មេរៀនទី ១៨ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣-១២០
សេចក្តីផ្តើម
នៅថ្ងៃទី ២២ និង ២៣ ខែ កញ្ញា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធ អំពីសារៈសំខាន់នៃការស្ដាប់តាមព្រះបន្ទូលព្រះ ហើយបានវាយផ្ចាលពួកគេចំពោះការរាប់ដល់ព្រះគម្ពីរមរមន និង ព្រះបញ្ញត្តិមុនៗ ទុកជាគ្មានផលប្រយោជន៍ ។ បន្ថែមពីលើនោះ ទ្រង់បានគូសសម្គាល់អំពីប្រតិបត្តិការរបស់ពួកសាវក និង អ្នកកាន់បព្វជិតភាពទូទៅ ក្នុងការប្រកាសដំណឹងល្អពាសពេញពិភពលោក ហើយទ្រង់បានពន្យល់អំពីរបៀបដែលកិច្ចការនេះត្រូវបានសម្រេច ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣-៦១
ព្រះអម្ចាស់បង្រៀនអំពីសារៈសំខាន់ នៃការស្ដាប់តាមព្រះបន្ទូលព្រះ
សូមពិចារណាអំពីការខិតខំរបស់អ្នក ក្នុងការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។ តើអ្នកធ្វើបានល្អកម្រិតណា ក្នុងការសម្រេចបានគោលដៅនេះ ?
-
ជួនកាល វាមានការលំបាកដើម្បីមានទម្លាប់នៃការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមរាយបញ្ជីឧបសគ្គមួយចំនួន ដែលអ្នកប្រឈមមុខក្នុងការព្យាយាមសិក្សាព្រះគម្ពីររាល់ថ្ងៃ ។ សូមសរសេរអំពីគ្រាមួយ ដែលអ្នកជ្រើសរើសសិក្សាព្រះគម្ពីរ ទោះជាមានការលំបាកយ៉ាងណាក្ដី ។ តើអ្នកបានទទួលពរ ដោយព្រោះការធ្វើដូច្នោះយ៉ាងដូចម្ដេចដែរ ?
នៅពេលអ្នកបន្តសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤អ្នកនឹងរៀនសេចក្ដីពិត ដែលអាចបំផុសគំនិតអ្នកឲ្យបន្តខិតខំសិក្សាព្រះគម្ពីរជាប្រចាំថ្ងៃ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣–៤៤រួចស្វែងរកពាក្យ និង ឃ្លា ដែលបង្រៀនអំពីសារៈសំខាន់នៃការសិក្សា និង ការអនុវត្តន៍តាមព្រះបន្ទូលព្រះអម្ចាស់ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៥-៤៦ ។ ខគម្ពីរទាំងនេះជួយយើងឲ្យយល់ថា បើយើងស្ដាប់តាមព្រះបន្ទូលព្រះដោយឧស្សាហ៍ នោះយើងនឹងត្រូវបានបំភ្លឺតាមរយៈព្រះវិញ្ញាណនៃព្រះគ្រីស្ទ ។
សូមកត់ចំណាំឃ្លា « ព្រះវិញ្ញាណនៃព្រះគ្រីស្ទ » នៅក្នុង ខទី ៤៥ ។ ឃ្លាមួយទៀតដែល មានន័យស្រដៀងនឹងនេះគឺ « ពន្លឺនៃព្រះគ្រីស្ទ » ។ ពន្លឺនៃព្រះគ្រីស្ទ គឺជា « អានុភាពមួយនៃសេចក្ដីល្អ ដែលមាននៅក្នុងមនុស្សទូទៅ ។… នៅក្នុងព្រះគម្ពីរ ពន្លឺនៃព្រះគ្រីស្ទ ពេលខ្លះត្រូវបានហៅថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ ព្រះវិញ្ញាណនៃព្រះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ឬ ពន្លឺនៃជីវិត ។
« ពន្លឺនៃព្រះគ្រីស្ទ មិនគួរយល់ច្រឡំជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធទេ ។ ពន្លឺនៃព្រះគ្រីស្ទមិនមែនជាតួអង្គ ដូចជាព្រះវិញ្ញាណបរិសុទ្ធនោះទេ ។ វាមានឥទ្ធិពលដឹកនាំមនុស្ស ឲ្យស្វែងរកដំណឹងល្អពិត ធ្វើបុណ្យជ្រមុជទឹក និង ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១១៨) ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ពន្លឺនៃព្រះគ្រីស្ទគឺមាននៅក្នុងមនុស្សគ្រប់រូប ហើយ « ចំណេះដឹងអំពីភាពត្រឹមត្រូវ និង ភាពខុសឆ្គងនេះ ត្រូវបានហៅថា ពន្លឺនៃព្រះគ្រីស្ទ ការយល់ដឹងក្រមសីលធម៌ ឬ សតិសម្បជញ្ញៈ វាអាចដឹកនាំយើងឲ្យគ្រប់គ្រងទង្វើរបស់យើងបាន—លើកលែងតែយើងមានចិត្តមានះ ឬ មិនធ្វើតាមវា » ( The Light of Christ » Ensignឬ Liahona ខែ មេសា ឆ្នាំ ២០០៥ ទំព័រ ៨–៩ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៧រួចបញ្ចប់គោលការណ៍ដូចតទៅនេះ ដោយយោងតាមអ្វីដែលអ្នករកឃើញ ៖ បើយើងស្ដាប់តាមព្រះវិញ្ញាណ នោះយើងនឹង ។
នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៨សូមកត់ចំណាំអ្វី ដែលព្រះវរបិតានឹងធ្វើ នៅពេលយើងមករកទ្រង់ ។
បន្ថែមពីលើការមានពន្លឺនៃព្រះគ្រីស្ទ បុគ្គលទាំងឡាយអាចទទួលបានដៃគូជាព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីពួកគេបានធ្វើសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ តាមរយៈអំណោយទានព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេអាចទទួលបានពន្លឺបន្ថែម ហើយត្រូវបានដឹកនាំត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាវិញ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមគិតអំពីគ្រាមួយ ដែលអ្នកបានព្យាយាមដើរនៅក្នុងកន្លែងងងឹតស្លុង ។ តើមានភាពខុសប្លែកគ្នានៅក្នុងរបៀប ដែលអ្នកដើរកាលនៅក្នុងកន្លែងងងឹតស្លុង និង កាលនៅកន្លែងមានពន្លឺដែរឬទេ ? ជាញឹកញាប់ បទគម្ពីរលើកឡើងអំពីកន្លែងងងឹត ដើម្បីជានិមិត្តរូបនៃស្ថានភាពមួយខាងវិញ្ញាណ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៩–៥៣រួចស្វែងរកថាតើនរណា ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា ស្ថិតនៅក្នុងសេចក្ដីងងឹត និង មូលហេតុដែលបណ្ដាលឲ្យពួកគេស្ថិតនៅក្នុងស្ថានភាពនោះ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការរស់នៅក្រោមចំណងនៃអំពើបាប មានសភាពដូចជាការស្ថិតនៅក្នុងសេចក្ដីងងឹតយ៉ាងដូចម្ដេច ?
សូមពិចារណាអំពីអ្វីដែលអ្នកគិតថាអ្នកត្រូវធ្វើ ដើម្បីស្ដាប់ឮព្រះសូរសៀងទ្រង់ឲ្យបានកាន់តែច្បាស់ ហើយចៀសវាងពីចំណងនៃអំពើបាប ។
បន្ថែមពីលើព្រះបន្ទូលដែលថា ពិភពលោកស្ថិតនៅក្នុងសេចក្ដីងងឹត នោះព្រះអម្ចាស់បានមានព្រះបន្ទូលថា គំនិតរបស់សមាជិកសាសនាចក្រត្រូវបានធ្វើឲ្យងងឹត ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥៤–៥៦ដោយស្វែងរកមូលហេតុចំនួនពីរ ថាតើហេតុអ្វីបានជាគំនិតរបស់ពួកគេក្លាយជាងងឹតទៅវិញ ។
ការរាប់អ្វីមួយទុកជាគ្មានផលប្រយោជន៍ មានន័យថា ការមិនអើពើ ឬ ប្រព្រឹត្តចំពោះវាដោយព្រហើន ឬ ខ្វះការយកចិត្តទុកដាក់ ។ តើគំនិតរបស់បុគ្គលម្នាក់ អាចត្រូវបានងងឹតដោយការរាប់អ្វីដែលពិសិដ្ឋ ទុកជាគ្មានផលប្រយោជន៍ យ៉ាងដូចម្ដេច ? នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥៤ឃ្លា « អ្នកបានរាប់ការណ៍ទាំងឡាយ ដែលអ្នកបានទទួលមក ទុកជាគ្មានផលប្រយោជន៍វិញ » សំដៅជាពិសេសទៅលើ ពួកបរិសុទ្ធដែលមិនប្រព្រឹត្តតាមអ្វី ដែលមានចែងនៅក្នុងព្រះគម្ពីរមរមន និង ព្រះបញ្ញត្តិមុនៗ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥៧–៥៨ ដើម្បីស្វែងរកអ្វីដែលពួកបរិសុទ្ធ បានរាប់ទុកជាគ្មានផលប្រយោជន៍ និង អ្វីដែលពួកគេត្រូវធ្វើ ដើម្បីចៀសវាងពីការវាយ និង សេចក្ដីជំនុំជម្រះ ។ ( ពាក្យ ការវាយ នៅក្នុងខគម្ពីរទាំងនេះ សំដៅទៅលើទោសមកពីព្រះ ឬ ការកាត់ទោស ) ។
សូមកត់ចំណាំថា ពួកបរិសុទ្ធបានធ្វេសប្រហែសនឹងព្រះគម្ពីរមរមនក៏ដូចជា « ព្រះបញ្ញត្តិមុនៗ » ដែលព្រះអម្ចាស់បានប្រទានដល់ពួកគាត់ ។ អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖ « ព្រះបញ្ញត្តិមុនៗទាំងនេះច្បាស់ជាវិវរណៈមុនៗរបស់ព្រះអម្ចាស់ ដូចមានចែងនៅក្នុងព្រះគម្ពីរប៊ីប ( ព្រះគម្ពីរសញ្ញាចាស់ និង សញ្ញាថ្មី ) និង វិវរណៈសម័យថ្មីទាំងឡាយ ដែលត្រូវបានប្រទានដល់ពួកបរិសុទ្ធ ( សូមមើល History of the Church,១:៣១៨ ទំព័រ ៣២០ ) » ( Another Testament of Jesus Christ » Ensign ខែ មិនា ឆ្នាំ ១៩៩៤ ទំព័រ ៦៣ ) ។
ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥៧–៥៨យើងរៀនគោលការណ៍ដូចតទៅនេះ ៖ បើយើងរាប់ព្រះបន្ទូលព្រះទុកជាគ្មានផលប្រយោជន៍ នោះចិត្តរបស់យើងនឹងត្រូវបានធ្វើឲ្យងងឹត ហើយយើងនឹងត្រូវបានដាក់នៅក្រោមការដាក់ទោស ។
សូមអានសុន្ទរកថាខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« តើលទ្ធផលដ៏អស់កល្បជានិច្ច ស្ថិតនៅលើការប្រព្រឹត្តរបស់យើង ចំពោះ [ ព្រះគម្ពីរមរមន ] ដែរឬទេ ? ពិតមែនហើយ វានាំឲ្យមានពរជ័យផង និង ការដាក់ទោសផង ។
« ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូប គួរតែសិក្សាព្រះគម្ពីរនេះពេញមួយជីវិតខ្លួន ។ បើមិនដូច្នោះទេ ពួកគេកំពុងតែធ្វើឲ្យព្រលឹងខ្លួនធ្លាក់ក្នុងហានិភ័យ ហើយធ្វេសប្រហែសចំពោះការណ៍ ដែលអាចផ្តល់ភាពរួមគ្នាខាងវិញ្ញាណ និង បញ្ញាពេញមួយជីវិតពួកគេ ។ មានភាពខុសគ្នាមួយរវាងអ្នកប្រែចិត្តជឿ ដែលសង់គ្រឹះនៅលើសិលានៃព្រះគ្រីស្ទ តាមរយៈព្រះគម្ពីរមរមន ហើយកាន់ខ្ជាប់ដំបងដែកនោះ និង អ្នកដែលមិនបានធ្វើដូចនោះសោះ ( « The Book of Mormon Is the Word of God » Ensignខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៦៥ សូមមើលផងដែរ « The Book of Mormon Is the Word of God » Ensignខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។
« បើសិនជាមានពួកបរិសុទ្ធជំនាន់ដំបូង ត្រូវបានស្តីបន្ទោស ចំពោះការរាប់ព្រះគម្ពីរមរមនទុកជាគ្មានផលប្រយោជន៍នោះ តើយើងស្ថិតនៅក្រោមការដាក់ទោស តិចជាងពួកគេឬអី បើសិនជាយើងធ្វើដូចគ្នានោះដែរនោះ ?…
« …ចូរយើងកុំនៅក្រោមសេចក្តីដាក់ទោសឡើយ ជាមួយនឹងទុក្ខទោស និងការវិនិច្ឆ័យរបស់វា ដោយការមិនយកចិត្តទុកដាក់ចំពោះអំណោយទានដ៏មហិមានិងអស្ចារ្យ ដែលព្រះអម្ចាស់បានប្រទានដល់យើងនេះឡើយ ។ ផ្ទុយទៅវិញ ចូរយើងបំពេញការសន្យា ដែលបានភ្ជាប់មកជាមួយនឹងការរក្សាការសន្យានោះទុកនៅក្នុងដួងចិត្តរបស់យើង » ( « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤–៥, ៧ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកនឹងប្រាប់អំពីការប្រព្រឹត្តរបស់អ្នក ចំពោះព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ?
-
តើអ្នកអាចធ្វើអ្វី ដើម្បីធ្វើឲ្យការសិក្សាព្រះគម្ពីររបស់អ្នក ប្រព្រឹត្តទៅពេញមួយជីវិតបាន ?
-
តើអ្នកនឹងធ្វើអ្វី ដើម្បីសិក្សាព្រះគម្ពីរឲ្យកាន់តែមានភាពឧស្សាហ៍ព្យាយាម ហើយរស់នៅតាមសេចក្ដីពិតទាំងឡាយ ដែលអ្នករៀនចេញពីព្រះគម្ពីរនោះ ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦២-១២០
ព្រះអម្ចាស់ប្រទានសេចក្ដីណែនាំទៅដល់អ្នកទាំងឡាយ ដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អរបស់ទ្រង់
សូមគិតអំពីមនុស្សរាប់កោដិនាក់ ដែលរស់នៅលើផែនដីនេះ ។ មនុស្សម្នាក់ៗត្រូវការមានឱកាស ដើម្បីរៀនអំពីដំណឹងល្អ ។ ទោះជាយ៉ាងណាក៏ដោយ វាមិនអាចសម្រេចបាននោះទេ ដែលគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ត្រូវទទួលទទួលបន្ទុកប្រកាសដំណឹងល្អទៅកាន់អស់ទាំងជាតិសាសន៍ ដើម្បីបង្រៀនមនុស្សគ្រប់គ្នានោះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦២ដោយស្វែងរកការដឹកនាំ ដែលព្រះអម្ចាស់បានប្រទានដល់អ្នក ដែលមានការទទួលខុសត្រូវ ក្នុងការប្រកាសដំណឹងល្អ ។
សូមកត់ចំណាំថា ដោយសារតែថ្នាក់ដឹកនាំសាសនាចក្រ ពុំអាចទៅគ្រប់ទីកន្លែងដើម្បីប្រកាសដំណឹងល្អបាន នោះពួកលោកត្រូវបញ្ជូនមនុស្សដទៃទៀតឲ្យជួយដល់ពួកលោក ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦២ អាចជួយយើងឲ្យយល់ថា ពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ មានការទទួលខុសត្រូវក្នុងការនាំដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ ៖
« បទគម្ពីរបានថ្លែងយ៉ាងច្បាស់ថា សមាជិកនៃសាសនាចក្រទាំងអស់ មានការទទួលខុសត្រូវដើម្បីធ្វើកិច្ចការផ្សព្វផ្សាយសាសនា ៖ ‹ វាតម្រូវឲ្យមនុស្សម្នាក់ៗណាដែលបានព្រមាន នោះត្រូវព្រមានអ្នកជិតខាងរបស់ខ្លួន › ។ ( គ. និង ស. ៨៨:៨១ ) ។
« ពួកព្យាការីក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ក៏បានបង្រៀនយ៉ាងច្បាស់អំពីបរិបទដែលថា ការងារផ្សព្វផ្សាយសាសនាគឺជាការទទួលខុសត្រូវរបស់សមាជិកទាំងអស់ដែរ ។ ប្រធាន ដេវីឌ អូ មិកឃេ បានបង្រៀនអំពីគោលការណ៍នេះ ដោយមានប្រសាសន៍អញ្ជើញថា ‹ សមាជិកគ្រប់រូបគឺជាអ្នកផ្សព្វផ្សាយសាសនា ! › ( សូមមើល របាយការណ៍សន្និសីទ ខែ មេសា ឆ្នាំ ១៩៥៩ ទំព័រ ១២២ ) » (« It Becometh Every Man, » Ensign, ខែ តុលា ឆ្នាំ ១៩៧៧,ទំព័រ ៣ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦៤–៧៥រួចពិចារណាអំពីមូលហេតុដែលវាមានសារៈសំខាន់ ដែលដំណឹងល្អត្រូវតែបានប្រកាសទៅកាន់ពិភពលោកទាំងមូល ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ យោងតាមអ្វីដែលអ្នកបានអាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦៤–៧៥តើអ្នកនឹងសង្ខេបអំពីសារៈសំខាន់នៃការបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដល់មនុស្សដទៃយ៉ាងដូចម្ដេច ? បន្ទាប់មក សូមបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ ខ្ញុំនឹងបំពេញការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងការចែកចាយដំណឹងល្អដោយ …
នៅក្នុងតារាងដូចតទៅនេះ សូមគូសបន្ទាត់ពីក្រោមការភ័យខ្លាចទាំងឡាយ ដែលអាចបណ្ដាលឲ្យអ្នកស្ទាក់ស្ទើរក្នុងការបម្រើព្រះអម្ចាស់ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ៖ ភ័យខ្លាចក្នុងការចាកចេញពីផ្ទះ ក្រុមគ្រួសារ និង មិត្តភក្ដិ ភ័យខ្លាចក្នុងការបាត់បង់ឱកាសអប់រំ និង ការងារ ភ័យខ្លាចថាមិនមានលទ្ធភាពបង់ប្រាក់បម្រើបេសកកម្ម ភ័យខ្លាចក្នុងការថ្លែងទៅកាន់មនុស្សទូទៅអំពីដំណឹងល្អ និង ភ័យខ្លាចក្នុងការរៀនភាសាថ្មី ។
ព្រះអម្ចាស់អះអាងជាថ្មីទៀតដល់អ្នក ដែលស្ទាក់ស្ទើរ ឬ ភ័យខ្លាចក្នុងការបម្រើទ្រង់ ជាអ្នកផ្សព្វផ្សាយសាសនា ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨០, ៨៥, ៨៧–៨៨ដោយស្វែងរកការទទួលខុសត្រូវ និង ពរជ័យនៃការងារផ្សព្វផ្សាយសាសនា ។ សូមបំពេញនៅក្នុងតារាង នូវអ្វីដែលអ្នករកឃើញ ៖
ការទទួលខុសត្រូវនៃការងារផ្សព្វផ្សាយសាសនា |
ពរជ័យនៃការងារផ្សព្វផ្សាយសាសនា |
---|---|
ខគម្ពីរទាំងឡាយដែលអ្នកបានសិក្សា បញ្ជាក់ថា នៅពេលយើងចែកចាយដំណឹងល្អ នោះព្រះអម្ចាស់នឹងគង់នៅជាមួយយើង នឹងការពារយើង ហើយនឹងពង្រឹងយើង ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់អំពីរបៀបដែលការសន្យាដែលបានមានព្រះបន្ទូលនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨០, ៨៥, ៨៨ អាចនឹងមានអានុភាពលើបំណងប្រាថ្នា និង សមត្ថភាពរបស់អ្នក ក្នុងការចែកចាយដំណឹងល្អ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៩–៩៧ព្រះអម្ចាស់បានអះអាងថា មនុស្សណាដែលទទួលអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ នោះពួកគេក៏ទទួលទ្រង់ដែរ ហើយក៏នឹងមានពរ ។ ទ្រង់ក៏បានបង្រៀនផងដែរថា មនុស្សណាដែលមិនទទួលពួកអ្នកបម្រើទ្រង់ ថែមទាំងព្រះបន្ទូលទ្រង់នោះ នឹងបាត់បង់ពរជ័យ ហើយត្រូវបណ្ដាសា ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៩៨-១០២ ។ ខគម្ពីរទាំងនេះមាននូវទំនុកបទចម្រៀងនៃសេចក្ដីអំណរ និង ទំនុកសរសើរតម្កើង ដែលទាក់ទងទៅនឹងការប្រោសលោះនៃទីក្រុង ស៊ីយ៉ូន ។ ការប្រោសលោះនៃទីក្រុង ស៊ីយ៉ូន សំដៅទៅលើស្ថានភាព ដែលរាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នឹងរីករាយ នៅពេលពួកគេជ្រើសរើសមករកទ្រង់ ហើយទទួលពិធីបរិសុទ្ធទាំងអស់ និង ពរជ័យទាំងឡាយនៃដំណឹងល្អ ។
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់ហៅអ្នកផ្សព្វផ្សាយសាសនាឲ្យបម្រើជាដៃគូ ?
សូមគិតអំពីការហៅដទៃទៀតនៅក្នុងសាសនាចក្រ ដែលសមាជិកសាសនាចក្របម្រើជាមួយមនុស្សម្នាក់ ឬ មនុស្សច្រើននាក់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១០៦, ១០៩–១០រួចស្វែងរកការណ៍ដែលព្រះអម្ចាស់បានណែនាំឲ្យសមាជិកសាសនាចក្រធ្វើ ដើម្បីពង្រឹងគ្នាទៅវិញទៅមក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១០៦ បង្រៀនថា អ្នកដែលមានកម្លាំងខ្លាំងក្នុងវិញ្ញាណ ត្រូវស្អាងអ្នកដែលទន់ខ្សោយឡើង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនៅពេលណា ដែលអ្នកធ្លាប់ត្រូវបានស្អាងឡើងដោយការធ្វើការជាមួយនរណាម្នាក់ ដែលមានកម្លាំងខ្លាំងក្នុងវិញ្ញាណ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកវិធីលើកទឹកចិត្ត ហើយពង្រឹងមនុស្សទូទៅបាន ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣-១២០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖