មេរៀនទី 21 ៖ ថ្ងៃទី 2
អាលម៉ា 50–52; 54–55
សេចក្តីផ្ដើម
មេទ័ពមរ៉ូណៃបន្តជួយប្រជាជនលោកឲ្យការពារខ្លួនគេ ដោយការពង្រឹងទីក្រុងទាំងឡាយរបស់ពួកគេឲ្យរឹងមាំ ។ ពួកសាសន៍នីហ្វៃមានភាពជោគជ័យក្នុងការទប់ទល់នឹងពួកសាសន៍លេមិន រហូតទាល់តែការបះបោរ និង ភាពទុច្ចរិតបានចាប់ផ្ដើមធ្វើឲ្យពួកគេចុះទន់ខ្សោយ ។ ថ្វីបើមរ៉ូណៃមានការប្រឹងប្រែង ដើម្បីឲ្យមានការរួបរួម និង ការការពារប្រជាជនក៏ដោយ ក៏ពួកសាសន៍នីហ្វៃបានបាត់បង់ទីក្រុងជាច្រើន ដោយសារតែការទាស់ទែងក្នុងចំណោមពួកគេផ្ទាល់ដែរ ។ នៅទីបំផុត មរ៉ូណៃ ទីអានគុម និង លីហៃ បានគ្រប់គ្រងទីក្រុងមូលេកម្ដងទៀត ហើយបានយកឈ្នះពលទ័ពដ៏ធំមួយរបស់ពួកលេមិន ។ អាំម៉ូរ៉ុន ជាអ្នកដឹកនាំទុច្ចរិតនៃពួកសាសន៍លេមិន បានព្យាយាមធ្វើការចរចារក្នុងការដោះដូរឈ្លើយ ប៉ុន្តែមរ៉ូណៃបានដោះលែងពួកឈ្លើយសាសន៍នីហ្វៃដោយពុំមានការបង្ហូរឈាម ។ មរ៉ូណៃបានឈរយ៉ាងរឹងមាំ ហើយពុំបានសម្រុះសម្រួលជាមួយនឹងអាំម៉ូរ៉ុន និង អ្នកដើរតាមគាត់នោះទេ ។
អាលម៉ា 50–51
ពួកសាសន៍នីហ្វៃត្រូវបានពង្រឹង និង ចម្រើនឡើង ពេលដែលពួកគេគោរពប្រតិបត្តិដល់ព្រះអម្ចាស់ និង មានការសាមគ្គីក្នុងចំណោមពួកគេផ្ទាល់ ។
សូមគិតពីពេលមួយនៅក្នុងជីវិតអ្នក ពេលដែលអ្នកមានការលំបាកក្នុងការយកឈ្នះឧបសគ្គមួយ ដូចជាការល្បួង បញ្ហាសុខភាព បញ្ហានៅសាលា ឬ បញ្ហាក្នុងទំនាក់ទំនងជាមួយមិត្តភក្ដិ ឬ សមាជិកគ្រួសារ ។ តើអ្នកប៉ងប្រាថ្នាថា អ្នកមានកម្លាំងខាងវិញ្ញាណរឹងមាំជាងនៅពេលនោះឬទេ ?
ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយបានមានប្រសាសន៍ថា ៖ « ពេលដែលកម្លាំង [ នៃអំពើបាប ] នៅជុំវិញយើងមានកម្លាំងកើនឡើង នោះកម្លាំងខាងវិញ្ញាណអ្វីក៏ដោយដែលធ្លាប់មានគ្រប់គ្រាន់ នោះគឺមិនគ្រប់គ្រាន់ទេ ។ ទោះជាមានការលូតលាស់ខាងវិញ្ញាណ ដែលជួនកាលយើងគិតថាវាគ្រប់គ្រាន់ក៏ដោយ ក៏ការលូតលាស់បន្ថែមទៀតនៅតែអាចកើតមានចំពោះយើងដែរ ។ សេចក្ដីត្រូវការ ទាំងកម្លាំងខាងវិញ្ញាណ និង ឱកាសខាងវិញ្ញាណ ដើម្បីទទួលបាននូវការលូតលាស់ដែលធំធេងជាងនោះ នឹងកើនឡើងដល់កម្រិតដែលយើងប៉ាន់ប្រមាណមិនដល់ » ( “Always” Ensign ខែ តុលា ឆ្នាំ 1999 ទំព័រ 9 ) ។
ការរៀបចំរបស់ពួកសាសន៍នីហ្វៃ ដែលពួកគេបានរៀបចំសម្រាប់ចម្បាំងរបស់ពួកគេ អាចជួយយើងរៀនពីសេចក្តីពិតនេះ ៖ ប្រសិនបើយើងរៀបចំខ្លួនយើងខាងវិញ្ញាណ នោះយើងអាចយកឈ្នះនូវឧបសគ្គទាំងឡាយក្នុងជីវិត ។
សូមរំឭកឡើងវិញ អាលម៉ា 50:1–6 ។ តើពួកសាសន៍នីហ្វៃបានធ្វើអ្វីដើម្បីពង្រឹងបន្ទាយការពារជុំវិញទីក្រុងទាំងឡាយរបស់ពួកគេ ? សូមអាន អាលម៉ា 50:7 ។ តើអ្វីផ្សេងទៀតដែលពួកសាសន៍នីហ្វៃបានធ្វើ ដើម្បីរៀបចំសម្រាប់ចម្បាំង ?
ពួកសាសន៍នីហ្វៃកសាងបន្ទាយការពារ ដែលផ្ដល់កម្លាំងដល់ពួកគេនៅក្នុងគ្រាមួយដ៏លំបាកក្រៃលែង ។ យើងអាចធ្វើតាមគំរូរបស់ពួកគេ ដោយការកសាងកម្លាំងខាងវិញ្ញាណរបស់យើងឥឡូវនេះ ដើម្បីយើងនឹងមានកម្លាំងដែលយើងត្រូវការនៅក្នុងគ្រាលំបាក ។ កម្លាំងខាងវិញ្ញាណត្រូវបានកសាងឡើងដោយមានប្រសិទ្ធភាពបំផុត ដោយការខិតខំប្រឹងប្រែងដ៏ខ្ជាប់ខ្ជួនរៀងរាល់ថ្ងៃ ។ យើងកាន់តែបានរឹងមាំខាងវិញ្ញាណ តាមរយៈកិច្ចការមួយចំនួនដូចជា ការសិក្សាព្រះគម្ពីរជាទៀងទាត់ ការអធិស្ឋាន ការចូលរួមការប្រជុំទាំងឡាយនៅព្រះវិហារ ការបំពេញនូវការហៅបម្រើរបស់យើង ការបង្ហាញនូវការដឹងគុណចំពោះព្រះ ការបម្រើអ្នកដទៃ និង ការស្ដាប់ដល់ដំបូន្មានរបស់អ្នកដឹកនាំសាសនាចក្ររបស់យើង ។
-
សូមបំពេញសេចក្ដីថ្លែងខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ខ្ញុំអាចកសាងកម្លាំងខាងវិញ្ញាណដោយ ( រាយនូវការណ៍មួយចំនួនដែលអ្នកអាចធ្វើ ) ។
-
ខ្ញុំនឹងធ្វើឲ្យកាន់តែខ្ជាប់ខ្ជួននូវ ( ជ្រើសរើសចំណុចមួយចេញពីបញ្ជីដែលអ្នកបានរាយ ) ជារៀងរាល់ថ្ងៃ ដើម្បីកសាងកម្លាំងខាងវិញ្ញាណរបស់ខ្ញុំ ។
-
សូមអាន អាលម៉ា 50:19–23 ហើយរកមើលពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកសាសន៍នីហ្វៃដែលស្មោះត្រង់ចំពោះទ្រង់ ថ្វីបើមានកាលៈទេសៈលំបាកយ៉ាងណាក៏ដោយក្នុងជំនាន់របស់ពួកគេនោះ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅជិតខទាំងឡាយ ៖ ភាពស្មោះត្រង់ចំពោះព្រះនាំមកនូវពរជ័យទាំងឡាយ សូម្បីតែនៅក្នុងគ្រាដ៏ចលាចលក៏ដោយ ។ សូមមើល អាលម៉ា 50:21 ដើម្បីឃើញពីអ្វីដែលមរមនបាននិយាយ ពីបុព្វហេតុដែលនាំពួកសាសន៍នីហ្វៃបាត់បង់ពរជ័យទាំងនេះ ។
អំឡុងពេលដែលមេទ័ពមរ៉ូណៃដឹកនាំពួកសាសន៍នីហ្វៃនៅក្នុងចម្បាំងរបស់ពួកគេតទល់នឹងពួកលេមិន ពេហូរ៉ានបានក្លាយជាមេចៅក្រមនៃពួកសាសន៍នីហ្វៃ ។ លោកជាបុរសសុចរិតមា្នក់ ហើយលោកបានធ្វើកិច្ចការដើម្បីស្ថាបនាក្ដីសុខសាន្តនៅក្នុងដែនដី ។ ទោះយ៉ាងណា មានពួកនីហ្វៃមួយក្រុមដែលមានបំណងចង់ផ្លាស់ប្ដូរច្បាប់របស់សាសន៍នីហ្វៃ ដើម្បីឲ្យពួកគេបានគ្រប់គ្រងដោយស្ដេចមួយអង្គវិញ មិនមែនប្រព័ន្ធចៅក្រមនោះទេ ។ បញ្ហានេះត្រូវបានដាក់ឲ្យបោះឆ្នោត ហើយប្រជាជនបានបោះឆ្នោតឲ្យរក្សាប្រព័ន្ធចៅក្រម ។ ទោះយ៉ាងណា « ពួកអ្នកនិយមស្ដេច » មិនគាំទ្រសំឡេងរបស់ប្រជាជននោះទេ ហើយបានបដិសេធក្នុងការចូលរួមប្រយុទ្ធជាមួយពួកសាសន៍នីហ្វៃដទៃទៀត ពេលដែលពួកសាសន៍លេមិនមកធ្វើចម្បាំង ។ មរ៉ូណៃត្រូវតែដឹកនាំពួកពលទ័ពរបស់លោកតទល់នឹងពួកអ្នកនិយមស្ដេច ដើម្បីបង្ខំពួកគេឲ្យចូលរួមនឹងពួកសាសន៍នីហ្វៃ ។ ការណ៍នេះបានធ្វើឲ្យពួកសាសន៍នីហ្វៃមានការចុះខ្សោយជាខ្លាំងនៅក្នុងចម្បាំងតទល់នឹងពួកសាសន៍លេមិន ( សូមមើល អាលម៉ា 51:1–21 ) ។
សូមអាន អាលម៉ា 51:22–27 ហើយរកមើលភស្ដុតាងដែលពួកលេមិនអាចបង្កើនអំណាចលើពួកសាសន៍នីហ្វៃ ដោយសារតែការទាស់ទែងជាមួយនឹងពួកអ្នកនិយមស្ដេច ។ សូមគិតអំពីគោលការណ៍នេះ ៖ ការបែកចែក និង ការទាស់ទែងបំផ្លាញសន្តិភាព ។
-
សូមអាន អាលម៉ា 50:39–40 និង អាលម៉ា 51:22 ហើយកត់ចំណាំថា តើពេហូរ៉ាន និង មេទ័ពមរ៉ូណៃបានព្យាយាមដោយឧស្សាហ៍យ៉ាងណាដើម្បីស្ថាបនាសន្តិភាពនៅក្នុងចំណោមប្រជាជនរបស់ពួកលោក ។ សូមគិតអំពីពេលមួយនៅក្នុងជីវិតអ្នក ពេលដែលអ្នកបានឃើញការទាស់ទែង មិនថានៅក្នុងចំណោមមិត្តភក្ដិ សមាជិកគ្រួសារ នៅសាលា ឬ អ្នកផ្សេងៗទៀតនោះទេ ។ សូមគិតផងដែរ អំពីចរិតលក្ខណៈរបស់មនុស្សម្នាក់ ដែលព្យាយាមដើម្បីកសាងសន្តិភាព ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីចរិតលក្ខណៈរបស់អ្នកដែលធ្វើឲ្យមានសន្តិភាពម្នាក់អាចមាន ៖
អាលម៉ា 52
មរ៉ូណៃ និង ទីអានគុម ធ្វើការរួមគ្នាដើម្បីយកឈ្នះលើពួកសាសន៍លេមិន ។
ដូចមានកត់ត្រានៅក្នុង អាលម៉ា 51:33–34 អាម៉ាលិកាយត្រូវបានសម្លាប់ដោយទីអានគុម ជាអ្នកដឹកនាំទាហានដ៏អស្ចារ្យម្នាក់របស់សាសន៍នីហ្វៃ ។ បន្ទាប់ពីការស្លាប់របស់អាម៉ាលិកាយហើយ ប្អូនប្រុសរបស់គាត់ឈ្មោះអាំម៉ូរ៉ុនបានគ្រប់គ្រងពលទ័ពលេមិន ។ មរ៉ូណៃបានផ្ដល់ការណែនាំដល់ទីអានគុម ដើម្បីបន្តពង្រឹងបន្ទាយ និង ការពារផ្នែកខាងជើងនៃដែនដីបរិបូរណ៍ ហើយបើអាចធ្វើទៅបាន នោះត្រូវយកមកវិញនូវទីក្រុងរបស់សាសន៍នីហ្វៃណាក៏ដោយ ដែលកាន់កាប់ដោយពួកសាសន៍លេមិននៅពេលនោះ ( សូមអាន អាលម៉ា 52:1–10 ) ។ សូមអាន អាលម៉ា 52:15–17 ហើយរកមើលពីមូលហេតុដែលទីអានគុមបានសម្រេចចិត្តមិនធ្វើការវាយប្រហារលើទីក្រុងមូលេក ។
ទីអានគុមបានដឹងថា ពេលដែលពលទ័ពស្ថិតនៅក្នុងតំបន់ការពាររបស់គេ នោះវាពិបាកនឹងយកឈ្នះ ។ ចេញពីបទពិសោធន៍នេះ យើងអាចរៀនគោលការណ៍នេះ ៖ ប្រសិនបើយើងចៀសវាងពីតំបន់ការពាររបស់មារសត្រូវ នោះយើងកាន់តែអាចចៀសវាង ហើយតទល់នឹងការល្បួង ។
-
តើកន្លែងណាខ្លះ ដែលអាចចាត់ថាជាតំបន់ការពាររបស់មារសត្រូវ ? ( ទាំងនេះគឺជាកន្លែង ឬ ស្ថានភាពទាំងឡាយ ដែលអ្នកអាចត្រូវបានជះឥទ្ធិពលឲ្យធ្វើអំពើបាប ប្រសិនបើអ្នកទៅទីនោះ—ឧទាហរណ៍ ពិធីជប់លៀងមួយដែលមនុស្សផឹកគ្រឿងស្រវឹង ឬ មើលកុនដែលមិនសមរម្យ ) ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវទីកន្លែងមួយចំនួនបែបនោះ ។ សូមសរសេរផងដែរ ពីមូលហេតុដែលអ្នកគិតថា អ្នកគប្បីចៀសវាងទៅកាន់កន្លែងទាំងនេះ ។
នេះជាពេលដ៏លំបាកមួយសម្រាប់ពួកសាសន៍នីហ្វៃ ព្រោះពួកសាសន៍លេមិនកាន់កាប់បានទីក្រុងជាច្រើនរបស់សាសន៍នីហ្វៃ ខណៈដែលពួកនីហ្វៃកំពុងប្រយុទ្ធនឹងពួកអ្នកនិយមស្ដេច ។ ពួកសាសន៍លេមិនបានប្រើប្រាស់ទីក្រុងទាំងនោះជាតំបន់ការពារ ដូច្នេះវាពិបាកសម្រាប់ពួកសាសន៍នីហ្វៃក្នុងការយកទីក្រុងទាំងនោះមកវិញ ។ មរ៉ូណៃបានបង្កើតផែនការមួយដើម្បីឲ្យពួកលេមិនចេញពីទីក្រុងមូលេក ដើម្បីពួកសាសន៍នីហ្វៃអាចបានទីក្រុងនោះមកវិញ ។ សូមអាន អាលម៉ា 52:21–26 ដើម្បីឃើញពីអ្វីដែលមរ៉ូណៃ និង ទីអានគុមបានធ្វើ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលមរ៉ូណៃ និង ទីអានគុមបានធ្វើ ដើម្បីវាយយកទីក្រុងមូលេក ( សូមអាន អាលម៉ា 52:21–26 ) ។ សូមសរសេរផងដែរពីអ្វីដែលអ្នកគិតអំពីមរ៉ូណៃក្នុងនាមជាមេបញ្ជាការទ័ពម្នាក់ ។ តើលោកជាមេបញ្ជាការទ័ពដ៏ល្អម្នាក់សម្រាប់សាសន៍នីហ្វៃដោយរបៀបណាខ្លះ ?
អាលម៉ា 54–55
មរ៉ូណៃបដិសេធនឹងផ្លាស់ប្ដូរពួកឈ្លើយជាមួយអាំម៉ូរ៉ុន ហើយយកបានទីក្រុងគីឌមកវិញ
គ្រប់ការធ្វើសង្គ្រាមទាំងអស់រវាងពួកសាសន៍លេមិន និង ពួកសាសន៍នីហ្វៃ ភាគីទាំងសងខាងចាប់បានពួកឈ្លើយសង្គ្រាមជាច្រើន ។ អាំម៉ូរ៉ុនជាអ្នកដឹកនាំរបស់ពួកលេមិន បានផ្ញើសំបុត្រមួយទៅកាន់មរ៉ូណៃ ដោយស្នើឲ្យមានការផ្លាស់ប្ដូរពួកឈ្លើយ ។ មរ៉ូណៃរីករាយនឹងផ្លាស់ប្ដូរពួកឈ្លើយ ដើម្បីឲ្យពួកសាសន៍នីហ្វៃដែលត្រូវចាប់អាចត្រឡប់មកវិញ និង ដើម្បីពួកពលទ័ពរបស់លោកពុំចាំបាច់ផ្ដល់អាហារ និង ថែទាំពួកឈ្លើយរបស់ពួកលេមិន ។ ( សូមមើល អាលម៉ា 54:1–2 ) ។
ទោះជាយ៉ាងណាក៏ដោយ ពេលដែលលោក និង អាំម៉ូរ៉ុនបានដោះដូរសំបុត្រ នោះអាំម៉ូរ៉ុនបានសរសេរបញ្ជាថា ពួកសាសន៍នីហ្វៃត្រូវព្រមចុះចាញ់ ហើយឲ្យពួកលេមិនគ្រប់គ្រងពួកគេ ។ គាត់បាននិយាយថា ពួកសាសន៍នីហ្វៃជាឃាតករ ហើយថាពួកលេមិនគឺត្រឹមត្រូវក្នុងការវាយប្រហារពួកគេ ។ គាត់ក៏បានប្រកាសផងដែរថា ពុំមានព្រះនោះទេ ។ ( សូមមើល អាលម៉ា 54:16–24 ) ។
ពេលមរ៉ូណៃបានទទួលសំបុត្រនេះ លោកបានដឹងថាអាំម៉ូរ៉ុនកុហក ។ អាំម៉ូរ៉ុនបានដឹងថា ពួកលេមិនពុំមានហេតុផលសុចរិតដើម្បីវាយប្រហារពួកសាសន៍នីហ្វៃនោះទេ ។ មរ៉ូណៃបាននិយាយថា លោកនឹងពុំផ្លាស់ប្ដូរពួកឈ្លើយ ហើយផ្ដល់កម្លាំងបន្ថែមដល់ពួកលេមិននោះឡើយ ។ លោកនឹងរករបៀបមួយដើម្បីរំដោះពួកឈ្លើយសាសន៍នីហ្វៃ ដោយពុំមានការផ្លាស់ប្ដូរពួកគេ ។ ( សូមមើល អាលម៉ា 55:1–2 ) ។
សូមអាន អាលម៉ា 55:3–24 ដើម្បីរកមើលពីអ្វីដែលមរ៉ូណៃបានធ្វើ ដើម្បីរំដោះពួកឈ្លើយសាសន៍នីហ្វៃ ។
ពេលមរ៉ូណៃបានបដិសេធនឹងធ្វើតាមបញ្ជារបស់អាំម៉ូរ៉ុន ហើយបានរកមធ្យោបាយមួយដើម្បីរំដោះពួកឈ្លើយសាសន៍នីហ្វៃ លោកបានរារាំងពួកសាសន៍លេមិនកុំឲ្យកាន់តែមានប្រៀបលើពួកសាសន៍នីហ្វៃ តែឲ្យពួកសាសន៍នីហ្វៃមានប្រៀបវិញ ។ សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីគំរូរបស់មរ៉ូណៃគឺ ៖ ប្រសិនបើយើងទុកចិត្តលើព្រះអម្ចាស់ ហើយគោរពប្រតិបត្តិទ្រង់ដោយឥតល្អៀង នោះទ្រង់នឹងគាំទ្រយើងនៅក្នុងការលំបាករបស់យើង ។
រឿងដែលមាននៅក្នុង អាលម៉ា 55:3–24 គឺជារឿងដ៏រំភើបមួយអំពីការរំដោះ ។ សូមគិតពីសមាជិកគ្រួសារ ឬ មិត្តភក្ដិម្នាក់ដែលនឹងមានភាពរីករាយក្នុងការស្ដាប់រឿងនេះ ហើយរកពេលមួយប្រាប់រឿងនេះទៅកាន់មនុស្សម្នាក់នោះ ។ អ្នកក៏អាចនឹងចង់ចែកចាយជាមួយមនុស្សនេះ នូវគោលការណ៍ដែលមានអក្សរដិតនៅក្នុងកថាខណ្ឌខាងលើ ហើយពន្យល់ថាតើមរ៉ូណៃជាគំរូមួយនៃគោលការណ៍នេះយ៉ាងណាផងដែរ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 50–52; 54–55 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖