ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៤ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១១១


មេរៀន​ទី ២៤ ៖ ថ្ងៃទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១១១

បុព្វកថា

ក្នុង​ឆ្នាំ ១៨៣៦ សាសនាចក្រ​បាន​ជំពាក់​បំណុល​យ៉ាង​ច្រើន ។ ព្យាការី យ៉ូសែប ស្ម៊ីធ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង សាឡិម រដ្ឋ ម៉ាស្សាឈូសេត ដែល​នៅ​ទីនោះ​ពួកលោក​បាន​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ប្រាក់ ដើម្បី​សង​បំណុល​របស់​សាសនាចក្រ ។ នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៣៦ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១១ ជា​កណ្ឌ​ដែល​ព្រះអម្ចាស់​បាន​ធានា​ដល់​លោក ទាក់ទង​នឹង​កង្វល់​អំពី​បំណុល និង សុខុមាលភាព​របស់​ទីក្រុង ស៊ីយ៉ូន ។ ព្រះអម្ចាស់​ក៏​បាន​ប្រទាន​សេចក្ដី​ណែនាំ​ដល់​ព្យាការី​ផងដែរ ដែល​ទាក់ទង​នឹង​ការស្នាក់នៅ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ក្រុង សាឡិម ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១១

ព្រះអម្ចាស់​ប្រទាន​ការអះអាង និង សេចក្ដី​ណែនាំ​ដល់ យ៉ូសែប ស៊្មីធ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ

  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​នៃ​បញ្ហា​មួយ​ចំនួន ដែល​នាំ​ឲ្យ​មាន​ភាពតានតឹង ឬ កង្វល់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

សូម​គិត​អំពី​ស្ថានភាព​តានតឹន​ដែល​ព្យាការី យ៉ូសែប ស៊្មីធ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​បាន​ជួប​ប្រទះ នៅ​ពេល​អ្នក​អាន​ព័ត៌មាន​ខាង​ក្រោម​នេះ ៖

នា​រដូវ​ក្ដៅ​ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ បាន​ព្រួយ​បារម្ភ​អំពី​បញ្ហា​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ ។ នៅ​ឆ្នាំ​មុន​នេះ សាសនាចក្រ​បាន​ជាប់​ជំពាក់​បំណុល​ដ៏​ធំ ដោយសារតែ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​គោរពប្រតិបត្តិ​តាម​ការត្រាស់​បង្គាប់​របស់​ព្រះអម្ចាស់ ឲ្យ​កសាង​ព្រះវិហារ​បរសុទ្ធ​ទីក្រុង ខឺត​ឡង់ ដោយ​បាន​ទិញ​ដី​នៅ​រដ្ឋ អូហៃអូ និង មិសសួរី ថែមទាំង​ផ្ដល់​ជំនួយ​ដល់​កង​ទ័ពជំរំស៊ីយ៉ូន​ទៀត ។ សាសនាចក្រ​ក៏​បាន​ត្រូវការ​ប្រាក់​ដើម្បី​ទិញ​ដី​ឲ្យ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន​នោះ​ដែរ ។ ក្នុង​ឆ្នាំ ១៨៣៤ ព្រះអម្ចាស់​បាន​ណែនាំ យ៉ូសែប ស៊្មីធ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​ឲ្យ « បង់​បំណុល [ របស់​ពួកគេ ] ឲ្យ​អស់ » ( គ. និង ស. ១០៤:៧៨ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កិច្ចខិតខំ​របស់​ពួកលោក​ក្នុង​ការសង​បំណុល​ទាំងនេះ​ត្រូវបាន​បង្អាក់ ដោយសារ​ការបាត់បង់​អាជីវកម្ម​ដែល​ផ្ដល់​ប្រាក់​ចំណូល​នៅ​រដ្ឋ មិសសួរី ។ ដូច្នេះ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​បង្គ្រប់​តាម​ការទាមទារ​របស់​ម្ចាស់​បំណុល​ឡើយ ។

បើសិនជា​អ្នក​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ពេល​នោះ ហេតុអ្វី​បាន​ជា​ស្ថានភាព​នេះ​អាច​ជា​ការព្រួយបារម្ភ​ចំពោះ​អ្នក ?

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ថា ទ្រង់​នឹង « បញ្ជូន​ផ្លូវ​នានា​ដល់ [ ពួកលោក ] សម្រាប់​ការរំដោះ [ របស់​ពួក​លោក ] » ( គ. និង ស. ១០៤:៨០ ) ចេញ​ពី​បញ្ហា​បំណុល​របស់​សាសនាចក្រ ។ ក្នុង​ឆ្នាំ ១៨៣៦ សមាជិក​សាសនាចក្រ​ម្នាក់​ឈ្មោះ វិល្លាម ប៊ើហ្គែស បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង ខឺត​ឡង់ ហើយ​បាន​ជម្រាប​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​ដែល​មាន​នៅ​ក្រុង សាឡិម រដ្ឋ ម៉ាស្សាឈូសេត ។ គាត់​បាន​ពោល​ថា ប្រាក់​នោះ​ស្ថិត​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​នៃ​ផ្ទះ​មួយ ហើយ​គាត់​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់ ដែល​បាន​ដឹង​អំពី​ទីតាំង​នៃ​ប្រាក់​នោះ ។

បើសិនជា​អ្នក​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ពេល​នោះ តើ​អ្នក​នឹង​ឆ្លើយ​តប​ចំពោះ​ដំណឹង​នេះ​យ៉ាង​ដូចម្ដេច ?

យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន, ហៃរុម ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ នៅ​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៨៣៦ ដើម្បី​ទៅ​ជួប​នឹង​ម្ចាស់​បំណុល​របស់​សាសនាចក្រ​នៅ​រដ្ឋ នូវ យ៉ោក ។ បន្ទាប់​ពី​បាន​ស្នាក់នៅ​នៅ​រដ្ឋ នូវ យ៉ោក ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្រុម​របស់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង សាឡិម រដ្ឋ ម៉ាស្សាឈូសេត ។ វិល្លាម ប៊ើហ្គែស បាន​ជួប​ពួក​លោក​នៅ​ក្រុង សាឡិម ប៉ុន្តែ​លោក​បាន​វាចា​ថា ក្រុង​នេះ​ឥឡូវ​បាន​កែប្រែ​មុខមាត់​ច្រើន​ណាស់​ពី​កាល​ដែល​គាត់​បាន​រស់នៅ​ទីនោះ ដូច្នេះ​គាត់​ពុំ​អាច​រក​ផ្ទះ​ដែល​មាន​ប្រាក់​នោះ​ឃើញ​ទេ ។ ក្រោយ​មក បងប្រុស ប៊ើហ្គែស បាន​ចាកចេញ​ពី​ក្រុង សាឡិម ទៅ ។

ផែនទី សហរដ្ឋ​ភាគ​ឦសាន

តើ​អ្នក​គិត​ថា អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង សាឡិម ដោយ​សង្ឃឹម​ថា​នឹង​រក​ឃើញ​មធ្យោបាយ​ដើម្បី​ជួយ​សង​បំណុល​របស់​សាសនាចក្រ ហើយ​ពុំ​អាច​រក​បាន​ដូច​អ្វី​ដែល​អ្នក​បាន​រំពឹង​ទុក​នោះ ? តើ​អ្នក​អាច​នឹង​ធ្វើ​អ្វី​ខ្លះ ?

ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ចំណាយ​ពេល​ខ្លះ ដើម្បី​ស្វែងរក​ផ្ទះ​ដែល​ត្រូវបាន​ប្រាប់​ថា​មាន​ប្រាក់​នោះ ។ នៅ​ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ១៨៣៦ កាល​ពួកលោក​កំពុង​នៅ​ក្រុង សាឡិម នៅ​ឡើយ​នោះ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១១:១ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់ បាន​មាន​ព្រះទ័យ​យ៉ាង​ដូចម្ដេច​អំពី​ការធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង សាឡិម នេះ ។ ពាក្យ ការចម្កួត អាច​មាន​ន័យ​ថា « ទង្វើ​ឆោតល្ងង់ ឬ លីលា ប៉ុន្តែ​មិនមែន​ជា​បទល្មើស​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​ជា​ទង្វើ​មួយ​ដែល​មិន​សម​ហេតុផល ឬ មិនមាន​ការប្រុងប្រយ័ត្ន » ( Noah Webster’s First Edition of an American Dictionary of the English Language ១៨២៨ [ ឆ្នាំ ១៩៦៧ ] « folly » ) ។ ជួនកាល​នៅ​ពេល​មនុស្ស​ប្រព្រឹត្ត​អំពើ​ចម្កួត ពួកគេ​មាន​ចេតនា​ព្យាយាម​ធ្វើ​កិច្ចការ​ល្អ ទោះជា​សកម្មភាព​របស់​ពួកគេ​ពុំ​ឆ្លាតវៃ​យ៉ាង​ណា​ក្ដី ។

ទោះជា​ការស្វែងរក​ប្រាក់​នៅ​ក្រុង សាឡិម បាន​បរាជ័យ​យ៉ាង​ណា​ក្ដី ក៏​ព្រះអម្ចាស់​បាន​បង្ហាញ​ថា ការធ្វើ​ដំណើរ​នេះ​អាច​នៅតែ​ជា​រឿង​ល្អ​សម្រាប់​នគរ​ទ្រង់​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១១:២រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា ទ្រង់​មាន​នៅ​ក្រុង សាឡិម ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ២ ថា​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ប្រមូល​រាស្ត្រ​ដែល​ទ្រង់​មាន​នៅ​ក្រុង សាឡិម នៅ​ពេល​ដែល​បាន​កំណត់ ។ យ៉ូសែប ស៊្មីធ ព្រមទាំង​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​លោក បាន​ចំណាយ​ពេល​ពីរបី​សប្ដាហ៍​នៅ​ក្រុង សាឡិម ហើយ​ពួកលោក​បាន​ប្រកាស​ដំណឹងល្អ​កាល​កំពុង​ស្នាក់នៅ​ទីនោះ ។ ប្រាំ​ឆ្នាំ​ក្រោយ​មក អ៊ីរ៉ាស្តុស ស្នូវ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​នៅ​ក្រុង សាឡិម ហើយ​បាន​បង្កើត​សាខា​មួយ​ដែល​មាន​សមាជិក ១២០ នាក់ ( សូម​មើល Church History in the Fulness of Times Student Manualការបោះពុម្ព​លើក​ទី ២ [ Church Educational System manual, ២០០៣ ] ទំព័រ ១៧០–៧១) ។

សេចក្ដីពិត​ដែល​យើង​អាច​រៀន​ពី បទពិសោធន៍​របស់ យ៉ូសែប ស៊្មីធ នៅ​ក្រុង សាឡិម និង ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១១:១–២ គឺ ព្រះអម្ចាស់​អាច​នាំ​ឲ្យ​មាន​សេចក្ដីល្អ កើត​ចេញ​ពី​ការខិតខំ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង​បាន ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះអម្ចាស់​អាច​នាំ​ឲ្យ​មាន​សេចក្ដីល្អ កើត​ចេញ​ពី​ការខិតខំ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង​បាន​តាម​របៀប​ណា ទោះបីជា​ការខិតខំ​ទាំងនោះ​ពុំ​មែន​ជា​ការឆ្លាតវៃ​យ៉ាង​ណា​ក៏​ដោយ​នោះ ?

    2. តើ​ការណ៍​នេះ​មាន​អានុភាព​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ក្នុង​ការដឹង​ថា​ព្រះអម្ចាស់​អាច​នាំ​ឲ្យ​មាន​សេចក្ដីល្អ កើត​ចេញ​ពី​ការខិតខំ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​អ្នក​នោះ ?

ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​ណែនាំ​ទៅ​ដល់ យ៉ូសែប ស៊្មីធ និង ដៃគូ​របស់​លោក ដើម្បី​ជួយ​ពួកលោក​ឲ្យ​សម្រេច​បាន​សេចក្ដី​ល្អ កាល​ពួកលោក​ស្នាក់​នៅ​ក្រុង សាឡិម រដ្ឋ ម៉ាស្សាឈូសេត ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១១:៣–៨ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់ បាន​មាន​ព្រះទ័យ​ឲ្យ​ពួក​លោក​ធ្វើ ។ ( នៅ​ក្នុង ខទី ៤ឃ្លា « ពួកគេ​នឹង​មិន​រក​ឃើញ​ផ្នែក​សម្ងាត់​ទាំងឡាយ​របស់​អ្នក » មាន​ន័យ​ថា ប្រជាជន​រស់នៅ​ក្រុង សាឡិម នឹង​មិន​ផ្ដល់​ភាពអាម៉ាស់​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឡើយ ) ។

ព្រះអម្ចាស់​បាន​បង្រៀន យ៉ូសែប ស៊្មីធ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​នៅ​ក្រុង សាឡិម អំពី​របៀប​ដែល​ពួកលោក​ស្វែងរក​កន្លែង​ស្នាក់នៅ​នៅ​ទីក្រុង​នោះ ។ សូម​ប្រើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខទី ៨ ដើម្បី​បញ្ចប់​សេចក្ដីពិត​នៃ​គោលលទ្ធិ​ដូចតទៅ ៖ យើង​អាច​ទទួល​បាន​ការដឹកនាំ​ពី​ព្រះអម្ចាស់​ដោយ និង នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​ការចងចាំ​អំពី​គោលលទ្ធិ​នេះ អាច​ជួយ​អ្នក​ប្រឈម​មុខ​នឹង​ការព្រួយ​បារម្ភ និង ឧបសគ្គ​នានា​ដែល​អ្នក​ជួប​ប្រទះ​ក្នុង​ជីវិត​យ៉ាង​ដូចម្ដេច ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១១:៩–១០ដោយ​ស្វែងរក​កិច្ចការ​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ និង ដៃគូ​របស់​លោក ឲ្យ​ធ្វើ​កាល​កំពុង​ស្នាក់នៅ​នៅ​ក្រុង សាឡិម ។

ព្យាការី យ៉ូសែប ស៊្មីធ និង បុរស​ដទៃ​ទៀត​បាន​ធ្វើតាម​ឱវាទ​របស់​ព្រះ​អម្ចាស់​ថា​ត្រូវ « ខំ​សាកសួរ​ពី​បណ្ដាជន​ពី​បូរាណកាល និង ពួក​អ្នក​ដែល​រក​ឃើញ​ទីក្រុង​នេះ » ( គ.​និង ស. ១១១:៩ ) ។ ពួកលោក​បាន​ទៅ​ទស្សនា​ទីតាំង​ប្រវត្តិសាស្ត្រ​នានា កាល​កំពុង​ស្នាក់នៅ​នៅ​ក្រុង សាឡិម ។ ពួក​លោក​បាន​ស្វែងយល់​ចេញ​ពី​ទស្សនកិច្ច​នោះ​ថា ពួក​ម្ចាស់​ស្រុក​ក្រុង​សាឡិម រដ្ឋ ម៉ាស្សាឈូសេត និង តំបន់​ជុំវិញ នូវ អ៊ីងឡេន ធ្លាប់​បាន​គេ​បៀតបៀន ហើយ​សម្លាប់​ចោល ដែល​ជា​លទ្ធផល​នៃ​ការមិន​ចុះ​សម្រុង និង ការប្រកាន់​សាសនា ។ ( សូម​មើល History of the Church ២:៤៦៤–៦៥ ) ។ ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឲ្យ យ៉ូសែប ស៊្មីធ សរសេរ​ទុក​នៅ​ក្នុង​ប្រវត្តិ​របស់​លោក​ថា « តើ​ដល់​ពេល​ណា​ទៅ ទើប​មនុស្ស​នឹង​ឈប់​ធ្វើ​សង្គ្រាម​ជាមួយ​មនុស្ស ហើយ​រឹបអូស [ ដក​យក ] សិទ្ធិ​ដ៏​ពិសិដ្ឋ​ចេញ​ពី​លោក ក្នុង​ការថ្វាយបង្គំ​ព្រះ​ទៅ​តាម​ក្រឹត្យក្រម​នៃ​សតិសម្បជញ្ញៈ​យ៉ាង​នេះ​នោះ ? » ( នៅ​ក្នុង History of the Church ២:៤៦៥ ) ។

ប្រវត្តិ​សរសេរ​ដោយ​ដៃ

ព័ត៌មាន​ចេញ​ពី​ប្រវត្តិ​របស់ យ៉ូសែប ស៊្មីធ

ក្រោយ​មក ព្យាការី​បាន​ថ្លែង​ថា នេះ​គឺ​ជា​ជំនឿ​គ្រឹះ​មួយ​របស់​សាសនាចក្រ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំងអស់ មាន​សិទ្ធិសេរីភាព​ខាង​សាសនា ( សូម​មើល មាត្រា​នៃ​សេចក្តី​ជំនឿ ១:១១ ) ។

ទោះជា យ៉ូសែប ស៊្មីធ និង ដៃគូ​របស់​លោក ពុំ​ទទួល​បាន​ប្រាក់​ដែល​ពួកលោក​បាន​រំពឹង​ថា​នឹង​រក​ឃើញ​នៅ​ក្រុង សាឡិម យ៉ាង​ណា​ក្ដី ក៏​ពួកលោក​ទទួល​បាន​រតនសម្បត្តិ​ជា​ច្រើន​ទៀត​មក​ពី​ការធ្វើ​ដំណើរ​នេះ​ដែរ ។ ការណ៍​នេះ​រួម​បញ្ចូល​ទាំង​រតនសម្បត្តិ​នៃ​ចំណេះដឹង និង នៃ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ ដែល​ក្រោយ​មក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ពិធី​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១១:១១ដោយ​ស្វែងរក​ឱវាទ​ចុងក្រោយ របស់​ព្រះអម្ចាស់​នៅ​ក្នុង​វិវរណៈ​នេះ ។ ( ពាក្យ រៀបចំ ដែល​ប្រើ​នៅ​ក្នុង ខទី ១១ មាន​ន័យ​ថា ចាត់ចែង ) ។

សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្វែងយល់​ចេញ​ពី ខទី ១១ ៖ បើ​យើង តែ នោះ​ព្រះអម្ចាស់​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់  ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​វិធី​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​មាន​ភាពឆ្លាតវៃ​នៅ​ក្នុង​ជម្រើស​របស់​អ្នក​បាន ?

    2. តើ​អ្នក​គិត​ថា ព្រះអម្ចាស់ « នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់ សម្រាប់​សេចក្ដីល្អ​ដល់​អ្នក » ( គ. និង ស. ១១១:១១ ) មាន​ន័យ​ដូចម្ដេច ?

    3. តើ​អ្នក​ធ្លាប់​បាន​ឃើញ គំរូ​នៃ​គោលការណ៍​នេះ​នៅ​ពេល​ណា ?

  2. journal iconសូម​មើល​ទៅ​លំហាត់​ទី ១ ក្នុង​មេរៀន​ថ្ងៃ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក—ជា​បញ្ជី​នៃ​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ភាពតានតឹង និង កង្វល់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​សរសេរ​ប្រយោគ​មួយ ឬ ពីរ​ដែល​ពន្យល់​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​ការសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១១ ដែល​អាច​ជួយ​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា ដែល​អ្នក​ជួបប្រទះ ។

  3. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖