មេរៀនទី ២៧ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧; ១២៨:១–១១
សេចក្ដីផ្ដើម
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ មាននូវសំបុត្រមួយមកពីព្យាការី យ៉ូសែប ស៊្មីធ ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៤២ ដែលបានណែនាំពួកបរិសុទ្ធឲ្យរក្សាកំណត់ត្រាបុណ្យជ្រមុជទឹកដែលពួកគេបានធ្វើសម្រាប់អ្នកស្លាប់ ។ ប្រហែលជាមួយសប្ដាហ៍ក្រោយមក យ៉ូសែបបានសរសេរសំបុត្រមួយទៀតអំពីប្រធានបទនៃពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់. គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨ មាននូវសំបុត្រនេះ ដែលវាបង្រៀនពីមូលហេតុ ដែលយើងត្រូវរក្សាកំណត់ត្រានៃពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះដែលបានធ្វើឡើង ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:១-៤
យ៉ូសែប ស៊្មីធ មានសិរីល្អនៅក្នុងការបៀតបៀន និង សេចក្តីឈឺចាប់
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:១ ដោយរកមើលសេចក្ដីឈឺចាប់អ្វីខ្លះដែលព្យាការី យ៉ូសែប ស្ម៊ីធ បានជួបនៅណៅវូ រដ្ឋ អិលលីណោយ ក្នុងឆ្នាំ ១៨៤២ ។
នៅខែ ឧសភា ឆ្នាំ ១៨៤២ លីលប៊ើន ដបុលយូ ប័ហ្គស៍ អតីតអភិបាលរដ្ឋមិសសួរីដែលបានចេញដីកាការសម្លាប់គ្មានសល់ទាស់នឹងពួកបរិសុទ្ធ ដែលបានរងរបួសដោយឃាតករមិនស្គាល់មុខ ។ អជ្ញាធររដ្ឋ មិសសួរី បានចោទប្រកាន់ព្យាការី យ៉ូសែប ស៊្មីធ ថាបានរៀបចំមនុស្សឲ្យមកសម្លាប់ ប័ហ្គស៍ ហើយបានព្យាយាមនាំព្យាការីទៅកាត់ទោសនៅមិសសួរីវិញ ។ យ៉ូសែប ស៊្មីធ បានចាកចេញពីមិសសួរីកាលពីប៉ុន្មានឆ្នាំមុន ហើយរស់នៅក្នុងតំបន់ណៅវូ អិលលីណោយ នៅពេលនោះ ។ ដោយដឹងថា ប្រសិនបើលោកត្រឡប់ទៅមិសសួរីវិញ លោកនឹងត្រូវគេសម្លាប់ នោះព្យាការីបានគេចខ្លួនពីពួកមន្ត្រីមិសសួរីមួយរយៈពេល ដើម្បីចៀសវាងពីការចាប់ខ្លួនដោយអយុត្តិធម៌ ។ នៅខែ មករា ឆ្នាំ ១៨៤៣ ការតាមចាប់ខ្លួនយ៉ូសែប ស្ម៊ីធ ហើយចាប់លោកជាឈ្លើយសឹកទៅកាន់មិសសួរីវិញ ត្រូវបានគេកំណត់ថាជារឿងខុសច្បាប់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ គឺជាសំបុត្រមួយ ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៨៤២ ដែលព្យាការី យ៉ូសែប ស្ម៊ីធ បានសរសេរទៅកាន់សាសនាចក្រ កាលលោកគេចខ្លួនដើម្បីចៀសវាងពីការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់ពួកមន្ត្រីមិសសួរី ។ សំបុត្រនេះត្រូវបានអានទៅកាន់ពួកបរិសុទ្ធនៅក្នុងទីក្រុងណៅវូប៉ុន្មានថ្ងៃក្រោយមក ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:២ ដោយស្វែងរករបៀប ដែលយ៉ូសែបបានឆ្លើយតបនឹងសេចក្តីឈឺចាប់ ។ នៅពេលអ្នកអាន វាអាចមានប្រយោជន៍ដើម្បីដឹងថា ពាក្យ ធ្លាប់ មានន័យថា ការស៊ាំទៅនឹងអ្វីមួយ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើឥរិយាបថរបស់យ៉ូសែប ស្ម៊ីធ ចំពោះសេចក្ដីឈឺចាប់គឺជាអ្វីទៅ ?
-
តើគំរូរបស់លោកអាចជួយយើងបានតាមរបៀបណា ?
-
យោងតាមអ្វីដែលព្យាការីបានសរសេរទៅកាន់ពួកបរិសុទ្ធ យើងអាចរៀនបានថា ការទុកចិត្តលើព្រះវរបិតាសួគ៌អាចជួយយើងឲ្យស៊ូទ្រាំនឹងសេចក្ដីឈឺចាប់ ។ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:២ ឡើងវិញ ហើយពិចារណាអំពីការគូសចំណាំលើពាក្យ ឬឃ្លាដែលបង្រៀនពីសេចក្ដីពិតនេះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរឈ្មោះមនុស្សម្នាក់ដែលអ្នកស្គាល់( ឬបានរៀនអំពីគាត់ ) ដែលអាចស៊ូទ្រាំនឹងសេចក្ដីឈឺចាប់ ដោយសារគាត់បានទុកចិត្តលើព្រះវរបិតាសួគ៌ ។ តើការទុកចិត្តលើព្រះវរបិតាសួគ៌បានជួយបុគ្គលនេះឲ្យស៊ូទ្រាំនឹងសេចក្ដីឈឺចាប់យ៉ាងណាដែរ ?
ព្យាការី យ៉ូសែប ស៊្មីធ បានអះអាងដល់ពួកបរិសុទ្ធថា ពួកគេអាចរីករាយបាន ដោយសារ « ព្រះរបស់អ៊ីស្រាអែលគឺជាព្រះរបស់ពួកគេ » ( គ. និង ស. ១២៧:៣ ) ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:៤ ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានសន្យាដល់អ្នកទាំងឡាយ ដែលស៊ូទ្រាំនឹងការបៀតបៀន ។
សូមសញ្ជឹងគិតពីសេចក្ដីជំនឿរបស់ពួកបរិសុទ្ធដែលបានបន្តសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ទោះជាពួកគេស្ថិតនៅក្រោមការគំរាមកំហែងនៃការបៀតបៀនក៏ដោយ ។ តើគំរូរបស់ពួកគេជះឥទ្ធិពលដល់អ្នកយ៉ាងណាដែរ នៅពេលអ្នកជួបនឹងឧបសគ្គលំបាកៗនោះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:៥-១២
ព្យាការី យ៉ូសែប ស្ម៊ីធ ទូន្មានដល់ពួកបរិសុទ្ធឲ្យរក្សាទុកកំណត់ត្រានៃពិធីបុណ្យជ្រមុជទឹកដែលពួកគេបានធ្វើសម្រាប់អ្នកស្លាប់ ។
សូមចងចាំថា ប្រហែលជាមួយឆ្នាំកន្លះពីមុន យ៉ូសែប ស្ម៊ីធសរសេរសំបុត្រនោះដែលឥឡូវនេះត្រូវកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកបរិសុទ្ធថា ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់នេះមានតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ( សូមមើល គ. និង ស. ១២៤:៣០ ) ។ ទោះជាយ៉ាងក៏ដោយ ព្រះអម្ចាស់បានអនុញ្ញាតឲ្យពួកបរិសុទ្ធធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកសម្លាប់នៅក្នុងទន្លេ និង បឹងដែលនៅក្បែរៗរហូតដល់អាងជ្រមុជទឹកសង់រួចរាល់នៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅពេលអាងមួយបានសង់រួចរាល់ហើយ ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ទទួលយកបានតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ។ ពួកបរិសុទ្ធបានចាប់ផ្ដើមធ្វើពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់នៅព្រះវិហារបរិសុទ្ធណៅវូក្នុងខែ វិច្ឆិកា ឆ្នាំ ១៨៤១ ។
តើអ្នកធ្លាប់ទៅព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ដែរឬទេ ? ប្រសិនបើធ្លាប់ តើអ្នកបានគាត់សម្គាល់ថាតើមាននរណាម្នាក់កំពុងអង្គុយនៅក្បែរអាងបុណ្យជ្រមុជទឹកនោះដែរឬទេ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:៥–៩ ដោយរកមើលអ្នកដែលត្រូវមានវត្តមាននៅពេលពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ត្រូវបានធ្វើឡើង ។
យោងតាម ខ ៧ ហេតុអ្វីបានជាចាំបាច់ត្រូវមានអ្នកកត់ត្រាម្នាក់ធ្វើសាក្សីសម្រាប់ពិធីបុណ្យជ្រមុជទឹកនេះ ?
ក្រៅពីការត្រូវការអ្នកកត់ត្រាម្នាក់ យើងក៏អាចរៀននៅក្នុង ខ ៧ ផងដែរថា ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដែលធ្វើនៅលើផែនដីនឹងចងភ្ជាប់នៅឯស្ថានសួគ៌ដែរ ។ អ្នកគួរគូសចំណាំពាក្យ ឬ ឃ្លា ដែលបង្រៀនអំពីគោលលទ្ធិនេះ ។ ការចងភ្ជាប់នៅឯស្ថានសួគ៌មានន័យថា ពិធីបរិសុទ្ធទាំងនោះមានសុពលភាពនៅក្នុងព្រះនេត្រនៃព្រះវរបិតាសួគ៌ ។
-
សូមឆ្លើយសំណួរដូចទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើគោលលទ្ធិនេះអាចជះឥទ្ធិពលដល់អ្នកដោយរបៀបណា នៅពេលអ្នកកំពុងចូលរួមនៅក្នុងពិធីបរិសុទ្ធនានាជំនួសឲ្យអ្នកស្លាប់ ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:១០–១២ យើងរៀនថា យ៉ូសែប ស្ម៊ីធចង់បង្រៀនបន្ថែមទៀតដល់ពួកបរិសុទ្ធអំពីពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ ប៉ុន្តែដោយសារលោកកំពុងលាក់ខ្លួន នោះលោកមិនអាចធ្វើដូច្នោះបានទេ ។ លោកបានសន្យានឹងសរសេរសំបុត្របន្ថែមទៀតទៅពួកបរិសុទ្ធអំពីពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ និង ប្រធានបទសំខាន់ៗផ្សេងទៀត ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១-១១
យ៉ូសែប ស៊្មីធ ពន្យល់ពីហេតុផលដែលយើងរក្សាកំណត់ត្រាសម្រាប់ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ។
ប្រមាណជាមួយសប្ដាហ៍បន្ទាប់ពីលោកបានសរសេរលិខិតដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ ព្យាការី យ៉ូសែប ស្ម៊ីធបានសរសេរសំបុត្រមួយទៀតទៅពួកបរិសុទ្ធអំពីពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ ។ មាតិកានៃសំបុត្រនេះ មាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១–៥ យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ពួកអ្នកកត់កំណត់ត្រានៅក្នុងមូលដ្ឋានគួរត្រូវបានចាត់តាំងឲ្យធ្វើសាក្សី ហើយកត់ត្រាពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ ។ លោកក៏បានបង្រៀនដែរថា អ្នកកត់ត្រាទូទៅម្នាក់គួរត្រូវបានចាត់តាំងឲ្យចងក្រងកំណត់ត្រាមូលដ្ឋានទៅជាកំណត់ត្រាទូទៅមួយរបស់សាសនាចក្រ ។
តើអ្នកធ្លាប់ឃើញលិខិតឆ្លងដែរដែរឬទេ ? តើឯកសិទ្ធិបែបណាខ្លះដែលអ្នកកាន់លិខិតឆ្លងដែនមួយមាន ? ហេតុអ្វីបានជាលិខិតឆ្លងដែនរបស់មនុស្សម្នាក់ទៀត មិន អនុញ្ញាតឲ្យអ្នកចូលទៅក្នុងប្រទេសមួយទៀតបាន ? តើមានអ្វីកើតឡើង ប្រសិនបើអ្នកបានព្យាយាមចូលទៅប្រទេសមួយទៀត ប៉ុន្តែព័ត៌មាននៅក្នុងលិខិតឆ្លងដែនរបស់អ្នកមិនពេញលេញ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៦–៧ ដោយស្វែងរកកំណត់ហេតុអ្វីដែលនឹងត្រូវបានប្រើដើម្បីកំណត់ថាតើយើងមានគុណសម្បត្តិដើម្បីចូលទៅក្នុងវត្តមានរបស់ព្រះ ។ សូមកត់សម្គាល់ថា សាវក យ៉ូហាន និង ព្យាការី យ៉ូសែប ស៊្មីធ បានលើកឡើងច្រើនជាងកំណត់ត្រាមួយ ។ លោកបានប្រាប់ពី « បញ្ជី [ បាន ] បើកឡើង ហើយបញ្ជីមួយទៀត … ជាបញ្ជីជីវិត » ( គ. និង ស. ១២៨:៦ សូមមើលផងដែរ វិវរណៈ ២០:១២ ) ។ បញ្ជីដំបូងដែលបានលើកឡើងដោយយ៉ូហានគឺជាកំណត់ត្រាដែលបានរក្សាទុកនៅលើផែនដី ហើយបញ្ជីជីវិតគឺជាកំណត់ត្រាដែលបានរក្សាទុកនៅស្ថានសួគ៌ ។ បញ្ជីទាំងនេះមាននូវកំណត់ត្រាមួយអំពីកិច្ចការរបស់យើង ។
ដូចជាមនុស្សម្នាក់ត្រូវការឲ្យមានព័ត៌មានជាក់លាក់កត់ត្រាទុកនៅក្នុងលិខិតឆ្លងដែនរបស់ខ្លួន ដើម្បីគេអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសមួយទៀត យើងត្រូវការឲ្យមានព័ត៌មានជាក់លាក់កត់ត្រានៅក្នុងបញ្ជីទាំងនេះ ដើម្បីត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងវត្តមានរបស់ព្រះ ។
ប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
« មិនថាសញ្ជាតិ ឬជាតិសាសន៍ណាទេ មិនថាប្រុស ឬស្រី មិនថាការងារ មិនថាការអប់រំរបស់អ្នកបែបណាទេ មិនថាអ្នករស់នៅក្នុងជំនាន់ណានោះទេ ជីវិតគឺជាដំណើរមួយឆ្ពោះទៅផ្ទះសម្រាប់យើងគ្រប់គ្នា ដើម្បីត្រឡប់ទៅវត្តមានរបស់ព្រះនៅក្នុងនគរសេឡេស្ទាលរបស់ទ្រង់ ។
« ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយ ក្លាយទៅជារាជសាសន៍របស់យើង សម្រាប់ការទទួលឲ្យចូលទៅក្នុងទីវត្តមានរបស់ព្រះ ។ ការទទួលពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយ ដោយភាពសក្តិសម គឺជាដំណើរស្វែងរកនៃឆាកជីវិតមួយ ហើយ ហើយការរក្សាសេចក្តីសញ្ញាទាំងឡាយ បន្ទាប់ពីនេះទៅ គឺជាឧបសគ្គនៃជីវិតរមែងស្លាប់នេះ » ( “Covenants,” Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ២៤ ) ។
សូមពិចារណាអំពីការគូសចំណាំឃ្លាដែលចែងថា « អ្វីក៏ដោយដែលអ្នកចងនៅផែនដី នោះនឹងត្រូវបានចងនៅស្ថានសួគ៌ដែរ » នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៨ ។ រួចអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៨ ម្ដងទៀត ដោយរកមើល « ការបកប្រែផ្សេងទៀត »ដែលយ៉ូសែប ស្ម៊ីធបានធ្វើចំពោះសេចក្ដីថ្លែងការណ៍នេះ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លានោះផងដែរ ។
នៅពេលអ្នកអាន ខ ៨ វាអាចមានប្រយោជន៍ដើម្បីដឹងថាពាក្យ ខ្លួនគេ មានន័យថា ការធ្វើសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់នរណាម្នាក់ ហើយវាសំដៅទៅលើមនុស្សដែលបានទទួលបុណ្យជ្រមុជទឹកសម្រាប់ខ្លួនឯង ។ ឃ្លាថា « ភ្នាក់ងាររបស់គេផ្ទាល់ » សំដៅលើអស់អ្នកដែលមិនអាចទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកសម្រាប់សេចក្ដីសង្គ្រោះនៅក្នុងជីវិតរមែងស្លាប់ ហើយត្រូវការភ្នាក់ងារ—ជាមនុស្សផ្សេងទៀត—ដើម្បីទទួលបុណ្យជ្រមុជទឹកជំនួសពួកគេ ។
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៨ តើអ្វីទៅជាកិច្ចការពីរយ៉ាងដែលត្រូវកើតឡើងដើម្បីឲ្យពិធីបរិសុទ្ធនានាត្រូវបានចងនៅផែនដី និង នៅស្ថានសួគ៌ ? ដើម្បីឆ្លើយនឹងសំណួរនេះ សូមបំពេញចន្លោះនៃគោលលទ្ធិដូចតទៅនេះ ៖ នៅពេលពិធីបរិសុទ្ធមួយត្រូវបានធ្វើដោយបព្វជិតភាព និងត្រឹមត្រូវ ត្រូវបានរក្សាទុក នោះពិធីបរិសុទ្ធនោះនឹងចងនៅផែនដី និង ស្ថានសួគ៌ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ដើម្បីឲ្យពិធីបរិសុទ្ធមួយបានចងនៅស្ថានសួគ៌មានន័យយ៉ាងដូចម្ដេច ?
-
តើអ្នកមានអារម្មណ៍បែបណាដែរ នៅពេលអ្នកគិតអំពីការចូលរួមរបស់អ្នកនៅក្នុងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ក្នុងព្រះវិហារបរិសុទ្ធនឹងនាំយកពរជ័យទៅឲ្យមនុស្សនៅក្នុងពិភពវិញ្ញាណ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៩ ដោយស្វែងរកអ្វីដែលព្យាការី យ៉ូសែប ស៊្មីធ បានថ្លែងពីគោលការណ៍នេះ ។
រឿងមួយដែលយើងរៀននៅក្នុង ខ ៩ គឺថានៅគ្រប់គ្រាកាន់កាប់ត្រួតត្រានៃបព្វជិតភាព ព្រះអម្ចាស់បានប្រទានសិទ្ធិអនុញ្ញាតដល់ពួកអ្នកបម្រើរបស់ទ្រង់ យ៉ាងហោចណាស់ម្នាក់ដើម្បីកាន់ ហើយប្រើកូនសោបព្វជិតភាពសម្រាប់ការផ្សារភ្ជាប់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១០-១១ ដោយស្វែងរកអ្វី ដែលព្រះអង្គសង្គ្រោះបានប្រទានដល់ពេត្រុស ។
ដូចជាព្រះអង្គសង្គ្រោះបានប្រទានកូនសោបព្វជិតភាពសម្រាប់ការផ្សារភ្ជាប់ដល់ពេត្រុស នោះទ្រង់ក៏បានប្រទានកូនសោទាំងនោះម្ដងទៀតនៅជំនាន់របស់យើងផងដែរ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីបានជាពិធីបរិសុទ្ធ ដូចជាពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ចាំបាច់ត្រូវធ្វើឡើងជាមួយនឹងសិទ្ធិអំណាចត្រឹមត្រូវ ?
-
តើអ្នកនឹងធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧; ១២៨:១-១១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖