មេរៀនទី ៨ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣១-៥០
សេចក្ដីផ្ដើម
នៅមិនយូរប៉ុន្មានពីមុនសន្និសីទសាសនាចក្រថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានប្រទានវិវរណៈដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ « នៅក្នុងវត្តមានពួកអែលឌើរប្រាំមួយនាក់ » ( ក្បាលកណ្ឌ គ. និង ស. ២៩ ) ។ នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១–៣០ នៅអំឡុងមេរៀនមុន អ្នកបានរៀនអំពីការប្រមូលអ្នកដែលព្រះអម្ចាស់បានរើស និង ការស្ថាបនាទីក្រុង ស៊ីយ៉ូន ឡើង ។ មេរៀននេះផ្ដោតទៅលើលក្ខណៈសម្បត្តិនៃការធ្លាក់របស់អ័ដាម ដែលបើកសម្ដែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣១-៣៥
ព្រះអង្គសង្គ្រោះពន្យល់ថា គ្រប់ការណ៍ទាំងអស់សុទ្ធតែជាការណ៍ខាងវិញ្ញាណចំពោះទ្រង់
សូមពិចារណាអំពីរបៀប ដែលយើងឆ្លើយតបទៅនឹងស្ថានភាពខាងក្រោម ៖
ស្ថានភាពទី ១ ៖ សូមស្រមៃថាមានមិត្តភក្ដិអ្នកម្នាក់ ដែលកំពុងមានឥរិយាបថមិនសមរម្យ ដែលអ្នកដឹងថានឹងមានទុក្ខទោសដល់ខ្លួនគាត់ ។ ក្នុងឱកាសមួយ អ្នកព្យាយាមលើកទឹកចិត្តមិត្តភក្ដិរបស់អ្នក ឲ្យបញ្ឈប់ឥរិយាបថនេះ ប៉ុន្តែ គាត់ប្រាប់អ្នកថា ជម្រើសរបស់គាត់នេះពុំមែនជាបញ្ហាអ្វីនោះទេ ព្រោះគ្មានអ្វីអាក្រក់បានកើតឡើងចំពោះគាត់ឡើយ ។ តើគោលការណ៍នៃដំណឹងល្អមួយណា ដែលអាចជួយមិត្តភក្ដិរបស់អ្នក ឲ្យយល់អំពីសារៈសំខាន់នៃជម្រើសរបស់គាត់ ?
ស្ថានភាពទី ២ ៖ សូមនឹកស្រម៉ៃថា មានមិត្តភក្ដិម្នាក់បានមករកអ្នក ហើយនិយាយថា មានអារម្មណ៍បាក់ទឹកចិត្តបន្ដិចបន្ដួច ។ នាងប្រាប់អ្នកថា នាងពុំដឹងថាតើការរក្សាព្រះបញ្ញត្តិមានមានតម្លៃស្មើនឹងការខិតខំដែរឬទេ ។ នាងពន្យល់ថា ទោះជានាងបានព្យាយាមគោរពតាមព្រះបញ្ញត្តិនានាក្ដី ក៏នាងពុំឃើញថា ស្ថានភាពរបស់នាងមានសភាពល្អប្រសើរជាងជីវិតរបស់មិត្តភក្ដិនាង ដែលជ្រើសរើសធ្វើអំពើបាបនោះដែរ ។ តើគោលការណ៍នៃដំណឹងល្អមួយណា ដែលអាចជួយមិត្តភក្ដិរបស់អ្នក ឲ្យបន្តគោរពប្រតិបត្តិ ?
នៅពេលអ្នកសិក្សាអំពីផ្នែកចុងក្រោយនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ សូមស្វែងរកគោលការណ៍ និង គោលលទ្ធិ ដែលអាចប្រើប្រាស់បាន ដើម្បីជួយបុគ្គលទាំងឡាយណាដែលមានស្ថានភាពដូចនេះ ។
ក្នុងឆ្នាំ ១៨៣០ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ត្រូវបានស្ដារឡើងវិញ ហើយរៀបចំឡើងម្ដងទៀតនៅលើផែនដី ហើយភាពពោរពេញនៃដំណឹងល្អត្រូវបានបើកសម្ដែងដល់សមាជិកសាសនាចក្រ តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ នៅក្នុងវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ ព្រះអម្ចាស់បានជួយពួកបរិសុទ្ធថ្ងៃចុងក្រោយ ឲ្យយល់កាន់តែច្បាស់អំពីការធ្លាក់របស់អ័ដាម ហើយបានបើកសម្ដែងពីគោលបំណងនៃព្រះបញ្ញត្តិរបស់ទ្រង់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៣៣ បង្រៀនថា ព្រះបានបង្កើតគ្រប់ការណ៍ទាំងអស់ខាងវិញ្ញាណ ។ អត្ថន័យមួយនៃការណ៍នេះគឺថា ការណ៍ទាំងនោះអាចកើតឡើងនៅក្នុងវត្តមានទ្រង់ ហើយពុំចេះស្លាប់ឡើយ ។ ទ្រង់បានរៀបចំរបៀបមួយសម្រាប់ការបង្កើតរបស់ទ្រង់ដើម្បីក្លាយទៅជាខាងសាច់ឈាម មានន័យថា ការបង្កើតទាំងនោះនឹងបែកចេញពីវត្តមានរបស់ទ្រង់ ហើយត្រូវតែស្លាប់ ។ ព្រះក៏បានបង្កើតរបៀបមួយដើម្បីឲ្យការបង្កបង្កើតរបស់ទ្រង់យកឈ្នះលើសេចក្ដីស្លាប់ ហើយត្រឡប់ទៅឯវត្តមានរបស់ទ្រង់វិញ ។ នេះគឺជាផ្នែកទាំងអស់នៃផែនការរបស់ទ្រង់ ដើម្បីប្រទានឱកាសទៅដល់កូនចៅទ្រង់ឲ្យប្រែក្លាយដូចជាទ្រង់ដែរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៤-៣៥ រួចស្វែងយល់ ថាតើព្រះអម្ចាស់ទ្រង់ចាត់ទុកព្រះបញ្ញត្តិទាំងឡាយ ដែលទ្រង់ប្រទានដល់ពួកយើងនោះថាជាអ្វី ។ សូមកត់ចំណាំសេចក្ដីពិតនេះនៅក្នុងបទគម្ពីររបស់អ្នក ៖ ព្រះបញ្ញត្តិទាំងអស់របស់ព្រះសុទ្ធតែជាខាងវិញ្ញាណ ។ ព្រះបញ្ញត្តិនីមួយៗដែលព្រះប្រទានឲ្យ មានគោលបំណងខាងវិញ្ញាណ ហើយត្រូវបានបង្កើតឡើងដើម្បីជួយយើងឲ្យត្រឡប់ទៅឯវត្តមានរបស់ទ្រង់វិញ ។
-
សូមពិចារណាអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ទុកជាឧទាហរណ៍មួយនៃគោលលទ្ធិដែលថា ព្រះបញ្ញត្តិទាំងឡាយរបស់ព្រះទាំងអស់សុទ្ធតែជាខាងវិញ្ញាណ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើការគោរពប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ អាចមានឥទ្ធិពលមកលើយើងខាងសាច់ឈាមយ៉ាងដូចម្ដេច ?
-
តើការគោរពប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ អាចមានឥទ្ធិពលមកលើយើងខាងវិញ្ញាណយ៉ាងដូចម្ដេច ?
-
វាអាចនឹងមានលទ្ធផលខាងសាច់ឈាមដែលបណ្ដាលមកពីការមិនគោរពប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ប៉ុន្តែ លទ្ធផលដ៏ធំជាងគេនោះគឺ លក្ខណៈខាងវិញ្ញាណ ជាពិសេសចំពោះសមាជិកសាសនាចក្រ ដែលបានធ្វើសេចក្ដីសញ្ញាដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិនោះ ។ ដោយសារតែព្រះបញ្ញត្តិទាំងឡាយរបស់ព្រះគឺសុទ្ធតែជាខាងវិញ្ញាណ រួមបញ្ចូលទាំងពាក្យសម្ដីនៃប្រាជ្ញាវាងវៃផងដែរនោះ ការគោរពប្រតិបត្តិនាំមកនូវពរជ័យខាងវិញ្ញាណនៅក្នុងជីវិតរបស់យើង ។ ផ្ទុយទៅវិញ ការមិនគោរពប្រតិបត្តិចំពោះព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ រារាំងយើងពីការទទួលបាន ឬ បណ្ដាលឲ្យយើងបាត់បង់ពរជ័យខាងវិញ្ញាណ ។
សូមពិចារណាអំពីរបៀបដែលការដឹងថាព្រះបញ្ញត្តិទាំងឡាយរបស់ព្រះសុទ្ធតែជាខាងវិញ្ញាណ អាចជួយបុគ្គលទាំងឡាយដែលស្ថិតនៅក្នុងស្ថានភាព ដែលអ្នកបានអានកាលចាប់ផ្ដើមមេរៀននេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៦-៤១
ការធ្លាក់របស់អ័ដាមនាំឲ្យមានសេចក្ដីស្លាប់ខាងសាច់ឈាម
ខណៈពេលដែលព្រះប្រទានព្រះបញ្ញត្តិដើម្បីប្រទានពរយើងខាងវិញ្ញាណ នោះសូមកត់ចំណាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៥ ដែលទ្រង់អនុញ្ញាតឲ្យយើងធ្វើជាភ្នាក់ងារចំពោះខ្លួនយើងផ្ទាល់ ។ ការណ៍នេះមានន័យថា ព្រះប្រទានសិទ្ធិជ្រើសរើសដល់កូនចៅទ្រង់ ហើយអនុញ្ញាតឲ្យពួកគេជ្រើសរើសថាតើ នឹងគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទ្រង់ដែរឬទេ ។
-
សូមគូសតារាងខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៦–៤១ រួចបំពេញជម្រើស និងលទ្ធផលនៃមនុស្ស ឬ ក្រុមមនុស្សនោះ ៖
ជម្រើស
លទ្ធផល
អារក្ស
« មួយភាគបីនៃពួកពលបរិវារស្ថានសួគ៌ »
អ័ដាម
សូមគិតពីការសរសេរគោលការណ៍តទៅនេះ ដាក់ក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ៖ ព្រះបានប្រទានអំណោយនៃសិទ្ធិជ្រើសរើស ដើម្បីធ្វើការជ្រើសរើស ហើយទទួលបានលទ្ធផលនៃជម្រើសទាំងនោះ ។
ពីមុនអ័ដាម បានទទួលទានផ្លែដែលហាមឃាត់ គាត់បានរស់នៅលើផែនដីនៅក្នុងសួនច្បារអេដែន ហើយអាចរស់នៅក្នុងវត្តមានរបស់ព្រះ ។ បន្ទាប់ពីគាត់បានទទួលទានផ្លែនោះ គាត់នៅតែអាចរស់នៅលើផែនដីបាន ប៉ុន្តែ គាត់ពុំអាចរស់នៅក្នុងវត្តមានរបស់ព្រះបានទៀតនោះទេ ។ ដោយសារតែអ័ដាម បានបណ្ដោយខ្លួនទៅតាមការល្បួង ហើយបានទទួលទានផ្លែដែលហាមឃាត់ នោះយើងទាំងអស់គ្នាស្ថិតនៅក្នុងស្ថានភាពខាងសាច់ឈាមមួយ ( ដែលចេះស្លាប់ ) ហើយបែកចេញពីវត្តមានរបស់ព្រះ ។ យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤១ តើការបែកចេញនេះត្រូវបានហៅថាដូចម្ដេច ?
-
សូមគូសដ្យាក្រាមខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
លើដ្យាក្រាមនេះ សូមសរសេរនៅក្រោមឃ្លា « ផែនដីដែលបានធ្លាក់ ( ខាងសាច់ឈាម ) » ថា ៖ សេចក្ដីស្លាប់ខាងវិញ្ញាណ គឺជាការដែលត្រូវបានកាត់ចេញពីវត្តមានរបស់ព្រះ ។ បន្ទាប់មក សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើអ្នកគិតថា ហេតុអ្វីបានជាវាជាកាចាំបាច់សម្រាប់យើង ដើម្បីបែកចេញពីវត្តមានរបស់ព្រះមួយរយៈពេល ?
សូមអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះ អំពីការធ្លាក់ និង មូលហេតុដែលយើងត្រូវតែបែកចេញពីព្រះមួយរយៈ ៖ « ការធ្លាក់គឺជាផ្នែកមួយយ៉ាងសំខាន់ នៃផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី២ ២:១៥–១៦; ៩:៦ ) ។ វាមានទិសដៅពីរ—ធ្លាក់ចុះ ដើម្បីរីកចម្រើន ។ បន្ថែមទៅលើការណែនាំអំពីការស្លាប់ខាងសាច់ឈាម និង ខាងវិញ្ញាណ វាបានផ្ដល់ឲ្យយើងនូវឱកាសកើតមកលើផែនដីនេះ ដើម្បីរៀន និង អភិវឌ្ឍ » (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៥៧ សូមមើលផងដែរ នីហ្វៃទី២ ២:២៥ ) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីការធ្លាក់ដូចតទៅនេះថា ៖
« ព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលធ្លាប់មាន ឬ ដែលនឹងកើតឡើងនៅក្នុងគ្រប់ទាំងភាពអស់កល្ប … គឺជាការបង្កើត ការធ្លាក់ និង ដង្វាយធួន ។
« មុនពេលយើងអាចចាប់ផ្ដើមយល់អំពីការបង្កើតអ្វីៗទាំងអស់ខាងសាច់ឈាម យើងត្រូវតែដឹងពីរបៀប និង តាមវិធីណាដែលភាពពិតដ៏អស់កល្បទាំងបីនេះ —ការបង្កើត ការធ្លាក់ និង ដង្វាយធួន— គឺត្រូវត្បាញជាប់គ្នាបំបែកមិនបានដើម្បីបង្កើតជាផែនការសង្គ្រោះមួយ ។ គ្មានចំណុចណាមួយនៅឈរម្នាក់ឯងឡើយ ចំណុចមួយៗភ្ជាប់ទៅនឹងចំណុចពីរទៀត ហើយដោយគ្មានចំណេះដឹងមួយនៃចំណុចទាំងអស់ នោះវាមិនអាចទៅរួចទេ ដែលដឹងពីសេចក្ដីពិតអំពីចំណុចវានីមួយៗនោះ ។…
« … សូមឲ្យចងចាំថា ដង្វាយធួនបានមកដោយសារការធ្លាក់ ។ ព្រះគ្រីស្ទបង់ថ្លៃសម្រាប់អំពើរំលងរបស់អ័ដាម ។ ប្រសិនបើគ្មានការធ្លាក់ទេនោះ នឹងគ្មានដង្វាយធួនដែលភ្ជាប់មកជាមួយនូវអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដែលជាលទ្ធផលរបស់វានោះទេ ។ ហេតុដូច្នេះហើយ វាប្រាកដជាក់ដូចជាសេចក្ដីសង្គ្រោះកើតមានតាមរយៈដង្វាយធួន ដូច្នេះសេចក្ដីសង្គ្រោះក៏កើតមានដោយសារតែការធ្លាក់ដែរ ។
« ជីវិតរមែងស្លាប់ និង ការបង្កបង្កើត និង សេចក្ដីស្លាប់ សុទ្ធតែមានការចាប់ផ្ដើមរបស់វាជាមួយនឹងការធ្លាក់ » ( Christ and the Creation,” Ensignខែ មិថុនា ឆ្នាំ ១៩៨២ ទំព័រ ៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤២-៥០
ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ប្រោសយើងពីសេចក្ដីស្លាប់ខាងវិញ្ញាណ
សូមពិចារណាអំពីសំណួរដូចតទៅនេះ ៖ តើនរណានឹងត្រឡប់ទៅឯវត្តមានរបស់ព្រះវិញ ?
ដើម្បីយល់អំពីការបង្រៀនរបស់ព្រះអម្ចាស់ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ វាចាំបាច់ដែលត្រូវដឹងថា មនុស្សទាំងអស់នឹងត្រឡប់ទៅឯវត្តមានរបស់ព្រះវិញ បន្ទាប់ពីបានរស់ឡើងវិញ ។ នេះគឺដោយសារតែដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ប្រោសមនុស្សលោកទាំងអស់ពីអានុភាពនៃការធ្លាក់ខាងសាច់ឈាម និង ខាងវិញ្ញាណ ( សូមមើល ហេលេមិន ១៤:១៥–១៨ ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរនៅផ្នែកខាងស្ដាំនៃដ្យាក្រាម ក្រោមឃ្លា « វត្តមានរបស់ព្រះ » ថា ៖ តាមរយៈដង្វាយធួន នោះមនុស្សលោកទាំងអស់នឹងត្រូវបានប្រោសពីសេចក្ដីស្លាប់ខាងសាច់ឈាម និង ខាងវិញ្ញាណ ដែលបណ្ដាលមកពីការធ្លាក់របស់អ័ដាម ។ បន្ទាប់មក សូមឆ្លើយសំណួរដូចតទៅនេះ ៖ បើយើងទាំងអស់គ្នានឹងត្រូវបាននាំទៅឯវត្តមានរបស់ព្រះនៅទីបំផុតនោះ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ទោះជាយើងបានធ្វើជម្រើសត្រឹមត្រូវ ឬ អត់ កាលនៅលើផែនដីនោះ ?
តាមរយៈដង្វាយធួនទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានប្រទានការអភ័យទោស និង ជីវិតដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកទាំងឡាយណា ដែលអនុវត្តសេចក្ដីជំនឿលើទ្រង់ ហើយប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៤២–៤៣ រួចស្វែងរកការណ៍ ដែលយើងត្រូវធ្វើដើម្បីមានភាពសក្ដិសម ដើម្បីបាននៅក្នុងវត្តមានរបស់ព្រះជានិច្ច ។ សូមពិចារណាអំពីការណ៍ទាំងឡាយ ដែលអ្នកអាចធ្វើដើម្បីប្រែចិត្ត ដើម្បីអ្នកអាចបាននៅក្នុងវត្តមានរបស់ព្រះជានិច្ច ។
ទោះជាមនុស្សលោកទាំងអស់នឹងបានរស់ឡើងវិញ ហើយបានប្រោសពីសេចក្ដីស្លាប់ខាងវិញ្ញាណ និង ត្រូវបាននាំត្រឡប់ទៅវត្តមានរបស់ព្រះដើម្បីទទួលការជំនុំជម្រះយ៉ាងណាក្ដី ក៏មិនមានន័យថា មនុស្សគ្រប់គ្នានឹងទៅទីនោះជាដរាបនោះទេ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូសនៅផ្នែកខាងស្ដាំនៃដ្យាក្រាមដោយនូវសញ្ញាព្រួញមួយចេញពីវត្តមានរបស់ព្រះ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៤៤–៤៥ រួចឆ្លើយនឹងសំណួរខាងក្រោមនេះ ៖
-
តើជម្រើសណាខ្លះ ដែលធ្វើឲ្យមនុស្សមិនមានភាពសក្ដិសមដើម្បីបាននៅក្នុងវត្តមានរបស់ព្រះជានិច្ច ?
-
តើអ្វីជាលទ្ធផលនៃជម្រើសរបស់ពួកគេ ?
-
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នៅក្បែរបន្ទាត់ដាច់ៗក្នុងដ្យាក្រាមថា ៖ អ្នកទាំងឡាយណា ដែលពុំអនុវត្តសេចក្ដីជំនឿ ឬ ប្រែចិត្ត ពុំអាចបាននៅក្នុងវត្តមានរបស់ព្រះជានិច្ចឡើយ ។
ខាងក្រោមនេះ បង្ហាញអំពីទម្រង់ដែលដ្យាក្រាមរបស់អ្នកគួរតែលេចឡើងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមរំឭកអំពីស្ថានភាពចំនួនពីរ ដែលបានពិភាក្សានៅពេលចាប់ផ្ដើមនៃមេរៀននេះ ។ បន្ទាប់មកសូមឆ្លើយសំណួរខាងក្រោមនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលអាចជួយមិត្តភក្តិក្នុងស្ថានភាពទី ១ ?
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលអាចជួយមិត្តភក្តិក្នុងស្ថានភាពទី ២ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៤៩ រួចគិតអំពីការរំពឹងទុកទាំងឡាយ ដែលព្រះអម្ចាស់បានតម្រូវពីអ្នក ។ សូមដាក់គោលដៅដើម្បីបន្តអនុវត្តដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នៅក្នុងជីវិតរបស់អ្នក តាមរយៈការប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក និង ការត្រៀមខ្លួនអ្នកដើម្បីបានរស់នៅក្នុងវត្តមានរបស់ព្រះម្ដងទៀត ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១-៥០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖