ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១-៤២


មេរៀន​ទី ១៨ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១-៤២

សេចក្តីផ្តើម

ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣២ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ត្រឡប់​ទៅ​កាន់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ វិញ បន្ទាប់​ពី​បាន​ប្រកាស​ដំណឹងល្អ​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ ។ អំឡុង​ការជួបជុំ​ដ៏​រីករាយ​របស់​ពួកគេ​នោះ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤ ។ លោក​ទទួល​បាន​វិវរណៈ​រយៈ​ពេល​ពីរ​ថ្ងៃ ៖ ថ្ងៃ​ទី ២២ និង ២៣ ខែ កញ្ញា ។ ( មាន​ភស្ដុតាង​ជា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ដែល ខទី ១–៤១ ត្រូវបាន​ទទួល​នៅ​ថ្ងៃទី ២២ ខែ កញ្ញា និង ដែល ខទី ៤២–១២០ ត្រូវបាន​ទទួល​នៅ​ថ្ងៃទី ២៣ ខែ កញ្ញា ) ។ ការសិក្សា​របស់​អ្នក​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ត្រូវបាន​បែងចែក​ជា​ពីរ​មេរៀន ។ មេរៀន​ទី​មួយ​ផ្ដោត​ទៅ​លើ សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់ អំពី​បព្វជិតភាព និង របៀប​ដែល​បព្វជិតភាព​អាច​រៀបចំ​យើង ឲ្យ​ទទួល​បាន​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះវរបិតា​មាន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១-៣០

ព្រះអម្ចាស់​ប្រកាស​ថា ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវបាន​កសាង​ឡើង ហើយ​ទ្រង់​ពន្យល់​អំពី​គោលបំណង​នៃ​បព្វជិតភាព

សូម​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ ដែល​អ្នក​បាន​ទៅ ឬ ចង់​ទៅ ។ តើ​អ្នក​នឹង​ពន្យល់​ប្រាប់​មិត្តភក្ដិ​ម្នាក់ ដែល​មាន​ជំនឿ​ខុស​ពី​អ្នក​អំពី​ភាពខុសគ្នា​រវាង​ព្រះវិហារ​បរិសុទ្ធ និង អគារ​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២-៥រួច​គូសចំណាំ​ពាក្យ ឬ ឃ្លា​ដែល​ព្រះអម្ចាស់​បាន​ប្រើប្រាស់ ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​អគារ​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវិហារ​បរិសុទ្ធ សាន់ដូម៉ាំងហ្គោ សាធារណរដ្ឋ ដូមីនីក

ខគម្ពីរ​ទាំងនេះ​ប្រាប់​ឡើង​វិញ​អំពី​ការព្យាករណ៍​ដែល​ទីក្រុង យេរ៉ូសាឡិម ថ្មី និង ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវបាន​សាង​ឡើង​នៅ​ឃុំ ចាកសុន រដ្ឋ មិសសួរី ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក​ក្នុង​ឆ្នាំ ១៨៤១ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​បរិសុទ្ធ​ថា ពួកគាត់​ពុំ​តម្រូវ​ឲ្យ​សាង​ទីក្រុង ឬ ព្រះវិហារ​បរិសុទ្ធ​ឡើង​នៅ​រដ្ឋ មិសសួរី ក្នុង​ពេល​នោះ​ឡើយ ដោយសារតែ​មាន​សេចក្ដី​បៀតបៀន​យ៉ាង​ខ្លាំង ពី​សំណាក់​ខ្មាំង​សត្រូវ​របស់​សាសនាចក្រ ( សូម​មើល គ. និង ស. ១២៤:៤៩ ) ។ ឃ្លា « តំណ​នេះ » នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥ សំដៅ​ទៅ​លើ​ការព្យាករណ៍​អំពី​ការសាង​ទីក្រុង យេរ៉ូសាឡិម​ថ្មី និង ព្រះវិហារ​បរិសុទ្ធ​ឡើង—ដែល​វា​នឹង​នៅ​តែ​កើតឡើង និង ត្រូវបាន​បំពេញ​នៅ​ពេល​ណា​មួយ​ក្នុង​អនាគតកាល​ជា​មិន​ខាន ( សូម​មើល ម៉ូសេ ៧:៦២ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ផ្ដល់​ឱកាស​មួយ​ដើម្បី​រៀន​អំពី​សារៈសំខាន់​នៃ​ពរជ័យ​ទាំងឡាយ ដែល​អ្នក​អាច​ទទួល​បាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពីមុន​បន្ត​ការសិក្សា​របស់​អ្នក​អំពី​កណ្ឌ​នេះ វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការរំឭក អំពី​វាក្យសព្ទ​គន្លឹះៗ​មួយ​ចំនួន ដែល​ទាក់ទង​ទៅ​នឹង​គោលការណ៍​នានា ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅ​ក្នុង​វិវរណៈ​នេះ ។ នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ សូម​អាន​និយមន័យ​គោលលទ្ធិ​នៅ​ផ្នែក​ខាង​ស្តាំ​ដោយ​យក​ចិត្ត​ទុកដាក់ ។ សូម​ផ្គូផ្គង​និយមន័យ​នីមួយៗ ទៅ​នឹង​វាក្យសព្ទ​ដែល​ត្រូវ​នឹង​និយមន័យ​នោះ នៅ​ផ្នែក​ខាង​ឆ្វេង ។

វាក្យសព្ទ

និយមន័យ

  1. សេចក្តី​សញ្ញា

  2. ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ

  3. បព្វជិតភាព​មិលគីស្សាដែក

  4. បព្វជិតភាព​អើរ៉ុន

  1. បព្វជិតភាព​ជាន់​ខ្ពស់ និង ធំ​ជាង​នេះ ដែល​គ្រប់គ្រង​លើ​កិច្ចការ​នានា​ខាង​វិញ្ញាណ

  2. បព្វជិតភាព​ត្រៀម ដែល​កាន់​កូនសោ​នៃ​ការ​បម្រើ​នៃ​ពួក​ទេវតា និង នៃ​ដំណឹងល្អ​នៃ​ការប្រែចិត្ត និង នៃ​ពិធីបុណ្យ​ជ្រមុជទឹក

  3. កិច្ច​ព្រម​ព្រៀង​ដ៏​ពិសិដ្ឋ​មួយ ដែល​ធ្វើ​ឡើង​រវាង​ព្រះ និង មនុស្ស ។

  4. សកម្មភាព​ដ៏​ពិសិដ្ឋ​មួយ ដែល​ចាំបាច់​ចំពោះ​ភាពតម្កើងឡើង និង ត្រូវបាន​ភ្ជាប់​មក​ជាមួយ​ដោយ​សេចក្ដី​សញ្ញា​នានា

( សូម​មើល ចម្លើយ​សម្រាប់​លំហាត់​ផ្គូផ្គង​នេះ នៅ​ចុង​បញ្ចប់​នៃ​មេរៀន ) ។

សូម​អាន​បញ្ជី​នៃ​ពិធី​បរិសុទ្ធ​បព្វជិតភាព និង ពរជ័យ​ទាំងឡាយ​ខាង​ក្រោម​នេះ រួច​គូស​សញ្ញា​កែង​នៅ​ក្នុង​ប្រអប់​ឈរ ក្បែរ​ចំណុច​ដែល​នឹង​ត្រូវបាន​ចាត់ទុក​ថា​ជា​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ៖

ពិធីបុណ្យ​ជ្រមុជទឹក

ពិធី​បញ្ជាក់

ពិធី​ដាក់​ឈ្មោះ និង ប្រសិទ្ធពរ​ឲ្យ​កុមារ

ពិធី​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស )

ការព្យាបាល​អ្នក​ឈឺ

អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ពិធី​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍

ចំណុច​នីមួយៗ​ដែល​មាន​នៅ​ក្នុង​បញ្ជី គឺ​ជា​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ លើកលែង​តែ ពិធី​ដាក់​ឈ្មោះ និង ប្រសិទ្ធពរ​ឲ្យ​កុមារ និង ការព្យាបាល​អ្នក​ឈឺ​ប៉ុណ្ណោះ ។ ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​អំពី ការដាក់ឈ្មោះ និង ប្រសិទ្ធពរឲ្យកុមារ និង ការព្យាបាល​អ្នក​ឈឺ ប្រទាន​ពរ​ដល់​ជីវិត​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​បាន​វា ប៉ុន្តែ ពិធី​ទាំងនោះ​ពុំ​ចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ​ឡើយ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦–១៩យើង​ស្វែងយល់​ថា ម៉ូសេ កាន់​បព្វជិតភាព​មិលគីស្សាដែក ឬ « បព្វជិតភាព​ដ៏​ធំ​ជាង​នេះ » ( គ. និង ស. ៨៤:១៩ ) ។ លោក​អាច​ប្រគល់​សិទ្ធអំណាច​បព្វជិតភាព​ត្រឡប់​ទៅ​ឲ្យ​ព្រះ​វិញ ។ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដ៏​សុចរិត​ម្នាក់ គោលបំណង​របស់​ម៉ូសេ គឺ​ដើម្បី​ជួយ​មនុស្ស​ទូទៅ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​របស់​បព្វជិតភាព ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩-២២ដោយ​ស្វែងរក​ពរជ័យ ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ២០ ដែល នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​មិលគីស្សាដែក នោះ​អំណាច​នៃ​ព្រះ​ត្រូវបាន​បង្ហាញ ។ លើកលែង​តែ​ពិធីបុណ្យ​ជ្រមុជទឹក ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​តារាង​មុន​នេះ ត្រូវតែ​បាន​ចាត់ចែង​ដោយ​សិទ្ធអំណាច​បព្វជិតភាព​មិលគីស្សាដែក ។ តើ​អ្នក​មាន​អារម្មណ៍​ថា អំណាច​នៃ​ព្រះ​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​របស់​បព្វជិតភាព​មិលគីស្សាដែក—អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពិធី​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍—អាច​ទទួល​បាន​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២២ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដែល​យើង​ត្រូវ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​របស់​បព្វជិតភាព​មិលគីស្សាដែក ?

ខទី ២២ អាច​សំដៅ​ទៅ​លើ​ការមើល​ឃើញ​ព្រះ​នៅ​ក្នុង​ជីវិត​នេះ ប៉ុន្តែ នៅ​ទី​បំផុត​វា​សំដៅ​ទៅ​លើ​សមត្ថភាព​របស់​យើង​ដើម្បី​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​វរបិតា​សួគ៌​សម្រាប់​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូចតទៅ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ២១–២២ ៖ ដើម្បី​ប្រែក្លាយ​ឲ្យ​ដូចជា​ព្រះ និង រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ នោះ​យើង​ត្រូវតែ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​របស់​បព្វជិតភាព​មិលគីស្សាដែក ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​អ្នក​អំពី​របៀប​ដែល​គោលការណ៍​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤ បាន​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​បព្វជិតភាព និង នៃ​ព្រះវិហារ​បរិសុទ្ធ ។

អែលឌើរ រ័សុល អិម ណិលសុន

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ អែលឌើរ រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នោះ​សូម​គិត​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​ទទួល​បាន​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​ក្នុង​ដំណឹងល្អ—ដែល​រួម​មាន​ពិធី​បរិសុទ្ធ​ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖ « ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​គោលបំណង​នៃ​គ្រប់​សកម្មភាព គ្រប់​មេរៀន គ្រប់​ជំហាន​វឌ្ឍនភាព​នៃ​សាសនាចក្រ ។ រាល់​ការខិតខំ​ទាំងអស់​របស់​យើង​នៅ​ក្នុង​ការប្រកាស​ដំណឹងល្អ ការធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​ល្អ​ឥតខ្ចោះ និង ការប្រោសលោះ​មនុស្ស​ស្លាប់ ដឹកនាំ​ទៅ​រក​ព្រះវិហារ​បរិសុទ្ធ ។ ពិធី​បរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​សំខាន់​ខ្លាំង​ណាស់ ។ យើង​ពុំ​អាច​ត្រឡប់​ទៅ​រកសិរីល្អ​នៃព្រះ​ដោយគ្មាន​វា​បានឡើយ » (Prepare for the Blessings of the Temple, » Ensign ខែ តុលា ឆ្នាំ ២០១០ ទំព័រ ៤១ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២៣ រកមើល​អ្វី​ដែល​ម៉ូសេ​ព្យាយាម​ធ្វើ ។ សូម​ចាំ​ថា​ពាក្យ ញែកចេញ​ជាបរិសុទ្ធ មានន័យ​ថា​ស្អាតបាត និង​ធ្វើ​ឲ្យ​បរិសុទ្ធ ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២៤–២៥រួច​ស្វែងរក​របៀប​ដែល​កូនចៅ​អ៊ីស្រាអែល បាន​ប្រព្រឹត្ត​ចំពោះ​ការខិតខំ​របស់​ម៉ូសេ​ក្នុង​ការបង្រៀន​ដល់​ពួកគេ ។ តើ​អ្វី​ជា​លទ្ធផល​នៃ​ទង្វើ​របស់​ពួកគេ ?

ដូច​អ្នក​បាន​ដឹង​ថា កូនចៅ​អ៊ីស្រាអែល​បាន​បាត់បង់​ឱកាស​ទទួលបាន​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​របស់​បព្វជិតភាព​មិលគីស្សាដែក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​ពុំ​បាន​ឈប់​ព្យាយាម​ជួយ​ឲ្យ​ពួកគេ​រីកចម្រើន​ឡើយ ។ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​បព្វជិតភាព​តូចជាង ឬ បព្វជិតភាព​អើរ៉ុន បន្ត​ស្ថិតស្ថេរ​នៅ​ជាមួយ​ពួកគេ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២៦-២៨រួច​ស្វែងរក​របៀប ដែល​ព្រះអម្ចាស់​បាន​បន្ត​ប្រទានពរ​ដល់​កូនចៅ​អ៊ីស្រាអែល ។ នៅ​ពេល​អ្នក​សិក្សា អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពរជ័យ ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​បព្វជិតភាព​អើរ៉ុន ។

វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍ ក្នុង​ការ​យល់​ថា នៅ​ក្នុង ខទី ២៨ ឃ្លា « លោក​ត្រូវបាន​ទទួល​បុណ្យ​ជ្រមុជទឹក​តាំង​ពី​លោក​នៅ​ក្មេង » សំដៅ​ទៅ​លើ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់ យ៉ូហាន កាល​នៅ​អាយុ​ប្រាំបី​ឆ្នាំ ។ ឃ្លា « ត្រូវបាន​តែងតាំង​ដោយ​ទេវតា​នៃ​ព្រះ​ក្នុង​កាល​លោក​មាន​អាយុ​ប្រាំបី​ថ្ងៃ » មាន​ន័យ​ថា យ៉ូហាន ត្រូវបាន​ញែក​ចេញ « ដើម្បី​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ [ និង ] ដើម្បី​រៀបចំ [ រាស្ត្រ ] សម្រាប់​ការយាង​មក​របស់​ព្រះអម្ចាស់ » ។ វា​ពុំ​សំដៅ​ទៅ​លើ​ពេល ដែល យ៉ូហាន បាន​ទទួល​បព្វជិតភាព​អើរ៉ុន​នោះ​ទេ ។ ការតែងតាំង​បព្វជិតភាព​របស់ យ៉ូហាន ដល់​បព្វជិតភាព​អើរ៉ុន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​គាត់ ។ ( សូម​មើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី The Mortal Messiah: From Bethlehem to Calvary វ៉ុល ៤ [ ឆ្នាំ ១៩៧៩–៨១ ] ១:៣៨៤–៨៥ ) ។

បព្វជិតភាព​អើរ៉ុន​រៀបចំ​ខ្លួន​យើង ឲ្យ​ទទួល​ពិធីបរិសុទ្ធ និង ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ ឧទាហរណ៍ បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក ដែល​ជា​ពិធី​បរិសុទ្ធ​របស់​បព្វជិតភាព​អើរ៉ុន នោះ​យើង​ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ តាមរយៈ​សិទ្ធអំណាច​បព្វជិតភាព​មិលគីស្សាដែក ។ នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ដែល​ជា​ពិធី​បរិសុទ្ធ​មួយ​របស់​បព្វជិតភាព​អើរ៉ុន នោះ​យើង​រំឭក​សេចក្ដី​សញ្ញា​ដែល​ជួយ​ញែក​យើង​ឲ្យ​បរិសុទ្ធ និង ឲ្យ​យើង​ទទួល​បាន​ដៃគូ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ដើម្បី​ជួយ​យើង​ឲ្យ​ត្រៀមខ្លួន​ទទួល​បាន​ពិធីបរិសុទ្ធ និង ធ្វើ​សេចក្ដី​សញ្ញា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការបម្រើ​របស់​យុវជន​ម្នាក់​ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន រៀបចំ​ខ្លួន​គាត់​ឲ្យ​ទទួល​បាន​បព្វជិតភាព​មិលគីស្សាដែក ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​អាច​ធ្វើ​អ្វី​នា​ពេល​ឥឡូវនេះ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​ដំណឹងល្អ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣១-៤២

ព្រះអម្ចាស់​បង្រៀន​អំពី​សម្បថ និង សេចក្តីសញ្ញា​នៃ​បព្វជិតភាព

ម៉ូសេ ហៅ អើរ៉ុន ឲ្យ​បម្រើ

នៅ​ពេល​អ្នក​សិក្សា​អំពី​សម្បថ និង សេចក្តី​សញ្ញា​នៃ​បព្វជិតភាព សូម​ចងចាំ​នៅ​ក្នុង​ចិត្ត​ថា « សម្បថ​គឺ​ជា​សេចក្ដី​អះអាង​ដែល​បាន​សច្ចា ថា​នឹង​មាន​ភក្ដីភាព និង ចិត្ត​ស្មោះត្រង់​ចំពោះ​ការសន្យា​ទៅ​កាន់​នរណាម្នាក់ ។ សេចក្តីសញ្ញា​គឺ​ជា​ការសន្យា​ដ៏​មុតមាំ រវាង​ភាគី​ទាំង​ពីរ ។ បព្វជិតភាព​អើរ៉ុន​ត្រូវបាន​ប្រទាន​ឲ្យ តាម​តែរយៈ​សេចក្ដី​សញ្ញា​ប៉ុណ្ណោះ ។ អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ទទួល​បាន​បព្វជិតភាព​ដោយ​សម្បថ ក៏​ដូចជា​សេចក្ដី​សញ្ញា​ដែល​មិន​មាន​ការថ្លែង​ចេញ​មក ។ នៅ​ពេល​ពួក​អ្នក​កាន់​បព្វជិតភាព​មាន​ចិត្ត​ស្មោះត្រង់ ហើយ​តម្កើង​ការហៅ​របស់​ខ្លួន​ទៅ​តាម​អ្វី​ដែល​ព្រះ​ត្រាស់​បង្គាប់ នោះ​ទ្រង់​ប្រទាន​ពរ​ដល់​ពួកគាត់ ។ ពួក​អ្នក​កាន់​បព្វជិតភាព ដែល​មាន​ចិត្ត​ស្មោះត្រង់​ដរាប​ដល់​ទីបំផុត ហើយ​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​តម្រូវ នោះ​ពួកគាត់​នឹង​ទទួល​បាន​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះវរបិតា​មាន (គ. និង ស. ៨៤:៣៣–៣៩ ) » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សម្បថ និង សេចក្តី​សញ្ញា​នៃ​បព្វជិតភាពscriptures.lds.org) ។ « សេចក្តី​សញ្ញា » គឺ​ជា​សេចក្ដី​ព្រមព្រៀង​របស់​មនុស្ស​ជាមួយ​ព្រះ ហើយ « សម្បថ » គឺ​ជា​ការសន្យា​ដ៏​មុតមាំ​របស់​ព្រះ​ជាមួយ អ្នក​ទាំងឡាយ​ណា​ដែល​រក្សា​សេចក្ដី​សញ្ញា​នោះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣១–៣២ បង្រៀន​ថា ពួក​អ្នក​កាន់​បព្វជិតភាព​នៅ​ថ្ងៃ​ចុងក្រោយ ( « ពួក​កូន​ប្រុស​របស់​ម៉ូសេ និង របស់​អើរ៉ុន » ) នឹង​ធ្វើការ​នៅ​ក្នុង​ដំណាក់​ព្រះអម្ចាស់ ( ព្រះវិហារ​បរិសុទ្ធ ) ហើយ​ពេញ​ទៅ​ដោយ​សិរីល្អ​នៃ​ព្រះអម្ចាស់ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣-៤៤ មាន​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ។ យើង​រៀន​ចេញ​ពី​គោលការណ៍​នេះ ៖ បើ​អ្នក​ទាំងឡាយ​ដែល​បាន​ទទួល​បព្វជិតភាព តម្កើង​ការហៅ​របស់​ខ្លួន នោះ​ព្រះ​នឹង​ញែក​ពួកគាត់​ឲ្យ​បរិសុទ្ធ ហើយ​ប្រទាន​ដល់​ពួកគាត់​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​មាន ។

  1. journal iconសូម​សរសេរ​គោលការណ៍​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះអម្ចាស់​សន្យា​ថា​នឹង … បន្ទាប់​មក សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣៣–៤៤ រួច​ស្វែងរក​ឲ្យ​បាន​យ៉ាង​ហោចណាស់ ការសន្យា​ចំនួន​ប្រាំ ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អ្នក​ទាំងឡាយ ដែល​ធ្វើ​សម្បថ និង សេចក្តី​សញ្ញា​នៃ​បព្វជិតភាព ។ ( អ្នក​អាច​ផ្ទៀងផ្ទាត់ ចម្លើយ​របស់​អ្នក​ជាមួយ​នឹង​ចម្លើយ​ដែល​មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ដូច​ខាង​ក្រោម​នេះ អំពី​ការតម្កើង​របស់​ពួក​អ្នក​កាន់​បព្វជិតភាព​លើ​ការហៅ​របស់​ខ្លួន ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​តម្កើង​បព្វជិតភាព​យើង ហើយ​ពង្រីក​ការហៅ​របស់​យើង នៅ​ពេល​យើង​បម្រើ​ដោយ​មាន​ចិត្ត​ឧស្សាហ៍​ព្យាយាម និង សេចក្ដី​សោមនស្ស​ក្នុង​ការទទួល​ខុសត្រូវ​ដែល​យើង​ត្រូវបាន​ហៅ​ដោយ​សិទ្ធអំណាច​ត្រឹមត្រូវ ។…

« យើង​តម្កើង​ការហៅ​យើង យើង​ពង្រីក​សក្ដានុពល​នៃ​បព្វជិតភាព​យើង នៅ​ពេល​យើង​ឈោង​ទៅ​ជួយ​អ្នក​ដែល​មាន​ទុក្ខព្រួយ ហើយ​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ជំពប់​ជើង​ដួល ។…

យើង​តម្កើង​ការ​ហៅ​របស់​យើង នៅពេល​យើង​ដើរ​ដោយ​ទៀងត្រង់ និង​សេចក្ដីសុចរិត » (Magnify Your Calling, » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៤៨-៤៩ ) ។

សមាជិក​សាសនាចក្រ​ទាំងអស់ ដែល​ទទួល​ការហៅ និង ត្រូវបាន​ញែក​ចេញ ទទួលបាន​ពរជ័យ​តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក​ដើម្បី​តម្កើង​ការហៅ​ក្នុង​សាសនាចក្រ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ផ្ដល់​ការពន្យល់​ដ៏​សាមញ្ញ​មួយ អំពី​របៀប​ដែល​យើង​ម្នាក់ៗ អាច​តម្កើង​ការហៅ​របស់​យើង ៖ « តើ​បុគ្គល​ម្នាក់ តម្កើង​ការហៅ​យ៉ាង​ដូចម្ដេច ? គឺ​យ៉ាង​សាមញ្ញ​ដោយ​ធ្វើ​ការបម្រើ ដែល​ទាក់ទង​ទៅ​នឹង​ការហៅ​នោះ » ( « Priesthood Power » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៥១ ) ។

ការប្រជុំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន
  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ អំពី​អត្ថន័យ​នៃ​ការតម្កើង​ការហៅ ៖

    1. តើ​អ្នក​កាន់​បព្វជិតភាព តម្កើង​ការហៅ​របស់​ខ្លួន​នៅ​ក្នុង​បព្វជិតភាព​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​ធ្លាប់​មាន​ពរ ដោយសារតែ​នរណាម្នាក់​បាន​តម្កើង​ការហៅ​របស់​ខ្លួន​ដែរ​ឬ​ទេ ?

ករណីយកិច្ច​របស់​ពួក​អ្នក​កាន់​បព្វជិតភាព​ទាំងអស់ គឺ​ត្រូវ​រៀបចំ​ខ្លួន​ឯង និង មនុស្ស​ទូទៅ ឲ្យ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​ដំណឹងល្អ ហើយ​រស់នៅ​តាម​សេចក្ដី​សញ្ញា​ដែល​ទាក់ទង ដើម្បី​ពួកគាត់​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះ​វរបិតា​សួគ៌ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១-៤២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖