មេរៀនទី ១៩ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩
សេចក្តីផ្តើម
នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៨៣៣ ដើម្បីឆ្លើយតបទៅនឹងការទូលសួររបស់ ព្យាការី យ៉ូសែប ស៊្មីធ អំពីការប្រើប្រាស់ថ្នាំជក់របស់ពួកបងប្អូនប្រុសនៅក្នុងការប្រជុំទាំងឡាយរបស់ពួកគាត់ នោះព្រះអម្ចាស់បានប្រទានវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ ដែលត្រូវបានស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ នៅក្នុងវិវរណៈនោះ ព្រះអម្ចាស់បានព្រមានទាស់នឹងការប្រើប្រាស់សារធាតុដែលបណ្ដាលឲ្យអន្តរាយ ហើយបានលើកទឹកចិត្តឲ្យទទួលទានអាហារដែលនាំឲ្យមានសុខភាពល្អវិញ ។ ព្រះអម្ចាស់ក៏បានសន្យាដែរថា មនុស្សទាំងឡាយដែលធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ នឹងមានពរទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១-៣
យ៉ូសែប ស៊្មីធ បង្ហាញវិវរណៈ ដែលត្រូវបានស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
តើអ្នកធ្លាប់ពន្យល់ប្រាប់នរណាម្នាក់ អំពីមូលហេតុដែលអ្នកមិនទទួលទានគ្រឿងស្រវឹង តែ ឬ កាហ្វេ ឬ ប្រើប្រាស់ថ្នាំជក់ដែរឬទេ ? បើអ្នកធ្លាប់ តើអ្នកចងចាំអំពីអ្វីដែលអ្នកបានថ្លែង និង ប្រតិកម្មរបស់បុគ្គលនោះដែរឬទេ ? មេរៀននេះនឹងជួយអ្នកយល់កាន់តែច្បាស់ អំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ហើយត្រៀមខ្លួនដើម្បីពន្យល់វាទៅកាន់មនុស្សទូទៅ ។
នារដូវរងាឆ្នាំ ១៨៣៣ ពួកបងប្អូនប្រុសបព្វជិតភាពប្រមាណជា ២០ នាក់ បានចាប់ផ្ដើមប្រជុំគ្នានៅបន្ទប់ខាងលើនៃផ្សាររបស់ នូវល ខេ វិតនី នៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ដើម្បីចូលរួមសាលានៃពួកព្យាការី ។ « នៅក្នុងការប្រជុំនៃសាលានោះ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៨៣៣ ព្យាការីបានទទួលវិវរណៈដ៏សំខាន់មួយ ។ នៅជំនាន់ដំបូងនៃសាសនាចក្រ ការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ កាហ្វេ និង តែ គឺជារឿងធម្មតានៅក្នុងសហគមន៍ និង ចំណោមសមាជិកសាសនាចក្រ ។ នៅពេលព្យាការីបានឃើញពួកបងប្អូនប្រុស ប្រើប្រាស់ថ្នាំជក់នៅសាលា នោះលោកបានមានការព្រួយបារម្ភ ។ ព្រិកហាំ យ៉ង់ នៅចាំដូច្នេះ ៖ ‹ នៅពេលពួកគាត់ប្រជុំគ្នានៅក្នុងបន្ទប់នេះបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹក [ កិច្ចការ ] ដំបូងដែលពួកគាត់ធ្វើ គឺអុជខ្សៀរបស់ពួកគាត់ ហើយកាលកំពុងតែជក់ នោះពួកគាត់ជជែកគ្នាអំពីកិច្ចការដ៏មហិមានៃនគរ ។… ជារឿយៗ នៅពេលព្យាការីចូលទៅក្នុងបន្ទប់ដើម្បីបង្រៀន នោះលោកបានឃើញថា ខ្លួនលោកហ៊ំព័ទ្ធទៅដោយផ្សែងបារី ។ ការណ៍នេះបូករួមទាំងការត្អូញត្អែរពីសំណាក់ភរិយារបស់លោកអំពីការសម្អាតកម្រាលឥដ្ឋដ៏កខ្វក់ [ មកពីការទំពារថ្នាំជក់ ] ផងនោះ បានធ្វើឲ្យព្យាការីពិចារណាលើបញ្ហានេះ ហើយលោកបានទូលសួរព្រះអម្ចាស់ទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំជក់របស់ពួកបងប្អូនប្រុស ហើយវិវរណៈនេះត្រូវបានស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ដែលបានមកពីការទូលសួរនោះ › » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៣) ។
សូមអានសេចក្ដី ណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ដោយស្វែងរកអ្វីដែលព្យាការី យ៉ូសែប ស៊្មីធ បានធ្វើក្នុងការឆ្លើយតបទៅកាន់ពួកបងប្អូនប្រុសអំពីការប្រើប្រាស់ថ្នាំជក់របស់ពួកគាត់ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១–៣ដោយស្វែងរកពាក្យ និង ឃ្លា ដែលពិពណ៌នាអំពីគោលបំណងរបស់ព្រះអម្ចាស់ក្នុងការប្រទានវិវរណៈនេះ ។
អ្នកអាចនឹងរកឃើញថា គោលបំណងមួយនៃវិវរណៈនេះ ទាក់ទងនឹងការសង្គ្រោះខាងសាច់ឈាមរបស់យើង ។ ការសង្គ្រោះខាងសាច់ឈាម ត្រូវអនុវត្តជាមួយនឹងសុខុមាលភាពខាងរូបកាយរបស់យើង ។
សូមកត់ចំណាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:២ ថា ដំបូងឡើយ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ពុំត្រូវបានប្រទានមកជាព្រះបញ្ញត្តិនៅឡើយទេ ។ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានពន្យល់ ៖ « នៅគ្រានោះ …បើ [ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ] ត្រូបានប្រទានជាព្រះបញ្ញត្តិ នោះវានឹងនាំឲ្យមនុស្ស ដែលញៀនក្នុងការប្រើប្រាស់សារធាតុពុលទាំងឡាយ ឲ្យធ្លាក់នៅក្រោមការកាត់ទោស ដូច្នេះ ព្រះអម្ចាស់បានមានសេចក្ដីមេត្តាករុណា ហើយប្រទានឱកាសឲ្យពួកគេយកឈ្នះជាមុនសិន ពីមុនទ្រង់ដាក់ឲ្យពួកគេស្ថិតនៅក្រោមច្បាប់ » ( នៅក្នុង របាយការណ៍សន្និសីទ ខែ តុលា ឆ្នាំ ១៩១៣ ទំព័រ ១៤ ) ។
ដោយសារតែហេតុនេះហើយ ទើបយើងគួរតែប្រុងប្រយ័ត្នកុំវិនិច្ឆ័យថ្នាក់ដឹកនាំសាសនាចក្រជំនាន់ដំបូងមួយចំនួន ដែលបន្ទាប់ពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃត្រូវបានបើកសម្ដែងហើយ នៅតែប្រើប្រាស់សារធាតុដែលត្រូវបានហាមឃាត់នាពេលសព្វថ្ងៃនេះ ។ ពេញមួយប្រវត្តិសាសនាចក្រជំនាន់ដំបូង ថ្នាក់ដឹកនាំបានអញ្ជើញពួកបរិសុទ្ធឲ្យរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃឲ្យបានកាន់តែពេញលេញ ។ នៅសន្និសីទទូទៅនាសរទរដូវឆ្នាំ ១៨៥១ ប្រធាន ព្រិកហាំ យ៉ង់ បានស្នើឲ្យពួកបរិសុទ្ធទាំងអស់ចុះសេចក្ដីសញ្ញាជាផ្លូវការ ដើម្បីចៀសវាងពីតែ កាហ្វេ ថ្នាំជក់ និង ស្រាវិស្គី ។ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ១៨៨២ ព្រះអម្ចាស់បានបើកសម្ដែងដល់ប្រធាន ចន ថេលើរ ថា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ត្រូវចាត់ទុកថាជាព្រះបញ្ញត្តិមួយ ។ ក្នុងឆ្នាំ ១៩១៩ គណៈប្រធានទីមួយនៅក្រោមការដឹកនាំរបស់ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បានដាក់ការគោរពប្រតិបត្តិពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ជាតម្រូវការដើម្បីទទួលបានបណ្ណ័ចូលព្រះវិហារបរិសុទ្ធ ។ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃបន្តធ្វើជាព្រះបញ្ញត្តិដ៏មានសារៈសំខាន់នាពេលសព្វថ្ងៃនេះ ហើយការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិនេះ គឺជាលក្ខខណ្ឌដែលតម្រូវឲ្យមានពីមុនពិធីបុណ្យជ្រមុជទឹក ការចូលរួមព្រះវិហារបរិសុទ្ធ កិច្ចការផ្សព្វផ្សាយសាសនា និង កិច្ចការដ៏សក្ដិសមផ្សេងៗទៀតនៅក្នុងសាសនាចក្រ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរឃ្លា គោលការណ៍ដោយសេចក្ដីសន្យា ( ចេញពី គ. និង ស. ៨៩:៣ ) ដូចបានបង្ហាញខាងក្រោមនេះ ។ សូមទុកចន្លោះខ្លះ ដើម្បីសរសេរគោលការណ៍ និង សេចក្ដីសន្យានៃវិវរណៈនេះ នៅពីក្រោមពាក្យទាំងពីរនៃឃ្លានេះ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លានេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
គោលការណ៍
ដោយសេចក្ដីសន្យា
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៤-៩
ព្រះអម្ចាស់ព្រមានពួកបរិសុទ្ធកុំឲ្យប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ តែ ឬ កាហ្វេ
តើអ្នកធ្លាប់ស្ទូចត្រីកាលពីមុនដែរឬទេ ?
តើអ្នកស្ទូចត្រីព្យាយាម បញ្ឆោតត្រីឲ្យស៊ីសន្ទូចតាមរបៀបណាខ្លះ ?
តើហេតុអ្វីបានជាមនុស្សមួយចំនួនព្យាយាម បញ្ចុះបញ្ចូលអ្នកឲ្យទទួលទានសារធាតុដែលព្រះអម្ចាស់បានហាមឃាត់ ? តើពួកគេប្រើនុយ ឬ វិធីសាស្ត្រអ្វីខ្លះ ដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នក និង មនុស្សទូទៅឲ្យប្រើប្រាស់សារធាតុទាំងនោះ ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៤ដោយស្វែងរកថាតើនរណា ដែលព្រះអម្ចាស់បានព្រមានថា នឹងប៉ុនប៉ងបញ្ឆោតពួកបរិសុទ្ធនៅថ្ងៃចុងក្រោយ ។
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នៅក្រោមចំណងជើង « គោលការណ៍ » ៖ ព្រោះតែអំពើអាក្រក់ទាំងឡាយនៃមនុស្សដែលរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតនៅថ្ងៃចុងក្រោយ នោះព្រះអម្ចាស់ព្រមានយើងមិនឲ្យប្រើប្រាស់សារធាតុអន្តរាយនានា ។
សេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជួយយើងឲ្យយល់ថា អំពើអាក្រក់មួយ និង មនុស្សដែលរួមគំនិតប្រព្រឹត្តអំពើទុច្ចរិត គឺទទួលបានផលប្រយោជន៍ដោយការជួញដូរសារធាតុញៀនដល់មនុស្សដទៃ ៖
« ព្រះអម្ចាស់បានទតឃើញជាមុននូវ ស្ថានភាពនាពេលសព្វថ្ងៃនេះ នៅពេលមនុស្សមានចិត្តចង់បានប្រាក់ នោះបានបណ្ដាលឲ្យមនុស្សរួមគំនិត ទាក់ទាញមនុស្សដទៃឲ្យសេពសារធាតុពុលទៅក្នុងរូបកាយរបស់ពួកគេ ។ ការផ្សាយពាណិជ្ជកម្មដែលផ្សព្វផ្សាយអំពីស្រាបៀរ ស្រាទំពាំងបាយជូរ គ្រឿងស្រវឹងនានា កាហ្វេ ថ្នាំជក់ និង សារធាតុអន្តរាយដទៃៗទៀត គឺជាគំរូនៃទង្វើដែលព្រះអម្ចាស់បានទតឃើញទុកជាមុន ។ ប៉ុន្តែ គំរូដ៏ប្រកបទៅដោយគ្រោះថ្នាក់បំផុតនៃការរួមគំនិតដ៏អាក្រក់នោះ នៅក្នុងជំនាន់របស់យើងនេះ គឺជាអ្នកដែលជំរុញចិត្តឲ្យពួកយុវវ័យធ្លាក់ចូលទៅក្នុងការប្រើប្រាស់គ្រឿងញៀន ។
« ឱបងប្អូនប្រុសស្រីវ័យក្មេងរបស់ខ្ញុំអើយ យើងសូមព្រមានដល់បងប្អូនដោយសេចក្ដីស្រឡាញ់ទាំងស្រុងថា សាតាំង និង ពួកពលបរិវាររបស់វា នឹងស្រវាស្រទេញក្នុងការជំរុញចិត្តអ្នកឲ្យប្រើប្រាស់សារធាតុពុលនានា ព្រោះពួកវាដឹងយ៉ាងប្រាកដថា បើអ្នកសេពសារធាតុទាំងនោះ អំណាចខាងវិញ្ញាណរបស់អ្នកនឹងចុះខ្សោយ ហើយអ្នកនឹងធ្លាក់ទៅក្នុងអំណាចរបស់អារក្ស ។ ចូរនៅឲ្យឆ្ងាយពីកន្លែង និងមនុស្សទាំងនោះ ដែលនឹងជះឥទ្ធិពលដល់អ្នកឲ្យល្មើសនឹងបទបញ្ញត្តិរបស់ព្រះ ។ ចូររក្សាបទបញ្ញត្តិនៃព្រះ ហើយអ្នកនឹងមានប្រាជ្ញាដើម្បីដឹង ហើយអាចញែកដឹងថា វាអាក្រក់ » (« A Principle with a Promise » Ensignខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៥៤-៥៥ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៥-៩ដោយស្វែងរកថាតើសារធាតុអ្វី ដែលព្រះអម្ចាស់បានព្រមានដល់ពួកបរិសុទ្ធ មិនឲ្យទទួលទានចូលទៅក្នុងរូបកាយរបស់ពួកគេ ។ សូមគិតពីការគូសចំណាំអ្វីដែលអ្នករកឃើញ ។ ( ថ្នាក់ដឹកនាំសាសនាចក្រ បានថ្លែងថា វាក្យសព្ទ « ភេសជ្ជៈក្ដៅ » សំដៅទៅលើតែ និង កាហ្វេ ) ។ តើសារធាតុទាំងឡាយនៅក្នុង ខទី ៥–៩ មានសភាពអន្តរាយយ៉ាងដូចម្ដេច ?
សូមកត់ចំណាំថា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៧–៨ ថ្លែងថា គ្រឿងស្រវឹង និង ថ្នាំជក់ ផ្ដល់ការប្រើប្រាស់ត្រឹមត្រូវផង និង មិនត្រឹមត្រូវផង ។ សព្វថ្ងៃនេះ មានសារធាតុផ្សេងៗទៀត ដែលអាចត្រូវបានប្រើប្រាស់ដោយខុសឆ្គង ដូច្នេះ វាបានក្លាយទៅជាសារធាតុអន្តរាយ និង ញៀន ។ ថ្នាក់ដឹកនាំសាសនាចក្របានព្រមានទាស់នឹងការប្រើប្រាស់នៃ « ភេសជ្ជៈ គ្រឿងញៀន សារធាតុគីមី ឬ សកម្មភាពដ៏គ្រោះថ្នាក់ ដែលត្រូវបានប្រើ ដើម្បីបង្កើតឱ្យមាន ‹ អារម្មណ៍រវើរវាយ › ឬ ឥទ្ធិពលបន្លំអារម្មណ៍ផ្សេងទៀត ដែលអាចបង្កឲ្យអន្តរាយដល់រូបកាយ ឬ គំនិតរបស់អ្នក ។ សារធាតុទាំងនេះមួយចំនួនរួមមាន កញ្ឆា ឱសថកម្រិតខ្លាំង វេជ្ជបញ្ជា ឱសថជាវដោយគ្មានវេជ្ជបញ្ជា និង សារធាតុគីមីដែលប្រើនៅតាមផ្ទះ » (ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២៦ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការញៀនមានសភាពដូចគ្នាទៅនឹងផ្លែសន្ទូច ដែលមនុស្សប្រើដើម្បីស្ទូចត្រីយ៉ាងដូចម្ដេច ?
-
តើហេតុអ្វីបានជាការញៀន បំផ្លាញភាពរីកចម្រើនដ៏អស់កល្បរបស់យើង ?
-
តើការព្រមានឲ្យចៀសវាងពីសារធាតុញៀន និង អន្តរាយ បានប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
អ្នកនឹងមានពរ ប្រសិនបើអ្នកសម្រេចចិត្តនាពេលឥឡូវនេះ ថានឹងមិនទទួលទានសារធាតុដែលផ្ទុយទៅនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១០-១៧
ព្រះលើកទឹកចិត្តឲ្យយើងប្រើប្រាស់ រុក្ខជាតិ ផ្លែឈើ សាច់ និង ធញ្ញជាតិ
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១០-១៧ដោយស្វែងរកអាហារ ដែលព្រះអម្ចាស់បានលើកទឹកចិត្តយើងឲ្យទទួលទាន ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។ យោងតាម ខទី ១១តើយើងគួរមានឥរិយាបថបែបណា នៅពេលយើងទទួលទានអាហារដែលផ្ដល់សុខភាពល្អទាំងនេះ ?
វាអាចនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការដឹងថា « ដោយការប្រុងប្រយ័ត្ន » មានន័យថា ដោយឈ្លាសវៃ និង យកចិត្តទុកដាក់ ។ របបអាហារលើសកម្រិត ឬ គ្មានតុល្យភាព ទោះជាអាហារល្អយ៉ាងណាក្ដី អាចជាអាហារដែលពុំនាំឲ្យមានសុខភាពល្អនោះទេ ។
-
សូមសរសេរអំពីអាហារដែលនាំឲ្យមានសុខភាពល្អ នៅក្រោមចំណងជើង « គោលការណ៍ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
គំរូមួយនៃការប្រើប្រាស់អាហារដោយប្រុងប្រយ័ត្ន អាចឃើញមាននៅក្នុងសេចក្ដីណែនាំ ដែលព្រះអម្ចាស់បានប្រទានឲ្យអំពីសាច់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១២–១៣ ។ ពាក្យ ដោយសំចៃ ណែនាំថា សាច់ត្រូវប្រើប្រាស់តាមរបៀបដែលមិនខ្ជះខ្ជាយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨-២១
ព្រះអម្ចាស់សន្យាថានឹងប្រទានសុខភាពល្អ ប្រាជ្ញា និង ការការពារដល់អ្នកដែលគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
សូមសរសេរគោលការណ៍ខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នៅក្រោមចំណងជើង « សេចក្ដីសន្យា » ៖ បើយើងធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ នោះព្រះអម្ចាស់នឹងប្រទានពរឲ្យយើងដោយនូវ …
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨–១៩រួចស្វែងរកពរជ័យមួយចំនួន ដែលអ្នកអាចទទួលបានចំពោះការគោរពប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
-
សូមប្រើអ្វីដែលអ្នកបានរៀនចេញពី ខទី ១៨–១៩ ដើម្បីបញ្ចប់ប្រយោគដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ ( សូមទុកចន្លោះដើម្បីសរសេរចូលទៅក្នុង ប្រយោគនេះនៅពេលក្រោយ ) ។ បន្ទាប់មក សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ អាចជួយយើងឲ្យទទួលបានប្រាជ្ញា និង ចំណេះដឹងបានតាមរបៀបណា ?
ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីគោលបំណងចម្បងមួយនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ៖
« ខ្ញុំបានដឹង … ថា គោលបំណងចម្បងនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ត្រូវកើតឡើងជាមួយនឹងវិវរណៈ ។…
« បើមនុស្សម្នាក់ ‹ នៅក្រោមឥទ្ធិពលនេះ › ស្ទើរតែមិនអាចស្ដាប់ការនិយាយធម្មតាផង តើពួកគេអាចឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណ ដែលធ្វើឲ្យអារម្មណ៍ដ៏ទន់ភ្លន់បំផុតរបស់គេរំជួលដោយរបៀបណា ?
« ‹ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ មានតម្លៃដូចជាក្រឹត្យវិន័យនៃសុខភាពដែរ វាអាចមានតម្លៃសម្រាប់វិញ្ញាណអ្នក ជាងសម្រាប់រាងកាយអ្នកទៅទៀត › (“Prayers and Answers,” Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ទំព័រ ២០ ) ។
សូមគិតអំពីរបៀបដែលការគោរពប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ បាននាំឲ្យអ្នករីករាយនឹងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបង្ហាញប្រាជ្ញា និង ចំណេះដឹងទៅដល់អ្នកដែលស្មោះត្រង់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:២០-២១ដោយស្វែងរកពរជ័យបន្ថែម ដែលកើតឡើងពីការធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨-២១ គឺជាវគ្គចំណេះចំណានខគម្ពីរ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយ ដែលជួយអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
-
ចេញពីអ្វីដែលអ្នកបានរៀនពីខគម្ពីរទាំងនេះ សូមសរសេរចូលទៅក្នុងប្រយោគដែលនៅក្រោមចំណងជើង « សេចក្ដីសន្យា » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ ( សូមមើល លេខយោង ២១ក ដើម្បីជួយអ្នកយល់ឃ្លា « ទេវតាដែលបំផ្លាញនឹងបង្ហួសពួកគេ » ។ សេចក្ដីសន្យានៃការថែរក្សាពីស្ថានសួគ៌នេះ អាចសំដៅទៅលើសុវត្ថិភាពខាងសាច់ឈាមផង និង ខាងវិញ្ញាណផង ) ។ បន្ទាប់មក សូមសរសេរចម្លើយចំពោះសំណួរដូចតទៅនេះ ៖ តើនៅពេលណាខ្លះ ដែលសេចក្ដីសន្យាដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨–២១ ត្រូវបានបំពេញនៅក្នុងជីវិតរបស់អ្នក ឬ ជីវិតរបស់មនុស្សដែលអ្នកស្គាល់ ?
សូមពិចារណាអំពីការដាក់គោលដៅ ដើម្បីរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃឲ្យបានកាន់តែប្រសើរ ។
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១៨-២១
-
សូមចម្លងចំណងជើង និង ខគម្ពីរយោងដែលមានរាយនៅខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
សុខភាព
ប្រាជ្ញា
កម្លាំង
ការការពារ ។
សូមជ្រើសរើសខគម្ពីរមួយចំណោមខគម្ពីរទាំងនេះ ហើយព្យាយាមទន្ទេញវាបីបួននាទី ។ រង់ចាំមើលថាតើ អ្នកអាចសូត្រខគម្ពីរនេះឲ្យសមាជិកគ្រួសារ ឬ មិត្តភក្ដិម្នាក់ស្ដាប់ដែរឬទេ ។ ដើម្បីទន្ទេញវគ្គបទគម្ពីរទាំងមូលឲ្យចាំ អ្នកអាចនឹងចង់ជ្រើសរើសខគម្ពីរដទៃទៀត ហើយកំណត់ពេលវេលាមួយដើម្បីព្យាយាមទន្ទេញខគម្ពីរទាំងនោះនៅថ្ងៃក្រោយ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖