ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៨២-៨៣


មេរៀន​ទី ១៧ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៨២-៨៣

បុព្វកថា

វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨២ ត្រូវបាន​ទទួល​នៅ​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣២ អំឡុង​ការប្រជុំ​ក្រុមប្រឹក្សា​ពួក​សង្ឃ​ជាន់ខ្ពស់ និង ពួក​អែលឌើរ​នៃ​សាសនាចក្រ​នៅ​ក្រុង អ៊ីនឌីប៉ែនដែនស៍ ឃុំ​ចាកសុន រដ្ឋ មិសសួរី ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​អត់ទោស​ដល់​ពួក​បងប្អូន​ប្រុស ពី​កំហុស​របស់​ពួក​គាត់ ហើយ​បាន​ព្រមាន​ពួក​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​បាប​បន្ត​ទៀត ។ ព្រះអម្ចាស់​ក៏​បាន​ណែនាំ​ពួក​បងប្អូន​ប្រុស​ទាំងនេះ​នៅ​រដ្ឋ មិសសួរី ផងដែរ ស្ដីពី​របៀប​គ្រប់គ្រង​កិច្ចការ​អាណាចក្រ​នៃ​ទីក្រុង ស៊ីយ៉ូន ។ បួន​ថ្ងៃ​ក្រោយ​មក ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៣ជា​វិវរណៈ​ដែល​ព្រះអម្ចាស់​បាន​ណែនាំ ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ស្ដីពី​របៀប​មើល​ថែ​ស្រី​មេម៉ាយ និង កូន​កំព្រា ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១-៧

ព្រះអម្ចាស់​ព្រមាន​ដល់​អ្នក​ទាំងឡាយ​ណា ដែល​ទទួល​បាន​ច្រើន​ពី​ទ្រង់

សូម​គិត​អំពី​គ្រា​ដែល​អ្នក​បាន​មាន​ការខ្វែង​គំនិត​ជាមួយ​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ ដែល​នៅ​ទី​បំផុត​ត្រូវបាន​ដោះស្រាយ ។ តើ​អ្នក​បាន​មាន​អារម្មណ៍​ដូចម្ដេច បន្ទាប់​ពី​បាន​ដោះស្រាយ​ការខ្វែងគំនិត​នោះ​ហើយ ?

អស់​រយៈ​ពេល​បី​បួន​ខែ អារម្មណ៍​គ្រោតគ្រាត​កើតឡើង​រវាង ស៊ីឌនី រិកដុន នៅ​រដ្ឋ អូហៃអូ និង ប៊ីស្សព អែតវឺត ប៉ាទ្រិច នៅ​រដ្ឋ មិសសួរី ។ ក្នុង​ខែ មេសា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ មិសសួរី ដើម្បី​គោរពប្រតិបត្តិ​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់​ថា ពួក​លោក​ត្រូវ « អង្គុយ​ប្រឹក្សា​ជាមួយ​ពួក​បរិសុទ្ធ ដែល​នៅ​ក្រុង​ស៊ីយ៉ូន » ( គ. និង ស. ៧៨:៩ ) ។ កាល​ពួក​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ នោះ​ការប្រជុំ​ក្រុមប្រឹក្សា​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់ និង ពួក​អែលឌើរ​នៃ​សាសនាចក្រ ត្រូវបាន​ធ្វើ​ឡើង ។ នៅ​ចន្លោះ​សម័យ​ប្រជុំ​ពេល​ព្រឹក និង ពេល​រសៀល​នៃ​សន្និសីទ ស៊ីឌនី រិកដុន និង អែតវឺត ប៉ាទ្រិច បាន​ដោះស្រាយ​ការខ្វែងគំនិត​របស់​ពួក​គាត់ ។ វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២ ត្រូវបាន​ទទួល​នៅ​អំឡុង​សម័យ​ប្រជុំ​ពេល​រសៀល ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ ស៊ីឌនី រិកដុន និង វិល្លាម ប៉ាទ្រិច អំពី​ការដោះស្រាយ​ការខ្វែងគំនិត​របស់​ពួក​គាត់ ។

ដោយ​ផ្អែក​ទៅ​លើ​អ្វី ដែល​អ្នក​រៀន​នៅ​ក្នុង ខទី ១សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដែល​ប្រាប់​អំពី​ទំនាក់ទំនង​រវាង​ការអត់ទោស​ដល់​មនុស្ស​ទូទៅ និង ការទទួល​បាន​ការអត់ទោស​ពី​ព្រះអម្ចាស់ ៖ គឺ​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ការទទួលបាន​ការអត់ទោស ពី​ព្រះអម្ចាស់​ចំពោះ​អំពើបាប​របស់​យើង ។ ( សូម​ប្រៀបធៀប​ទៅ​នឹង គ. និង ស. ៦៤:៩-១១ ) ។

ទោះជា​ព្រះអម្ចាស់​បាន​ប្រទាន​ការអត់ទោស​នៅ​ពេល​នេះ​ក្ដី ក៏​ទ្រង់​បាន​ប្រទាន​ការព្រមាន​មួយ​ដល់​ពួក​គាត់​ផងដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:២ដោយ​ស្វែងរក​ការព្រមាន ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​ទាំងនេះ ។

នៅ​ពេល​សមាជិក​សាសនាចក្រ​បាន​ផ្លាស់​ទីលំនៅ​ទៅ​កាន់​រដ្ឋ មិសសួរី ពួកគាត់​ជា​ច្រើន​នាក់​ពុំ​បាន​គោរពប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​ឡើយ ហើយ​ខ្លះ​ទៀត​បាន​បដិសេធ​មិន​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ជា​លទ្ធផល សមាជិក​សាសនាចក្រ​ទាំងនោះ​មួយ​ចំនួន បាន​ធ្វើ​កំហុស​ដោយ​សេចក្ដី​ច្រណែន លោភៈ និង មិន​ព្រម​បំពេញ​ករណីយកិច្ច​របស់​ខ្លួន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៣–៤ដោយ​ស្វែងរក​មូលហេតុ ដែល​សេចក្ដី​ជំនុំជម្រះ​របស់​ព្រះអម្ចាស់ នឹង​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​បន្ត​ប្រព្រឹត្ត​បាប ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​គោលការណ៍​មួយ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:៣ ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​អ្នក​ទាំងឡាយ​ដែល​បាន​ទទួល​ច្រើន​ពី​ព្រះអម្ចាស់ ក៏​នឹង​ត្រូវ​ទាមទារ​ជា​ច្រើន​វិញ​ដែរ ?

  2. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​នៃ​ពរជ័យ ដែល​អ្នក​បាន​ទទួល​ពី​ព្រះអម្ចាស់​ឲ្យ​បាន​ច្រើន តាម​ដែល​អ្នក​អាច​គិត​បាន ក្នុង​រយៈ​ពេល​ពីរ​នាទី ។ សូម​សរសេរ​បញ្ចូល​ពរជ័យ​ដែល​អ្នក​ទទួលបាន ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ។ បន្ទាប់​មក ជ្រើសរើស​ពរជ័យ​មួយ​ដែល​អ្នក​បាន​សរសេរ រួច​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​ឲ្យ​អ្នក​ធ្វើ​ដូចម្ដេច ជាមួយ​នឹង​ពរជ័យ​នេះ ? ( ឧទាហរណ៍ បើ​អ្នក​ទទួលស្គាល់​ថា​អ្នក​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​អ្នក ការរំពឹងទុក​មួយ​អាច​ជា ការដែល​អ្នក​ចែកចាយ​សេចក្ដីពិត​ទាំងនេះ​ជាមួយ​មនុស្ស​ទូទៅ ) ។

    2. តើ​អ្នក​អាច​ចាប់ផ្ដើម​ធ្វើ​អ្វី​ខ្លះ ដើម្បី​បំពេញ​តាម​ការរំពឹង​ទុក​នោះ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៥–៦ព្រះអម្ចាស់​បាន​ព្រមាន​ពួក​បរិសុទ្ធ​ថា អាណាចក្រ និង អំណាច​របស់​សាតាំង​នៅ​លើ​ផែនដី​នេះ កំពុង​តែ​ពង្រីក​ឡើង ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៧ដោយ​ស្វែងរក​ការព្រមាន​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដល់​សមាជិក​នៃ​សាសនាចក្រ​ទាំងនេះ ស្ដីពី​អំពើបាប ។ យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា វា​ចាំបាច់​ដែល​ត្រូវ​រលាស់​ចោល​អំពើបាប​ទាំងឡាយ​របស់​យើង ព្រោះ​បើ​យើង​ប្រព្រឹត្ត​បាប​ម្ដង​ទៀត​បន្ទាប់​ពី​បាន​ប្រែចិត្ត​ហើយ នោះ​អំពើបាប​ពី​ដើម​របស់​យើង នឹង​វិល​មក​វិញ ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា អំពើបាប​ពី​ដើម​របស់​យើង​វិល​មក​វិញ នៅ​ពេល​យើង​ប្រព្រឹត្ត​វា​ម្ដង​ទៀត​ដោយ​ចេតនា បន្ទាប់​ពី​បាន​ស្វែងរក​ការអត់ទោស​ពី​ព្រះអម្ចាស់​ហើយ​នោះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៨-២៤

ព្រះអម្ចាស់​បញ្ជា​បុរស​ប្រាំបួន​នាក់ ឲ្យ​បង្កើត​សហគ្រាស​មួយ​ដើម្បី​គ្រប់គ្រង កិច្ចការ​អាណាចក្រ​នៃ​សាសនាចក្រ

សូម​គិត​អំពី​ស្ថានភាព​មួយ​នៅ​ពេល​ដែល​អ្នក ឬ មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ត្រូវការ​ឲ្យ​គេ​អះអាង​ថា ព្រះ​រក្សា​ការសន្យា​របស់​ទ្រង់ ។ អំឡុង​ពេល​ការប្រជុំ​ក្រុម​ប្រឹក្សា​ពួក​សង្ឃ​ជាន់​ខ្ពស់ និង ពួក​អែលឌើរ​នៅ​រដ្ឋ មិសសួរី នោះ​ព្រះ​អម្ចាស់​បាន​ប្រទាន​ការសន្យា​អះអាង​ដល់​អ្នក​ទាំងឡាយ ដែល​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទ្រង់ ។ នៅ​ពេល​អ្នក​បន្ត​ការសិក្សា​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៨២សូម​ស្វែងរក​គោលការណ៍​នានា ដែល​អាច​ផ្ដល់​ការអះអាង​ទៅ​ដល់​មនុស្ស​ម្នាក់ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព ដូច​ដែល​អ្នក​បាន​គិត​ខាង​លើ​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៨–៩ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​នៅ​ក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​នេះ ថា​ទ្រង់​នឹង​ប្រទាន ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ មូលហេតុ​ដែល​ព្រះអម្ចាស់​ប្រទាន​ព្រះបញ្ញត្តិ​ថ្មី​នេះ​ដល់​ពួកគាត់ ។ សូម​ពិចារណា​ថាតើ​មូលហេតុ​ទាំងនេះ អាច​អនុវត្ត​ចំពោះ​រាល់​ព្រះបញ្ញត្តិ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​យ៉ាង​ដូចម្ដេច ។

  1. journal iconសូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១០ ( វគ្គ​ចំណេះចំណាន​ខគម្ពីរ ) ដោយ​ស្វែងរក​គោលការណ៍​មួយ ដែល​អាច​ផ្ដល់​ការទុកចិត្ត​នៅ​ពេល​យើង​ខ្មីឃ្មាត​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។ សូម​សរសេរ​កិច្ចការ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង​គោរព​ប្រតិបត្តិ​តាម​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង …

    2. សូម​ពិចារណា​អំពី​បទពិសោធន៍​នានា ដែល​អ្នក​បាន​មាន ដែល​បង្ហាញ​ថា​គោលការណ៍​នេះ​ពិត រួច​សរសេរ​អំពី​បទពិសោធន៍​មួយ​ក្នុង​ចំណោម​បទពិសោធន៍​ទាំងនោះ ។

នៅ​ពេល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨ព្រះអម្ចាស់​បាន​បញ្ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ឲ្យ​បង្កើត​សហគ្រាស​មួយ ដែល​ជា​សមាគម​ការងារ​សាសនាចក្រ ត្រូវបាន​ស្គាល់​ថា​ជា សហគ្រាស​សាមគ្គីភាព ។ ធនធាន​ដែល​បាន​មក​ពី​ប្រតិបត្តិការ​ការងារ​នៃ​សហគ្រាស​នេះ ត្រូវ​ប្រើប្រាស់​ដើម្បី​មើល​ថែ​មនុស្ស​ទាល់​ក្រ ហើយ​ធ្វើ​ហិរញ្ញប្បទាន​សម្រាប់​សេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​សាសនាចក្រ ។ ដូច​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១១, ១៥–១៧ព្រះអម្ចាស់​បាន​បញ្ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​រដ្ឋ មិសសួរី ឲ្យ​ចូលរួម​ក្នុង​សហគ្រាស​សាមគ្គីភាព​នេះ ដោយ​សេចក្ដី​សញ្ញា ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១២ដោយ​ស្វែងរក​គោលបំណង​នៃ​សហគ្រាស​សាមគ្គីភាព​នេះ ។ នៅ​ពេល​អ្នក​អាន វា​អាច​នឹង​ជួយ​អ្នក​ឲ្យ​នឹក​ឃើញ​ថា កណីយកិច្ច​មួយ​របស់​ប៊ីស្សព គឺ​ត្រូវ​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម​នៃ​សមាជិក​សាសនាចក្រ ។

ប៊ីស្សព​អង្គុយ​នៅ​តុ​ការិយាល័យ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១៤, ១៨–១៩ដោយ​ស្វែងរក​ពាក្យ និង ឃ្លា​ដែល​ពន្យល់​បន្ថែម​អំពី​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឲ្យ​បង្កើត​សហគ្រាស​រួបរួម​ឡើង ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ដែល​អ្នក​រក​ឃើញ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:២០–២៤ព្រះអម្ចាស់​បាន​បញ្ចប់​វិវរណៈ​នេះ ដោយ​ការព្រមាន​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឲ្យ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា ដែល​ពួកគាត់​បាន​ធ្វើ​ក្នុង​នាម​ជា​សមាជិក​នៃ​សហគ្រាស​សាមគ្គីភាព ។

រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១០

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១០ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ សូម​ព្យាយាម​ទន្ទេញ​វា ដោយ​ការសូត្រ​ម្ដង​ហើយ​ម្ដង​ទៀត​ចំនួន​បីបួន​ដង ។ បន្ទាប់​ពី​អ្នក​បាន​ទន្ទេញ​វា​ចាំ​ហើយ សូម​សូត្រ​វា​ឲ្យ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ស្ដាប់ ហើយ​ចែកចាយ​អំពី​អ្វី​ដែល​អ្នក​បាន​មាន​បទពិសោធន៍ ដែល​បាន​បញ្ជាក់​ប្រាប់​ដល់​អ្នក​ថា ព្រះអម្ចាស់​ពិត​ជា​រក្សា​ការសន្យា​របស់​ទ្រង់​ចំពោះ​យើង នៅ​ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​បញ្ជា ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៣

ព្រះអម្ចាស់​បើកសម្ដែង​របៀប ដែល​ត្រូវ​មើល​ថែ​ដល់​ស្រី​មេម៉ាយ និង កូន​កំព្រា

បួន​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨២ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​អំពី​របៀប​បំពេញ​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម​របស់​ពួក​បរិសុទ្ធ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៣:១ដោយ​ស្វែងរក​ថាតើ​វិវរណៈ​នេះ សំដៅ​ទៅ​លើ​សេចក្ដី​ត្រូវការ​របស់​នរណា ។

ដើម្បី​យល់​អំពី​កណ្ឌ​នេះ សូម​រំឭក​ថា ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ហើយ​បាន​ទទួល « កេរមរតក » ឬ ទ្រព្យសម្បត្តិ​ពី​សាសនាចក្រ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​បើកសម្ដែង​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​កេរមរតក​គ្រួសារ បើ​ស្វាមី ឬ ឪពុក​បាន​ទទួល​មរណភាព ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៣:២-៣ដោយ​ស្វែងរក​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់ អំពី​ការមើលថែ​ដល់​ស្ត្រី ដែល​ស្វាមី​របស់​ពួកគេ​បាន​ស្លាប់ ។ ( វា​អាច​នឹង​ជួយ​អ្នក ក្នុង​ការដឹង​ថា នៅ​ពេល​នោះ ស្ត្រី​ភាគ​ច្រើន​ពឹងផ្អែក​ទៅ​លើ​ការផ្គត់ផ្គង់​ខាង​សាច់ឈាម​ពី​ស្វាមី​របស់​ខ្លួន ។ « ត្រូវ​បាន​ទទួល​ការរាប់អាន​នៅ​ក្នុង​សាសនាចក្រ » មាន​ន័យ​ថា ដោយសារតែ​អ្នក​ផ្គត់ផ្គង់​របស់​ភរិយា​បាន​ស្លាប់​ទៅ​ហើយ​នោះ សាសនាចក្រ​នឹង​បំពេញ​សេចក្ដី​ត្រូវការ​របស់​នាង ) ។ រួច​សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៣:៤–៦ដោយ​ស្វែងរក​របៀប ដែល​សាសនាចក្រ​មើល​ថែ​កូន​កំព្រា និង ស្រី​មេម៉ាយ ។

រូប​គំនូរ​យុវនារី​ពាក់​អាវកាក់​ពណ៌​លឿង
  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៣ បង្រៀន​អ្នក​អំពី​របៀប​ដែល​ព្រះអម្ចាស់​ទ្រង់​ព្រះតម្រិះ អំពី​ស្រី​មេម៉ាយ កូន​កំព្រា និង អ្នក​ដែល​មាន​សេចក្ដី​ត្រូវការ​ទាំងនោះ ?

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨២-៨៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖