មេរៀនទី ២៩ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤
បុព្វកថា
នៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៨៣៥ ការប្រជុំទូទៅមួយនៃសាសនាចក្របានធ្វើឡើងនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ដើម្បីពិចារណាលើមាតិកាដែលបានស្នើ សម្រាប់ការបោះពុម្ពលើកដំបូងនៃគោលលទ្ធិ និង សេចក្តីសញ្ញា ។ ដោយសារតែព្យាការី យ៉ូសែប ស៊្មីធ បានកំពុងតែសួរសុខទុក្ខពួកបរិសុទ្ធនៅទីក្រុង មីឈីហ្កេន ម្លោះហើយទើប អូលីវើរ ខៅឌើរី បានធ្វើអធិបតីលើការប្រជុំ ។ នៅក្នុងការប្រជុំនេះ ពួកបរិសុទ្ធបានបោះឆ្នោតដោយឯកច្ឆន្ទ ឲ្យដាក់បញ្ចូលសេចក្ដីប្រកាសដែល អូលីវើរ ខៅឌើរី បានសរសេរអំពីជំនឿរបស់សាសនាចក្រទាក់ទងនឹងរដ្ឋាភិបាល និង ច្បាប់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤ មាននូវពាក្យ ឬ ឃ្លា ដែលអាចនឹងពិបាកយល់ ។ បញ្ជីនិយមន័យនានាខាងក្រោមនេះ អាចនឹងផ្ដល់អត្ថប្រយោជន៍នៅពេលអ្នកសិក្សាកណ្ឌនេះ ៖
-
ទ្រទ្រង់ ( ខទី ២ ) ៖ សុវត្ថិភាព មិនត្រូវបានបំពាន
-
ពួកចៅក្រម ( ខទី ៣, ៦ ) ៖ មន្ត្រីសាធារណៈ ដែលគ្រប់គ្រងច្បាប់
-
សាធារណៈរដ្ឋ ( ខទី ៣ ) ៖ រដ្ឋាភិបាលដែលមានប្រជាពលរដ្ឋ បោះឆ្នោតជ្រើសតាំងឲ្យធ្វើជាតំណាងពួកគេ
-
មហាក្សត្រ ( ខទី ៣ ) ៖ អ្នកគ្រប់គ្រងកំពូលមានដូចជា ព្រះរាជា ឬ ព្រះរាជនី
-
ទទួលខុសត្រូវ ( ខទី ៤ ) ៖ មានភារកិច្ច
-
រំលោភទៅលើ ( ខទី ៤ ) ៖ បង្អាក់ ដាក់កំហិត បំពានទៅលើ
-
ការដាក់ច្បាប់ ( ខទី ៤, ៦ ) ៖ ការបង្កើតច្បាប់
-
ដាក់បញ្ជា ( ខទី ៤ ) ៖ បង្គាប់ប្រជាពលរដ្ឋឲ្យធ្វើអ្វីមួយ តាមវិធីជាក់លាក់មួយ
-
ហាមប្រាម ( ខទី ៤ ) ៖ ដាក់កំហិត រឹតបន្តឹង
-
ឥតដកចេញបាន ( ខទី ៥ ) ៖ ពុំអាចបដិសេធ ពុំអាចយកចេញបាន
-
ការចាក់រុក ( ខទី ៥, ៧ ) ៖ ការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល
-
ព្រមធ្វើតាម ( ខទី ៦ ) ៖ ការព្រមព្រៀង ការចុះចូល
-
បានជំនួសដោយ ( ខទី ៦ ) ៖ បានប្ដូរដោយ
-
អនាធិបតេយ្យ ( ខទី ៦ ) ៖ ភាពគ្មានសណ្ដាប់ធ្នាប់—អវត្តមាននៃច្បាប់ និង រដ្ឋាភិបាល ឬ ការបះបោរប្រឆាំងនឹងច្បាប់ ឬ រដ្ឋាភិបាល
-
ហាមប្រាម ( ខទី ៧, ៩ ) ៖ ឃាត់ឃាំង
-
ការរួមគំនិតធ្វើអំពើទុច្ចរិត (ខទី ៧ ) ៖ សកម្មភាពនៃការធ្វើការរួមគ្នា ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ឬ អង្គការដទៃទៀត
-
អំពើបំបែកបំបាក់ ( ខទី ៨ ) ៖ ល្មើស ឬ បំពាន
-
កែ ( ខទី ១១ ) ៖ ធ្វើអ្វីមួយឲ្យត្រឹមត្រូវឡើងវិញ
-
ការបំពានល្មើសច្បាប់ ( ខទី ១១ ) ៖ ការឈ្លានពានខុសច្បាប់
-
គ្រោះអាសន្ន ( ខទី ១១ ) ៖ សេចក្ដីត្រូវការជាបន្ទាន់
-
ទាសភាព ( ខទី ១២ ) ៖ សេវកភាព ភាពជាអ្នកបម្រើ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១-៤
ការទទួលខុសត្រូវរបស់រដ្ឋាភិបាល ត្រូវបានដាក់ឲ្យមាន
-
សូមស្រមៃថា ក្រុមគ្រួសាររបស់អ្នកកំពុងចូលរួមជាមួយគ្រូសារដទៃទៀត ដើម្បីបង្កើតជាប្រទេសថ្មីមួយ ដោយមានរដ្ឋាភិបាលថ្មី ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថារដ្ឋាភិបាលមានគោលបំណងអ្វី ?
-
បើសិនជាអ្នកគឺជាអ្នកដឹកនាំប្រទេសថ្មីមួយ តើមានច្បាប់មួយចំនួនណាខ្លះ ដែលអ្នកនឹងបង្កើត ?
-
សូមរំឭកអំពីបុព្វកថានៃមេរៀននេះ និង សេចក្ដីណែនាំអំពីកណ្ឌឡើងវិញសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤ ។ សូមស្វែងរកមូលហេតុដែលពួកបរិសុទ្ធ បានទទួលអារម្មណ៍ថាត្រូវបោះពុម្ពសេចក្ដីប្រកាសអំពីរដ្ឋាភិបាល និង ច្បាប់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១ដោយស្វែងរកថាតើនរណា ជាអ្នករដ្ឋាភិបាល ។ ដោយផ្អែកទៅលើអ្វីដែលអ្នកស្វែងយល់ចេញពីខគម្ពីរនេះ សូមបំពេញសេចក្ដីពិតដូចតទៅនេះ ៖ រដ្ឋាភិបាលត្រូវបានឡើងដោយ សម្រាប់ផលប្រយោជន៍ ។
ចេញពី ខទី ១ យើងក៏រៀនស្វែងយល់អំពីសេចក្ដីពិតដូចតទៅនេះដែរ ៖ មន្ត្រីរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះព្រះ ក្នុងការប្រព្រឹត្ត « សម្រាប់ការល្អ និង សន្តិសុខដល់សង្គម » ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមធ្វើដូចខាងក្រោមនេះ ៖
-
សូមរាយបញ្ជីនៃរបៀបដែលថ្នាក់ដឹកនាំរដ្ឋាភិបាល អាចប្រព្រឹត្ត « សម្រាប់ការល្អ និង សន្តិសុខដល់សង្គម » ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:២ដោយស្វែងរកសិទ្ធិទាំងបី ដែលរដ្ឋាភិបាលគួរតែគាំពារ ។ សូមរាយបញ្ជីនៃសិទ្ធិទាំងបីនេះ ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៤រួចកត់ត្រាសិទ្ធិមួយទៀត ដែលរដ្ឋាភិបាលគួរតែគាំពារ ។
-
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃអ្វីដែលលោកបានហៅថា « សិទ្ធិសំខាន់ៗទាំងបីរបស់មនុស្សជាតិ » ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកខាងក្រោមនេះ ឃ្លា « ពួកអយ្យកោដើម » សំដៅទៅលើអ្នកទាំងឡាយ ដែលបានបង្កើតរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកឡើង ។
« សេចក្តីប្រកាសអំពីឯករាជ្យភាព បានបញ្ជាក់អំពីជំនឿ និង ទំនុកចិត្តរបស់ពួកអយ្យកោដើមទៅលើព្រះដោយពាក្យពេចន៍ទាំងនេះ ៖ ‹ យើងសូមប្រកាន់ខ្ជាប់ថា សេចក្ដីពិតទាំងនេះគឺជារឿងពិត ដែលថាមនុស្សទាំងអស់ត្រូវបានបង្កើតឡើងឲ្យមានសិទ្ធិស្មើគ្នា ដែលពួកគេត្រូវបានប្រទានឲ្យនូវសិទ្ធិផ្ទាល់ខ្លួន ពីព្រះដ៏បង្កបង្កើតរបស់ខ្លួន ដែលក្នុងនោះមាន សិទ្ធិរស់រានមានជីវិត សិទ្ធិមានសេរីភាព និង សិទ្ធិស្វែងរកសុភមង្គល › ។
« គោលលទ្ធិ និង សេចក្តីសញ្ញា ថ្លែងថា ‹ យើងខ្ញុំជឿថា គ្មានរដ្ឋាភិបាលណាអាចនៅក្នុងសេចក្ដីសុខសាន្តបានឡើយ លើកលែងតែច្បាប់ទាំងឡាយត្រូវបានបង្កើតឡើង ហើយទ្រទ្រង់ ដែលនឹងធានាដល់បុគ្គលម្នាក់ៗ នូវសេរីភាពខាងសតិសម្បជញ្ញៈ › (គ. និង ស. ១៣៤:២ ) ។ សិទ្ធិរស់រានមានជីវិត សិទ្ធិមានសេរីភាព សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ—គឺជាសិទ្ធិសំខាន់ៗទាំងបីរបស់មនុស្សជាតិ » ( «Our Divine Constitution» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៤ ) ។
-
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគំរូមួយចំនួននៃរបៀបដែលរដ្ឋាភិបាលអាចគាំពារសិទ្ធិនានា ដែលមានរាយបញ្ជីនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:២ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៣ដោយស្វែងរកអ្វីមួយ ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសមួយចំនួនអាចធ្វើ ដើម្បីប្រាកដថា ថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ខ្លួននឹងអនុវត្តច្បាប់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៥-៦, ៨
ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ត្រូវបានដាក់ឲ្យមាន
សូមស្រមៃថាអ្នករស់នៅក្នុងប្រទេសមួយ ដែលជាធម្មតារដ្ឋាភិបាលប្រទេសនេះគាំពារសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួន ប៉ុន្តែ ថ្មីៗនេះបានអនុមតិច្បាប់ដែលអ្នកពុំយល់ស្របតាម ។ តើរបៀបឆ្លើយតបណាមួយខាងក្រោមនេះ ដែលសមស្រប ? ( សូមគូសរង្វង់មួយ ) ។
-
ប្រកាសជំទាស់ដោយសម្រេចថាមិនធ្វើតាម ច្បាប់ណាមួយរបស់រដ្ឋាភិបាលឡើយ ។
-
គំរាមកំហែង ឬ បង្ករបួសស្នាមដល់មន្ត្រីរដ្ឋាភិបាល ដែលបានបង្កើតច្បាប់នោះឡើង ។
-
ប្រមូលគ្នីគ្នាផ្ដួលរំលំរដ្ឋាភិបាល ។
-
បង្ហាញទស្សន ឬ កង្វល់របស់អ្នកទៅតាមផ្លូវច្បាប់ ប៉ុន្តែ គាំទ្រ និង ប្រព្រឹត្តតាមរដ្ឋាភិបាលដោយគោរពតាមច្បាប់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៥-៦ដោយស្វែងរកមើលថាតើអ្វីខ្លះ ដែលជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ។
គោលការណ៍មួយដែល ខគម្ពីរនេះបង្រៀនគឺថា យើងត្រូវគាំទ្រ ហើយគោរពតាមច្បាប់រដ្ឋាភិបាលដែលយើងរស់នៅក្រោមការគ្រប់គ្រង ។
តើគោលការណ៍នេះរំឭកអ្នកអំពីមាត្រានៃសេចក្ដីជំនឿទីប៉ុន្មាន ? ( សូមមើលមាត្រានៃសេចក្ដីជំនឿ នៅក្នុងមុក្តាដ៏មានតម្លៃមហិមា ដើម្បីផ្ទៀងផ្ទាត់ចម្លើយរបស់អ្នក ) ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីបានជាវាមានសារៈសំខាន់ ដែលប្រជាពលរដ្ឋត្រូវគាំទ្រ ហើយគោរពរដ្ឋាភិបាល ?
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៦ព្រះសព្វព្រះទ័យឲ្យយើងគោរព ហើយធ្វើតាមច្បាប់របស់ព្រះ និង ច្បាប់របស់មនុស្ស ។ តើអ្នកគិតថា យើងគួរតែធ្វើអ្វីខ្លះនៅពេលច្បាប់ភូមិបាល ដំណើរការទៅជំទាស់នឹងជំនឿរបស់យើង ?
នៅពេលអ្នកគិតអំពីសំណួរនេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅក្នុងករណីមានទំនាស់រវាងការទាមទារដែលធ្វើឡើងពីព្រះបន្ទូលនៃព្រះដែលបានបើកសម្ដែង និង ពីស្ថានភាពដែលត្រូវបានបង្ខំដោយច្បាប់លោកិយ តើភាគីណាមួយដែលសមាជិកសាសនាចក្រត្រូវគោរពតាម ? ដើម្បីឆ្លើយសំណួរនេះ ព្រះបន្ទូលនៃព្រះអាចនឹងត្រូវបានអនុវត្ត—ដ្បិតវាគឺជាករណីយកិច្ចរបស់មនុស្ស ដែលត្រូវថ្វាយរបស់សេសារ ទៅសេសារ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ [ សូមមើល លូកា ២០:២១–២៥ ] …
« ទន្ទឹមនឹងការរង់ចាំ [ ព្រះ ] ទ្រង់គ្រប់គ្រងលើអ្វីទាំងអស់ ដើម្បីមានសេរីភាពខាងសាសនានោះ វាគឺជាករណីយកិច្ចរបស់ពួកបរិសុទ្ធ ដែលត្រូវចុះចូលទៅនឹងច្បាប់នៃប្រទេសរបស់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេគួរតែប្រើប្រាស់គ្រប់វិធី ក្នុងនាមជាប្រជាពលរដ្ឋ ឬ ដាក់សំណើទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីធានាដល់ពួកគេ និង ដល់មនុស្សទាំងពួង ឲ្យទទួលបានគុណប្រយោជន៍នៃសេរីភាពខាងកិច្ចការសាសនា ។ ពួកគេពុំត្រូវបានតម្រូវឲ្យរងទុក្ខ ដោយគ្មានការប្រកាសជំទាស់ទៅនឹងការដាក់កំហិតឲ្យបង់ពន្ធដោយអ្នកបៀតបៀនខុសច្បាប់ ឬ តាមរយៈប្រតិបត្តិការនៃច្បាប់មិនស្មើភាពនោះទេ ប៉ុន្តែ ការប្រកាសជំទាស់របស់ពួកគេគួរតែត្រូវបានធ្វើឡើងទៅតាមបទបញ្ជាស្របច្បាប់ និង ត្រឹមត្រូវ ។ ពួកបរិសុទ្ធបានបង្ហាញការធ្វើតាមរបស់ខ្លួនដោយមានចិត្តប្រតិបត្តិថា វាជារឿងប្រសើរជាង ដែលត្រូវរងទុក្ខនឹងសេចក្ដីអាក្រក់ ជាជាងប្រព្រឹត្តអំពើខុសឆ្គងតាមរយៈការប្រឆាំងដែលធ្វើឡើងដោយមនុស្សល្អបរិសុទ្ធ ទៅកាន់អាជ្ញាធរមិនយុត្តិធម៌នោះ » ( The Articles of Faith, ការបោះពុម្ពលើកទី ១២ [ ឆ្នាំ ១៩២៤ ] ទំព័រ ៤២២–២៣ ) ។
-
សូមគិតអំពីមនុស្សដែលអ្នកស្គាល់ ជាអ្នកដែលគាំទ្រ ហើយប្រព្រឹត្តតាមរដ្ឋាភិបាល និង ច្បាប់របស់ខ្លួន ។ សូមសរសេរអំពីពួកគេម្នាក់ ឬ ពីរនាក់ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ តើអ្នកបានឃើញពួកគេធ្វើដូចម្ដេចខ្លះ ដើម្បីគាំទ្រ ហើយប្រព្រឹត្តតាមរដ្ឋាភិបាល និង ច្បាប់ ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៨យើងអានថា រដ្ឋាភិបាលមានការទទួលខុសត្រូវមួយក្នុងការដាក់ទោសដល់អ្នកទាំងឡាយ ដែលប្រព្រឹត្តបទឧក្រិដ្ឋ ហើយប្រជាពលរដ្ឋមានការទទួលខុសត្រូវមួយក្នុងការជួយ « នាំអ្នកមានទោសទាស់នឹងច្បាប់ល្អ មកដាក់ទោស » ។
-
សូមសរសេរកថាខណ្ឌខ្លីមួយ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយពិពណ៌នាអំពីអ្វីដែលអ្នកនឹងធ្វើ ដើម្បីគាំទ្រ ហើយប្រព្រឹត្តតាមរដ្ឋាភិបាលរបស់អ្នក ព្រមទាំងច្បាប់របស់វា ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៧, ៩–១០, ១២
ទំនាក់ទំនងរវាងសាសនា និង រដ្ឋាភិបាល
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៧, ៩–១០, ១២យើងអានថា រដ្ឋាភិបាលគួរតែបង្កើតច្បាប់នានា ដែលគាំពារការគោរពសាសនា ប៉ុន្តែ ពុំគួរផ្គាប់ចិត្តសាសនាមួយជាងសាសនាមួយផ្សេងទៀតឡើយ ។ យើងក៏អានថា អង្គការសាសនានានាមានសិទ្ធិដាក់ទោសដល់សមាជិករបស់ខ្លួន ដែលពុំគោរពតាមច្បាប់ ដោយការកាត់កាលចេញ ឬ ដកយកសមាជិកភាពរបស់ពួកគេចេញ ប៉ុន្តែ អង្គការទាំងនោះពុំមានសិទ្ធិអំណាចក្នុងការវិនិច្ឆ័យ ឬ បង្ខំដាក់ទោស ដែលនឹងដកយកទ្រព្យសម្បត្តិរបស់សមាជិក ឬ បង្ករបួសស្នាមដល់រូបរាងកាយរបស់ពួកគេឡើយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១១ ។
សិទ្ធិអំពាវនាវសុំជំនួយពីរដ្ឋាភិបាល ត្រូវបានពន្យល់
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១១ប្រជាពលរដ្ឋគួរតែត្រូវបានអនុញ្ញាតឲ្យ អំពាវនាវសុំជំនួយពីរដ្ឋាភិបាល ថាតើពួកគេបានប្រព្រឹត្តខុសឆ្គងដែរឬទេ ។ ខគម្ពីរទាំងនេះក៏បានបូកបញ្ចូលសេចក្ដីប្រកាសមួយដែលប្រាប់ថា ប្រជាពលរដ្ឋត្រូវបានបង្ហាញថាមិនមានកំហុស ដើម្បីការពារខ្លួនគេ និង មនុស្សទូទៅ នៅពេលមានសេចក្ដីត្រូវការបន្ទាន់ ដែលរដ្ឋាភិបាលពុំអាចជួយពួកគេបាននោះ ។
សូមគិតអំពីអ្វីដែលអ្នកមានអំណរគុណ ចំពោះប្រទេស ឬ សហគមន៍របស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖