មេរៀនទី ២៤ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩
បុព្វកថា
ពួកបរិសុទ្ធបានធ្វើការអស់រយៈពេលជិតបីឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ នៅពេលការសាងសង់បានបញ្ចប់ ព្រះអម្ចាស់បានត្រាស់សម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធ អំពីសេចក្ដីអធិស្ឋាន ដែលត្រូវថ្វាយនៅឯការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ។ ព្យាការីបានអានសេចក្ដីអធិស្ឋាននោះ នៅក្នុងពិធីឧទ្ទិសឆ្លងនៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ។ លោកបានទូលសូមឲ្យព្រះអម្ចាស់ទទួលយកព្រះវិហារបរិសុទ្ធ ហើយបំពេញតាមការសន្យារបស់ទ្រង់ ដែលទ្រង់បានធ្វើអំពីព្រះវិហារបរិសុទ្ធរួមមានការការពារ និង ពរជ័យចំពោះអ្នកទាំងឡាយណាដែលមកថ្វាយបង្គំនៅទីនោះ ។ លោកបានអធិស្ឋានឲ្យពួកបរិសុទ្ធ ដែលត្រូវបានគេសង្កត់សង្កិននៅឃុំចាកសុន រដ្ឋ មិសសួរី ហើយលោកបានអធិស្ឋានឲ្យអ្នកដែលសង្កត់សង្កិនពួកគេផងដែរ ។ លោកក៏បានអធិស្ឋានសូមឲ្យមនុស្សទូទាំងពិភពលោក ជាពិសេសពួកអ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយ ទទួលយកភាពពោរពេញនៃដំណឹងល្អដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:១-២៣
យ៉ូសែប ស៊្មីធ បានទូលសូមឲ្យព្រះអម្ចាស់ទទួលយកព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ហើយប្រទានពរដល់អ្នកទាំងឡាយណាដែលមកថ្វាយបង្គំនៅទីនោះ
តើអ្នកដឹងថាតើព្រះវិហារបរិសុទ្ធនីមួយៗនេះ មានទីតាំងស្ថិតនៅទីណាខ្លះ ? សូមផ្គូផ្គងរូបភាពនៃព្រះវិហារបរិសុទ្ធនីមួយៗ ទៅនឹងទីតាំងរបស់វា ។ ( ចម្លើយមាននៅចុងមេរៀននេះ ) ។
|
|
|
|
|
|
|
|
|
|
-
សូមសរសេរសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាពួកបរិសុទ្ធថ្ងៃចុងក្រោយ កសាងព្រះវិហារបរិសុទ្ធ ? សូមសរសេរចម្លើយពីរបី ចំពោះសំណួរនេះ ។ សូមទុកចន្លោះដើម្បីសរសេរចម្លើយបញ្ចូល នៅក្នុងមេរៀននេះ ។
អ្នកអាចរកបានចម្លើយចំពោះចំណួរនេះ ដោយសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩ដែលមានសេចក្ដីអធិស្ឋាន ដែលព្យាការី យ៉ូសែប ស៊្មីធ បានថ្វាយនៅក្នុងពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។
បន្ទាប់ពីបានធ្វើការ និង លះបង់អស់រយៈពេលជិតបីឆ្នាំ ក្នុងការកសាងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ពួកបរិសុទ្ធបានឃើញការបំពេញតាមសេចក្ដីសន្យាដែលថា បើសិនជាពួកគេគោរពតាមព្រះបញ្ញត្តិទាំងឡាយ នោះពួកគេនឹង « មានអំណាចដើម្បីកសាងគេហដ្ឋាននោះ » ( គ. និង ស. ៩៥:១១ ) ។ នៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ សមាជិកសាសនាចក្របានចូលរួមពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ហើយព្យាការី យ៉ូសែប ស៊្មីធ បានថ្វាយពាក្យអធិស្ឋានឆ្លងនោះ ។ សមាជិកជិត ១,០០០ នាក់បានចូលរួមពិធីឧទ្ទិសឆ្លងនោះ ។ មានមនុស្សជាច្រើននាក់ទៀតដែលបានចូលរួម ប៉ុន្តែអគារទាំងមូលពុំអាចដាក់មនុស្សទាំងអស់បានឡើយ ។ ព្យាការីបានរៀបចំឲ្យពួកគេចូលរួមនៅក្នុងការប្រជុំមួយក្នុងបន្ទប់មួយផ្សេងទៀត ហើយពិធីឧទ្ទិសឆ្លងត្រូវបានប្រារព្ធឡើងវិញម្ដងទៀតសម្រាប់ពួកគេនៅប៉ុន្មានថ្ងៃក្រោយមក ។
តើអ្នកធ្លាប់បានចូលរួមនៅក្នុង ពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធដែរឬទេ ? សូមស្រមៃថាបានចូលរួមក្នុងពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ៖ នេះគឺជាព្រះវិហារបរិសុទ្ធដំបូងបង្អស់ ចាប់តាំងពីជំនាន់បូរាណមក ។ អ្នកបានទន្ទឹងរង់ចាំថ្ងៃនោះ អស់រយៈពេលជាយូរមកហើយ ។ មានទំនុកតម្កើងបើកកម្មវិធីដោយក្រុមចម្រៀង ។ បន្ទាប់មក ស៊ីឌនី រិកដុន ដែលជាទីប្រឹក្សាក្នុងគណៈប្រធានទីមួយ ចែកចាយសុន្ទរកថា ។ បន្ទាប់ពីបានសម្រាកបន្តិចក្រោយមក អ្នកមានឱកាសគាំទ្រថ្នាក់ដឹកនាំសាសនាចក្រ ។ ក្រោយមក ព្យាការី យ៉ូសែប ស៊្មីធ ក្រោកឈរ ហើយអានពាក្យអធិស្ឋានឆ្លង ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:១-៤ ដោយស្វែងរកមូលហេតុចម្បង ដែលពួកបរិសុទ្ធកសាងព្រះវិហារបរិសុទ្ធ ។ សូមកត់ចំណាំថា សាសនាចក្រនាពេលបច្ចុប្បន្ននេះក៏ដូចជាកាលជំនាន់បូរាណដែរ ព្រះអម្ចាស់ត្រាស់បង្គាប់យើងឲ្យកសាងព្រះវិហារបរិសុទ្ធ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៥ដោយស្វែងរកឃ្លាដែល ពិពណ៌នាអំពីការលះបង់របស់ពួកបរិសុទ្ធក្នុងការកសាងព្រះវិហារបរិសុទ្ធ ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
នៅចន្លោះខែ មិថុនា ឆ្នាំ ១៨៣៣ និង ខែ មិនា ឆ្នាំ ១៨៣៦ សមាជិកសាសនាចក្របានលះបង់ពេលវេលា ប្រាក់កាស និង ទ្រព្យសម្បត្តិដើម្បីជួយកសាងព្រះដំណាក់នៃព្រះអម្ចាស់ឡើង ។ បុរសៗបានស្ម័គ្រចិត្តធ្វើការ នៅក្នុងការដ្ឋាន ។ ស្ត្រីៗបានកាត់ដេរសម្លៀកបំពាក់ ផ្ដល់ទីស្នាក់អាស្រ័យ ហើយនៅពេលបុរសជាច្រើនបានចាកចេញទៅជាមួយជំរុំស៊ីយ៉ូនដើម្បីជួយពួកបរិសុទ្ធដែលមានបញ្ហានៅក្នុងរដ្ឋ មិសសួរី នោះមានស្ត្រីមួយចំនួន បានបន្តធ្វើការងារសាងសង់ព្រះវិហារបរិសុទ្ធ ។ ពួកបរិសុទ្ធមួយចំនួនដូចជា ចន ថែនើរ និង វ៉េនណា ចាក បានបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការសាងសង់ព្រះវិហារបរិសុទ្ធ ។
នៅពេលការសាងសង់បានរីកលូតលាស់ទៅមុខ នោះពួកបរិសុទ្ធបានដឹងថា ពួកគេត្រូវការលទ្ធភាពដើម្បីរៀបឥដ្ឋនៅផ្នែកខាងក្រៅនៃព្រះវិហារបរិសុទ្ធ ។ មានគេបានណែនាំថា ជាងសំណង់ម្នាក់ឈ្មោះ អាធីម៊ើស មីយេ មានជំនាញពិសេសអាចបញ្ចប់ការសាងសង់ផ្នែកខាងក្រៅបាន ដោយប្រើក្បួនសំណង់ថ្មបំណែក ។ ប៉ុន្តែ អាធីម៊ើស រស់នៅប្រទេសកាណាដាឯណោះ ហើយគាត់ពុំមែនជាសមាជិកសាសនាចក្រឡើយ ។ យ៉ូសែប ស៊្មីធ បានចាត់ឲ្យ ព្រិកហាំ យ៉ង់ ធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីបង្រៀន ហើយធ្វើពិធីបុណ្យជ្រមុជទឹកឲ្យ អាធីម៊ើស ហើយនាំគាត់មកទីក្រុង ខឺតឡង់ ដើម្បីជួយកសាងព្រះវិហារបរិសុទ្ធ ។ លំដាប់នោះព្យាការីបានមានប្រសាសន៍ថា « ហើយប្រាប់គាត់ឲ្យនាំយកប្រាក់មួយពាន់ដុល្លាមកតាមខ្លួនផង » ( ប្រសាសន៍ដកស្រង់នៅក្នុង អិម រ័សុល បាឡឺដ «What Came from Kirtland» [ Brigham Young University devotional ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ] ទំព័រ ៨–៩ speeches.byu.edu ) ។ ព្រិកហាំ បានធ្វើតាមបណ្ដាំគ្រប់យ៉ាង ។ អាធីម៊ើស បានសម្រេចចិត្តទទួលពិធីបុណ្យជ្រមុជទឹក ហើយបានចាកចេញពីផ្ទះសម្បែងរបស់គាត់នៅប្រទេសកាណាដាទុកជាការលះបង់មួយដ៏ធំ ដើម្បីមកជួយកសាងព្រះវិហារបរិសុទ្ធ ។
ប្លង់មើលចំពីលើ នៃជាន់ខាងក្រោមក្នុងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់
តម្លៃសរុបនៃព្រះវិហារបរិសុទ្ធគឺប្រមាណ ៦០,០០០ ដុល្លារ—ដែលជាបរិមាណដ៏ច្រើនលើសលុបនៅជំនាន់នោះ ជាពិសេសបើគិតអំពីភាពក្រខ្សត់ពួកបរិសុទ្ធ ។
-
តើអ្វីដែលធ្វើឲ្យអ្នកស្ញប់ស្ញែង អំពីការលះបង់ដែលពួកបរិសុទ្ធបានធ្វើ ដើម្បីកសាងព្រះវិហារបរិសុទ្ធ ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៥ ម្ដងទៀត ដោយស្វែងរកសេចក្ដីពិតមួយ អំពីព្រះវិហារបរិសុទ្ធ ដែលពន្យល់អំពីមូលហេតុដែលធ្វើឲ្យពួកបរិសុទ្ធមានឆន្ទៈលះបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីកសាង ។ សូមសរសេរសេចក្ដីពិតនោះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមគិតអំពីថាតើវាមានន័យដូចម្ដេច ដែលថាព្រះអម្ចាស់នឹង « សម្ដែងអង្គទ្រង់ដល់រាស្ត្ររបស់ទ្រង់ » ( គ. និង ស. ១០៩:៥ ) ។ ពាក្យ សម្ដែង មានន័យថា បង្ហាញ ឬ ធ្វើឲ្យគេដឹង ។ ចំពោះមនុស្សខ្លះ ពាក្យនេះរួមបញ្ចូលទាំងការបង្ហាញខ្លួនឲ្យឃើញ ។ ចំពោះអ្នកទាំងឡាយណាដែលចូលក្នុងព្រះវិហារបរិសុទ្ធដោយសក្ដិសម ទ្រង់សម្ដែងអង្គទ្រង់តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ និង គោលលទ្ធិនានា ដែលមានបង្រៀននៅទីនោះ ដែលជួយយើងឲ្យស្គាល់ទ្រង់ ។ ព្រះអម្ចាស់ក៏អាចសម្ដែងអង្គទ្រង់ទៅកាន់រាស្ត្ររបស់ទ្រង់នៅខាងក្រៅព្រះវិហារបរិសុទ្ធបានផងដែរ ប៉ុន្តែព្រះវិហារបរិសុទ្ធគឺជាទីកន្លែងដែលអ្នកទាំងឡាយដែលមានភាពសក្ដិសម អាចទទួលបានអារម្មណ៍ពីព្រះចេស្ដាទ្រង់ ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១២-១៣ដោយស្វែងរកឃ្លាទាំងឡាយ ដែលជួយអ្នកយល់អំពីរបៀប ដែលព្រះអម្ចាស់អាចសម្ដែងអង្គទ្រង់ទៅដល់អ្នក នៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមពិចារណាអំពីការគូសចំណាំឃ្លាទាំងឡាយណា ដែលមានន័យជាពិសេសចំពោះអ្នក ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគ្រាដែលអ្នកបានមានអារម្មណ៍ថានៅក្បែរព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ? បើសិនជាអ្នកពុំទាន់បានទៅព្រះវិហារបរិសុទ្ធនៅឡើយទេនោះ សូមសរសេរអំពីអារម្មណ៍ដែលអ្នកសង្ឃឹមថានឹងទទួលបាន នៅពេលអ្នកមានឱកាសទៅព្រះវិហារបរិសុទ្ធ ។
សូមពិចារណាថាតើអារម្មណ៍នៃការស្ថិតនៅក្បែរព្រះអង្គសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធ អាចមានអានុភាពទៅលើជីវិតរបស់អ្នក នៅពេលអ្នកចេញមកក្រៅព្រះវិហារបរិសុទ្ធវិញយ៉ាងដូចម្ដេច ។ បន្ទាប់មក សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១៤-២៣ដោយស្វែងរកពរជ័យបន្ថែម ដែលបានសន្យាដល់អ្នកទាំងឡាយ ដែលមកថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
សេចក្ដីពិតមួយដែលយើងអាចរៀនចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២២–២៣ គឺ ការទទួលបានពរជ័យក្នុងព្រះវិហារបរិសុទ្ធ ប្រដាប់យើងដោយព្រះចេស្ដា និង ជំនួយពីព្រះអម្ចាស់នៅពេលយើងបម្រើទ្រង់ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អ្នកអាចនឹងចង់សរសេរបញ្ចូលសេចក្ដីពិតនេះទៅក្នុងបញ្ជីនៃមូលហេតុដែលយើងកសាងព្រះវិហារបរិសុទ្ធ ។
តើអ្នកគិតថា « ប្រដាប់ដោយព្រះចេស្ដា [ របស់ព្រះ ] » ( គ. និង ស. ១០៩:២២ ) មានន័យដូចម្ដេច ? សូមពិចារណាអំពីសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ រួចស្វែងរកព្រះចេស្ដាដែលអាចកើតមានចំពោះអ្នក នៅពេលអ្នកមកថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ៖ « នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សមាជិកសាសនាចក្រដែលស្មោះត្រង់ អាចត្រូវបានប្រទានឲ្យ ‹ ដោយព្រះចេស្ដាពីស្ថានលើ › [គ. និង ស. ៩៥:៨ ] ជាព្រះចេស្ដាដែលអាចឲ្យយើងតតាំងនឹងការល្បួង គោរពសេចក្ដីសញ្ញា គោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយថ្លែងទីបន្ទាល់ អំពីដំណឹងល្អដោយមានចិត្តក្លៀវក្លា និង មិនមានការភ័យខ្លាចទៅដល់ក្រុមគ្រួសារ មិត្តភក្ដិ និង អ្នកជិតខាង » ( «Cultivating Divine Attributes» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ២៧ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើព្រះចេស្ដាប្រភេទនេះ អាចជាពរជ័យចំពោះអ្នក និង ក្រុមគ្រួសាររបស់អ្នកបានយ៉ាងដូចម្ដេច ?
-
តើវានឹងក្លាយជាពរជ័យ ចំពោះពួកអ្នកផ្សព្វផ្សាយសាសនាយ៉ាងដូចម្ដេច ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៤-៣៤
ព្យាការីអធិស្ឋានសូមឲ្យព្រះអម្ចាស់ថែរក្សា និង ប្រទានពរដល់អ្នកទាំងឡាយ ដែលមកថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ
សូមមើលទៅរូបភាពនៃស្លាបព្រាកំបោរ និង ដាវដែលភ្ជាប់មកជាមួយនេះ ។ ស្លាបព្រាកំបោរគឺជាសម្ភារប្រើដើម្បី បៀកស៊ីម៉ងត៍ភ្ជាប់ឥដ្ឋ និង ថ្ម ។ តើសម្ភារនីមួយៗទាំងនេះ អាចត្រូវបានប្រើសម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច ?
នៅអំឡុងពេលសាងសង់ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ពួកមនុស្សកំណាចបានគំរាមកំហែងថានឹងកំទេចជញ្ជាំងព្រះវិហារបរិសុទ្ធចោល ។ ប្រធាន ព្រិកហាំ យ៉ង់ បានមានប្រសាសន៍ប្រាប់អំពី « កម្មករដែលធ្វើការសាងសង់ជញ្ជាំង បានកាន់ដាវនៅដៃម្ខាង ដើម្បីការពារខ្លួនពីមនុស្សកំណាច នៅពេលដែលពួកគេកំពុងតែតម្រៀបថ្ម ហើយហុចស្លាបព្រាកំបោរទៅឲ្យគ្នា » ( Discourses of Brigham Young, ជ្រើសរើសចេញពី John A. Widtsoe [ ឆ្នាំ ១៩៥៤ ] ទំព័រ ៤១៥ ) ។ យូរៗម្ដង បុរសដែលធ្វើការសាងសង់ព្រះវិហារបរិសុទ្ធនៅពេលថ្ងៃ ក៏ត្រូវយាមល្បាតនៅពេលយប់ដែរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៤-២៨ដោយស្វែងរកការការពារដែលព្យាការី យ៉ូសែប ស៊្មីធ បានទូលសូមពីព្រះអម្ចាស់ ។
នៅក្នុង ខទី ២៤សូមកត់ចំណាំឃ្លា « មានឈ្មោះ និង ជំហរដ៏ប្រសើរ » ។ ការណ៍នេះសំដៅទៅលើការតម្រូវឲ្យមានភាពសក្ដិសមក្នុងការថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងព្រះវិហារបរិសុទ្ធ និង មានចិត្តស្មោះត្រង់ចំពោះសេចក្ដីសញ្ញាដែលយើងធ្វើនៅទីនោះ ។
ចេញពីអ្វីដែលអ្នកបានអាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៤–២៨សូមបញ្ចប់គោលការណ៍ដូចតទៅនេះ ៖ បើសិនជាយើងមានភាពសក្ដិសម ហើយថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ នោះ ។ ( អ្នកនឹងប្រហែលជារកឃើញ របៀបជាច្រើនដើម្បីបញ្ចប់សេចក្ដីថ្លែងការណ៍នេះ ។ ឧទាហរណ៍ អ្នកអាចនឹងឃើញថា ពរជ័យមួយនៃការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធគឺ « មិនមានគ្រឿងសាស្តាវុធបានធ្វើឡើងទាស់នឹង [ យើង ] បានលូតលាស់ឡើយ » [ គ. និង ស. ១០៩:២៥ ] ។ អ្នកអាចនឹងចង់សរសេរបញ្ចូលគោលការណ៍នេះ និង គោលការណ៍ដទៃទៀត ទៅក្នុងបញ្ជីនៃមូលហេតុដែលយើងកសាងព្រះវិហារបរិសុទ្ធ ) ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៩–៣៤យើងអានអំពីរបៀបដែលព្យាការី យ៉ូសែប ស៊្មីធ បានអធិស្ឋានសូមឲ្យជនដែលរាយការណ៍កុហកអំពីពួកបរិសុទ្ធត្រូវបំភាន់ ហើយសូមឲ្យសមាជិកសាសនាចក្រនឹងមានលទ្ធភាពក្រោកឈរឡើង ហើយធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៣៥-៧៦
យ៉ូសែប ស៊្មីធ អធិស្ឋានសម្រាប់ថ្នាក់ដឹកនាំសាសនាចក្រ សម្រាប់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី សម្រាប់ពួកអ្នកសង្កត់សង្កិនដល់ពួកបរិសុទ្ធ និង សូមឲ្យជាតិសាសន៍ទាំងឡាយនៅលើផែនដី នឹងស្ដាប់ពួកអ្នកផ្សព្វផ្សាយសាសនា
ពួកបរិសុទ្ធបានទន្ទឹងរង់ចាំការប្រទានព្រះចេស្ដា និង សិរីល្អ ដែលបានសន្យាដល់ពួកគេទុកជាផ្លែផ្កានៃការកសាងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៣៥–៤៦ព្យាការី យ៉ូសែប ស៊្មីធ បានទូលអង្វរព្រះអម្ចាស់ឲ្យបំពេញព្រះវិហារបរិសុទ្ធដោយនូវសិរីល្អទ្រង់ ហើយប្រទានទីបន្ទាល់ និង អំណាចដល់ពួកអ្នកបម្រើទ្រង់ ដែលត្រូវនឹងត្រូវការដើម្បីប្រកាសដំណឹងល្អ ។
នៅល្ងាចថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ បន្ទាប់ពីពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធហើយ កូរ៉ុមបព្វជិតភាពបានជួបប្រជុំគ្នានៅក្នុងព្រះវិហារបរិសុទ្ធ ។ យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា លោក « បានប្រទានដល់ពួកគាត់នូវសេចក្ដីណែនាំអំពីវិញ្ញាណនៃការព្យាករណ៍ ហើយលោកបានចាត់ឲ្យអ្នកចូលរួមឡើងថ្លែង ។…
« បងប្រុស ចច អេ ស្ម៊ីធ បានក្រោកឈរឡើង ហើយបានចាប់ផ្ដើមព្យាករ នៅពេលសំឡេងមួយបានឮឡើងដូចជាសំឡេងខ្យល់បក់យ៉ាងខ្លាំង ដែលបានឮខ្ទរខ្ទារពេញព្រះវិហារបរិសុទ្ធ ហើយមនុស្សទាំងអស់បានក្រោកឈរឡើងទន្ទឹមគ្នា ដោយបានទទួលអានុភាពពីព្រះវិញ្ញាណ នោះមនុស្សជាច្រើនបានចាប់ផ្ដើមថ្លែងចេញជាច្រើនភាសា និង ជាការព្យាករណ៍ ចំណែកមនុស្សខ្លះទៀតបានឃើញការនិមិត្តដ៏អស្ចារ្យៗ ហើយបានឃើញព្រះវិហារបរិសុទ្ធពេញទៅដោយពួកទេវតា ដែលជាព្រឹត្តិការណ៍មួយខ្ញុំបានប្រកាសទៅដល់បណ្ដាជន ។ ប្រជាជនដែលរស់នៅក្បែរខាង បានរត់មកទាំងអស់គ្នា ( ព្រោះបានឮសំឡេងចម្លែកនៅខាងក្នុង និង បានឃើញពន្លឺយ៉ាងភ្លឺដូចជាបង្គោលភ្លើងស្ថិតនៅក្នុងព្រះវិហារបរិសុទ្ធ ) ហើយពួកគេបានស្ញើចចំពោះអ្វីដែលបានកើតឡើងនោះ » ( នៅក្នុង History of the Church ២:៤២៨ ) ។ ព្រះគម្ពីរសញ្ញាថ្មីប្រាប់យើងអំពីព្រឹត្តិការណ៍មួយស្រដៀងនេះ ដែលកើតឡើងក្នុងចំណោមពួកបរិសុទ្ធស្មោះត្រង់ ដែលបានប្រមូលគ្នានៅមិនយូរប៉ុន្មាន បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រឹត្តិការណ៍នោះ ដែលជាញឹកញាប់ត្រូវបានហៅថា បុណ្យថ្ងៃទីហាសិប មានកត់ត្រានៅក្នុង កិច្ចការ ២ ។ អ្នកអាចនឹងចង់ដាក់បទគម្ពីរយោង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៣៦–៣៧ ជាមួយនឹង កិច្ចការ ២:២–៣ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៤៧–៦៧យើងអានថា យ៉ូសែប ស៊្មីធ បានអធិស្ឋានសម្រាប់ពួកបរិសុទ្ធ ដែលត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងនៅរដ្ឋ មិសសួរី ហើយលោកបានអធិស្ឋានសម្រាប់អ្នកដែលបានសង្កត់សង្កិនពួកគេ ។ លោកក៏បានអធិស្ឋានសម្រាប់ព្រះអម្ចាស់ ឲ្យបន្ទន់ចិត្តមនុស្សនៅលើផែនដី ដើម្បីពួកគេទទួលពួកអ្នកបម្រើ ដែលចេញពីព្រះវិហារបរិសុទ្ធទៅប្រកាសដំណឹងល្អ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៦៨-៨០
ព្យាការីអធិស្ឋានសម្រាប់សាសនាចក្រ ហើយសូមឲ្យព្រះអម្ចាស់ទទួលយកសេចក្ដីឧទ្ទិសព្រះវិហារបរិសុទ្ធ
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៦៨–៦៩, ៧១–៧៣, ៧៨–៨០ដោយស្វែងរកសំណូមពរបន្ថែមទៀត ដែលព្យាការីបានទូលនៅក្នុងពាក្យអធិស្ឋានឆ្លង ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមរាយបញ្ជីសំណូមពរដែលព្យាការីបានទូលនៅក្នុងខគម្ពីរទាំងនេះ ។ បន្ទាប់មក សូមសរសេរថាតើអត្ថប្រយោជន៍អ្វីខ្លះ ដែលអ្នកគិតថាអាចកើតចេញពីសំណូមពរទាំងនេះ រួមទាំងសំណូមពរដូចនេះនៅក្នុងការអធិស្ឋានរបស់អ្នក ។
បើសិនជាអ្នកមានសៀវភៅទំនុកតម្កើង សូមបើកទៅ « ព្រះវិញ្ញាណនៃព្រះ » ( ទំនុកតម្កើង លេខ ២ ) ។ ទំនុកតម្កើងនេះត្រូវបានច្រៀងនៅឯពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ភ្លាមៗបន្ទាប់ពីពាក្យអធិស្ឋានឆ្លងត្រូវបានថ្លែង ( សូមមើលកំណត់ចំណាំនៅពីក្រោមទំនុកតម្កើងនេះ ) ។ ទំនុកតម្កើងនេះនៅតែបន្តច្រៀង នៅក្នុងពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនាពេលសព្វថ្ងៃនេះដដែល ។ ស្ដាប់ អាន ឬ ច្រៀងទំនុកតម្កើង
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖