មេរៀនទី ១២ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៥១-៥២
បុព្វកថា
នៅពេលពួកបរិសុទ្ធមួយចំនួនកំពុងផ្លាស់ទីលំនៅពីភាគខាងកើតនៃសហរដ្ឋ បានចាប់ផ្ដើមទៅដល់រដ្ឋ អូហៃអូ ក្នុងខែ ឧសភា ឆ្នាំ ១៨៣១ នោះព្រះអម្ចាស់បានបើកសម្ដែងព្រះឆន្ទៈរបស់ទ្រង់ទៅកាន់ប៊ីស្សព អែតវឺត ប៉ាទ្រិច តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ នៅក្នុងវិវរណៈនោះ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥១ពួកបរិសុទ្ធដែលផ្លាស់ទីលំនៅមកពីភូមិខូលស្វិល រដ្ឋ នូវ យ៉ោក ត្រូវបានដឹកនាំទៅកាន់ភូមិថមសុន រដ្ឋ អូហៃអូ ជាទីតាំងដែលពួកគេបានរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ ការថ្វាយ និង កិច្ចត្រួតត្រា សុទ្ធតែជាគោលការណ៍ និង ក្រឹត្យវិន័យ ដែលសហគមន៍ស៊ីយ៉ូន ត្រូវផ្អែកទៅលើ ។ សហគ្រាសរួបរួម ( ក្រោយមកត្រូវបានហៅថា សហគ្រាសសណ្ដាប់ធ្នាប់ ) គឺជាអង្គការមួយ ដែលប្រើដើម្បីគ្រប់គ្រងក្រឹត្យវិន័យនោះ នៅពេលនោះ ។ នៅចុងបញ្ចប់នៃសន្និសីទទីបួននៃសាសនាចក្រ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៣–៦ ខែ មិថុនា ឆ្នាំ ១៨៣១ នៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ នោះព្រះអម្ចាស់បានបញ្ជាឲ្យ យ៉ូសែប ស៊្មីធ និង ពួកអែលឌើរប៉ុន្មាននាក់ទៀត ធ្វើដំណើរជាគូៗទៅកាន់រដ្ឋ មិសសួរី ទាំងផ្សាយដំណឹងល្អនៅតាមផ្លូវផង ។ នៅក្នុងវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២ ព្រះអម្ចាស់បានហៅដៃគូនីមួយៗ ហើយបានប្រទានដល់ពួកគាត់នូវរបៀប ដែលអាចជួយពួកគាត់ឲ្យចៀសវាងពីការបញ្ឆោត ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥១
ព្រះអម្ចាស់ណែនាំប៊ីស្សព អែតវឺត ប៉ាទ្រិច ឲ្យឆ្លើយតបទៅនឹងសេចក្ដីត្រូវការខាងសាច់ឈាមរបស់ពួកបរិសុទ្ធ
តើក្រុមដែលមានសាមគ្គីភាពជាងគេបំផុត ដែលអ្នកធ្លាប់បានរួមចំណែក គឺជាក្រុមអ្វី ? តើអ្នកដឹងថាក្រុមនៃមនុស្សនោះ មានសាមគ្គីភាពតាមរបៀបណា ? តើការអនុវត្តន៍ និង ព្រឹត្តិការណ៍បែបណាខ្លះ ដែលជួយឲ្យក្រុមមួយមានសាមគ្គីភាព ?
នៅពេលពួកបរិសុទ្ធបានមកដល់រដ្ឋ អូហៃអូ ព្រះអម្ចាស់បានបើកសម្ដែងដល់ពួកគេនូវក្រឹត្យវិន័យនៃការថ្វាយ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០–៤២ ) ។ នៅក្រោមក្រឹត្យវិន័យនេះ បុរស និង ស្ត្រី លះបង់ពេលវេលា ទេពកោសល្យ និង ទ្រព្យសម្បត្តិខាងលោកិយរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីកសាង និង ស្ថាបនានគរព្រះឡើង ។ សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៥១ ដោយស្វែងរកការទទួលខុសត្រូវដែលប៊ីស្សព អែតវឺត ប៉ាទ្រិច មាន ទាក់ទងទៅនឹងក្រឹត្យវិន័យនេះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥១:១–៨ មាននូវសេចក្ដីណែនាំពីព្រះអម្ចាស់ទៅកាន់ប៊ីស្សព ប៉ាទ្រិច អំពីពួកបរិសុទ្ធដែលនឹងធ្វើដំណើរមកដល់ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ប៊ីស្សព ប៉ាទ្រិច ឲ្យ « ប្រគល់ចំណែកដល់ប្រជារាស្ត្រនេះរៀងៗខ្លួន » នូវដីធ្លី និង ទ្រព្យសម្បត្តិ « តាមកាលៈទេសៈ [ របស់ពួកគេ ] និង សេចក្ដីត្រូវការ [ របស់ពួកគេ ] » ( គ. និង ស. ៥១:៣ ) ។ ( សូមចំណាំថា និយមន័យមួយនៃពាក្យ សេចក្ដីត្រូវការ គឺជាការខ្វះអ្វីមួយ ។ ការបញ្ជាពីព្រះអម្ចាស់ឲ្យបំពេញ « តាមសេចក្ដីត្រូវការនៃប្រជារាស្ត្រនេះ » គឺជាការបញ្ជាឲ្យជួយប្រជារាស្ត្រទទួលបានរបស់ចាំបាច់ ដែលពួកគេពុំមាន ) ។ ប៊ីស្សព ប៉ាទ្រិច ត្រូវផ្ដល់កម្មសិទ្ធិទ្រព្យសម្បត្តិពេញលេញទៅដល់ក្រុមគ្រួសារទាំងឡាយ ហើយត្រូវធានាថា មនុស្សគ្រប់គ្នាមានអាហារបរិភោគ និង សំលៀកបំពាក់ស្លៀកពាក់គ្រប់គ្រាន់ ។
ព្រះអម្ចាស់បានមានព្រះបន្ទូលពន្យល់អំពី របៀបដែលពួកបរិសុទ្ធគួរតែធ្វើ ពេលរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥១:៩ ដោយស្វែងរកសេចក្ដីណែនាំពីព្រះអម្ចាស់ទៅកាន់ពួកបរិសុទ្ធ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការដែលក្រុមនៃប្រជារាស្ត្រត្រូវ « មានចិត្តតែមួយ » មានន័យដូចម្ដេច ? ( អ្នកអាចនឹងចង់អាន ម៉ូសេ ៧:១៨ ដើម្បីជាជំនួយក្នុងការឆ្លើយនឹងសំណួរនេះ ) ។
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៥១:៩ តើព្រះអម្ចាស់បានណែនាំពួកបរិសុទ្ធឲ្យធ្វើអ្វី ដើម្បីឲ្យបានរួមគ្នាតែមួយ ? តើអ្នកគិតថាដើម្បីបាន « រាប់ដូចគ្នា » និង « ទទួលដូចគ្នា » មានន័យដូចម្ដេច ?
-
នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥១:១០–២០ អ្នកនឹងឃើញថា ព្រះអម្ចាស់បានណែនាំឲ្យប៊ីស្សព ប៉ាទ្រិច តាំងឃ្លាំងមួយឡើង ជាកន្លែងដែលពួកបរិសុទ្ធអាចរក្សាទុករបស់របរដែលមានច្រើនជាងសេចក្ដីត្រូវការ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា ការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ គឺជាអភ័យឯកសិទ្ធិមួយ ។ ទ្រង់បានមានព្រះបន្ទូលពន្យល់ថា ទោះបីពួកបរិសុទ្ធនឹងតាំងលំនៅលើដីធ្លីរបស់ខ្លួនតែមួយរដូវតូចក្ដី ក៏ពួកគេគួរតែដាក់ផែនការ ដើម្បីមានភាពស្មោះត្រង់ ឈ្លាសវៃ និង យុត្តិធម៌លើអ្វីដែលពួកគេទទួលបាន ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១-១៣, ២២-៣៤
ព្រះអម្ចាស់បញ្ជាព្យាការី និង ពួកអែលឌើរប៉ុន្មានទៀត ឲ្យធ្វើដំណើរទៅរដ្ឋ មិសសួរី ហើយផ្សាយដំណឹងល្អនៅតាមផ្លូវ
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១–១៣, ២២–៣៤ ព្រះអម្ចាស់បានណែនាំព្យាការី យ៉ូសែប ស៊្មីធ និង ពួកអែលឌើរប៉ុន្មាននាក់ទៀត ឲ្យធ្វើដំណើរជាគូៗទៅរដ្ឋ មិសសួរី ហើយផ្សាយដំណឹងល្អនៅតាមផ្លូវ ។ ព្រះអម្ចាស់បានបើកសម្ដែងកាលពីមុនរួចមកហើយថា ពួកបរិសុទ្ធនឹងស្ថាបនាសហគមន៍រួមមួយឡើង ដែលត្រូវបានហៅថា ទីក្រុង ស៊ីយ៉ូន ( សូមមើល គ. និង ស. ២៨:៩ ) ប៉ុន្តែ ទ្រង់ពុំបានបើកសម្ដែងអំពីទីតាំងរបស់វាឡើយ ។ នៅក្នុងវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២ ទ្រង់បានសន្យានឹងពួកគេថា បើ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ស្មោះត្រង់ចំពោះសេចក្ដីណែនាំមកពីទ្រង់ នោះទ្រង់នឹងបើកសម្ដែងដល់ពួកលោកអំពីទីតាំងនៃ « ដែនដីនៃកេរអាករ [ របស់ពួកបរិសុទ្ធ ] » ( គ. និង ស. ៥២:៥ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤-២១, ៣៥-៣៦
ព្រះអម្ចាស់បើកសម្ដែងរបៀប ដែលជួយយើងឲ្យចៀសវាងពីការត្រូវបានបញ្ឆោតដោយសាតាំង
នៅក្នុងវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០ ព្រះអម្ចាស់បានមានព្រះបន្ទូលព្រមានពួកអែលឌើរមួយចំនួនក្នុងសាសនាចក្រ អំពីវិញ្ញាណក្លែងក្លាយ ហើយទ្រង់បានប្រទានសេចក្ដីណែនាំនានា ដែលនឹងជួយពួកបរិសុទ្ធឲ្យស្អាងគ្នាទៅវិញទៅមក នៅពេលពួកគេបង្រៀន និង រៀនអំពីសេចក្ដីពិតនៃដំណឹងល្អ ។
នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤–២១ សូមស្វែងរកសេចក្ដីណែនាំបន្ថែមពីព្រះអម្ចាស់ ដើម្បីជួយពង្រឹងសមាជិកសាសនាចក្រ ជាពិសេសអ្នកដែលទ្រង់បានហៅ ឲ្យផ្សាយដំណឹងល្អ នៅពេលពួកគេធ្វើដំណើរទៅរដ្ឋ មិសសួរី ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤ រួចស្វែងរកឃ្លា ដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាអំពីអ្វី ដែលទ្រង់បានហៀបនឹងប្រទានដល់អ្នកផ្សព្វផ្សាយសាសនាទាំងនេះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា គោលបំណងនៃគំរូមួយគឺជាអ្វី ?
-
តើមូលហេតុអ្វីបានជាព្រះអម្ចាស់ ប្រទានគំរូដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤–២១ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៥–១៩ ដោយស្វែងរកទង្វើ និង ឥរិយាបថ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថានឹងជួយដល់រាស្ត្រទ្រង់ឲ្យចៀសវាងពីការត្រូវបានបញ្ឆោតដោយសាតាំង ។ នៅពេលអ្នកព្យាយាមយល់ពីសេចក្ដីណែនាំរបស់ព្រះអម្ចាស់ដែលមាននៅក្នុងខគម្ពីរទាំងនេះ សូមពិចារណាអំពីការបកស្រាយដូចខាងក្រោមនេះ ៖
-
បុគ្គល « ដែលមានវិញ្ញាណទន់ទាប » ( គ. និង ស. ៥២:១៥ ) មាននូវឥរិយាបថជាអ្នកប្រែចិត្ត ។
-
ការបញ្ជាឲ្យ « គោរពពិធីបរិសុទ្ធទាំងឡាយរបស់យើង » ( គ. និង ស. ៥២:១៥ ) សំដៅទៅលើតម្រូវការឲ្យទទួលពិធីបរិសុទ្ធទាំងឡាយមានដូចជា ពិធីបុណ្យជ្រមុជទឹក និង រក្សាសេចក្តីសញ្ញាដែលទាក់ទងទៅនឹងពិធីបរិសុទ្ធទាំងនោះ ។
-
បុគ្គល « ដែលប្រើពាក្យសម្ដីសុភាព ហើយស្អាងឡើង » ( គ. និង ស. ៥២:១៦ ) គឺជាបុគ្គលដែលវាចាចេញពាក្យពេចន៍ ដែលរាបសា ហើយលើកតម្កើង និង ធ្វើឲ្យមនុស្សដទៃរីកចម្រើន ។
-
បុគ្គលដែល « ញ័ររន្ធត់នៅក្រោមព្រះចេស្ដា [ របស់ព្រះអម្ចាស់ ] » ( គ. និង ស. ៥២:១៧ ) គឺជាបុគ្គល ដែលមានគារវភាពចំពោះព្រះចេស្ដានៃព្រះ ។
-
ដើម្បី « នាំផល » ( គ. និង ស. ៥២:១៧ ) គឺត្រូវបង្កើតអ្វីល្អៗ ( មានដូចជា « ការសរសើរ និង ប្រាជ្ញា » ) ដោយការធ្វើតាមវិវរណៈដែលព្រះបានប្រទានឲ្យ ។
គោលការណ៍ដូចតទៅនេះ សង្ខេបអំពីទស្សនដែលបានរៀនចេញពីវិវរណៈនេះថា ៖ ដើម្បីចៀសវាងពីការត្រូវបានបញ្ឆោតដោយសាតាំង បុគ្គលម្នាក់ត្រូវតែធ្វើតាមតាមពិធីបរិសុទ្ធទាំងឡាយរបស់ព្រះអម្ចាស់ ហើយរស់នៅតាមវិវរណៈដែលទ្រង់បានប្រទានឲ្យ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:៣៦ ដោយស្វែងរកសេចក្ដីណែនាំបន្ថែម ដែលព្រះអម្ចាស់បានប្រទានឲ្យ ។ តើព្រះអម្ចាស់បានណែនាំឲ្យពួកអែលឌើរនៃសាសនាចក្រ ប្រកាសអំពីអ្វី ?
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្នកដឹកនាំ ឬ គ្រូបង្រៀនម្នាក់ ដែលអ្នកស្គាល់ ថាជាអ្នកដែលរស់នៅតាមគំរូ ដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤–១៩, ៣៦ ។ តើអ្នកបានទទួលអត្ថប្រយោជន៍ ពីការបង្រៀន និង គំរូរបស់បុគ្គលនេះតាមរបៀបណាខ្លះ ?
សូមគិតអំពីសមាជិកក្នុងគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ រួចពិចារណាអំពីរបៀបដែលពួកលោក បង្ហាញគំរូមកពីព្រះអម្ចាស់ ក្នុងការមិនឲ្យត្រូវបានបញ្ឆោតដោយសាតាំង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៣៧-៤៤
ព្រះអម្ចាស់ប្រទានឱវាទទៅដល់ថ្នាក់ដឹកនាំ ដែលបន្តរស់នៅក្នុងរដ្ឋ អូហៃអូ
ទន្ទឹមនឹងពេលព្រះអម្ចាស់បានហៅអ្នកកាន់បព្វជិតភាពជាច្រើនក្នុងជំនាន់ដំបូង ឲ្យផ្សាយដំណឹងល្អនៅតាមផ្លូវទៅកាន់រដ្ឋ មិសសួរី ឬ ទីកន្លែងដទៃទៀតនោះ ទ្រង់ក៏បានបញ្ជាឲ្យពួកអែលឌើរប៉ុន្មាននាក់ទៀត ឲ្យបន្តរស់នៅក្នុងរដ្ឋ អូហៃអូ ដែរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:៣៩–៤០ ដោយស្វែងរកសេចក្ដីណែនាំ ដែលព្រះអម្ចាស់បានប្រទានដល់ពួកអែលឌើរដែលបន្តរស់នៅរដ្ឋ អូហៃអូ ។ ( នៅពេលអ្នកអាន វាអាចនឹងមានប្រយោជន៍ ដើម្បីស្គាល់ថាពាក្យ ដែលនៅសល់ សំដៅទៅលើអ្នកដែលបន្តរស់នៅ ) ។ សូមគិតពីការគូសចំណាំអ្វីដែលអ្នករកឃើញ ។
សូមគិតអំពីសំណួរដូចតទៅនេះ ៖ តើអ្នកគិតថា ដើម្បី « នឹកចាំក្នុងគ្រប់ការណ៍ទាំងអស់ ពីមនុស្សទាល់ក្រ និង មនុស្សកំសត់ទុរគត » មានន័យដូចម្ដេច ( គ. និង ស. ៥២:៤០ ) ? ហេតុអ្វីបានជាការគ្រាន់តែគិតអំពីមនុស្សកំសត់ទុរគត មិនគ្រប់គ្រាន់ដើម្បីបំពេញតាមព្រះបញ្ញត្តិពីព្រះអម្ចាស់ ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:៤០ តើព្រះអម្ចាស់បានមានព្រះបន្ទូលដូចម្ដេច អំពីរាស្ត្រ ដែលបដិសេធមិនជួយដល់មនុស្សកំសត់ទុរគត ?
យោងតាមខគម្ពីរនេះ សូមបញ្ចប់គោលការណ៍ដូចតទៅនេះ ៖ សិស្សរបស់ព្រះយេស៊ូវគ្រីស្ទមើលថែ ហើយខ្វាយខ្វល់ពី ។
-
សូមគិតអំពីមនុស្សដែលអ្នកស្គាល់ ជាបុគ្គលដែលអ្នកចាត់ទុកថាជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីរបៀបដែលមនុស្សទាំងនេះ មើលថែ ហើយខ្វាយខ្វល់ពីមនុស្សកំសត់ទុរគត ។
សូមគិតអំពីគ្រា ដែលអ្នកបានមានឱកាសខ្វាយខ្វល់ពីមនុស្សទាល់ក្រ និង មនុស្សទុរគត អ្នកជំងឺ និង អ្នករងទុក្ខ ។ សូមគិតអំពីការដាក់គោលដៅជាក់លាក់មួយ ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់នរណាម្នាក់ និង ដើម្បីធ្វើជាសិស្សនៃព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែប្រសើរឡើង ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥១-៥២ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖