សេចក្ដីណែនាំមកកាន់គម្ពីរអាលម៉ា
ហេតុអ្វីសិក្សាគម្ពីរនេះ ?
តាមរយៈការសិក្សាគម្ពីរអាលម៉ា នោះអ្នកនឹងរៀនអំពីព្រះយេស៊ូវគ្រីស្ទ និង ភាពចាំបាច់នៃដង្វាយធួន និង ការរស់ឡើងវិញរបស់ទ្រង់ នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។ អ្នកនឹងរៀនផងដែរ អំពីព្រះចេស្តានៃព្រះបន្ទូលរបស់ព្រះ ក្នុងការយកឈ្នះលើឧបាយកលផ្នែកសង្ឃ គោលលិទ្ធិក្លែងក្លាយ អំពើបាប ការស្អប់ និង ការក្បត់សាសនា ខណៈដែលព្រះបន្ទូលទាំងនោះដឹកនាំបុគ្គលម្នាក់ៗឲ្យទទួលបាននូវការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្ត ហើយកើតម្ដងទៀត ។ អ្នកនឹងត្រូវបានស្អាងឡើង ពេលអ្នកអានអំពីកិច្ចប្រឹងប្រែងផ្នែកផ្សព្វផ្សាយសាសនារបស់បុត្រាទាំងឡាយនៃម៉ូសាយ និង ការប្រែចិត្តជឿ និង ភាពស្មោះត្រង់របស់ប្រជាជនអាំម៉ូន ឬ ប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ ដែលកើតក្រោយពីនោះមក ។ ជាងនោះទៅទៀត ពេលអ្នកសិក្សាក្នុងជំពូកទាំងឡាយ ដែលរៀបរ៉ាប់អំពីចម្បាំងក្នុងចំណោមពួកសាសន៍នីហ្វៃ និង សាសន៍លេមិន នោះអ្នកអាចរៀនពីគោលការណ៍ទាំងឡាយ ដែលនឹងដឹកនាំអ្នកក្នុងគ្រាច្របូកច្របល់ទាំងឡាយដែលអ្នករស់នៅ ហើយនិងជួយអ្នកមានជ័យជំនះក្នុងសង្គ្រាមផ្ទាល់ខ្លួនរបស់អ្នក ក្នុងការទប់ទល់នឹងមារសត្រូវ ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរមនបានចងក្រង និង សង្ខេបបញ្ជីប្រវត្តិទាំងឡាយចេញពីផ្ទាំងធំនៃនីហ្វៃ ដើម្បីបង្កើតជាគម្ពីរអាលម៉ា ។ គម្ពីរនេះត្រូវបានដាក់ឈ្មោះថា អាលម៉ា ដែលជាកូនប្រុសរបស់អាលម៉ា ហើយជាញឹកញាប់ត្រូវបានហៅថា អាលម៉ាជាកូន ។ ក្នុងពេលនោះ ស្ដេចម៉ូសាយបង្កើតរាជនៃពួកចៅក្រមទាំងឡាយនៅក្នុងចំណោមពួកសាសន៍នីហ្វៃ អាលម៉ាបានក្លាយជាមេចៅក្រមទីមួយ ហើយក៏បានធ្វើជាសង្ឃជាន់ខ្ពស់គ្រប់គ្រងលើសាសនាចក្រ បន្ទាប់ពីឪពុកលោកផងដែរ ( សូមមើល ម៉ូសាយ 29:42 ) ។ នៅទីបំផុត លោកបានលាចាកពីតំណែងរបស់លោកជាមេចៅក្រម ដើម្បីឧទ្ទិសខ្លួនលោក « ទាំងស្រុងទៅលើតំណែងនៃសង្ឃជាន់ខ្ពស់ » និង « ប្រកាសប្រាប់ព្រះបន្ទូលនៃព្រះដល់ប្រជាជន » ទូទាំងដែនដីទាំងអស់របស់សាសន៍នីហ្វៃ ( អាលម៉ា 4:20; 5:1 ) ។ មរមនបានប្រើបញ្ជីប្រវត្តិទាំងឡាយនៃការបម្រើរបស់អាលម៉ា ( អាលម៉ា 1–44 ) និង ការសរសេរនៃកូនប្រុសរបស់លោក គឺ ហេលេមិន ( អាលម៉ា 45–62) និង ស៊ិបឡុន ( អាលម៉ា 63 ) ដើម្បីចងក្រងគម្ពីរអាលម៉ា ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
បញ្ជីប្រវត្តិដើមដែលត្រូវបានយកមកប្រើប្រាស់ជាប្រភពសម្រាប់គម្ពីរអាលម៉ា ទំនងជាត្រូវបានសរសេររវាងឆ្នាំ 91 ម.គ.ស. និង ឆ្នាំ 52 ម.គ.ស. ។ មរមនបានសង្ខេបបញ្ជីប្រវត្តិទាំងនោះនៅចន្លោះឆ្នាំ 45 គ.ស. និង 385 គ.ស. ។ មរមនពុំបានកត់ត្រាពីទីកន្លែងដែលលោកនៅនោះទេ ពេលលោកធ្វើការសង្ខេបនេះ ។