មេរៀនទី 30 ៖ ថ្ងៃទី 1
អេធើរ 4–5
សេចក្តីផ្ដើម
ព្រះអម្ចាស់បានបញ្ជាមរ៉ូណៃឲ្យសរសេរ ហើយបន្ទាប់មកឲ្យបិទបញ្ជីរបស់លោក អំពីការនិមិត្តរបស់បងរបស់យ៉ារេឌ ។ មរ៉ូណៃបានពន្យល់ថា ការសរសេរទាំងនេះនឹងត្រូវបានបើកសម្ដែង ពេលដែលមនុស្សមានសេចក្ដីជំនឿច្រើនដូចជាបងរបស់យ៉ារេឌដែរ ។ ជាងនោះទៀត មរ៉ូណៃបានព្យាករថា មានសាក្សីបីនាក់នឹងថ្លែងទីបន្ទាល់ពីភាពពេញលេញនៃសេចក្ដីពិតរបស់ព្រះគម្ពីរមរមន នៅថ្ងៃចុងក្រោយ ។
អេធើរ 4:1–7
មរ៉ូណៃកត់ត្រា និង បិទទុកនូវដំណើររឿងពេញលេញនៃការនិមិត្តរបស់បងរបស់យ៉ារេឌ
សូមគិតអំពីវត្ថុមួយដែលមានតម្លៃជាពិសេសដល់អ្នក ឬ គ្រួសារអ្នក ដែលអ្នកអាចនឹងចង់រក្សាទុកឲ្យផុតពីដៃរបស់ក្មេងតូចៗ ។ តើកូនក្មេងម្នាក់ត្រូវរៀនពីអ្វី ឬ ត្រូវធ្វើអ្វី មុនពេលដែលអ្នកទុកចិត្តគេឲ្យប៉ះវត្ថុនោះ ?
ស្រដៀងគ្នានេះដែរ ព្រះអម្ចាស់មាននូវសេចក្ដីពិតដ៏មានតម្លៃទាំងឡាយ ដែលទ្រង់ចង់ចែកចាយជាមួយយើង ប៉ុន្តែទ្រង់រង់ចាំរហូតដល់យើងរៀបចំរួចរាល់នឹងទទួលវា ។ ពេលអ្នកសិក្សា អេធើរ 4 សូមរកមើលអ្វីដែលមរ៉ូណៃបានបង្រៀន ដែលអាចជួយអ្នកឲ្យរៀបចំក្នុងការទទួលនូវសេចក្ដីពិត និង ការដឹកនាំដែលកាន់តែធំធេងពីព្រះអម្ចាស់ ។
ដូចដែលអ្នកបានអាននៅក្នុង អេធើរ 3 ព្រះអម្ចាស់បានបង្ហាញដល់បងរបស់យ៉ារេឌនូវការនិមិត្តមួយ ពីបណ្ដាជនទាំងអស់នៅលើផែនដី—ពីអតីតកាល បច្ចុប្បន្ន និង អនាគត—និង ការណ៍ទាំងអស់ដែលទាក់ទងនឹងផែនដី ។ ពេលនោះ បងរបស់យ៉ារេឌត្រូវបានបញ្ជា ឲ្យសរសេរនូវអ្វីដែលលោកបានឃើញ និង ឲ្យបិទទុកនូវការសរសេររបស់លោក ។ សូមអាន អេធើរ 4:4–5 ហើយរកមើលការពិពណ៌នារបស់មរ៉ូណៃ អំពីអ្វីដែលបងរបស់យ៉ារេឌបានឃើញ ។ មរ៉ូណៃបានសរសេរអំពីអ្វីដែលបងរបស់យ៉ារេឌបានឃើញ ហើយដូចគ្នាដែរ ត្រូវបានបញ្ជាដោយព្រះអម្ចាស់ ឲ្យបិទនូវការនិមិត្តនោះទុក ដើម្បីឲ្យបានលេចមកនៅក្នុងពេលវេលារបស់ព្រះអម្ចាស់ ។ ការនិមិត្តដែលខទាំងនេះសំដៅដល់ គឺត្រូវបានបញ្ចូលទៅក្នុងអ្វី ដែលជាធម្មតាត្រូវបានហៅថា ផ្នែកដែលបិទទុករបស់ព្រះគម្ពីរមរមន ។
មរ៉ូណៃបានព្យាករពីលក្ខខណ្ឌទាំងឡាយដែលត្រូវមាន មុនពេលដែលវិវរណៈ ដែលបានប្រទានដល់បងរបស់យ៉ារេឌ នឹងត្រូវធ្វើឲ្យដឹង ។ អ្នកអាចនឹងចង់គូសចំណាំលក្ខខណ្ឌទាំងនេះ នៅក្នុង អេធើរ 4:6–7 ។
-
ដើម្បីជួយអ្នកឲ្យសញ្ជឹងគិតថា វាមានន័យយ៉ាងណាក្នុងការ « អនុវត្តសេចក្ដីជំនឿជឿដល់ [ ព្រះអម្ចាស់ ] … គឺដូចដែលបងរបស់យ៉ារេឌបានធ្វើ » ( អេធើរ 4:7 ) នោះសូមរំឭក អេធើរ 1–3 ហើយរាយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវរបៀបទាំងឡាយដែលបងរបស់យ៉ារេឌបានបង្ហាញពីសេចក្ដីជំនឿ និង ការទុកចិត្តលើព្រះអម្ចាស់ ។ សូមជ្រើសរើស និង ពិពណ៌នាពីគំរូមួយចេញពីគំរូទាំងនេះ ដែលធ្វើឲ្យអ្នកស្ងើចសរសើរបំផុត ហើយពន្យល់ពីមូលហេតុផងដែរ ។
ដូចជាអ្នកនឹងទុកចិត្តកូនក្មេងម្នាក់ជាមួយនឹងវត្ថុដ៏មានតម្លៃមួយ លុះត្រាតែមានលក្ខខណ្ឌជាក់លាក់ នោះព្រះអម្ចាស់ចែកចាយនូវសេចក្ដីពិតបន្ថែមទៀតជាមួយកូនចៅរបស់ទ្រង់ លុះត្រាតែយើងបង្ហាញពីការរៀបចំខាងវិញ្ញាណរបស់យើង ជឿលើសេចក្ដីពិតពីមុនៗ ដែលទ្រង់បានបើកសម្ដែងរួចមកហើយ និង អនុវត្តសេចក្ដីជំនឿលើទ្រង់ ។
អេធើរ 4:8–19
មរ៉ូណៃបង្រៀនពីអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលបានវិវរណៈបន្ថែមទៀត
ក្រឡេកមើលទៅបង្អួចដែលមានវាំងននបាំង នៅក្នុងបន្ទប់ដែលអ្នកនៅ ។ សូមគិតថា តើបង្អួចដែលមានវាំងនន បាំងអ្វីដែលអ្នកអាចមើលឃើញយ៉ាងដូចម្ដេចដែរ ។
មរ៉ូណៃបានប្រើប្រាស់និមិត្តរូបនៃវាំងនន ដែលស្រដៀងគ្នាទៅនឹងបង្អួចដែលមានវាំងននបាំងដែរ ដើម្បីបង្រៀនពីគោលការណ៍ទាំងឡាយ ដែលជះឥទ្ធិពលលើរបៀបដែលយើងម្នាក់ៗអាចទទួលវិវរណៈ ។ សូមអាន អេធើរ 4:15 ហើយរកមើលឃ្លាដែលមានពាក្យវាំងនន ។ កត់ចំណាំថា មរ៉ូណៃបានប្រៀបធៀបការឥតជំនឿទៅនឹងវាំងននមួយ ។ តើនៅក្នុងរបៀបណាខ្លះ ដែលការឥតជំនឿប្រៀបដូចទៅនឹងវាំងននមួយ ?
វាអាចជាប្រយោជន៍ក្នុងការយល់ថា ពាក្យហែក នៅក្នុង អេធើរ 4:15 គឺមានន័យថា ធ្វើឲ្យរហែក ។ សូមស្រម៉ៃថា វានឹងទៅជាយ៉ាងណា ប្រសិនបើអ្នកអាចហែកវាំងននដែលខណ្ឌចែករវាងអ្នក និង ការចេះដឹងពីព្រះអម្ចាស់ចេញនោះ ។
មរ៉ូណៃបានពិពណ៌នាការណ៍ទាំងនោះ ដែលជួយ « ហែកវាំងនននៃការឥតជំនឿ » និង ដែលអនុញ្ញាតឲ្យយើងទទួលបានវិវរណៈបន្ថែមទៀត ។ លោកបានចាប់ផ្ដើមដោយការព្រមានពីអាកប្បកិរិយាមួយ ដែលរារាំងយើងពីការទទួលបានវិវរណៈបន្ថែមទៀត ។ សូមអាន អេធើរ 4:8 ហើយគូសចំណាំអ្វីដែលនឹងបណ្ដាលឲ្យព្រះអម្ចាស់ទប់វិវរណៈទុក និង « ពុំបង្ហាញអ្វីដែលធំជាងនេះ » ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ក្នុងការ « តតាំងទាស់នឹងព្រះបន្ទូលនៃព្រះអម្ចាស់ » ? ( អេធើរ 4:8 ) ។
-
តើមនុស្សវ័យក្មេងម្នាក់នៅសព្វថ្ងៃនេះអាច « តតាំងទាស់នឹងព្រះបន្ទូលនៃព្រះអម្ចាស់ » តាមរបៀបណាខ្លះ ?
-
មរ៉ូណៃបានបញ្ចូលព្រះបន្ទូលរបស់ព្រះអម្ចាស់ផ្ទាល់ ដើម្បីពិពណ៌នាពីរបៀបក្នុងការទទួលវិវរណៈបន្ថែមទៀតពីទ្រង់ ។ សូមពិនិត្យមើល អេធើរ 4:11, 13–15 ហើយគូសចំណាំឃ្លាទាំងឡាយ ដែលបង្រៀនពី អ្វីដែលយើងត្រូវតែធ្វើ ដើម្បីអញ្ជើញវិវរណៈរបស់ព្រះអម្ចាស់ និង របៀបដែលទ្រង់នឹងឆ្លើយតប ប្រសិនបើយើងធ្វើការណ៍ទាំងនេះ ។
តើគោលការណ៍ទាក់ទងនឹងវិវរណៈ និង របៀបដើម្បីអញ្ជើញវិវរណៈឲ្យចូលក្នុងជីវិតអ្នកអ្វីខ្លះ ដែលអ្នករៀនចេញពីខទាំងនេះ ? អ្នកអាចនឹងចង់សរសេរគោលការណ៍មួយ ដែលអ្នករៀនចេញពីខទាំងនេះ នៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរ អេធើរ 4:11 ។
គោលការណ៍សំខាន់មួយ ដែលយើងអាចរៀនចេញពីដំបូន្មានរបស់ព្រះអម្ចាស់គឺ ពេលយើងអនុវត្តសេចក្ដីជំនឿដ៏ធំធេងទៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរដល់យើងជាមួយនឹងវិវរណៈបន្ថែមទៀត ទៅតាមពេលវេលារបស់ទ្រង់ផ្ទាល់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់ពីមូលហេតុដែលអ្នកគិតថា អ្នកត្រូវបង្ហាញសេចក្ដីជំនឿទៅលើព្រះបន្ទូលរបស់ព្រះ ដែលអ្នកបានទទួលរួចមកហើយនោះជាមុនសិន មុនពេលដែលព្រះអម្ចាស់នឹងបើកសម្ដែងបន្ថែមទៀតដល់អ្នក ។ បន្ទាប់មកវាយតម្លៃខ្លួនអ្នកនៅលើក្រិតមួយពីលេខ 1 ដល់លេខ 10 ( លេខ 10 គឺ « មានប្រសិទ្ធភាពបំផុត » ) ថាតើអ្នកមានអារម្មណ៍ល្អប៉ុណ្ណា ចំពោះការអនុវត្តន៍សេចក្ដីជំនឿលើព្រះអម្ចាស់ ដោយការស្វែងរក និង ធ្វើតាមព្រះបន្ទូលរបស់ទ្រង់ នៅក្នុងចំណុចនីមួយៗខាងក្រោមនេះ ៖
-
ការអធិស្ឋានប្រចាំថ្ងៃ
-
ការធ្វើតាមការបំផុស ដែលអ្នកទទួលបាន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ
-
ការគាំទ្រ និង ធ្វើតាមពួកអ្នកដឹកនាំនៅក្នុងសាខា វួដ មណ្ឌល ឬ ស្តេករបស់អ្នក
-
ការសិក្សាព្រះបន្ទូលនៃព្រះនៅក្នុងព្រះវិហារ ឬ ថ្នាក់សិក្ខាសាលា
-
ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
-
ការធ្វើតាមពាក្យសម្ដីរបស់ពួកព្យាការី និង ការរស់នៅតាមបទបញ្ញត្តិ
-
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នា ថាតើការគោរពប្រតិបត្តិដល់ព្រះ នៅក្នុងចំណុចមួយនៃចំណុចទាំងឡាយដែលបានលើកឡើងខាងលើ បានជួយអ្នកឲ្យទទួលវិវរណៈបន្ថែមទៀតពីព្រះ យ៉ាងដូចម្ដេចដែរ ។
សូមសញ្ជឹងគិត ថាតើអ្នកអាចបញ្ចូលគោលការណ៍នៃការអនុវត្តសេចក្ដីជំនឿលើព្រះបន្ទូលនៃព្រះអម្ចាស់ ទៅក្នុងការប្រឹងប្រែងរបស់អ្នកដើម្បីអញ្ជើញវិវរណៈ និង ការដឹកនាំបន្ថែមពីព្រះអម្ចាស់ យ៉ាងដូចម្ដេចដែរ ។
អេធើរ 5
មរ៉ូណៃប្រកាសថា មានសាក្សីបីនាក់នឹងឃើញ ហើយថ្លែងទីបន្ទាល់ពីផ្ទាំងទាំងឡាយ
សូមអាន អេធើរ 5:1–3 ។ តើមរ៉ូណៃបានសរសេរអ្វី នៅក្នុងខទាំងនេះ ដែលនិយាយដល់ ព្យាការី យ៉ូសែប ស្ម៊ីធ—ជាអ្នកដែលនឹងបកប្រែបញ្ជីនៅលើផ្ទាំងទាំងឡាយ នៅថ្ងៃមួយនោះ ? សូមស្រម៉ៃថា វាយ៉ាងម៉េចដែរ ពេល យ៉ូសែប ស្ម៊ីធ ជួបខទាំងនេះពេលលោកកំពុងបកប្រែព្រះគម្ពីរមរមន ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះមកពី ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ ហើយរកមើលឃ្លាមួយដែលធ្វើឲ្យអ្នកស្ងើចសរសើរ អំពីទីបន្ទាល់នៃពួកសាក្សីបីនាក់ ៖ « ពួកសាក្សីបីនាក់ ពុំដែលបដិសេធទីបន្ទាល់របស់ពួកលោកអំពីព្រះគម្ពីរមរមនឡើយ ។ ពួកលោកពុំអាចបដិសេធទេ ព្រោះពួកលោកបានដឹងថាវាពិត ។ ពួកលោកបានធ្វើការលះបង់ និង បានប្រឈមនឹងការលំបាក លើសពីអ្វី ដែលមនុស្សភាគច្រើនបានដឹង ។ អូលីវើរ ខៅឌើរី បានផ្ដល់នូវទីបន្ទាល់ដដែល អំពីលក្ខណៈដើមដ៏ទេវភាពនៃព្រះគម្ពីរមរមន ពេលលោកហៀបនឹងស្លាប់ទៅ ។ … ពួកលោកបានបន្តអះអាងពីអ្វីដែលពួកលោកបានឃើញ និង បានឮនៅក្នុងបទពិសោធន៍ដ៏អស្ចារ្យនោះ នៅអំឡុងពេលនៃការឃ្លាតឆ្ងាយពីសាសនាចក្រ និង យ៉ូសែប ក្នុងរយៈពេលយ៉ាងយូរមកនោះ ដែលធ្វើឲ្យទីបន្ទាល់របស់ពួកលោកកាន់តែពោរពេញដោយអំណាច » ( “An Enduring Testimony of the Mission of the Prophet Joseph” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2003 ទំព័រ 90 ) ។
យោងតាម អេធើរ 5:2–3 តើអ្វីដែល ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវបានផ្ដល់ឯកសិទ្ធិឲ្យធ្វើជាមួយនឹងផ្ទាំងទាំងឡាយ ?
-
ក៏ដូចជាបុរសបីនាក់ ដែលត្រូវបានផ្ដល់ឯកសិទ្ធិឲ្យធ្វើទីបន្ទាល់ពីភាពពិតនៃផ្ទាំងមាសដែរ អ្នកក៏អាចជាសាក្សីម្នាក់ចំពោះសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមនផងដែរ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រារបៀបពីរបី ដែលអ្នកអាចធ្វើជាសាក្សីម្នាក់អំពីព្រះគម្ពីរមរមន ។ បន្ថែមពីលើនោះ សូមសរសេរ ថាតើទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន អាចជះឥទ្ធិពលដល់មនុស្សផ្សេងទៀតយ៉ាងណាដែរ ។
អធិស្ឋានស្វែងរកឱកាសនានា ដើម្បីចែកចាយទីបន្ទាល់របស់អ្នក អំពីព្រះគម្ពីរមរមន ជាមួយនរណាម្នាក់នៅក្នុងសប្ដាហ៍នេះ ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អេធើរ 4–5 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖