មេរៀនទី ២៨ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣
សេចក្តីផ្តើម
នៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បានប្រាប់ឲ្យដឹងពី « កូសោបីយ៉ាង » ( គ. និង ស. ១២៩:៩ ) ដើម្បីស្គាល់ពីលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។ សេចក្ដីណែនាំទាំងនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៩ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មានការបង្រៀនរបស់ព្យាការីអំពីគោលលទ្ធិផ្សេងៗ ខណៈកំពុងជួបនឹងពួកបរិសុទ្ធនៅ រ៉ាមុស រដ្ឋ អិលលីណោយ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩
ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ការណែនាំទាក់ទងនឹងលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។
ប្រសិនបើមានមនុស្សម្នាក់មកសួរអ្នកថាតើពួកបរិសុទ្ធថ្ងៃចុងក្រោយជឿលើពួកទេវតាដែរឬអត់ តើអ្នកនឹងប្រាប់ពួកគេបែបណា ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់គ្រប់ការកាន់កាប់ត្រួតត្រាទាំងអស់ ព្រះបានប្រើពួកទេវតាជាអ្នកផ្សព្វផ្សាយរបស់ទ្រង់នៅក្នុងការបង្ហាញសេចក្តីស្រឡាញ់ និង ការខ្វល់ខ្វាយចំពោះកូនចៅរបស់ទ្រង់ ។…
« ជាទូទៅទេវតាទាំងនោះគឺមនុស្សមើល មិន ឃើញឡើយ ។ ពេលខ្លះមើលឃើញ ។ ប៉ុន្តែទោះបីឃើញ ឬ មិនឃើញក្តីពួកគេគឺ តែង នៅក្បែរជានិច្ច ។ ពេលខ្លះការចាត់តាំងរបស់ពួកគេគឺធំអស្ចារ្យ ហើយមានសារៈសំខាន់ចំពោះពិភពលោកទាំងមូល ។ ពេលខ្លះ សារលិខិតនោះគឺសម្ងាត់ណាស់ ។ ម្ដងម្កាលគោលបំណងនៃទេវតាគឺមកដើម្បីព្រមាន ។ ប៉ុន្តែជាទូទៅវាគឺជាការលួងលោមចិត្ត ការផ្ដល់ជាទម្រង់នៃការយកចិត្តទុកដាក់មួយចំនួន ការដឹកនាំនៅក្នុងគ្រាដ៏លំបាក » ( « The Ministry of Angels » Ensign ឬLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៩ ) ។
នៅដើមឆ្នាំ ១៨៣៩ និង បន្តរហូតដល់ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ការណែនាំដល់មនុស្សជាច្រើនដើម្បីជួយឲ្យពួកគេដឹងពីភាពខុសប្លែកគ្នានៃលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:១-៣ ដោយស្វែងរកភាពខុសគ្នាដ៏សំខាន់មួយរវាងពួកទេវភាព និង ពួកវិញ្ញាណ ។ ( វាអាចមានប្រយោជន៍ដោយដឹងថា ពាក្យ សុចរិត មានន័យថា បរិសុទ្ធ ) ។ តើពួកទេវតាខុសពីវិញ្ញាណទាំងឡាយដូចម្តេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:៤-៧ ដោយស្វែងរករបៀបមួយដើម្បីញែកចេញរវាងភាពខុសគ្នានៃពួកទេវភាព និង ពួកវិញ្ញាណ ។
ដើម្បីយល់ដឹងទាំងស្រុងពី ខ ៧ សូមចងចាំថា ដោយសារវិញ្ញាណទាំងឡាយគ្មានរូបកាយនៃសាច់ និង ឆ្អឹង នោះពួកគេមិនអាចចាប់ដៃជាមួយនឹងមនុស្សបានឡើយ ។ ប្រសិនបើវិញ្ញាណធ្វើពុតថាមានសមត្ថភាពមួយ ដែលពួកគេគ្មានការណ៍នោះនឹងក្លាយជាការបញ្ឆោត ហើយវិញ្ញាណដែលល្បងធ្វើការណ៍នេះពុំមែនជា « មនុស្សសុចរិត » ឡើយ ។ ហេតុដូច្នេះហើយ វិញ្ញាណនៃមនុស្សសុចរិតដែលបានធ្វើឲ្យល្អឥតខ្ចោះនឹងពុំព្យាយាមចាប់ដៃនៅពេលមានដៃមួយហុចមករកពួកគេនោះទេ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:៧ យើងរៀនថា សារទូតពិតដែលព្រះវរបិតាសួគ៌បានបញ្ជូនមកនឹងមិនឆបោកយើងឡើយ ។
ពេលខ្លះអារក្សព្យាយាមក្លែងខ្លួនជា « ទេវតានៃពន្លឺ » ដើម្បីបោកប្រាស់មនុស្ស ( សូមមើល គ. និង ស. ១២៩:៨ ) ។ លើសពីនោះ« ព្រះគម្ពីរបាននិយាយផងដែរអំពីទេវតានៃអារក្ស ។ ទាំងនោះគឺជាពួកវិញ្ញាណណាដែលបានធ្វើតាមលូស៊ីហ្វើ ហើយត្រូវបានបណ្តេញចេញពីវត្តមានរបស់ព្រះនៅក្នុងជីវិតមុនឆាកជីវិតនេះ ហើយដេញចុះទៅផែនដីនេះ ( វិវរណៈ ១២:១–៩នីហ្វៃទី២ ៩:៩, ១៦គ. និង ស. ២៩:៣៦–៣៧)(សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ពួកទេវតា »scriptures.lds.org) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:៨–៩ដោយស្វែងរករបៀបដើម្បីស្គាល់វិញ្ញាណអាក្រក់ដែលស្វែងរកបោកប្រាស់ដោយការក្លែងខ្លួនជាទេវតានៃពន្លឺ ។ ( វាអាចមានប្រយោជន៍ដោយដឹងថា ពាក្យ ចាត់ចែង នៅក្នុង ខ ៩ សំដៅលើការបង្ហាញ ឬ ការមកជួបពីទេវតា ឬ វិញ្ញាណ ) ។
សេចក្ដីថ្លែងការណ៍តទៅនេះរបស់ព្យាការី យ៉ូសែប ស្ម៊ីធ អាចជួយអ្នកឲ្យយល់ពីហេតុផលដែលពួកវិញ្ញាណអាក្រក់តែងតែធ្វើតាមសេចក្ដីណែនាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩ ៖ « វាទំនង … ដូចជាវិញ្ញាណទុច្ចរិតមានចំណង មានភាពកំណត់ និង ក្រឹត្យវិន័យរបស់គេ ដើម្បីគ្រប់គ្រង ហើយត្រួតត្រាពួកវា ហើយពួកគេដឹងពីជោគវាសនានាពេលអនាគតរបស់ខ្លួន » ( នៅក្នុង History of the Church ៤:៥៧៦ ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសង្ខេបពីអ្វីដែលអ្នកបានរៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩ អំពីភាពខុសគ្នារវាងពួកទេវតា វិញ្ញាណសុចរិត និង ពួកវិញ្ញាណអាក្រក់ ។ បន្ថែមពីលើសេចក្តីណែនាំនៅក្នុងខគម្ពីរទាំងនេះ សូមពន្យល់ថាតើអ្វីខ្លះទៀតដែលព្រះវរបិតាសួគ៌បានប្រទានដល់អ្នកដើម្បីជួយអ្នកឲ្យដឹងពីការបោកប្រាស់របស់សាតាំង ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:១-១១, ២២-២៣
ព្យាការី យ៉ូសែប ស៊្មីធ បានបញ្ជាក់ពីគោលលទ្ធិផ្សេងៗ
នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បានប្រារព្ធធ្វើសន្និសីទស្តេកជាមួយពួកបរិសុទ្ធនៅ រ៉ាមុស រដ្ឋ អិលលីណោយ ដែលមានចម្ងាយប្រហែល ៣២ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង ណៅវូ ។ អំឡុងពេលប្រជុំពេលព្រឹក អែលឌើរ អួរសុន ហៃឌ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្សព្វផ្សាយទេសកថាមួយ ហើយបានបង្រៀនពីការបកស្រាយព្រះគម្ពីរដែលមិនត្រឹមត្រូវដែលលោកបានរៀនកាលពីមុនជាមួយព្រះវិហារផ្សេង ។ តើទំនួលខុសត្រូវអ្វីខ្លះដែលព្យាការីមាននៅក្នុងស្ថានភាពនេះ ?
ពួកថ្នាក់ដឹកនាំជាអធិបតីក្នុងសាសនាចក្រដូចជាព្យាការី ប្រធានស្តេក និង ប៊ីស្សពមានទំនួលខុសត្រូវដើម្បីប្រាកដថាគោលលទ្ធិត្រឹមត្រូវត្រូវបានបង្រៀននៅក្នុងការប្រជុំសាសនាចក្រ ។ បន្ទាប់ពីការប្រជុំនៅពេលព្រឹកនោះ យ៉ូសែប ស៊្មីធ អួរសុន ហៃឌ និងមនុស្សពីរបីនាក់ផ្សេងទៀត បានទទួលទានអាហារថ្ងៃត្រង់នៅផ្ទះ សូព្រូនៀ ជាប្អូនស្រីរបស់យ៉ូសែប ស្ម៊ីធ ។ អំឡុងពេលអាហារថ្ងៃត្រង់នោះ ព្យាការី បានប្រាប់អែលឌើរ ហៃឌ ថា លោក « នឹងផ្តល់ការកែតម្រូវចំពោះការបង្រៀនរបស់គាត់ » ។ អែលឌើរ ហៃឌ បានឆ្លើយថា « ខ្ញុំនឹងទទួលដោយអំណរគុណ » ( នៅក្នុង History of the Church ៥:៣២៣ ) ។
សូមពន្យល់ថា នៅក្នុងការនិយាយនាព្រឹកនោះ អួរសុន ហៃឌ បានបកស្រាយខុសនូវខគម្ពីរ យ៉ូហាន ១៤:២៣ ។ សូមចំណាយពេលមួយភ្លែតដើម្បីសិក្សាខនេះ ។
បន្ទាប់ពី អួរសុន ហៃឌ បាននិយាយពីខគម្ពីរនេះហើយ លោកបានប្រាប់មនុស្សថា « វាគឺជាឯកសិទ្ធិរបស់យើងដើម្បីមានព្រះវរបិតា និង ព្រះរាជាបុត្រាគង់នៅក្នុងដួងចិត្តរបស់យើង » ( នៅក្នុង History of the Church ៥:៣២៣ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មានការកែប្រែរបស់ យ៉ូសែប ស្ម៊ីធ អំពីគំនិតនេះ ។ វាក៏មានការបង្រៀនបន្ថែមមួយចំនួនទៀតផងដែរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១–៣ ដោយស្វែងរកអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ អួរសុន ហៃឌ ទាក់ទងនឹងអត្ថន័យនៃ យ៉ូហាន ១៤:២៣ គឺខុសឆ្គង ។
មនុស្សជាច្រើនសព្វថ្ងៃនេះ ពុំមានគំនិតអំពីព្រះ ឬ ប្រហែលជាដូចជា អួរសុន ហៃឌ ដែលធ្លាប់ជាគ្រូបង្រៀនពួក ខេមប៊ែលីត មានទស្សនខុសពីលក្ខណៈនៃអទិទេព ដោយសារតែទំនៀមទម្លាប់ក្លែងក្លាយនានា ។ យើងអាចជួយមនុស្សដទៃឲ្យយល់ពីលក្ខណៈពិតរបស់ព្រះវរបិតាសួគ៌ និង ទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ។
-
សូមឆ្លើយសំណួរដូចទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ នៅក្នុងការសន្ទនាជាមួយក្រុមមនុស្សដែលមានប្រពៃណី ឬជំនឿខុសឆ្គងអំពីព្រះ តើអ្នកអាចមានចិត្តសណ្ដោស និង ការយល់ដឹងដោយរបៀបណា នៅពេលអ្នកចែកចាយអ្វីដែលអ្នកដឹងអំពីលក្ខណៈពិតរបស់ព្រះ—ថាទ្រង់មានលក្ខណៈបែបណានោះ ?
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២-២៣ ដោយស្វែងរកសេចក្ដីពិតដែលព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនអំពីក្រុមព្រះ ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២-២៣ គឺជាវគ្គចំណេះចំណានខគម្ពីរ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយ ដែលជួយអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ) ។
-
សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ចេញពីអ្វីដែលអ្នករៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២–២៣ សូមសរសេរគោលលទ្ធិពីរ ឬបីអំពីក្រុមព្រះ ។
-
សូមសរសេរប្រយោគមួយ ឬពីរ ដោយពន្យល់ពីរបៀបដែលអ្នកអាចប្រើសេចក្ដីពិតដែលបានបង្រៀននៅក្នុង ខ ២២–២៣ ដើម្បីបង្រៀនមនុស្សដទៃទៀតអំពីក្រុមព្រះ ។
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ដើម្បីយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាអង្គពីរខុសគ្នាដោយមានរូបរាងកាយនៃសាច់ និងឆ្អឹង ?
-
ប្រពៃណីជាច្រើនអំពីព្រះជាព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណបរិសុទ្ធគឺផ្អែកទៅលើគំនិតរបស់មនុស្សប្រុសស្រីខាងសាច់ឈាម ។ គំនិតទាំងនេះមួយចំនួនត្រូវបានបង្កើតជាលទ្ធផលមួយនៃកិច្ចពិភាក្សាតទល់រវាងពួកអ្នកដឹកនាំសាសនា ។ ចំណេះដឹងរបស់យើងអំពីក្រុមព្រះកើតមានតាមរយៈវិវរណៈមកពីព្រះទៅកាន់ពួកព្យាការីរបស់ទ្រង់ ។ សេចក្ដីសង្ខេបនៃសេចក្ដីថ្លែងការណ៍ខាងក្រោមបានបើកសម្ដែងអំពីក្រុមព្រះ ។ នៅពេលអ្នកអាន សូមគូសចំណាំពាក្យ ឬ ឃ្លាណាដែលលេចធ្លោចំពោះអ្នក ។
« ព្រះជាព្រះវរបិតា ៖ ជាទូទៅគឺជាព្រះវរបិតា ឬ អ៊ីឡូហិម ដែលត្រូវបានហៅថាដោយព្រះនាមព្រះ ។ ទ្រង់ត្រូវបានហៅថាជាព្រះវរបិតាដោយសារទ្រង់គឺជាព្រះវរបិតាខាងវិញ្ញាណរបស់យើង ។… ព្រះវរបិតាគឺជាអង្គគ្រប់គ្រងដ៏ខ្ពស់បំផុតនៃសាកលលោកនេះ ។ ទ្រង់មានព្រះចេស្តាទាំងអស់ … ត្រាស់ដឹងអ្វីៗទាំងអស់ … ហើយទ្រង់មានវត្តមានគ្រប់ទីន្លែងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ។… មនុស្សមានទំនាក់ទំនងពិសេសជាមួយព្រះ ដែលបានញែកមនុស្សចេញពីការបង្កើតអ្វីៗផ្សេងទៀតទាំងអស់ ៖ បុរស និង ស្ត្រីគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ព្រះ, ក្រុមព្រះ »scriptures.lds.org) ។
«ព្រះដែលជាព្រះរាជាបុត្រា ៖ ព្រះដែលបានស្គាល់ថាជាព្រះយេហូវ៉ា គឺជាព្រះរាជបុត្រា គឺព្រះយេស៊ូវគ្រីស្ទ ។… ព្រះយេស៊ូវធ្វើការក្រោមការដឹកនាំរបស់ព្រះវរបិតា ហើយចុះសម្រុងទាំងស្រុងជាមួយទ្រង់ ។ មនុស្សលោកទាំងអស់គឺជាបងប្អូនប្រុសស្រីរបស់ទ្រង់ ដ្បិតទ្រង់គឺជាបងបង្អស់របស់កូនចៅខាងវិញ្ញាណរបស់ អេឡូហិម ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ព្រះ, ក្រុមព្រះ »scriptures.lds.org) ។ ទ្រង់គឺជាអង្គប្រោសលោះ ហើយទ្រង់បានរងទុក្ខនូវអំពើបាប និង ការឈឺចាប់របស់មនុស្សលោកទាំងអស់ ហើយបានយកឈ្នះលើសេចក្តីស្លាប់ខាងរូបកាយសម្រាប់មនុស្សទាំងអស់ ។
« ព្រះដែលជាព្រះវិញ្ញាណបរិសុទ្ធ ៖ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះមួយអង្គផងដែរ ហើយត្រូវបានហៅថា ព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណ ព្រះវិញ្ញាណនៃព្រះ ក្នុងចំណោមឈ្មោះ និង ព្រះនាមស្រដៀងនេះ [ មានដូចជា អង្គលួងលោម ] ។ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ មនុស្សអាចដឹងពីព្រះឆន្ទៈរបស់ព្រះជាព្រះវរបិតា ហើយដឹងថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ព្រះ ក្រុមព្រះ »scriptures.lds.org) ។ តួនាទីចម្បងរបស់ព្រះវិញ្ញណបរិសុទ្ធគឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។ ព្រះវិញ្ញាណបរិសុទ្ធបង្រៀន និង បញ្ជាក់ពីសេចក្តីពិត ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរប្រយោគពីរបី ដោយសង្ខេបពីអ្វីដែលអ្នកបានរៀនអំពីក្រុមព្រះ ។ សូមពន្យល់ថាតើសេចក្ដីពិតមួយដែលជាប់ក្នុងចិត្តអ្នក និងពីហេតុផល ។ អ្នកក៏អាចនឹងចង់ដាក់បញ្ចូលទីបន្ទាល់របស់អ្នកអំពីក្រុមព្រះផងដែរ ។
សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២ ឡើងវិញ ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកអាចនឹងចង់គូសចំណាំពាក្យដែលបង្រៀនពីសេចក្ដីថ្លែងការណ៍ខាងគោលលទ្ធិដូចតទៅនេះ ៖ ទំនាក់ទំនងដែលយើងអាចមាននៅក្នុងឋានសួគ៌គឺដូចគ្នាទៅនឹងទំនាក់ទំនងទាំងអស់ដែលយើងរីករាយនៅលើផែនដីនេះ ប៉ុន្តែវានឹងរួមបញ្ចូលជាមួយសិរីរុងរឿងនៃភាពអស់កល្បជានិច្ច ។ ( ពាក្យ ទំនាក់ទំនង ក្នុង ខ ២ សំដៅទៅលើលក្ខណៈនៃការប្រាស្រ័យគ្នា និង ការទាក់ទងផ្ទាល់ខ្លួន ) ។
ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានចែកចាយទីបន្ទាល់របស់លោកអំពីទំនាក់ទំនងដ៏នៅអស់កល្បទាំងនេះ ៖ « ដោយសារការស្តារឡើងវិញនៃចំណេះដឹងអំពីក្រុមគ្រួសារអស់កល្បជានិច្ច នោះយើងមានសង្ឃឹម និង មានចិត្តសប្បុរសកាន់តែច្រើននៅក្នុងទំនាក់ទំនងគ្រួសាររបស់យើងទាំងអស់ ។ សេចក្តីអំណរដ៏អស្ចារ្យបំផុតនៅក្នុងជីវិតនេះគឺនៅក្នុងក្រុមគ្រួសារ នៅពេលពួកគេនឹងនៅក្នុងពិភពខាងមុខទៀត ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះការអះអាង ដែលខ្ញុំមាន បើសិនយើងស្មោះត្រង់ នោះទំនាក់ទំនងដដែលនោះដែលយើងរីករាយនៅទីនេះ នៅក្នុងជីវិតនេះ នឹងបន្តនៅអស់កល្បជាមួយយើងនៅក្នុងពិភពខាងមុខ នៅក្នុងសិរីរុងរឿងដ៏អស់កល្ប ។ [ សូមមើល គ. និង ស. ១៣០:២ ] » ។ ( « The True and Living Church » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២២ ) ។
-
សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមឆ្លើយសំណួរដូចទៅនេះ ៖ តើការដឹងថាទំនាក់ទំនងយើងនៅលើផែនដីអាចបន្តនៅក្នុងសិរីល្អដ៏នៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ជះឥទ្ធិពលចំពោះការប្រព្រឹត្តរបស់យើងចំពោះគ្នាយ៉ាងដូចម្ដេចខ្លះ ?
-
សូមគិតពីកិច្ចការមួយដែលអ្នកអាចធ្វើដើម្បីពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកដទៃ ជាពិសេសសមាជិកគ្រួសាររបស់អ្នក ។ រួចសរសេរគោលដៅមួយដើម្បីធ្វើវា ។
-
គោលលទ្ធិបន្ថែមមួយចំនួនទៀតបានបង្រៀនដោយព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងរ៉ាមូស រដ្ឋ អិលលីណោយ មាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:៤–១១ ។ សូមអានខទាំងនេះ ដោយស្វែងរកការបង្រៀនរបស់ព្យាការីអំពីពួកទេវតា និងអំពីអនាគតនៃផែនដី ។ យោងតាម ខ ១០–១១ អស់អ្នកដែលគ្រងមរតកនៃនគរសេឡេស្ទាលនឹងទទួល យូរីម និង ធូមីម មួយដើម្បីជួយពួកគេឲ្យរៀន និង យល់អំពីអ្វីៗនៃស្ថានសួគ៌ ។ ព្យាការី ពុំបានបរិយាយល្អិតល្អន់អំពីការបង្រៀននេះឡើយ ។
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២-២៣
-
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានថ្លែងថា « យើងសូមប្រកាសថា វាគឺជាភស្តុតាងផ្ទាល់ខ្លួនមកពីព្រះគម្ពីរដែលថាព្រះវរបិតា ព្រះរាជាបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺមានតួអង្គផ្សេងគ្នា ជាតួអង្គដ៏ទេវភាពបីផ្សេងគ្នា » ( « The Only True God and Jesus Christ Whom He Hath Sent » Ensignឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤១ ) ។ ដើម្បីឃើញពីរបៀបដែលគោលលទ្ធិនៃក្រុមព្រះត្រូវបានបង្រៀនយ៉ាងច្បាស់លាស់នៅក្នុងព្រះគម្ពីរ សូមស្វែងរកសារលិខិតនៅក្នុងព្រះគម្ពីរសញ្ញាថ្មីយ៉ាងហោចណាស់ឲ្យបានបី ដែលបង្រៀនពីគោលលទ្ធិដែលអែលឌើរ ហូឡិន បានពិពណ៌នា ។ វាមានប្រយោជន៍ក្នុងការប្រើសម្ភារជំនួយសម្រាប់ការសិក្សាព្រះគម្ពីរ ដូចជា Topical Guide លិបិក្រមនៅក្នុងព្រះគម្ពីរ និងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ សូមសរសេរសេចក្ដីយោងសម្រាប់វគ្គបទគម្ពីរដែលអ្នករកឃើញ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ អ្នកក៏អាចនឹងចង់សរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នក ក្បែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២-២៣ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖