មេរៀនទី 2 ៖ ថ្ងៃទី 1
នីហ្វៃទី1 1
សេចក្តីផ្តើម
ព្រះគម្ពីរមរមនចាប់ផ្តើមជាមួយដំណើររឿងស្តីអំពីឪពុករបស់នីហ្វៃ គឺលោកលីហៃដែលបំពេញតួនាទីរបស់លោកយ៉ាងស្មោះត្រង់ក្នុងនាមជាព្យាការីម្នាក់ និង ជាអ្នកដឹកនាំបព្វជិតភាពម្នាក់នៅក្នុងគ្រួសាររបស់លោក ។ ការយល់ដឹងពីការបម្រើរបស់លោកលីហៃ អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីតួនាទីរបស់ពួកព្យាការីនៅក្នុងសម័យរបស់យើង ។ លោកគឺជាព្យាការីម្នាក់ក្នុងចំណោម « ព្យាការីទាំងឡាយដែលបានព្យាករដល់ [ ពួកសាសន៍យូដា ] ថា ពួកគេត្រូវតែប្រែចិត្ត » (នីហ្វៃទី 1 1:4) ។ ដោយសារតែលោកលីហៃមានការគោរពប្រតិបត្តិចំពោះព្រះ ហើយបានព្យាករអំពីកាបំផ្លាញចោលនៃក្រុងយេរូសាឡិម នោះប្រជាជនទាំងអស់នោះបានចំអកឡកឡើយដល់លោក និង ព្យាយាមរកសម្លាប់លោក ។ ទោះជាយ៉ាងណាក៏ដោយ លីហៃបានអរសប្បាយនឹងសេចក្តីមេត្តាករុណា និង អំណាចនៃការដោះលែងរបស់ព្រះអម្ចាស់ ។ នៅពេលអ្នកសិក្សានីហ្វៃទី1 1 សូមគិតអំពីរបៀបដែលសេចក្តីមេត្តាករុណា និង ការចូលរួមផ្ទាល់របស់ព្រះត្រូវបានបង្ហាញនៅក្នុងជីវិតរបស់អ្នក ។
នីហ្វៃទី1 1:1–3
នីហ្វៃចាប់ផ្តើមកត់ត្រាបញ្ជីប្រវត្តិរបស់លោក
សូមអាន នីហ្វៃទី 1 1:1 ហើយស្វែងរកពាក្យគន្លឹះ និង ឃ្លាទាំងឡាយដែលបង្ហាញពីជីវិតដែលនីហ្វៃមាន ។
-
អ្វីដែលអ្នកបានអានពីខទី1សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក យ៉ាងហោចណាស់ឲ្យបានលក្ខណៈមួយដែលអ្នកទទួលអារម្មណ៍ថា ជីវិតរបស់អ្នកគឺមានភាពស្រដៀងទៅនឹងជីវិតរបស់នីហ្វៃ ។
-
សូមឆ្លើយនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតបែបណាចំពោះអ្វីដែលនីហ្វៃបាន « ជួបប្រទះនូវសេចក្តីទុក្ខវេទនាទាំងឡាយ » ប៉ុន្តែក៏មាន « ការពេញចិត្តជាខ្លាំងពីព្រះអម្ចាស់នៅគ្រប់ថ្ងៃទាំងឡាយ [ របស់គាត់ ] ? »
នីហ្វៃទី1 1:4–20
លីហៃទទួលការនិមិត្តមួយ ហើយបានព្រមានដល់ប្រជាជនអំពីការបំផ្លាញចោលនៃក្រុងយេរូសាឡិម
សូមគិតអំពីគ្រាមួយដែលឪពុកម្តាយ ឬ អ្នកដឹកនាំទាំងឡាយក្នុងសាសនាចក្ររបស់អ្នកបានព្រមានអ្នកអំពីរឿងដ៏គ្រោះថ្នាក់ណាមួយ ។ តើពួកគេមានមូលហេតុអ្វីដែលជំរុញឲ្យព្រមានអ្នក ?
ព្រះវរបិតាសួគ៌ស្រលាញ់យើង ហើយចង់ឲ្យយើងឃ្លាតឆ្ងាយពីអំពីបាបដែលយាយីដល់យើងដោយសុវត្តិភាព ។ របៀបមួយនៃរបៀបទាំងឡាយដែលព្រះព្រមានកូនចៅរបស់ទ្រង់ គឺតាមរយៈពួកព្យាការី ។ ពួកព្យាការីព្រមានប្រឆាំងនឹងអំពើបាប ហើយបង្រៀនអំពីសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សា នីហ្វៃទី1 1 សូមរកមើលការបើកបង្ហាញអំពីគោលលទ្ធិនេះ ។ នីហ្វៃបានចាប់ផ្តើមសរសេរបញ្ជីប្រវត្តិរបស់គាត់ដោយប្រាប់យើងថា ពួកព្យាការីជាច្រើនបានផ្សព្វផ្សាយ និង ព្រមានប្រជាជនអំពីអ្វីដែលនឹងកើតឡើង បើសិនជាពួកគេមិនប្រែចិត្ត ( សូមមើល នីហ្វៃទី1 1:4) ។ សូមអាន នីហ្វៃទី1 1:5–7 ហើយគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកអំពីរបៀបដែល លោកលីហៃបានអធិស្ឋាន និង អំពីអ្វីដែលលោកបានអធិស្ឋាន ។ ការអធិស្ឋានរបស់លោកលីហៃទៅកាន់ព្រះអម្ចាស់បង្ហាញថា លោកបានជឿនូវអ្វីៗដែលពួកព្យាការីបាននិយាយ ។
សូមអាន នីហ្វៃទី1–1:8–10 សូមគូសរង្វង់អំពីការណ៍ទាំងអស់ដែលលោកលីហៃបានឃើញនៅក្នុងការនិមិត្តនៅខាងក្រោមនេះ ។
-
ព្រះ
-
ព្រះយេស៊ូវគ្រីស្ទ
-
ពួកទេវតា
-
ពួកដប់ពីរផ្សេងទៀត
សូមអាននីហ្វៃ1 1:11–12 សូមកត់សម្គាល់នូវអ្វីដែលបានកើតឡើងចំពោះលោកលីហៃ នៅពេលដែលលោកបានអានព្រះគម្ពីរដែលត្រូវបានប្រទានដល់លោក ។ តាមរយៈការនិមិត្តនេះ ព្រះអម្ចាស់បានរៀបចំលោកលីហៃបន្ថែមទៀត ដើម្បីបម្រើនៅក្នុងចំណោមប្រជាជននៅក្នុងក្រុងយេរូសាឡិម ។ សូមអាន នីហ្វៃទី 1 1:13 ហើយកត់ត្រានូវអ្វីដែលលោកលីហៃត្រូវបានបង្រៀនដែលទាក់ទងនឹងក្រុងយេរូសាឡិម ។ ខណៈដែលអ្នកអាន សូមដាក់បញ្ចូលខ្លួនអ្នកថាជាលោកលីហៃ ហើយស្រមៃគិតអំពីរបៀបដែលអ្នកនឹងទទួលអារម្មណ៍ បើសិនជាព្រះអម្ចាស់បានប្រាប់អ្នកថា រឿងទាំងនេះនឹងកើតឡើងចំពោះគេហដ្ឋាន និង ទីក្រុងរបស់អ្នក ។
ដោយការព្រមានអំពីការបំផ្លិចបំផ្លាញចោលនៃប្រជាជន និង ទីក្រុងរបស់លោក គឺពិតជាការពិបាកខ្លាំងណាស់សម្រាប់លោកលីហៃ ។ ប៉ុន្តែ សូមអាននីហ្វៃទី1 1:14–15 ហើយសូមស្វែងរកមូលហេតុដែលលោកលីហៃអររីករាយ បើទោះជាលោកបានឃើញថា ក្រុងយេរូសាឡិមនឹងត្រូវបានបំផ្លាញចោលក៏ដោយ ។
-
សូមសរសេរគំនិតរបស់អ្នកចំពោះសំណួរនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖ តើបទពិសោធន៍របស់លោកលីហៃនៅក្នុង នីហ្វៃទី1 1:5–15 អាចជម្រុញបំណងប្រាថ្នារបស់លោកដើម្បីបង្រៀនប្រជាជន និង អញ្ជើញពួកគេឲ្យប្រែចិត្តដោយរបៀបណា ?
ក្រោយពីការព្រមានអំពីការបំផ្លាញចោលនៃក្រុងយេរូសាឡិម នោះលោកលីហៃបានប្រាប់ដល់ប្រជាជននៃក្រុងយេរូសាឡិមអំពីអ្វីដែលលោកបានដឹង ។ លោកបានព្រមានពួកគេថា ពួកគេនឹងត្រូវបានបំផ្លាញចោលបើសិនពួកគេមិនប្រែចិត្ត ។ សូមអាន នីហ្វៃទី1 1:18–20 ហើយសូមស្វែងរករបៀបដែលប្រជាជនក្នុងក្រុងយេរូសាឡិមមានប្រតិកម្មតបតវិញ ។ សូមស្រមៃគិតថា អ្នកគឺជាអ្នកបោះពុម្ពផ្សាយម្នាក់ឲ្យក្រុមហ៊ុនកាសែតមួយ ហើយអ្នកត្រូវតែសរសេរចំណងជើងមួយសម្រាប់ នីហ្វៃទី 1 1:18–20 ។ តើអ្នកនឹងដាក់ចំណងជើងឈ្មោះអ្វី ?
សូមពិចារណាពីសេចក្តីថ្លែងខាងក្រោមនេះ ៖
« ព្យាការីសម័យបច្ចុប្បន្ន ក៏ដូចជាព្យាការីពីបុរាណដែរ គឺថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ពួកលោកបង្ហាញឲ្យស្គាល់នូវព្រះហឫទ័យ និង ចរិតលក្ខណៈពិតរបស់ព្រះ ។ ពួកលោកមានប្រសាសន៍យ៉ាងក្លាហាន និង ច្បាស់លាស់ ដោយថ្កោលទោសចំពោះអំពើបាប និង ព្រមានអំពីផលវិបាកទាំងឡាយរបស់វា ។ ជួនកាល ពួកលោកអាចត្រូវបានបំផុសគំនិតឲ្យព្យាករអំពីព្រឹត្តិការណ៍នាពេលអនាគតសម្រាប់ជាប្រយោជន៍ដល់យើង » ( ពិតចំពោះសេចក្តីជំនឿ ៖ សេចក្តីយោងនៃដំណឹងល្អ[ ឆ្នាំ 2004] ទំព័រ 129 ) ។
-
សូមសរសេរប្រយោគមួយជាពាក្រសម្តីផ្ទាល់របស់អ្នក នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកដែលពិពណ៌នាអំពីទំនួលខុសត្រូវរបស់ព្យាការី ដោយមិនគិតពីការប្រឆាំងជំទាស់ទាំងឡាយណាដែលគាត់ប្រឈមមុខនោះទេ ។
នៅពេលដែលនីហ្វៃបានសរសេរអំពីបទពិសោធន៍ទាំងឡាយរបស់ឪពុកលោកនៅក្នុងក្រុងយេរូសាឡិម នោះគាត់បានបន្ថែមសារមួយដល់អ្នកអានតាមរយៈនីហ្វៃទី1 1:20 ដែលចាប់ផ្តើមជាមួយនឹងឃ្លា « ប៉ុន្តែមើលចុះខ្ញុំ នីហ្វៃនឹងបង្ហាញដល់អ្នករាល់គ្នាថា … » ខគម្ពីរនេះណែនាំនូវប្រធានបទមួយ ដែលនីហ្វៃបានគូសបញ្ជាក់ទាំងស្រុងនៅក្នុងការសរសេររបស់លោក ។ សូមគូសបន្ទាត់ពីក្រោមប្រធានបទនេះនៅក្នុងនីហ្វៃទី1 1:20 ហើយបន្ទាប់មកសូមអាន មរ៉ូណៃ 10:3 ដោយរកមើលប្រធានបទស្រដៀងគ្នានេះ ។ ( មរ៉ូណៃគឺជាព្យាការីចុងក្រោយនៃពួកព្យាការីទាំងឡាយក្នុងព្រះគម្ពីរមរមន ។ ពេលវេលាចាប់ពីនីហ្វៃ ទៅ មរ៉ូណៃគឺមានរយៈពេលប្រហែលជា1000 ឆ្នាំ ) ។
សូមយល់ឃើញថា នីហ្វៃបានប្រកាសនៅក្នុងជំពូកទីមួយនៃព្រះគម្ពីរមរមនថា គាត់នឹងបង្ហាញដល់យើងនូវ « សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ » នៅក្នុងការសរសេរទាំងឡាយរបស់គាត់ (នីហ្វៃទី1 1:20) ។ នៅក្នុងជំពូកចុងក្រោយនៃព្រះគម្ពីរមរមន មរ៉ូណៃបានប្រាប់យើងឲ្យនឹកចាំថា « តើព្រះអម្ចាស់ទ្រង់មានសេចក្តីមេត្តាករុណាយ៉ាងណា » ( មរ៉ូណៃ 10:3 ) ។
នីហ្វៃចង់ឲ្យយើងយល់ឃើញត្រឹមត្រូវចាប់តាំងពីការចាប់ផ្តើមនៃបញ្ជីប្រវត្តិរបស់គាត់ដែលថាសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយរបស់ព្រះអម្ចាស់បានលាតសន្ធឹងទៅដល់អ្នកទាំងឡាយណាដែលអនុវត្តសេចក្តីជំនឿលើទ្រង់ ។ អែលឌើរ ដាវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថាតើអ្វីទៅដែលជាសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់មាននៅក្នុងជីវិតរបស់យើង ។ សូមគូសរង្វង់ជុំវិញពាក្យ និង ឃ្លាទាំងឡាយដែលអែលឌើរ បែដណា បានប្រើដើម្បីពិពណ៌នាអំពីអ្វីដែលជា « សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ » នៅពេលដែលអ្នកអានការពន្យល់របស់គាត់ ៖
« សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់គឺជាពរជ័យផ្ទាល់ខ្លួន និងសម្រាប់បុគ្គលម្នាក់ ជាកម្លាំង ជាការការពារ ជាការធានាអះអាង ជាការដឹកនាំ ជាសេចក្តីសប្បុរសដែលពោពេញដោយក្តីស្រលាញ់ ជាការលួងលោមចិត្ត ជាការគាំទ្រ និង ជាអំណោយទានទាំងឡាយខាងវិញ្ញាណដែលយើងបានទទួល និងក៏ដោយសារតែ តាមរយៈព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ …
«… សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់មិនកើតឡើងជាការចៃដន្យ ឬ គ្រាន់តែជាការគាប់ជួននោះទេ ។ ភាពស្មោះត្រង់ ការគោរពប្រតិបត្តិ និង ការបន្ទាបខ្លួននាំមកនូវសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយចូលមកក្នុងជីវិតរបស់យើង ហើយជាញឹកញាប់ វាកើតមានតាមកាលកំណត់របស់ព្រះអម្ចាស់ដែលអាចធ្វើឲ្យយើងទទួលស្គាល់ និង ឲ្យតម្លៃខ្ពស់ចំពោះពរជ័យសំខាន់ៗទាំងនេះ » ( The Tender Mercies of the Lord » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 99–100 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖ តើអ្នកបានឃើញគំរូអ្វីខ្លះស្តីអំពីការលាតសន្ធឹងនៃសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ឬ នៅក្នុងជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ ?
សូមចាប់ផ្តើម ឬ បន្តរកមើល និង កត់ត្រានៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកអំពីសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយដែលព្រះអម្ចាស់បានលាតសន្ធឹងមកកាន់អ្នក ។ នៅពេលអ្នកធ្វើដូច្នេះ នោះអ្នកនឹងចង់ឃើញខ្លាំងថែមទៀតពីពរជ័យទាំងឡាយដែលព្រះបានប្រទានបន្ថែមមកឲ្យអ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី1 1 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និងការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖