មេរៀនទី ៨ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥
បុព្វកថា
ក្នុងរយៈពេលប្រាំមួយខែចាប់តាំងពីការរៀបចំសាសនាចក្រ មានអ្នកផ្សព្វផ្សាយសាសនាចំនួនបួនរូប រួមទាំង ប៉ាលី ភី ប្រាត្ត ដែលបានធ្វើដំណើរទៅប៉ែកខាងលិច ដើម្បីផ្សាយដំណឹងល្អទៅកាន់ពួកអាមេរិកាំងជនជាតិដើម ។ នៅតាមផ្លូវរបស់ពួកគាត់ទៅកាន់ព្រំដែនប៉ែកខាងលិចនៃ រដ្ឋមិសសួរី ពួកគាត់បានឈប់សម្រាកនៅតំបន់ជុំវិញទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ ជាកន្លែងដែល ប៉ាលី បានរស់នៅទីនោះអស់មួយរយៈ ។ ពួកគាត់បានចែកចាយសារលិខិតជាមួយនឹងមិត្តភក្ដិរបស់អែលឌើរ ប្រាត្ត ដែលជាអាចារ្យសាសនាដ៏ល្បីម្នាក់ឈ្មោះ ស៊ីឌនី រិកដុន ។ ក្នុងរយៈពេលដ៏ខ្លី មានមនុស្សជាង ១០០ នាក់រួមទាំង ស៊ីឌនី រិកដុន និង សមាជិកជាច្រើននាក់ទៀតនៃក្រុមជំនុំរបស់គាត់ បានទទួលពិធីបុណ្យជ្រមុជទឹក ដែលចំនួននោះបានបង្កើនសមាជិកភាពសរុបនៃសាសានាចក្រទ្វេដង ។ ស៊ីឌនី និង ភរិយាគាត់ ហ្វែប៊ី បានដឹងថា ការចូលសាសនាចក្រនេះនឹងតម្រូវឲ្យពួកគាត់ធ្វើការលះបង់យ៉ាងធំ ។ គាត់បានដឹងថា ការរកស៊ីចិញ្ចឹមជីវិតជាអាចារ្យសាសនា និង កិត្តិនាមរបស់គាត់នៅក្នុងសហគមន៍នឹងត្រូវខាតបង់ ប៉ុន្តែ គាត់បានប្ដេជ្ញាចិត្តធ្វើតាមសេចក្ដីពិត ។
បន្ទាប់ពីពួកអែលឌើរ បានចាកចេញពីទីក្រុង ខឺតឡង់ ដើម្បីបន្ដដំណើររបស់ពួកគាត់ នោះ ស៊ីឌនី រិកដុន និង មិត្តភក្ដិម្នាក់ឈ្មោះ អែតវឺត ប៉ាទ្រិច បានធ្វើដំណើរទៅ រដ្ឋនូវ យ៉ោក ដើម្បីជួបនឹងព្យាការី យ៉ូសែប ស៊្មីធ ។ មិនយូរប៉ុន្មាន បន្ទាប់ពីពួកគាត់បានទៅដល់ ព្យាការីបានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥ ។ ក្នុងវិវរណៈនោះ ព្រះអម្ចាស់បានប្រទានការទទួលខុសត្រូវជាក់លាក់នានាដល់ ស៊ីឌនី រិកដុន នៅក្នុងសាសនាចក្រដែលទើបតែបានស្ដារឡើងវិញថ្មីៗនេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១-១២
ព្រះអម្ចាស់មានព្រះបន្ទូលប្រាប់ ស៊ីឌនី រិកដុន ថាគាត់ត្រូវបានរៀបចំឲ្យធ្វើកិច្ចការដ៏លើលលែងទៅទៀត
-
សូមឆ្លើយសំណួរតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកធ្លាប់មានបទពិសោធន៍ ដែលជួយអ្នកឲ្យដឹងថា ព្រះទ្រង់ស្គាល់អ្នកដែរឬទេ ?
វិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥ បង្ហាញថា ព្រះអម្ចាស់ទ្រង់ស្គាល់ ស៊ីឌនី រិកដុន ហើយទ្រង់បានមានព្រះបន្ទូលទៅកាន់ ស៊ីឌនី អំពីតួនាទីរបស់គាត់ក្នុងការជួយដល់ព្យាការី យ៉ូសែប ស៊្មីធ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១-៣ ដោយស្វែងរកភស្ដុតាង ដែលបង្ហាញថា ព្រះអម្ចាស់បានស្គាល់ ស៊ីឌនី រិកដុន ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៣ ម្ដងទៀត ដោយដាក់ឈ្មោះរបស់អ្នកជំនួសឲ្យ ស៊ីឌនី វិញ ។ តើព្រះបន្ទូលរបស់ព្រះអម្ចាស់ បង្រៀនអ្វីខ្លះអំពីការដែលទ្រង់ស្គាល់យើងម្នាក់ៗ ?
អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីការដែលទ្រង់ស្គាល់យើងម្នាក់ៗថា ៖ « ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះទ្រង់ស្គាល់យើងម្នាក់ៗ… ជាយូរលង់ណាស់មកហើយ ( សូមមើល គ. និង ស. ៩៣:២៣ ) ។ ទ្រង់ស្រឡាញ់អ្នកជាយូរលង់មកហើយ ។… ទ្រង់ស្គាល់ឈ្មោះរបស់អ្នក និងការឈឺចាប់ទាំងអស់របស់អ្នក និងក្ដីអំណររបស់អ្នក ! » ( Remember How Merciful the Lord Hath Been,” Ensignខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៤៦ ) ។
គោលការណ៍មួយដែលយើងរៀនមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៣ គឺថា ព្រះអម្ចាស់ស្គាល់យើង ហើយថាទ្រង់មានកិច្ចការសម្រាប់យើងម្នាក់ៗឲ្យធ្វើ ។ តើអ្នកធ្លាប់ឆ្ងល់ទេថា តើព្រះអម្ចាស់មានកិច្ចការជាក់លាក់អ្វីខ្លះឲ្យអ្នកធ្វើនៅក្នុងជីវិតរបស់អ្នក ?
ពីមុនដែលគាត់បានរៀនអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ស៊ីឌនី រិកដុន បានធ្វើកិច្ចការដ៏ប្រពៃ ក្នុងនាមជាអាចារ្យសាសនានៃសាសនាចក្រមួយផ្សេងទៀត ។ ក្រោយពីបានចូលសាសនាចក្ររបស់ព្រះអម្ចាស់ដែលបានស្ដារឡើងវិញហើយនោះ គាត់មានលទ្ធភាពធ្វើ « កិច្ចការដ៏លើសលែងទៅទៀត » ( គ. និង ស. ៣៥:៣ ) ដើម្បីនគរនៃព្រះអម្ចាស់ ។ មនុស្សដែលមានជំនឿផ្សេង អាចប្រព្រឹត្តកិច្ចការល្អជាច្រើន ។ វាគឺជាការទទួលខុសត្រូវរបស់យើង ដើម្បីចែកចាយភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យពួកគេអាចធ្វើ « កិច្ចការដ៏លើសលែងទៅទៀត » ។ ស្រដៀងគ្នានេះដែរ យើងអាចមានទំនុកចិត្តថា ព្រះអម្ចាស់ទ្រង់ស្គាល់យើងម្នាក់ៗ ហើយនៅពេលយើងពុះពារដើរតាមទ្រង់ នោះទ្រង់នឹងជួយយើងឲ្យសម្រេចបានកិច្ចការ ដែលយើងត្រូវបានរៀបចំឲ្យធ្វើ ។
ក្នុងនាមជាអ្នករៀបចំផ្លូវថ្វាយព្រះយេស៊ូវគ្រីស្ទ យ៉ូហាន បាទីស្ទ បានរៀបចំដួងចិត្តមនុស្សជាច្រើនរង់ចាំទទួលការយាងមករបស់ទ្រង់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៤-៦ រួចស្វែងរកចំណុចដែល ស៊ីឌនី រិកដុន មានលក្ខណៈដូចគ្នាទៅនឹង យ៉ូហាន បាទីស្ទ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
ទោះជា ស៊ីឌនី រិកដុន មានលក្ខណៈដូចជា យ៉ូហាន បាទីស្ទ ត្រង់ចំណុចមួយចំនួនក្ដី ក៏គាត់មានលក្ខណៈខុសពី យ៉ូហាន បាទីស្ទ ដែរ ព្រោះកាល ស៊ីឌនី បានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យសមាជិកក្នុងក្រុមជំនុំរបស់គាត់ គាត់ពុំមានសិទ្ធិអំណាចពីព្រះដើម្បីធ្វើកិច្ចការនោះឡើយ ( សូមមើល គ. និង ស. ៣៥:៥–៦ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៧–១១ រួចស្វែងរកអ្វីដែលនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នកទាំងឡាយណា ដែលជឿ ហើយអនុវត្តសេចក្ដីជំនឿទៅលើព្រះ នៅថ្ងៃចុងក្រោយ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើយើងអាចរៀនអ្វីខ្លះចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៧–១១ អំពីអ្វីដែល ព្រះអម្ចាស់បានសន្យាថានឹងបង្ហាញដល់អ្នកទាំងឡាយណា ដែលដើរតាមទ្រង់ដោយសេចក្ដីជំនឿ ? ( ពាក្យ ពួកសាសន៍ដទៃ នៅក្នុង ខទី ៧ សំដៅទៅលើអស់អ្នកដែលពុំទាន់ស្គាល់ភាពពេញលេញនៃដំណឹងល្អ ។ ពាក្យ បាប៊ីឡូន នៅក្នុង ខទី ១១ សំដៅលើលោកិយ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាអព្ភូតហេតុទាំងឡាយ ត្រូវបានភ្ជាប់គ្នាយ៉ាងជាប់ទៅនឹងសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ? ( សូមគិតថា អព្ភូតហេតុនានាអាចជាការល្អិតល្អន់ដូចជាការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត ឬ ការអត់ទោសដល់អំពើបាប ហើយអព្ភូតហេតុទាំងនោះបានមកតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣-១៩
ព្រះអម្ចាស់សន្យាថា នឹងជួយដល់អ្នក ដែលបន្ទាបខ្លួនក្នុងការធ្វើកិច្ចការរបស់ទ្រង់
សូមស្រមៃថា អ្នកកំពុងបង្កើតក្រុមកីឡាមួយជាមួយគ្នា ( សូមគិតអំពីកីឡាមួយដែលអ្នកចេះលេង ) ។ សូមពិពណ៌នាអំពីភាពខ្លាំង និង ភាពស្ទាត់ជំនាញ ដែលអ្នកចង់ឲ្យកីឡាកររបស់អ្នកមាន នៅក្នុងចន្លោះដែលមានផ្ដល់ឲ្យ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១៣ ដោយស្វែងរកបុគ្គល ដែលព្រះអម្ចាស់បានរើសតាំងឲ្យបំពេញកិច្ចការរបស់ទ្រង់ ។ សូមកត់ចំណាំអំពីលក្ខណៈសម្បត្តិទាំងឡាយនៃមនុស្ស ដែលព្រះអម្ចាស់ជ្រើសតាំងឲ្យជួយដល់ទ្រង់ ដែលមានសភាពមិនប្រក្រតីចំពោះបទដ្ឋានរបស់លោកិយ ។ « ពួកកំសោយនៅលោកិយ » សំដៅទៅលើពួកអ្នកបម្រើព្រះអម្ចាស់ ។ ពាក្យ បញ្ជាន់ ឬ បោក នៅក្នុងខគម្ពីរនេះ សំដៅទៅលើការបញ្ជាន់ ដែលជាសកម្មភាពនៃការបោកបែនគ្រាប់ស្រូវចេញពីទង ឬ សំបករបស់វា ។ នៅក្នុងខគម្ពីរនេះ វាសំដៅទៅលើការបំបែក និង ការប្រមូលរាស្ត្រ ដែលត្រៀមខ្លួនជាស្រេចដើម្បីទទួលយកដំណឹងល្អ ចេញពីរាស្ត្រដែលពុំបានត្រៀមខ្លួននៅឡើយ ។ របៀបមួយដែលកិច្ចការនេះត្រូវបានបំពេញគឺ តាមរយៈការដើរស្វែងរកមនុស្សរបស់ពួកអ្នកផ្សព្វផ្សាយសាសនា និង ការរៀបចំពួកគេឲ្យធ្វើ ហើយរក្សាសេចក្ដីសញ្ញាពិសិដ្ឋ ។
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣ យើងរៀនថា ព្រះត្រាស់ហៅ អ្នកកំសោយឲ្យបំពេញកិច្ចការរបស់ទ្រង់ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណទ្រង់ ។
-
សូមឆ្លើយសំណួរដូចតទៅនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់ ហៅពួកអ្នកបម្រើទ្រង់ថាជា « អ្នកកំសោយ » « ល្ងង់ខ្លៅ » និង « ត្រូវគេប្រមាថ » ?
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៤-១៥ ដោយស្វែងរកការសន្យា ដែលព្រះអម្ចាស់បានធ្វើដល់អ្នកដែលជួយក្នុងកិច្ចការទ្រង់ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។ អ្នកក៏អាចនឹងដាក់ខគម្ពីរទាំងនេះជាខគម្ពីរផ្ទាល់ខ្លួន ដោយការអានខគម្ពីរទាំងនោះម្ដងទៀត ហើយដាក់បញ្ចូលឈ្មោះរបស់អ្នក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរពីរ ឬ ទាំងអស់នៃសំណួរខាងក្រោមនេះ ៖
-
តើការដឹងថា ព្រះប្រើពួកកំសោយនៅលោកិយ ឲ្យបំពេញកិច្ចការរបស់ទ្រង់តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់ អាចជួយដល់យុវវ័យម្នាក់ ដែលមានអារម្មណ៍ថា ភ័យខ្លាចក្នុងការបម្រើបេសកកម្មបានយ៉ាងដូចម្ដេច ?
-
តើការយល់ដឹងនេះ អាចជួយយុវនារីម្នាក់ ដែលត្រូវបានស្នើឲ្យបង្រៀនថ្នាក់មួយក្នុងសាសនាចក្រ ហើយមានអារម្មណ៍ថាមិនសូវចេះយ៉ាងដូចម្ដេច ?
-
តើការយល់ដឹងនេះ ជួយយើងទាំងអស់គ្នាយ៉ាងដូចម្ដេច កាលយើងទទួលបានអារម្មណ៍បំផុតគំនិតឲ្យចែកចាយដំណឹងល្អជាមួយនរណាម្នាក់នោះ ?
-
ប្រធាន ថូម៉ាស អេស ម៉នសុន បានលើកទឹកចិត្តអ្នកដែលអាចនឹងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សកំសោយ ឬ មិនសូវចេះ ឲ្យជួយក្នុងកិច្ចការរបស់ព្រះអម្ចាស់ថា ៖ « មនុស្សមួយចំនួនអាចនឹងមានការអៀនប្រៀនពីកំណើត ឬ គិតថាខ្លួនមិនសូវចេះក្នុងការឆ្លើយតបដោយមោះមុតចំពោះការហៅបម្រើ ។ ចូរចាំថា កិច្ចការនេះ គឺពុំមែនជារបស់អ្នក និង ខ្ញុំតែឯងនោះទេ ។ វាជាកិច្ចការរបស់ព្រះអម្ចាស់ ហើយពេលយើងស្ថិតនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ នោះយើងនឹងទទួលបានជំនួយពីព្រះអម្ចាស់ ។ ចូរចាំថា ព្រះអម្ចាស់ នឹងដុសខាត់ខ្នងដើម្បីរែកបន្ទុកដែលនឹងដាក់មកលើ » ( « To Learn, to Do, to Be » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៦២ ) ។
ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបានចាត់ទុកដោយមនុស្សមួយចំនួនថាជា មនុស្សកំសោយខាងចំណេះដឹងទូទៅ និង សមត្ថភាពផ្សេងៗទៀត ។ បើប្រៀបធៀបនឹង ស៊ីឌនី រិកដុន គាត់គឺជាបុគ្គលដែលមានការអប់រំខ្ពស់ និង មានអំណោយទានជាច្រើន ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៧-១៩ រួចស្វែងរកឱវាទ ដែលព្រះអម្ចាស់បានប្រទានដល់ ស៊ីឌនី រិកដុន អំពីព្យាការី យ៉ូសែប ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីបានជាឱវាទដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១៧–១៩ មានសារៈសំខាន់ចំពោះអាចារ្យសាសនាដែលមានការអប់រំខ្ពស់ដូចជា ស៊ីឌនី រិកដុន ដែលគាត់ត្រូវយល់ ?
-
តើវានឹងមានអត្ថប្រយោជន៍ដូចម្ដេចចំពោះយើង ក្នុងការចងចាំអំពីឱវាទនេះ ដោយការគោរពដល់ថ្នាក់ដឹកនាំសាសនាចក្រយើងដែលកំពុងតែដឹកនាំ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០-២៧
ស៊ីឌនី រិកដុន ត្រូវបានបានបញ្ជាឲ្យធ្វើជាស្មៀនរបស់ យ៉ូសែប ស៊្មីធ ដើម្បីផ្សាយដំណឹងល្អ ហើយរក្សាសេចក្ដីសញ្ញារបស់គាត់ ។
តើអ្នកមានការហៅ ឬ ករណីយកិច្ចជាក់លាក់ណាមួយ នៅក្នុងសាសនាចក្រដែរឬទេ ? សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០-២៤ រួចស្វែងរកករណីយកិច្ចជាក់លាក់ ដែល ស៊ីឌនី រិកដុន ត្រូវបានហៅឲ្យបំពេញ ។
ព្រះអម្ចាស់បានត្រាស់ហៅ ស៊ីឌនី ឲ្យបំពេញតួនាទីជាស្មៀនរបស់ព្យាការី យ៉ូសែប ស៊្មីធ ដែលបានបន្តការបកប្រែរបស់លោកលើព្រះគម្ពីរប៊ីប ។ ការបកប្រែនេះ មិនមែនបានធ្វើឡើង ចេញពីភាសាមួយទៅភាសាមួយទៀតនោះទេ ។ ព្យាការីបានធ្វើកំណែ និង កែតម្រូវ លើព្រះគម្ពីរប៊ីបអស់រយៈពេលជាង ១៦ ឆ្នាំ ។ យើងហៅកំណែនេះថាជា ការបកប្រែរបស់ យ៉ូសែប ស៊្មីធ ។ ការកែតម្រូវទាំងនេះភាគច្រើន អាចរកមើលបាននៅលើលេខយោង និង សេចក្ដីបន្ថែមនៃការបោះពុម្ពព្រះគម្ពីរប៊ីប អិល.ឌី.អេស ។ ព្រះគម្ពីរម៉ូសេ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ នៅក្នុង មុក្តាដ៏មានតម្លៃមហិមា ក៏ស្ថិតនៅក្នុងផ្នែកនៃការបកប្រែរបស់ យ៉ូសែប ស៊្មីធ ដែរ ។
សូមកត់ចំណាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:២៣ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ ស៊ីឌនី រិកដុន ថា ក្រៅពីការធ្វើជាស្មៀនឲ្យ យ៉ូសែប ស៊្មីធ គាត់ក៏គួរតែផ្សាយដំណឹងល្អផងដែរ ដោយប្រើចំណេះដឹងខាងបទគម្ពីរដើម្បីគាំទ្រប្រសាសន៍របស់ព្យាការី ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:២៤ តើពរជ័យអ្វីខ្លះ ដែលព្រះអម្ចាស់បានសន្យាដល់ ស៊ីឌនី រិកដុន ប្រសិនបើគាត់គោរពតាមសេចក្ដីសញ្ញារបស់គាត់ ? គោលការណ៍មួយ ដែលយើងអាចរៀនចេញពីខគម្ពីរនេះគឺ នៅពេលយើងគោរពតាមព្រះបញ្ញត្តិទាំងឡាយ ហើយរក្សាសេចក្ដីសញ្ញារបស់យើង នោះព្រះអម្ចាស់នឹងជួយយើងឲ្យបំពេញកិច្ចការរបស់ទ្រង់ ។
-
សូមមើលទៅគោលការណ៍ទាំងបី ដែលបានបង្ហាញនៅក្នុងមេរៀននេះ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើគោលការណ៍ទាំងបីនៅក្នុងមេរៀននេះ ទាក់ទងគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែល អ្នកធ្លាប់ដឹង ឬ ធ្វើសាក្សីចំពោះជំនួយពីព្រះអម្ចាស់ដែលបានប្រទានដល់អ្នក ឬ ដល់នរណាម្នាក់ដែលអ្នកស្គាល់ កាលកំពុងធ្វើកិច្ចការរបស់ព្រះអម្ចាស់ ?
-
ដើម្បីបញ្ចប់មេរៀន សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:២៦-២៧ ។ ចេញពីអ្វីដែលអ្នកបានរៀនអំឡុងការសិក្សារបស់អ្នកអំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥ នៅថ្ងៃនេះ តើអ្នកគិតថា ហេតុអ្វីបានជា ស៊ីឌនី រិកដុន មានហេតុផលនឹងលើកចិត្តរបស់គាត់ឡើង ហើយអរសប្បាយ ? តើអ្នកមានហេតុផលអ្វីខ្លះ ដើម្បីលើកចិត្តអ្នកឡើង ហើយអរសប្បាយ ?
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖