មេរៀនទី ៣០ ៖ ថ្ងៃទី ៤
ក្រុមអ្នកត្រួតត្រាយរទេះអូស ឆ្នាំ ១៨៥៦-៦០
បុព្វកថា
ពួកបរិសុទ្ធដែលបានមកដល់ជ្រលងភ្នំ សលត៍ លេក ក្នុងឆ្នាំ ១៨៤៧ បានចេញទៅធ្វើការដាំដុះជាកសិកម្ម និង បង្កើតធនធានដទៃទៀត សម្រាប់អ្នកធ្វើអន្ដោប្រវេសន៍នាពេលអនាគត ។ ក្នុងខែ កញ្ញា ឆ្នាំ ១៨៥១ ប្រធាន ព្រិកហាំ យ៉ង់ ព្រមទាំងទីប្រឹក្សារបស់លោក នៅក្នុងគណៈប្រធានទីមួយ បានអំពាវនាវឡើងវិញដល់ពួកបរិសុទ្ធទាំងអស់នៅរដ្ឋ អៃអូវ៉ា និងនៅជុំវិញពិភពលោក មកជួបជុំគ្នានៅជ្រលងភ្នំ សលត៍ លេក ។ មានពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើននាក់ បានឆ្លើយតបចំពោះសេចក្ដីអំពាវនាវរបស់ប្រធាន យ៉ង់ ដោយមានការលះបង់ដ៏លើសលប់ ។ សមាជិកក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ត្រូវបានបញ្ជូនឲ្យទៅមើលអ្នកធ្វើអន្ដោប្រវេសន៍ ហើយក្នុងឆ្នាំ ១៨៥២ មានពួកបរិសុទ្ធកាន់តែច្រើនបានធ្វើដំណើរដោយការអូសរទេះ ទៅកាន់ជ្រលងភ្នំ សលត៍ លេក ដែលមានចំនួនច្រើនជាងឆ្នាំណាៗទាំងអស់ ។ បន្ថែមពីលើនោះ មានពួកបរិសុទ្ធជាច្រើនធ្វើដំណើរទៅជ្រលងភ្នំ សលត៍ លេក នៅក្នុងក្រុមរទេះរុញ ចន្លោះឆ្នាំ ១៨៥៦ និង ឆ្នាំ ១៨៦០ ។
ពួកបរិសុទ្ធបានធ្វើតាមដំបូន្មានឲ្យប្រមូលផ្ដុំគ្នានៅ ជ្រលងភ្នំ សលត៍ លេក
សូមស្រមៃថា អ្នកត្រូវបានសុំឲ្យធ្វើដំណើរចម្ងាយប្រមាណ ២០៩០ គីឡូម៉ែត្រ ដោយថ្មើរជើង ខណៈដែលត្រូវអូសរទេះផងដែរ ហើយពួកគេត្រូវបានអនុញ្ញាតឲ្យយករបស់របរផ្ទាល់ខ្លួនតាមខ្លួនតែ ៧.៧ គីឡូក្រាមប៉ុណ្ណោះ ។ តើអ្នកនឹងស្ម័គ្រចិត្តធ្វើដំណើរបែបនេះដែរឬទេ ?
នៅចន្លោះឆ្នាំ ១៨៥៦ និង ១៨៦០ មានពួកបរិសុទ្ធជិត ៣០០០ នាក់បានជ្រើសរើសធ្វើដំណើរទៅទិសខាងលិច កាត់វាលទំនាបនៃសហរដ្ឋអាមេរិកទៅកាន់រដ្ឋ យូថាហ៍ ដោយអូសរបស់របរពួកគេនៅក្នុងរទេះ ។ ក្រុមរទេះរុញច្រើនបំផុតបានដាក់ស្បៀងអាហារ និងសម្ភារផ្ទាល់ខ្លួន និងអាហារខ្លះៗនៅក្នុងរទេះ ហើយដើរពីទីក្រុង អៃអូវ៉ា រដ្ឋ អៃអូវ៉ា ធ្វើដំណើរទៅកាន់ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ បីក្រុមចុងក្រោយគេ បានចាប់ផ្ដើមការធ្វើដំណើរនៅទីក្រុង ហ្លូរិន រដ្ឋ នេប្រាស្កា ។
បើអាចធ្វើទៅបាន សូមប្រមូលរបស់របរមួយចំនួននៅក្នុងផ្ទះរបស់អ្នក ដែលអ្នកគិតថាអ្នកនឹងយកអ្វីទៅជាមួយ បើសិនជាអ្នកមានវត្តមានក្នុងចំណោមពួកត្រួសត្រាយផ្លូវរទេះអូសទាំងនេះ ។ សូមថ្លឹងរបស់របរដើម្បីដឹង ថាតើអ្នកអាចយករបស់របរអ្វីខ្លះទៅបានក្នុងទម្ងន់ដែលបានកំណត់ ៧.៧ គីឡូក្រាម នោះ ។
នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីសំណួរដូចតទៅ ៖ តើអ្នកគិតថា ហេតុអ្វីបានជាពួកបរិសុទ្ធស្ម័គ្រចិត្តលះបង់យ៉ាងច្រើន ដើម្បីបានទៅដល់រដ្ឋ យូថាហ៍ដូច្នេះ ?
សមាជិកភាគច្រើននៃសាសនាចក្រ រួមទាំងសមាជិកដែលរស់នៅក្រៅសហរដ្ឋផងដែរ បានចង់ទៅជួបជុំជាមួយពួកបរិសុទ្ធនៅរដ្ឋ យូថាហ៍ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេភាគច្រើនពុំមានប្រាក់កាស ឬ បរិក្ខា ទំនុកបម្រុងគ្រប់គ្រាន់សម្រាប់ខ្លួនគេក្តី ។ ដោយសារមូលហេតុនេះ ទើបប្រធាន ព្រិកហាំ យ៉ង់ បានបង្កើតមូលនិធិអន្ដោប្រវេសន៍អចិន្ត្រៃយ៍ ក្នុងឆ្នាំ ១៨៤៩ ។ មូលនិធិនេះបានផ្ដល់ប្រាក់កម្ចីដល់អ្នកធ្វើអន្ដោប្រវេសន៍ ដើម្បីជួយពួកគេបង់ថ្លៃការធ្វើដំណើរ និង បរិក្ខារទំនុកបម្រុង ។ ដោយសារតែមានបញ្ហាខាងហិរញ្ញវត្ថុគ្រប់ជំពូក នោះមូលនិធិបានចុះថយ ក្នុងឆ្នាំ ១៨៥៥ ហើយប្រធាន យ៉ង់ បានបារម្ភខ្លាចថានឹងមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីជួយដល់ពួកបរិសុទ្ធដែលចង់ធ្វើអន្ដោប្រវេសន៍ក្នុងឆ្នាំ ១៨៥៦ បន្តទៀត ។ លោកបានសំណូមពរឲ្យអ្នកធ្វើអន្ដោប្រវេសន៍ ដែលត្រូវការជំនួយពីមូលនិធិ គួរតែធ្វើដំណើរដោយអូសរទេះ ជំនួសដោយការដឹកជញ្ជូនតាមរទេះសេះ ។ ក្រុមរទេះអូស ពុំសូវចំណាយច្រើនទេ ហើយអនុញ្ញាតឲ្យពួកបរិសុទ្ធធ្វើអន្ដោប្រវេសន៍បានច្រើន ។
ទោះជាការធ្វើដំណើរមានសភាពលំបាកយ៉ាងណាក្ដី ក៏ក្រុមអ្នកត្រួតត្រាយរទេះអូសចំនួន ៨ ទៅ ១០ រទេះក្នុងចន្លោះឆ្នាំ ១៨៥៦ និង ១៨៦០ បានបញ្ចប់ការធ្វើដំណើរដោយជោគជ័យ ដោយអត្រាមនុស្សស្លាប់មានប្រមាណ ៣ ភាគរយ បើធៀបទៅនឹងក្រុមធ្វើដំណើរតាមរទេះសេះ ។ ប៉ុន្តែក្នុងឆ្នាំ ១៨៥៦ មានក្រុមរទេះអូសទីបួន និង ទីប្រាំ បានចេញដំណើរយឺតពេលក្នុងរដូវ ហើយបានជួបនឹងការលំបាកដ៏ធ្ងន់ធ្ងរ ។ ពួកគេគឺជាក្រុមរទេះអូស វីលី ដែលដឹកនាំដោយ ជេម ជី វីលី និង ក្រុមរទេះអូស ម៉ាទីន ដែលដឹកនាំដោយ អែតវើត ម៉ាទីន ។ បន្ទាប់ពីបានធ្វើដំណើរប្រមាណ ១៦០០ គីឡូម៉ែត្រ ទៅភាគខាងលិចពីរដ្ឋ អៃអូវ៉ា ក្រុមរទេះអូសទាំងឡាយ បានខ្វះខាតបរិក្ខាទំនុកបម្រុង និង ស្បៀងអាហារជាខ្លាំង ។ ក្រុមទាំងពីរនេះក៏បានជួបនឹងព្យុះរដូវរងា ដែលបានបង្អាក់ដល់ការធ្វើដំណើរទៅមុខរបស់ពួកគេដែរ ។ ពួកបរិសុទ្ធទាំងនេះបានរងទុក្ខយ៉ាងលំបាកនៅក្នុងភាពត្រជាក់ និង ទឹកកកដ៏ច្រើនសន្ធឹកនោះ ។
នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៨៥៦ សមាជិកក្នុងក្រុមរទេះអូសរបស់ ម៉ាទីន ត្រូវឆ្លងកាត់ទន្លេដ៏ធំមួយ អំឡុងពេលព្យុះទឹកកកមួយ ។ សមាជិកក្នុងក្រុមនោះជាច្រើននាក់ រួមមានទាំង អើរ៉ុន ចាកសុន ផងដែរ បានទន់ខ្សោយ ហើយបានធ្លាក់ខ្លួនឈឺ រីឯការធ្វើដំណើរឆ្លងកាត់ទន្លេ គឺមានឥទ្ធិពលកាន់តែអាក្រក់លើពួកគេ ។ អេលីស្សាប៊ែត ចាកសុន បានពិពណ៌នាអំពីអ្វីដែលបានកើតឡើងចំពោះស្វាមីរបស់គាត់នៅពីរបីថ្ងៃក្រោយមក ៖
« ខ្ញុំបានចូលដេក នៅម៉ោងប្រហែលជាប្រាំបួន ។… វាដូចជា ខ្ញុំបានដេករហូតដល់ម៉ោងប្រហែលជាពាក់កណ្ដាលអធ្រាត្រ ។ ខ្ញុំត្រជាក់យ៉ាងខ្លាំង ។ អាកាសធាតុកាន់តែត្រជាក់ខ្លាំង ។ ខ្ញុំបានស្ដាប់ថាតើស្វាមីរបស់ខ្ញុំនៅមានដណ្ដើមឬទេ--ព្រោះគាត់ដេកនឹងថ្កល់ ។ ខ្ញុំស្ដាប់ពុំឮដង្ហើមរបស់គាត់ទេ ។ ខ្ញុំបានដឹងភ្លាម ។ ខ្ញុំបានដាក់ដៃខ្ញុំលើខ្លួនគាត់ នៅពេលនោះបានដឹងដោយរន្ធត់ចិត្តជាខ្លាំង ហើយភាពភ័យខ្លាចបំផុតរបស់ខ្ញុំបានចាប់ផ្ដើម ។ ស្វាមីរបស់ខ្ញុំបាន ស្លាប់ហើយ ។… ខ្ញុំបានស្រែកហៅរកជំនួយពីមនុស្សដែលនៅក្នុងតង់ផ្សេងទៀត ។ ពួកគេពុំអាចជួយខ្ញុំ អ្វីបានទេ ។… នៅពេលព្រឹកឡើង នោះបុរសមួយចំនួនមកពីក្នុងក្រុម បានរៀបចំបញ្ចុះសពរបស់គាត់ ។… ពួកគេបានរុំសពគាត់នៅក្នុងភួយមួយ ហើយបានដាក់គាត់នៅក្នុងគំនរនៃមនុស្សស្លាប់ដប់បីនាក់ទៀត រួចក៏គ្របដណ្ដប់គាត់ដោយពំនូកទឹកកក ។ ដីមានសភាពកករឹង ដែលបណ្ដាលឲ្យពួកគេពុំអាចជីករណ្ដៅផ្នូរបានឡើយ » ( Leaves from the Life of Elizabeth Horrocks Jackson Kingsford [ ឆ្នាំ ១៩០៨ ] ទំព័រ ៦–៧ សូមមើលផងដែរ history.lds.org ) ។
-
បើអ្នកអាចសរសេរសំបុត្រទៅកាន់ អេលីស្សាប៊ែត ចាកសុន នៅអំឡុងគ្រាដ៏លំបាកនេះ តើអ្នកនឹងនិយាយអ្វីខ្លះ ដើម្បីលើកទឹកចិត្តកុំឲ្យគាត់បោះបង់ចោលការធ្វើដំណើរនេះ ? សូមសរសេរសំបុត្រខ្លីមួយទៅកាន់ អេលីស្សាប៊ែត ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមស្វែងរកភស្ដុតាងនៃសេចក្ដីជំនឿរបស់ អេលីស្សាប៊ែត នៅក្នុងដំណើររឿងរបស់គាត់ ៖
« សាកសពរបស់គាត់ត្រូវបានទុកនៅទីនោះ ដើម្បីសម្រាកក្នុងភាពស្ងប់ស្ងាត់ដរាបដល់ត្រែរបស់ព្រះអម្ចាស់នឹងបន្លឺឡើង ហើយមនុស្សដែលស្លាប់ទៅក្នុងព្រះគ្រីស្ទនឹងក្រោកឡើង ហើយឆ្ពោះទៅរកព្រឹកនៃការរស់ឡើងវិញទីមួយ ។ លំដាប់នោះ យើងនឹងរួបរួមចិត្ត និង ជីវិតសាជាថ្មី ចំណែកឯភាពអស់កល្បជានិច្ចនឹងផ្ដល់ជីវិតឲ្យយើងរស់នៅជានិរន្តរ ។
« ខ្ញុំពុំចង់ពិពណ៌នាអំពីអារម្មណ៍របស់ខ្ញុំ ពេលឃើញថាខ្លួនត្រូវបានបន្សល់ទុកឲ្យនៅជាស្ត្រីមេម៉ាយជាមួយនឹងកូនបីនាក់ ស្ថិតនៅក្រោមស្ថានភាពដ៏ឈឺចាប់ដូច្នេះទេ ។ ខ្ញុំពុំអាចធ្វើបានទេ ។ ប៉ុន្តែខ្ញុំជឿទៅលើកំណត់ត្រាទេវតា ដែលបានពិពណ៌នាក្នុងកំណត់ត្រានៅឯស្ថានលើ ហើយថាការរងទុក្ខរបស់ខ្ញុំដោយសារតែដំណឹងល្អ នឹងញែកចេញជាបរិសុទ្ធចំពោះខ្ញុំ សម្រាប់ជាសេចក្ដីល្អរបស់ខ្ញុំ » ( Leaves,ខទី ៧ សូមមើលផងដែរ history.lds.org ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ចេញពីកំណត់ត្រារបស់ អេលីស្សាប៊ែត តើអ្វីដែលជាគោលបំណងមួយចំពោះការរងទុក្ខ និង ការលះបង់ចំពោះដំណឹងល្អ ?
-
ឃ្លា « ញែកចេញជាបរិសុទ្ធចំពោះខ្ញុំ សម្រាប់ជាសេចក្ដីល្អរបស់ខ្ញុំ » មានន័យថា ការរងទុក្ខរបស់ អេលីស្សាប៊ែត នឹងត្រូវបានធ្វើឲ្យពិសិដ្ឋ និង បរិសុទ្ធសម្រាប់ជាផលប្រយោជន៍ដល់គាត់ ។ ទោះជាអ្នកពុំរងទុក្ខដូចជាគាត់យ៉ាងណាក្ដី តើអ្នកអាចនឹងត្រូវរងទុក្ខដោយសារតែដំណឹងល្អតាមរបៀបណាខ្លះ ? តើអ្នកអាចនឹងទទួលពរ តាមរយៈបទពិសោធន៍ទាំងនេះយ៉ាងដូចម្ដេច ?
-
អំឡុងពេលពីរបីថ្ងៃក្រោយបន្ទាប់ពី អើរ៉ុន ចាកសុន បានស្លាប់ នោះក្រុមរទេះអូស ម៉ាទីន បានធ្វើដំណើរឆ្ពោះទៅមុខទៀតបានប្រមាណ ១៦ គីឡូម៉ែត្រ ។ មនុស្សជាច្រើនបានស្លាប់អំឡុងពេលនេះ ។ នាយប់មួយ អំឡុងពេលធ្វើដំណើរនេះ គ្មាននរណាម្នាក់មានកម្លាំងគ្រប់គ្រាន់ដើម្បីបោះតង់នោះទេ ។ អេលីស្សាប៊ែត ចាកសុន បានអង្គុយនៅលើថ្មមួយដុំ ដែលកូនម្នាក់អង្គុយនៅលើភ្លៅ ហើយកូនម្នាក់ទៀតអង្គុយនៅសងខាងគាត់ ។ គាត់បាននៅអង្គុយដូច្នោះរហូតដល់ព្រឹក ។ អេលីស្សាប៊ែតបាក់ទឹកចិត្តយ៉ាងខ្លាំង។ ក្រោយមក នាយប់ថ្ងៃទី ២៧ ខែ តុលា គាត់បានទទួលបទពិសោធន៍មួយ ដែលផ្ដល់សេចក្ដីសង្ឃឹមនៃការសង្គ្រោះដល់គាត់ ៖
« មនុស្សនឹងអាចយល់ភ្លាមថា នៅក្រោមស្ថានភាពដ៏អាក្រក់ដូច្នេះ ខ្ញុំអស់សង្ឃឹមជាខ្លាំង ។ ខ្ញុំនៅចម្ងាយប្រាំបួនពាន់ប្រាំរយ ឬ មួយម៉ឺនមួយពាន់គីឡូម៉ែតពីដែនដីកំណើតរបស់ខ្ញុំ នៅក្នុងតំបន់ព្រៃភ្នំក្រោមថ្ម នៅក្នុងស្ថានភាពដ៏អស់សង្ឃឹម ដែលផ្ទៃដីគ្របដណ្ដប់ដោយព្រិល ទឹកត្រូវបានគ្របដណ្ដប់ដោយទឹកកក ហើយខ្ញុំនៅជាមួយនឹងកូនបីនាក់ដែលគ្មានឪពុក គ្មានអ្វីជួយការពារពួកគេពីព្យុះដ៏កំណាចឡើយ ។ ពេលខ្ញុំចូលដេកនៅពេលយប់ នៅថ្ងៃទី ២៧ ខែ តុលា នោះខ្ញុំបានមានវិវរណៈយ៉ាងអស្ចារ្យមួយ ។ នៅក្នុងសុបិនរបស់ខ្ញុំ ប្ដីរបស់ខ្ញុំបានឈរនៅជិតខ្ញុំ ហើយបាននិយាយថា— « ចូររីករាយឡើង អែលីស្សាប៊ែត ការជួយសង្គ្រោះជិតមកដល់ហើយ › » ( Leaves,៨ សូមមើលផងដែរ history.lds.org ) ។
ក្ដីសុបិនរបស់ អេលីស្សាប៊ែត ត្រូវបានបំពេញ ។ ស្អែកឡើង ក្រុមជួយសង្គ្រោះទីមួយមកពីទីក្រុង សលត៍ លេក បានរកឃើញក្រុមរទេះអូស ម៉ាទីន ។
នៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ១៨៥៦ អស់ជាច្រើនសប្ដាហ៍មុនពេលមានព្យុះទឹកកក បានវាយប្រហារលើក្រុមរទេះអូស នោះពួកអ្នកធ្វើដំណើរបានរាយការណ៍ទៅប្រធាន ព្រិកហាំ យ៉ង់ ថា ក្រុមត្រួសត្រាយផ្លូវ កំពុងស្ថិតនៅលើទីវាលទំនាបនៅឡើយ ហើយនៅចម្ងាយផ្លូវរាប់រយគីឡូម៉ែតទៀតឯណោះ ។ នៅថ្ងៃស្អែកឡើង ក្នុងការប្រជុំថ្ងៃអាទិត្យ ព្រិកហាំ យ៉ង់ បានថ្លែងអំពីការជួយសង្គ្រោះដល់ពួកត្រួសត្រាយផ្លូវរទេះអូសទាំងនេះ ៖
« ពួកបងប្អូនប្រុសស្រីរបស់យើងជាច្រើននាក់កំពុងស្ថិតនៅតំបន់វាលទំនាបដោយមានរទេះអូសជាច្រើន ហើយប្រហែលជាពួកគេជាច្រើន ឥឡូវនេះស្ថិតនៅចម្ងាយប្រមាណ ១១០០ គីឡូម៉ែត្រពីទីកន្លែងនេះ យើងត្រូវនាំពួកគេមកទីនេះ ដូច្នេះយើងត្រូវតែបញ្ជូនជំនួយដល់ពួកគេ ។…
« នោះជាសាសនារបស់ខ្ញុំ នេះជាការបង្ហាញប្រាប់ដល់ខ្ញុំពីព្រះវិញ្ញាណបរិសុទ្ធ ថាត្រូវសង្គ្រោះដល់មនុស្ស ។… នេះគឺជាសេចក្ដីសង្គ្រោះ ដែលខ្ញុំកំពុងស្វែងរកនាពេលនេះ ដើម្បីសង្គ្រោះបងប្អូនប្រុសរបស់យើង ដែលនឹងត្រូវវិនាស ឬ រងទុក្ខដ៏ធ្ងន់ធ្ងរ បើសិនជាយើងមិនបញ្ជូនជំនួយដល់ពួកគេទេនោះ ។
« ខ្ញុំនឹងពុំរង់ចាំរហូតដល់ថ្ងៃស្អែក ឬ រហូតដល់ថ្ងៃស្អែកឡើយ ខ្ញុំនឹងហៅឲ្យពួកប៊ីស្សពនៅថ្ងៃនេះ រកគោល្អៗចំនួន ៦០ ក្បាល និង រទេះ ១២ ឬ ១៥ រទេះ… [ ព្រមទាំង ] ម្សៅ ១២ តោន និង មនុស្សបររទេះរឹងមាំ ៤០ នាក់ ក្រៅពីអ្នកទាំងឡាយដែលដឹកនាំក្រុម ។…
« ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថា សេចក្ដីជំនឿ សាសនា និង កិច្ចការសាសនារបស់អ្នក នឹងពុំសង្គ្រោះដល់ព្រលឹងអ្នកនៅក្នុងនគរសេឡេស្ទាលនៃព្រះរបស់យើងឡើយ លុះត្រាតែអ្នកអនុវត្តនូវគោលការណ៍ទាំងឡាយនេះ ដែលខ្ញុំកំពុងតែបង្រៀនអ្នកនាពេលនេះប៉ុណ្ណោះ ។ ចូរចេញទៅ ហើយនាំអ្នកទាំងឡាយដែលកំពុងតែនៅលើវាលទំនាបនាពេលឥឡូវនេះ » ( « Remarks » Deseret News ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៨៥៦ ទំព័រ ២៥២ ) ។
តើអ្វីជាគោលការណ៍មួយដែលប្រធាន ព្រិកហាំ យ៉ង់ បានបង្រៀនដល់ពួកបរិសុទ្ធ ?
មានបុរស និង ស្ត្រីជាច្រើនបានឆ្លើយតបទៅនឹងការស្នើសុំរបស់ព្យាការី ឲ្យជួយដល់ពួកបរិសុទ្ធដែលកំពុងតែរងទុក្ខ ។ អំឡុងពេលពីរថ្ងៃបន្ទាប់ពីទេសនកថារបស់ប្រធាន យ៉ង់ នោះមានបុរសៗបានចេញទៅរកពួកអន្ដោប្រវេសន្ដ៍ ដោយបររទេះគោដឹកជញ្ជូនសម្ភារជាច្រើន ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើកិច្ចខិតខំជួយសង្គ្រោះនេះ អាចជាការលះបង់មួយចំពោះពួកបរិសុទ្ធនៅជ្រលងភ្នំ សលត៍ លេក យ៉ាងដូចម្ដេច ?
-
តើការលះបង់មួយចំនួនដែលយើងអាចធ្វើ ដើម្បីជួយដល់អ្នកទាំងឡាយដែលមានសេចក្ដីត្រូវការខាងរូបកាយ មានអ្វីខ្លះ ?
-
តើការលះបង់មួយចំនួនដែលយើងអាចធ្វើ ដើម្បីជួយដល់អ្នកទាំងឡាយដែលមានសេចក្ដីត្រូវការខាងវិញ្ញាណមានអ្វីខ្លះ ?
-
នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ១៨៥៦ ក្រុមរទេះសេះជួយសង្គ្រោះទីមួយ បានរកឃើញក្រុមរបស់ វីលី ។ ក្រុមរទេះសេះមួយចំនួន បានបន្ដនៅជាមួយនឹងក្រុម វីលី ប៉ុន្តែពួកគេភាគច្រើន បានបន្ដទៅជួយដល់ក្រុម ម៉ាទីន ។ នៅថ្ងៃទី ២៣ ខែ តុលា ក្រុមវីលី បានធ្វើដំណើរ ២៤ គីឡូម៉ែត្រ ឆ្លងកាត់ស្ថានភាពមានព្យុះជាខ្លាំង ។ ក្នុងចម្ងាយ ៥ គីឡូម៉ែត្រ មានទាំងការឡើងភ្នំ ដែលឈ្មោះថា រ៉កគី រីដ ដែលមានកម្ពស់ ១៨០ ម៉ែត្រ ផងដែរ ។
ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ ក្នុងគណៈប្រធានទីមួយ បានពិពណ៌នាអំពីភាពក្លាហានរបស់កុមារត្រួសត្រាយផ្លូវក្នុងក្រុម វីលី ៖
« សមាជិកនៃក្រុមវីលីដប់បីនាក់ ដែលបានស្លាប់ដោយសារភាពត្រជាក់ខ្លាំង ការនឿយហត់ និង ការស្រេកឃ្លាន ត្រូវបានកប់នៅក្នុងផ្នូររួមនៅ រ៉ក ក្រិក ហូឡូ ។… មានមនុស្សពីរនាក់នៃអ្នកទាំងនោះ ដែលបានកប់នៅ រ៉ក ក្រិក ហូឡូ គឺជាកុមារដ៏ក្លាហានដែលមានវ័យនៅទន់ខ្ចី ៖ បូឌីល [ ម៉ូធិនសិន ] អាយុ [ ដប់មួយឆ្នាំ ] មកពីប្រទេស ដាណាម៉ាក និង ជេម ខឺតវូឌ អាយុដប់មួយឆ្នាំ មកពីប្រទេស ស្កុតឡង់ ។
« ជាក់ស្ដែង បូឌីល ត្រូវបានចាត់ឲ្យមើលថែកុមារតូចៗមួយចំនួន នៅពេលពួកគេដើរឆ្លងកាត់ រ៉កគី រីដ ។ នៅពេលពួកគេបានមកដល់ នាងត្រូវបានចាត់ឲ្យទៅប្រមូលឧសមកបង្កាត់ភ្លើង ។ គេបានឃើញនាងរងាស្លាប់នៅលើកង់រទេះអូសរបស់នាង ដោយដៃក្ដាប់ស្មៅជាប់ ។
« ខ្ញុំនឹងប្រាប់អ្នកអំពី ជេម ខឺតវូឌ ។ ជេម មកពី ហ្គ្លាសហ្គ្រូ ប្រទេស ស្កុតឡង់ ។ នៅក្នុងការធ្វើដំណើរទៅភាគខាងលិច ជេម បានទៅជាមួយម្ដាយមេម៉ាយរបស់គាត់ និង បងប្អូនប្រុសបីនាក់ ដែលក្នុងនោះគឺ ថូម៉ាស ដែលមានអាយុដប់ប្រាំបួនឆ្នាំ ជាមនុស្សពិការ ដែលត្រូវជិះនៅលើរទេះរុញ ។ ទំនួលខុសត្រូវចម្បងរបស់ ជេម នៅក្នុងការធ្វើដំណើរនោះ គឺត្រូវមើលថែប្អូនប្រុសអាយុបួនឆ្នាំគាត់ឈ្មោះ យ៉ូសែប ខណៈដែលម្ដាយរបស់គាត់ និងបងប្រុសច្បងរបស់គាត់ រ៉ូប៊ើត ត្រូវអូសរទេះ ។ នៅពេលពួកគេបានឡើងទៅដល់ រ៉កគី រីដ វាមានធ្លាក់ព្រិល ហើយខ្យល់បក់ត្រជាក់យ៉ាងខ្លាំង ។ វាបាននាំឲ្យក្រុមទាំងមូលធ្វើដំណើរ [ ម្ភៃ ] ម៉ោងក្នុងចម្ងាយម្ភៃបួនគីឡូម៉ែត្រ ។ នៅពេលប្អូនប្រុស យ៉ូសែប ខ្សោយពេក ពុំអាចដើរបាន នោះ ជេម ដែលជាបងប្រុស ត្រូវលើកអៀវប្អូន ដោយគ្មានជម្រើសណាផ្សេងទេ ។ ជេម និង យ៉ូសែប បានធ្វើដំណើរដោយយឺតៗទៅកាន់ជំរុំមុន ទុកឲ្យក្រុមធំនោះមកតាមក្រោយ ។ ទីបំផុត នៅពេលអ្នកទាំងពីរបានមកដល់កន្លែងភ្នក់ភ្លើង នោះជេម ‹ ដោយបានអនុវត្តនូវកិច្ចការរបស់ខ្លួនស្មោះត្រង់យ៉ាងខ្លាំងបានដួលចុះ រួចក៏ស្លាប់ទៅ ដោយសារតែការរងនឹងធាតុត្រជាក់ខ្លាំង និងខំប្រឹងហួសកម្លាំងពេកនោះ › » ( « A Priceless Heritage » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៨៤-៨៥ ) ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានពន្យល់អំពីរបៀបយើងអាចរស់នៅតាមគោលការណ៍នៃការជួយមនុស្សដែលមានសេចក្ដីត្រូវការនាពេលបច្ចុប្បន្ននេះ ។ នៅពេលអ្នកអានអ្វីដែលគាត់បានបង្រៀន សូមស្វែងរកមធ្យោបាយបន្ថែមទៀតដែលយើងអាចជួយមនុស្សទូទៅបាននាពេលសព្វថ្ងៃនេះ ។
« អស់រយៈពេលជាច្រើនឆ្នាំក្នុងនាមជាពួកអ្នកមានសិទ្ធិអំណាចទូទៅមួយរូប ខ្ញុំបានគូសសម្គាល់អំពីសេចក្ដីត្រូវការដើម្បី ‹ ជួយសង្គ្រោះ › បងប្អូនប្រុសស្រីយើងពីស្ថានភាពខុសគ្នាជាច្រើន ដែលអាចនឹងដកយកពរជ័យទាំងអស់ ដែលដំណឹងល្អអាចផ្ដល់ឲ្យ ។ ចាប់តាំងពីខ្ញុំបានកា្លយជាប្រធាននៃសាសនាចក្រមក ខ្ញុំបានទទួលអារម្មណ៍នៃភាពបន្ទាន់មានកាន់តែខ្លាំងឡើងចំពោះយើង ដែលត្រូវរួមចំណែកនៅក្នុងកិច្ចខិតខំសង្គ្រោះនេះ ។ ក្នុងនាមជាសមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រត្រូវឈោងទៅជួយមនុស្សដោយសេចក្ដីស្រឡាញ់ និង ការយោគយល់ នោះមានមនុស្សជាច្រើនបានត្រឡប់មកសកម្មទាំងស្រុងឡើងវិញ ហើយរីករាយនឹងពរជ័យដែលបានផ្ដល់ឲ្យបន្ថែមទៀតនៅក្នុងជីវិតរបស់ពួកគេ ។ មានអ្វីជាច្រើនដែលត្រូវធ្វើនៅក្នុងចក្ខុវិស័យនេះស្រេចទៅហើយ ហើយខ្ញុំសូមលើកទឹកចិត្តមនុស្សទាំងអស់ ឲ្យបន្តឈោងទៅជួយមនុស្សទូទៅ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា ‹ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង › (លូកា ២២:៣២ )Reach Out to Rescue »; (“Reach Out to Rescue”; LDS.org) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគ្រាមួយដែលអ្នកបានឃើញមនុស្សណាម្នាក់ ជួយមនុស្សដែលមានសេចក្ដីត្រូវការខាងវិញ្ញាណ និង ខាងសាច់ឈាម ។ តើមនុស្សម្នាក់នោះ បានជួយតាមរបៀបណា ? តើការបម្រើនោះបានប្រទានពរទាំងមនុស្សដែលបម្រើគេ និង មនុស្សដែលទទួលបានការបម្រើនោះយ៉ាងដូចម្ដេច ?
សូមយកពេលបន្តិចដើម្បីពិចារណា ថាតើនរណានៅជុំវិញខ្លួនអ្នកដែលត្រូវការជំនួយខាងវិញ្ញាណ និង ខាងសាច់ឈាម ។ តើអ្នកអាចជួយពួកគេបាន តាមរបៀបណាខ្លះ ?
ដំណើររឿងខាងក្រោមនេះ អាចជួយអ្នករកឃើញពរជ័យមួយចំនួន ដែលពួកបរិសុទ្ធទទួល ដោយសារតែពួកគេបានតស៊ូនៅក្នុងការរងទុក្ខដោយមានចិត្តស្មោះត្រង់ ៖
ក្នុងឆ្នាំ ១៨៥៦ ហ្វ្រែនស៊ីស និង បេតស៊ី វិបស្ទើរ មានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើដំណើរទៅរដ្ឋ យូថាហ៍ តាមរទេះសេះ ប៉ុន្តែពួកគេបានបរិច្ចាគប្រាក់របស់ពួកគេចូលមូលនិធិអន្តោប្រវេសន៍អចិន្ត្រៃយ៍ ។ ការបរិច្ចាគរបស់ពួកគេបានអនុញ្ញាតឲ្យមនុស្សប្រាំបួននាក់បន្ថែមទៀត អាចធ្វើដំណើរតាមរទេះអូស ។ បងប្រុង និងបងស្រី វិបស្ទើរ ដែលកំពុងមានកូននោះ បានធ្វើដំណើរទៅទីក្រុង សលត៍ លេក ជាមួយក្រុមរទេះអូស ម៉ាទីន ហើយបានរងទុក្ខលំបាកនៅតាមផ្លូវជាមួយនឹងមនុស្សក្នុងក្រុមផ្សេងៗទៀត ។
ប៉ុន្មានឆ្នាំក្រោយមក នៅពេលបងប្រុស វិបស្ទើរ អង្គុយនៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ នោះគាត់បានស្ដាប់ឮសមាជិកសាសនាចក្រមួយចំនួន រិះគន់ដល់ថ្នាក់ដឹកនាំសាសនាចក្រ ចំពោះទុក្ខលំបាករបស់ក្រុមរទេះអូស ។ ដោយពុំអាចទប់បាន គាត់បានក្រោកឈរឡើង រួចថ្លែងទីបន្ទាល់អំពីពរជ័យកាលនៅជាមួយក្រុមរទេះអូស ម៉ាទីន ៖
« ខ្ញុំសូមឲ្យអ្នកបញ្ឈប់ការរិះគន់នេះ ដ្បិតអ្នកកំពុងតែពិភាក្សាអំពីរឿងមួយដែលអ្នកពុំដឹងអ្វីបន្ដិចសោះ ។ អង្គហេតុជាប្រវត្តិសាស្ត្រ ពុំមានន័យអ្វីទេនៅទីនេះ ដ្បិតវាពុំបានផ្ដល់នូវការបកប្រែត្រឹមត្រូវចំពោះសំណួរដែលជាប់ពាក់ព័ន្ធទេ ។ តើវាជាកំហុសឆ្គងទេ ដែលបញ្ជូនក្រុមរទេះអូសចេញទៅយឺតពេលនៅក្នុងពេលនោះ ? មែនហើយ ។ ប៉ុន្តែខ្ញុំបាននៅក្នុងក្រុមនោះ ហើយភរិយារបស់ខ្ញុំក៏នៅទីនោះដែរ ។… យើងបានរងទុក្ខហួសពីអ្វីដែល អ្នកគិតឃើញទៅទៀត ហើយមានមនុស្សជាច្រើនបានស្លាប់ដោយ ហេវហត់ និងសេចក្តីស្រេកឃ្លាន ។ តើអ្នកធ្លាប់ឮមនុស្សដែលនៅមានជីវិតពីក្រុមនោះថ្លែងពាក្យរិះគន់ឬទេ ?… យើងគ្រប់គ្នាបានឆ្លងកាត់ដោយមានចំណេះដឹងដ៏ពិតថា ព្រះមានព្រះជន្មរស់ ដ្បិតយើងបានស្គាល់ទ្រង់នៅក្នុងគ្រាដ៏លំបាក [ ក្នុងគ្រាដែលត្រូវការដ៏ខ្លាំងបំផុត ] របស់យើង ។
« ខ្ញុំបានទាញរទេះខ្ញុំពេលខ្ញុំខ្សោយកម្លាំង ហើយល្ហិតល្ហៃដោយសារជំងឺ និង កង្វះអាហារ ដែលធ្វើឲ្យខ្ញុំពិបាកនឹងបោះជំហានទៅមុខបំផុត ។ ខ្ញុំបានសម្លឹងទៅមុខ ហើយឃើញវាលខ្សាច់ ឬ ទីទួល ហើយបាននិយាយថាខ្ញុំអាចដើរទៅបានតែប៉ុណ្ណេះទេ ហើយខ្ញុំត្រូវតែបញ្ឈប់ការធ្វើដំណើរនៅត្រង់នេះ ដ្បិតខ្ញុំមិនអាចទាញរទេះខ្ញុំឆ្លងកាត់ទីនោះឡើយ ។ ខ្ញុំបានដើរទៅវាលខ្សាច់នោះ ហើយកាលខ្ញុំបានទៅដល់ហើយនោះ រទេះបានចាប់ផ្ដើមរុញខ្ញុំ ។ ខ្ញុំបានងាកមើលក្រោយជាច្រើនដង ដើម្បីមើលថាតើនរណាដែលបានរុញរទេះរបស់ខ្ញុំ តែខ្ញុំមើលពុំឃើញថាមាននរណាម្នាក់ទេ ។ រួចហើយខ្ញុំដឹងថា ពួកទេវតានៃព្រះគង់នៅទីនោះ ។
« តើខ្ញុំសោកស្ដាយដែលខ្ញុំបានជ្រើសរើសធ្វើដំណើរមកដោយការអូសរទេះឬទេ ? អត់ទេ ។ ទេ ។ គ្មានសោះឡើយនៅក្នុងជីវិតរបស់ខ្ញុំ ទាំងនាពេលនោះ ហើយពេលនេះ ក៏គ្មានដែរ ។ តម្លៃដែលយើងបានបង់ថ្លៃ ដើម្បីស្គាល់ព្រះ គឺជាឯកសិទ្ធិដើម្បីបង់ថ្លៃ ហើយខ្ញុំមានអំណរគុណដែលខ្ញុំមានឯកសិទ្ធិដើម្បីមកដល់ស៊ីយ៉ូន នៅក្នុងក្រុមរទេះអូស ម៉ាទីន » ( នៅក្នុង William R. Palmer, « Pioneers of Southern Utah, » The Instructor ខែ ឧសភា ឆ្នាំ ១៩៤៤ ទំព័រ ២១៧–១៨ ) ។
គោលការណ៍មួយដែលយើងអាចរៀនចេញពីទីបន្ទាល់របស់ ហ្វ្រែនស៊ីស វិបស្ទើរ គឺ បើសិនជាយើងតស៊ូក្នុងការរងទុក្ខដោយមានចិត្តស្មោះត្រង់ នោះយើងអាចស្គាល់ព្រះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើឥរិយាបទ ឬ អាកប្បកិរិយាប្រភេទណាខ្លះ ដែលអ្នកបានឃើញមាននៅក្នុងខ្លួនមនុស្សទាំងឡាយ ដែលស៊ូទ្រាំក្នុងការរងទុក្ខដោយមានចិត្តស្មោះត្រង់នោះ ?
-
តើអ្នកបានស្គាល់ព្រះតាមរយៈការសាកល្បងដែលអ្នកបានជួបប្រទះដោយរបៀបណា ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី « ក្រុមអ្នកត្រួតត្រាយរទេះអូស ឆ្នាំ ១៨៥៦-៦០ » ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖