ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣ ៖ ថ្ងៃទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៣; ១០


មេរៀន​ទី ៣ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៣; ១០

បុព្វកថា

ចាប់​ពី​ពាក់​កណ្ដាល​ខែ​មេសា រហូត​ដល់​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ ១៨២៨ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ផ្ទាំង​មាស ខណៈ​ពេល​ដែល​កំពុង​រស់នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ប៉ែនសិលវេញ៉ា ។ កសិករ និង អ្នក​ជំនួញ​ដ៏​ធូរធារ​ម្នាក់​ឈ្មោះ​ម៉ាទីស ហារីស បាន​ធ្វើ​ជា​ស្មៀន​ខណៈ​ពេល​ដែល​យ៉ូសែប បាន​បកប្រែ​ព្រះគម្ពីរ​មរមន ។ ម៉ាទីន មាន​វ័យ​ចំណាស់​ជាង​យ៉ូសែប ២២ ឆ្នាំ ហើយ​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​យ៉ូសែប និង​អិមម៉ា ចំនួន ៥០ ដុល្លា (ជា​ចំនួន​ទឹកប្រាក់ដ៏​ច្រើន​នៅជំនាន់​នោះ) ដើម្បីជួយ​ពួក​គេ​ឲ្យ​ផ្លាស់​ទៅកាន់ ភូមិ ហាម៉ូនី រដ្ឋ​ផែនផែនសិលវេញ៉ា​ជា​កន្លែង​ដែល​គ្រួសារ​អិមម៉ាបាន​រស់នៅ ដូច្នេះ​វា​បានជួយ​គាំទ្រ​ដល់ យ៉ូសែប​ខណៈពេ​ល​លោក​បកប្រែ​ផ្ទាំង​ចំណារ ។ ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨២៨ យ៉ូសែប បាន​អនុញ្ញាត​ឲ្យ​ម៉ាទីន​យក​ច្បាប់​ចម្លង​តួអក្សរ​ចេញ​ពី​ផ្ទាំង​ទាំងនោះ​ទៅ​ឲ្យ​ពួក​សាស្ត្រាចារ្យ​នៅ​ទីក្រុង នូវ យ៉ោក ធ្វើ​ការបញ្ជាក់ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៣–៦៥ ) ។ លូស៊ី ហារីស ដែល​ជា​ភរិយា​របស់​ម៉ាទីន បាន​ចាប់ផ្ដើម​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ពី​ចំណាប់​អារម្មណ៍ និង​ការបរិច្ចាគ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ម៉ាទីន​ទៅ​លើ​ការបកប្រែ​ផ្ទាំង​ទាំងនោះ ។ នាង និង មនុស្ស​ដទៃ​ទៀត​បាន​ចាប់ផ្ដើម​ដាក់​សម្ភាធ​ឲ្យ​ម៉ាទីន​រក​ភស្ដុតាង​មក​បញ្ជាក់​ពី​ភាពជាក់ស្ដែង​នៃ​ផ្ទាំង​ទាំងនោះ ។ ដើម្បី​ឲ្យ​ពួកគេ​បាន​ស្កប់​ចិត្ត នៅ​ពាក់​កណ្ដាល​ខែ មិថុនា ម៉ាទីន​បាន​ស្នើ​ឲ្យ​យ៉ូសែប​អនុញ្ញាត​ឲ្យ​គាត់​យក​ច្បាប់​សរសេរ​ដៃ​ចំនួន ១១៦ ទំព័រ ដែល​ពួក​លោក​បាន​បញ្ចប់​ការបកប្រែ​ទៅ​បង្ហាញ​ជា​ភស្ដុតាង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១-៣

យ៉ូសែប ស៊្មីធ បាន​យល់​ថា​កិច្ចការ​របស់​ព្រះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ​បាន​ឡើយ ។

សូម​គិត​ពី​ស្ថានភាព​ដែល​អ្នក​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​ស្ដាប់​តាម​មិត្តភក្ដិ​ជាង​ធ្វើតាម​ឱវាទ ឬ ព្រះបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌ ។ ឧបមា​ថា អ្នក​អាច​នឹង​ត្រូវ​ល្បួង​បណ្ដោយ​ឲ្យ​មិត្ត​ម្នាក់​ចម្លង​កិច្ចការ​ផ្ទះ​របស់​ខ្លួន ឬ​ល្បួង​ឲ្យ​មើល​ភាពយន្ត ឬ វីដេអូ​នៅ​លើ​អ៊ិនធើរណែត​ដែល​មិន​សមរម្យ​ជាមួយ​មិត្តភក្ដិ​របស់​អ្នក ។ ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​មាន​ការលំបាក​ដើម្បី​ប្រឈម​មុខ​នឹង​មិត្តភក្ដិ កាល​ដែល​ពួកគេ​សុំ​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ដឹង​ថា​ជា​រឿង​ខុស​ឆ្គង​ហើយ​នោះ ?

មក​ដល់​ត្រឹម​ពាក់​កណ្ដាល​ខែ មិថុនា ឆ្នាំ ១៨២៨ ព្យាការី យ៉ូសែប ស៊្មីធ ដែល​មាន​ម៉ាទីន ហារីស ជា​ស្មៀន បាន​បកប្រែ​ច្បាប់​សរសេរ​ដៃ​ចំនួន ១១៦ ទំព័រ​ចេញ​ពី​ផ្ទាំង​មាស ។ ម៉ាទីន បាន​សុំ​យ៉ូសែប អនុញ្ញាត​ឲ្យ​លោក​យក​សំណៅ​សរសេរ​ដៃ​នោះ​ទៅ « អាន​ឲ្យ​មិត្ត​របស់​គាត់​ដែល [ ប្រហែលជា ] គាត់​អាច​ផ្លាស់ប្រែ​ចិត្ត​គំនិត​របស់​ពួកគេ​ឲ្យ​ជឿ​លើ​សេចក្ដីពិត » ( ប្រវត្តិ វ៉ុល ១ ៖ យ៉ូសែប ស្ម៊ីធ ប្រវត្តិ ឆ្នាំ ១៨៣២–១៨៤៤ វ៉ុល ១ នៃ​ប្រវត្តិ​របស់ The Joseph Smith Papers [ ឆ្នាំ ២០១២ ] ទំព័រ ១៥ ) ។ យ៉ូសែប បាន​ទូល​អង្វរ​ដល់​ព្រះអម្ចាស់​តាម​សំណើ​របស់​ម៉ាទីន ប៉ុន្តែ​លោក​ត្រូវ​បាន​ប្រាប់​ថា​កុំ​ឲ្យ​សំណៅ​សរសេរ​ដៃ​នោះ​ទៅ​មនុស្ស​ផ្សេង​ឲ្យ​សោះ ។ ម៉ាទីន បាន​បញ្ចុះបញ្ចូល​ឲ្យ​យ៉ូសែប​ទូល​សូម​ព្រះអម្ចាស់​ម្ដង​ទៀត—ដែល​ក្រោយ​មក​ទទួល​បាន​ចម្លើយ​បដិសេធ​ពី​ព្រះអម្ចាស់​ជា​លើក​ទី​ពីរ ។ ម៉ាទីន បាន​បញ្ចុះបញ្ចូល​ឲ្យ​យ៉ូសែប​សូម​ម្ដងទៀត ហើយ​សម្រាប់​សំណើ​ជា​លើក​ទី​បី​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ការអនុញ្ញាត​ឲ្យ​ម៉ាទីន​យក​សំណៅ​សរសេរ​ដៃ​នោះ​បាន តែ​ក្នុង​ករណី​ដែល​គាត់​បង្ហាញ​ច្បាប់​សរសេរ​ដៃ​នោះ​ទៅ​កាន់​ភរិយា និង​សមាជិក​គ្រួសារ​របស់​គាត់​មួយ​ចំនួន​ប៉ុណ្ណោះ ។ ប៉ុន្តែ ម៉ាទីន បាន​រំលង​ពាក្យ​សច្ចា រួច​ក៏​បាន​ធ្វើ​ឲ្យ​បាត់​សំណៅ​សរសេរ​ដៃ​នោះ​ទៅ ។ ដោយសារ​តែ​យ៉ូសែប ពុំ​បាន​ធ្វើតាម​ឱវាទ​របស់​ព្រះអម្ចាស់​តាំង​តែ​ពី​ដំបូង​មក​នោះ តែ​បែរ​ជា​ចោល « អ្វី​ដែល​ពិសិដ្ឋ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិត » ( គ. និង ស. ៣:១២ ) នោះ​មរ៉ូណៃ​បាន​ដកហូត​យក​ផ្ទាំងចំណារ ថែមទាំង​យូរីម និង ធូមីម ពី​ព្យាការី ។ ទោះជាយ៉ាងណាក៏ដោយ ក៏​យ៉ូសែប​ត្រូវ​បាន​ប្រាប់​ថា​លោក​អាច​ទទួល​បាន​វត្ថុ​ទាំង​នោះ​វិញ ប្រសិនបើ​លោក « មាន​ចិត្ត​ទន់ទាប និង វិប្បដិសារី » ( លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, ed. Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ១៣៤ ) ។

ម៉ាទិន ហារីស

ដោយ​គិត​ពី​អ្វី​ដែល​អ្នក​ដឹង​ពី​ម៉ាទិន ហារីស និង​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់​យ៉ូសែប ស្ម៊ីធ តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​យ៉ូសែប ទទូច​អង្វរ​ដល់​ព្រះ​ថា​តើ​ម៉ាទិន​អាច​យក​សំណៅ​សរសេរ​ដៃ​នោះ​បាន​ដែរ​ឬ​ទេ ទោះ​ជា​ព្រះ​បាន​ប្រទាន​ចម្លើយ​យ៉ាង​ច្បាស់​ដល់​លោក​ជា​លើក​ទី​មួយ និង​ទី​ពីរ​ហើយ​នោះ ?

បន្ទាប់​ពី​ទំព័រ​ទាំង ១១៦ បាន​បាត់ ព្យាការី​បាន​មាន​ការប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ព្រលឹង​របស់​លោក ។ ក្នុង​ខែ កក្កដា ឆ្នាំ ១៨២៨ មរ៉ូណៃ បាន​ប្រគល់ យូរីម និង ធូមីម មក​ឲ្យ​យ៉ូសែប​វិញ​ជា​បណ្ដោះ​អាសន្ន​ក្នុង​គោលបំណង​ឲ្យ​លោក​ទទួល​បាន​វិវរណៈ​ដែល​មាន​ចែង​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣:១–៣ រួច​កត់ចំណាំ​ពី​សេចក្ដីពិត​មួយ​ដែល​ព្រះ​បាន​ត្រាស់សម្ដែង​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ ។

យើង​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា គោលបំណង​ទាំងឡាយ​របស់​ព្រះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ​បាន​ឡើយ ។ ដូច​បាន​ប្រើ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣:១ វា​អាច​ជួយ​យើង​ឲ្យ​យល់​ថា ពាក្យ ស្មុគស្មាញ មាន​ន័យ​ថា ទប់ស្កាត់​ពី​ការសម្រេច​បាន​ជោគជ័យ ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​របៀប​ដែល​សេចក្ដីពិត​នេះ​អាច​លួងលោម​ចិត្ត​ដល់​យ៉ូសែប ស៊្មីធ នៅ​គ្រា​នោះ ។ តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការបម្រើ​ដល់​ព្រះអម្ចាស់​ក៏​ត្រូវ​យល់​ផងដែរ​ថា គម្រោងការណ៍​របស់​ព្រះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ​បាន​ឡើយ​នោះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៤-១៥

ព្រះអម្ចាស់​បន្ទោស​ដល់​យ៉ូសែប ស្ម៊ីធ ហើយ​ទូន្មាន​ឲ្យ​លោក​ប្រែចិត្ត

ទោះជា​ព្រះអម្ចាស់​បាន​លួងលោម​ដល់​យ៉ូសែប​ក្ដី ក៏​ទ្រង់​មាន​ព្រះទ័យ​ឲ្យ​ព្យាការី​វ័យ​ក្មេង​រូប​នេះ​យល់​ពី​កំហុស​ដែល​លោក​បាន​ធ្វើ និង​លទ្ធផល​មក​ពី​កំហុស​ទាំងនោះ​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៤–៦ រួច​ស្វែងរក​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​អាច​ជា​ពាក្យ​ដ៏​ពិបាក​ស្ដាប់​សម្រាប់​យ៉ូសែប ស្ម៊ីធ ។

ឥឡូវ​នេះ​សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣:១២–១៥ រួច​ស្វែងរក​មូលហេតុ​ដែល​ទង្វើ​របស់​យ៉ូសែប​មាន​សភាព​ធ្ងន់ធ្ងរ​ចំពោះ​ព្រះនេត្រ​ព្រះអម្ចាស់ ។ វា​ក៏​អាច​ជា​ប្រយោជន៍​ផង​ដែរ ក្នុង​ការ​យល់​ពី​អត្ថន័យ​ដែល​ព្រះអម្ចាស់​ចង់​មាន​ន័យ កាល​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​ម៉ាទីន ហារីស ថា​ជា « មនុស្ស​ទុច្ចរិត » ( គ. និង ស. ៣:១២ ) ។ ម៉ាទីន ពុំ​មែន​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រព្រឹត្ត​បាប ដែល​ពុំ​ចេះ​ទទួល​កំហុស ឬ ជា​មនុស្ស​អសីលធម៌​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ គាត់​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​បាប​ដោយ​ការបណ្ដោយ​ខ្លួន​ទៅ​តាម​ភាពទន់ខ្សោយ​ដែល​មាន​ក្នុង​ខ្លួន​គាត់ រួមបញ្ចូល​ទាំង​ភាពអួតអាង​ផងដែរ ។ ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣:១៣ សូម​កត់ចំណាំ​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ពន្យល់​ពី​របៀប​ដែល​ម៉ាទីន​ជា​មនុស្ស​ទុច្ចរិត ។

ព្រះអម្ចាស់​បាន​រំឭក​យ៉ូសែប ពី​អ្វី​ដែល​លោក​គួរ​តែ​បាន​ធ្វើ​កាល​លោក​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​ម៉ាទីន ហារីស ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៧ រួច​បំពេញ​សេចក្ដីពិត​តទៅ​នេះ​ដោយ​ផ្អែក​ទៅ​លើ​ឱវាទ​របស់​ព្រះអម្ចាស់​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ ៖ យើង​គួរ​ខ្លាច​ព្រះ​ជាង .អ្នក​អាច​គូសចំណាំ​ពាក្យ ឬ ឃ្លា​ក្នុង ខ​ទី ៧ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ។

ការពន្យល់​ខាង​ក្រោម​នេះ​ពី អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ​បាន​កាន់តែ​ច្បាស់ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« មាន​កន្លែង​ជា​ច្រើន​ក្នុង​ព្រះគម្ពីរ​ដែល​ទូន្មាន​ដល់​មនុស្ស​លោក​ឲ្យ​ចេះ​កោតខ្លាច​ដល់​ព្រះ ។ ក្នុង​សម័យ​យើង​នេះ យើង​បកស្រាយ​អត្ថន័យ​នៃ​ពាក្យ កោតខ្លាច ថា​ជា ‹ ការគោរព › ឬ ‹ គារវភាព › ឬ ‹ សេចក្ដី​ស្រឡាញ់ › ដែល​ការកោតខ្លាច​ដល់​ព្រះ មាន​ន័យ​ថា សេចក្ដី​ស្រឡាញ់​ដល់​ព្រះ ឬ ការគោរព​ដល់​ទ្រង់ រួមទាំង​ក្រឹត្យវិន័យ​របស់​ទ្រង់ ។ ជាញឹកញាប់ នោះ​អាច​ជាការ​អាន​ដ៏​ត្រឹមត្រូវ​មួយ ប៉ុន្តែ​ខ្ញុំ​ងឿង​ឆ្ងល់​ពេល​ខ្លះ បើពាក្យ ខ្លាចពុំមាន​ន័យពិត​ថាជាខ្លាច នៅពេល​ពួកព្យាការី​និយាយ​អំពី​ការ​ភ័យខ្លាច​ធ្វើ​ឲ្យ​ព្រះ​អាក់អន់​ព្រះទ័យ ដោយការ​មិន​គោរព​បទបញ្ញត្តិ​របស់​ទ្រង់​នោះ ។…

« …យើង​គួរ​តែ​ស្រឡាញ់ និង​មាន​គារវភាព​ចំពោះ​ទ្រង់ ដែល​យើង​ខ្លាច​ក្នុងការ​ធ្វើអ្វីមួយខុស​នៅចំពោះ​ព្រះនេត្រទ្រង់ មិន​ថា​អាចនឹង​មាន​គំនិត ឬ​សម្ពាធ​មកពី​អ្នក​ដទៃ​យ៉ាងណា​នោះទេ » ( “A Sense of the Sacred” [ ការប្រជុំ​ពិសេស​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​ពួក​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៤ ] ទំព័រ ៦–៧ ) ។

  1. journal iconសូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​ការកោតខ្លាច ការមាន​ន័យ​ថា សេចក្ដី​ស្រឡាញ់ និង​ការមាន​គារវភាព និង​ការខ្លាច​ញញើត​ថា​នឹង​ធ្វើ​ឲ្យ​ព្រះ​អាក់អន់​ព្រះទ័យ ដូច​បាន​ពន្យល់​ដោយ​អែលឌើរ គ្រីស្តូហ្វឺសិន អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ជម្រើស​ត្រឹមត្រូវ​ទោះជា​មាន​សម្ពាធ​ពី​សំណាក់​មនុស្ស​ដទៃ​យ៉ាងណាក្ដី ។

យ៉ូសែប ស៊្មីធ ត្រូវ​បាន​ប្រាប់​ពី​ការណ៍​ដែល​ព្រះ​នឹង​ធ្វើ ប្រសិនបើ​យ៉ូសែប បាន​ស្ដាប់​តាម​ចម្លើយ​មក​ពី​ទ្រង់​ចំពោះ​សំណើ​ដំបូង​របស់ ម៉ាទិន ហារីស ។ សូម​គូសចំណាំ​ការអះអាង​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៨ ។

  1. journal iconចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៨សូម​បំពេញ​គោលការណ៍ « បើសិនជា-នោះ/ខណៈនោះ » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា ៖ បើសិន​ជា​យើង​ស្មោះត្រង់​នឹង​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ នោះ…

សូម​គិត​អំពី​គ្រា​មួយ ឬ គ្រា​ជា​ច្រើន​ដែល​អ្នក​បាន​ជ្រើសរើស​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ជាង​ធ្វើតាម​ការបញ្ចុះបញ្ចូល ឬ ឥទ្ធិពល​ពី​សំណាក់​មនុស្ស​ដទៃ ។ តើ​អ្នក​ធ្លាប់​បាន​ឃើញ​ថា​ការសន្យា​នេះ​ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ជីវិត​របស់​អ្នក​តាម​របៀប​ណា ?

  1. journal iconនៅ​ដើម​មេរៀន​នេះ អ្នក​ត្រូវបាន​សូម​ឲ្យ​គិត​ពី​ស្ថានភាព​ដែល​អ្នក​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​ស្ដាប់​តាម​មិត្តភក្ដិ​ជាង​គោរពប្រតិបត្តិតាម​ព្រះវរបិតាសួគ៌ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​ដែល​អ្នក​បាន​សិក្សា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៨ អាច​ជួយ​អ្នក កាល​ដែល​អ្នក​ត្រូវ​បាន​ល្បួង ឬ ទទួល​រង​សម្ពាធ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ដឹង​ថា​ជា​រឿង​មិន​ត្រឹមត្រូវ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៩–១១ រួច​ស្វែងរក​ការសន្យា​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ថ្វី​បើ​លោក​បាន​ធ្វើ​កំហុស​ដ៏​ធ្ងន់ធ្ងរ​ក៏​ដោយ ។ សូម​គិត​អំពី​របៀប​ដែល​ការសន្យា​នេះ​អនុវត្ត​ចំពោះ​យើង​កាល​យើង​ប្រព្រឹត្ត​បាប ឬ ធ្វើ​កំហុស ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៣:១៦-២០

ព្រះអម្ចាស់​ពន្យល់​ពី​គោលបំណង​ទ្រង់​ចំពោះ​ព្រះគម្ពីរ​មរមន

ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣:១៦–២០ គោលបំណង​របស់​ព្រះអម្ចាស់​ចំពោះ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ពន្យល់​ប្រាប់ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ រួច​ស្វែងរក​មូលហេតុ​ដែល​កិច្ចការ​ដែល យ៉ូសែប ស្ម៊ីធ កំពុង​ធ្វើ​មាន​សារៈសំខាន់​ចំពោះ​ព្រះអម្ចាស់ និង​រាស្ត្រ​របស់​ទ្រង់ខ្លាំង​ម្ល៉េះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:១-៤

ព្រះអម្ចាស់​ប្រទាន​អំណោយទាន​ដល់​យ៉ូសែប​ដើម្បី​បកប្រែ​ម្ដងទៀត

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ផ្ទាំងចំណារ​ព្រះគម្ពីរ​មរមន រួម​ទាំង​យូរីម និង ធូមីម ត្រូវបាន​ប្រទាន​ដល់​លោក​វិញ នោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​ការដឹកនាំ​ពី​ព្រះអម្ចាស់​ស្ដីពី​កិច្ចការ​ដែល​លោក​ត្រូវ​ធ្វើ​អំពី​ចំណែក​នៃ​ផ្ទាំងចំណារ​ដែល​ទាក់ទង​នឹង​ទំព័រ​សរសេរដៃ​ដែល​បាន​បាត់​ទៅ​ហើយ​នោះ ។ ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​ឲ្យ​យ៉ូសែប​កុំ​បកប្រែ​ចំណែក​នោះ រួច​ទ្រង់​បាន​បើក​សម្ដែង​ពី​ផែនការ​សម្ងាត់​របស់​សាតាំង​ដែល​ចង់​បំផ្លាញ​កិច្ចការ​របស់​ព្រះ ។ ក្រោយ​មក​ទ្រង់​បាន​ត្រាស់​បញ្ជា​ឲ្យ​យ៉ូសែប បកប្រែ​ផ្ទាំងចំណារ​តូច​នៃ​នីហ្វៃ​ដែល​នឹង​ត្រូវ​ប្រើ​ជំនួស​ឲ្យ​ទំព័រ​ទាំង ១១៦ ដែល​បាន​បាត់​នោះ ហើយ​ទ្រង់​បាន​ពន្យល់​ពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន និង​តួនាទី​របស់​វា​ក្នុង​ការស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ឡើង ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:១–២ ព្រះអម្ចាស់​បាន​រំឭក​យ៉ូសែប​ពី​មូលហេតុ​ដែល​អំណាច​នៃ​ការបកប្រែ​ត្រូវបាន​ដក​ចេញ​ពី​លោក និង​ពី​អ្វី​ដែល​បាន​កើតឡើង​ដែល​ជា​លទ្ធផល​មក​ពី​កំហុស​របស់​លោក ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣-៤ រួច​ស្វែងរក​ឱវាទ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ កាល​លោក​ចាប់ផ្ដើម​បកប្រែ​សាជាថ្មី ។

តើ​វិប្បដិសារី​របស់​យ៉ូសែប​ដែល​មាន​ចំពោះ​ការបាត់បង់​ច្បាប់​សរសេរដៃ អាច​ធ្វើ​ឲ្យ​លោក​មាន​បំណង​ប្រាថ្នា​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​កិច្ចការ​បកប្រែ​របស់​លោក​យ៉ាង​ដូចម្ដេច ? ព្រះអម្ចាស់​បាន​ជ្រាប​ថា យ៉ូសែប ស៊្មីធ មាន​កិច្ចការ​អាទិភាព​ជា​ច្រើន​ក្នុង​ជីវិត​ដូចជា​ការមើលថែ​ភរិយា និង​ផ្គត់ផ្តង់​ជីវិត​រស់នៅ ហើយ​ទ្រង់​បាន​ទូន្មាន​លោក​កុំ​ឲ្យ​ធ្វើការ ឬ បកប្រែ​លើស​ពី​កម្លាំង​ដែល​លោក​មាន​ឡើយ ។ តើ​ដំបូន្មាន​ដែល​ថា​មិន​ឲ្យ​យើង​រត់​លឿន​ជាង​កម្លាំង​ដែល​យើង​មាន អាច​ដឹកនាំ​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៥-៣៧

សាតាំង​ព្យាយាម​បំផ្លាញ​យ៉ូសែប ស្ម៊ីធ និង កិច្ចការ​របស់​ព្រះ

តើ​អង្គប់ ឬ អន្ទាក់​ដូច​ក្នុង​រូបភាព​នេះ អាច​តំណាង​ឲ្យ​គោលបំណង​របស់​សាតាំង​ដែល​មាន​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

អង្គប់​កណ្ដុរ និង​ឈីស

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ ធ្វើ​ដើម្បី​ចៀស​ផុត​ពី​អង្គប់​របស់​សាតាំង ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ​មួយ ) ។

សូម​បំពេញ​គោលការណ៍​តទៅ​នេះ​ដោយ​ផ្អែក​លើ​អ្វី​ដែល គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ បង្រៀន​អំពី​ពរជ័យ​ដែល​អាច​កើត​មាន​ពី​ការអធិស្ឋាន ៖ នៅ​ពេល​យើង​អធិស្ឋាន​ជានិច្ច .អ្នក​អាច​កត់ចំណាំ​ពាក្យ ឬ ឃ្លា​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ។

ព្រះអម្ចាស់​បាន​ដាស់តឿន​យ៉ូសែប ពី​អង្គប់​របស់​សាតាំង​ដែល​បាន​ដាក់​ដើម្បី​បំផ្លាញ​យ៉ូសែប និង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៦, ១០–១៩ រួច​ស្វែងរក​ផែនការ​របស់​ជន​ទុច្ចរិត​ទាំងឡាយ ដែល​ពេល​នោះមាន​ការចង់បាន​ច្បាប់​សរសេរដៃ​ដែល ម៉ាទិន ហារីស បាន​យក​ទៅ​ផ្ទះ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:២០–២៩ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​ឥទ្ធិពល​របស់​សាតាំង​ដែល​មាន​ទៅ​លើ​ជន​ដែល​បាន​លួច​យក​ទំព័រ​ទាំង ១១៦ នៃ​ច្បាប់​សរសេរ​ដៃ ។ ទ្រង់​ក៏​បាន​បើក​បង្ហាញ​ពី​គោលបំណង​របស់​សាតាំង​ផងដែរ ។ យើង​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា សាតាំង​ចង់​បំផ្លាញ​កិច្ចការ​របស់​ព្រះអម្ចាស់ និង​ព្រលឹង​របស់​យើង ។

  1. journal iconតើ​ការស្គាល់​ពី​គោលបំណង​របស់​សាតាំង និង​កលល្បិច​របស់​វា ជួយ​អ្នក​ឲ្យ​ចៀសវាង និង​រួច​ផុត​ពី​អង្គប់​របស់​វា​បាន​យ៉ាង​ដូចម្ដេច ? សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ផែនការ​ដែល​អ្នក​អាច​អនុវត្ត ដើម្បី​ចៀសវាង ឬ រួចផុត​ពី​អង្គប់​របស់​វា ដែល​មាន​ដូចជា ចៀសវាង​ការមើល​រូបភាព​អសីលធម៌​ប្រសិនបើ​វា​លេច​ឡើង​នៅ​ពី​មុខ​អ្នក ឬ ទៅ​កន្លែង​ដែល​អ្នក​ដឹង​ថា​មិន​គួរ​ទៅ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣០–៣៧ យើង​ស្វែងយល់​ថា ដោយសារតែ​ផែនការ​ជន​ទុច្ចរិត​ទាំងនោះ​ដើម្បី​បំផ្លាញ​កិច្ចការ​របស់​ព្រះ និង​កិត្តិនាម​របស់​យ៉ូសែប ស្ម៊ីធ នោះ​ហើយ ទើប​ព្រះអម្ចាស់​ត្រាស់​បញ្ជា​កុំ​ឲ្យ​ព្យាការី​បកប្រែ​ចំណែក​នៃ​ផ្ទាំងចំណារ​ដែល​មាន​ចារ​នៅ​លើ​ទំព័រ​ដែល​បាន​បាត់​នោះ​ឡើយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣៨-៤៥

ព្រះអម្ចាស់​បញ្ជា​ឲ្យ​យ៉ូសែប ស្ម៊ីធ បកប្រែ​ផ្ទាំង​នីហ្វៃ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣៨–៤២ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ឲ្យ​យ៉ូសែប ស្ម៊ីធ បកប្រែ​ជំនួស​ឲ្យ​ចំណែក​នៃ​ផ្ទាំង​ដែល​ត្រូវបាន​បកប្រែ​នៅ​លើ​ច្បាប់​សរសេរដៃ​ដែល​បាន​បាត់​នោះ ។

ឯកសារ​ដែល​បាន​បាត់​នោះ​មាន​នូវ​ការបកប្រែ​នៃ​ព្រះគម្ពីរ​លីហៃ ដែល​មាន​នៅ​ក្នុង​ការសង្ខេប​របស់​មរមន សម្រាប់​ផ្ទាំង​ធំ​នៃ​នីហ្វៃ ( មាន ៦០០ ឆ្នាំ ម. គ. ស. ដល់ ១៣០ ឆ្នាំ ម. គ. ស. ) ។ នីហ្វៃ​ត្រូវបាន​បំផុសគំនិត​ឲ្យ​សរសេរ​ផ្ទាំង​តូច​នៃ​នីហ្វៃ ហើយ​មរមន​ត្រូវបាន​បំផុសគំនិត​ឲ្យ​បញ្ចូល​ផ្ទាំង​តូច​នៃ​នីហ្វៃ​ទៅ​ក្នុង​បញ្ជី​ប្រវត្តិ​របស់​លោក​សម្រាប់ « គោលបំណង​ដ៏​សំខាន់​មួយ » ដែល​កាល​នោះ​ពួកលោក​ពុំ​បាន​យល់​ច្បាស់​នោះ​ទេ ( សូម​មើល នីហ្វៃទី១ ៩:៥; ពាក្យសម្ដី​នៃ​មរមន ១:៣–៧) ។ ផ្ទាំង​តូច​នៃ​នីហ្វៃ​មាន​រយៈ​ពេល​ស្ទើរតែ​ដូចគ្នា ( ចាប់ពី ៦០០ ឆ្នាំ ម. គ. ស. ដល់ ១៣០ ឆ្នាំ ម. គ. ស. ) នឹង​គម្ពីរ​លីហៃ​ដែរ ។

តើ​ការដឹង​ថា ព្រះ​បាន​រៀបចំ​ផ្លូវ​ទុក​ជាមុន​រយៈ​ពេល​រាប់ពាន់​ឆ្នាំ​ដើម្បី​ទូទាត់​នឹង​សំណៅ​សរសេរដៃ​ទាំង ១១៦ ទំព័រ​ដែល​បាន​បាត់​នោះ ជួយ​អ្នក​ឲ្យ​ទុកចិត្ត​លើ​ទ្រង់​កាន់តែ​ខ្លាំង​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៤៦-៧០

ព្រះអម្ចាស់​ពន្យល់​ពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន និង​ពី​តួនាទី​របស់​វា​ក្នុង​ការស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៤៦–៧០ យើង​ស្វែងយល់​ថា ព្រះអម្ចាស់​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​របស់​ពួក​សិស្ស​សាសន៍​នីហ្វៃ​របស់​ទ្រង់ ដោយ​បាន​ថែរក្សា និង នាំ​យក​ព្រះគម្ពីរ​មរមន​មក​ឲ្យ​យើង​ក្នុង​ជំនាន់​នេះ ។ ព្រះអម្ចាស់​បាន​បង្រៀន​ព្យាការី យ៉ូសែប ស៊្មីធ ថា ព្រះគម្ពីរ​មរមន « នាំ​មក​ឯ​ពន្លឺ​ឲ្យ​ឃើញ​នូវ​ចំណុច​ដ៏​ពិត​អំពី​គោលលទ្ធិ​របស់ [ ទ្រង់ ] » ( គ. និង ស. ១០:៦២) ។ ព្រះអង្គសង្គ្រោះ​បាន​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ​ដោយ​ផ្អែក​ទៅ​លើ​ចំណុច​នៃ​គោលលទ្ធិ​ទាំងនោះ ។

scripture mastery icon
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥

  1. journal iconសូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ ឡើង​វិញ រួច​សរសេរ​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​គ្រា​មួយ​ដែល​ការអធិស្ឋាន​បាន​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​សាតាំង ។

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖