មេរៀនទី 32 ៖ ថ្ងៃទី 3
មរ៉ូណៃ 10:1–7, 27–29
សេចក្តីផ្ដើម
មរ៉ូណៃ បានទូន្មានពួកសាសន៍លេមិន និង អ្នកទាំងអស់ផ្សេងទៀត ដែលនឹងអានទីបន្ទាល់របស់លោក ឲ្យរៀនដោយខ្លួនគេផ្ទាល់នូវសេចក្ដីពិតនៃពាក្យសម្ដីរបស់លោក ដោយរយៈការសួរដល់ព្រះ ។ លោកបានបង្រៀនថា ទីបន្ទាល់អំពីព្រះគម្ពីរមរមន និង ព្រះយេស៊ូវគ្រីស្ទ នឹងបានមកដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ។ មរ៉ូណៃ បានប្រកាសយ៉ាងមោះមុតថា លោកនឹងជួបអ្នកអានរបស់លោកនៅពីមុខវេទិកាជំនុំជម្រះរបស់ព្រះ ជាកន្លែងដែលព្រះនឹងបញ្ជាក់ពីសេចក្ដីពិតនៃពាក្យសម្ដីរបស់លោក ។
មរ៉ូណៃ 10:1–7
មរ៉ូណៃ ទូន្មានយើងឲ្យទទួលបាននូវទីបន្ទាល់អំពីព្រះគម្ពីរមរមន និង អំពីព្រះយេស៊ូវគ្រីស្ទ
សូមរំឭកមេរៀនពីដំបូងៗអំពីព្រះគម្ពីរមរមន ដែលនៅក្នុងមេរៀនទី 1 នៃសៀវភៅណែនាំនេះ ។ តើអ្នកអាចនៅចាំអំពីគោលបំណងនៃសិលាគន្លឹះ ដែលនៅក្នុងថែវទ្វារឬទេ ហើយតើសិលាគន្លឹះនោះ ទាក់ទងទៅនឹងព្រះគម្ពីរមរមនដោយរបៀបណា ? សូមបើកទៅបុព្វកថាព្រះគម្ពីរមរមន ( មាននៅខាងដើមនៃព្រះគម្ពីរ ) ហើយអានសេចក្ដីថ្លែងមកពីព្យាការី យ៉ូសែប ស៊្មីធ នៅក្នុងកថាខណ្ឌទីប្រាំមួយ ។
ព្យាការី យ៉ូសែប ស៊្មីធ បានពិពណ៌នាអំពីព្រះគម្ពីរមរមនថាជា « មូលដ្ឋានគ្រឹះ » នៃសាសនាយើង មានន័យថា ទីបន្ទាល់របស់យើងអំពីព្រះគម្ពីរមរមន លើកឡើង និង ពង្រឹងទីបន្ទាល់របស់យើងអំពីសេចក្ដីពិតទាំងអស់នៃដំណឹងល្អដែលបានស្ដារឡើងវិញ ។ សូមអានកថាខណ្ឌចុងក្រោយនៃបុព្វកថាព្រះគម្ពីរមរមន ហើយរកមើលសេចក្ដីពិតដែលថា មនុស្សម្នាក់អាចបានដឹង ដោយសារការទទួលបាននូវទីបន្ទាល់មួយ អំពីព្រះគម្ពីរមរមន ។ គឺដូចជាសិលាគ្រឹះមួយដែលទប់ថែវទ្វារដែរ តើទីបន្ទាល់របស់អ្នកត្រូវបានទប់ និង ពង្រឹងដោយព្រះគម្ពីរមរមនយ៉ាងណាដែរ ?
ប្រហែល 1,400 ឆ្នាំ មុន យ៉ូសែប ស៊្មីធ បានទទួលផ្ទាំងមាស ដែលមរ៉ូណៃបានបញ្ចប់បញ្ជីរបស់ឪពុកលោក ដោយសរសេរនូវការទូន្មានចុងក្រោយរបស់លោក ទៅដល់ពួកអ្នកដែលនឹងទទួលព្រះគម្ពីរមរមននៅក្នុងថ្ងៃចុងក្រោយ ( សូមមើល មរ៉ូណៃ 10:1–2 ) ។ ពាក្យ ទូន្មាន មានន័យថា លើកទឹកចិត្តដល់នរណាម្នាក់យ៉ាងខ្លាំង ។ មរ៉ូណៃ បានប្រើពាក្យនេះប្រាំបីដង នៅក្នុងជំពូកចុងក្រោយនៃព្រះគម្ពីរមរមន ។ លោកបានទូន្មានដល់អស់អ្នកដែលទទួលព្រះគម្ពីរមរមន ឲ្យស្វែងរកទីបន្ទាល់អំពីសេចក្ដីពិត និង ទេវភាពរបស់វា ។
សូមអាន មរ៉ូណៃ 10:3–4 ហើយរកមើលការណ៍ទាំងឡាយដែលមរ៉ូណៃបានមានប្រសាសន៍ថា យើងគប្បីធ្វើ ដើម្បីទទួលបាននូវទីបន្ទាល់អំពីព្រះគម្ពីរមរមន ។ អ្នកអាចនឹងចង់គូសចំណាំការណ៍ទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ សូមសិក្សាព័ត៌មានខាងក្រោមនេះ អំពីការណ៍នីមួយៗដែល មរ៉ូណៃ បានមានប្រសាសន៍ថា យើងគប្បីធ្វើ ៖
« អានការណ៍ទាំងនេះ »
ជំហានទីមួយនៅក្នុងការទទួលបាននូវទីបន្ទាល់ថា ព្រះគម្ពីរមរមនពិត គឺត្រូវអានវា ។ អែលឌើរ ថាត អរ. ខាលីស្ទើរ នៃគណៈប្រធាននៃពួកចិតសិបនាក់ បានចែកចាយពីរបៀបដែលយុវនារីម្នាក់ បានទទួលផលពីការអានព្រះគម្ពីរមរមនទាំងមូល ៖
« ក្មេងស្រីអាយុ 14 ឆ្នាំ ម្នាក់ … បាននិយាយថា នាងបានពិភាក្សាអំពីសាសនាជាមួយមិត្តម្នាក់របស់នាងនៅសាលា ។ មិត្តរបស់នាងបាននិយាយថា ‹ តើឯងនៅសាសនាណា ?›
« នាងតបថា ‹ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬ មរមន › ។
« មិត្តនាងតបថា ‹ ខ្ញុំស្គាល់សាសនាចក្រនោះ ហើយខ្ញុំដឹងថា វាមិនពិតទេ › ។
« ‹ តើឯងដឹងដោយរបៀបណា ? › នាងសួរតប ។
« មិត្តនាងនិយាយថា ‹ ពីព្រោះខ្ញុំបានស្រាវជ្រាវវា › ។
« ‹តើឯងបានអានព្រះគម្ពីរមរមនទេ ? ›
« ‹ ទេ › នាងបានឆ្លើយមកវិញ ។ ‹ ខ្ញុំមិនបានអានទេ ›។
« បន្ទាប់មក យុវនារីគួរស្រឡាញ់នេះ បានឆ្លើយតបថា ‹ ដូចនេះ ឯងមិនបានស្រាវជ្រាវពីសាសនាចក្ររបស់ខ្ញុំទេ ព្រោះខ្ញុំបានអានគ្រប់ទំព័ររបស់ព្រះគម្ពីរមរមន ហើយខ្ញុំដឹងថា វាពិត › » ( “The Book of Mormon—a Book from God” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 76 ) ។
តើអ្នកគិតថា ហេតុអ្វីការអានព្រះគម្ពីរមរមន គឺចាំបាច់ នៅក្នុងការទទួលបាននូវទីបន្ទាល់អំពីសេចក្ដីពិតដ៏ពេញលេញរបស់វា ?
« នឹកចាំថាតើព្រះអម្ចាស់មានសេចក្ដីមេត្តាកុរណាយ៉ាងណា »
ជំហានបន្ទាប់ទៀតនៅក្នុងដំណើរការនេះគឺ « នឹកចាំថាតើព្រះអម្ចាស់មានសេចក្ដីមេត្តាកុរណាយ៉ាងណា » ។ ការនឹកចាំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតយើង អាចបន្ទន់ចិត្តយើង និង រៀបចំយើងឲ្យទទួលព្រះវិញ្ញាណបរិសុទ្ធ ។ សូមសញ្ជឹងគិតពីពេលវេលាទាំងឡាយ ដែលអ្នកមានអារម្មណ៍អំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតអ្នក ។
នៅដើមដំបូងនៃព្រះគម្ពីរមរមន នីហ្វៃបានប្រកាសថា តាមរយៈការសរសេររបស់លោក លោកនឹងបង្ហាញយើងពីគំរូនានានៃសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី1 1:20 ) ។ នៅចុងបញ្ចប់នៃព្រះគម្ពីរមរមន មរ៉ូណៃ បានសុំយើងឲ្យនឹកចាំអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ដែលមានចំពោះយើង ( សូមមើល មរ៉ូណៃ 10:3 ) ។ អ្នកអាចនឹងចង់សរសេរសេចក្ដីយោងបទគម្ពីរ នីហ្វៃទី1 1:20 នៅក្បែរ មរ៉ូណៃ 10:3 ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើមានភស្ដុតាងអ្វីខ្លះ អំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ដែលអ្នកបានឃើញនៅក្នុងជីវិតអ្នក ?
-
តើអ្នកគិតថា ការនឹកឃើញពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ជួយមនុស្សម្នាក់ឲ្យទទួលទីបន្ទាល់អំពីព្រះគម្ពីរមរមនយ៉ាងដូចម្ដេចដែរ ?
-
ការនឹកចាំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ដែលមានចំពោះអ្នកផ្សេងទៀត និង ចំពោះខ្លួនយើង អាចរៀបចំយើងឲ្យសញ្ជឹងគិតអំពីសារដំណឹងរបស់ព្រះគម្ពីរមរមនចំពោះយើង ។
« រំពឹងគិតនៅក្នុងចិត្តអ្នកចុះ »
ជំហានបន្ទាប់ទៀតដែលមរ៉ូណៃបានបង្រៀនគឺ « រំពឹងគិតនៅក្នុងចិត្តអ្នកចុះ » ។ អែលឌើរ ម៉ាវីន ជេ. អាស្តុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីរបៀបដែលការសញ្ជឹងគិត អាចជួយយើងឲ្យទទួលព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតយើង ៖
« ពេលខ្ញុំសិក្សាព្រះគម្ពីរ ខ្ញុំត្រូវបានជំរុញ និង រំជួលចិត្តដោយពាក្យសញ្ជឹងគិត ដែលប្រើយ៉ាងញឹកញាប់នៅក្នុងព្រះគម្ពីរមរមន ។ វចនានុក្រមពន្យល់ថា ពាក្យសញ្ជឹងគិត/រំពឹងគិត មានន័យថា ថ្លឹងថ្លែងខាងគំនិត គិតយ៉ាងជ្រៅ គិតដោយផ្ចិតផ្ចង់ ភាវនា ។ … មរ៉ូណៃបានប្រើពាក្យនេះ ពេលលោកបិទបញ្ជីរបស់លោក [ សូមមើល មរ៉ូណៃ 10:3 ] ។
« ដោយការសញ្ជឹងគិត ឬ រំពឹងគិត នោះយើងផ្ដល់ឱកាសដល់ព្រះវិញ្ញាណឲ្យបង្ហាញ និង ណែនាំយើង ។ ការសញ្ជឹងគិត ឬ រំពឹងគិត គឺជាទំនាក់ទំនងដ៏មានឥទ្ធិពលមួយរវាងដួងចិត្ត និង គំនិត ។ ពេលយើងអានព្រះគម្ពីរ ដួងចិត្ត និង គំនិតរបស់យើងត្រូវបានធ្វើឲ្យរំជួល ។ បើយើងប្រើប្រាស់អំណោយទាននៃការសញ្ជឹងគិត ឬ រំពឹងគិតនេះ នោះយើងអាចទទួលយកសេចក្ដីពិតដ៏អស់កល្បទាំងនេះ ហើយដឹងថាយើងអាចបញ្ចូលវាទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងតាមរបៀប ណា ។ …
« ការសញ្ជឹងគិត ឬ រំពឹងគិត គឺជាការតាមរកខាងគំនិតមួយដែលជឿនទៅមុខ ។ វាគឺជាអំណោយទានដ៏មហិមាមួយដល់ពួកអ្នកដែលរៀនដើម្បីប្រើវា ។ យើងរកឃើញការយល់ដឹង ការយល់ដឹងជ្រាលជ្រៅ និង ការអនុវត្តន៍ដែលអាចធ្វើបាន ប្រសិនបើយើងនឹងប្រើអំណោយទាននៃការសញ្ជឹងគិត ឬ រំពឹងគិត » ( “There Are Many Gifts” Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 20 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរមួយ ឬ ទាំងពីរខាងក្រោមនេះ ៖
-
តើការសញ្ជឹងគិត ឬ រំពឹងគិត ពេលអ្នកសិក្សាព្រះគម្ពីរមរមន បានជួយអ្នកឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធយ៉ាងណាដែរ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីសញ្ជឹងគិត ឬ រំពឹងគិត ឲ្យបានកាន់តែខ្ជាប់ខ្ជួន និង កាន់តែមានប្រសិទ្ធភាព ពេលអ្នកសិក្សាព្រះគម្ពីរ ?
-
« សួរដោយចិត្តស្មោះស គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ »
ពេលមនុស្ស « សួរដោយចិត្តស្មោះស គឺដោយស្មោះអស់ពីចិត្ត » វាមានន័យថា ពួកគេ « ចង់ធ្វើទៅតាមចម្លើយដែលពួកគេបានទទួលមកពីព្រះ » ( ប្រកាសដំណឹងល្អរបស់យើង [ 2004 ] ទំព័រ 113 ) ។
បុរសម្នាក់ឈ្មោះ រ៉ូដុលហ្វូ អាម៉ានដូ ពេរ៉េ បូនីលឡា បានរៀនអំពីសារៈសំខាន់នៃការអធិស្ឋានដោយស្មោះអស់ពីចិត្ត ។ គាត់បានទទួលបុណ្យជ្រមុជទឹកនៅអាយុប្រាំបួនឆ្នាំ ប៉ុន្តែគ្រួសារគាត់មិនបានសកម្មនៅក្នុងសាសនាចក្រទេ ។ ពេលគាត់ក្លាយជាយុវជនម្នាក់ គាត់បានចាប់ផ្ដើមគិតអំពីដំណឹងល្អ ហើយបានមានបទពិសោធន៍ដូចតទៅនេះ ៖
« យូរៗម្តង ខ្ញុំបានអធិស្ឋានដើម្បីដឹងពីអ្វីដែលត្រូវ ប៉ុន្តែភាគច្រើនវាជាគំនិតសើរៗ ជាជាងសំណួរដ៏ស្មោះស ។ ក្រោយមក មានយប់មួយខ្ញុំបានសម្រេចចិត្តអធិស្ឋានដោយ ‹ ស្មោះអស់ពីចិត្ត › ។
« ខ្ញុំបានទូលព្រះវរបិតាថា ខ្ញុំចង់ស្គាល់ទ្រង់ ហើយចង់ក្លាយជាផ្នែកមួយនៃសាសនាចក្ររបស់ទ្រង់ ។ ខ្ញុំបានសន្យាថា ៖ ‹ បើទ្រង់នឹងប្រទានឲ្យខ្ញុំបានដឹងថា យ៉ូសែប ស៊្មីធ ជាព្យាការីពិត ហើយថាព្រះគម្ពីរមរមនពិត នោះខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដែលទ្រង់នឹងឲ្យខ្ញុំធ្វើ ។ បើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយពិត នោះខ្ញុំនឹងធ្វើតាមសាសនាចក្រ ហើយនឹងមិនដែលបោះបង់សាសនាចក្រនេះឡើយ › ។
« ខ្ញុំពុំមានការបើកសម្ដែងដ៏អស្ចារ្យនោះទេ ប៉ុន្តែខ្ញុំបានទទួលអារម្មណ៍សន្តិភាព ហើយបានចូលទៅគេង ។ ប៉ុន្មានម៉ោងក្រោយមក ខ្ញុំបានភ្ញាក់ឡើងជាមួយនឹងគំនិតដ៏ច្បាស់លាស់ថា ៖ ‹ យ៉ូសែប ស្ម៊ីធ ជាព្យាការីដ៏ពិត ហើយព្រះគម្ពីរមរមនពិត › ។ គំនិតនោះបានមានឡើងដោយភាពសុខសាន្ដមួយ ដែលពុំអាចពិពណ៌នាបាន ។ ខ្ញុំបានគេងលក់ម្តងទៀត ហើយក្រោកឡើងនៅពេលក្រោយ ដោយមានគំនិត និង អារម្មណ៍ដដែលដូចមុនដែរ ។
« ចាប់តាំងពីពេលនោះមក ខ្ញុំពុំដែលសង្ស័យថា យ៉ូសែប ស្ម៊ីធ ជាព្យាការីពិត ឬ មិនពិតទៀតឡើយ ។ ខ្ញុំដឹងថា នេះជាកិច្ចការរបស់ព្រះអង្គសង្គ្រោះ ហើយថា ព្រះវរបិតានឹងឆ្លើយតបការស្នើសុំដ៏ស្មោះរបស់យើង » ( “How I Know” Ensign ខែ តុលា ឆ្នាំ 2011 ទំព័រ 64 ) ។
-
សូមគិតថា តើអ្នកចង់មានទីបន្ទាល់រឹងមាំខ្លាំងយ៉ាងណា អំពីសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។ ចូរសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវការណ៍មួយចំនួនដែលអ្នកបានធ្វើរួចមកហើយ ដើម្បីទទួលបានទីបន្ទាល់អំពីព្រះគម្ពីរមរមន ។ បន្ទាប់មក សរសេរអ្វីដែលអ្នកអាចធ្វើ ដើម្បីទទួលបានទីបន្ទាល់ដែលកាន់តែរឹងមាំថែមទៀត អំពីព្រះគម្ពីរមរមន ។
សូមស្រាវជ្រាវ មរ៉ូណៃ 10:4 ហើយរកមើលអ្វីដែលមរ៉ូណៃបានថ្លែងទីបន្ទាល់ថា ព្រះនឹងធ្វើសម្រាប់ពួកអ្នកដែលធ្វើតាមដំណើរការនៃការអាន ការនឹកចាំ ការសញ្ជឹងគិត ឬ រំពឹងគិត និង ការសួរនេះ ។ អ្នកអាចនឹងចង់គូសចំណាំការសន្យានេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ ( មរ៉ូណៃ 10:4–5 ជាវគ្គចំណេះចំណានខគម្ពីរមួយ ) ។
សូមអាន មរ៉ូណៃ 10:5–7 ហើយរកមើលអ្វីផ្សេងទៀតដែលមរ៉ូណៃបានសន្យាថា យើងអាចដឹង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
គោលការណ៍មួយដែលយើងអាចរៀន ចេញមកពី មរ៉ូណៃ 10:3–7 គឺ ៖ បើយើងស្វែងរកដោយសេចក្ដីជំនឿ នោះយើងអាចទទួលបាននូវទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន និង អំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរខទាំងនេះ ។
-
សូមធ្វើដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមកត់ត្រាថា ការអាន ការនឹកចាំ ការសញ្ជឹងគិត ឬ រំពឹងគិត និង ការអធិស្ឋាននៅឆ្នាំនេះ បានពង្រឹងទីបន្ទាល់របស់អ្នកយ៉ាងណា អំពីព្រះគម្ពីរមរមន និង សេចក្ដីពិតទាំងឡាយដែលព្រះគម្ពីរនេះបង្រៀន ឬ ថាវាបានជួយអ្នកឲ្យទទួលបានទីបន្ទាល់អំពីព្រះគម្ពីរនេះរបៀបណា ។
-
សូមគិតអំពីពេលដែលអ្នកបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលថ្លែងទីបន្ទាល់ដល់អ្នកអំពីសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ឬ សេចក្ដីពិតនៃដំណឹងល្អផ្សេងទៀត ។ វាសំខាន់ដើម្បីចងចាំថា វិវរណៈច្រើនបំផុត ពុំបានមកនៅក្នុងរបៀបដ៏អស្ចារ្យនោះទេ ។ មនុស្សភាគច្រើននឹងទទួលអារម្មណ៍បំផុសគំនិតដ៏ស្ងប់ស្ងាត់ និងល្អិតល្អន់មកពីព្រះវិញ្ញាណបរិសុទ្ធ ដូចជាអារម្មណ៍កក់ក្ដៅ សន្ដិភាព ឬ ការធានាអះអាងអំពីសេចក្ដីពិត ។ ព្រះវិញ្ញាណ ក៏អាចនឹងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អមួយបន្ទាត់ម្ដងៗផងដែរ ដោយជួយយើងរៀនពីសេចក្ដីពិតជាបន្តបន្ទាប់មួយរយៈកាលមក ។ សូមសរសេរអំពីគ្រាមួយ ពេលដែលអ្នកបានទទួលអារម្មណ៍នៃការបញ្ជាក់សាក្សីពីព្រះវិញ្ញាណបរិសុទ្ធ ។
-
មរ៉ូណៃ 10:27–29
មរ៉ូណៃ បានថ្លែងទីបន្ទាល់ថា លោកនឹងជួបពួកយើងនៅឯវេទិកាជំនុំជម្រះរបស់ព្រះ
សូមអាន មរ៉ូណៃ 10:27–29 ហើយពិចារណាថា ខទាំងនេះបង្រៀនអំពីគោលការណ៍តទៅនេះយ៉ាងដូចម្ដេច ៖ ពួកអ្នកដែលបានទទួលព្រះគម្ពីរមរមន នឹងទទួលខុសត្រូវចំពោះព្រះ សម្រាប់ការឆ្លើយតបរបស់ពួកគេចំពោះព្រះគម្ពីរនេះ ។ សូមស្រម៉ៃថា អ្នកមានឱកាសដើម្បីជួបនឹង មរ៉ូណៃ នៅឯវេទិកាជំនុំជម្រះរបស់ព្រះ ។ ចូរសញ្ជឹងគិតអំពីអ្វីដែលអ្នកនឹងនិយាយទៅកាន់លោក អំពីព្រះគម្ពីរមរមន និង ថាវាជះឥទ្ធិពលចំពោះជីវិតអ្នកយ៉ាងណាខ្លះ ។
រូបភាពរូបសញ្ញាចំណេះចំណានខគម្ពីរ ចំណេះចំណានខគម្ពីរ—មរ៉ូណៃ 10:4–5
ការទន្ទេញ មរ៉ូណៃ 10:4–5 អាចជាជំនួយដ៏ធំមួយដល់អ្នក នៅក្នុងការចែកចាយសារដំណឹងនៃព្រះគម្ពីរមរមនជាមួយអ្នកផ្សេងទៀត ។ សូមពិចារណាធ្វើការចំណាយពេលខ្លះៗឥឡូវនេះ ដើម្បីទន្ទិញវាមួយពាក្យៗ ។ របៀបមួយក្នុងការធ្វើវា គឺអានវគ្គបទគម្ពីរឲ្យឮៗជាច្រើនដង ។ បន្ទាប់មកសរសេរវាមួយពាក្យៗចំនួនបីដង នៅលើក្រដាសមួយសន្លឹក ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ ពេលអ្នកបញ្ចប់វាហើយ សូមមើលថា បើអ្នកអាចសូត្រខទាំងនេះដោយការចងចាំបានឬទេ ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរ៉ូណៃ 10:1–7, 27–29 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖