មេរៀនទី ២០ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧
បុព្វកថា
ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧ នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៨៣៣ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រទានការណែនាំ និង ការលើក ទឹកចិត្តដល់ ប៉ាលី ភី ប្រាត្ត ដែលធ្វើជាអធិបតីលើសាលាសម្រាប់បងប្អូនប្រុសក្នុងបព្វជិតភាពនៅរដ្ឋ មិសសួរី និង សម្រាប់ពួកបងប្អូនប្រុស ដែលបានចូលរួមនៅក្នុងសាលានោះ ។ ព្រះអម្ចាស់ក៏បានគូសបញ្ជាក់អំពីព្រះឆន្ទៈរបស់ទ្រង់ ដែលមានព្រះទ័យឲ្យ ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី សាងសង់ព្រះវិហារបរិសុទ្ធ ។ ទ្រង់បានសន្យាថា បើពួកគេបានធ្វើដូច្នោះ ហើយបើដួងចិត្តរបស់ពួកគេបរិសុទ្ធ នោះសិរីល្អ និង វត្តមានរបស់ទ្រង់នឹងគង់សណ្ឋិតនៅទីនោះ ។
សាលាសម្រាប់ពួកអែលឌើរ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១-៩
ព្រះអម្ចាស់បង្រៀនសមាជិកអំពី សាលានៃពួកអែលឌើរនៅរដ្ឋ មិសសួរី អំពីអ្វីដែលពួកគាត់ត្រូវតែធ្វើដើម្បីទទួលយកទ្រង់
បើអ្នកត្រូវបង្រៀនមិត្តភក្ដិម្នាក់ អំពីរបៀបធ្វើជាសិស្សល្អ នោះតើឥរិយាបថ និង អាកប្បកិរិយាបែបណាខ្លះ ដែលអ្នកនឹងលើកទឹកចិត្តមិត្តភក្ដិអ្នកឲ្យបង្កើន ?
នារដូវរងាក្នុងឆ្នាំ ១៨៣២-៣៣ ព្រះអម្ចាស់បានណែនាំថ្នាក់ដឹកនាំសាសនាចក្រ ឲ្យបង្កើតសាលានៃពួកព្យាការីនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ នៅក្រោមការដឹកនាំរបស់ព្យាការី យ៉ូសែប ស៊្មីធ, ប៉ាលី ភី ប្រាត្ត ពួកលោកទាំងពីរបានដឹកនាំសាលាមួយដែលស្រដៀងនេះ នៅទីក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ សាលានេះត្រូវបានហៅថា សាលានៃពួកអែលឌើរ ។ សមាជិកក្នុងសាលានៃពួកអែលឌើរនេះ បានសរសេរសំបុត្រជាច្រើនច្បាប់ទៅកាន់ យ៉ូសែប ស៊្មីធ ដែលនៅរដ្ឋ អូហៃអូ ។ ដើម្បីឆ្លើយតបទៅវិញ លោកបានផ្ញើសំបុត្រមួយច្បាប់ដែលមានវិវរណៈ ដែលសព្វថ្ងៃនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១រួចស្វែងរកថាតើព្រះអម្ចាស់បានមានព្រះបន្ទូលពិពណ៌នាយ៉ាងដូចម្ដេចខ្លះ អំពីពួកបងប្អូនប្រុសជាច្រើននៅរដ្ឋ មិសសួរី ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២រួចស្វែងរកអ្វី ដែលព្រះអម្ចាស់បានសន្យាដល់បុរសទាំងនេះ ប្រសិនបើពួកគាត់បន្តមានចិត្តស្មោះត្រង់នោះ ។
ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១–២យើងរៀនថា បើយើងបន្ទាបខ្លួន ហើយព្យាយាមស្វែងរក ដើម្បីរៀន នោះយើងនឹងទទួលបានប្រាជ្ញា និង សេចក្ដីពិត ។ អ្នកអាចនឹងចង់គូសចំណាំគោលការណ៍នេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីបានជាមានសារៈសំខាន់ចំពោះអ្នក ដែលត្រូវទទួលបានប្រាជ្ញា និង សេចក្ដីពិត ?
-
តើអ្នកគិតថា ការបន្ទាបខ្លួន និង ភាពឧស្សាហ៍ព្យាយាម នឹងជួយអ្នកទទួលបានប្រាជ្ញា និង សេចក្ដីពិតយ៉ាងដូចម្ដេច ?
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៣-៥ ដើម្បីដឹងថាតើព្រះអម្ចាស់មានព្រះទ័យយ៉ាងដូចម្ដេច អំពីការបម្រើរបស់ ប៉ាលី ភី ប្រាត្ត និង អ្វីដែលព្រះអម្ចាស់បានសន្យានឹងបងប្រុស ប្រាត្ត ។
ដូចជា ប៉ាលី ភី ប្រាត្ត ដែរ ពួកគេអាចដឹងថា ព្រះអម្ចាស់សព្វព្រះទ័យនឹងអ្នក នៅពេលអ្នកបន្ដដើរតាមទ្រង់ ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៧, ៩ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូររូបដើមឈើទាំងឡាយ ដែលមានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។ ( បើអ្នកពុំចង់គូរទេនោះ អ្នកអាចសរសេរកថាខណ្ឌចំនួនពីរ ដែលពិពណ៌នាអំពីដើមឈើទាំងនេះ ) ។
ដើមឈើទាំងពីរប្រភេទនោះ តំណាងឲ្យសមាជិកសាសនាចក្រ ចំណែកឯផ្លែនោះឯង គឺជាកិច្ចការ និង ទង្វើរបស់សមាជិក ។ សូមចងចាំថា ពួកបរិសុទ្ធជាច្រើននៅរដ្ឋ មិសសួរី បានបន្ទាបខ្លួន ហើយមានចិត្តស្មោះត្រង់ ។ ទោះជាយ៉ាងណាក៏ដោយ ពួកបរិសុទ្ធខ្លះទៀត បែរជាមានភាពឆ្មើងឆ្មៃ ហើយមិនគោរពប្រតិបត្តិ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៦-៧រួចពិចារណាលើសារលិខិតនានា ដែលអ្នករកឃើញនៅក្នុងខគម្ពីរទាំងនេះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៨-៩រួចពិចារណាលើសារលិខិតនានា ដែលអ្នករកឃើញនៅក្នុងខគម្ពីរទាំងនេះ ។
-
តើព្រះអម្ចាស់បានសន្យាដល់ពួកបងប្អូនប្រុសទាំងនេះយ៉ាងដូចម្ដេច បើពួកគាត់បន្តដើរតាមទ្រង់ ? នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរប្រយោគចំនួនពីរ ឬ បី ដោយពន្យល់ថាតើ សេចក្ដីអត្ថាធិប្បាយអំពីដើមឈើ និង បរិយាកាសនៅជុំវិញវាក្នុង ខទី ៩ អាចលើកទឹកចិត្តអ្នកឲ្យមានចិត្តកាន់តែស្មោះត្រង់យ៉ាងដូចម្ដេច ។
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨តើលក្ខណៈសម្បត្តិមួយចំនួននៃបុគ្គល ដែលទទួលយកព្រះអម្ចាស់មានអ្វីខ្លះ ? ដើម្បីឆ្លើយសំណួរនេះ សូមសរសេរពាក្យ ដែលបញ្ចប់គោលការណ៍នេះ ៖ ដើម្បីទទួលយកព្រះអម្ចាស់ យើងត្រូវតែ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការលះបង់អ្វីខ្លះ ដែលអ្នកបានធ្វើដើម្បី « គោរពតាមសេចក្ដីសញ្ញា [ របស់អ្នក ] » ( គ. និង ស. ៩៧:៨ ) ?
សូមពិចារណាអំពីគោលជំហរបស់អ្នកនៅចំពោះព្រះ ។ សូមគិតអំពីរបៀប ដែលអ្នកអាចអនុវត្តគោលការណ៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១០-២១
ព្រះអម្ចាស់គូសបញ្ជាក់អំពីព្រះឆន្ទៈរបស់ទ្រង់ ដែលមានព្រះទ័យឲ្យ ពួកបរិសុទ្ធនៅទីក្រុង ស៊ីយ៉ូន សាងសង់ព្រះវិហារបរិសុទ្ធ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១០–១២ដោយស្វែងរកការលះបង់ ដែលព្រះអម្ចាស់បានតម្រូវពីពួកបរិសុទ្ធនៅទីក្រុង ស៊ីយ៉ូន ( រដ្ឋ មិសសួរី ) ។ នៅក្នុងខគម្ពីរទាំងនេះ ពាក្យ ដង្វាយមួយភាគដប់ សំដៅទៅលើដង្វាយនានាជាទូទៅ ពុំមែនសំដៅទៅលើ ១០ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់បុគ្គលម្នាក់ ដែលបានយល់ថាជាក្រឹត្យវិន័យដង្វាយមួយភាគក្នុងដប់ ដែលត្រូវបានបើកសម្ដែងក្រោយមកទៀតនោះទេ ( សូមមើល គ. និង ស. ១១៩ ) ។ បរិមាណច្រើនជាងមួយភាគដប់នៃធនធានរបស់ពួកបរិសុទ្ធ ត្រូវបានតម្រូវ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ រួមបញ្ចូលទាំងដង្វាយនៃពេលវេលា និង ការងាររបស់ពួកគេដែរ ។
សូមចងចាំថា ព្រះអម្ចាស់បានកំណត់ទីតាំងសម្រាប់សាងសង់ព្រះវិហារបរិសុទ្ធនៅទីក្រុង ស៊ីយ៉ូន រយៈពេលពីរឆ្នាំមុនដែលទ្រង់បានប្រទានវិវរណៈនេះ ( សូមមើល គ. និង ស. ៥៧:១-៣ ) ។ ក្នុងខែ មិថុនា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរសំបុត្រទៅកាន់ថ្នាក់ដឹកនាំសាសនាចក្រនៅរដ្ឋ មិសសួរី ហើយបានណែនាំពួកគាត់ឲ្យចាប់ផ្ដើមការសាងសង់ព្រះវិហារបរិសុទ្ធជាបន្ទាន់ ( សូមមើល History of the Church ១:៣៦៣ ) ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលវិវរណៈដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧ ត្រូវបានប្រទានឲ្យនៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៨៣៣ នោះ ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ពុំទាន់បានចាប់ផ្ដើមការសាងសង់នៅឡើយទេ ។
សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១២-១៤រួចស្វែងរកមូលហេតុនានា ដែលព្រះអម្ចាស់មានព្រះទ័យឲ្យពួកបរិសុទ្ធនៅរដ្ឋ មិសសួរី សាងសង់ព្រះវិហារបរិសុទ្ធ ។
ចំពោះអ្នក តើព្រះវិហារបរិសុទ្ធបានក្លាយទៅជា « កន្លែងនៃសេចក្ដីអំណរគុណ » ( គ. និង ស. ៩៧:១៣ ) តាមរបៀបណា ? តើព្រះវិហារបរិសុទ្ធបានក្លាយទៅជា « កន្លែងនៃការបង្គាប់ » ( គ. និង ស. ៩៧:១៣ ) តាមរបៀបណា ?
នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥-២០សូមស្វែងរកការសន្យាទាំងឡាយ ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ បើពួកគេសាងសង់ព្រះវិហារបរិសុទ្ធមួយឡើង ។
អែលឌើរ ដាវីឌ ប៊ី ហេត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ការសន្យាថានឹងបានឃើញព្រះនៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល ខទី ១៥–១៦ )អាចរួមបញ្ចូលទាំង ភាពដែលលើសពីការមើលឃើញទ្រង់ដោយភ្នែកពីកំណើតរបស់យើងទៅទៀត ៖ « វាជាការពិតថា មានមនុស្សមួយចំនួនពិតជាបានឃើញព្រះអង្គសង្គ្រោះមែន ប៉ុន្តែ នៅពេលមនុស្សម្នាក់ស្រាវជ្រាវនៅក្នុងវចនានុក្រម នោះគាត់នឹងបានដឹងថា មានអត្ថន័យជាច្រើនទៀតចំពោះ ពាក្យ មើលឃើញនេះ ដូចជាការមកស្គាល់ទ្រង់ ការញាណដឹងអំពីទ្រង់ ការទទួលស្គាល់ទ្រង់ ថែមទាំងកិច្ចការរបស់ទ្រង់ ការស្គាល់អំពីសារៈសំខាន់នៃអង្គទ្រង់ ឬ ការបានយល់ដឹងអំពីទ្រង់ ( « Temples and Work Therein » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៦០ ទំព័រ ៦១ ) ។
ស្របតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១៥–១៧តើអ្នកអាចមានភាពសក្ដិសម ដើម្បីទទួលបទពិសោធន៍នៃសិរីល្អ និង វត្តមានរបស់ព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធបានយ៉ាងដូចម្ដេច ? សូមគូសចំណាំពាក្យ ឬ ឃ្លានៅក្នុងខគម្ពីរទាំងនេះ ដែលបង្រៀនអំពីគោលការណ៍ ដែលថ្លែងថា នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះនឹងបង្ហាញព្រះកាយទ្រង់ទៅដល់មនុស្សទាំងឡាយណា ដែលមានចិត្តបរិសុទ្ធ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ការមានចិត្តបរិសុទ្ធ មានន័យយ៉ាងដូចម្ដេច ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យចិត្តយើងបានបរិសុទ្ធ ដើម្បីយើងអាចទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធបាន ?
-
តើអ្នកធ្លាប់មានអារម្មណ៍ថាមានពរតាមរបៀបណា នៅពេលអ្នកបានត្រៀមខ្លួន ចូលក្នុងព្រះវិហារបរិសុទ្ធ ?
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២១រួចស្វែងរករបៀបដែលព្រះអម្ចាស់ បានកំណត់និយមន័យនៃពាក្យ ស៊ីយ៉ូន ។ អ្នកអាចនឹងចង់សរសេរ ឬ គូសចំណាំ ឃ្លាដែលបង្រៀនអំពីសេចក្ដីពិតនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ៖ ស៊ីយ៉ូនគឺជាភាពបរិសុទ្ធនៅក្នុងចិត្ត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២-២៨
ព្រះអម្ចាស់ពន្យល់អំពីអ្វី ដែលយើងត្រូវតែធ្វើ ដើម្បីចៀសផុតពីការពិរោធរបស់ទ្រង់ ហើយទទួលបានពរជ័យពីទ្រង់
ដើម្បីយល់អំពីសារលិខិតរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២២–២៤សូមពិចារណាអំពីឃ្លាដូចតទៅនេះ ៖ ព្យុះសង្ឃរាកើតមានពាសពេញពិភពលោក ។ ព្យុះសង្ឃរាធំៗ អាចបង្វែរទៅជាខ្យល់ព្យុះកំបុតត្បូងដ៏សាហាវ ដែលបណ្ដាលឲ្យមានការខូចបង់យ៉ាងធ្ងន់ធ្ងរ ។ តើអ្នកធ្លាប់បានឃើញខ្យល់ព្យុះសង្ឃរា ឬ ខ្យល់ព្យុះកំបុតត្បូងដោយផ្ទាល់ ឬ បានឃើញតាមវីដេអូដែរឬទេ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២២-២៤រួចស្វែងរកអ្វី ដែលព្រះអម្ចាស់បានប្រៀបធៀបទៅនឹងខ្យល់ព្យុះសង្ឃរា ។
នៅក្នុង ខទី ២២ពាក្យ សេចក្ដីសងសឹក សំដៅទៅលើផលវិបាក នៃការមិនគោរពប្រតិបត្តិព្រះអម្ចាស់ ។ នៅក្នុងចន្លោះដែលមាន សូមសរសេរអំពីរបៀប ដែលសេចក្ដីសងសឹករបស់ព្រះអម្ចាស់ អាចមានសភាពដូចជាខ្យល់ព្យុះសង្ឃរា ៖
សូមសិក្សានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២៥-២៨ ដើម្បីរកមើលអ្វីដែលយើងត្រូវធ្វើ ដើម្បីចៀសផុតពីសេចក្ដីសងសឹករបស់ព្រះអម្ចាស់ ហើយទទួលបានពរជ័យរបស់ទ្រង់ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ បើសិនជា នៅគ្រប់កន្លែងណា ដែលអ្នកឃើញមាននៅក្នុងខគម្ពីរទាំងនេះ ។
សូមពិចារណាអំពីរបៀប ដែលសារលិខិតរបស់ព្រះអម្ចាស់នៅក្នុង ខទី ២៥–២៨ ទាក់ទងទៅនឹងរូបភាពនៃដើមឈើទាំងពីរប្រភេទ ដែលអ្នកបានសិក្សាមុននេះបន្តិច ។ តើ ខទី ២៧-២៨ បង្រៀនយ៉ាងដូចម្ដេច អំពីការប្រែចិត្ត និង ការអត់ទោស ?
យើងរៀនគោលការណ៍ចេញពីខគម្ពីរទាំងនេះថា បើយើងគោរពប្រតិបត្តិ នោះយើងនឹងចៀសផុតពីសេចក្ដីសងសឹករបស់ព្រះអម្ចាស់ ហើយទទួលបានពរជ័យពីទ្រង់ជាច្រើនអនេក ។
សូមពិចារណាអំពីអ្វីដែល អ្នកមានអារម្មណ៍ថាត្រូវបានបំផុសគំនិតឲ្យធ្វើ នៅពេលអ្នកបានសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧ ។ សូមធ្វើតាមការបំផុសគំនិតទាំងនោះ ដើម្បីអ្នកអាចទទួលបានពរជ័យទាំងឡាយពីព្រះអម្ចាស់ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖