មេរៀនទី ៤ ៖ ថ្ងៃទី ៣
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៥ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣
សេចក្ដីផ្ដើម
ខណៈកំពុងបកប្រែចំណែកនៃផ្ទាំងចំណារមរមនអំពីការបម្រើនៅក្នុងចំណោមពួកសាសន៍នីហ្វៃរបស់ព្រះយេស៊ូវគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ( នីហ្វៃទី៣ ១១–២៨ ) ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានមានចម្ងល់អំពីពិធីបុណ្យជ្រមុជទឹក ។ ពួកលោកបានចូលទៅក្នុងព្រៃក្បែរកសិដ្ឋានរបស់យ៉ូសែបនៅ ភូមិហារម៉ូនី រដ្ឋផែនសិលវេញ៉ា ដើម្បីទូលសួរដល់ព្រះអម្ចាស់អំពីបញ្ហាដ៏សំខាន់នេះ ។ កាលកំពុងអធិស្ឋាននោះ ទេវតាមួយអង្គបានបង្ហាញព្រះកាយឲ្យពួកលោកឃើញ ។ ទ្រង់បានប្រទានបព្វជិតភាពអើរ៉ុនដល់ពួកលោក ហើយបានណែនាំឲ្យពួកលោកធ្វើបុណ្យជ្រមុជទឹកឲ្យគ្នាទៅវិញទៅមកនៅក្នុងទន្លេ សុសគ្វីហាណា ដែលនៅក្បែរនោះ ។ ក្រោយពី យ៉ូសែប និង អូលីវើរ បានធ្វើបុណ្យជ្រមុជទឹកហើយនោះ ទេវតាបានណែនាំដល់ពួកលោកឲ្យតែងតាំងបព្វជិតភាពអើរ៉ុនដល់គ្នាទៅវិញទៅមក ។ យ៉ូសែប បានដាក់ដៃលើអូលីវើរមុន ហើយបានតែងតាំងគាត់នូវបព្វជិតភាពអើរ៉ុន ហើយក្រោយមកអូលីវើរ បានធ្វើដូចគ្នានោះចំពោះយ៉ូសែបដែរ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣
យ៉ូហាន បាទីស្ទ ប្រទានបព្វជិតភាពអើរ៉ុនដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី
-
ដោយមិនចាំបាច់មើលក្នុងព្រះគម្ពីររបស់អ្នក សូមឆ្លើយនឹងសំណួរខាងក្រោមនេះដាក់ទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកតាមដែលអ្នកអាចធ្វើទៅបាន ៖
-
តើបព្វជិតភាពអើរ៉ុនត្រូវបានស្ដារឡើងវិញនៅថ្ងៃខែឆ្នាំណា ?
-
តើទេវតាដែលបានស្ដារបព្វជិតភាពអើរ៉ុនឡើងវិញដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី មានព្រះនាមអ្វី ?
-
តើទេវតាបានធ្វើដូចម្ដេចដើម្បីប្រទានបព្វជិតភាពអើរ៉ុនដល់យ៉ូសែប និង អូលីវើរ ?
-
តើទេវតាបានមានបន្ទូលប្រាប់ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ថាពួកលោកនឹងទទួលបានអ្វីទៀតបន្ទាប់ពីបព្វជិតភាពអើរ៉ុន ?
-
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ រួចត្រួតពិនិត្យចម្លើយរបស់អ្នក ។ អ្នកអាចនឹងសរសេរគោលលទ្ធិដូចតទៅនេះនៅក្បែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ៖ បព្វជិតភាពនេះត្រូវបានប្រទានដោយការដាក់ដៃលើក្បាល ។ តាមរបៀបនោះហើយដែល យ៉ូហាន បាទីស្ទ ដែលជាបុគ្គលដែលបានរស់ឡើងវិញនោះ បានប្រទានបព្វជិតភាពអើរ៉ុនដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
សូមត្រឡប់ទៅមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ដោយស្វែងរកអ្វីដែលយ៉ូសែប និង អូលីវើរ បានធ្វើដែលនាំឲ្យពួកលោកសូមសួរដល់ព្រះអម្ចាស់អំពីពិធីបុណ្យជ្រមុជទឹក ហើយទទួលបានការផ្ដាច់បាបរបស់ខ្លួន ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៩ មាននូវបន្ទូលរបស់ យ៉ូហាន បាទីស្ទ ទៅកាន់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
ការស្ដារបព្វជិតភាពអើរ៉ុនឡើងវិញមានសារៈសំខាន់បំផុតដែលពាក្យសម្ដីទាំងនេះក៏មានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី ១៣ ដែលជាវគ្គចំណេះចំណានខគម្ពីរ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ។
តើអ្វីជាមុខងារ និង គោលបំណងរបស់ទ្វារ ?
តើកូនសោមានទំនាក់ទំនងអ្វីទៅនឹងមុខងាររបស់ទ្វារ ?
ព្រះអម្ចាស់ប្រើប្រាស់កូនសោជានិមិត្តរូបតំណាងឲ្យសិទ្ធិអំណាចបព្វជិតភាពដែលចាក់សោឱកាស និង ពរជ័យដ៏នៅអស់កល្បជានិច្ច ។ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ ដោយស្វែងរកកូនសោទាំងឡាយដែលមានទំនាក់ទំនងជាមួយនឹងបព្វជិតភាពអើរ៉ុន ។ សូមពិរចារណាអំពីការគូសចំណាំកូនសោទាំងនេះដែលមានចែងនៅក្នុងព្រះគម្ពីររបស់អ្នកនៅពេលអ្នកស្វែងរកពួកវា ។
-
ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមបំពេញនៅក្នុងបញ្ជីខាងក្រោមដោយសរសេរអំពីកូនសោទាំងបីដែលបានលើកឡើងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ ៖
បព្វជិតភាពអើរ៉ុនកាន់កូនសោនៃ ៖
១)
២)
៣)
អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីកូនសោទាំងឡាយនៃបព្វជិតភាពអើរ៉ុន និង ពរជ័យដែលកូនសោបព្វជិតភាពទាំងនោះនាំឲ្យមានចំពោះសមាជិកសាសនាចក្រថា ៖
« តើបព្វជិតភាពអើរ៉ុនកាន់ ‹ កូនសោការបម្រើនៃពួកទេវតា › និង នៃ ‹ ដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក និងការផ្ដាច់បាប › មានន័យយ៉ាងណា ? អត្ថន័យ អាចត្រូវរកបាននៅក្នុងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងនៅក្នុងពិធីសាក្រាម៉ង់។ ពិធីបុណ្យជ្រមុជទឹក គឺសម្រាប់ការផ្ដាច់បាប ហើយពិធីសាក្រាម៉ង់ គឺរំឭកសេចក្ដីសញ្ញា និងពរជ័យទាំងឡាយនៃពិធីបុណ្យជ្រមុជទឹក ។ ទាំងពីរ គួរតែដើរឈានមុខដោយការប្រែចិត្ត ។…
« គ្មាន [យើង] ណាម្នាក់ បានរស់នៅដោយគ្មានអំពើបាបសោះ ចាប់តាំងពីពិធីបុណ្យជ្រមុជទឹក [ របស់យើង ] ទៅនោះទេ ។ បើគ្មានការផ្ដល់នូវការលាងសម្អាតបន្ថែមខ្លះៗ ក្រោយពីពិធីបុណ្យជ្រមុជទឹកយើងទេ នោះយើងម្នាក់ៗនឹងត្រូវវង្វេងនូវរឿងខាងវិញ្ញាណមិនខាន ។…
« យើងត្រូវបានបញ្ជាឲ្យប្រែចិត្តពីអំពើបាបរបស់យើង ហើយមករកព្រះអម្ចាស់ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយទទួលទានសាក្រាម៉ង់ដោយការគោរពតាមសេចក្ដីសញ្ញានានានៃពិធីសាក្រាម៉ង់ ។ នៅពេលយើងរំឭកពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើងតាមវិធីនេះ នោះព្រះអម្ចាស់នឹងរំឭកឥទ្ធិពលនៃការលាងសម្អាតនៃពិធីបុណ្យជ្រមុជទឹករបស់យើង ។…
« យើងពុំអាចថ្លែងបំផ្លើសពីសារៈសំខាន់នៃបព្វជិតភាពអើរ៉ុនក្នុងនេះនោះទេ។ ជំហានសំខាន់ៗទាំងអស់នេះ មាននូវការផ្ដាច់បាប ដែលត្រូវធ្វើឡើងតាមរយៈពិធីបរិសុទ្ធនៃការសង្គ្រោះនៃពិធីបុណ្យជ្រមុជទឹក និងការរំឭកពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់។ ពិធីបរិសុទ្ធទាំងពីរនេះ គឺត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពអើរ៉ុន ក្រោមការដឹកនាំរបស់គណៈប៊ីស្សព ដែលអនុវត្តកូនសោនៃដំណឹងល្អនៃការប្រែចិត្ត និងនៃពិធីបុណ្យជ្រមុជទឹក និងសម្រាប់ការផ្ដាច់បាប » (« The Aaronic Priesthood and the Sacrament, » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨, ទំព័រ ៣៧-៣៨ ) ។
សូមពិចារណាអំពីរបៀប ដែលកូនសោទាំងឡាយនៃបព្វជិតភាពអើរ៉ុនអាចជួយយើងឲ្យទទួលបានពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ យោងតាមអែលឌើរ អូក តើនរណាដែលជាអ្នកត្រួតត្រាលើកូនសោអំពីដំណឹងល្អនៃការប្រែចិត្ត និង ពិធីបុណជ្រមុជទឹកនៅក្នុងវួដនីមួយ ?
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានពន្យល់ពីកូនសោអំពីការបម្រើនៃពួកទេវតាតាមរបៀបនេះថា ៖
« កាលដែល វិលហ្វូឌ វូឌដ្រុព្វ ជាបុរសដែលបានរស់នៅជាច្រើនឆ្នាំ ហើយមានបទពិសោធន៍យ៉ាងច្រើន គឺជាប្រធាននៃសាសនាចក្រ នោះលោកបានមានប្រសាសន៍ទៅកាន់យុវជននៃបព្វជិតភាពអើរ៉ុនថា ៖ ‹ ខ្ញុំមានបំណងដើម្បីសម្ដែងប្រាប់អ្នករាល់គ្នាអំពីការពិតថាវាពុំបានធ្វើឲ្យមានភាពខុសប្លែកគ្នាទេ ទោះជាបុរសនោះជាសង្ឃ ឬជាសាវកក្ដី បើគាត់តម្កើងការហៅរបស់គាត់នោះ។ ជាសង្ឃម្នាក់ កាន់កូនសោនៃការបម្រើនៃពួកទេវតា ›។ ‹ ទោះជាសាវក ជាពួកចិតសិបនាក់ ឬជាអែលឌើរ នៅក្នុងជីវិតខ្ញុំគឺពុំដែលបានទទួលការពារមកពីព្រះអម្ចាស់ច្រើនជាងកាលដែលខ្ញុំកាន់តំណែងជាសង្ឃនោះឡើយ ›។ (Millennial Star, ៥៣:៦២៩)។
« ចូរគិតអំពីវា យុវជនជាទីស្រឡាញ់របស់ខ្ញុំអើយ។ បព្វជិតភាពដែលអ្នកកាន់នេះ មាននូវកូនសោនៃការបម្រើនៃពួកទេវតា។ តាមដែលខ្ញុំយល់ នោះវាមានន័យថា បើអ្នករស់នៅដោយសក្ដិសមនៃបព្វជិតភាព នោះអ្នកមានសិទ្ធិដើម្បីទទួល និងរីករាយជាមួយនឹងព្រះចេស្ដានៃតួអង្គស្ថានសួគ៌ ដើម្បីដឹកនាំអ្នក ការពារអ្នក និងប្រទានពរអ្នក។ មែនហើយ បើគាត់ចេះគិតច្រើន តើគាត់នឹងមិនស្វាគមន៍នូវពរជ័យអស្ចារ្យដូច្នេះទេឬអី? (« The Priesthood of Aaron, » Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៨២, ៤៥ ) ។
អែលឌើរ អូក បានផ្ដល់ជាការយល់ដឹងជ្រៅជ្រះបន្ថែមលើកូនសោអំពីការបម្រើនៃពួកទេវតាថា ៖
« ក្នុងនាមជាអ្នកកាន់បព្វជិតភាពអើរ៉ុនវ័យក្មេង ខ្ញុំពុំដែលគិតថា ខ្ញុំនឹងឃើញទេវតាទេ ហើយខ្ញុំបានងឿងឆ្ងល់អំពីលក្ខណៈដូចនោះ មានទាក់ទងអ្វីនឹងបព្វជិតភាពអើរ៉ុន។
« ប៉ុន្តែការបម្រើនៃពួកទេវតា ក៏អាចជារឿងអាថ៌កំបាំង។ សារលិខិតរបស់ទេវតា អាចត្រូវបានផ្ដល់ឲ្យដោយសម្លេង ឬដោយគំនិត ឬអារម្មណ៍ទំនាក់ទំនងនៅក្នុងចិត្ត ។…
« ជាទូទៅ ពរជ័យនៃការមានភាពជាដៃគូ និងទំនាក់ទំនងខាងវិញ្ញាណ គឺមានតែចំពោះអ្នកទាំងឡាយណាដែលស្អាតស្អំប៉ុណ្ណោះ ។… ដូច្នេះអ្នកទាំងឡាយដែលកាន់បព្វជិតភាពអើរ៉ុន បើកទ្វាសម្រាប់សមាជិកសាសនាចក្រទាំងអស់ ដែលទទួលទានពិធីសាក្រាម៉ង់ដោយសក្ដិសម ដើម្បីរីករាយនឹងភាពជាដៃគូនៃព្រះវិញ្ញាណនៃព្រះអម្ចាស់ និងការបម្រើនៃពួកទេវតា។ » ( « The Aaronic Priesthood and the Sacrament, » ទំព័រ ៣៩ )។
-
សូមឆ្លើយនឹងសំណួរដូចតទៅនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការយល់ដឹងពីអំណាចនៃបព្វជិតភាពអើរ៉ុន អាចមានអានុភាពលើគំនិត ឬ ទង្វើរបស់អ្នកនៅពេលអ្នកត្រៀមខ្លួន បម្រើ ឬ ទទួលទានសាក្រាម៉ង់នៅថ្ងៃអាទិត្យនេះយ៉ាងដូចម្ដេច ?
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១
-
សូមសរសេរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១ ចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសូត្រវគ្គបទគម្ពីរនោះឲ្យឮៗ ។ បន្ទាប់មក បិទផ្នែកខ្លះនៃវគ្គបទគម្ពីរ ហើយសូត្រវាម្ដងទៀត ។ សូមបន្តបិទវគ្គបទគម្ពីរបន្ថែមហើយ បន្ថែមទៀត រួចសូត្រវាឲ្យឮៗម្ដងហើយម្ដងទៀតដរាបដល់អ្នកទន្ទេញវាចាំរត់មាត់ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣-៧៥
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ទទួលបានព្រះពរមហិមាបន្ទាប់ពីបានធ្វើបុណ្យជ្រមុជទឹក
ព្រះអម្ចាស់បានស្រោចស្រពព្រះពរមហិមាមកលើ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បន្ទាប់ពីពួកលោកបានទទួលពិធីបុណ្យជ្រមុជទឹក ។ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ។ អ្នកនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាណាដែលពិពណ៌នាពីបទពិសោធន៍ដែលយ៉ូសែប និង អូលីវើរ បានទទួល ។
វាជាការចាំបាច់ដើម្បីកត់ចំណាំថា យ៉ូសែប និង អូលីវើរ បានទទួល ព្រះចេស្ដា នៃព្រះវិញ្ញាណបរិសុទ្ធ តាំងពីពួកលោកពុំទាន់ត្រូវបានប្រទានឲ្យនូវបព្វជិតភាពមិលគីស្សាដែកដើម្បីប្រគល់ អំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធមកម្ល៉េះ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧០ សូមមើលផងដែរ Bible Dictionary ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះវិញ្ញាណបរិសុទ្ធ » ) ។
ចេញពីអ្វីដែលយ៉ូសែប និង អូលីវើរ បានទទួលក្នុងឱកាសនេះដែលបានពិពណ៌នានៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៤ សូមបំពេញគោលការណ៍ដូចតទៅនេះ ៖ ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យយល់ពី និង បទគម្ពីរទាំងឡាយ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយយើងឲ្យយល់ពីបទគម្ពីរទាំងឡាយ ?
-
តើនៅពេលណាខ្លះដែលអ្នកទទួលបានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យយល់ពី « អត្ថន័យ និង គោលបំណង » នៃបទគម្ពីរទាំងឡាយ ?
-
តើអ្នកអាចធ្វើខ្លះដើម្បីអញ្ជើញឲ្យមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធនៅពេលអ្នកសិក្សាព្រះគម្ពីរ ?
-
តើការរំឭកពីសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់អ្នកដោយការទទួលទានសាក្រាម៉ង់ មានអានុភាពលើការយល់ដឹងរបស់អ្នកអំពីបទគម្ពីរយ៉ាងដូចម្ដេច ?
-
ដើម្បីបញ្ចប់មេរៀននេះ សូមអានការពិពណ៌នារបស់ អូលីវើរ ខៅឌើរី ស្ដីពីព្រឹត្តិការណ៍នានាជុំវិញការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ដែលមានចែងនៅបន្ទាប់ពីសេចក្ដីបញ្ចប់នៃយ៉ូសែប ស្ម៊ីធ—ប្រវត្តិ ។ នៅពេលអ្នកអាន អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាណាដែលលេចធ្លោចំពោះអ្នក ។ តើអ្នកអាចរៀនអ្វីខ្លះចេញពីការពិពណ៌នារបស់អូលីវើរ ?
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧៥ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖