មេរៀនទី ១៩ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-៤០
សេចក្តីផ្តើម
ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បានថ្លែងថា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ « គឺជាវិវរណៈមួយដ៏សំខាន់បំផុតក្នុងចំណោមវិវរណៈទាំងឡាយ ដែលធ្លាប់បានប្រទានឲ្យដល់សាសនាចក្រ ហើយពេលវេលាចំនួនបីបួនសប្ដាហ៍ អាចត្រូវបានចំណាយយ៉ាងមានតម្លៃក្នុងការពិភាក្សាអំពីវិវរណៈនេះ » ( Church History and Modern Revelation វ៉ុល ២ [ ១៩៥៣ ] ១:៣៦៦ ) ។ នេះគឺជាមេរៀនដំបូងគេនៃមេរៀនទាំងបី ដែលផ្ដោតទៅលើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះរយៈពេលបីថ្ងៃ—គឺថ្ងៃទី ២៧–២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ និង ថ្ងៃទី ៣ ខែ មករា ឆ្នាំ ១៨៣៣ ។ ចំណែកនៃវិវរណៈដែលមានពាសពេញក្នុងមេរៀននេះ មាននូវការបង្រៀនរបស់ព្រះអម្ចាស់អំពីពន្លឺនៃព្រះគ្រីស្ទ និង ការបកស្រាយរបស់ទ្រង់ អំពីក្រឹត្យវិន័យនានា ដែលគ្រប់គ្រងនគរទាំងឡាយរបស់ទ្រង់ និង បណ្ដាជននៃនគរទាំងនោះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-១៣
ព្រះអម្ចាស់ប្រកាសថា ទ្រង់គឺជាពន្លឺ ដែលបំភ្លឺអ្វីគ្រប់យ៉ាងទាំងអស់
តើអ្នកធ្លាប់អធិស្ឋានឲ្យបានដឹង អំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ អំពីជម្រើសដែលអ្នកធ្វើនៅក្នុងជីវិតដែរឬទេ ? ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ បន្ទាប់ពីពួកសង្ឃជាន់ខ្ពស់បានអធិស្ឋានរៀងៗខ្លួន និង ដោយបញ្ចេញសំឡេងនៅក្នុងសន្និសីទមួយ ដើម្បីដឹងអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១–២ដោយស្វែងរកការណ៍ដែលព្រះអម្ចាស់បានមានព្រះបន្ទូល ថាតើទ្រង់ និង ពួកទេវតាទ្រង់បានមានព្រះទ័យយ៉ាងដូចម្ដេច នៅពេលពួកអ្នកបម្រើទ្រង់ព្យាយាមស្គាល់ព្រះឆន្ទៈទ្រង់នោះ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣–៥ព្រះអម្ចាស់បានបង្រៀនពួកបងប្អូនប្រុសទាំងនេះថា ពួកគាត់អាចទទួលបានការអះអាងអំពីជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលត្រូវបានហៅផងដែរថាជា ព្រះដ៏ជាជំនួយ និង ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសញ្ញា ។
ព្រះអម្ចាស់ក៏បង្រៀងផងដែរ អំពីសារៈសំខាន់នៃពន្លឺ ។ តើអ្នកធ្លាប់ស្ថិតនៅក្នុងទីងងឹតសូន្យសុងដែរឬទេ ? តើបទពិសោធន៍នៃការស្ថិតនៅក្នុងទីងងឹតសូន្យសុង អាចជួយអ្នកឲ្យមានអំណរគុណចំពោះពរជ័យនៃពន្លឺយ៉ាងដូចម្ដេច ? តើពន្លឺតំណាងឲ្យអ្វី នៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦-១៣ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានបង្រៀន អំពីប្រភពនៃពន្លឺ ។
នៅក្នុង ខទី ៧ តើវាក្យសព្ទណាមួយ ដែលត្រូវបានប្រើដើម្បីសំដៅទៅលើសេចក្ដីពិត ដែល « ភ្លឺ » ?
យោងតាម ខទី ១២តើពន្លឺទាំងអស់ មានប្រភពចេញមកពីណា ?
ខគម្ពីរទាំងនេះបង្រៀនថា តាមរយៈពន្លឺនៃព្រះគ្រីស្ទ ព្រះបានប្រទានពន្លឺ និង ជីវិតដល់អ្វីគ្រប់យ៉ាងទាំងអស់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះ នៅលើគែមព្រះគម្ពីររបស់អ្នក ។ ពន្លឺនៃព្រះគ្រីស្ទក៏ជាក្រឹត្យវិន័យ ដែលគ្រប់គ្រងលើភព និង បណ្ដាជនរបស់វា ហើយវា « ប្រោស » យោបល់ដល់អ្នកដែរ ។. ប្រោស មានន័យថា ធ្វើឲ្យរស់រវើក ។ អ្នកអាចនឹងចង់សរសេរនិយមន័យនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
« ពន្លឺនៃព្រះគ្រីស្ទ … គឺជាអានុភាពមួយនៃសេចក្ដីល្អ ដែលមាននៅក្នុងជីវិតមនុស្សទូទៅ ( សូមមើល យ៉ូហាន ១:៩គ. និង ស. ៩៣:២ ) ។ នៅក្នុងព្រះគម្ពីរ ពន្លឺនៃព្រះគ្រីស្ទ ពេលខ្លះត្រូវបានហៅថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ ព្រះវិញ្ញាណនៃព្រះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ឬ ពន្លឺនៃជីវិត ។
« ពន្លឺនៃព្រះគ្រីស្ទ មិនគួរយល់ច្រឡំជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធទេ ។ វាមិនមែនជាតួអង្គ ដូចជាព្រះវិញ្ញាណបរិសុទ្ធនោះទេ ។ វាមានឥទ្ធិពលដឹកនាំមនុស្ស ឲ្យស្វែងរកដំណឹងល្អដ៏ពិត ធ្វើបុណ្យជ្រមុជទឹក និង ទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល យ៉ូហាន ១២:៤៦; អាលម៉ា ២៦:១៤–១៥ ) ។
« សតិសម្បជញ្ញៈ គឺជាការបង្ហាញពីពន្លឺនៃព្រះគ្រីស្ទ ដែលធ្វើឲ្យយើងដឹងល្អ និង អាក្រក់ ។ ព្យាការី មរមន បានបង្រៀន ៖ ‹ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និង ត្រូវ ហេតុដូច្នេះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្ដា និងអំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថា មកពីព្រះ ។… ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ដោយឃើញថា អ្នករាល់គ្នាស្គាល់នូវពន្លឺ ដែលអ្នករាល់គ្នាអាចយកទៅវិនិច្ឆ័យ ឯពន្លឺនោះគឺជាពន្លឺនៃព្រះគ្រីស្ទ នោះចូរឲ្យឃើញថា អ្នករាល់គ្នាមិនវិនិច្ឆ័យដោយខុសឆ្គងឡើយ ដ្បិតដោយការវិនិច្ឆ័យដដែលនេះហើយ ដែលអ្នករាល់គ្នានឹងត្រូវបានវិនិច្ឆ័យវិញ › (មរ៉ូណៃ ៧:១៦, ១៨ ) » (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៩៦) ។
ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់អនុសាសន៍ស្ដីពីភាពដាច់ដោយឡែកពីគ្នា និង អន្តរកម្មរវាងពន្លឺនៃព្រះគ្រីស្ទ និង ព្រះវិញ្ញាណបរិសុទ្ធ ៖
« មនុស្សគ្រប់រូបរស់នៅគ្រប់ទីកន្លែង មានព្រះវិញ្ញាណនៃព្រះគ្រីស្ទ ហើយកាលវិញ្ញាណនៃព្រះវិញ្ញាណបរិសុទ្ធអាចយាងទៅក្បែរបុគ្គលណាម្នាក់នោះ អំណោយទាន ព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវបានទទួល ‹ ដោយសារការគោរពតាមក្រឹត្យវិន័យ និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ › ( មាត្រានៃសេចក្ដីជំនឿ ១:៣ ) តាមរយៈចូលទៅក្នុង ‹ បុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប [ និង ការ] ដាក់ដៃលើសម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ › ( មាត្រានៃសេចក្ដីជំនឿ ១:៤ ) ។ វាមិនអាចទទួលបានដោយស្វ័យប្រវត្តិ ដូចជាព្រះវិញ្ញាណនៃព្រះគ្រីស្ទនោះទេ ។ អំណោយទាននេះ ត្រូវតែបានប្រគល់ដោយ បុគ្គលម្នាក់ដែលកាន់សិទ្ធអំណាច ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៥ ) ។
« នោះគឺជាអ្វីដែលយើងត្រូវបានបង្គាប់ឲ្យធ្វើ ដើម្បីផ្សព្វផ្សាយអំពីពន្លឺនៃព្រះគ្រីស្ទ ដែលមាននៅក្នុងព្រលឹងដែលយើងជួប ហើយនាំព្រលឹងទាំងឡាយទៅកាន់កម្រិតមួយ ដែលព្រះវិញ្ញាណបរិសុទ្ធអាចយាងមកក្បែរពួកគេបាន ។ ហើយលំដាប់នោះ កាលកំណត់មកដល់ ពួកគេអាចទទួលបានតាមរយៈពិធីបរិសុទ្ធ អំណោយទានព្រះវិញ្ញាណបរិសុទ្ធ ដែលត្រូវបានប្រគល់ឲ្យដល់គ្រប់សមាជិកនៃសាសនាចក្រ ។
« នៅពេលបុគ្គលម្នាក់ទទួលបានអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ហើយអាចបណ្ដុះវាឡើងជាមួយពន្លឺនៃព្រះគ្រីស្ទ ដែលគាត់មានជាស្រេចហើយនោះ លំដាប់នោះភាពពោរពេញនៃដំណឹងល្អ ត្រូវបានលាតត្រដាងចំពោះយោបល់របស់គាត់ ។ ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការ តាមរយៈពន្លឺនៃព្រះគ្រីស្ទ ។
« ពន្លឺនៃព្រះគ្រីស្ទ មានលក្ខណៈទូលំទូលាយដូចជាពន្លឺព្រះអាទិត្យដែរ ។ ទីណាដែលមានជីវិតមនុស្សរស់នៅ ទីនោះមានព្រះវិញ្ញាណនៃព្រះគ្រីស្ទ ។ គ្រប់ព្រលឹងនៃភាវរស់ តែងមានវាជានិច្ច ។ វាគឺជាអ្នកធានាអំពី អ្វីគ្រប់យ៉ាងដែលជាការល្អ ។ វាគឺជាអ្នកបំផុសអំពីអ្វីដែលនឹងប្រទានពរ ហើយផ្ដល់អត្ថប្រយោជន៍ដល់មនុស្សលោក ។ វាចិញ្ចឹមបីបាច់សេចក្ដីល្អផ្ទាល់ » (The Light of Christ, » Ensign ខែ មេសា ឆ្នាំ ២០០៥ ទំព័រ ១៣ ) ។
-
ដើម្បីជួយអ្នកគិតអំពី ថាតើពន្លឺនៃព្រះគ្រីស្ទប្រទានពរដល់អ្នកដូចម្ដេចខ្លះ នោះសូមឆ្លើយសំណួរខាងក្រោមពីរ ឬ ច្រើនជាងនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧–១០យើងរៀនថា ពន្លឺខាងសាច់ឈាមទាំងអស់មានដូចជា ពន្លឺព្រះអាទិត្យ គឺជាផ្នែកនៃពន្លឺនៃព្រះគ្រីស្ទ ។ តើពន្លឺខាងសាច់ឈាម ប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
ប្រោស ឬ បានប្រោស មានន័យថា នាំឲ្យមានជីវិត ឬ ធ្វើឲ្យរស់រវើក ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១យើងរៀនថា ពន្លឺនៃព្រះគ្រីស្ទគឺជាមធ្យោបាយមួយ ដែលតាមរយៈមធ្យោបាយនោះ ការយល់ដឹងរបស់យើងអំពីការណ៍ទាំងឡាយ អាចត្រូវបានប្រោស ឬ ធ្វើឲ្យរស់រវើក ។ តើអ្នកធ្លាប់មានអារម្មណ៍ថា ការសិក្សា និង ការយល់ដឹងរបស់អ្នក ត្រូវបានប្រោសនៅពេលណាខ្លះ ?
-
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២–១៣យើងរៀនថា ពន្លឺនៃព្រះគ្រីស្ទ ផ្ដល់ជីវិតដល់គ្រប់ទាំងអស់ ដែលរាប់បញ្ចូលទាំងសត្វ រុក្ខជាតិ និង ពួកយើងផងដែរ ។ តើអ្នកបានទទួលពរជ័យ ដោយសារតែភាវរស់នៅជុំវិញខ្លួនអ្នកតាមរបៀបណា ?
-
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៣យើងក៏រៀនដែរថា ពន្លឺនៃព្រះគ្រីស្ទ គឺជាក្រឹត្យវិន័យមួយ ដែលតាមរយៈក្រឹត្យវិន័យនេះ អ្វីគ្រប់ទាំងអស់ត្រូវបានគ្រប់គ្រង ។ ក្រឹត្យវិន័យនេះរួមបញ្ចូលទាំងក្រឹត្យវិន័យខាងសាច់ឈាមដែរដូចជា ទំនាញផែនដី និង ថែមទាំងក្រឹត្យវិន័យខាងសាច់ឈាម និង ព្រះបញ្ញត្តិទាំងឡាយ ។ តាមរយៈពន្លឺនៃព្រះគ្រីស្ទ ពេលខ្លះត្រូវបានហៅថា សតិសម្បជញ្ញៈរបស់យើង នោះយើងម្នាក់ៗអាចញាណដឹងអំពីភាពខុសគ្នារវាងការល្អ និង ការអាក្រក់ ។ តើក្រឹត្យវិន័យខាងសាច់ឈាម និង ខាងវិញ្ញាណ មានឥទ្ធិពលទៅលើអ្នក ជារៀងរាល់ថ្ងៃយ៉ាងដូចម្ដេច ?
-
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើសេចក្ដីពិតដែលអ្នកបានរៀននេះ អាចជួយអ្នកឲ្យមានអំណរគុណចំពោះព្រះចេស្ដារបស់ព្រះ ដែលមានក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក —តាមរបៀបដែលបានកត់ចំណាំផង និង មិនបានកត់ចំណាំជាទូទៅផង យ៉ាងដូចម្ដេច ? សូមសរសេរបញ្ចូលគំនិតមួយចំនួន អំពីរបៀបដែលការណ៍នេះ មានឥទ្ធិពលលើជីវិតប្រចាំថ្ងៃរបស់អ្នក នៅពេលខាងមុខ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៤-៤០
ព្រះអម្ចាស់ពន្យល់ថា មានក្រឹត្យវិន័យនានា ដែលទាក់ទងទៅនឹងនគរនៃសិរីល្អ
នៅពេលអ្នកពាក់ស្រោមដៃ នោះដៃរបស់អ្នកធ្វើចលនា ឬ ផ្ដល់ជីវិតដល់ស្រោមដៃនោះ ។ ប្រសិនបើអ្នកបង្រៀនមនុស្សម្នាក់ អំពីផែនការនៃសេចក្ដីសង្គ្រោះ ហើយអ្នកប្រើស្រោមដៃដើម្បីតំណាងឲ្យរូបកាយសាច់ឈាម ដែលយើងទទួលបាននៅពេលចាប់កំណើតមក នោះតើដៃរបស់អ្នកតំណាងឲ្យអ្វី ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៥ដោយស្វែងរក ថាតើព្រះអម្ចាស់បានហៅ ការប្រមូលផ្ដុំនៃវិញ្ញាណ និង រូបកាយថាយ៉ាងដូចម្ដេច ។
អ្នកអាចនឹងចង់គូសចំណាំគោលលទ្ធិ ដែលថា វិញ្ញាណ និង រូបកាយ គឺជាព្រលឹងនៃមនុស្ស ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការណ៍នានាដែលប៉ះពាល់ដល់រូបកាយសាច់ឈាមរបស់យើង អាចប៉ះពាល់ដល់វិញ្ញាណរបស់យើងយ៉ាងដូចម្ដេច ? តើមានឧទាហរណ៍អ្វីខ្លះ ?
សេចក្ដីថ្លែងការណ៍ខាងក្រោមនេះពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជួយពន្យល់អំពីទំនាក់ទំនងរវាងរូបកាយសាច់ឈាម និង វិញ្ញាណរបស់យើង ៖
« ពុំត្រូវចោទសួរថាតើសុខភាពរូបកាយ ប៉ះពាល់ដល់វិញ្ញាណដែរឬទេនោះឡើយ បើពុំសោតទេនោះ ព្រះអម្ចាស់នឹងមិនចាំបាច់បើកសម្ដែងពាក្យសម្ដីនៃប្រាជ្ញាវាងវៃនោះទេ ។ ព្រះមិនប្រទានព្រះបញ្ញត្តិខាងសាច់ឈាមណា—ដែលប៉ះពាល់ដល់រូបកាយយើង រួមទាំងប៉ះពាល់ដល់ព្រលឹងយើងនោះឡើយ ។…
« … អំពើបាបធ្វើឲ្យយើងទន់ខ្សោយ ។ វាមិនត្រឹមតែប៉ះពាល់ដល់ព្រលឹងយើងនោះទេ វាក៏ប៉ះពាល់ដល់រូបកាយយើងដែរ ។ បទគម្ពីរមានពោរពេញទៅដោយគំរូនានានៃអំណាចរូបកាយ ដែលអាចការពារពួកសុចរិតបាន ។ ផ្ទុយទៅវិញ អំពើបាបដែលពុំប្រែចិត្ត អាចធ្វើឲ្យថាមពលសាយភាយ ហើយនាំឲ្យកើតមានជំងឺទាំងខាងសតិអារម្មណ៍ និងខាងរូបកាយ » ( In His Steps » Ensign ខែ កញ្ញា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។
សូមកត់ចំណាំថា នៅក្នុងខគម្ពីរទាំងនេះ ពាក្យ ព្រលឹង ត្រូវបានប្រើយ៉ាងជាក់លាក់ នៅក្នុងសេចក្ដីយោងទៅកាន់រូបកាយរបស់វិញ្ញាណ ( ឧទាហរណ៍ សូមមើល អាលម៉ា ៤០:១៥–២៣ ) ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការយល់ដឹងអំពីទំនាក់ទំនងរវាងរូបកាយ និង វិញ្ញាណរបស់អ្នក អាចជួយអ្នកឲ្យធ្វើជម្រើសដ៏ត្រឹមត្រូវតាមរបៀបណា ?
សូមពិចារណាអំពីគោលលទ្ធិ និង គោលការណ៍បន្ថែមមួយចំនួនទៀត ដែលអាចបង្ហាញដោយការប្រើដៃ និង ស្រោមដៃ ៖ សូមស្រមៃអំពីការដកដៃចេញពីស្រោមដៃនោះ ។ តើសកម្មភាពនេះ បង្ហាញអំពីអ្វី ? តើមានអ្វីកើតឡើងចំពោះព្រលឹង—ដែលជាវិញ្ញាណ និង រូបកាយ—នៅពេលស្លាប់ទៅ ?
តើការយកស្រោមដៃមក ហើយស៊កដៃចូលទៅវិញ បង្ហាញអំពីអ្វី ? តើមានអ្វីកើតឡើងចំពោះព្រលឹង នៅពេលការរស់ឡើងវិញ ?
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៤, ១៦–១៧ដោយស្វែងរករបៀបដែលព្រះអម្ចាស់ បានពិពណ៌នាអំពីការរស់ ឡើងវិញ ។
សូមបញ្ចប់គោលលទ្ធិដូចតទៅនេះ ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ៖ ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យព្រលឹងរបស់យើងអាច ។
នៅក្នុង ខទី ១៧បន្ទាប់ពីយើងបានអានថា ព្រះយេស៊ូវគ្រីស្ទ បានប្រោសលោះព្រលឹងយើង នោះយើងរៀនថា អ្នកដែលមានចិត្តរាបសា និង ស្លូតបូតនឹងគ្រងផែនដីទុកជាមរតក ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៨–២០ដោយស្វែងរកអ្វីដែលនឹងកើតឡើងចំពោះផែនដី ពីមុនវាក្លាយទៅជានគរសេឡេស្ទាល ហើយព្រលឹងដែលព្រះបានប្រោសលោះនោះ គ្រងវាទុកជាមរតក ។
យោងតាម ខទី ១៩តើវត្តមានរបស់អ្នកណាដែលនឹងមាននៅលើផែនដី ដែលបានញែកចេញជាបរិសុទ្ធនោះ ? សូមពិចារណាអំពីអ្វីដែលអ្នកនឹងថ្លែងទៅកាន់នរណាម្នាក់ ដែលបានសួរអ្នកនូវសំណួរដូចតទៅនេះ ៖ តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីសក្ដិសមរស់នៅក្នុងនគរសេឡេស្ទាល ហើយរីករាយនឹងវត្តមានរបស់ព្រះវរបិតាសួគ៌ ?
គឺដូចជាផែនដីនឹងទទួលបានសិរីល្អ បន្ទាប់ពីវាត្រូវបានញែកចេញជាបរិសុទ្ធ នោះរូបកាយរបស់យើងក៏នឹងត្រូវបានផ្លាស់ប្ដូរ ហើយទទួលបានសិរីល្អក្នុងការរស់ឡើងវិញដែរ ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សទាំងអស់ នឹងទទួលបានកម្រិតនៃសិរីល្អស្មើៗគ្នានោះទេ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២១–២៤ រួចស្វែងរកអ្វីដែលកំណត់អំពីកម្រិតនៃសិរីល្អ ដែលបុគ្គលម្នាក់ទទួលបានក្នុងការរស់ឡើងវិញ ។
នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២៥–៣៣សូមស្វែងរកពាក្យ និង ឃ្លាដែលគាំទ្រគោលលទ្ធិ ដែលមានបង្រៀននៅក្នុង ខទី ២១–២៤ ដែល នៅក្នុងការរស់ឡើងវិញ យើងនឹងទទួលបានសិរីល្អដោយផ្អែកទៅលើក្រឹត្យវិន័យដែលយើងគោរពប្រតិបត្តិតាម ។
ខទី ២៨ និយាយអំពី « ពួកអ្នកណា ដែលជាវិញ្ញាណនៃសេឡេស្ទាល » ។ អ្នកទាំងនេះគឺជាបុគ្គលទាំងឡាយ ដែលរស់នៅតាមក្រឹត្យវិន័យនៃនគរសេឡេស្ទាល ។ យើងដឹងចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ថា ក្រឹត្យវិន័យនៃនគរសេឡេស្ទាល រួមបញ្ចូលទាំងការធ្វើ និង ការរក្សាសេចក្ដីសញ្ញានៃដំណឹងល្អ ( សូមមើល គ. និង ស. ៧៦:៥០–៥៣, ៦៩–៧០ ) ។ បុគ្គលដែលរស់នៅតាមក្រឹត្យវិន័យសេឡេស្ទាលនៅលើផែនដីនេះ នឹងទទួលបានរូបកាយសេឡេស្ទាលក្នុងការរស់ឡើងវិញ ។ បើបុគ្គលម្នាក់គោរពប្រតិបត្តិតែក្រឹត្យវិន័យទេរេសទ្រាល ឬ ទេឡេស្ទាលនៅលើផែនដីនេះ នោះគាត់នឹងទទួលបានរូបកាយដែលមានសិរីល្អតិចជាង ដោយផ្អែកទៅលើក្រឹត្យវិន័យដែលគាត់បានគោរពប្រតិបត្តិ ។
ដើម្បីជួយអ្នកឲ្យយល់អំពីមូលហេតុ ដែលក្រឹត្យវិន័យទាំងឡាយរបស់ព្រះគឺជាពរជ័យសម្រាប់យើង នោះសូមគិតអំពីអត្ថប្រយោជន៍ដែលកើតចេញការគោរពច្បាប់ចរាចរណ៍ ។ ផ្ទុយទៅវិញ តើមានលទ្ធផលដូចម្ដេចខ្លះ ដែលកើតចេញពីការមិនគោរពតាមច្បាប់ចរាចរណ៍ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣៤–៣៥ដោយស្វែងរកលទ្ធផលនៃការរស់នៅតាម និង ការមិនរស់នៅតាមក្រឹត្យវិន័យនៃព្រះ ។
-
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤០រួចស្វែងរកគុណសម្បត្តិនៃមនុស្ស ដែលនឹងចូលទៅក្នុងនគរសេឡេស្ទាល ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបង្កើន ឬ ពង្រឹងគុណសម្បត្តិទាំងនេះនៅក្នុងជីវិតរបស់អ្នក ?
-
សូមជ្រើសរើសគុណសម្បត្តិមួយ ដែលអ្នករកឃើញ រួចដាក់គោលដៅដើម្បីបង្កើន ឬ ពង្រឹងគុណសម្បត្តិនោះនៅក្នុងជីវិតរបស់អ្នក ។
-
នៅពេលអ្នកសម្រេចបានគោលដៅរបស់អ្នក ហើយរស់នៅតាមក្រឹត្យវិន័យនៃព្រះយេស៊ូវគ្រីស្ទ នោះពន្លឺទ្រង់នឹងបំភ្លឺជីវិតរបស់អ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-៤០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖