មេរៀនទី ៦ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ២១-២៣
បុព្វកថា
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ មានមនុស្សជិត ៦០ នាក់បានចូលរួមការប្រជុំថ្វាយបង្គំជាលើកដំបូង ។ ការប្រជុំនោះបានប្រព្រឹត្តទៅដោយមានការអធិស្ឋាន ការគាំទ្រ ការតែងតាំង ការបម្រើសាក្រាម៉ង់ និងពិធីបញ្ជាក់ ។ នៅក្នុងការប្រជុំនេះ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលឥឡូវនេះ បានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២១ ។ នៅប៉ុន្មានថ្ងៃក្រោយមក ព្រះអម្ចាស់បានស្រាយបំភ្លឺថា ពិធីបុណជ្រមុជទឹកត្រូវតែធ្វើឡើងដោយអស់អ្នកដែលមានសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ ( សូមមើល គ. និង ស. ២២ ) ។ ទ្រង់ក៏បានប្រទានឱវាទដល់បុរសប្រាំរូប ដែលមានបំណងចង់ដឹងពីករណីយកិច្ចរបស់ខ្លួន ( សូមមើល គ. និង ស. ២៣ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២១
ព្រះអម្ចាស់បានចាត់តាំង យ៉ូសែប ស៊្មីធ ជាព្យាការី និង អ្នកមើលឆុតទីមួយក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។
សូមស្ដាប់ ឬ អានទំនុកបទនៃទំនុកតម្កើង « យើងអរគុណទ្រង់ចំពោះព្យាការី » (ទំនុកតម្កើង លេខ ១០ ) ។ តើមូលហេតុមួយចំនួនណាខ្លះ ដែលអ្នកមានអារម្មណ៍នៃអំណរគុណចំពោះព្យាការី ? នៅពេលអ្នកសិក្សាមេរៀននៅថ្ងៃនេះ សូមស្វែងរកសេចក្ដីពិតដែលអាចបង្កើនកតវេទិតារបស់អ្នកចំពោះព្យាការី ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២១:១ ដោយស្វែងរកងារខុសៗគ្នា ដែល យ៉ូសែប ស៊្មីធ នឹងត្រូវបានស្គាល់ ។ អ្នកអាចនឹងចង់គូសចំណាំសេចក្ដីពិតទាំងនោះ នៅក្នុងព្រះគម្ពីររបស់អ្នក ឬ សរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
អែលឌើរ ចន អេ វីឌសូ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីអត្ថន័យជាទូទៅនៃងារ « ព្យាការី » និង របៀបដែលងារនេះរួមបញ្ចូលទាំងងារដទៃៗទៀតថា ៖
« ព្យាការី គឺជាគ្រូបង្រៀន ។ នោះគឺជាអត្ថន័យសំខាន់នៃពាក្យនេះ ។ លោកបង្រៀនអំពីសេចក្ដីពិត ដំណឹងល្អ ដែលបានបើកសម្ដែងដោយព្រះអម្ចាស់ដល់មនុស្ស ហើយលោកពន្យល់អំពីការណ៍ទាំងនោះឲ្យមនុស្សបានយល់ដឹងនៅក្រោមការបំផុសគំនិត ។…
« តាមន័យថាព្យាការីគឺជាបុរសម្នាក់ដែលទទួលវិវរណៈមកពីព្រះអម្ចាស់ នោះងារ ‹ អ្នកមើលឆុត និង អ្នកទទួលវិវរណៈ › គ្រាន់តែពង្រីកឲ្យធំដល់អត្ថន័យដ៏ធំនៃងារជា ‹ ព្យាការី › ប៉ុណ្ណោះ ។…
« អ្នកមើលឆុត គឺជាអ្នកដែលមើលឃើញដោយភ្នែកខាងវិញ្ញាណ ។ គាត់ដឹងពីអត្ថន័យនៃនៃអ្វីដែលហាក់ដូចជាស្រពិចស្រពិលចំពោះអ្នកដទៃ ហេតុដូច្នេះហើយគាត់គឺជាអ្នកបកប្រែ និង អ្នកបញ្ជាក់ពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ។ គាត់ព្យាករណ៍អនាគតកាលពីអតីតកាល និង បច្ចុប្បន្នកាល ។ ការណ៍នេះ គាត់ធ្វើដោយអំណាចនៃព្រះអម្ចាស់ដែលប្រតិបត្តិការតាមរយៈគាត់ដោយផ្ទាល់ ឬ មិនផ្ទាល់ជាមួយនឹងជំនួយនៃឧបករណ៍ដ៏ទេវភាពដូចជា យូរីម និង ធូមីម ។ សរុបមក គាត់គឺជាមនុស្សម្នាក់ដែលមើលឃើញ ដែលដើរនៅក្នុងពន្លឺរបស់ព្រះអម្ចាស់ដោយបើកភ្នែក ។ [ សូមមើល ម៉ូសាយ ៨:១៥–១៧] ។
« ដោយមានជំនួយពីព្រះអម្ចាស់ នោះអ្នកទទួលវិវរណៈ ធ្វើឲ្យអ្វីមួយត្រូវបានគេដឹង ដែលពីមុនគេមិនបានដឹងពីវា ។ វាអាចសេចក្ដីពិតថ្មី ឬត្រូវបានគេភ្លេច ឬ ការអនុវត្តនៃសេចក្ដីពិតដែលគេដឹងថ្មី ឬត្រូវបានគេភ្លេចចំពោះសេចក្ដីត្រូវការរបស់មនុស្ស ។…
« សរុបសេចក្ដីមក ៖ ព្យាការីគឺជាគ្រូបង្រៀនអំពីសេចក្ដីពិតដែលត្រូវបានធ្វើឲ្យដឹង អ្នកមើលឆុតគឺជាអ្នកយល់ដឹងដោយញាណនូវសេចក្ដីពិតដែលអាថ៌កំបាំង អ្នកទទួលវិវរណៈគឺជាអ្នកទទួលនូវសេចក្ដីពិតថ្មី ។ តាមន័យដ៏ទូលំទូលាយ អ្វីដែលត្រូវបានគេប្រើច្រើនបំផុត ងារព្យាការី បូកបញ្ចូលទាំងងារផ្សេងទៀត ហើយធ្វើជាព្យាការី គ្រូបង្រៀន អ្នកដឹងមុន និង អ្នកទទួលសេចក្ដីពិត ( Evidences and Reconciliations, arr. G. Homer Durham, វ៉ុល ៣ នៅក្នុង ១ [ ឆ្នាំ ១៩៦០ ] ទំព័រ ២៥៧–៥៨ ) ។
នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ យើងរៀនស្វែងយល់ថា ព្យាការី គឺជា « បុរសម្នាក់ដែលត្រូវបានហៅដោយព្រះ ហើយថ្លែងជំនួសព្រះ ។ ក្នុងនាមជាសារទូតរបស់ព្រះ ព្យាការីទទួលព្រះបញ្ញត្តិ ព្យាករណ៍ និងវិវរណៈមកពីព្រះ ។ ទំនួលខុសត្រូវរបស់លោក គឺដើម្បីបង្ហាញពីព្រះហឬទ័យរបស់ព្រះ និងលក្ខណៈពិតរបស់ព្រះចំពោះមនុស្សលោក ហើយបង្ហាញពីអត្ថន័យនៃការទំនាក់ទំនងរបស់ទ្រង់ជាមួយពួកគេ។ ព្យាការីម្នាក់ ប្រកាសបដិសេធអំពើបាបទាំងស្រុង ហើយទាយទុកពីផលវិបាករបស់វា ។ លោកគឺជាអ្នកផ្សាយអំពីសេចក្ដីសុចរិត។ ក្នុងឱកាសខ្លះ ពួកព្យាការីអាចនឹងត្រូវបានបំផុសគំនិតឲ្យទាយទុកជាមុនអំពី អនាគតកាលសម្រាប់ជាប្រយោជន៍ដល់មនុស្សលោក។ ទោះជាយ៉ាងណាក៏ដោយ ការទទួលខុសត្រូវចម្បងរបស់លោក គឺត្រូវថ្លែងជាសាក្សីអំពីព្រះគ្រីស្ទ » ( Prophet, »scriptures.lds.org) ។
-
សូមឆ្លើយសំណួរតទៅនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើងារទាំងឡាយដែលត្រូវបានប្រទានដល់ យ៉ូសែប ស៊្មីធ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២១:១ ជួយអ្នកឲ្យយល់អំពីសារៈសំខាន់នៃតួនាទី និង ការទទួលខុសត្រូវជាច្រើនដែលលោកមាន ក្នុងការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អ និង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅលើផែនដីយ៉ាងដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២១:២–៣ ដោយស្វែងរកពាក្យ ឬ ឃ្លាដែលបង្ហាញថា ព្រះបានបំផុសឲ្យ យ៉ូសែប ស៊្មីធ ស្ដារសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាទាំងនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមពន្យល់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលអ្នកគិតថា វាមានសារៈសំខាន់ដើម្បីដឹងថា យ៉ូសែប ស៊្មីធ ត្រូវបានហៅដោយព្រះ ដើម្បីស្ដារ ហើយដឹកនាំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២១:៤–៥ រួចស្វែងរកសារលិខិតដ៏មានសារៈសំខាន់មួយ ដែលព្រះអម្ចាស់បានបើកសម្ដែងនៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ។
-
សូមឆ្លើយសំណួរតទៅនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាពេលខ្លះវាតម្រូវឲ្យមាន « សេចក្តីអត់ធន់ និង សេចក្ដីជំនឿ » ដើម្បីស្ដាប់តាមប្រសាសន៍របស់ព្យាការី ?
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានផ្ដល់ការអះអាងថា យើងអាចមានសេចក្ដីជំនឿជានិច្ចទៅលើព្យាការីរបស់ព្រះអម្ចាស់ ៖ « ព្រះអម្ចាស់នឹងពុំបណ្ដោយឲ្យខ្ញុំ ឬ បុរសដទៃទៀត ដែលឈរជាប្រធាននៃសាសនាចក្រ ដឹកនាំអ្នកឲ្យដើរផ្លូវខុសនោះទេ ។ វាពុំមាននៅក្នុងកម្មវិធីនោះទេ ។ វាពុំមែនជាព្រះតម្រិះរបស់ព្រះនោះទេ ។ ប្រសិនបើខ្ញុំមានបំណងធ្វើដូច្នោះ នោះព្រះអម្ចាស់នឹងដកខ្ញុំចេញពីតំណែងនេះជាមិនខាន » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ១៩៩) ។
ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានថ្លែងទីបន្ទាល់ស្រដៀងគ្នាដែរថា ៖ « ប្រសិនបើ [ ប្រធាននៃសាសនាចក្រ ] នឹងក្លាយជាមនុស្សពុំស្មោះត្រង់ នោះព្រះនឹងដកគាត់ចេញពីតំណែងរបស់គាត់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់នៅក្នុងព្រះនាមនៃព្រះរបស់រាស្ត្រអ៊ីស្រាអែលថា ទ្រង់នឹងពុំបណ្ដោយឲ្យអ្នកដឹកនាំសាសនាចក្រ ដែលត្រូវបានជ្រើសតាំងឲ្យឈរនៅត្រង់ក្បាលម៉ាស៊ីន ប្រព្រឹត្តអំពើរំលងនឹងក្រឹត្យវិន័យទ្រង់ ហើយក្បត់សាសនានោះទេ ដ្បិតរំពេចណាដែលគាត់នឹងប្រព្រឹត្តដូចនោះ ព្រះទ្រង់នឹងដកគាត់ចេញភ្លាម ។ ហេតុអ្វី ? ព្រោះការបណ្ដោយឲ្យបុរសទុច្ចរិតម្នាក់កាន់តំណែងនោះ នឹងធ្វើឲ្យប្រភពប្រែជាមានភាពពុករលួយ គឺជាអ្វីមួយដែលទ្រង់នឹងមិនបណ្ដោយឲ្យកើតមានឡើងសោះឡើយ » ។ (Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ២២៧) ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៦ រួចដាក់លេខនៅលើពរជ័យចំនួនបី ដែលបានផ្ដល់ដល់អ្នកទាំងឡាយ ដែលទទួលយកពាក្យសម្ដីរបស់ព្យាការីដោយសេចក្ដីអត់ធន់ និង សេចក្ដីជំនឿ ។
តើអ្នកនឹងសង្ខេបការសន្យាទាំងឡាយ ដែលបានប្រទានឲ្យដល់អ្នកទាំងឡាយណាដែលបានស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីយ៉ាងដូចម្ដេច ? ( សេចក្ដីថ្លែងតទៅនេះជារបៀបមួយ ដើម្បីថ្លែងពីគោលការណ៍ ៖ បើយើងស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី នោះយើងនឹងត្រូវបានការពារទាស់នឹងមារសត្រូវ ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគ្រាមួយដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ត្រូវបានប្រទានពរដោយសារការស្ដាប់ដំបូន្មាន និង ពាក្យសម្ដីរបស់ព្យាការីដែលកំពុងរស់នៅ ។ ការណ៍នេះអាចរួមបញ្ចូលទាំងដំបូន្មានខាងក្រោមនេះ ដែលបានថ្លែងនៅក្នុងសន្និសីទទូទៅ និង នៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន
ប្រធាន ជេម អ៊ី ហ្វោស្ត ក្នុងកូរ៉ុមនៃគណៈប្រធានទីមួយ បានថ្លែងអំពីសារៈសំខាន់នៃការគាំទ្រព្យាការីដែលកំពុងរស់នៅថា ៖ « ខ្ញុំពុំជឿថា សមាជិកនៃសាសនាចក្រនេះ អាចដើរតាមព្រះអង្គសង្គ្រោះបានយ៉ាងពេញលេញ ដោយមិនបានគាំទ្រដល់ព្យាការីដែលកំពុងរស់នៅលើផែននេះ ដែលជាប្រធាននៃសាសនាចក្រនេះឡើយ ។ ប្រសិនបើយើងពុំគាំទ្រដល់ព្យាការីដែលកំពុងរស់នៅទេនោះ ទោះបើលោកជានរណាក៏ដោយ នោះយើងស្លាប់ខាងវិញ្ញាណហើយ ។ មនុស្សមួយចំនួនបានស្លាប់ខាងវិញ្ញាណដោយការធ្វើតាមតែព្យាការី ដែលបានលាចាកលោកនេះជាយូរយាណាស់មកហើយប៉ុណ្ណោះ ។ មនុស្សឯទៀតមិនគាំទ្រដល់ព្យាការីដោយការធ្វើឲ្យខូចកិត្តិយសដល់ពួកលោក ទោះជាត្រូវប្រើល្បិចកលថោកទាបយ៉ាងក៏ដោយ » ( Continuing Revelation,” Ensignខែ សីហា ឆ្នាំ ១៩៩៦ ទំព័រ ៥ ) ។
សូមពិចារណាអំពីអ្វីដែលអ្នកត្រូវតែធ្វើ ដើម្បីចាប់យកពរជ័យដែលបានសន្យានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៦ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២២
ព្រះអម្ចាស់បើកសម្ដែងថា ពិធីបុណជ្រមុជទឹកត្រូវតែបានធ្វើឡើងដោយសិទ្ធិអំណាចត្រឹមត្រូវ ។
បុគ្គលមួយចំនួនដែលមានបំណងចូលរួមសាសនាចក្រក្នុងខែ មេសា ឆ្នាំ ១៩៣០ ធ្លាប់បានទទួលពិធីបុណ្យជ្រមុជទឹកក្នុងសាសនាចក្រដទៃ ហើយបានឆ្ងល់ថាតើហេតុអ្វីពួកគេត្រូវទទួលពិធីបុណ្យជ្រមុជទឹកម្ដងទៀត ( សូមមើល សេចក្ដីណែនាំអំពីកណ្ឌនៃ គ. និង ស. ២២ ) ។ ព្យាការី យ៉ូសែប ស៊្មីធ បានទូលសួរដល់ព្រះអម្ចាស់អំពីភាពចាំបាច់នៃការទទួលពិធីបុណ្យជ្រមុជទឹកឡើងវិញរបស់ពួកគេ ។ ក្នុងការឆ្លើយតបរបស់ទ្រង់ ព្រះអម្ចាស់បានមានព្រះបន្ទូលអំពីគោលបំណងដ៏មានសារៈសំខាន់ក្នុងការស្ដារដំណឹងល្អ និង សាសនាចក្រឡើងវិញ ។
សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២២ ។ តើព្រះអម្ចាស់បានមានព្រះបន្ទូល អំពីមូលហេតុដែលពិធីបុណ្យជ្រមុជទឹកដោយមានសិទ្ធិអំណាចត្រឹមត្រូវ គឺជាការចាំបាច់យ៉ាងដូចម្ដេច ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២២:១ ព្រះអម្ចាស់បានមានព្រះបន្ទូលអំពី « សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច » ។ នៅក្នុងការពន្យល់ខាងក្រោម សូមគូសចំណាំពាក្យទាំងឡាយណា ដែលអាចនឹងជួយអ្នកឲ្យយល់អំពីអត្ថន័យនៃឃ្លានេះ ៖
សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចគឺជា « ភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( គ. និង ស. ៦៦:២ ) ។ វាមានសភាពថ្មីគ្រប់ពេល ដែលវាត្រូវបានបើកសម្ដែងសាជាថ្មីបន្ទាប់ពីការក្បត់សាសនាមួយរយៈ ។ វាមានសភាពអស់កល្បអស់កាលជានិច្ច ក្នុងន័យដែលថាវាគឺជាសេចក្ដីសញ្ញារបស់ព្រះ ហើយត្រូវបានរីករាយក្នុងគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អគ្រប់ជំនាន់ ដែលមនុស្សមានឆន្ទៈដើម្បីទទួលយកវា ។ សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ត្រូវបានបើកសម្ដែងសាជាថ្មីដល់មនុស្សនៅលើផែនដី ដោយព្រះយេស៊ូវគ្រីស្ទ តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ វាមាននូវពិធីបរិសុទ្ធដ៏ពិសិដ្ឋៗ ដែលត្រូវបានបម្រើដោយសិទ្ធិអំណាចបព្វជិតភាព—មានដូចជាពិធីបុណ្យជ្រមុជទឹក និង អាពាហ៌ពិពាហ៌ក្នុងព្រះវិហារបរិសុទ្ធ—ដែលធ្វើឡើងឲ្យមានការសង្គ្រោះ អមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( Guide to the Scriptures, New and Everlasting Covenant,” scriptures.lds.org) ។
នៅពេលយើងយល់សេចក្ដីពិតទាំងនេះអំពី សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចហើយនោះ យើងដឹងយ៉ាងច្បាស់ថា ពិធីបុណជ្រមុជទឹកត្រូវតែធ្វើឡើងដោយបុគ្គលម្នាក់ ដែលមានសិទ្ធិអំណាចពីព្រះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២២:២–៤ រួចស្វែងរកឃ្លាទាំងឡាយណា ដែលបង្ហាញថា ព្រះអម្ចាស់ពុំទទួលស្គាល់ពិធីបុណ្យជ្រមុជទឹក ដែលធ្វើឡើងដោយគ្មានសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវឡើយ ។ វាអាចនឹងមានប្រយោជន៍ដើម្បីដឹងថា នៅក្នុង ខទី ២ ព្រះអម្ចាស់បានសំដៅលើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកថាជាការចូល « ទៅតាមទ្វារចង្អៀត » ( សូមមើល នីហ្វៃទី២ ៣១:១៧ ) ។
-
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានសិទ្ធិអំណាចបព្វជិតភាពដែលចាំបាច់ ដើម្បីធ្វើពិធីបរិសុទ្ធសំខាន់ៗ ដូចជាពិធីបុណ្យជ្រមុជទឹក ។ សូមឆ្លើយសំណួរតទៅនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកទទួលបានពរជ័យយ៉ាងដូចម្ដេចតាមរយៈសមាជិកភាពរបស់អ្នកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ២៣
សិស្សប្រាំនាក់ត្រូវបានហៅឲ្យពង្រឹងដល់សាសនាចក្រ
សូមគូសចំណាំឈ្មោះតទៅនេះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ ៖ អូលីវើរ ហៃរុម សាំយូអែល យ៉ូសែប និង យ៉ូសែប ណៃត ។ សូមអានសេចក្ដីណែនាំអំពីកណ្ឌ ដើម្បីស្វែងយល់អំពីអ្វីដែលបុរសទាំងនេះប្រាថ្នាចង់បានពីព្រះអម្ចាស់ ។
ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ អូលីវើរ ខៅឌើររី មុនគេបង្អស់ ។ អូលីវើរ គឺជាជំនួយដ៏អស្ចារ្យចំពោះព្យាការី យ៉ូសែប ស៊្មីធ អំឡុងពេលព្រឹត្តិការណ៍ដំបូងនៃការស្ដារឡើងវិញ រួមបញ្ចូលទាំងការនាំចេញមកនៃព្រះគម្ពីរមរមន និង ការរៀបចំសាសនាចក្រ ។ គាត់មានអំណោយទាន និង បំណងប្រាថ្នាសុចរិតជាច្រើន ។ គាត់ត្រូវបានហៅឲ្យធ្វើជាអែលឌើរទីពីរនៃសាសនាចក្រ ( សូមមើល គ. និង ស. ២០:៣ ) និងត្រូវបានតែងតាំងស្របពេលជាមួយនឹង ដាវីឌ វិតមើរ ដើម្បីជួយក្នុងការជ្រើសតាំងពួកសាវកដប់ពីរនាក់ ។ ជាអកុសល អូលីវើរ បានបណ្ដោយឲ្យឯកសិទ្ធិដំបូងជាច្រើនទាំងនេះដឹកនាំគាត់ឲ្យមានភាពឆ្មើងឆ្មៃ ហើយបានដើរចេញពីសាសនាចក្រអស់មួយរយៈ ។ នៅទីបំផុត គាត់បានទទួលកំហុសខ្លួន ហើយបានទទួលពិធីបុណ្យជ្រមុជទឹកសាជាថ្មី ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៣:១–២ រួចស្វែងរកការព្រមានដែលព្រះអម្ចាស់បានប្រទានដល់ អូលីវើរ ខៅឌើរី ។ សូមឆ្លើយសំណួរខាងក្រោមនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើភាពឆ្មើងឆ្មៃអាចនាំទៅរកការល្បួងយ៉ាងដូចម្ដេច ?
-
តាមគំនិតរបស់អ្នក តើវិធីមួយចំនួនណាខ្លះ ដែលយើងអាចចៀសពីអារម្មណ៍នៃភាពឆ្មើងឆ្មៃ ដែលនឹងនាំយើងទៅរកការល្បួង ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៣:៣–៥ ដោយស្វែងរកភាពស្រដៀងគ្នានៅក្នុងសេចក្ដីណែនាំ ដែលព្រះអម្ចាស់បានប្រទានទៅឲ្យ ហៃរ៉ុម ស្ម៊ីធ សាំយូអែល ស្ម៊ីធ និង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ។
ការហៅឲ្យដាស់តឿន សំដៅទៅលើការទទួលខុសត្រូវដើម្បីបង្រៀនដំណឹងល្អដល់មនុស្សដទៃ ។ សូមកត់ចំណាំរបៀបដែល ហៃរុម សាំយូអែល និង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ម្នាក់ៗបានបំពេញការទទួលខុសត្រូវនេះ នៅពេលអ្នកអានព័ត៌មានខាងក្រោមនេះអំពីពួកលោក ៖
ហៃរ៉ុម ស្ម៊ីធ បានជួយក្នុងការបោះពុម្ពព្រះគម្ពីរមរមនដោយការធ្វើការដោយផ្ទាល់ជាមួយនឹងអ្នកបោះពុម្ព ។ គាត់បានទទួលពិធីបុណ្យជ្រមុជទឹកក្នុងខែ មិថុនា ឆ្នាំ ១៨២៩ គឺនៅមិនយូរប៉ុន្មានបន្ទាប់ពីបព្វជិតភាពត្រូវបានស្ដារឡើងវិញ ។ គាត់បានបម្រើជាប្រធានសាខាដំបូងបង្អស់របស់សាសនាចក្រនៅ ខូលស្វិល រដ្ឋ នូវ យ៉ោក ។ ដោយបានស្គាល់ពីការបន្ទាបខ្លួន និង ភក្ដីភាពរបស់គាត់ ហៃរ៉ុម មានភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ និង សាសនាចក្រពេញមួយជីវិតរបស់គាត់ ។ គាត់បានអស់ជីវិតទៅក្នុងនាមជាបុគ្គលដែលត្រូវបានធ្វើឃាតដោយសាសនា ជាមួយនឹងប្អូនប្រុសរបសគាត់ យ៉ូសែប នៅក្នុង គុកកាតធេច រដ្ឋអិលលីណោយ ។
សាំយូអែល ស៊្មីធ ដែលជាប្អូនប្រុសរបស់ព្យាការី យ៉ូសែប ស៊្មីធ បានទទួលពិធីបុណ្យជ្រមុជទឹកក្នុងខែ ឧសភា ឆ្នាំ ១៨២៩ គឺនៅមិនយូរប៉ុន្មានបន្ទាប់ពីការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ។ ជាញឹកញាប់ គាត់ត្រូវបានគេផ្ដល់កិត្តិយស ដោយបានធ្វើជាអ្នកផ្សព្វផ្សាយដំបូងរបស់សាសនាចក្រ ។ ក្នុងខែ មិថុនា ឆ្នាំ ១៨៣០ គាត់បានធ្វើដំណើរទៅបេសកកម្មមួយ ហើយបានដាក់លក់ព្រះគម្ពីរមរមន ដែលទីបំផុតបាននាំឲ្យមានការប្រែចិត្តជឿដល់ ព្រិកហាំ យ៉ង់ និងសមាជិកគ្រួសារគាត់ជាច្រើននាក់ទៀត ។ សាំយូអែល មានភក្ដីភាពចំពោះគ្រួសារគាត់ និងសាសនាចក្រពេញមួយជីវិតរបស់គាត់ ។
យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ដែលជាឪពុករបស់ព្យាការី បានចូលរួមសាសនាក្រ នៅចំថ្ងៃដែលសាសនាចក្របានរៀបចំឡើង ។ នៅរដូវក្ដៅក្រោយមក គាត់ និងកូនប្រុសរបស់គាត់ ដុន ខាឡុស បានចាប់ផ្ដើមបេសកកម្មមួយទៅដល់គ្រួសារសាច់ញាតិនៅរដ្ឋនូវយ៉ោក ។ គាត់បានក្លាយជាសង្ឃជាន់ខ្ពស់ម្នាក់ ហើយជាលោកអយ្យកោទីមួយនៃសាសនាចក្រ ។ នៅពិធីបុណ្យសពរបស់គាត់ គាត់ត្រូវបានពិពណ៌នាថាជា « បុរសស្មោះត្រង់ចំពោះព្រះរបស់គាត់ និង ចំពោះសាសនាចក្រក្នុងគ្រប់ស្ថានភាពទាំងអស់ និង ក្រោមកាលៈទេសៈទាំងអស់ ដែលគាត់បានឆ្លងកាត់ » ( Robert B. Thompson នៅក្នុង History of the Church ៤:១៩២ ) ។
បុគ្គលចុងក្រោយ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ គឺ យ៉ូសែប ណៃ ស៊ីញ្ញ័រ ។ គាត់គឺជាមិត្តជិតស្និទ្ធរបស់ យ៉ូសែប ណៃត ជុញ្ញ័រ ហើយបានបង្ហាញសណ្ដានចិត្តដ៏ល្អសម្រាប់គាត់ ។ គាត់បានផ្ដល់ជាសម្ភារដល់ព្យាការី មានដូចជា ក្រដាស និង អាហារ ខណៈដែលកំពុងបកប្រែព្រះគម្ពីរមរមន ។ នៅពេលដែល គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ ត្រូវបានទទួល យ៉ូសែប ណៃត ស៊ីញ្ញ័រ ពុំទាន់បានទទួលពិធីបុណ្យជ្រមុជទឹកនៅឡើយ ។ គាត់មានបំណងប្រាថ្នាចង់ទទួលពិធីបុណ្យជ្រមុជទឹកជាមួយមនុស្សដទៃទៀតនៅចំថ្ងៃដែលសាសនាចក្រត្រូវបានបង្កើតឡើង ប៉ុន្តែគាត់បានរង់ចាំសិន ដោយសារគាត់ចង់សិក្សាព្រះគម្ពីរមរមនបន្ថែម ។ យ៉ាងណាក៏ដោយ ក្រោយមក គាត់បានសរសេរថា « ខ្ញុំនឹង [ មាន ] អារម្មណ៍ល្អជាង បើខ្ញុំឆ្ពោះទៅមុខ » ដើម្បីទទួលពិធីបុណ្យជ្រមុជទឹកនោះ ( សូមមើល Larry Porter «The Joseph Knight Family » Ensignខែ តុលា ឆ្នាំ ១៩៧៨ ទំព័រ ៤០ spelling and capitalization standardized ) ។
សូមសិក្សាការទូន្មានរបស់ព្រះអម្ចាស់ដល់ យ៉ូសែប ណៃត ស៊ីញ្ញ័រ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣:៦–៧ ដោយរកមើលអ្វីដែលព្រះអម្ចាស់បញ្ជាឲ្យគាត់ធ្វើ ។ ឃ្លា « លើកលីឈើឆ្កាងរបស់អ្នក » នៅក្នុងបរិបទនេះមានន័យថាធ្វើអ្វីដែលពិបាកសម្រាប់អ្នក ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីបានជាពេលខ្លះព្រះអម្ចាស់ត្រាស់បង្គាប់ឲ្យយើងធ្វើនូវអ្វីដែលយើងពិបាកនឹងធ្វើ ?
-
តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកបានឃើញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣:៧ ដែលព្រះអម្ចាស់មានព្រះបំណងប្រទានពរដល់ យ៉ូសែប ណៃត ស៊ីញ្ញ័រ ?
-
មិនយូរប៉ុន្មានបន្ទាប់ពីព្រះអម្ចាស់បានប្រទានវិវរណៈនេះ យ៉ូសែប ណៃត ស៊ីញ្ញ័រ បានជ្រើសរើសទទួលពិធីបុណ្យជ្រមុជទឹក ។ គាត់បានបន្តស្មោះត្រង់ចំពោះសាសនាចក្រពេញមួយជីវិតរបស់គាត់ ដោយបានការពារដល់ព្យាការី យ៉ូសែប ស៊្មីធ ដោយសម្ងាត់ និង ជាសាធារណៈ ។ ព្យាការី ក្រោយមកបានពិពណ៌នាអំពី យ៉ូសែប ណៃត ស៊ីញ្ញ័រ ថាជា « មនុស្សស្មោះ និងពិតត្រង់ ហើយជាជំនួយ និងជាគំរូ ហើយប្រកបដោយគុណធម៌ និងសន្ដានចិត្តល្អ ពុំដែលងាករេទៅឆ្វេង ឬទៅស្ដាំឡើយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ៤៦២) ។
ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ យើងរៀនថា នៅពេលយើងមានបំណងប្រាថ្នាដើម្បីបម្រើព្រះអម្ចាស់ យើងអាចទទួលបានការដឹកនាំផ្ទាល់ខ្លួនមកពីទ្រង់។ យើងក៏រៀនផងដែរថា ព្រះអម្ចាស់ នឹងប្រទានពរយើង នៅពេលយើងធ្វើតាមការណែនាំដែលទ្រង់បានប្រទានដល់យើង ។ សូមពិចារណាអំពីការណែនាំដែលអ្នកបានទទួលមកពីព្រះអម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ប្រសាសន៍របស់ព្យាការីដែលកំពុងរស់នៅ និង ព្រះគម្ពីរ ។ សូមដាក់ផែនការដើម្បីធ្វើតាមការណែនាំដែលអ្នកបានទទួល ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២១-២៣ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖