ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១-៤៩


មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១-៤៩

សេចក្តីផ្តើម

នៅ​ថ្ងៃ​ទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ធ្វើការ​លើ​កំណែ​ដ៏​បំផុស​គំនិត​លើ​ព្រះគម្ពីរ​ប៊ីប ។ កាល​កំពុង​ពិចារណា​អំពី​អត្ថន័យ​នៃ យ៉ូហាន ៥:២៩ពួក​លោក​បាន​ឃើញ​ការនិមិត្ត​មួយ ។ ការនិមិត្ត​នេះ ដែល​ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦បាន​បញ្ជាក់​អំពី​ភាពជាក់ស្ដែង និង ទេវភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​បង្រៀន​អំពី​ការធ្លាក់​ចុះ​របស់​សាតាំង និង ពួក​កូន​អន្តរធាន ហើយ​បាន​ពិពណ៌នា​អំពី​នគរ​នៃ​សិរីល្អ​ទាំង​បី និង មនុស្ស​ដែល​នឹង​គ្រង​នគរ​នីមួយៗ​នោះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ នឹង​ត្រូវ​បាន​បំបែក​ជា​បី​មេរៀន ។ នៅ​ក្នុង​មេរៀន​ទី​មួយ​នេះ អ្នក​នឹង​រៀន​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ដែល​មាន​ព្រះទ័យ​ប្រទានពរ​យើង និង អំពី​សកម្មភាព​នានា​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដែល​នាំ​ឲ្យ​ពួក​លោក​ទទួល​បាន​ការនិមិត្ត​នោះ ។ អ្នក​ក៏​នឹង​រៀន​ផងដែរ អំពី​ការធ្លាក់​ចុះ​របស់​សាតាំង និង ជោគវាសនា​នៃ​អស់​អ្នក​ដែល​ដើរតាម​វា ។

ការបង្ហាញ​អំពី​ការនិមិត្ត​ដែល​មាន​កត់ត្រា​នៅ​ក្នុង គ. និង ស. ៧៦

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១-១០

ព្រះអម្ចាស់​សន្យា​ថា​នឹង​ប្រទានពរ ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់

ប្រសិនបើ​អ្នក​អាច​ជ្រើសរើស​បុគ្គល​ណា​ម្នាក់​ដើម្បី​ផ្ដល់​កិត្តិយស​ឲ្យ តើ​នរណា​នឹង​ជា​បុគ្គល​នោះ និង ហេតុអ្វី​បាន​ជា​អ្នក​ជ្រើសរើស​បុគ្គល​នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១-៥ បង្រៀន​ថា ព្រះអម្ចាស់​ជា​ព្រះ​ប្រកប​ដោយ​ព្រះ​បញ្ញា​ញាណ ព្រះចេស្ដា អស់កល្ប​ជានិច្ច ដ៏​មាន​សេចក្ដី​មេត្តា​ករុណា និង សេចក្ដី​សប្បុរស ។ ខទី ៥ ក៏​បង្រៀន​ថា ទ្រង់​នឹង​ប្រទាន​កិត្តិយស​ដល់​យើង​ដែរ ប្រសិនបើ​យើង​ធ្វើ​ល្អ​នោះ ។ សូម​អាន ខទី ៥រួច​ស្វែងរក​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ត្រូវបាន​ប្រទាន​កិត្តិយស​ដោយ ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ក្នុង​បរិបទ​នេះ ការកោតខ្លាច​ដល់​ព្រះអម្ចាស់​មាន​ន័យ​ថា ការសរសើរ​តម្កើង ការថ្វាយ​កិត្តិយស ការគោរព និង ការស្រឡាញ់​ដល់​ទ្រង់ ។ យោង​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខទី ៥យើង​រៀន​ថា បើ​យើង​សរសើរ​តម្កើង ហើយ​បម្រើ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទាន​កិត្តិយស​ដល់​យើង ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៦-៩ដោយ​ស្វែងរក​របៀប ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​កិត្តិយស​ដល់​អ្នក​ទាំងឡាយ​ណា ដែល​សរសើរ​តម្កើង ហើយ​បម្រើ​ទ្រង់ ។ នៅ​ពេល​អ្នក​អាន វា​អាច​នឹង​ផ្តល់​អត្ថ​ប្រយោជន៍ ដែល​ត្រូវ​ដឹង​ថា នៅ​ក្នុង​បទគម្ពីរ វាក្យសព្ទ សេចក្តី​អាថ៌កំបាំង ជា​ទូទៅ​សំដៅ​ទៅ​លើ សេចក្ដីពិត​ខាង​វិញ្ញាណ ដែល​អាច​រៀន​បាន​តែ​តាម​រយៈ​វិវរណៈ​ប៉ុណ្ណោះ ។

យោង​តាម​អ្វី​ដែល​អ្នក​អាន​នៅ​ក្នុង ខទី ៦–៩សូម​បន្ថែម​លើ​គោលការណ៍​ពី​មុន ៖ បើ​យើង​សរសើរ​តម្កើង ហើយ​បម្រើ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទាន​កិត្តិយស​ដល់​យើង​ដោយ  ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១០រួច​ស្វែងរក​គោលការណ៍​មួយ​អំពី​របៀប ដែល​ព្រះអម្ចាស់​នឹង​បើកសម្ដែង​សេចក្ដីពិត​ដល់​យើង ។

  1. journal iconសូម​ពិចារណា​អំពី​គោលការណ៍​ដែល​ថា ព្រះអម្ចាស់​បំភ្លឺ​យើង​ដោយ​ព្រះវិញ្ញាណ ។ ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​អំពី​គ្រា ដែល​ព្រះអម្ចាស់​បាន​បំភ្លឺ​អ្នក​ដោយ​វិញ្ញាណ សូម​បញ្ចប់​ឃ្លា​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ថ្មីៗ​នេះ ខ្ញុំ​ត្រូវបាន​បំភ្លឺ​ដោយ​ព្រះវិញ្ញាណ នៅ​ពេល​ខ្ញុំ …

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១-១៩

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ពិពណ៌នា​អំពី​កាលៈទេសៈ ដែល​បាន​នាំ​ឲ្យ​ពួក​លោក​ទទួល​បាន​វិវរណៈ​នោះ

ចម្ការ​របស់ យ៉ូហាន ចនសុន

វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ត្រូវបាន​ទទួល​នៅ​ក្នុង​ចម្ការ​របស់ យ៉ូហាន ចនសុន នៅ​ភូមិ​ហៃរាំ រដ្ឋ អូហៃអូ ។

វិវរណៈ​ដែល​ត្រូវ​បាន​បង្ហាញ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន គឺ​ជា​ការបំពេញ​ការសន្យា​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥–១០ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១–១៤រួច​កត់ចំណាំ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​កិត្តិយស​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដោយ​ការបើកសម្ដែង​សេចក្ដីពិត​ទៅ​ដល់​ពួកលោក ។

តើ​អ្នក​ធ្លាប់​ចំណាយ​ពេល​អាន​ព្រះគម្ពីរ ហើយ​ពុំ​យល់​អំពី​អ្វី​ដែល​អ្នក​បាន​អាន​ដែរ​ឬ​ទេ ? តើ​អ្នក​បាន​ធ្វើអ្វី​ខ្លះ ដើម្បី​យល់​អំពី​បទគម្ពីរ​ឲ្យ​បាន​កាន់តែ​ច្បាស់ ?

អ្វី​ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ធ្វើ​ពីមុន​ពួកលោក​ទទួល​បាន​ការនិមិត្ត​នេះ អាច​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​យល់​បទគម្ពីរ​ឲ្យ​បាន​កាន់តែ​ច្បាស់ ហើយ​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​បើកសម្ដែង​សេចក្ដីពិត​ដល់​យើង ។ សូម​អាន សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦រួច​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១៥–១៩ ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក​អ្វី​ដែល យ៉ូសែប និង ស៊ីឌនី បាន​ធ្វើ ដែល​អាច​ធ្វើ​ឲ្យ​ពួកលោក​ទទួល​បាន​ការយល់ដឹង​អំពី​បទគម្ពីរ​តាមរយៈ​វិវរណៈ ។

សូម​កត់ចំណាំ​ថា គឺ​នៅ​ខណៈ​ពេល​ដែល​ពួកលោក​បាន​សិក្សា ហើយ​ពិចារណា​លើ​បទគម្ពីរ​នោះ ដែល​ព្រះវិញ្ញាណ​បាន​បំភ្លឺ​ដល់​ការយល់ដឹង​របស់​ពួក​លោក ។ ការសញ្ជឹង​គិត​លើ​បទគម្ពីរ​មាន​ន័យ​ថា ការពិចារណា ឬ គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន ។ គំរូ​របស់ យ៉ូសែប និង ស៊ីឌនី បង្ហាញ​យើង​ថា បើ​យើង​សិក្សា​ដោយ​យកចិត្ត​ទុកដាក់ ហើយ​ពិចារណា​លើ​បទគម្ពីរ នោះ​ព្រះអម្ចាស់​អាច​បង្កើន​ការយល់ដឹង​របស់​យើង ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​របៀប​សិក្សា ហើយ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ទៅ​លើ​បទគម្ពីរ ៖ « នៅ​ពេល​ខ្ញុំ​និយាយ​ថា ‹ សិក្សា › ខ្ញុំ​ចង់​មាន​ន័យ​ជ្រៅ​ជាង​ការអាន​ទៅ​ទៀត ។… ខ្ញុំ​ឃើញ​ថា ពេល​ខ្លះអ្នក​អាន​ពីរបី​ខគម្ពីរ ឈប់ ដើម្បី​សញ្ជឹង​គិត​អំពី​ខគម្ពីរ​នោះ សូម​អាន​ខគម្ពីរ​នេះម្តង​ទៀត​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​នៅពេល​អ្នក​គិត​អំពី​អត្ថន័យ​របស់​វា សូម​អធិស្ឋាន​ដើម្បី​ទទួលបាន​ការយល់ដឹង សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាង​វិញ្ញាណ រួច​សរសេរ​ទុក​នូវ​ការបំផុស​គំនិត និង ទស្សន​វិស័យ​ជ្រៅជ្រះ​ដែល​នឹង​កើតមាន ដើម្បី​ឲ្យ​អ្នក​អាច​ចងចាំ ហើយ​រៀន​សូត្រ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ការសិក្សា​របៀប​នេះ អ្នក​ប្រហែល​មិនបាន​អាន​ច្រើន​ជំពូក ឬ ច្រើនខគម្ពីរ​នៅក្នុង​រយៈពេល​កន្លះ​ម៉ោងនោះទេ ប៉ុន្ដែ​អ្នក​នឹង​ទុក​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះនៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​កាន់​អ្នក » ។ (When Thou Art Converted, » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ១១ ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​លទ្ធផល​អ្វី​ខ្លះ ដែល​អ្នក​ធ្លាប់​ទទួល​បាន​ដោយ​ការសិក្សា និង ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ទៅ​លើ​បទគម្ពីរ ?

    2. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​សកម្មភាព​មួយ​ដែល​បាន​លើកឡើង​ដោយ អែលឌើរ គ្រីស្តូហ្វឺសិន ដែល​អ្នក​នឹង​អនុវត្ត ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-២៤

យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ឃើញ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ

នៅ​ពេល​ការនិមិត្ត​ត្រូវបាន​សម្ដែង ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ឃើញ ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​ព្រះចេស្ដា និង សិរីល្អ​នៃ​ទ្រង់ ។

  1. journal iconសូម​គូស​តារាង​មួយ​ដែល​ដាក់​ចំណងជើង​ដូចខាង​ក្រោម នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    អ្វី​ដែល​ពួក​លោក​បាន​ឃើញ ៖

    អ្វី​ដែល​ពួក​លោក​បាន​ឮ ៖

    អ្វី​ដែល​ពួក​លោក​បាន​រៀន ៖

    1. សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:២០-២៤រួច​សរសេរ​ពាក្យ ឬ ឃ្លា​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ដែល​ត្រូវ​នឹង​ចំណងជើង​នីមួយៗ ។

    2. យោង​តាម​អ្វី​ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ឃើញ បាន​ឮ និង បាន​រៀន សូម​រាយ​សេចក្ដីពិត​យ៉ាង​ហោចណាស់​ចំនួន​ពីរ​ដែល​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សរសេរ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​មួយ​ក្នុង​ចំណោម​សេចក្ដីពិត​ទាំងនេះ និង របៀប​ដែល​អ្នក​ដឹង ឬ មូលហេតុ​ដែល​អ្នក​ជឿ​ថា​វា​គឺ​ជា​ការពិត ។

រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—គ. និង ស. ៧៦:២២–២៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២២-២៤ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ។

  1. journal iconព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់ និង ពេញ​ទៅ​ដោយ​សិរីល្អ ។ សូម​ស្វែងរក​ឧទាហរណ៍​ពីរ​ទៀត​នៅ​ក្នុង​បទគម្ពីរ​នេះ អំពី​គ្រា​ដែល​មនុស្ស​ម្នាក់​ទៀត​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ សូម​ប្រើ​លេខយោង Topical Guide ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ជួយ​ដល់​អ្នក ។ សូម​សរសេរ​សេចក្ដីយោង​សម្រាប់​ឧទាហរណ៍​ដែល​អ្នក​រក​ឃើញ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៥-២៩

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឃើញ​ការនិមិត្ត​អំពី​ការធ្លាក់​នៃ​សាតាំង

សូម​ធ្វើ​លំហាត់​ខាង​ក្រោម​នេះ ដោយ​សរសេរ​ថា​ពិត ( ព ) ឬ មិន​ពិត ( ម ) ។

  1. សាតាំង​ត្រូវបាន​ស្គាល់​ថា​ជា លូស៊ីហ្វើរ ។

  2. សាតាំង​គឺ​ជា​វិញ្ញាណ​មួយ ដែល​មាន​សិទ្ធិអំណាច​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ ។

  3. សាតាំង​ពុំ​មាន​ចេតនា​បះបោរ​នឹង​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។

  4. មាន​ការអរសប្បាយ​នៅ​ឯ​ស្ថានសួគ៌ កាល​សាតាំង​ត្រូវបាន​ទម្លាក់​ចុះ ។

  5. សាតាំង​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៃ​ព្រះ ។

បន្ទាប់​ពី​អ្នក​បាន​ធ្វើ​លំហាត់​នេះ​ហើយ សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២៥–២៩ដែល​ពិពណ៌នា​អំពី​ការនិមិត្ត​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពី​ការធ្លាក់​ចុះ​របស់​សាតាំង ។ សូម​កែ​ចម្លើយ​របស់​អ្នក​ឲ្យ​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​បាន​អាន រួច​សូម​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​អ្នក ជាមួយ​នឹង​ចម្លើយ​ដែល​មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣០-៤៩

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឃើញ​ការនិមិត្ត​អំពី​សេចក្ដី​ទុក្ខលំបាក​នៃ​កូន​អន្តរធាន

នៅ​ពេល​ធ្វើ​សង្គ្រាម តើ​ជន​ក្បត់​គឺ​ជា​នរណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៣០–៤៩ គឺ​សំដៅ​ទៅ​លើ​បុគ្គល​ទាំងឡាយ ដែល​ជ្រើសរើស​ធ្វើ​ជា​ជន​ក្បត់​នឹង​ព្រះអង្គសង្គ្រោះ ។ បុគ្គល​ទាំងនេះ​ត្រូវបាន​ស្គាល់​ថា ពួក​កូន​អន្តរធាន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៣០–៣៥ដោយ​ស្វែងរក​ជម្រើស ដែល​ដឹកនាំ​បុគ្គល​ទាំងឡាយ​ឲ្យ​ក្លាយ​ទៅ​ជា​ពួក​កូន​អន្តរធាន ។

ពួក​កូន​អន្តរធាន​មាន​សភាព​ខុស​គ្នា​ពី​សមាជិក​សាសនាចក្រ ដែល​ធ្លាប់​តែ​មាន​ទីបន្ទាល់​អំពី​សេចក្ដីពិត ប៉ុន្តែ ក្រោយ​មក​បាន​បែក​ចេញ​ឆ្ងាយ​ពី​សកម្មភាព និង ការធ្វើតាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ពួក​កូន​អន្តរធាន បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន គឺ​ការ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​អំពី អំពើ​បាប​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន​ដូចតទៅ​នេះ ៖ « តើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​ដូចម្ដេច ទើប​ចាត់ទុក​ថា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន ? គាត់​ត្រូវតែ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ឲ្យ​ស្ថានសួគ៌​បើក​ចំហរ​ដល់​គាត់ ហើយ​ស្គាល់​ព្រះ ហើយ​បន្ទាប់មក​បាន​ធ្វើ​អំពើបាប ។ ក្រោយពី​មនុស្ស​ម្នាក់​បាន​ធ្វើ​អំពើបាប​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​គ្មាន​ការប្រែចិត្ត​សម្រាប់​គេ​ទេ ។ គាត់​ត្រូវ​តែ​ជា​ម្នាក់​ដែល​ពោល​ថា ព្រះ​អាទិត្យ​ពុំ​រះ​សោះ​ខណៈ​ដែល​គាត់​មើល​ឃើញ​ព្រះ​អាទិត្យ ហើយ​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ​កាល​ស្ថានសួគ៌​បាន​បើក​ចំហ​នៅ​ចំពោះ​មុខ​គាត់ ហើយ​បដិសេធ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដែល​ភ្នែក​របស់​គាត់​មើល​ឃើញ​សេចក្ដីពិត​ស្រាប់​ទៅ​ហើយ​នោះ » ( នៅ​ក្នុង History of the Church ៦:៣១៤ ) ។

ការប្រព្រឹត្ត​អំពើបាប​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន តម្រូវ​ឲ្យ​មាន​ការចេះដឹង​ពិសេស​មួយ​អំពី​ព្រះអង្គសង្គ្រោះ ដែល​ត្រូវបាន​បង្កើន​តាមរយៈ​បទពិសោធន៍​ដ៏​ពិសិដ្ឋ​ជាមួយ​ទ្រង់ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការណ៍​នេះ ចំពោះ​សមាជិក​សាសនាចក្រ​ភាគ​ច្រើន ៖ « អំពើ​បាប​ទទឹង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ តម្រូវ​ឲ្យ​មាន​ចំណេះដឹង​បែប​នោះ ដែល​វា​មិន​អាច​ទៅ​រួច​ឡើយ ដែល​ក្រុម​មនុស្ស​លោក​យើង​អាច​នឹង​ប្រព្រឹត្ត​បាប​ប្រភេទ​នេះ​បាន » ( The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ១២៣ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៣៦-៣៨, ៤៤-៤៩ដោយ​ស្វែងរក​ស្ថានភាព​របស់​ពួក​កូន​អន្តរធាន ។

ពួក​កូន​អន្តរធាន នឹង​មិន​ត្រូវ​បាន​ប្រោសលោះ​ពី​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ឬ សេចក្ដី​ស្លាប់​ជា​លើក​ទី​ពីរ​ឡើយ ហើយ​នឹង​មិន​ស្នង​នគរ​នៃ​សិរីល្អ​ទុក​ជា​មរតក បន្ទាប់​ពី​ពួកគេ​បាន​រស់​ឡើង​វិញ​នោះ​ដែរ ។ ផ្ទុយ​ទៅ​វិញ ពួកវា​នឹង​រងទុក្ខ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ពេល​កំពុង​ទទួល​បាន​ការនិមិត្ត​អំពី​ពួក​កូន​អន្តរធាន នោះ​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​រៀន​អំពី​គោលការណ៍​មួយ​នៃ​សេចក្ដី​សង្ឃឹម ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៣៩–៤៣ដោយ​ស្វែងរក​ពាក្យ ឬ ឃ្លា​ដែល​បង្រៀន​គោលការណ៍​ដូច​តទៅ​នេះ ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ កូន​ចៅ​ទាំងអស់​របស់​ព្រះ លើកលែង​តែ​ពួក​កូន​អន្តរធាន អាច​ត្រូវបាន​សង្គ្រោះ​ចេញ​ពី​អំពើបាប​ផង និង សេចក្ដី​ស្លាប់​ផង ។

រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៤០-៤១

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៤០-៤១ ។ ដោយសារ​តែ​វគ្គ​បទគម្ពីរ​នេះ គឺ​ជា​ចំណេះ​ចំណាន​ខគម្ពីរ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ។ ពាក្យ ដំណឹងល្អ មាន​ន័យ​ថា ដំណឹងល្អ​ដ៏​ប្រពៃ ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការសង្ខេប​មួយ​នៃ​ដំណឹង​ដ៏​ប្រពៃ​ដែល​ត្រូវបាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៤០–៤១ ។ រួច​សរសេរ​ពីរ​បី​ប្រយោគ ដែល​ពិពណ៌នា​អំពី​មូលហេតុ​ដែល​នេះ​គឺ​ជា​ដំណឹង​ដ៏​ប្រពៃ​ចំពោះ​អ្នក ។ អ្នក​អាច​នឹង​ចង់​សរសេរ​វគ្គ​បទគម្ពីរ​នេះ ហើយ​បិទ​វា​នៅ​កន្លែង​ដែល​អ្នក​អាច​ទន្ទេញ​វា​បាន នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ។

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១-៤៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖