មេរៀនទី ១៧ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១–១១៩; ៧៧
បុព្វកថា
មេរៀននេះពិភាក្សាអំពីការនិមិត្តអំពីនគរទេឡេស្ទាល ដែលបានបង្ហាញដល់ព្យាការី យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ។ វិវរណៈនេះត្រូវបានប្រទានឲ្យនៅភូមិហៃរាំ រដ្ឋ អូហៃអូ នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ ។ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានពិពណ៌នាអំពីអ្វីដែលពួកលោកបានរៀនអំពីអ្នកទាំងឡាយ ដែលនឹងគ្រងនគរទេឡេស្ទាល និង អំពីលទ្ធផលនៃការបដិសេធទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។ ពួកលោកក៏បានពិពណ៌នាផងដែរ អំពីលក្ខណៈដែលនគរទេឡេស្ទាល មានសភាពខុសគ្នាពីនគរនៃសិរីល្អដទៃទៀត ហើយបានពន្យល់អំពីអ្វីដែលបុគ្គលទាំងឡាយអាចធ្វើ ដើម្បីសមនឹងឃើញ ហើយយល់ដោយខ្លួនគេផ្ទាល់ នូវអាថ៌កំបាំងនៃនគរព្រះ ។ ក្រោយមក ក្នុងខែ មិនា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បានកត់ត្រាចម្លើយរបស់ព្រះអម្ចាស់ ដែលឆ្លើយចំពោះសំណួររបស់លោកស្ដីពីព្រះគម្ពីរវិវរណៈ ។ វិវរណៈនេះ មានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៧ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១២
ព្រះអម្ចាស់បង្ហាញដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នូវការនិមិត្តមួយអំពីនគរទេឡេស្ទាល
សូមស្រមៃថា អ្នកមានការពិភាក្សាអំពីសាសនាជាមួយមិត្តភក្ដិម្នាក់ ដែលជាសមាជិកមកពីនិកាយសាសនាគ្រិស្តមួយផ្សេងទៀត ។ មិត្តភក្ដិរបស់អ្នកវាចាថា « នៅឯព្រះវិហារកាលពីសប្ដាហ៍មុន គ្រូគង្វាលរបស់ខ្ញុំបានប្រាប់ពួកយើងថា បន្ទាប់ពីយើងស្លាប់ទៅ យើងអាចនឹងទៅស្ថានសួគ៌ផង ឬ ស្ថាននរកផង ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពុំល្អគ្រប់គ្រាន់ដើម្បីទៅស្ថានសួគ៌នាពេលឥឡូវនេះទេ ប៉ុន្តែ ខ្ញុំក៏ពុំមានអារម្មណ៍ថា ខ្ញុំអាក្រក់ខ្លាំង ដែលនឹងធ្លាក់ទៅស្ថាននរកនោះដែរ ។ តើសាសនារបស់អ្នកបង្រៀនអ្វីខ្លះ អំពី ស្ថានសួគ៌ និង ស្ថាននរក » ?
សូមមើលទៅដ្យាក្រាម « គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ៖ សេចក្ដីណែនាំអំពីការនិមិត្ត » ចេញពីមេរៀនទី ១៦ ៖ ថ្ងៃទី ៣ មេរៀននៅក្នុងសៀវភៅសិក្សានេះ ។ សូមកត់ចំណាំថា នគរនៃសិរីល្អចុងក្រោយគេ ដែលព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានឃើញនៅក្នុងការនិមិត្តនោះ គឺជានគរទេឡេស្ទាល ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១–៨៣, ១០៣ដោយស្វែងរកពាក្យ និង ឃ្លាទាំងឡាយ ដែលពិពណ៌នាអំពីមនុស្សដែលនឹងគ្រងនគរទេឡេស្ទាល ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
នៅក្នុង ខទី ១០៣ពួកមន្តអាគម គឺជាមនុស្សដែលព្យាយាមគ្រប់គ្រង ហើយប្រើប្រាស់អំណាចតាមរយៈជំនួយមកពីប្រភពដ៏អាក្រក់ ។ ពួកកំផិត គឺជាមនុស្សដែលចូលរួមក្នុងអំពើសាហាយស្មន់ និង អំពើបាបខាងផ្លូវភេទដទៃទៀត ។
លក្ខណៈមួយដែលកំណត់ថាតើនគរនៃសិរីល្អមួយណា ដែលបុគ្គលម្នាក់នឹងគ្រងនោះ គឺជារបៀបដែលបុគ្គលនោះប្រព្រឹត្តចំពោះដំណឹងល្អ និង ទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។ សូមអានសេចក្ដីយោងបទគម្ពីរ នៅក្នុងតារាងខាងក្រោមនេះ ។ នៅក្នុងចន្លោះដែលមាន សូមពិពណ៌នាអំពីរបៀបដែលបណ្ដាជនដែលនឹងគ្រងនគរទាំងនេះ ប្រព្រឹត្តចំពោះដំណឹងល្អ និង ទីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ ។
នគរ |
ការប្រព្រឹត្តចំពោះដំណឹងល្អ និង ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ |
---|---|
សេឡេស្ទាល ( គ. និង ស. ៧៦:៥០–៥១ ) | |
ទេរេសទ្រាល ( គ. និង ស. ៧៦:៧៤, ៧៩ ) | |
ទេឡេស្ទាល ( គ. និង ស. ៧៦:៨២, ១០១ ) |
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកព្យាយាមពង្រឹងទីបន្ទាល់របស់អ្នកពីព្រះយេស៊ូវគ្រីស្ទ តាមរបៀបណាខ្លះ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាការប្រព្រឹត្តរបស់បុគ្គលម្នាក់ចំពោះដំណឹងល្អ និង ទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ជះឥទ្ធិពលយ៉ាងសំខាន់ទៅលើនគរ ដែលគេនឹងគ្រង ?
-
តើអ្នកអាចមានភាពក្លាហាន ក្នុងទីបន្ទាល់របស់អ្នកពីព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្ដេច ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨៤–៨៥, ១០៤–៦រួចគូសចំណាំឃ្លា ដែលបង្រៀនអំពីសេចក្ដីពិតដូចតទៅនេះ ៖ អ្នកដែលនឹងគ្រងនគរទេឡេស្ទាល ត្រូវតែរងទុក្ខក្នុងស្ថាននរកពីមុនពួកគេនឹងត្រូវបានប្រោសលោះដោយព្រះអង្គសង្គ្រោះ ។
វាមានប្រយោជន៍ក្នុងការដឹងថា បទគម្ពីរនេះប្រើវាក្យសព្ទ ស្ថាននរក យ៉ាងហោចណាស់តាមពីរ របៀប ។ ទីមួយ ស្ថាននរក គឺជាផ្នែកនៃពិភពវិញ្ញាណដែលបានគ្រងដោយពួកទុច្ចរិត ហើយគឺជាការពិតមួយ ប៉ុន្តែ ជាស្ថានភាពបណ្ដោះអាសន្ននៃទណ្ឌកម្ម និង ការរងទុក្ខខាងវិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨៤–៨៥, ១០៤–៦ ) ។ « ភ្លើងឆេះដ៏អស់កល្បជានិច្ច » គឺជាសំនួនវោហារ ដែលសំដៅទៅលើទារុណកម្មដ៏សែនឈឺចាប់ និង ការរងទុក្ខដែលនឹងកើតឡើងនៅឯស្ថាននរក ។ ទីពីរ ពេលខ្លះបទគម្ពីរប្រើពាក្យ ស្ថាននរក ដើម្បីសំដៅទៅលើទីងងឹតខាងក្រៅ ដែលពេលខ្លះសំដៅទៅលើស្ថានភាពជាអចិន្ត្រៃយ៍នៃទារុណកម្ម និង ការរងទុក្ខ ដែលបន្តចំពោះពួកកូនអន្តរធានបន្ទាប់ពីពួកគេបានរស់ឡើងវិញ ហើយត្រូវបានជំនុំជម្រះ ក៏ដូចជាសាតាំង និង ពួកអ្នកដើរតាមទាំងឡាយរបស់វាចេញពីជីវិតមុនផែនដីមកដែរ ។ ( សូមមើល Bible Dictionary, Hell » សេចក្ដីណែនាំដល់ព្រះគម្ពីរHell »scriptures.lds.org) ។
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីស្ថាននរកដូចតទៅថា ៖
« នៅស្ថាននរក មានច្រកចេញមួយក៏ដូចជាច្រកចូលមួយដែរ ។… វាគឺជាកន្លែងដែលបានរៀបចំសម្រាប់ការបង្រៀន ការលុតដំចំពោះអ្នកដែលមិនបានរៀនកាលនៅលើផែនដីនេះ នូវអ្វីដែលពួកគេគួរតែរៀន » ( នៅក្នុង របាយការណ៍សន្និសីទទូទៅ ខែ មេសា ឆ្នាំ ១៩៣០ ទំព័រ ៩៧ ) ។
« ចំពោះរយៈពេលនៃទារុណកម្ម យើងអាចនឹងអះអាងថា វានឹងត្រូវបានកំណត់ដោយយោងទៅតាមអំពើបាបនោះ ហើយដែលថា ការលើកលែងទោសចំពោះអំពើបាបនឹងមានជាដរាប [ គ្មានទីបញ្ចប់ ] នោះ គឺជាគំនិតខុសឆ្គង [ សូមមើល គ. និង ស. ១៩:៦–១២; ៧៦:៣៦, ៤៤ ] ។ ទោះជាលទ្ធផលនៃទង្វើក្នុងជីវិតលើផែនដីនេះ មានឥទ្ធិពលលើជីវិតបន្ទាប់ពីស្លាប់ក្ដី និង ទោះជាយើងនឹងត្រូវទទួលខុសត្រូវលើការមិនប្រែចិត្តក្ដី ក៏ព្រះនៅតែមានព្រះចេស្ដាដើម្បីអត់ទោសបន្ទាប់ពីបានស្លាប់ហើយទៅដែរ ។ ទោះជាយ៉ាងណាក៏ដោយ បទគម្ពីរថ្លែងប្រាប់អំពីទោសដ៏នៅអស់កល្បជានិច្ច និង ដ៏មិនចេះចប់មិនចេះហើយ ។ ទោសដែលមកពីព្រះគឺអស់កល្បជានិច្ច ដ្បិតទ្រង់ជាអង្គអស់កល្បជានិច្ច [ សូមមើល គ. និង ស. ១៩:១០–១២ ] ។ ទោសរបស់ទ្រង់គឺជាទារុណកម្មដ៏មិនចេះចប់មិនចេះហើយ ដ្បិតវានឹងកើតឡើងជានិច្ច ជាទីកន្លែង ឬ ស្ថានភាពដែលបានរៀបចំសម្រាប់វិញ្ញាណដែលមិនគោរពប្រតិបត្តិ ប៉ុន្តែ ការរងទុក្ខនៃការផ្តន្ទាទោសនោះ នឹងមានទីបញ្ចប់ក្នុងគ្រប់ករណីនៃការប្រែចិត្ត និង សំណងដែលអាចទទួលយកបាន » (The Articles of Faith, 12th ed. [ ឆ្នាំ ១៩២៤ ] ទំព័រ ៦០–៦១ ) ។
តើឃ្លាណាខ្លះ ចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨៥, ១០៦ ដែលបង្រៀនថា ស្ថាននរកនឹងជាស្ថានភាពបណ្ដោះអាសន្នមួយ សម្រាប់អ្នកទាំងឡាយដែលនឹងគ្រងនគរទេឡេស្ទាល ?
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់អំពីលទ្ធផលនៃការរងទុក្ខនៅឯស្ថាននរក ចំពោះអ្នកដែលនឹងគ្រងនគរទេឡេស្ទាលថា ៖ « ការរងទុក្ខនេះនឹងក្លាយទៅជាវិធីមួយដើម្បីសម្អាត ឬ បន្សុទ្ធ ហើយតាមរយៈការបន្សុទ្ធនេះ ពួកទុច្ចរិតនឹងត្រូវបាននាំទៅឯស្ថានភាពមួយ ដែលពួកគេអាចទទួលបានអមតភាព តាមរយៈការប្រោសលោះនៃព្រះយេស៊ូវគ្រីស្ទ ។ វិញ្ញាណ និង រូបកាយរបស់ពួកគេនឹងត្រូវបានផ្គុំគ្នាសាជាថ្មី ហើយពួកគេនឹងរស់នៅក្នុងនគរទេឡេស្ទាល ។ ប៉ុន្តែការរស់ឡើងវិញនឹងពុំកើឡើងឡើយរហូតដល់ចុងបំផុតនៃពិភពលោក » (Doctrines of Salvation, comp . Bruce R. McConkie វ៉ុល៣. [១៩៥៤–៥៦] ២:២៩៨ ) ។
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១០៦-៨យើងស្វែងយល់ថា ពួកទុច្ចរិតនឹងរងទុក្ខចំពោះអំពើបាបរបស់ពួកគេរហូតដល់ព្រះយេស៊ូវគ្រីស្ទ បញ្ចប់កិច្ចការរបស់ទ្រង់ ហើយលើកនគរនៃព្រះនៅលើផែនដីឡើងទៅថ្វាយព្រះបិតាទ្រង់ ដែលនឹងកើតឡើងនៅបន្ទាប់ពីសហស្សវត្សរ៍ ។ ពេលនោះ ព្រះគ្រីស្ទ នឹងត្រូវបំពាក់មកុដដោយសិរីល្អ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១១ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៩ដោយស្វែងរកអ្វីដែលនឹងកំណត់អំពីនគរនៃសិរីល្អ ដែលពួកយើងនឹងគ្រងនោះ ។
គោលការណ៍មួយដែលយើងអាចរៀនចេញពីខគម្ពីរទាំងនេះគឺថា នគរនៃសិរីល្អ ដែលយើងគ្រង នឹងត្រូវបានកំណត់ដោយកិច្ចការទាំងឡាយរបស់យើងនៅក្នុងជីវិតនេះ និង ដោយសេចក្ដីប៉ងប្រាថ្នានៃដួងចិត្តរបស់យើង ។
សេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយ អែលឌើរ រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍នេះ ៖ « បងប្អូនទាំងអស់គ្នានឹងត្រូវបានជំនុំជម្រះ ស្របទៅតាមកិច្ចការទាំងឡាយ និង សេចក្ដីប៉ងប្រាថ្នានៃដួងចិត្តរបស់បងប្អូន [ សូមមើល គ. និង ស. ១៣៧:៩ ] ។ បងប្អូននឹងមិនចាំបាច់សងបំណុល ជំនួសមនុស្សណាផ្សេងទៀតនោះទេ ។ ទីកន្លែងចុងក្រោយរបស់បងប្អូននៅក្នុងនគរសេឡេស្ទាល ទេរេសទ្រាល ឬ ទេឡេស្ទាល នឹងមិនត្រូវបានកំណត់ដោយយថាហេតុនោះទេ ។ ព្រះអម្ចាស់បានដាក់កម្រិតចំពោះ គុណសម្បត្តិទាំងឡាយដែលមិនអាចកែប្រែបានសម្រាប់យើងម្នាក់ៗហើយ ។ បងប្អូនអាចដឹងអំពីអ្វីដែលបទគម្ពីរបង្រៀន ហើយបត់បែនជីវិតរបស់បងប្អូនឲ្យស្របទៅតាមគុណសម្បត្តិទាំងនោះ [ សូមមើល យ៉ូហាន ១៤:២; កូរិនថូស ទី១ ១៥:៤០–៤១; គ. និង ស. ៧៦:៥០–១១៩; ៩៨:១៨ ] » (Constancy amid Change » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៣៥ ) ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការយល់ដឹងអំពីគោលការណ៍នេះ អាចមានឥទ្ធិពលលើជម្រើស ដែលអ្នកជ្រើសរើសយកនៅថ្ងៃនេះយ៉ាងដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨៦-៨៩, ៩៨, ១១២ដោយស្វែងរកមើលពាក្យ ឬ ឃ្លាដែលពិពណ៌នាអំពីសភាពនៃអមតភាព ចំពោះអ្នកទាំងឡាយដែលគ្រងនគរទេឡេស្ទាល ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
នៅពេលព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានពិពណ៌នាអំពីបណ្ដាជននៃនគរទេឡេស្ទាល ពួកលោកបានសរសេរបញ្ចូលការបកស្រាយអំពីការប្រៀបធៀបរវាងនគរនៃសិរីល្អទាំងបីនេះ ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៩១-៩៨ដោយស្វែងរកថាតើនគរទាំងបីនេះ ប្រៀបធៀបចំពោះគ្នាយ៉ាងដូចម្ដេច ។
តើសិរីល្អនៃនគរសេឡេស្ទាល ខុសពីសិរីល្អនៃនគរទេរេទ្រាល និង ទេឡេស្ទាលយ៉ាងដូចម្ដេច ?
ភាពខុសគ្នានៃសិរីល្អរវាងនគរសេឡេស្ទាល ទេរេសទ្រាល និង ទេឡេស្ទាល អាចត្រូវបានបង្ហាញដោយភាពខុសគ្នានៃរស្មីព្រះអាទិត្យ ព្រះចន្ទ និង តារា ដែលមើលមកពីផែនដី ។ នៅពេលយើងមើលពីផែនដីទៅ តារាដែលចែងចាំងបំផុត ភ្លឺជាងតារាដែលស្រអាប់ប្រមាណជា ១០០ ដង ។ ព្រះចន្ទភ្លឺជាងតារាដែលចែងចាំងបំផុតនោះប្រមាណជា ៣០,០០០ ដង ។ ព្រះអាទិត្យភ្លឺជាងព្រះចន្ទពេញបរមីប្រមាណជា ៤០០,០០០ ដង ។ ភាពខុសគ្នាខាងរស្មីទាំងនេះ ជួយបង្ហាញអំពីភាពខុសគ្នាដែល យ៉ូសែប និង ស៊ីឌនី បានសង្កេតឃើញរវាងនគរនៃសិរីល្អទាំងនេះ ។ ដូចដែលអ្នកអាចឃើញចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៩៤–៩៥ពរជ័យដែលបានទទួលដោយអ្នកទាំងឡាយ ដែលមានគុណសម្បត្តិគ្រងនគរសេឡេស្ទាល មានសភាពថ្លៃថ្លាក្រៃលែងជាងពរជ័យដែលបានទទួលដោយអ្នកទាំងឡាយដែលគ្រងនគរទេឡេស្ទាល ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១៣-១៩
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ពន្យល់អំពីអ្វីដែលបុគ្គលទាំងឡាយត្រូវតែធ្វើ ដើម្បីសមនឹងមើលឃើញ ហើយយល់ដោយខ្លួនគេផ្ទាល់ នូវអាថ៌កំបាំងនៃនគរព្រះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១៣–១៩ មាននូវការបកស្រាយរបស់ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ថាពួកលោកមិនត្រូវសរសេរនូវអ្វីទាំងអស់ ដែលពួកលោកបានឃើញនោះទេ ។ ពួកលោកក៏បានពន្យល់ផងដែរនូវអ្វីដែលយើងត្រូវតែធ្វើ ដើម្បីអាចមើលឃើញ ហើយយល់ដោយខ្លួនគេ នូវអាថ៌កំបាំងនៃនគរព្រះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១៦ដោយស្វែងរករបៀបដែលបុគ្គលម្នាក់អាចសមនឹងមើលឃើញ ហើយយល់អាថ៌កំបាំងនៃនគរព្រះ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
យោងតាម ខទី ១១៦តើបុគ្គលម្នាក់ត្រូវតែធ្វើអ្វី ដើម្បីបានមើលឃើញ ហើយយល់អាថ៌កំបាំងនៃនគរព្រះ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ?
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវចម្លើយចំពោះឈុតឆាកស្រមើស្រមៃដែលបានបង្ហាញនៅដើមមេរៀននេះ ដែលមិត្តភក្ដិម្នាក់របស់អ្នកបានចោទសំណួរអំពី ថាតើសាសនាចក្រយើងបង្រៀនយ៉ាងដូចម្ដេច អំពីស្ថានសួគ៌ និង ស្ថាននរក ។ សូមឆ្លើយសំណួរខាងក្រោមនេះ ទុកជាផ្នែកមួយនៃចម្លើយចំពោះសំណួររបស់មិត្តភក្ដិអ្នក ។
-
តើព្រះអម្ចាស់បានបើកសម្ដែងអ្វីខ្លះ អំពីស្ថានសួគ៌ និង ស្ថាននរក នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ?
-
តើភាពខុសគ្នារវាងនគរនៃសិរីល្អនីមួយៗ និង ទីងងឹតខាងក្រៅមានអ្វីខ្លះ ?
-
តើភាពខុសគ្នានៃជម្រើសដែលបានធ្វើឡើងដោយអ្នកដែលគ្រងនគរទាំងបី និង អ្នកធ្លាក់ទៅទីងងឹតខាងក្រៅ មានអ្វីខ្លះ ?
-
-
ដើម្បីជួយអ្នកឲ្យអនុវត្តអ្វី ដែលអ្នកបានរៀនចេញពីការសិក្សា នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦សូមបញ្ចប់សេចក្ដីថ្លែងការណ៍នីមួយៗខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ជាលទ្ធផលនៃអ្វីដែលខ្ញុំបានរៀនចេញពីការសិក្សា នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ៖
-
ខ្ញុំជឿ ឬ ដឹងថា …
-
ខ្ញុំចង់ …
-
ខ្ញុំនឹង …
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧
ព្រះអម្ចាស់បើកសម្ដែងចម្លើយចំពោះសំណួររបស់ យ៉ូសែប ស៊្មីធ អំពីព្រះគម្ពីរវិវរណៈ
សូមបើកទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧រួចកត់ចំណាំអំពីរបៀបដែលខគម្ពីរទាំងនេះត្រូវបានរៀបរៀងឡើងខុសគ្នាពីខគម្ពីរនៅក្នុងកណ្ឌដទៃៗទៀតនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ។ សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ដោយស្វែងរកអ្វីដែលព្យាការី យ៉ូសែប ស៊្មីធ កំពុងតែធ្វើ កាលលោកបានទទួលវិវរណៈនេះ ។
ចាប់ផ្ដើមពីខែ មិនា ឆ្នាំ ១៨៣១ ដល់ខែ កក្កដា ឆ្នាំ ១៨៣៣ ព្យាការីយ៉ូសែប ស្ម៊ីធ បានធ្វើកំណែដ៏បំផុសគំនិតលើព្រះគម្ពីរសញ្ញាថ្មី ។ ( កំណែថ្មីទាំងនេះជាច្រើន ត្រូវបានរាយនៅក្នុងការបោះពុម្ពរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ នៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ មានលេខយោងជា ក.យ.ស និង នៅក្នុងផ្នែកនៃការបកប្រែដោយ យ៉ូសែប ស្ម៊ីធ នៅក្នុងសេចក្ដីបន្ថែមនៃព្រះគម្ពីរប៊ីប ដែលមានពាក្យត្រូវបានកែប្រែសរសេរជាអក្សរទ្រេត ) ។ កាលកំពុងបកប្រែព្រះគម្ពីរវិវរណៈ ព្យាការីបានទូលសួរព្រះអម្ចាស់ អំពីអត្ថន័យនៃខគម្ពីរទាំងនេះមួយចំនួន ។ សំណួររបស់ យ៉ូសែប និង ចម្លើយរបស់ព្រះអម្ចាស់ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ ។ សូមអានខគម្ពីរទាំងនេះមួយចំនួន រួចកត់ចំណាំពាក្យពេចន៍ដែលផ្នែក សំណួរ ចោទឡើងដែលទូលសួរដោយ យ៉ូសែប ស៊្មីធ និង ផ្នែក ចម្លើយ ឆ្លើយដោយព្រះអម្ចាស់ ។
បទពិសោធន៍របស់ យ៉ូសែប ស៊្មីធ ជាមួយនឹងការទទួលបានវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ បង្រៀនយើងថា ព្រះអម្ចាស់បើកសម្ដែងការបកស្រាយព្រះគម្ពីរដ៏ត្រឹមត្រូវ តាមរយៈពួកព្យាការីរបស់ទ្រង់ ។ យើងក៏អាចស្វែងយល់ផងដែរថា បើយើងទូលសួរដល់ព្រះអម្ចាស់ នោះទ្រង់អាចជួយយើងឲ្យយល់អំពីបទគម្ពីរទាំងឡាយ ។
វាអាចនឹងមានប្រយោជន៍ ក្នុងការយល់ថា នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦៧,០០០ ឆ្នាំ សំដៅលើការរស់នៅខាងសាច់ឈាមនៃផែនដី មានន័យចាប់តាំងពីការធ្លាក់នៃលោកអ័ដាម ។ នេះមិនមែនជាការពន្យល់ប្រាប់អំពី អាយុកាលនៃផែនដីឡើយ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១៩; ៧៧ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖