មេរៀនទី ៩ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩-៤០
បុព្វកថា
ក្នុងខែ មករា ឆ្នាំ ១៨៣១ អាចារ្យសាសនានិកាយប្រូតេស្ដង់មួយរូបឈ្មោះ យ៉េម្ស ខូវ៉ល ( ជាញឹកញាប់ត្រូវបានប្រកបថា ខូវិល ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រសាសនាចក្រ ) បានទៅជួប យ៉ូសែប ស៊្មីធ នៅភូមហ្វាយែត រដ្ឋ នូវ យ៉ោក ហើយ « បានធ្វើសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ ថាគាត់នឹងគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងអស់ ដែលព្រះអម្ចាស់នឹងប្រទានដល់គាត់តាមរយៈ … អ្នកបម្រើរបស់ទ្រង់ [ ព្យាការី យ៉ូសែប ស្ម៊ីធ ] » ( Joseph Smith, នៅក្នុង History of the Church ១:១៤៣ ) ។ ក្រោយមក យ៉ូសែប បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩ ។
នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានណែនាំដល់ យ៉េម្ស ខូវ៉ល ឲ្យទទួលពិធីបុណ្យជ្រមុជទឹក ហើយផ្សាយអំពីភាពពោរពេញនៃដំណឹងល្អនៅរដ្ឋ អូហៃអូ ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃបន្ទាប់ពីបានទទួលវិវរណៈនេះ យ៉េម្ស បានចាកចេញពីភូមិហ្វាយែត ដោយគ្មានវាចាអ្វីសោះឡើយ ។ ភ្លាមនោះ ព្រះអម្ចាស់បានប្រទានវិវរណៈទៅដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដោយពន្យល់អំពីមូលហេតុដែល យ៉េម្ស ពុំបានគោរពប្រតិបត្តិតាមព្រះបញ្ញត្តិដែលបានប្រទានដល់គាត់ ។ វិវរណៈនោះ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤០ ។ ( សូមមើល Documents វ៉ុល ១ ៖ ខែ កក្កដា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ វ៉ុល ១ នៃកម្រង Documents នៃ The Joseph Smith Papers [ ឆ្នាំ ២០១៣ ] ទំព័រ ២៣៣–៣៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១-១២
ព្រះយេស៊ូវគ្រីស្ទអញ្ជើញ យ៉េម្ស ខូវ៉ល ឲ្យទទួលយកដំណឹងល្អរបស់ទ្រង់ ហើយទទួលពិធីបុណ្យជ្រមុជទឹក
សូមស្រមៃថា អ្នកត្រូវបានប្រទានឲ្យនូវអំណោយមួយដ៏អស្ចារ្យតាមរយៈឪពុកម្ដាយ ឬ មនុស្សជាទីស្រឡាញ់ ។ តើអ្នកអាចគិតអំពីមូលហេតុណាមួយ ដែលបណ្ដាលឲ្យអ្នកមិនជ្រើសរើសយកអំណោយនោះដែរឬទេ ?
សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១–៣ដោយស្វែងរកអំណោយ ដែលព្រះវរបិតាសួគ៌ បានប្រទានដល់កូនចៅទ្រង់ តែពួកគេមួយចំនួនបានជ្រើសរើសមិនទទួលយកអំណោយនោះ ។ ព្រះអម្ចាស់ប្រើឃ្លា « រាស្ត្ររបស់យើង » ដើម្បីសំដៅទៅលើរាស្ត្រ ដែលទ្រង់បានបម្រើនៅក្នុងជីវិតរមែងស្លាប់ អំឡុងពេលនៃ « កាលដ៏ខ្ពង់ខ្ពស់បំផុត » ។
អំណោយដែលរាស្ត្រទាំងនេះ បានជ្រើសរើសមិនទទួលយកគឺ ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងជ្រើសរើសទទួលយកអំណោយជាព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ នោះមានន័យថា យើងទទួលបានពរជ័យ និង អំណោយកាន់តែលើសលែងទៅទៀត ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៤រួចស្វែងរកអំណោយមួយ ដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា ទ្រង់ប្រទានដល់អ្នកទាំងឡាយណាដែលទទួលយកទ្រង់ ។
យើងស្វែងយល់ចេញពីខគម្ពីរទាំងនេះថា បើយើងទទួលយកព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងប្រទានឲ្យយើងនូវអំណាចដើម្បីក្លាយទៅជាកូនចៅរបស់ទ្រង់ ។ សូមគិតអំពីការគូសចំណាំពាក្យទាំងឡាយ ដែលបង្រៀនអំពីគោលការណ៍នេះនៅក្នុង ខទី ៤ ។
សូមអានសេចក្ដីថ្លែងការណ៍ពីប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអត្ថន័យនៃការប្រែក្លាយទៅជាបុត្រា និង បុត្រីនៃព្រះយេស៊ូវគ្រីស្ទ ៖
« នៅក្នុងន័យរបស់វាក្យសព្ទ ដែលបានប្រើនៅក្នុងបទគម្ពីរ ព្រះអង្គសង្គ្រោះក្លាយទៅជាព្រះបិតារបស់យើង ព្រោះទ្រង់ប្រទានដល់យើងនូវជីវិត ដែលជាជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈដង្វាយធួន ដែលបានធ្វើឡើងដើម្បីយើង ។…
« ដូច្នេះ យើងក្លាយទៅជាកូនចៅរបស់ទ្រង់ គឺជាបុត្រា និង បុត្រីនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈសេចក្ដីសញ្ញានៃការគោរពប្រតិបត្តិរបស់យើងដែលមានចំពោះទ្រង់ ។ ដោយសារតែសិទ្ធិអំណាចដ៏ទេវភាព និង ពលិកម្មរបស់ទ្រង់នៅលើឈើឆ្កាង នោះយើងក្លាយទៅជាបុត្រា និង បុត្រីបង្កើតខាងវិញ្ញាណរបស់ទ្រង់ ហើយទ្រង់គឺជា ព្រះបិតារបស់យើង » (Doctrines of Salvation,comp Bruce R. McConkie 3vols. [១៩៥៤–៥៦] ១:២៩ ) ។
-
យោងតាមអ្វីដែលប្រធាន ស៊្មីធ បានបង្រៀន សូមសរសេរជាពាក្យពេចន៍ផ្ទាល់ខ្លួនដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីរបៀបដែលយើងអាចក្លាយទៅជាកូនចៅរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដូចដែលអ្នកបានស្វែងយល់រួចមកហើយថា យើងត្រូវតែជ្រើសរើសទទួលយកព្រះយេស៊ូវគ្រីស្ទ ពីមុនយើងទទួលបានអំណាចដើម្បីក្លាយទៅជាបុត្រា និង បុត្រីទ្រង់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៥-៦ដោយស្វែងរកការណ៍ ដែលយើងត្រូវតែធ្វើ ដើម្បីទទួលយកទ្រង់និង អំណាចរបស់ទ្រង់ដើម្បីក្លាយទៅជាបុត្រា និង បុត្រីទ្រង់ ។
សូមសង្ខេបជាពាក្យពេចន៍ផ្ទាល់ខ្លួនរបស់អ្នក នូវអ្វីដែលយើងត្រូវតែធ្វើ ដើម្បីក្លាយទៅជាបុត្រា និង បុត្រីរបស់ព្រះយេស៊ូវគ្រីស្ទ ៖
ដូចដែលអ្នកបានរៀនអំពីបុព្វកថានៃមេរៀននេះ វិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩ ត្រូវបានប្រទានឲ្យអាចារ្យសាសនានិកាយប្រូតេស្ដង់មួយរូបឈ្មោះ យ៉េម្ស ខូវ៉ល ភ្លាមៗបន្ទាប់ពីគាត់បានស្វែងយល់អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ហើយគាត់បានធ្វើសេចក្ដីសញ្ញា ដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងអស់ ដែលគាត់បានទទួលតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកគិតថា ការបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១–៦ អនុវត្តចំពោះ យ៉េម្ស ខូវ៉ល យ៉ាងណាដែរ ។ សូមសរសេរផងដែរ អំពីគំនិតរបស់អ្នក ថាតើខគម្ពីរទាំងនេះអនុវត្តចំពោះអ្នកយ៉ាងដូចម្ដេច ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៧-៩ ។ តើព្រះអម្ចាស់បានមានព្រះបន្ទូលដូចម្ដេច អំពីស្ថានភាពនៃចិត្តរបស់ យ៉េម្ស ខូវ៉ល នៅគ្រាដែលវិវរណៈនេះត្រូវបានប្រទានដល់គាត់ ? ( អ្នកអាចនឹងចង់គូសចំណាំពាក្យ ឥឡូវនេះ នៅក្នុង ខទី ៨ ) ។ តើហេតុផលណាខ្លះ ដែលព្រះអម្ចាស់បានលើកឡើងអំពីមូលហេតុដែល យ៉េម្ស បានបដិសេធទ្រង់កាលពីមុននោះ ? ប្រសិនបើអ្នកធ្លាប់មានស្ថានភាពដូចជា យ៉េម្ស តើអ្នកអាចនឹងមានអារម្មណ៍ដូចម្ដេច ក្រោយពីបានឮព្រះបន្ទូលទាំងនេះហើយ ? ហេតុអ្វីទៅ ?
-
សូមចម្លងតារាងខាងក្រោមចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
បើអ្នកនឹង …
នោះ …
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១០-១២ ។ ពេលអ្នកអាន សូមរកមើលអ្វីដែលព្រះអម្ចាស់បង្គាប់ដល់ យ៉េម្ស ខូវ៉ល ឲ្យធ្វើ ។ សូមសរសេរការបង្គាប់នោះក្រោមពាក្យថា « ប្រសិនបើអ្នកនឹង …» នៅលើតារាង ។ លើសពីនេះទៅទៀត សូមស្វែងរកការណ៍ដែលព្រះអម្ចាស់បានសន្យាជាមួយ យ៉េម្ស ខូវ៉ល ថាគាត់នឹងទទួលបានការណ៍នោះ បើគាត់គោរពប្រតិបត្តិតាមព្រះអម្ចាស់ ។ សូមសរសេរពរជ័យដែលបានសន្យាទាំងនេះ ដាក់នៅក្រោមចំណងជើង « នោះ … » នៅលើតារាង ។
សូមពិចារណាអំពីពរជ័យ ដែលព្រះអម្ចាស់បានប្រទានដល់ យ៉េម្ស ខូវ៉ល ។ ទោះជា យ៉េម្ស បានបម្រើជាអាចារ្យសាសនាអស់រយៈពេល ៤០ ឆ្នាំមកហើយក្ដី ក៏ព្រះអម្ចាស់បានប្រទានដល់គាត់នូវភាពពោរពេញនៃដំណឹងល្អ ដែលរួមបញ្ចូលទាំងការទទួលខុសត្រូវ និង ពរជ័យនានា ដែលគាត់ពុំធ្លាប់មានពីមុនមកមានដូចជា អំណោយទានព្រះវិញ្ញាណបរិសុទ្ធ និង ការតែងតាំងបព្វជិតភាព ។
សូមកត់ចំណាំពាក្យ បើសិនជា នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១០–១១ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លានេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។ សូមពិចារណាអំពីចំណុចពិសេសនៃពាក្យ បើសិនជា នៅក្នុងខគម្ពីរទាំងនេះ និង អ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ យ៉េម្ស ខូវ៉ល ថាគាត់នឹងត្រូវធ្វើ ដើម្បីទទួលបានពរជ័យនានាដែលបានសន្យាទុក ។
យើងរៀនចេញពីខគម្ពីរទាំងនេះថា ពរជ័យនានាដែលព្រះអម្ចាស់បានសន្យាទុកនោះ គឺស្របទៅតាមការស្ដាប់តាមព្រះសូរសៀងរបស់ទ្រង់ ។ អ្នកអាចនឹងសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នក ក្បែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១០-១១ ។
-
សូមគិតអំពីពរជ័យមួយចំនួន ដែលព្រះអម្ចាស់បានសន្យានឹងប្រទានឲ្យអ្នក ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវពរជ័យទាំងនេះចំនួនបី ថែមទាំងអ្វីដែលអ្នកត្រូវតែធ្វើដើម្បីទទួលបានពរជ័យទាំងនោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១៣-២៤
យ៉េម្ស ខូវ៉ល ត្រូវបានហៅឲ្យផ្សាយអំពីភាពពោរពេញនៃដំណឹងល្អនៅរដ្ឋ អូហៃអូ
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១៣-១៤រួចស្វែងរកទីកន្លែង ដែលព្រះអម្ចាស់បានត្រាស់ហៅឲ្យ យ៉េម្ស ខូវ៉ល ទៅផ្សាយដំណឹងល្អ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១៥–២៤ ព្រះអម្ចាស់បានប្រទានសេចក្ដីណែនាំទៅដល់ យ៉េម្ស ខូវ៉ល អំពីការណ៍ដែលគាត់ត្រូវបង្រៀន ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:២២រួចពិចារណា ថាតើវាទាក់ទងទៅនឹងគោលការណ៍ដែលអ្នកបានរៀននៅក្នុងវិវរណៈនេះយ៉ាងដូចម្ដេច ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤០
ព្រះអម្ចាស់បើកសម្ដែងអំពីមូលហេតុដែល យ៉េម្ស ខូវ៉ល បានបដិសេធព្រះបន្ទូលទ្រង់
នៅថ្ងៃបន្ទាប់ពីបានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩ យ៉េម្ស ខូវ៉ល បានចាកចេញពីភូមិហ្វាយែត រដ្ឋ នូវ យ៉ោក ដោយគ្មានវាចាអ្វីសោះឡើយ ។ ព្រះអម្ចាស់បានបើកសម្ដែងដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពីមូលហេតុដែល យ៉េម្ស ពុំបានគោរពប្រតិបត្តិតាមសេចក្ដីណែនាំរបស់ទ្រង់ ហើយទទួលយកពរជ័យដែលបានសន្យាទុកនោះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤០:១–៣ដោយស្វែងរកមូលហេតុ ដែលគាត់ពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ។
សូមប្រៀបធៀប គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៨ និង ៤០:១ ដើម្បីឃើញថា ដួងចិត្តរបស់ យ៉េម្ស ខូវ៉ល បានផ្លាស់ប្ដូរយ៉ាងដូចម្ដេច ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ បាន នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤០:១ ។
សូមប្រៀបធៀប គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:៩ និង ៤០:២ ។ យោងតាមខគម្ពីរទាំងនោះ សូមបង្កើតបញ្ជីហេតុផលចំនួនបី អំពីមូលហេតុដែលបណ្ដាលឲ្យ យ៉េម្ស ខូវ៉ល បានបដិសេធព្រះបន្ទូលរបស់ព្រះអម្ចាស់ ៖
ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ បានបកស្រាយបំភ្លឺថា ៖ « [ យ៉េម្ស ខូវ៉ល ] បានប្រែចិត្តជឿលើសេចក្ដីពិតទៅហើយ ដ្បិតវាមានសភាពច្បាស់លាស់ ដែលព្រះអម្ចាស់បានបើកសម្ដែងដល់គាត់ អំពីការណ៍ដែលមានតែគាត់ និង ព្រះអម្ចាស់ប៉ុណ្ណោះ ដែលដឹងថាជាសេចក្ដីពិតនោះ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់បានដកខ្លួនចេញពីអានុភាពនៃព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយយកពេលទៅគិតអំពីបញ្ហាថាគាត់នឹងបាត់បង់មិត្តភក្ដិនៃលោកិយ ថែមទាំងទីតាំង និង មុខតំណែងក្នុងចំណោមពួកអ្នកជឿរបស់គាត់ផងនោះ គឺគាត់បានចុះចាញ់ ហើយបានបដិសេធចោលនូវការសន្យា និង ពរជ័យដែលព្រះអម្ចាស់បានប្រទានដល់គាត់ » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:១៧៤ ) ។
តើសព្វថ្ងៃនេះ មានអ្វីដែលអាចល្បួងយើងឲ្យបដិសេធចោលព្រះបន្ទូលព្រះ ? អ្នកអាចសរសេរគោលការណ៍ដូចតទៅនេះដាក់នៅក្នុងបទគម្ពីររបស់អ្នកក្បែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០ និង ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ សេចក្ដីកោតខ្លាច និង ការខ្វាយខ្វល់ពីលោកិយ អាចនាំឲ្យយើងបដិសេធចោលព្រះបន្ទូលព្រះ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីសេចក្ដីកោតខ្លាច និង ការខ្វាយខ្វល់ពីលោកិយ ដែលអាចរារាំងយើងមិនឲ្យដើរតាមព្រះអម្ចាស់ដោយអស់ពីដួងចិត្ត ។ ក្រោយមក សូមសរសេរអ្វីដែលអ្នកអាចធ្វើបាន ដើម្បីមានសេចក្ដីជំនឿក្នុងការយកឈ្នះលើសេចក្ដីកោតខ្លាច ឬ ការខ្វាយខ្វល់ពីលោកិយ ហើយទទួលយកព្រះអម្ចាស់ដោយស្មោះស្ម័គ្រ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩-៤០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖