មេរៀនទី ២៥ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣-១៤
បុព្វកថា
បន្ទាប់ពីមកដល់ក្រុងហ្វាវេស្ទ រដ្ឋ មិសសួរី នៅខែ មិនា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣ ។ នៅក្នុងវិវរណៈនោះ ព្រះអម្ចាស់បានឆ្លើយតបនឹងសំណួរអំពីវគ្គគម្ពីរនៅក្នុងព្រះគម្ពីរ អេសាយ ។ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៤ នៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៨៣៨ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានបញ្ជាឲ្យ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ដែលជាសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឲ្យរៀបចំខ្លួនបម្រើបេសសកម្ម ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣
ព្រះអម្ចាស់ឆ្លើយតបចំពោះសំណួរ អំពីវគ្គគម្ពីរនៅក្នុងព្រះគម្ពីរអេសាយ
តើអ្នកធ្លាប់មានបញ្ហាក្នុងការយល់អំពីអ្វីដែលអ្នកបានអាននៅក្នុងព្រះគម្ពីរឬទេ ?
ការព្យាករមួយចំនួននៅក្នុងព្រះគម្ពីរ ប្រើនិមិត្តរូបដែលពិបាកយល់ ។ នៅក្នុងក្រុងហ្វាវេស្ទ រដ្ឋ មិសសួរី បងប្អូនប្រុសមួយចំនួនបានសូមឲ្យព្យាការី យ៉ូសែប ស៊្មីធ បកស្រាយវគ្គគម្ពីរនៅក្នុងព្រះគម្ពីរអេសាយ ។ ចម្លើយរបស់ព្រះអម្ចាស់ចំពោះសំណួរទាំងនោះ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣ ។
-
សូមសរសេរសំណួរទាំងនេះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣ ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយសង្ខេបចម្លើយរបស់ព្រះអម្ចាស់ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:១–២គល់មានអត្ថន័យយ៉ាងច្បាស់ ។ ព័ត៌មានខាងក្រោមនេះ អាចជួយបង្កើនការយល់ដឹងរបស់អ្នកពីនិមិត្តរូប ៖ ព្រះយេស៊ូវគ្រីស្ទបានយាងចុះពីផ្ទះរបស់ អ៊ីសាយ ជាឪពុករបស់ ដាវីឌ ។ ពាក្យ គល់ នៅក្នុង អេសាយ ១១:១ ត្រូវបានបកប្រែពីពាក្យ ហេព្រើរ ដែលមានន័យថាជាគល់ ឬជាឫសដើមឈើ—មាននៅក្នុងដើមឈើដែលត្រូវបានកាត់ចោល ឬក្នុងដើមឈើដែលត្រូវបានដាំ ។
សូមពិចារណាពីអត្ថន័យនៃពាក្យ លំពង់ ឫស ដែលបានលើកឡើងនៅ ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:៣–៦។ សូមគិតពីការបកប្រែខាងក្រោម ដែលចែកចាយដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « តើយើងនិយាយខុសឬ ដែលថាព្យាការីដែលបានលើកឡើងនៅទីនេះគឺជាយ៉ូសែប ស្ម៊ីធ ដែលបព្វជិតភាពមានមកតាមលោក ជាអ្នកដែលបានទទួលកូនសោទាំងឡាយនៃនគរ ហើយបានលើកទង់ដើម្បីប្រមូលរាស្ដ្ររបស់ព្រះអម្ចាស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រា ? ហើយតើលោកក៏មិនមែនជា ‹ អ្នកបម្រើនៅក្នុងព្រះហស្តនៃព្រះគ្រីស្ទ ដែលជាពូជពង្សរបស់ អ៊ីសាយ ខ្លះ និងពូជពង្សរបស់ អេប្រាអិម ខ្លះ ឬជាវង្សនៃ យ៉ូសែប ដែលមានអំណាចដ៏ខ្លាំង › ទេឬអី ? ( គ. និង ស. ១១៣:៤-៦ ) ។ អ្នកដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការណ៍ដ៏ទេវភាពនោះនឹងដឹងអំពីអត្ថន័យនៃការណ៍ទាំងនេះ » ( The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ ១៩៨២ ] ទំព័រ ៣៣៩-៤០ ) ។
តើ យ៉ូសែប ស៊្មីធ បានធ្វើអ្វីខ្លះក្នុងនាមជា « អ្នកបម្រើនៅក្នុងព្រះហស្តនៃព្រះគ្រីស្ទ » ( គ. និង ស. ១១៣:៤ ) ?
កាលអ្នកគិតអំពីអត្ថន័យនៃពាក្យ គល់ សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:៥-៦ ។
តើគល់តំណាងឲ្យ យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ?
សូមបញ្ចប់សេចក្ដីថ្លែងការណ៍អំពីគោលលទ្ធិ ដោយផ្អែកលើអ្វីដែលអ្នកបានរៀនចេញពី ខ ៦ ៖ យ៉ូសែប ស៊្មីធ ទទួលបានកូនសោនៃនគរសម្រាប់ និងសម្រាប់ នៅថ្ងៃចុងក្រោយបង្អស់ ។ អ្នកអាចនឹងចង់ធ្វើសេចក្ដីយោងបទគម្ពីរនៃ ខ ៦ ជាមួយ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១ ។
បន្ទាប់ពីព្រះអម្ចាស់បានឆ្លើយតបចំពោះសំណួរអំពី អេសាយ ១១អេលីយ៉ាស ហ៊ិកប៊ី បានសួរសំណួរទាក់ទងនឹង អេសាយ ៥២ ។
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:៧-១០ហើយបំពេញតារាងខាងក្រោម ។
តើអ្វីដែលយើងត្រូវ « ពាក់ » ? |
តើព្រះអម្ចាស់សន្យាអ្វីចំពោះអ្នកដែលត្រឡប់មករកទ្រង់វិញ ? |
តើអ្នកគិតថា វាមានន័យយ៉ាងណា ? |
តើអ្នកគិតថា ការណ៍នេះមានន័យយ៉ាងណា ចំពោះប្រជាជនអ៊ីស្រាអែលដែលបានបែកខ្ញែក ? |
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរវិធីដែលព្រះអម្ចាស់អាចប្រទានការដឹកនាំ និងកម្លាំងដល់មនុស្សដែលព្យាយាមត្រឡប់មករកទ្រង់វិញ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៤
ព្រះអម្ចាស់បានបញ្ជាឲ្យ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន រៀបចំខ្លួនបម្រើបេសកកម្ម
មនុស្សម្នាក់ដែលព្រះអម្ចាស់ជ្រើសរើស ដើម្បីជួយពង្រឹងទីក្រុងស៊ីយ៉ូន គឺជាបុរសម្នាក់ដែលមានឈ្មោះថា ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ។
ដាវីឌ ដ័បុលយូ ប៉ាទ្ទិន បានចូលរួមក្នុងសាសនាចក្រនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៨៣២ ។ គាត់ត្រូវបានតែងតាំងជាសាវកនៅឆ្នាំ ១៨៣៥ ។ គាត់មានអំណោយទាននៃការព្យាបាល ហើយលោកជាបុរសម្នាក់ដែលមានភាពក្លាហាន និងអំណាចយ៉ាងខ្លាំង ។ គាត់គ្មានការភ័យខ្លាចក្នុងការការពារសេចក្ដីជំនឿ និងព្យាការី យ៉ូសែប ស៊្មីធ ឡើយ ។ ក្នុងការការពារពួកបរិសុទ្ធពីពួកមនុស្សកំណាចនៅរដ្ឋ មិសសួរី ដាវីឌ ប៉ាទ្ទិន ត្រូវបានស្គាល់ថា « ប្រធានក្រុមអង់អាច » ។ ( សូមមើល Lycurgus A. Wilson, Life of David W. Patten: The First Apostolic Martyr [ ឆ្នាំ ១៩០០ ] ទំព័រ ៥–៨, ១៤–១៧, ៤៨–៤៩, ៦២ ) ។
អែលឌើរ ប៉ាទ្ទិន បានសូមឲ្យ ព្យាការី យ៉ូសែប ស៊្មីធ ស្វែងរកវិវរណៈឲ្យគាត់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៤:១រកមើលអ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យអែលឌើរ ប៉ាទ្ទិន ធ្វើ ។
នៅសរទរដូវក្នុងឆ្នាំ ១៨៣៨ ប្រាំមួយខែបន្ទាប់ពីវិវរណៈដែលបញ្ជាឲ្យអែលឌើរ ប៉ាទ្ទិន រៀបចំខ្លួនបម្រើបេសកកម្ម គាត់បានពាក់ព័ន្ធក្នុងការប្រយុទ្ធគ្នានៅទន្លេ ឃ្រុកឃិដ ដែលមានទីតាំងនៅជិតទីលំនៅរបស់ពួកបរិសុទ្ធនៅខាងលិចរដ្ឋ មិសសួរី ។ នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៨៣៨ ពួកមនុស្សកំណាចបានវាយប្រហារលើផ្ទះសម្បែងពួកបរិសុទ្ធមួយចំនួន និងបានបញ្ជាឲ្យសមាជិកចាកចេញពីរដ្ឋនោះ ហើយបានចាប់បុរសបីនាក់ជាអ្នកទោស ។ នៅពេលឮរបាយការណ៍ថាពួកមនុស្សកំណាចមានបំណងសម្លាប់ពួកអ្នកទោសនៅយប់នោះ កងជីវពលពួកបរិសុទ្ធបានរៀបចំជាពីរក្រុម ដើម្បីជួយសង្គ្រោះពួកអ្នកទោស ។ អែលឌើរ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន បានដឹកនាំមួយក្រុម ។ នៅទៀបភ្លឺ ពេលដែលក្រុមរបស់អែលឌើរ ប៉ាទ្ទិន បានចូលមកដល់ទន្លេ ឃ្រុកឃិដ ដើម្បីឆ្លងទៅត្រើយម្ខាង សមាជិកក្រុមមនុស្សកំណាច ដែលបានលាក់ខ្លួននៅជិតនោះ បានចាប់ផ្ដើមបាញ់ ។ ការតតាំងដ៏រហ័សមួយបានផ្ទុះឡើង ហើយបុរសបីបួននាក់ពីក្រុមនីមួយៗបានរងរបួស រួមទាំងអែលឌើរ ប៉ាទ្ទិនផង ។
អែលឌើរ ប៉ាទ្ទិន បានស្លាប់បីបួនម៉ោងក្រោយមក ។ សេចក្តីជំនឿរបស់គាត់នៅក្នុងដំណឹងល្អដែលបានស្ដារឡើងវិញមានយ៉ាងខ្លាំងក្លា ហើយមានម្ដងនោះ គាត់បានបញ្ជាក់ប្រាប់ព្យាការី យ៉ូសែប ស៊្មីធ ថាគាត់ចង់ស្លាប់ក្នុងការស្លាប់របស់ទុក្ករបុគ្គល ។ « ព្យាការី ដោយមានការរំជួលចិត្តជាខ្លាំង បាននិយាយទៅកាន់ ដាវីឌ ដោយទុក្ខព្រួយយ៉ាងខ្លាំងថា ‹ នៅពេលបុរសម្នាក់ដែលមានជំនឿដូចជាបងប្រុស សូមអ្វីមួយដល់ព្រះអម្ចាស់ នោះគេតែងនឹងទទួលបានវា › » ។ នៅឯពិធីបុណ្យសព្វរបស់អែលឌើរ ប៉ាទ្ទិន ក្នុងក្រុងហ្វាវេស្ទ បន្ទាប់ពីការប្រយុទ្ធនោះ យ៉ូសែប ស៊្មីធ បានកោតសរសើរគាត់ ៖ « នេះគឺជាបុរសដែលបានធ្វើដូចដែលគាត់បាននិយាយ—គាត់បានលះបង់ជីវិតរបស់គាត់ដោយសារមិត្តភក្ដិរបស់គាត់ » ។ ( សូមមើល Church History in the Fulness of Times Student Manual,2nd ed. [Church Educational System manual ឆ្នាំ ២០០៣] ទំព័រ ១៩៩–២០០; សេចក្ដីសម្រង់ Life of David W. Patten,ទំព័រ ៥៣; History of the Church,៣:១៧៥ ) ។
នៅពេលដែលអែលឌើរ ប៉ាទ្ទិន បានស្លាប់ គាត់បានរៀបចំខ្លួនដោយសេចក្ដីជំនឿរបស់គាត់ ដើម្បីបម្រើបេសកកម្ម ។ គាត់ក៏មានការព្រួយបារម្ភពីពួកបរិសុទ្ធដែលជាមិត្តភក្ដិរបស់គាត់ដែរ រួមទាំងសមាជិកមួយចំនួនក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលពុំស្មោះត្រង់ផងដែរ ។ នៅដង្ហើមចុងក្រោយរបស់គាត់ គាត់បានប្រកាសថា « ខ្ញុំបានលើកដាក់មកលើខ្លួនខ្ញុំ ! ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត [ សូមមើល ធីម៉ូថេ ទី២ ៤:៧–៨ ] » ។ គាត់បាននិយាយទៅកាន់ភរិយាគាត់ថា « ទោះជាអូនធ្វើអ្វីក៏ដោយ តែសូមកុំបោះបង់ចោលសេចក្ដីជំនឿឡើយ » ( សេចក្ដីសម្រង់ Heber C. Kimball, នៅក្នុង Life of David W. Patten,ទំព័រ ៦៩ ) ។
សេចក្តីពិតមួយដែលយើងអាចរៀនពីបទពិសោធន៍របស់ ដាវីឌ ប៉ាទ្ទិន នោះគឺ បើយើងស្ដាប់តាមការដឹកនាំរបស់ព្រះអម្ចាស់ នោះ យើងនឹងរៀបចំខ្លួនសម្រាប់អ្វីគ្រប់យ៉ាងដែលទ្រង់បានរៀបចំសម្រាប់យើង ។
-
សូមឆ្លើយនឹងសំណួរដូចតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើនៅពេលណាដែលអ្នកបានធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ ហើយបានឃើញថា វាបានរៀបចំអ្នកសម្រាប់អ្វីមួយដែលអ្នកមិនបានរំពឹងទុក ? បើអ្នកពុំធ្លាប់មានបទពិសោធន៍នេះទេ សូមពិភាក្សាសំណួរនេះជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។ សូមសរសេរអ្វីដែលអ្នកបានរៀនពីគេ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៤:២ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ថានឹងកើតឡើង ពេលមនុស្សមួយចំនួនបដិសេធព្រះនាមទ្រង់ ។ ( នៅក្នុងខគម្ពីរនេះ ពាក្យ គណៈប៊ីស្សព សំដៅទៅលើទំនួលខុសត្រូវរបស់មនុស្សម្នាក់ មិនមែនចំពោះប៊ីស្សព និងទីប្រឹក្សារបស់គាត់ទេ ។ សូមមើល ទំនុកដំកើង ១០៩:៩; កិច្ចការ ១:២០; Bible Dictionary, « Bishop » ) ។
នៅពេលសមាជិកមួយចំនួននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មិនមានភាពស្មោះត្រង់ អ្នកដទៃទៀតត្រូវបានហៅឲ្យបម្រើជំនួសពួកគេ ។ សាវកថ្មីទាំងនេះ រួមមាន យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ ជាអ្នកដែលបានបម្រើបេសកកម្មនៅប្រទេសអង់គ្លេសដោយស្មោះត្រង់ ហើយបាននាំមនុស្សជាច្រើនពាន់នាក់ឲ្យស្គាល់ដំណឹងល្អដែលបានស្ដារឡើងវិញ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវកថាខណ្ឌខ្លីមួយដែលរៀបរាប់ពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ និងបំពេញការរំពឹងទុកដែលទ្រង់មានសម្រាប់អ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣-១៤ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖