មេរៀនទី ១៥ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩-៧១
បុព្វកថា
នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ ១៨៣១ អូលីវើរ ខៅឌើរី បានទទួលការចាត់តាំងមួយដើម្បីនាំយកឯកសារសរសេរដោយដៃសម្រាប់ព្រះគម្ពីរនៃព្រះបញ្ញត្តិមកពីរដ្ឋ អូហៃអូ ទៅកាន់ រដ្ឋមិសសួរី ។ នៅរដ្ឋ មិសសួរី វិលលាម ដ័បបុលយូ ហ្វែប្ស បានបោះពុម្ពព្រះគម្ពីរនោះនៅរោងពុម្ពរបស់គាត់ ។ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានចាត់តាំង យ៉ូហាន វិតមើរ ឲ្យធ្វើជាដៃគូធ្វើដំណើរជាមួយ អូលីវើរ ហើយបានបញ្ជាគាត់ឲ្យបន្តតួនាទីជាអ្នកសរសេរប្រវត្តិសាសនាចក្រ ( សូមមើល គ. និង ស. ៦៩ ) ។ លុះស្អែកឡើង ព្រះអម្ចាស់បានចាត់តាំងបុរសប្រាំមួយនាក់ ឲ្យបម្រើជាអ្នកកាន់កាប់លើវិវរណៈទាំងឡាយ ( សូមមើល គ. និង ស. ៧០ ) ។ ក្នុងខែ ធ្នូ ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានបញ្ជាព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យបម្រើបេសកកម្ម ដើម្បីលុបបំបាត់អារម្មណ៍មិនស្និទ្ធស្នាលដែលមានចំពោះសាសនាចក្រ និង ដើម្បីរៀបចំផ្លូវសម្រាប់វិវរណៈទាំងឡាយ និង ព្រះបញ្ញត្តិ ដែលត្រូវបានបោះពុម្ព ( សូមមើល គ. និង ស. ៧១ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩
ព្រះអម្ចាស់បើកសម្ដែងអំពីសារៈសំខាន់នៃការរក្សាប្រវត្តិ
តើធ្លាប់មាននរណាម្នាក់បានទុកចិត្តអ្នក ឲ្យថែរក្សាវត្ថុណាមួយដ៏មានតម្លៃដែរឬទេ ? តើវត្ថុនោះគឺជាអ្វី ? តើការទុកចិត្តបែបនោះ មានឥទ្ធិពលលើរបៀបដែលអ្នកថែរក្សាវត្ថុដ៏មានតម្លៃនោះយ៉ាងដូចម្ដេច ?
សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩រួចគូសសម្គាល់អ្វីដែល អូលីវើរ ខៅឌើរី ត្រូវបានផ្ទុកផ្ដាក់ឲ្យធ្វើ ។
ប្រសិនបើវត្ថុមានតម្លៃទាំងនេះត្រូវបានប្រគល់ទៅឲ្យអ្នក តើអ្នកនឹងថែរក្សាវាយ៉ាងដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩:១-២រួចស្វែងរកឱវាទ ដែលព្រះអម្ចាស់បានប្រទានចំពោះវត្ថុដ៏មានតម្លៃទាំងនេះ ។
តើអ្នកគិតថា ហេតុអ្វីបានជាវាជារឿងឆ្លាតវៃដើម្បីមានមនុស្សច្រើនជាងម្នាក់ ដើម្បីថែរក្សាវត្ថុដ៏មានតម្លៃទាំងនេះ ?
ព្រះអម្ចាស់បានទុកព្រះទ័យលើ យ៉ូហាន វិតមើរ ឲ្យមានការទទួលខុសត្រូវមួយផ្សេងទៀត បន្ថែមពីលើការជួយដល់ អូលីវើរ ខៅឌើរី ក្នុងការជញ្ជូនវិវរណៈទាំងឡាយ និង ប្រាក់កាសទៅកាន់រដ្ឋ មិសសួរី ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩:៣–៨ដោយស្វែងរកតួនាទីមួយទៀត ដែលព្រះអម្ចាស់បានចាត់តាំងដល់ យ៉ូហាន វិតមើរ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
សូមរំឭកអំពីអ្វីដែល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧ បង្រៀនអំពីការចាត់តាំងរបស់ យ៉ូហាន វិតមើរ ក្នុងនាមជាអ្នកសរសេរប្រវត្តិសាសនាចក្រ និង អ្នកកត់ត្រា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩:៨ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះ យ៉ូហាន វិតមើរ ដែលត្រូវរក្សាប្រវត្តិនៃសាសនាចក្រ ?
-
ហេតុអ្វីបានជាការណ៍នេះអាចជាហេតុផលមួយដ៏សមស្របចំពោះអ្នក ដែលត្រូវរក្សាប្រវត្តិផ្ទាល់ខ្លួនមួយ ?
-
សូមពិចារណាអំពីការសរសេរគោលការណ៍ដូចតទៅនេះ នៅលើគែមព្រះគម្ពីររបស់អ្នក ៖ ព្រះអម្ចាស់រំពឹងឲ្យមានប្រវត្តិដែលត្រូវបានរក្សា សម្រាប់ជាការល្អដល់សាសនាចក្រ និង តំណមនុស្សមានវ័យធំឡើង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តាមគំនិតរបស់អ្នក តើការរក្សាប្រវត្តិសាសនាចក្រ និង ប្រវត្តិផ្ទាល់ខ្លួន ផ្ដល់អត្ថប្រយោជន៍យ៉ាងដូចម្ដេចដល់សាសនាចក្រ ?
-
តើការណ៍ទាំងនេះអាច ផ្ដល់អត្ថប្រយោជន៍ដល់តំណមនុស្សមានវ័យធំឡើងយ៉ាងដូចម្តេច ?
-
-
សូមធ្វើលំហាត់មួយ ឬ ទាំងពីរខាងក្រោមនេះ ហើយបន្ទាប់មក សូមសរសេរសេចក្ដីសង្ខេបអំពីបទពិសោធន៍របស់អ្នក ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមគិតអំពីដំណើររឿងមួយ ទោះជាប្រវត្តិសាសនាចក្រ ឬ ប្រវត្តិគ្រួសារក៏ដោយ ដែលបានជួយដល់អ្នកតាមរបៀបណាមួយ ។ សូមចែកចាយប្រវត្តិនេះ ជាមួយនឹងសមាជិកគ្រួសារ ឬមិត្តភក្ដិ ។
-
សូមសុំឲ្យសមាជិកគ្រួសារម្នាក់ តំណាលប្រាប់អ្នកអំពីប្រវត្តិគ្រួសារ ដែលបានផ្ដល់អត្ថប្រយោជន៍ដល់គាត់ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:១-៤
ព្រះអង្គសង្គ្រោះចាត់តាំងអ្នកត្រួតត្រា ឲ្យថែរក្សាវិវរណៈទាំងឡាយរបស់ទ្រង់
ព្យាការី យ៉ូសែប ស៊្មីធ ក៏បានកត់ត្រាប្រវត្តិផ្ទាល់ខ្លួនផងដែរ ។ សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៧០រួចគូសចំណាំអំពីអ្វីដែល ប្រវត្តិ យ៉ូសែប ស៊្មីធ ប្រាប់អំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើតាមរបៀបមួយចំនួនណាខ្លះ ដែលគោលលទ្ធិ និង សេចក្តីសញ្ញា ផ្ដល់ជាអត្ថប្រយោជន៍ដល់ពិភពលោក ?
-
តើគោលលទ្ធិ និង សេចក្ដីសញ្ញា បានផ្ដល់អត្ថប្រយោជន៍ដល់អ្នកយ៉ាងដូចម្ដេច ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧០:១រួចស្វែងរកឈ្មោះទាំងប្រាំមួយ ដែលបានលើកឡើង ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧០:២–៤ដោយស្វែងរកការទទួលខុសត្រូវ ដែលព្រះអម្ចាស់បានប្រទានឲ្យដល់បុរសទាំងប្រាំមួយនាក់នេះ ។
តើអ្នកគិតថាឃ្លា « ដំណើររឿងអំពីការកាន់កាប់ត្រួតត្រានេះ យើងនឹងតម្រូវពីពួកគេ » (គ. និង ស. ៧០:៤ ) មានន័យដូចម្ដេច ? ខណៈដែលការទទួលខុសត្រូវ ដែលព្រះអម្ចាស់ប្រទានឲ្យយើង អាចនឹងជាប្រភេទនៃការកាន់កាប់ត្រួតត្រាដូចគ្នាទៅនឹងបុរសទាំងនេះដែរនោះ តើគោលការណ៍នេះណែនាំយ៉ាងដូចម្ដេច អំពីអ្វីដែលព្រះអម្ចាស់នឹងតម្រូវពីយើងនៅថ្ងៃជំនុំជម្រះ ?
ចេញពីអ្វីដែលអ្នកបានរៀននៅក្នុងខគម្ពីរទាំងនេះ នោះសូមបំពេញនៅក្នុងចន្លោះនៃគោលការណ៍ដូចតទៅនេះ ៖ ព្រះអម្ចាស់នឹង ចំពោះតួនាទី ដែលទ្រង់បានប្រទានដល់យើង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើគោលការណ៍នេះ អាចមានឥទ្ធិពលលើរបៀបដែលយើងឆ្លើយតបទៅនឹងការហៅ និង ការចាត់តាំងក្នុងសាសនាចក្រយ៉ាងដូចម្ដេច ?
-
តើការទទួលខុសត្រូវរបស់អ្នកមួយចំនួនណាខ្លះ ដែលព្រះអម្ចាស់នឹងចាត់ឲ្យអ្នកមាន ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:៥-១៨
ព្រះអម្ចាស់ពន្យល់អំពីរបៀបបំពេញតម្រូវការខាងសាច់ឈាម នៃអស់អ្នកដែលបម្រើសាសនាចក្រពេញម៉ោង
គោលលទ្ធិ និង សេចក្តីសញ្ញា ៧០:៥–១៨ បង្រៀនថា បុរសដែលត្រូវបានប្រគល់ការកាន់កាប់ត្រួតត្រាលើវិវរណៈ និង ព្រះបញ្ញត្តិទាំងឡាយ ត្រូវធ្វើឲ្យការបោះពុម្ព និងការចែកចាយការបោះពុម្ពរបស់សាសនាចក្រ ទៅជាការងាររបស់ខ្លួន ។ នាពេលសព្វថ្ងៃនេះ ពួកអ្នកមានសិទ្ធិអំណាចទូទៅនៃសាសនាចក្រ លះបង់អាជីពចិញ្ចឹមជីវិតទៅបម្រើពេញម៉ោង ដូច្នេះពួកលោកទទួលបានប្រាក់ឧបត្ថម្ភជីវិតប្រចាំថ្ងៃសមស្រប—គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និង ក្រុមគ្រួសារ ។
ហេតុអ្វីបានជានោះជារឿងត្រឹមត្រូវសម្រាប់ថ្នាក់ដឹកនាំសាសនាចក្រ ដែលត្រូវបានហៅឲ្យបម្រើពេញម៉ោងនោះ ទទួលបានការទូទាត់ចំពោះសេចក្ដីត្រូវការទាំងឡាយរបស់ខ្លួន ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៧១
ព្រះអម្ចាស់បង្រៀនព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពីរបៀបឆ្លើយតបទៅនឹងអ្នកដែលរិះគន់ដល់សាសនាចក្រ
តើអ្នកធ្លាប់បានឮការរិះគន់អំពីសាសនាចក្រដែរឬទេ ? តើមានមធ្យោបាយសមរម្យណាខ្លះ ដើម្បីឆ្លើយតបទៅនឹងការរិះគន់អំពីសាសនាចក្រ ?
ដើម្បីជួយអ្នកឲ្យយល់អំពីប្រវត្តិសង្ខេបនៃវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧១សូមអានកថាខណ្ឌខាងក្រោមនេះ ។ នៅពេលអ្នកអាន សូមស្វែងរកថាតើសាសនាចក្រ និង ថ្នាក់ដឹកនាំរបស់សាសនាចក្រ ត្រូវបានរិះគន់នៅគ្រាដែលវិវរណៈនេះត្រូវបានប្រទានឲ្យយ៉ាងដូចម្ដេចខ្លះ ។
អែសរ៉ា ប៊ូត គឺជាអតីតអាចារ្យសាសនាមេតូឌីស្ទម្នាក់ ដែលបានចូលសាសនាចក្របន្ទាប់ពីបានឃើញការព្យាបាលជំងឺ ។ គាត់បានធ្វើដំណើរក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាទៅកាន់រដ្ឋ មិសសួរី ប៉ុន្តែ គាត់បានខកចិត្ត កាលគាត់ពុំអាចបង្កើតអព្ភូតហេតុដើម្បីប្រែចិត្តមនុស្សដទៃ ឲ្យជឿលើសេចក្ដីពិតបាន ។ មិនតែប៉ុណ្ណោះ បងប្រុស ប៊ូត ពុំបានជឿថា ការដឹកនាំរបស់ យ៉ូសែប ស៊្មីធ គឺជាការដឹកនាំដ៏ត្រឹមត្រូវក្នុងនាមជាព្យាការី ឬ ជាអ្នកដឹកនាំដ៏បំផុសគំនិតឡើយ ។ គាត់បែរជារិះគន់យ៉ាងខ្លាំងអំពីព្យាការី យ៉ូសែប ស៊្មីធ ថែមទាំងបានចាកចេញពីសាសនាចក្រ ហើយបានសរសេរលិខិតរិះគន់ចំនួនប្រាំបួនច្បាប់ អំពីសាសនាចក្រ និង ថ្នាក់ដឹកនាំសាសនាចក្រ ។ លិខិតទាំងនេះត្រូវបានបោះពុម្ពនៅក្នុងទំព័រកាសែត Ohio Star ដែលបានបណ្ដាលមនុស្សមួយចំនួន បង្កើនអារម្មណ៍មិនស្និទស្នាលទាស់នឹងសាសនាចក្រ និង ថ្នាក់ដឹកនាំសាសនាចក្រ ។ ព្យាការី យ៉ូសែប ស៊្មីធ បានកត់ត្រាថា ការសរសេររបស់ អែសរ៉ា ប៊ូត គឺជា « ប្រភេទសំបុត្រដែល ដោយការលាបពណ៌នៃភាពមិនពិត និង ផែនការដ៏ឥតប្រយោជន៍ដើម្បីផ្ដួលរំលំកិច្ចការរបស់ព្រះអម្ចាស់នោះ បានបង្ហាញអំពីគុណវិបត្តិ ភាពទុច្ចរិត និង ភាពខ្វះឧត្តមគតិ [ របស់ អែសរ៉ា ប៊ូត ] បានបន្សល់ទុកឲ្យគាត់នូវស្នាដៃ ដែលកើតចេញពីទង្វើគួរឲ្យអាម៉ាស់ ដើម្បីធ្វើឲ្យពិភពលោកមានការងឿងឆ្ងល់ » ( នៅក្នុង History of the Church ១:២១៦–១៧ ) ។
សាយមិន រ៉ាយឌើរ គឺជាសមាជិកសាសនាចក្រម្នាក់ទៀតដែលមិនស្មោះត្រង់ បានឲ្យច្បាប់ចម្លងនៃវិវរណៈមួយចំនួនទៅក្រុមហ៊ុនសារព័ត៌មានមួយទៀត ក្នុងគោលបំណងបំបាក់ទឹកចិត្តប្រជាជនពីការចូលសាសនាចក្រ ។ ការព្រួយបារម្ភដែលបណ្ដាលមកពី អែសរ៉ា ប៊ូត និង សាយមិន រ៉ាយឌើរ បានរីកធំឡើងជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧១:១–៤ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យធ្វើ ដើម្បីរម្ងាប់អារម្មណ៍មិនស្និទ្ធស្នាល ដែលជាលទ្ធផលចេញពីអត្ថបទនៅលើទំព័រកាសែតទាំងនោះ ។
សូមកត់ចំណាំនៅក្នុង ខទី ១ អំពីរបៀបដែល យ៉ូសែប និង ស៊ីឌនី ត្រូវប្រកាសដំណឹងល្អ ។ តើគោលការណ៍អ្វី ដែលយើងអាចរៀនចេញពីសេចក្ដីណែនាំនេះ អំពីរបៀបឆ្លើយតបទៅនឹងការរិះគន់អំពីសាសនាចក្រ ?
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកអាចធ្វើអ្វីនាពេលឥឡូវនេះ ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការរិះគន់ទាស់នឹងសាសនាចក្រ ឬ ថ្នាក់ដឹកនាំសាសនាចក្រ ?
អ្នកអាចនឹងចង់សរសេរគោលការណ៍ដូចតទៅនេះ នៅលើគែមព្រះគម្ពីររបស់អ្នកក្បែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១:១ ៖ នៅពេលមនុស្សរិះគន់សាសនាចក្រ យើងអាចឆ្លើយតបដោយការចែកចាយសេចក្ដីពិតចេញពីបទគម្ពីរ និង ការធ្វើតាមការណែនាំពីព្រះវិញ្ញាណ ។
អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីរបៀបដែលព្រះវិញ្ញាណ អាចជួយយើងឲ្យឆ្លើយតបទៅនឹងការរិះគន់ប្រឆាំងទាស់នឹងសាសនាចក្រ ៖ « នៅពេលយើងឆ្លើយទៅនឹងមនុស្សដទៃ កាលៈទេសៈនីមួយៗនឹងមានលក្ខណៈខុសប្លែកពីគ្នា ។ សំណាងល្អ ព្រះអម្ចាស់ជ្រាបពីដួងចិត្តនៃអ្នកចោទប្រកាន់យើង និង របៀបដែលយើងអាចឆ្លើយតបទៅកាន់ពួកគេវិញដោយមានប្រសិទ្ធភាពបំផុត ។. ក្នុងនាមជាសិស្សដ៏ពិតស្វែងរកការណែនាំមកពីព្រះវិញ្ញាណ នោះពួកគេទទួលបានការបំផុសគំនិតដែលទាក់ទងនឹងរឿងប្រឈមនីមួយៗ ។ ហើយនៅគ្រប់ការប្រឈមនីមួយៗ សិស្សដ៏ពិតឆ្លើយតបតាមរបៀបដែលអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ »(Christian Courage: The Price of Discipleship » Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៧៣ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧១:៥–១១ដោយស្វែងរកឱវាទ និង ការលួងលោមដែលព្រះអម្ចាស់បានប្រទានដល់ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅពេលពួកលោកឆ្លើយតបទៅនឹងការរិះគន់ទាស់នឹងសាសនាចក្រ ។ សូមស្វែងរកផងដែរ នូវការសន្យាដែលព្រះអម្ចាស់បានប្រទានដល់ពួកលោកនៅក្នុង ខទី ៧ និង ១០ ។
សូមកត់ចំណាំថា វិវរណៈនេះណែនាំទៅដល់អ្នកដឹកនាំសាសនាចក្រចំនួនពីរនាក់—គឺព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន—ដែលត្រូវទៅជួបនឹងអ្នកដែលវាយប្រហារសាសនាចក្រ ដោយបើកមុខ និង ដោយសម្ងាត់ ហើយត្រូវព្យាយាមបំភាន់អ្នកទាំងនោះនៅក្នុងសេចក្ដីកំភូត ដែលពួកគេកំពុងប្រកាស ។ ជាទូទៅ នេះគឺជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសាសនាចក្រ លុះត្រាតែថ្នាក់ដឹកនាំបព្វជិតភាពបង្គាប់ ឬ ចាត់តាំងមនុស្សឯទៀតឲ្យធ្វើ ។ ទោះជាយ៉ាងណាក៏ដោយ យុវវ័យនៃសាសនាចក្រគួរតែត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងសេចក្ដីកុហកអំពីសាសនាចក្រ នៅតាមរបៀបដែលត្រូវបានពិពណ៌នាដោយអែលឌើរ ហែល ខាងលើនេះ ។
អែលឌើរ ហែល ក៏បានផ្ដល់ដំបូន្មាន អំពីឥរិយាបថរបស់យើងចំពោះមនុស្សដែលរិះគន់សាសនាចក្រ ឬ ថ្នាក់ដឹកនាំសាសនាចក្រផងដែរ ៖ « ក្នុងនាមជាសិស្សដ៏ពិត សេចក្ដីបារម្ភចម្បងរបស់យើងត្រូវតែជាសុខុមាលភាពរបស់មនុស្សដទៃ មិនមែនជាការយករួចខ្លួននោះទេ ។ សំណួរ និង ការរិះគន់ផ្ដល់ដល់យើងនូវឱកាសមួយ ដើម្បីឈោងទៅជួយមនុស្សដទៃ ហើយបង្ហាញថា ពួកគេសំខាន់ចំពោះព្រះវរបិតាសួគ៌របស់យើង និង ចំពោះយើងផងដែរ ។ គោលបំណងរបស់យើងគួរតែជួយពួកគេឲ្យយល់អំពីសេចក្ដីពិត មិនមែនការពារតែអាត្មាខ្លួនឯង ឬ ទទួលបានពិន្ទុនៅក្នុងការជជែកវែកញែកអំពីទ្រឹស្ដីនោះទេ ។ ទីបន្ទាល់ដ៏ស្មោះត្រង់របស់យើង គឺជាចម្លើយដ៏មានឥទ្ធិពលបំផុតដែលយើងអាចឲ្យទៅដល់អ្នកដែលចោទប្រកាន់យើង ។ ហើយទីបន្ទាល់ដូចនោះ អាចត្រូវថ្លែងបានតែក្នុងសេចក្ដីស្រឡាញ់ និង ភាពស្លូតបូតប៉ុណ្ណោះ » ( « Christian Courage » ទំព័រ ៧៣–៧៤ ) ។
ស៊ីឌនី រិកដុន បានគោរពប្រតិបត្តិតាមឱវាទរបស់ព្រះអម្ចាស់ ហើយបានអញ្ជើញ អែសរ៉ា ប៊ូត ឲ្យមកចូលរួមជាមួយគាត់នៅក្រុង រ៉ាវែណា រដ្ឋ អូហៃអូ ដែលពួកគាត់បានពិភាក្សាគ្នាដោយបើកមុខ អំពីលិខិតដែល អែសរ៉ា បានផ្ញើទៅកាន់ក្រុមហ៊ុនសារព័ត៌មាន ។ ស៊ីឌនី ក៏បានអញ្ជើញ សាយមិន រ៉ាយឌើរ មកពិភាក្សាតទល់ដោយបើកមុខ ស្ដីពីព្រះគម្ពីរមរមនដែរ ។ បុរសទាំងពីរនាក់ ពុំទទួលយកការអញ្ជើញនោះទេ ។ ស៊ីឌនី នៅតែបន្តថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៅក្រុង រ៉ាវែណា និង នៅទីតាំងដទៃទៀត ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧១:៨–៩ អាចលួងលោមដល់អ្នកឆ្លើយតបទៅនឹងការរិះគន់ទាស់នឹងសាសនាចក្រយ៉ាងដូចម្ដេច ?
-
យោងតាម ខទី ១០ហេតុអ្វីបានជាយើងមិនគួរបារម្ភហួសពេក នៅពេលមនុស្សរិះគន់អំពីសាសនាចក្រ ?
-
សូមពិចារណាអំពីអ្វីដែលអ្នកនឹងធ្វើ ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែប្រសើរ ក្នុងការឆ្លើយតបទៅនឹងការរិះគន់ទាស់នឹងសាសនាចក្រ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩-៧១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖