មេរៀនទី ២២ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១; ១០២
បុព្វកថា
នៅថ្ងៃទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈអំពីពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ដែលបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ដើម្បីភៀសខ្លួនចេញពីសេចក្ដីបៀតបៀន ។ ពួកបរិសុទ្ធជាច្រើនត្រូវបានបង្ខំ ឲ្យទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន ។ វិវរណៈដែលព្យាការីបានទទួល ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ត្រូវបានបំបែកជាបីមេរៀន ។ មេរៀនទីបីនេះ រួមបញ្ចូលការប្រដូចរបស់ព្រះអម្ចាស់អំពី បុរសត្រកូលខ្ពស់ និង ដើមអូលីវ ដែលជាការបង្រៀនអំពីព្រះឆន្ទៈទ្រង់អំពីការប្រោសលោះទីក្រុង ស៊ីយ៉ូន ។ វាក៏រួមបញ្ចូលទាំងឱវាទរបស់ព្រះអម្ចាស់ ដែលបានប្រាប់ឲ្យពួកបរិសុទ្ធបន្តប្រមូលគ្នា ហើយស្វែងរកយុត្តិធម៌ឲ្យអ្នកទាំងឡាយទទួលរងឧក្រិដ្ឋកម្មដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-៦២
ព្រះអម្ចាស់បានប្រទានរឿងប្រដូច អំពីបុរសត្រកូលខ្ពស់ និង ដើមអូលីវ
រឿងប្រដូចគឺជា « រឿងសាមញ្ញដែលត្រូវបានប្រើប្រាស់ដើម្បីបង្ហាញ និង បង្រៀនអំពីសេចក្ដីពិតខាងវិញ្ញាណ ឬ គោលការណ៍ ។ រឿងប្រដូចយោងទៅលើការប្រៀបធៀបវត្ថុបំណងធម្មតា ឬ ព្រឹត្តិការណ៍មួយ ទៅនឹងសេចក្ដីពិត » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ រឿងប្រៀបប្រដូច » scriptures.lds.org) ។ អ្នកប្រហែលជាចងចាំរឿងប្រដូចទាំងឡាយ ដែលព្រះអង្គសង្គ្រោះបានបង្រៀនអំឡុងការបម្រើរបស់ទ្រង់ក្នុងជីវិតរមែងស្លាប់—ជារឿងប្រដូចអំពីសាសន៍សាម៉ារីដ៏សប្បុរស រឿងប្រដូចអំពីកូនប្រុសខ្ជះខ្ជាយ រឿងប្រដូចអំពីស្ត្រីព្រហ្មចារីទាំងដប់នាក់ និង រឿងប្រដូចផ្សេងៗទៀត ។
នៅក្នុងមេរៀននៅថ្ងៃនេះ អ្នកនឹងសិក្សារឿងប្រដូចអំពីបុរសត្រកូលខ្ពស់ និង ដើមអូលីវ ជារឿងប្រដូចដែលព្រះអង្គសង្គ្រោះបានប្រទានតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។
នៅពេលអ្នកសិក្សារឿងប្រដូចនេះ សូមពិចារណាអំពីសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយ អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « រឿងប្រដូចទាំងឡាយ [ របស់ព្រះអង្គសង្គ្រោះ ] ស្ដែងចេញក្នុងអត្ថន័យជាច្រើន ឬ ការអនុវត្តន៍នានា ដែលស្របទៅតាមភាពចាស់ទុំខាងវិញ្ញាណរបស់អ្នកស្ដាប់ ។ រឿងប្រដូចទាំងឡាយមាននូវសារលិខិតសម្រាប់កុមារផង និង អ្នកមានវិជ្ជាជ្រៅជ្រះខាងដំណឹងល្អផង » ( Scripture Reading and Revelation,” Ensign ខែ មករា ឆ្នាំ ១៩៩៥ ទំព័រ ៨ ) ។ សូមស្វែងរកអត្ថន័យ និង ការអនុវត្តន៍នៅក្នុងរឿងប្រដូចនេះ ( សូមមើលផងដែរ Bible Dictionary, “Parables” ) ។
ព្រះអម្ចាស់បានប្រទានរឿងប្រដូចអំពីបុរសត្រកូលខ្ពស់ និង ដើមអូលីវ ដើម្បីជួយរាស្ត្រទ្រង់យល់អំពី « ព្រះហឫទ័យរបស់ទ្រង់ អំពីសេចក្ដីប្រោសលោះនៃស៊ីយ៉ូន » ( គ. និង ស. ១០១:៤៣ ) ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៤-៤៥ដោយស្វែងរកការណ៍ ដែលបុរសត្រកូលខ្ពស់នៅក្នុងរឿងប្រដូចនេះ បានបង្គាប់ឲ្យពួកអ្នកបម្រើគាត់ធ្វើ ។
ហេតុអ្វីបានជាបុរសត្រកូលខ្ពស់រូបនោះ ចង់ឲ្យមានអ្នកយាមនៅក្នុងចម្ការនោះ ? ហេតុអ្វីបានជាគាត់ ចង់ឲ្យអ្នកយាមធ្វើការនៅលើប៉ម ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៦-៥០ រួចស្វែងរកថាតើ ពួកអ្នកបម្រើរបស់បុរសត្រកូលខ្ពស់រូបនោះ បានធ្វើតាមសេចក្ដីណែនាំរបស់គាត់បានដល់កម្រិតណា ។ ( នៅពេលអ្នកអាន ខទី ៥០វាអាចនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការដឹងថា ឃ្លា « កំពុងតែជជែកគ្នាទៅវិញទៅមក » មានន័យថា ពួកអ្នកបម្រើបានប្រកែកគ្នាទៅវិញទៅមក ឬ មានការខ្វែងគំនិតគ្នា ) ។
ហេតុអ្វីបានជាពួកអ្នកបម្រើទាំងនោះ ខកខានមិនមានសាងសង់ប៉មឡើង ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥១ដោយស្វែងរកអ្វីដែលបានកើតឡើង ដោយសារតែពួកអ្នកបម្រើពុំបានសាងសង់ប៉ម ?
សូមអានពាក្យពេចន៍របស់បុរសត្រកូលខ្ពស់ ទៅកាន់ពួកអ្នកបម្រើរបស់គាត់ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥២-៥៤ ។ យោងតាម ខទី ៥៤ហេតុអ្វីបានជាបុរសត្រកូលខ្ពស់រូបនោះ រកាំចិត្តដោយសារតែពួកអ្នកបម្រើរបស់គាត់ពុំបានសាងសង់ប៉ម ?
តើព្រឹត្តការណ៍ដែលបានពិពណ៌នានៅក្នុងរឿងប្រដូចនេះ ទាក់ទងទៅនឹងអ្វីដែលបានកើតឡើងដល់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី យ៉ាងដូចម្ដេច ?
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើប៉មនៅក្នុងរឿងប្រដូចនេះ ទាក់ទងទៅនឹងព្រះវិហារបរិសុទ្ធ ដែលពួកបរិសុទ្ធខកខានពុំបានស្ថាបនានៅឃុំចាកសុន រដ្ឋ មិសសួរី យ៉ាងដូចម្ដេចដែរ ?
-
សូមឆ្លើយសំណួរតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមានគោលការណ៍មួយចំនួនណាខ្លះនៅក្នុងរឿងប្រដូចនេះ ដែលអនុវត្តនៅក្នុងជីវិតរបស់អ្នក ? ( នៅពេលអ្នកឆ្លើយសំណួរនេះ សូមពិចារណាអំពីគោលលទ្ធិ និង គោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងគោរពប្រតិបត្តិតាមព្រះបញ្ញត្តិ នោះយើងត្រូវបានចម្រើនកម្លាំងឲ្យតតាំងនឹងខ្មាំងសត្រូវខាងវិញ្ញាណ និង ខាងសាច់ឈាម ។ ពួកព្យាការីដើរតួជាអ្នកយាមនៅលើប៉ម ដោយព្រមានយើងអំពីគ្រោះថ្នាក់ដែលនឹងកើតឡើង ។ យើងត្រៀមខ្លួនតតាំងនឹងបច្ចាមិត្ត តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥៥ជាខគម្ពីរដែលបុរសត្រកូលខ្ពស់នៅក្នុងរឿងប្រដូច ផ្ដល់ការណែនាំដល់អ្នកបម្រើម្នាក់ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:២១ ។ តើអ្នកបម្រើរូបនោះនៅក្នុងរឿងប្រដូច តំណាងឲ្យនរណា ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥៦–៦២ដោយស្វែងរកអ្វី ដែលបុរសត្រកូលខ្ពស់រូបនោះ បានបង្គាប់ឲ្យអ្នកបម្រើធ្វើ ដោយសារតែខ្មាំងសត្រូវបានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃចម្ការហើយនោះ ។ យ៉ូសែប ស៊្មីធ បានធ្វើតាមសេចក្ដីណែនាំនៅក្នុងរឿងប្រដូចនេះ ។ លោកបានបង្កើតក្រុមមួយហៅថា កងទ័ពជំរំស៊ីយ៉ូន ដើម្បីសង្គ្រោះដែនដីស៊ីយ៉ូន ។ ពួកគេបានធ្វើដំណើរទៅដល់រដ្ឋ មិសសួរី នៅប្រាំមួយខែបន្ទាប់ពីរឿងប្រដូចនេះត្រូវបានប្រទានឲ្យ ។ អ្នកនឹងរៀនបន្ថែមអំពី កងទ័ពជំរំស៊ីយ៉ូន នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣ និង ១០៥ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៣-៧៥
ព្រះអម្ចាស់បានត្រាស់ក្រើនរំឭកពួកបរិសុទ្ធ ឲ្យបន្តកិច្ចការប្រមូលផ្ដុំគ្នា
ទោះជាពួកបរិសុទ្ធត្រូវបានបណ្ដេញចេញពីឃុំចាកសុន រដ្ឋ មិសសួរី យ៉ាងណាក្ដី ក៏ព្រះអម្ចាស់បានត្រាស់បង្គាប់ពួកគេឲ្យបន្តស្ថាបនានគរទ្រង់ឡើងដែរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៣-៦៤ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បានសន្យាថាទ្រង់នឹងបន្តធ្វើ ។
នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានយោងទៅលើរឿងប្រដូចអំពីស្រូវសាលី និង ស្រងែ ជាវិវរណៈដែលទ្រង់បានពិពណ៌នាអំពីការប្រមូលរាស្ត្ររបស់ទ្រង់ ( សូមមើលផងដែរ ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣ ) ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៥-៦៦រួចស្វែងរកធាតុសំខាន់ៗនៃរឿងប្រដូចនេះមានដូចជា ៖ ជង្រុក ស្រូវសាលី និង ស្រងែ ។
កាលពីបុរាណ ជង្រុកគឺជាកន្លែងដែលស្រូវសាលី ត្រូវបានប្រមូលផ្ដុំ ហើយរក្សាទុកឲ្យមានសុវត្ថិភាព ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់អត្ថន័យនិមិត្តរូបនៃពាក្យ ជង្រុក នៅក្នុងរឿងប្រដូចនេះ ។ លោកបានមានប្រសាសន៍ថា « ជង្រុកគឺជាព្រះវិហារដ៏បរិសុទ្ធ » (Honorably Hold a Name and Standing,” Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ ) ។ ស្រងែជាស្មៅចង្រៃ ដែលមើលទៅស្រដៀងនឹងស្រូវសាលីដែរ កាលវានៅខ្ចី ។
ដើម្បីជួយអ្នកយល់រឿងប្រដូចនេះ អ្នកអាចនឹងចង់សរសេរការបកស្រាយដូចតទៅនេះ ដាក់នៅក្នុងព្រះគម្ពីររបស់អ្នក ៖ ជង្រុក = ព្រះវិហារដ៏បរិសុទ្ធ; ស្រូវសាលី = ពួកសុចរិត; ស្រងែ = ពួកទុច្ចរិត ។
នៅក្នុងរឿងប្រដូច ស្រូវសាលីត្រូវបានប្រមូលដាក់នៅក្នុងជង្រុក ។ តើយើងប្រមូលគ្នាទៅក្នុងព្រះវិហារបរិសុទ្ធ តាមរបៀបណាខ្លះ ?
សូមបំពេញចន្លោះ ដើម្បីបង្ហាញគោលការណ៍មួយ ដែលរឿងប្រដូចនេះបង្រៀន ៖ នៅពេលយើងប្រមូលគ្នានៅក្នុង នោះយើងទទួលបានការការពារ ហើយត្រៀមខ្លួនសម្រាប់ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានានាក្នុងព្រះវិហារបរិសុទ្ធ ផ្ដល់នូវការការពារសម្រាប់អ្នក ហើយរៀបចំអ្នកឲ្យទទួលជីវិតដ៏នៅអស់កល្បយ៉ាងដូចម្ដេច ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៧–៧៥យើងអានថា ទោះជាពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញពីឃុំចាកសុន រដ្ឋ មិសសួរី យ៉ាងណាក្ដី ក៏ព្រះអម្ចាស់បានប្រទានឱវាទឲ្យពួកគេបន្តទិញដីធ្លីនៅទីនោះដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៦-១០១
ព្រះអម្ចាស់ប្រទានឱវាទឲ្យពួកបរិសុទ្ធ បន្តស្វែងរកមធ្យោបាយដើម្បីត្រឡប់មកផ្ទះរបស់ពួកគេវិញនៅរដ្ឋ មិសសួរី
បន្ថែមពីលើការណែនាំឲ្យពួកបរិសុទ្ធទិញដីធ្លី ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកគេឲ្យ « កែសាទុក្ខ និង ការសង » ដោយសារតែទង្វើនៃអ្នកទាំងឡាយ ដែលបានបៀតបៀនពួកគេ ( សូមមើល គ. និង ស. ១០១:៧៦ ) ។ អាចនិយាយបានម្យ៉ាងទៀតថា ទ្រង់បានមានព្រះបន្ទូលប្រាប់ពួកគេឲ្យស្វែងរកយុត្តិធម៌ តាមរយៈប្រព័ន្ធស្របច្បាប់របស់រដ្ឋាភិបាល ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៦–៨០រួចស្វែងរកប្រព័ន្ធច្បាប់ ដែលបានអនុញ្ញាតឲ្យពួកបរិសុទ្ធស្វែងរកជំនួយពីថ្នាក់ដឹកនាំរដ្ឋាភិបាល ។
ស្របតាមខគម្ពីរទាំងនេះ ហេតុអ្វីបានជាព្រះអម្ចាស់មានព្រះទ័យឲ្យ រដ្ឋធម្មនុញ្ញនៃសហរដ្ឋ ត្រូវបានតាំងឡើង ?
-
សូមកត់ចំណាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៨នូវឃ្លា « សិទ្ធិជ្រើសរើសខាងសីលធម៌ » និង « ទទួលការខុសត្រូវចំពោះអំពើបាបទាំងឡាយរបស់ខ្លួន » ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីបានជាការទទួលខុសត្រូវ—ដែលជាទំនួលខុសត្រូវចំពោះរាល់ទង្វើរបស់យើង—គឺជាផ្នែកសំខាន់មួយនៃសិទ្ធិជ្រើសរើស ?
-
តើអ្នកនឹងថ្លែងដូចម្ដេចទៅកាន់នរណាម្នាក់ ដែលពោលថា « ខ្ញុំមានសិទ្ធិសេរីភាព ធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ ? »
-
សូមបញ្ចប់គោលលទ្ធិដូចតទៅនេះ ៖ ព្រះបានប្រទានសិទ្ធិជ្រើសរើសឲ្យយើង ដែលជាអំណាចដើម្បីជ្រើសរើស ប៉ុន្តែ យើងត្រូវ ចំពោះជម្រើសរបស់យើង ។
ព្រះអម្ចាស់បានប្រើប្រាស់រឿងប្រដូចទីបី ដើម្បីលើកទឹកចិត្តពួកបរិសុទ្ធឲ្យស្វែងរកជំនួយពីថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ពួកគេ ។ វាមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨១–៨៤ ។ ( ទម្រង់មួយនៃរឿងប្រដូចនេះ មានចែងនៅក្នុង លូកា ១៨:១–៨ ) ។ នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៨១-៨៤សូមគិតអំពីរបៀបដែលរឿងប្រដូចនេះ បានអនុវត្តចំពោះពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។ ដូចជារឿងប្រដូចដែលមាននៅក្នុងវិវរណៈនេះ ស្ត្រីរូបនោះតំណាងឲ្យសមាជិកនៃសាសនាចក្រ ។ ចៅក្រមអាចតំណាងឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលពួកបរិសុទ្ធបានសុំជំនួយ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨៥–៨៨ ដើម្បីឃើញរបៀបដែលព្រះអង្គសង្គ្រោះបានអនុវត្ត រឿងប្រដូចនេះចំពោះពួកបរិសុទ្ធ ដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ។
ពួកបរិសុទ្ធបានធ្វើតាមការក្រើនរំឭករបស់ព្រះអម្ចាស់ ។ ពួកគេបានស្នើ ដានីយ៉ែល ដាំងឃ្លីន ដែលជាអភិបាលរដ្ឋ មិសសួរី ឲ្យផ្ដល់កងកម្លាំងយោធាការពារពួកគេ នៅពេលពួកគេត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ។ គាត់បានច្រានចោលសំណើនោះ ដោយបានពោលថា ច្បាប់មិនអនុញ្ញាតឲ្យគាត់ធ្វើដូចនោះទេ ។ ពួកគេក៏បានស្នើ អាន់ឌ្រូ ចាកសុន ដែលជាប្រធានាធិបតីនៃសហរដ្ឋ ឲ្យជួសជុលផ្ទះសម្បែង និង ទ្រព្យសម្បត្តិរបស់ពួកគេ ហើយការពារដល់ពួកគេ ប៉ុន្តែ គាត់ពុំបានផ្ដល់ជំនួយឡើយ ។ នៅគ្រានោះ មន្ត្រីរដ្ឋាភិបាលនៃសហរដ្ឋបានគិតថា អភិបាលរដ្ឋ ត្រូវទទួលខុសត្រូវលើបញ្ហានេះ ។ ពួកបរិសុទ្ធក៏បានដាក់ញត្តិទៅកាន់នីតិកាលរបស់រដ្ឋផងដែរ ប៉ុន្តែ អ្នកនយោបាយទាំងនោះបានបដិសេធមិនព្រមជួយ ។
សូមអានត្រួសៗនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨៩–៩១ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល ថាតើថ្នាក់ដឹកនាំរដ្ឋាភិបាលនឹងទទួលខុសត្រូវយ៉ាងដូចម្ដេចខ្លះ បើពួកគេបដិសេធពុំជួយពួកបរិសុទ្ធ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៩២-៩៥ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកបរិសុទ្ធឲ្យធ្វើ សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ពួកគេ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៩២ បង្រៀនអ្នកអ្វីខ្លះ អំពីព្រះអម្ចាស់ ?
នៅពេលអ្នកពិនិត្យពិច័យលើខគម្ពីរទាំងនេះ ហើយសរសេរអំពី ខទី ៩២សូមញែកពេលពិចារណាអំពីសេចក្ដីស្រឡាញ់ និង សេចក្ដីមេត្តារបស់ព្រះ ។ សូមកត់ចំណាំថា ទ្រង់ពុំមានព្រះទ័យដាក់ទោសរាស្ត្ររបស់ទ្រង់នោះទេ ។ ទ្រង់មានព្រះទ័យឲ្យរាស្ត្រទ្រង់ទាំងអស់គ្នាប្រែចិត្ត ដើម្បីទ្រង់អាចមានសេចក្ដីមេត្តាចំពោះពួកគេ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៩៦–១០១យើងអានអំពីឱវាទរបស់ព្រះអម្ចាស់ប្រទានទៅដល់ពួកបរិសុទ្ធ ឲ្យរក្សាទុកទ្រព្យសម្បត្តិរបស់ខ្លួននៅឃុំចាកសុន ទោះជាពួកគេពុំត្រូវបានអនុញ្ញតឲ្យរស់នៅទីនោះយ៉ាងណាក្ដី ។ ខគម្ពីរទាំងនេះក៏រួមបញ្ចូលទាំងការសន្យាពីព្រះអម្ចាស់ថា បើសិនជាពួកបរិសុទ្ធរស់នៅដោយមានភាពសក្ដិសម នោះពួកគេនឹងអាចរស់នៅទីនោះបាន នៅថ្ងៃណាមួយជាមិនខាន ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០២
ព្រះអម្ចាស់ត្រាស់បង្រៀនក្រុមប្រឹក្សាជាន់ខ្ពស់ ស្ដីពីរបៀបដោះស្រាយបញ្ហាលំបាកៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១០២ មានការបង្រៀនរបស់ព្រះអម្ចាស់ ស្ដីពីរបៀបដែលប្រធានស្តេក ជួយដល់ទីប្រឹក្សា និង សមាជិកក្នុងក្រុមប្រឹក្សាជាន់ខ្ពស់របស់លោក ឲ្យដឹកនាំក្រុមប្រឹក្សាវិន័យ សម្រាប់អ្នកទាំងឡាយដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។ « គោលបំណងរបស់ក្រុមប្រឹក្សាវិន័យគឺត្រូវ (១) ជួយសង្គ្រោះព្រលឹងនៃអ្នកប្រព្រឹត្តរំលងច្បាប់ (២) ការពារជនឥតទោស និង (៣) ការពារភាពបរិសុទ្ធស្អាត ភាពថ្លៃថ្នូរ និង ឈ្មោះដ៏ល្អរបស់សាសនាចក្រ » (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៧២–៧៣) ។ ព្រះអម្ចាស់បានបើកសម្ដែងព្រះឆន្ទៈរបស់ទ្រង់ ទៅដល់អ្នកដែលធ្វើអធិបតីលើក្រុមប្រឹក្សាវិន័យ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១; ១០២ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖