មេរៀនទី 4 ៖ ថ្ងៃទី 4
នីហ្វៃទី1 18–19
សេចក្តីផ្តើម
ដោយធ្វើតាមការដឹកនាំពីព្រះអម្ចាស់ នោះនីហ្វៃ និង គ្រួសាររបស់លោកបានបញ្ចប់ការសង់សំពៅ និង ចេញសំពៅទៅកាន់ដែនដីសន្យា ។ អំឡុងពេលធ្វើដំណើរដ៏ឆ្ងាយនេះ មានមនុស្សប៉ះបោរជាច្រើនដែលដឹកនាំដោយ លេមិន និង លេមយួល ។ ជាហេតុដែលធ្វើឲ្យលីអាហូណាឈប់ដំណើរការ ហើយមានព្យុះដ៏ធំមួយបានគំរាមគំហែងដល់ជីវិតពួកគេរាល់គ្នានៅលើសំពៅនោះ ។ បន្ទាប់ពីពួកអ្នកប៉ះបោរបានប្រែចិត្ត ហើយនីហ្វៃបានអធិស្ឋានដោយសេចក្តីជំនឿ នោះលីអាហូណាបានចាប់ផ្តើមដំណើរការឡើងវិញ ហើយព្រះអម្ចាស់បានធ្វើឲ្យព្យុះស្ងប់ទៅវិញ ហើយដឹកនាំការធ្វើដំណើររបស់ពួកគេម្តងទៀត ។ បន្ទាប់ពីមកដល់ដែនដីសន្យា នោះនីហ្វៃទូន្មានគ្រួសាររបស់លោកឲ្យនឹកចាំពីព្រះអង្គសង្គ្រោះ និង ប្រៀបប្រដូចខ្លួនពួកគេទៅនឹងបទគម្ពីរ ។ នៅពេលអ្នកសិក្សានីហ្វៃទី1 18–19 សូមប្រដូចបទពិសោធន៍របស់នីហ្វៃដែលបានប្រឈមមុខនឹងការសាកល្បងទាំងឡាយទៅនឹងឧបសគ្គទាំងឡាយនៃការសាកល្បងដែលអ្នកប្រឈមមុខ ។ សូមព្យយាមធ្វើតាមគំរូរបស់នីហ្វៃ ។
នីហ្វៃទី 1 18: 1–8
គ្រួសាររបស់លីហៃរៀបចំចេញសំពៅទៅកាន់ដែនដីសន្យា
តើហេតុអ្វីបានជាវាសំខាន់ដើម្បីធ្វើការដោយឧស្សាហ៍ព្យាយាម និង ស្វែងរកការណែនាំពីព្រះអម្ចាស់ ? តើនីហ្វៃបានបង្ហាញគុណសម្បត្តិទាំងពីរនេះនៅពេលសង់សំពៅដោយរបៀបណា ? សូមអាន នីហ្វៃទី1 18:1–8 ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមធ្វើបញ្ជីពាក្យ និង ឃ្លាទាំងឡាយពី នីហ្វៃទី1 18:1–8 ដែលពិពណ៌នាអំពីកិច្ចប្រឹងប្រែងដែលនីហ្វៃ និង គ្រួសាររបស់គាត់បានធ្វើ ។ បន្ទាប់មក សូមរកមើលពាក្យ និង ឃ្លាទាំងឡាយដែលបង្ហាញពីរបៀបដែលព្រះអម្ចាស់បានដឹកនាំ និង បានជួយដល់ពួកគេ ។ តើអ្នកឃើញទំនាក់ទំនងបែបណាដែររវាងកិច្ចខិតខំរបស់នីហ្វៃ និង ជំនួយដែលលោកបានទទួលពីព្រះអម្ចាស់ ?
បទពិសោធន៍របស់នីហ្វៃបានបង្ហាញយើងថា ដើម្បីសម្រេចនូវអ្វីៗដែលព្រះអម្ចាស់ចេញបញ្ជា យើងត្រូវតែស្វែងរកជំនួយរបស់ទ្រង់ និង បញ្ចេញការប្រឹងប្រែងដោយខ្លួនយើងផ្ទាល់ ។
-
សូមគិតដល់ស្ថានភាពមួយរបស់អ្នកនៅពេលនេះដែលអ្នកត្រូវការជំនួយពីព្រះអម្ចាស់ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកនូវអ្វីដែលអ្នកអាចធ្វើដើម្បីស្វែងរកការដឹកនាំពីព្រះអម្ចាស់ និង កិច្ចប្រឹងប្រែងអ្វីខ្លះដែលអ្នកអាចធ្វើ ។
នីហ្វៃទី1 18:8–25
លេមិន និង លេមយួលបាននាំឲ្យមានការប៉ះបោរនៅលើសំពៅដែលរារាំងការធ្វើដំណើរទៅកាន់ដែនដីសន្យា
នៅពេលយើងទទួលការសាកល្បង ឬ មានទុក្ខលំបាកនៅក្នុងជីវិត ជាធម្មតាយើងឆ្ងល់ថា តើហេតុអ្វីយើងជួបនឹងការលំបាកបែបនេះទៅវិញ ។ ប្រហែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់បានសួរថា « តើហេតុអ្វី ? » អំឡុងពេលពិបាកមួយ ។
អែលឌើរ អិល. វិតនី ក្លេតុន នៃគណៈប្រធាននៃពួកចិតសិបនាក់បានបង្ហាញប្រភពបីយ៉ាងសម្រាប់ផលលំបាកដែលយើងជួប ។ នៅពេលអ្នកអាន សូមគូសបន្ទាប់ពីក្រោមប្រភពទាំងឡាយដែលលោកពិពណ៌នា ។
« នៅក្នុងទស្សនទូទៅមួយ បន្ទុករបស់យើងកើតឡើងពីប្រភពបីយ៉ាង ។ បន្ទុកមួយចំនួនគឺជាការកើតឡើងពីធម្មជាតិ ពីស្ថានភាពទាំងឡាយនៃពិភពលោកដែលយើងរស់នៅ ។ ជម្ងឺ ពិការភាព ខ្យល់ព្យុះ និង រញ្ជួយផែនដី កើតឡើងពីសម័យមួយទៅសម័យមួយដែលមិនមែនជាកំហុសរបស់យើងនោះទេ ។ …
« បន្ទុកដទៃទៀតត្រូវបានជម្រុញឲ្យកើតឡើងមកលើយើងដោយសារតែការប្រព្រឹត្តមិនត្រឹមត្រូវរបស់អ្នកដទៃ ។ ការរំលោភបំពាន និង ការញៀនទាំងឡាយអាចធ្វើឲ្យគេហដ្ឋានក្លាយជាទីកន្លែងមួយដែលមិនមែនជាឋានសួគ៌នៅលើផែនដីនេះសម្រាប់សមាជិកគ្រួសារដែលស្លូតត្រង់ ។ អំពើបាប ប្រពៃណីមិនត្រឹមត្រូវ ការគាបសង្កត់ និង បទឧក្រិដ្ឋ រីករាលដាលលើជនរងគ្រោះដែលមានបន្ទុកធ្ងន់ក្នុងដំណើរជីវិតរស់នៅ ។ ទោះបីជា ការប្រព្រឹត្តខុសទាំងអស់នេះមិនជាធ្ងន់ធ្ងរក៏ដោយដូចជា ការនិយាយដើមគេ ភាពកាចសាហាវអាចបណ្តាលឲ្យមនុស្សស្លូតត្រង់ដទៃទៀតទទួលរងទុក្ខដែរ ។
« កំហុស និងចំណុចខ្វះខាតរបស់យើងផ្ទាល់ បង្កើតឲ្យយើងមានបញ្ហាជាច្រើន និង អាចដាក់បន្ទុកដ៏ធ្ងន់ទៅលើស្មារបស់យើងផ្ទាល់ ។ បន្ទុកដ៏ស្មុគស្មាញបំផុត [ ការពិបាក ] ដែលយើងដាក់លើខ្លួនយើងផ្ទាល់គឺជាបន្ទុកនៃអំពើបាប ។ យើងទាំងអស់គ្នាបានស្គាល់ភាពសោកស្តាយ និង ការឈឺចាប់ដែលមានមកដោយមិនអាចចៀសរួចដោយសារតែការខកខានមិនបានកាន់តាមព្រះបញ្ញាត្តិ » ( “That Your Burdens May Be Light,” Ensign ឬ លីអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 12–13 ) ។
បន្ទាប់ពីនីហ្វៃ និង គ្រួសាររបស់លោកបានចាប់ផ្តើមចេញសំពៅទៅកាន់ដែនដីសន្យា នោះពួកគេបានមានបទពិសោធន៍ទុក្ខលំបាកជាច្រើន ។ នៅពេលអ្នកសិក្សា នីហ្វៃទី1 18 សូមរកមើលទុក្ខលំបាកមួយនៃទុក្ខលំបាកទាំងឡាយដែលអែលឌើរ ក្លេតុន បានពិភាក្សា ។ សូមអាន នីហ្វៃទី1 18:9–11 ហើយសូមរកមើលពីគំរូទាំងឡាយមកពីការជ្រើសរើសខុសដែលត្រូវបានប្រព្រឹត្តិដោយមនុស្សទាំងឡាយនៅលើសំពៅ ។
បើទោះជាវាមិនខុសក៏ដោយចំពោះការរាំលេង ស្តាប់តន្ត្រី ឬ ការមានពេលសប្បាយ នីហ្វៃទី1 18:9 បង្ហាញថា ពួកគេបានធ្វើនូវរឿងទាំងអស់នេះ « ដោយពាក្យទ្រគោះជាច្រើន » ។ ពាក្យទ្រគោះមានន័យថា មិនពិរោះស្តាប់ គ្រោតគ្រាត ឬ គំរោះគំរើយ ។ សាតាំងអាចប្រើការរាំរែក តន្ត្រី ឬ របៀបដែលយើងនិយាយ ដើម្បីបង្ខូចដល់ដួចចិត្ត និង គំនិតរបស់យើង ដែលធ្វើឲ្យយើងបាត់បង់ភាពជាដៃគូជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ។
យោងទៅតាមនីហ្វៃទី1 18:10 តើនីហ្វៃបានភ័យខ្លាចថា នឹងមានអ្វីកើតឡើងបើសិនអ្នកទាំងឡាយដែលកំពុងប៉ះបោរនោះមិនបានប្រែចិត្ត ? .
តើនីហ្វៃបានធ្វើអ្វីជាមួយនឹងការប៉ះបោរនេះ ? តើអ្នកនឹងឆ្លើយតបបែបណាបើសិនឪពុក ឬ ម្តាយ ឬ អ្នកដឹកនាំសាសនាចក្របានសុំឲ្យអ្នកផ្លាស់ប្តូរតន្ត្រីដែលអ្នកស្តាប់ របៀបដែលយើងរាំ ឬ ចៀសវាងពីការប្រើភាសាស្មោគគ្រោក ? តើអ្នកនឹងមានឆន្ទៈដើម្បីស្តាប់តាម ហើយផ្លាស់ប្តូរដែរឬទេ ?
សូមអាននីហ្វៃទី1 18:12–14, 17–19 ហើយសូមរកមើលផលវិបាកទាំងឡាយនៃការប៉ះបោររបស់ពួកគេ ។ តើនីហ្វៃ និង សមាជិកគ្រួសារដទៃទៀតទទួលរងទុក្ខវេទនាដោយសារតែទង្វើរបស់អ្នកដទៃដោយរបៀបណា ? សូមកត់សម្គាល់នូវរបៀបដែលសកម្មភាពប៉ះបោររបស់មនុស្សមួយចំនួនមានឥទ្ធិពលដល់សមត្ថភាពនៃក្រុមទាំងមូលដើម្បីទទួលបាននូវការដឹកនាំពីព្រះ ។
សកម្មភាពនៃអ្នកទាំងឡាយណាដែលបានប៉ះបោរ បង្ហាញដល់យើងថា អំពើបាបនាំទៅរកការរងទុក្ខដល់ខ្លួនយើងផ្ទាល់ ហើយជួនកាលដល់អ្នកដទៃផងដែរ ។
-
ការល្បួងសាមញ្ញៗមួយចំនួន ដែលក្មេងជំទង់ជួបប្រទះនាពេលបច្ចុប្បន្ននេះមានរួម ទាំងការមិនគោរពឪពុកម្តាយ និង ពួកអ្នកដឹកនាំ ការលួចចម្លងឯកសារក្នុងសាលា ការនិយាយដើមគេ ការស្លៀកពាក់មិនសមរម្យ ការបំពានច្បាប់ព្រហ្មចារីយភាព ការបំពានច្បាប់សុខភាព ( បារី ស្រា និង ឱសថញៀនគ្រប់ប្រភេទ ) និង ការមើលរូបអាសអាភាស ។ សូមជ្រើសរើសការល្បួងពីរ ឬ ច្រើនជាងនេះ ហើយសូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកអំពីរបៀប ដែលការល្បួងនិមួយៗអាចមានឥទ្ធិពលលើគ្រួសារ និង មិត្តភក្តិរបស់នរណាម្នាក់ដែលចុះចាញ់នឹងការល្បួង ។
សេចក្តីនៅសល់ផ្សេងទៀតនៃ នីហ្វៃទី1 18បង្រៀនយើងពីរបៀបដើម្បីឆ្លើយតបនៅពេលការលំបាកមកដល់ ថាតើការលំបាកទាំងនោះមកពីការជ្រើសរើសធ្វើខុស ឬ មិនមែនមកពីកំហុសរបស់យើង ។ សូមអាននីហ្វៃទី1 18:15–16, 20–23 ហើយគូសចំណាំឃ្លាទាំងឡាយដែលបង្រៀននូវអ្វីមួយដែលត្រូវធ្វើនៅក្នុងស្ថានភាពមួយណាក៏បាន ។
មានគោលលទ្ធិ និង គោលការណ៍មួយចំនួនដែលត្រូវបានបង្ហាញនៅក្នុងខគម្ពីរទាំងនេះ ។ នៅបន្ទាប់ពីប្រយោគនិមួយៗខាងក្រោម សូមសរសេរលេខខគម្ពីរមួយ ឬ លេខខគម្ពីរទាំងឡាយមកពីនីហ្វៃទី1 18:15–16, 20–23 ដែលអ្នកទទួលអារម្មណ៍ថា បង្ហាញនូវគំរូមួយពីសេចក្តីពិតនោះ ៖
-
យើងអាចមើលទៅកាន់ព្រះ ហើយបន្តមានភាពស្មោះត្រង់អំឡុងការសាកល្បងរបស់យើង ។
-
ការអធិស្ឋានអាចជួយយើងឲ្យរកឃើញភាពសុខសាន្តអំឡុងការសាកល្បងរបស់យើង ។
-
សូមជ្រើសរើសខមួយនៃខគម្ពីរទាំងនោះដែលអ្នកប្រើនៅក្នុងលំហាត់ពីមុនដែលមានន័យជាពិសេសចំពោះអ្នក ហើយពន្យល់អំពីមូលហេតុដែលអ្នកចូលចិត្តនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ។ រួមទាំងអ្វីដែលអ្នកបានរៀនពីខនោះ និង អ្វីដែលខគម្ពីរនោះបានបង្រៀនអ្នកអំពីការឆ្លើយតបទៅនឹងទុក្ខវេទនាទាំងឡាយ ។ បើសិនអ្នកបានឃើញគំរូមួយពីអ្វីដែលខនេះបង្រៀននៅក្នុងជីវិតរស់នៅផ្ទាល់ខ្លួនអ្នក ឬ របស់នរណាម្នាក់ផ្សេងទៀត សូមសរសេរនូវគំរូនោះផងដែរ ។
បើទោះជាមានការលំបាកទាំងឡាយដែលពួកគេបានជួបប្រទះក៏ដោយ នៅទីបញ្ចប់ នីហ្វៃ និង គ្រួសាររបស់គាត់បានទៅដល់ដែនដីសន្យា ។ នៅពេលអ្នកស្វែងរកការដឹកនាំពីព្រះអម្ចាស់ ហើយធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីធ្វើតាមការដឹកនាំនោះ នោះអ្នកអាចបញ្ចប់ការធ្វើដំណើរដោយជោគជ័យដែលព្រះអម្ចាស់បានបញ្ជូនអ្នកឲ្យមកកាន់ផែនដីនេះដើម្បីជាការសម្រេច ។
អែលឌើរ អិល. វិតនី ក្លេតុនបានផ្តល់នូវទីបន្ទាល់នេះ ៖
« មិនថាបន្ទុកដែលយើងបានប្រឈមមុខនៅក្នុងជីវិតនេះ ជាផលវិបាកមួយនៃស្ថានភាពធម្មជាតិ ការប្រព្រឹត្តិខុសរបស់អ្នកដទៃ ឬ កំហុស និងចំណុចខ្វះខាតផ្ទាល់ខ្លួនយើងនោះទេ យើងទាំងអស់គ្នាគឺជាកូនរបស់ព្រះវរបិតាសួគ៌ជាទីស្រលាញ់ដែលបានបញ្ចូនយើងឲ្យមកកាន់ផែនដីនេះ ដែលជាផ្នែកមួយនៃផែនការដ៏អស់កល្បជានិច្ចរបស់ទ្រង់ សម្រាប់ការលូតលាស់ និង ការរីកចម្រើនរបស់យើង ។ បទពិសោធន៍និមួយៗផ្ទាល់ខ្លួនរបស់យើង អាចជួយយើងរៀបចំខ្លួនត្រឡប់ទៅជួបទ្រង់វិញ ។ ទោះបីជាពិបាកដើម្បីទ្រាំ នោះសេចក្តីទំនាស់ និង សេចក្តីទុក្ខលំបាកដែលជាបទពិសោធន៍របស់យើង បន្តមាននៅ មកពីទស្សនៈវិស័យរបស់ឋានសួគ៌ក៏ដោយ ‹ គឺគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ ហើយខណៈនោះបើសិនជា [ យើង ] ស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើង [ យើង ] ឡើងនៅស្ថានខ្ពស់ › [គ. និង ស.121:7–8 ] ។ យើងត្រូវតែធ្វើនូវអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើ ដើម្បីទ្រាំទ្របន្ទុករបស់យើងឲ្យ ‹ស្រួល › ត្បិតទោះបីជា ‹គ្រាលំបាក › របស់យើងនៅជាប់បន្ទុកនោះនៅយូរអង្វែងក៏ដោយ ។ …
« … ខ្ញុំដឹងថា នៅពេលយើងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ និង គោរពសេចក្តីសញ្ញាទាំងឡាយរបស់យើង នោះទ្រង់ជួយដល់បន្ទុកទាំងឡាយរបស់យើង ។ ទ្រង់ពង្រឹងយើង ។ នៅពេលយើងប្រែចិត្ត ទ្រង់អភ័យទោសដល់យើង ហើយប្រទានពរនៃសេចក្តីសុខសាន្តខាងសតិអារម្មណ៍ និង សេចក្តីអំណរដល់យើង » ( “That Your Burdens May Be Light,” ទំព័រ 13–14 ) ។
នីហ្វៃទី1 19
នីហ្វៃបានកត់ត្រាទុកការព្យាករណ៍ទាំងឡាយដែលទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទដើម្បីបញ្ចុះបញ្ចូលយើងឲ្យនឹកចាំដល់ទ្រង់
បន្ទាប់ពីការមកដល់ដែនដីសន្យា នីហ្វៃបានព្យាករអំពីការយាងមកនៃព្រះអង្គសង្គ្រោះ និង អំពីរបៀបដែលរាស្ត្ររបស់ទ្រង់នឹងទទួលទ្រង់ ។ សូមអាននីហ្វៃទី 1 19:8–10 ហើយសូមរកមើលនូវឃ្លាទាំងឡាយដែលបង្រៀនអំពីនិស្ស័យ និង លក្ខណៈនៃព្រះយេស៊ូវគ្រីស្ទ ។
-
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកនូវរបៀបអ្វីដែលអ្នកបានរៀននៅក្នុងនីហ្វៃទី1 19:8–10 បង្កើនសេចក្តីស្រលាញ់របស់អ្នកចំពោះព្រះអង្គសង្គ្រោះ ។
បញ្ចប់មេរៀននៅថ្ងៃនេះ ដោយការអាននីហ្វៃទី1 19:18–19, 23 ហើយគូសបន្ទាត់ពីក្រោមអ្វីដែលនីហ្វៃបានមានបំណងបញ្ចុះបញ្ចូលប្រជាជនរបស់គាត់ និង អស់អ្នកទាំងឡាយណាដែលអានព្រះគម្ពីរមរមនឲ្យធ្វើតាម ។សូមរកមើលឱកាសមួយនៅថ្ងៃនេះដើម្បីចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងមិត្តភក្តិ ឬ សមាជិកគ្រួសារម្នាក់ ឬ ថ្លែងទីបន្ទាល់ររបស់អ្នកអំពីការរៀបចំសាសនាចក្រ ។ ដោយការធ្វើដូច្នេះ នោះអ្នកអាចជួយពួកគេឲ្យចងចាំ និង ជឿលើព្រះអង្គប្រោសលោះរបស់ពួកគេ ។
-
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកនូវវិធីទាំងឡាយដែលអ្នកអាចធ្វើតាមគំរូរបស់នីហ្វៃនៅក្នុងជីវិតរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី1 18–19 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖