មេរៀនទី ១៦ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០-៨០
សេចក្ដីផ្ដើម
បន្ទាប់ពីបានឃើញការនិមិត្តអំពីសិរីល្អនៃបុត្រា ការធ្លាក់របស់ លូស៊ីហ្វើរ និង ស្ថានភាពនៃពួកកូនអន្តរធាន នោះព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានឃើញមនុស្សទាំងឡាយដែលនឹងចេញមកក្នុងដំណើររស់ឡើងវិញនៃមនុស្សសុចរិត ៖ បណ្ដាជននៃនគរសេឡេស្ទាល និង ទេរេសទ្រាល ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០-៧០
ព្រះអម្ចាស់បើកសម្ដែងលក្ខខណ្ឌ និង ពរជ័យទាំងឡាយនៃការទទួលបានសិរីល្អខាងសេឡេស្ទាល
ពេលកំពុងបកប្រែព្រះគម្ពីរប៊ីបនៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ បានធ្វើការកែប្រែដ៏បំផុសគំនិតទៅលើពាក្យពេជន៍នៃ យ៉ូហាន ៥:២៩ ដែលប្រាប់អំពីការរស់ឡើងវិញនៃមនុស្សសុចរិត និង មនុស្សឥតសុចរិត ( សូមមើល គ. និង ស. ៧៦:១៥–១៧ ) ។ លោក និង ស៊ីឌនី រិកដុន បានពិចារណាលើការពិពណ៌នាអំពីការរស់ឡើងវិញនៃមនុស្សសុចរិត និង ការរស់ឡើងវិញនៃមនុស្សឥតសុចរិត នៅពេលពួកលោកទទួលបានវិវរណៈដែលមានបញ្ចូលនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០ដោយស្វែងរកមនុស្សប្រភេទណា ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានឃើញបន្ទាប់ពីវិវរណៈនៃពួកកូនអន្តរធាន ។ ( នៅពេលអ្នកអាន វាអាចនឹងផ្តល់អត្ថប្រយោជន៍ដែលត្រូវដឹងថា នៅក្នុងខគម្ពីរនេះ ពាក្យ សុចរិត មានន័យថា មនុស្សសុចរិត ។ អ្នកអាចនឹងចង់សរសេរនិយមន័យនេះនៅលើគែមព្រះគម្ពីររបស់អ្នកក្បែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧០រួចគូសចំណាំប្រភេទមនុស្សដែលនៅក្នុងក្រុមទីមួយ ដែល យ៉ូសែប និង ស៊ីឌនី បានឃើញ ដែលនឹងរស់ឡើងវិញនៅអំឡុងពេលនៃការរស់ឡើងវិញនៃមនុស្សសុចរិត ។ ជាផ្នែកមួយនៃការនិមិត្តនេះ ព្រះអម្ចាស់បានបើកសម្ដែងលក្ខខណ្ឌនៃអស់អ្នកដែលនឹងគ្រងនគរសេឡេស្ទាល ។
-
សូមសរសេរចំណងជើងថា ការក្លាយទៅជាអ្នកគ្រងនគរសេឡេស្ទាល នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥១–៥៣រួចរាយនៅក្រោមចំណងជើងដែលបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីលក្ខខណ្ឌដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ចំពោះអ្នកដែលនឹងគ្រងនគរសេឡេស្ទាល ។ សូមព្យាយាមស្វែងរកឲ្យបានយ៉ាងហោចណាស់ លក្ខខណ្ឌចំនួនបួន ។
ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់ អំពីឃ្លាមួយចំនួនដែលអ្នករកឃើញ នោះវាអាចនឹងមានប្រយោជន៍ ដែលត្រូវដឹងថា « [ ទទួល ] ទីបន្ទាល់ពីព្រះយេស៊ូវ » ( គ. និង ស. ៧៦:៥១ ) គឺទទួលបានទីបន្ទាល់មួយ តាមរយៈវិវរណៈផ្ទាល់ខ្លួន ដែលថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ ហើយត្រូវប្រព្រឹត្តឲ្យស្របទៅតាមទីបន្ទាល់នោះនៅក្នុងជីវិតរបស់អ្នក ។ « ឈ្នះដោយសារសេចក្ដីជំនឿ » ( គ. និង ស. ៧៦:៥៣ ) គឺឈ្នះលើការល្បួង និង អំពើបាបទាំងឡាយ ដោយការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ បុគ្គលម្នាក់ « ត្រូវបានភ្ជាប់ដោយសារព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា » ( គ. និង ស. ៧៦:៥៣ សូមមើលផងដែរ គ. និង ស. ១៣២:៧) នៅពេលព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ថា ពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពត្រូវបានទទួល ហើយសេចក្ដីសញ្ញាដែលបានធ្វើឡើងនោះ ត្រូវបានទទួលស្គាល់ដោយព្រះ ។ ការអនុមតិនេះ អាស្រ័យលើភាពស្មោះត្រង់របស់បុគ្គលម្នាក់ ។
-
ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបុគ្គលដែលគ្រងនគរសេឡេស្ទាល សូមឆ្លើយសំណួរខាងក្រោមនេះចំនួនពីរ ឬ ច្រើនជាងនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកធ្លាប់បានធ្វើដូចម្ដេច ដើម្បីទទួលបានទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ហើយរក្សាទីបន្ទាល់នោះឲ្យរឹងមាំ ?
-
តើអ្នកអាចធ្វើដូចម្ដេច ដើម្បីទទួលបានទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែច្រើន ?
-
តើការទទួលបានទីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ និង ការរក្សាព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ជួយមនុស្សម្នាក់ឲ្យប្រែក្លាយកាន់តែសក្ដិសម ដើម្បីគ្រងនគរនគរសេឡេស្ទាលតាមរបៀបណា ?
-
បន្ថែមពីលើការបើកសម្ដែងលក្ខខណ្ឌមួយចំនួនទាំងនេះ អំពីអ្នកដែលនឹងគ្រងនគរសេឡេស្ទាល នោះព្រះអម្ចាស់បានបន្តពិពណ៌នាអំពីពរជ័យមួយចំនួន ដែលបណ្ដាជននៃនគរសេឡេស្ទាលនឹងទទួលបាន ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥៤-៦៨ហើយស្វែងរកពរជ័យទាំងនេះ ។ សូមពិចារណាអំពីការគូសចំណាំពរជ័យទាំងឡាយណា ដែលមានន័យជាពិសេសចំពោះអ្នក ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៦៩–៧០ដោយស្វែងរកអ្វីដែលកើតឡើងចំពោះ អ្នកដែលសក្ដិសមគ្រងនគរសេឡេស្ទាល ។ នៅពេលអ្នកអាន វាអាចនឹងផ្តល់អត្ថប្រយោជន៍ដែលត្រូវដឹងថាពាក្យ ល្អឥតខ្ចោះ នៅក្នុង ខទី ៦៩ ពុំមានន័យថា មិនមានកន្លែងខុសនោះទេ ប៉ុន្តែ វាមានន័យថា ពេញលេញ ។ ( ម៉ាថាយ ៥:៤៨ លេខយោង ខ ពន្យល់ថា ការបកប្រែពីភាសាក្រិកមានន័យថា « ពេញលេញ បញ្ចប់ រីកចម្រើនពេញលេញ » ) ។
ទោះជាពេលដែលយើងប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីរក្សាព្រះបញ្ញត្តិទាំងឡាយមិនធ្វើឲ្យយើងបានល្អឥតខ្ចោះយ៉ាងណាក្ដី ក៏ការប្រឹងប្រែងរបស់យើង ធ្វើឲ្យយើងអាចទទួលបានព្រះគុណរបស់ព្រះអង្គសង្គ្រោះ ហើយបានស្អាតស្អំដោយ « ដង្វាយធួនដ៏ល្អឥតខ្ចោះ តាមរយៈការច្រួចព្រះលោហិតរបស់ព្រះអង្គទ្រង់ » ផ្ទាល់ដែរ (គ. និង ស. ៧៦:៦៩ ) ។ យើងម្នាក់ៗអាចធ្វើឲ្យបានល្អឥតខ្ចោះ តាមរយៈព្រះយេស៊ូវគ្រីស្ទ និង ត្រូវបានតម្កើងឡើងជាមួយក្រុមគ្រួសារនៅក្នុងកម្រិតខ្ពស់ជាងគេនៃនគរសេឡេស្ទាល ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។ សេចក្ដីពិតនេះអាចលើកទឹកចិត្តយើង ឲ្យរក្សាព្រះបញ្ញត្តិ ហើយទទួលបានពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ដើម្បីយើងអាចទទួលបានពរជ័យដ៏មហិមាទាំងនេះ ។ ដូច្នេះ យើងអាចធ្វើឲ្យបានល្អឥតខ្ចោះ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្រោម ចំណងជើង « ការក្លាយទៅជាអ្នកគ្រងនគរសេឡេស្ទាល » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើគោលការណ៍ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦៩–៧០ ពង្រឹងសេចក្ដីជំនឿរបស់អ្នក ហើយបំផុសអ្នកឲ្យស្វែងរកភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាលយ៉ាងដូចម្ដេច ?
-
តើគោលការណ៍ទាំងឡាយដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ជួយយើងឲ្យយកឈ្នះលើការបាក់ទឹកចិត្ត ពេលយើងពុះពារឲ្យបានសិរីល្អសេឡេស្ទាលយ៉ាងដូចម្ដេច ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧១-៨០
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានឃើញការនិមិត្តអំពីនគរទេរេសស្ទ្រាល
ប្រសិនបើអ្នកត្រូវសួរមិត្តភក្ដិរបស់អ្នក ថាតើពួកគេជឿថាពួកគេអាចគ្រងនគរសេឡេស្ទាល—ដើម្បីត្រឡប់ទៅរស់នៅដ៏អស់កល្បជានិច្ចជាមួយព្រះវរបិតាសួគ៌ជាមួយក្រុមគ្រួសាររបស់ពួកគេ—តើអ្នកគិតថា ពួកគេប៉ុន្មាននាក់ដែលនឹងនិយាយថា ពួកគេជឿថាពួកគេអាច ? តើអ្នកជឿថា អ្នក អាចគ្រងនគរសេឡេស្ទាលបានយ៉ាងដូចម្ដេច ?
ប៊ីស្សព យ៉ូសែប អិល វើតលីន ក្នុងគណៈប៊ីស្សពជាអធិបតី បានថ្លែងទីបន្ទាល់ថា « យើងទាំងអស់គ្នា គឺជាអ្នកដែលនឹងចូលទៅក្នុងនគរសេឡេស្ទាល » ( នៅក្នុងរបាយការណ៍សន្និសីទ ខែ មេសា ឆ្នាំ ១៩៥២ ទំព័រ ១១៨ ) ។ អ្នកអាចនឹងចង់សរសេរសេចក្ដីថ្លែងការណ៍នេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ឬ នៅលើគែមនៃព្រះគម្ពីររបស់អ្នក ។
ទោះជាមនុស្សទាំងអស់គឺជាអ្នកដែលនឹងចូលទៅក្នុងនគរសេឡេស្ទាលក្ដី ក៏មនុស្សមួយចំនួនជ្រើសរើសមិនរស់នៅតាមសក្ដានុពលរបស់ខ្លួនដែរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧១រួចគូសចំណាំអ្វីដែលព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានឃើញក្រោយមកទៀតក្នុងការនិមិត្ត ។
សូមកត់ចំណាំអំពីរបៀបដែលបទគម្ពីរទាំងនេះ ប្រើប្រាស់ភាពខុសគ្នារវាងពន្លឺដែលចាំងឆ្លុះពីព្រះចន្ទ និង ពន្លឺដែលជះចេញដោយផ្ទាល់ពីព្រះអាទិត្យ ដើម្បីតំណាងឲ្យភាពខុសគ្នារវាងសិរីល្អនៃនគរទេរេសទ្រាល និង សេឡេស្ទាល ។ ទន្ទឹមនឹងពេលដែលបណ្ដាជននៃនគរសេឡេស្ទាល និង ទេរេសទ្រាល ទាំងពីរត្រូវបានបញ្ចូលទៅក្នុងការរស់ឡើងវិញនៃមនុស្សសុចរិត នោះអ្នកដែលនឹងទទួលបានរូបកាយសេឡេស្ទាល ក៏នឹងរស់ឡើងវិញដោយមានសិរីល្អ និង ពរជ័យកាន់តែប្រសើរជាង អ្នកដែលនឹងទទួលបានរូបកាយខាងទេរេសទ្រាលដែរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧២–៨០ដោយស្វែងរកកត្តាដែលបណ្ដាជននៃនគរទេរេសទ្រាល មានសភាពខុសគ្នាពីបណ្ដាជននៃនគរសេឡេស្ទាល ។
សូមរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧១–៧៩រួចគូសចំណាំអ្វីដែលអ្នករកឃើញអំពី អ្នកដែលនឹងគ្រងនគរទេរេសទ្រាល ។ « ចូរចងចាំថាមានតែព្រះទ្រង់មួយអង្គគត់ ជាព្រះដែលជ្រាបពីដួងចិត្តនៃបុគ្គលម្នាក់ៗ ទើបអាចជំនុំជម្រះដល់បុគ្គលទាំងអស់បាន ( សូមមើល វិវរណៈ ២០:១២; នីហ្វៃទី៣ ២៧:១៤; គ. និង ស. ១៣៧:៩ ) » (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ[ឆ្នាំ ២០០៤ ] ទំព័រ ៩០ ) ។ មានតែព្រះអម្ចាស់ទេ ដែលអាចជ្រាបអំពីដួងចិត្តរបស់យើងបាន ដូច្នេះ យើងគួរតែប្រយ័ត្នដោយមិនវិនិច្ឆ័យលើនគរណាមួយ ដែលយើងជឿថាមនុស្សដទៃនឹងគ្រង ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមនុស្សមួយចំនួនសព្វថ្ងៃនេះ កំពុងត្រូវបានបំភាន់ដោយកលល្បិចនៃមនុស្សយ៉ាងដូចម្ដេច ?
ភាពខុសគ្នាដ៏គួរឲ្យកត់សម្គាល់មួយរវាង មនុស្សដែលនឹងគ្រងនគរសេឡេស្ទាល និង មនុស្សដែលនឹងគ្រងនគរទេរេសទ្រាល គឺជាអ្វីដែលពួកគេប្រព្រឹត្តចំពោះទីបន្ទាល់របស់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទ ។ មនុស្សដែលគ្រងនគរទេរេសទ្រាល « ពុំក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » ឡើយ (គ. និង ស. ៧៦:៧៩ ) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖
« តើភាពក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ មានន័យដូចម្ដេច ?
« វាតម្រូវឲ្យមានភាពអង់អាច និង មោះមុត ដើម្បីប្រើភាពខ្លាំង ថាមពល និង សមត្ថភាពរបស់យើងនៅក្នុងចម្បាំងជាមួយលោកិយ ដើម្បីច្បាំងសម្រាប់សេចក្ដីល្អនៃសេចក្ដីជំនឿ ។… មូលដ្ឋានគ្រឹះដ៏ធំនៃភាពក្លាហាននៅក្នុងបុព្វហេតុនៃសុចរិតភាព គឺជាការគោរពប្រតិបត្តិចំពោះក្រឹត្យវិន័យទាំងអស់នៃដំណឹងល្អទាំងស្រុង ។…
« ដើម្បីមានភាពក្លាហាននៅក្នុងទីបន្ទាល់នៃដំណឹងល្អនៃព្រះយេស៊ូវ គឺត្រូវជឿលើព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ ដោយមានជំនឿស៊ប់ដ៏ខ្ជាប់ខ្ជួន ។ វាតម្រូវឲ្យស្គាល់សច្ចភាព [ ភាពស្មោះត្រង់ ] និង ទេវភាពនៃកិច្ចការរបស់ព្រះអម្ចាស់នៅលើផែនដី ។
« ប៉ុន្តែ វាពុំទាន់អស់នៅឡើយទេ ។ វាលើសពីការជឿ និង ការដឹងទៅទៀត ។ យើងត្រូវតែធ្វើជាអ្នករស់នៅតាមព្រះបន្ទូល ពុំមែនគ្រាន់តែជាអ្នកស្ដាប់នោះឡើយ ។ វាលើសពីការថាបម្រើតែមាត់ វាពុំមែនគ្រាន់តែជាការសារភាពតែនឹងមាត់ពីភាពជាព្រះរាជបុត្រារបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ។ វាគឺជាការគោរពប្រតិបត្តិ និង ការធ្វើតាមវិន័យ និងសេចក្ដីសុចរិតផ្ទាល់ខ្លួន ។…
« ដើម្បីក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវគឺត្រូវ … ‹ កាន់ខ្ជាប់ដរាបដល់ចុងបំផុត › ។ (នីហ្វៃទី ២ ៣១:២០) ។ គឺត្រូវរស់នៅតាមសាសនារបស់យើង ដើម្បីអនុវត្តនូវអ្វីដែលយើងផ្សាយ ដើម្បីរក្សាបទបញ្ញត្តិទាំងឡាយ » (Be Valiant in the Fight of Faith, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ៣៥ ) ។
យើងម្នាក់ៗមានសក្ដានុពលដើម្បីគ្រងនគរសេឡេស្ទាល តាមរយៈជម្រើសដែលយើងធ្វើ ។ ដូចបានបង្រៀននៅក្នុងបទគម្ពីរ ដែលអ្នកបានសិក្សានៅក្នុងមេរៀននេះថា បើយើងមានភាពក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ នោះយើងអាចគ្រងនគរសេឡេស្ទាលនៃព្រះបាន ។ សូមសរសេរបញ្ចូលគោលការណ៍នេះ នៅពីក្រោមចំណងជើង « ការក្លាយទៅជាអ្នកគ្រងនគរសេឡេស្ទាល » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមគិតអំពីមនុស្សដែលអ្នកស្គាល់ ជាបុគ្គលដែលអ្នកចាត់ទុកថាមានភាពក្លាហានក្នុងទីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ ។ តើលក្ខណៈសម្បត្តិ និង ទង្វើបែបណាខ្លះ ដែលបង្ហាញអំពីភាពក្លាហានរបស់គាត់ ?
-
តើអ្វីបានជួយអ្នកឲ្យមានភាពក្លាហាន ក្នុងទីបន្ទាល់របស់អ្នកពីព្រះយេស៊ូវគ្រីស្ទ ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០-៨០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖