពុម្ពទាំងឡាយ ដែលត្រូវបានចែកចាយជាទៀងទាត់ ដូចជាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែ ។
នៅក្នុងកថាខណ្ឌផ្នែកទីពីរនៃបុព្វកថា យើងរៀនថា ក្នុងឆ្នាំ ១៨៥១ អែលឌើរ ហ្វ្រាំងក្លិន ឌី រិចឺត្ស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រមូលផ្ដុំការជ្រើសរើសនៃឯកសារនានាមកពីព្យាការី យ៉ូសែប ស៊្មីធ ហើយបានបោះពុម្ពឯកសារទាំងនោះជាមុក្តាដ៏មានតម្លៃមហិមា ។ ពីមុនឯកសារទាំងនោះអាចក្លាយទៅជាផ្នែកមួយនៃបទដ្ឋានព្រះគម្ពីរ គណៈប្រធានទីមួយត្រូវតែអនុមតិ ហើយបង្ហាញព្រះគម្ពីរទាំងនោះទៅដល់សមាជិកសាសនាចក្រ នៅក្នុងសន្និសីទទូទៅ ដើម្បីទទួលការគាំទ្រ ។ ក្នុងអំឡុងពេលនៃសន្និសីទទូទៅមួយរបស់សាសនាចក្រក្នុងខែ តុលា ឆ្នាំ ១៨៨០ សមាជិកសាសនាចក្របានទទួលយកមុក្ដាដ៏មានតម្លៃមហិមាជាព្រះគម្ពីរ—ជាចំណែកនៃព្រះគម្ពីរបទដ្ឋាន ។
នៅក្នុងកថាកណ្ឌទីបីនៃបុព្វកថា យើងរៀនថា ចាប់តាំងពីការបោះពុម្ពគម្ពីរមុក្ដាដ៏មានតម្លៃមហិមាជាលើកដំបូង មាតិកាមួយចំនួនត្រូវបានបន្ថែម ឬ បានដកចេញ ។ មាតិកាមួយចំនួនត្រូវបានបន្ថែម ហើយក្រោយមកត្រូវបានដកចេញទៅដាក់ក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ។
សូមអានផ្នែកចុងក្រោយនៃបុព្វកថា រួចស្វែងរកមាតិកានៃមុក្តាដ៏មានតម្លៃមហិមា នាពេលបច្ចុប្បន្ននេះ ។
គម្ពីរម៉ូសេ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ
គម្ពីរម៉ូសេ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ គឺជាផ្នែកនៃការបកប្រែដោយ យ៉ូសែប ស៊្មីធ នៃព្រះគម្ពីរប៊ីប ។ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ គឺជា « ការពិនិត្យឡើងវិញ ឬ កំណែបកប្រែរបស់សេ្ដចជែមស៍ នៃព្រះគម្ពីរបរិសុទ្ធជាភាសាអង់គ្លេស ដែលព្យាការី យ៉ូសែប ស្ម៊ីធ បានចាប់ផ្ដើមក្នុងខែ មិថុនា ឆ្នាំ ១៨៣០ ។ លោកត្រូវបានព្រះត្រាស់បង្គាប់ ឲ្យធ្វើការបកប្រែ និង ចាត់ទុកថាវាជាផ្នែកមួយនៃការហៅបម្រើរបស់លោក ក្នុងនាមជាព្យាការីមួយរូប » ( Guide to the Scriptures, Joseph Smith Translation” scriptures.lds.org) ។ ព្រះអម្ចាស់បានត្រាស់សម្ដែងពាក្យពេចន៍នៃគម្ពីរម៉ូសេទៅកាន់ យ៉ូសែប ស៊្មីធ នៅពេល យ៉ូសែប បានសរសេរបន្ថែម កែប្រែ ហើយលុបជំពូកមួយចំនួនក្នុងគម្ពីរលោកុប្បត្តិ អំឡុងពេលលោកបកប្រែព្រះគម្ពីរប៊ីប ។ គម្ពីរម៉ូសេ មាននូវសេចក្ដីពិតដ៏មានតម្លៃ អំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
សូមអានគម្ពីរម៉ូសេត្រួសៗ ហើយរកមើលខគម្ពីរមួយយ៉ាងតិច ដែលមាននូវសេចក្ដីពិតមួយ ដែលអ្នកចាត់ទុកថាមានតម្លៃ ។ សូមសរសេរខគម្ពីរដែលអ្នកបានជ្រើសរើស ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក រួចសរសេរអំពីមូលហេតុដែលវាមានអត្ថន័យចំពោះអ្នក ។
គម្ពីរអ័ប្រាហាំ
ដូចជាគម្ពីរម៉ូសេដែរ គម្ពីរអ័ប្រាហាំស្ដារឡើងវិញនូវសេចក្ដីពិតដ៏មានតម្លៃ ។ វាបង្រៀនអំពីជីវិតមុនឆាកជីវិតនេះ ថែមទាំងផ្ដល់ការយល់ដឹងកាន់តែច្បាស់អំពីជីវិត និង ការបម្រើរបស់អ័ប្រាហាំ និង សេចក្ដីសញ្ញា ដែលព្រះអម្ចាស់បានធ្វើជាមួយលោក ។ វាគឺជារតនសម្បត្តិមួយដែលមានគម្ពីរអ័ប្រាហាំ ហើយមើលឃើញអំពីរបៀបដែលលោកបានគោរពប្រតិបត្តិព្រះនៅគ្រប់វេលាទាំងអស់ និង របៀបដែលព្រះបានប្រទានកិត្តិយសដល់លោក ។
កថាខណ្ឌខាងក្រោមនេះគឺជាការបកស្រាយ អំពីរបៀបដែលព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលអត្ថបទពីបុរាណនៅក្នុងគម្ពីរអ័ប្រាហាំ ៖ « នៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ១៨៣៥ មានបុរសម្នាក់ឈ្មោះ ម៉ៃឃែល ចានលើរ បាននាំយកសាកសពម៉ូមីអេហ្ស៊ីបចំនួនបួន និង ផ្ទាំងរមូរជាច្រើន ដែលមានអក្សរអេហ្ស៊ីបបុរាណយកទៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ សាកសពម៉ូមី និង ផ្ទាំងរមូរ ត្រូវគេរកឃើញនៅប្រទេសអេហ្ស៊ីបជាច្រើនឆ្នាំមុនដោយ អានតូនីញ៉ូ លីបូឡូ ។ ទីក្រុង ខឺតឡង់ គឺជាកន្លែងដែលរដ្ឋជាច្រើនចូលសំចត នៃសហរដ្ឋអាមេរិកប៉ែកខាងកើត ដើម្បីមើលការតាំងពិពណ៌សាកសពម៉ូមីរបស់ ចានលើរ ។ ចានលើរ បានដាក់លក់សាកសពម៉ូមី និង ផ្ទាំងរមូរទាំងឡាយ ហើយដោយមានការជម្រុញពីព្យាការី យ៉ូសែប ស្ម៊ីធ នោះសមាជិកមួយចំនួននៃសាសនាចក្រ បានបរិច្ចាគប្រាក់ដើម្បីទិញវា ។ នៅក្នុងសេចក្ដីថ្លែងការមួយចុះថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ១៨៣៥ យ៉ូសែប ស៊្មីធ បានប្រកាសអំពីសារៈសំខាន់នៃអត្ថបទរបស់ជនជាតិអេហ្ស៊ីបពីបុរាណទាំងនេះ ដែលបានកត់ត្រា ៖ ‹ ខ្ញុំបានចាប់ផ្ដើមបកប្រែតួរអក្សរ ឬ អក្សរសញ្ញាសម្គាល់មួយចំនួន ហើយសេចក្ដីអំណររបស់យើងគឺមានដ៏លើសលប់ដែលរកឃើញថា ផ្ទាំងរមូរមួយមាននូវការសរសររបស់អ័ប្រាហាំ ។… ពិតណាស់ យើងអាចនិយាយបានថា ព្រះអម្ចាស់បានចាប់ផ្ដើមត្រាស់សម្ដែងភាពសុខសាន្ត និង សេចក្ដីពិតដ៏ពេញបរិបូរហើយ › (History of the Church, ២:២៣៦ ) » ។ ( The Pearl of Great Price Student Manual [ Church Educational System manual ឆ្នាំ ២០០០ ] ទំព័រ ២៨) ។
មនុស្សមួយចំនួនបានងឿងឆ្ងល់ ថាតើព្យាការីបានបកប្រែអត្ថបទពីបុរាណនោះដោយរបៀបណា ។ យ៉ូសែប ស៊្មីធ ពុំដែលប្រាប់ឲ្យគេដឹងអំពីរបៀបដែលលោកបកប្រែកំណត់ត្រាទាំងនេះទេ ប៉ុន្តែ លោកបានបកប្រែអត្ថបទទាំងនេះដោយអំណោយទាន និង ព្រះចេស្តានៃព្រះ ។ សាសនាចក្រ អ្នកប្រាជ្ញ និង ប្រវត្តិវិទូជាច្រើននាក់ បន្តព្យាយាមយល់អត្ថបទដើមនៃគម្ពីរនេះ ។ គម្ពីរនេះក៏ដូចជាគម្ពីរដទៃទៀតដែរ អត្ថន័យដ៏ជ្រាលជ្រៅនៃការទទួលបានទីបន្ទាល់អំពីភាពពេញលេញនៃគម្ពីរអ័ប្រាហាំ គឺជាការសិក្សាប្រកដដោយការអធិស្ឋានអំពីគម្ពីរនេះ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ LDS.orgជ្រើសរើស Gospel Topicsរួចស្វែងរក book of Abraham ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាវាមានសារៈសំខាន់ ដែលត្រូវទទួលបានសាក្សីខាងវិញ្ញាណអំពីសេចក្ដីពិតពេញលេញនៃគម្ពីរអ័ប្រាហាំ ?
ខាងក្រោមនេះគឺជាបញ្ជីសំណួរដែលធ្លាប់បានសួរជាទូទៅ ដោយភ្ជាប់មកជាមួយចម្លើយអំពីការលេចចេញមកនៃគម្ពីរអ័ប្រាហាំ ៖
សំណួរ ៖ ហេតុអ្វីបានជា យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា លោកបានបកប្រែអត្ថបទនៃគម្ពីរអ័ប្រាហាំ ទោះជាសំណៅនៃអត្ថបទនេះ ពុំមានកាលបរិច្ឆេទចាប់តាំងពីជំនាន់អ័ប្រាហាំផងនោះ ?
ចម្លើយ ៖ ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា គម្ពីរអ័ប្រាហាំ គឺជា « ការបកប្រែនៃកំណត់ត្រាពីបុរាណមួយចំនួន ដែលបានធ្លាក់ក្នុងដៃរបស់យើងបានមកពី ផ្នូរខេតខូមស៍របស់អេស៊ីព្ទ ដែលការណ៍នេះអះអាងថាជាអត្ថបទរបស់អ័ប្រាហាំ ខណៈដែលលោកនៅប្រទេសអេស៊ីព្ទ » ( Times and Seasons ថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៤២ ទំព័រ ៧០៤ ) ។
ក្នុងឆ្នាំ ១៩៦៦ បំណែកនៃផ្ទាំងរមូរចំនួនដប់មួយបំណែក ដែលធ្លាប់ជាកម្មសិទ្ធិរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវបានរកឃើញនៅក្នុងសារៈមន្ទីរសិល្បៈ មេត្រូប៉ូលីតាន នៅទីក្រុង ញូវ យ៉ក ។ ផ្ទាំងរមូរទាំងនេះមាននូវអត្ថបទដ៏ពិតរបស់ពួកអេហ្ស៊ីប ប៉ុន្តែវាពុំកំណត់អំពីកាលបរិច្ឆេទនៃជំនាន់របស់អ័ប្រាហាំឡើយ ហើយវាក៏មិនមាននូវដំណើររឿងផ្ទាល់ខ្លួនដ៏ពិតប្រាកដរបស់អ័ប្រាហាំដែរ ។ វាជាការសំខាន់ដែលត្រូវដឹងថា ផ្ទាំងរមូរដែលបានរកឃើញនោះមានតែពីរបីបំណែកតែប៉ុណ្ណោះ និងពុំមែនជាផ្ទាំងរមូរទាំងអស់ដែល យ៉ូសែប ស៊្មីធ ធ្លាប់មាននោះទេ ។ គម្ពីរអ័ប្រាហាំអាចត្រូវបានបកប្រែចេញមកពី ផ្ទាំងរមូរដែលពុំត្រូវបានរកឃើញ ។ ផ្ទាំងរមូរដែលបានបាត់បង់នេះ អាចនឹងមានអត្ថបទសរសេរដោយអ័ប្រាហាំ ។
នៅពេលបច្ចុប្បន្ននេះ ជាធម្មតាយើងពុំដឹងអំពីលក្ខណៈពិតប្រាកដនៃទំនាក់ទំនងរវាងគម្ពីរអ័ប្រាហាំ និង ផ្ទាំងរមូរដែល យ៉ូសែប ស៊្មីធ បានមាននោះទេ ។ មានទ្រឹស្តីជាច្រើនដែលចោទសួរអំពីរបៀបដែលព្យាការីបានបកប្រែអត្ថបទទាំងនេះ ប៉ុន្តែ ជាធម្មតាយើងពុំដឹងអំពីសេចក្ដីពិស្ដារឡើយ ។ យើងពិតជាដឹងថា ព្យាការី យ៉ូសែប ស្ម៊ីធ បានបកប្រែគម្ពីរអ័ប្រាហាំ ដោយអំណោយទាន និង ព្រះចេស្តានៃព្រះ ។
សំណួរ ៖ តើ យ៉ូសែប ស្ម៊ីធ បានធ្វើអ្វីខ្លះ នៅក្នុងការបកប្រែរបស់លោក ?
ចម្លើយ ៖ « គម្ពីរអ័ប្រាហាំ ត្រូវបានបោះពុម្ពជាលើកដំបូងដោយមានការដកស្រង់តែចំនួនពីរបីប៉ុណ្ណោះក្នុងមួយលើកៗនៅក្នុងកាសែត Times and Seasons ដែលជាការបោះពុម្ពផ្សាយរបស់សាសនាចក្រ ចាប់ផ្ដើមក្នុងខែ មិនា ឆ្នាំ ១៨៤២ នៅទីក្រុង ណៅវូ រដ្ឋ អិលលីណោយ [ សូមមើល បុព្វកថានៃមុក្តាដ៏មានតម្លៃមហិមា ] ។ ព្យាការី យ៉ូសែប ស៊្មីធ បានចង្អុលបង្ហាញថា លោកនឹងបោះពុម្ពគម្ពីរអ័ប្រាហាំបន្ថែមទៀតនៅពេលក្រោយ ប៉ុន្ដែលោកត្រូវបានគេធ្វើឃាត មុនពេលលោកអាចបោះពុម្ពបន្ថែមទៀត ។ ស្ដីអំពីរយៈពេលជាចម្បងនៃការបកប្រែបានបញ្ចប់ អូលីវើរ ខៅឌើរី បានមានប្រសាសន៍ម្ដងនោះថា ‹ ភាគនានា › ចាំបាច់ត្រូវមានដាក់នៅក្នុងនោះ ( សូមមើល Messenger and Advocate ខែ ធ្នូ ឆ្នាំ ១៨៣៥ ទំព័រ ២៣៦ ) ។
« បន្ថែមពីលើអត្ថបទសរសេរជាអក្សរសញ្ញាសម្គាល់ សំណៅនោះក៏មានគំនូរផ្សេងៗនៃពួកអេហ្ស៊ីបផងដែរ ។ នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ១៨៤២ ព្យាការី យ៉ូសែប ស្ម៊ីធ បានសុំ រ៉ូប៊ិន ហែតឡក់ ជាអ្នកឆ្លាក់ឈើដ៏ជំនាញមួយរូប និងជាសមាជិកនៃសាសនាចក្រ ឲ្យរៀបចំកាត់ឈើឆ្លាក់ជាពុម្ពចំនួនបី ដើម្បីពួកគេអាចបោះពុម្ពបាន ។ ហែតឡក់ បានបញ្ចប់ការឆ្លាក់ក្នុងមួយសប្ដាហ៍ ហើយ យ៉ូសែប ស៊្មីធ បានបោះពុម្ពច្បាប់ចម្លង ( សំណៅ ) ព្រមជាមួយនឹងគម្ពីរអ័ប្រាហាំ ។ ការពន្យល់របស់ យ៉ូសែប ស៊្មីធ អំពីគំនូរព្រមជាមួយនឹងសំណៅទាំងឡាយ » (The Pearl of Great Price Student Manualទំព័រ ២៨-២៩) ។
សំណួរ ៖ តើមានអ្វីកើតឡើងចំពោះសាកសពម៉ូមី និង ផ្ទាំងរមូរនោះ ?
ចម្លើយ ៖ « បន្ទាប់ពីមរណភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ នោះមានសាកសពម៉ូមីចំនួនបួន និង ផ្ទាំងរមូរ បានក្លាយទៅជាសម្បត្តិរបស់ម្ដាយ យ៉ូសែប ដែលជាស្ត្រីមេម៉ាយឈ្មោះ លូស៊ី ម៉ាក ស្ម៊ីធ ។ នៅពេល លូស៊ី ទទួលមរណភាព ក្នុងឆ្នាំ ១៨៥៦ទៅ អិមម៉ា ស៊្មីធ ដែលជាភរិយារបស់ព្យាការី បានលក់របស់ទាំងនោះទៅឲ្យលោក អេ ខូម ។ ទ្រឹស្តីមួយចំនួនត្រូវបានលើកឡើង ស្ដីអំពីអ្វីដែលបានកើតឡើងចំពោះសាកសពម៉ូមី និង ផ្ទាំងរមូរ ។ វាបានលេចឡើងថា មានសាកសពយ៉ាងហោចណាស់ចំនួនពីរ ត្រូវបានដុតឆេះនៅក្នុងពេលមានអគ្គីភ័យដ៏ធំឆាបឆេះនៅរដ្ឋ ឈីកាហ្គោ ក្នុងឆ្នាំ ១៨៧១ ( សូមមើល B. H. Roberts, New Witnesses for God វ៉ុល ៣ [ ឆ្នាំ ១៩០៩–១១ ] ២:៣៨០–៣៨២ ) ។
« នៅដើមនិទារឃរដូវឆ្នាំ ១៩៦៦ វេជ្ជ. អាហ្សីស អេស អាទីយ៉ា ជាសាស្ត្រាចារ្យសាកលវិទ្យាល័យយូថាហ៍ បានរកឃើញបំណែកមួយចំនួននៃផ្ទាំងរមូរគម្ពីរអ័ប្រាហាំ កាលលោកកំពុងសិក្សាស្រាវជ្រាវនៅសារៈមន្ទីរសិល្បៈ មេត្រូប៉ូលីតាន នៅទីក្រុង ញូវ យ៉ក ។ បំណែកទាំងនេះ ត្រូវបានបង្ហាញដល់សាសនាចក្រ ដោយនាយកសារៈមន្ទីរ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ១៩៦៧ ។ ពុំមានដំណឹងអំពីទីតាំងបច្ចុប្បន្នរបស់សាកសពម៉ូមីផ្សេងទៀត និង បំណែកផ្សេងទៀតនៃផ្ទាំងរមូរនោះទេ ( សូមមើល H. Donl Peterson, “Some Joseph Smith Papyri Rediscovered ( ឆ្នាំ ១៩៦៧ )” នៅក្នុង Studies in Scripture វ៉ុល ពីរទំព័រ ១៨៣–៨៥ )” (The Pearl of Great Price Student Manualទំព័រ ២៩) ។
បន្ថែមពីលើការបង្រៀនអំពីគោលលទ្ធិ និង គោលការណ៍ដ៏មានតម្លៃ មុក្តាដ៏មានតម្លៃមហិមា គឺជាភស្ដុតាងដែលបង្ហាញថា យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា មុក្ដាដ៏មានតម្លៃមហិមា គឺជាភស្ដុតាងអំពីការហៅបម្រើរបស់ យ៉ូសែប ស៊្មីធ ជាព្យាការី ដោយវិធីណា ?
មាត្រានៃសេចក្ដីជំនឿ
នៅថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៤២ ព្យាការី យ៉ូសែប ស៊្មីធ បានបោះពុម្ពសំបុត្រមួយច្បាប់ដែលលោកបានសរសេរទៅកាន់ ចន វែនវើស ជាអ្នកសរសរកាសែត ដោយពន្យល់ប្រាប់អំពីប្រវត្តិ និង ជំនឿនៃសាសនាចក្រ ។ រឿងនេះត្រូវបានគេស្គាល់ជាទូទៅថា សំបុត្ររបស់ វែនវើស ។ នៅក្នុងសំបុត្រនោះ យ៉ូសែប បានប្រកាសគោលការណ៍គ្រឹះនៃដំណឹងល្អចំនួន ១៣ ។ ជំនឿទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុង មុក្ដាដ៏មានតម្លៃមហិមា ជាមាត្រានៃសេចក្ដីជំនឿ ។ ទោះបីជាអ្វីទាំងនោះពុំមែនជាសេចក្ដីថ្លែងការណ៍មួយអំពីសេចក្ដីជំនឿរបស់យើងទាំងអស់ក្ដី តែវាជាកញ្ចប់គោលលទ្ធិ និង គោលការណ៍ដ៏សំខាន់ ។
សូមបើកទៅ ហើយអាន មាត្រានៃសេចក្ដីជំនឿ នៅក្នុងមុក្តាដ៏មានតម្លៃមហិមា ។
-
សូមជ្រើសរើសមាត្រានៃសេចក្ដីជំនឿចំនួនពីរ ។ សូមធ្វើលំហាត់ខាងក្រោមនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរដោយប្រើពាក្យពេចន៍របស់អ្នកផ្ទាល់ អំពីគោលលទ្ធិ ឬ គោលការណ៏ដែលមាត្រានៃសេចក្ដីសញ្ញាបង្រៀន ។
-
សូមស្វែងរកបទគម្ពីរមួយ ដែលគាំទ្រ ឬ ពន្យល់អំពីគោលលទ្ធិ ឬ គោលការណ៍នៅក្នុងមាត្រានៃសេចក្ដីជំនឿនោះ ។ សូមសរសេរអំពីចំណេះដឹងដែលបទគម្ពីរនេះបន្ថែម ទៅក្នុងការយល់ដឹងរបស់អ្នកអំពីគោលលទ្ធិ ឬ គោលការណ៍នេះ ។
-
សូមសរសេរអំពីវិធីមួយ ដែលការយល់ដឹង និង ការជឿលើមាត្រានៃសេចក្ដីជំនឿនេះ អាចនាំពរជ័យចូលមកក្នុងជីវិតរបស់បុគ្គលម្នាក់ ។
-
អែលឌើរ អិល ថម ភែរី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានតំណាលអំពីរបៀបដែលមាត្រានៃសេចក្ដីជំនឿ អាចមានប្រយោជន៍ជាពិសេសសម្រាប់សមាជិកនៃសាសនាចក្រ ៖
« ខ្ញុំបានធ្វើការសន្និដ្ឋានថា ប្រសិនបើខ្ញុំបានសិក្សាមាតិការបស់មាត្រានៃសេចក្ដីជំនឿនីមួយៗ ខ្ញុំអាចពន្យល់ ហើយការពាររាល់គោលការណ៍ទាំងឡាយនៃដំណឹងល្អ ដែលខ្ញុំអាចមានឱកាសដើម្បីបង្រៀនទៅដល់បុគ្គលដែលកំពុងស្វែងរកសេចក្ដីពិតដែលបានស្ដារឡើងវិញ ។
« តើវាគឺជាពរជ័យដ៏មហិមាយ៉ាងណាទៅ ប្រសិនបើសមាជិកគ្រប់រូបនៃសាសនាចក្រ ទន្ទេញចាំមាត្រានៃសេចក្ដីជំនឿ ហើយក្លាយជាមានការចេះដឹងច្រើនអំពីគោលការណ៍ទាំងឡាយដែលមាននៅក្នុងមាត្រានីមួយៗនោះ ។ លំដាប់នោះ យើងនឹងត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ដើម្បីចែកចាយដំណឹងល្អជាមួយមនុស្សទូទៅ ។…
« មាត្រានៃសេចក្ដីជំនឿ ពុំមែនជាស្នាដៃរបស់ក្រុមនៃពួកអ្នកប្រាជ្ញនោះទេ ប៉ុន្តែ វាត្រូវបានចងក្រងឡើងដោយបុរសតែម្នាក់គត់ ដែលមានការបំផុសគំនិត ជាបុរសដែលបានប្រកាសដោយទូលំទូលាយ និង ដោយសង្ខេប អំពីសារៈសំខាន់នៃគោលលទ្ធិទាំងឡាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ វាមាននូវសេចក្ដីថ្លែងការណ៍ត្រង់ៗ និង សាមញ្ញៗ អំពីគោលការណ៍ទាំងឡាយនៃសាសនារបស់យើង ហើយវារួមគ្នាបង្កើតឡើងជាការបំផុសគំនិតដ៏ទេវភាព ដែលមានលើរូបព្យាការី យ៉ូសែប ស៊្មីធ » ( «The Articles of Faith,» Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៣–២៤ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសេចក្ដីថ្លែងការណ៍ត្រង់ៗ និង សាមញ្ញៗ អំពីគោលការណ៍ទាំងឡាយ អាចមានអត្ថប្រយោជន៍ក្នុងការពន្យល់ និង បង្រៀនអំពីដំណឹងល្អយ៉ាងដូចម្ដេច ?
-
សូមសរសេរអំពីបទពិសោធន៍មួយ ដែលអ្នកបានមាននៅពេលមាត្រានៃសេចក្ដីជំនឿ ឬ សេចក្ដីពិតទាំងឡាយ ដែលមាននៅក្នុងនោះ បានជួយដល់អ្នកក្នុងការពន្យល់ដំណឹងល្អដល់បុគ្គលណាមួយ ។ ប្រសិនបើអ្នកពុំធ្លាប់មានបទពិសោធន៍ដូចនោះទេ សូមសរសេរសំណួរទាំងឡាយ ដែលមនុស្សដទៃអាចនឹងសួរអំពីសាសនារបស់យើង ដែលអាចឆ្លើយបានដោយប្រើមាត្រានៃសេចក្ដីជំនឿ ។
-
អ្នកអាចនឹងចង់ដាក់គោលដៅមួយ ដើម្បីសិក្សា ហើយទន្ទេញឲ្យចាំមាត្រានៃសេចក្ដីជំនឿទាំងអស់ ។ ការធ្វើដូច្នេះនឹងបង្កើនសមត្ថភាពរបស់អ្នក ក្នុងការពន្យល់ប្រាប់អំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី « ការលេចចេញមកនៃព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា » ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖