មេរៀនទី 19 ៖ ថ្ងៃទី 4
អាលម៉ា 38
សេចក្តីផ្ដើម
ស៊ីបឡុន កូនប្រុសរបស់អាលម៉ា បានបម្រើជាមួយលោកជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ទៅកាន់ពួកសាសន៍សូរាំ ។ បន្ទាប់ពីបេសកកម្មរបស់លោក អាលម៉ាបានបង្ហាញពីសេចក្ដីអំណរចំពោះភាពខ្ជាប់ខ្ជួន និង ភាពស្មោះត្រង់ ដែលស៊ីបឡុនបានបង្ហាញ ខណៈដែលទទួលរងទុក្ខនូវការបៀតបៀនក្នុងចំណោមពួកសាសន៍សូរាំ ។ អាលម៉ាបានថ្លែងទីបន្ទាល់ចំពោះស៊ីបឡុនអំពីអំណាចដោះលែងរបស់ព្រះយេស៊ូវគ្រីស្ទ និង បានទូន្មានគាត់ឲ្យបន្តបង្រៀនដំណឹងល្អ ។
អាលម៉ា 38:1–3
អាលម៉ាបង្ហាញសេចក្ដីអំណរចំពោះភាពស្មោះត្រង់របស់ស៊ីបឡុន
សូមយកពេលមួយនាទីគិតពីពេលមួយ ដែលឪពុកម្ដាយអ្នកមានអារម្មណ៍នៃសេចក្ដីអំណរ ដោយសារតែការសម្រេចចិត្តដ៏ល្អដែលអ្នក ឬ សមាជិកគ្រួសារផ្សេងទៀតបានធ្វើ ឬ ដោយសាររបៀបដែលអ្នករស់នៅ ។
សូមអាន អាលម៉ា 38:1–3 ហើយរកមើលឃ្លាទាំងឡាយដែលពិពណ៌នាពីរបៀបដែលអាលម៉ាបានមានអារម្មណ៍ចំពោះស៊ីបឡុន និង មូលហេតុ ។ សូមសរសេរឃ្លាមួយចំនួនដែលអ្នករកឃើញ ៖
ចេញពីខទាំងនេះ យើងរៀនពីគោលការណ៍នេះ ៖ ខណៈដែលយើងចាប់ផ្ដើមខ្ជាប់ខ្ជួន និង ស្មោះត្រង់ក្នុងភាពយុវវ័យរបស់យើង ក្នុងការរក្សានូវបទបញ្ញត្តិទាំងឡាយ នោះយើងនាំមកនូវសេចក្ដីអំណរយ៉ាងធំធេងដល់ឪពុកម្ដាយយើង ។
-
យកពេលមួយស្របក់ដើម្បីសួរដល់ឪពុក ឬ ម្ដាយអ្នក អាណាព្យាបាល ឬ អ្នកដឹកនាំសាសនាចក្រអ្នក ថាតើការសម្រេចចិត្តដ៏ល្អរបស់អ្នកមានឥទ្ធិពលចំពោះគាត់យ៉ាងណាដែរ ។ សូមសរសេរចម្លើយរបស់គាត់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
អាលម៉ា 38:4–9
អាលម៉ាថ្លែងទីបន្ទាល់ពីអំណាចក្នុងការដោះលែងរបស់ព្រះអង្គសង្គ្រោះ
អាលម៉ាបានរំឭកស៊ីបឡុនថា ពួកលោកទាំងពីរនាក់បានទទួលបទពិសោធន៍ពីអំណាចនៃការដោះលែងរបស់ព្រះអង្គសង្គ្រោះ ថ្វីបើតាមរបៀបខុសគ្នាក៏ដោយ ។ សូមអាន អាលម៉ា 38:4–8 ហើយបំពេញតារាងខាងក្រោមនេះ ។ សូមប្រើប្រាស់ផងដែរនូវអ្វីដែលអ្នកដឹងអំពីស៊ីបឡុនចេញពី អាលម៉ា 38:2–3 និង អ្វីដែលអ្នកបានរៀនអំពីអាលម៉ាចេញពីជំពូកផ្សេងៗទៀតនៅក្នុងព្រះគម្ពីរមរមន ដើម្បីជួយអ្នកបំពេញតារាងនេះ ។
ស៊ីបឡុន ( អាលម៉ា 38:2–5 ) |
អាលម៉ា ( អាលម៉ា 38:6–8 ) | |
---|---|---|
តើលោកត្រូវបានដោះលែងចេញពីអ្វី ? | ||
តើលោកបានទទួលពរជ័យនៃការដោះលែងដោយរបៀបណា ? |
ចេញពីបទពិសោធន៍របស់ស៊ីបឡុន យើងរៀនថា ៖ បើយើងទ្រាំទ្រនូវគ្រប់ការណ៍ទាំងអស់ ជាមួយនឹងសេចក្ដីអត់ធ្មត់ និង សេចក្ដីទុកចិត្តលើព្រះ នោះទ្រង់នឹងដោះលែងយើងចេញពីការលំបាក បញ្ហា និង ទុក្ខវេទនាទាំងឡាយ ហើយលើកយើងឡើងនៅថ្ងៃចុងក្រោយ ។ ចេញពីបទពិសោធន៍របស់អាលម៉ា យើងរៀនថា ៖ ដើម្បីទទួលបាននូវការផ្ដាច់បាបរបស់យើង និង រកឃើញនូវសេចក្ដីសុខសាន្តដល់ព្រលឹងយើង យើងត្រូវតែអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ស្វែងរកសេចក្ដីមេត្តាករុណារបស់ទ្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នករៀនអ្វីខ្លះ ចេញពីដំណើររឿងរបស់ស៊ីបឡុន និង អាលម៉ា អំពីអំណាចរបស់ព្រះអង្គសង្គ្រោះក្នុងការដោះលែងអ្នក ?
-
សូមជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយ ដែលបង្ហាញជាអក្សរដិតនៅក្នុងកថាខណ្ឌពីមុន ហើយសរសេរប្រយោគពីរបីអំពីរបៀបដែលអ្នកអាចអនុវត្តគោលការណ៍នោះនៅក្នុងជីវិតអ្នក ។
-
សូមអាន អាលម៉ា 38:9 ហើយរកមើលអ្វីដែលអាលម៉ាចង់ឲ្យស៊ីបឡុនរៀន ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាមួយនៅក្នុងខនេះ ដែលអ្នកមានអារម្មណ៍ថាវាសង្ខេបនូវអ្វីដែលអាលម៉ាចង់ឲ្យកូនប្រុសលោកបានយល់ ។
សូមគិតពីពេលមួយដែលអំណាចរបស់ព្រះអង្គសង្គ្រោះបានដោះលែងអ្នកចេញពីការលំបាក បញ្ហា ឬ ភាពមិនសក្ដិសមរបស់អ្នក ។ តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីស្វែងរកការដោះលែងនោះ ? តើអ្នកមានការលំបាក ឬ អំពើបាបនៅក្នុងជីវិតរបស់អ្នកឥឡូវនេះទេ ? តើអ្នកអាចងាកទៅរកព្រះអង្គសង្គ្រោះដើម្បីបានការដោះលែងដោយរបៀបណា ?
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីវាសំខាន់សម្រាប់អ្នក ដើម្បីដឹងថា មាន « ផ្លូវ ឬ មធ្យោបាយ » តែមួយគត់ដែលអ្នកអាចបានសង្គ្រោះ គឺតាមរយៈព្រះអង្គសង្គ្រោះ ? ( សូមមើល អាលម៉ា 38:9 ) ។
អាលម៉ា 38:10–15
អាលម៉ាទូន្មានស៊ីបឡុនឲ្យបន្តអភិវឌ្ឍលក្ខណៈសុចរិត
សូមគិតពីគ្រូ ឬ អ្នកដឹកនាំសាសនាចក្រម្នាក់ ដែលមានឥទ្ធិពលវិជ្ជមានលើជីវិតអ្នក ។ សូមគិតពីលក្ខណៈសម្បត្តិទាំងឡាយដែលបុគ្គលនោះមានដែលអ្នកកោតសរសើរ ។
ដូចដែលមានកត់ត្រានៅក្នុង អាលម៉ា 38:10–15 អាលម៉ាបានលើកទឹកចិត្តដល់ស៊ីបឡុនឲ្យបន្តអភិវឌ្ឍលក្ខណៈសម្បត្តិទាំងឡាយ ដែលនឹងជួយគាត់ពេលដែលគាត់បន្តបង្រៀនដំណឹងល្អ និង បម្រើអ្នកដទៃទៀត ។ ដំបូន្មានដែលអាលម៉ាបានផ្ដល់ដល់ស៊ីបឡុន អាចអនុវត្តបានចំពោះមនុស្សគ្រប់គ្នា ដែលចង់ជះឥទ្ធិពលល្អដល់អ្នកដទៃទៀត តាមរយៈការបម្រើ ការបង្រៀន និង តាមរបៀបផ្សេងៗទៀត ។ សូមសិក្សា អាលម៉ា 38:10–15 ហើយរកមើលដំបូន្មានណាក៏ដោយដែលអ្នកមានអារម្មណ៍ថា អាចជាប្រយោជន៍យ៉ាងពិសេសសម្រាប់អ្នក ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
-
ខាងក្រោមនេះគឺជាសេចក្ដីណែនាំការសិក្សា ដើម្បីជួយអ្នកយល់កាន់តែច្បាស់ និង អនុវត្តដំបូន្មានរបស់អាលម៉ាដែលបានផ្ដល់ដល់ស៊ីបឡុនកូនប្រុសលោក ( សូមមើល អាលម៉ា 38:10–15 ) ។ សូមជ្រើសរើសចេញពីកូឡោនខាងឆ្វេង នូវដំបូន្មានរបស់អាលម៉ាពីរ ឬ បីផ្នែក ដែលអ្នកមានអារម្មណ៍ថា នឹងមានតម្លៃបំផុតចំពោះអ្នក ។ សូមបញ្ចប់នូវសកម្មភាពសម្រាប់រៀនសូត្រដែលទាក់ទង នៅក្នុងកូឡោនខាងស្ដាំ ។ សូមសរសេរការឆ្លើយតបរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
អាលម៉ា 38:10–12 សេចក្ដីណែនាំការសិក្សា
ដំបូន្មានរបស់អាលម៉ា
សកម្មភាពសម្រាប់រៀនសូត្រ
« មានការព្យាយាម ហើយចេះទប់ចិត្តក្នុងគ្រប់ការណ៍ទាំងអស់ » ( អាលម៉ា 38:10 ) ។
មនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាម ដាក់នូវការប្រឹងប្រែងដ៏ខ្ជាប់ខ្ជួន និង ស្វាហាប់ក្នុងសកម្មភាពទាំងឡាយក្នុងជីវិតគេ ។ មនុស្សម្នាក់ដែលចេះទប់ចិត្ត ប្រើប្រាស់នូវការចេះប្រមាណនៅក្នុងគ្រប់ការណ៍ទាំងអស់ ហើយអនុវត្តនូវការចេះគ្រប់គ្រប់ខ្លួនឯង ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលលក្ខណៈសម្បត្តិទាំងពីរនេះ ជាតម្រូវការក្នុងការបម្រើអ្នកដទៃទៀត ។ សូមសរសេរ ថាតើអ្នកអាចមានភាពឧស្សាហ៍ព្យាយាម ឬ មានការចេះទប់ចិត្តកាន់តែច្រើនជាងមុនដោយរបៀបណា នៅក្នុងចំណុចមួយ ឬ ច្រើននៃជីវិតអ្នក ហើយថាតើការធ្វើដូច្នោះអាចជួយអ្នកឲ្យបម្រើអ្នកដទៃទៀតដោយប្រសិទ្ធភាពដោយរបៀបណាដែរ ។
« ប្រយ័ត្នកុំលើកខ្លួនឡើងទៅជាឆ្មើងឆ្មៃ មែនហើយចូរឲ្យឃើញថា កូនមិនអួតអាង » ( អាលម៉ា 38:11 ) ។
ពាក្យឆ្មើងឆ្មៃ នៅក្នុងព្រះគម្ពីរ គឺពេលដែលមនុស្សម្នាក់ដាក់សេចក្ដីទុកចិត្តលើខ្លួនឯង ជាងលើព្រះ ។ វាក៏មានន័យថា មនុស្សម្នាក់គិតថា ខ្លួនគាត់អស្ចារ្យជាងអ្នកដទៃ ។ អ្វីដែលផ្ទុយទៅនឹងភាពឆ្មើងឆ្មៃដ៏មិនសុចរិតនេះគឺ ភាពរាបទាប ។ ពួកអ្នកដែលបន្ទាបខ្លួន ព្យាយាមគិតពីអ្នកដទៃទៀតក្នុងរបៀបដូចគ្នាដែលពួកគេគិតពីខ្លួនគេផ្ទាល់ ហើយពួកគេស្រឡាញ់ព្រះ និង ទុកទ្រង់ជាទីមួយក្នុងជីវិតគេ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលអាចកើតឡើង ប្រសិនបើសមាជិកសាសនាចក្រម្នាក់ឆ្មើងឆ្មៃ ហើយអួតអាងក្នុងការហៅបម្រើរបស់គាត់ ។ សូមគិតពីការហៅបម្រីរបស់អ្នកក្នុងសាសនាចក្រ ឬ ឱកាសផ្សេងទៀតដែលអ្នកមានដើម្បីបម្រើ ។ សូមសរសេររបៀបមួយ ឬ ពីរ ដែលអ្នកនឹងព្យាយាមដើម្បីបន្ទាបខ្លួន និង ចៀសវាងពីភាពឆ្មើងឆ្មៃ ឬ អួតអាង ពេលដែលអ្នកធ្វើការបម្រើ ។
« ចូរប្រើសេចក្ដីក្លាហាន ប៉ុន្តែកុំកោងកាច » ( អាលម៉ា 38:12 ) ។
ដើម្បីក្លាហាន គឺមានន័យថា មានទំនុកចិត្តថា ព្រះគង់នៅជាមួយយើង ហើយអាចជួយយើងឲ្យធ្វើកិច្ចការដោយពុំមានភ័យខ្លាចនៅក្នុងការងារបម្រើទ្រង់ ។ កោងកាច អាចមានន័យថា ដាក់ការជឿ ឬ អាកប្បកិរិយារបស់យើងបង្ខំអ្នកដទៃទៀត ដោយពុំមានការគិតគូរចំពោះសេចក្ដីត្រូវការ និង អារម្មណ៍របស់គេ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលអ្នកគិតថា ព្រះអម្ចាស់ចង់ឲ្យយើងក្លាហាន ។ សូមកត់ត្រាផងដែរនូវរបៀបជាក់លាក់មួយ ដែលអ្នកអាចអនុវត្តដំបូន្មាននេះ ដើម្បីប្រើភាពក្លាហាន ប៉ុន្តែពុំកោងកាច ពេលអ្នកព្យាយាមបម្រើអ្នកដទៃទៀត ។
« ទប់អស់ទាំងតណ្ហារបស់កូន » ( អាលម៉ា 38:12 ) ។
ទប់មានន័យថា ដឹកនាំ ឬ គ្រប់គ្រង ។ តណ្ហាគឺជាអារម្មណ៍ដ៏ខ្លាំងក្លាមួយ ។ សូមពិចារណាលើសំណួរតទៅនេះ ហើយកត់ត្រាចម្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីវាសំខាន់សម្រាប់យើង ដើម្បីទប់តណ្ហារបស់យើង—និយាយម្យ៉ាងទៀតគឺថា ដើម្បីដឹកនាំ និង គ្រប់គ្រប់អារម្មណ៍ដ៏ខ្លាំងក្លារបស់យើង ? តើអ្នកគិតថា ការទប់តណ្ហារបស់អ្នក អាចជួយអ្នកឲ្យបានពោរពេញដោយសេចក្ដីស្រឡាញ់យ៉ាងណាដែរ ? តើអ្នកនឹងធ្វើអ្វី ដើម្បីធ្វើតាមដំបូន្មានរបស់អាលម៉ា ក្នុងការទប់អស់ទាំងតណ្ហារបស់អ្នក ?
« ទប់ខ្លួនកុំឲ្យធ្លាក់ក្នុងការខ្ជិលច្រអូស » ( អាលម៉ា 38:12 ) ។
សូមរកមើលពាក្យ « Idle, Idleness » នៅក្នុង Guide to the Scriptures ( scriptures.lds.org ) ឬ « Idleness, Idle, Idler » នៅក្នុង Topical Guide ដើម្បីរៀនបន្ថែមទៀតអំពីអត្ថន័យរបស់ការខ្ជិលច្រអូស ។ សូមជ្រើសរើសខពីរចេញពីខទាំងឡាយដែលមានរាយនៅខាងក្រោមប្រធានបទ ហើយសិក្សាខទាំងនោះ ។ សូមកត់ត្រានូវអ្វីដែលអ្នករៀនពីខទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសរសេរថាតើដំបូន្មានឲ្យទប់ខ្លួនកុំឲ្យធ្លាក់ទៅក្នុងការខ្ជិលច្រអូស នឹងជួយអ្នកឲ្យបម្រើអ្នកដទៃទៀតកាន់តែមានប្រសិទ្ធភាពយ៉ាងណាដែរ ។ នៅទីបញ្ចប់ សូមសរសេររបៀបជាក់លាក់មួយដែលអ្នកនឹងព្យាយាមដើម្បីទប់ខ្លួនកុំឲ្យធ្លាក់ទៅក្នុងភាពខ្ជិលច្រអូស ។
ដំបូន្មានរបស់អាលម៉ាទៅដល់ស៊ីបឡុន នៅក្នុង អាលម៉ា 38:10–15 បង្រៀននូវគោលការណ៍នេះ ៖ ការអភិវឌ្ឍនូវលក្ខណៈសម្បត្តិសុចរិត រៀបចំយើងឲ្យបង្រៀន និង បម្រើអ្នកដទៃទៀត ។ សូមពិចារណាថា តើការអភិវឌ្ឍនូវលក្ខណៈសម្បត្តិសុចរិត ដែលអ្នកបានអាននៅក្នុង អាលម៉ា 38 អាចផ្ដល់ពរជ័យដល់ជីវិតអ្នក និង ជីវិតនៃអ្នកដែលនៅជុំវិញអ្នកយ៉ាងណាដែរ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 38 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖