មេរៀនទី 18 ៖ ថ្ងៃទី 3
អាលម៉ា 31
សេចក្តីផ្ដើម
អាលម៉ាបានដឹងថា មានពួកអ្នកដែលបែកចេញពីពួកសាសន៍នីហ្វៃមួយក្រុម ដែលហៅថា ពួកសាសន៍សូរាំ បានវង្វេងចេញពីសេចក្ដីពិតនៃដំណឹងល្អ ។ ដោយមានទុក្ខព្រួយពេលឮសារដំណឹងពីសេចក្ដីទុច្ចរិតទាំងនេះ នោះអាលម៉ាបានយកអ្នកផ្សេងទៀតទៅជាមួយលោក ដើម្បីបង្រៀនព្រះបន្ទូលនៃព្រះដល់ពួកសាសន៍សូរាំ ។ ពួកលោកបានឃើញការថ្វាយបង្គំដែលក្បត់ពីសាសនា និង ភាពឆ្មើងឆ្មៃនៃពួកសាសន៍សូរាំ ។ អាលម៉ាបានអធិស្ឋានដោយស្មោះអស់ពីចិត្តថា លោក និង ដៃគូទាំងឡាយរបស់លោកនឹងអាចទទួលបានការលួងលោម និង ជោគជ័យ នៅក្នុងការនាំពួកសាសន៍សូរាំត្រឡប់មកកាន់ព្រះអម្ចាស់វិញ ។
អាលម៉ា 31:1–7
អាលម៉ា និង ដៃគូទាំងឡាយរបស់លោក ផ្សព្វផ្សាយព្រះបន្ទូលនៃព្រះដល់ពួកសាសន៍សូរាំដែលក្បត់សាសនា
សូមស្រមៃថា អ្នកមានមិត្តម្នាក់ ឬ សមាជិកក្រុមគ្រួសារម្នាក់ ដែលកំពុងចាប់ផ្ដើមវង្វេងចេញពីដំណឹងល្អ ឬ ដែលមិនកំពុងតែរស់នៅតាមដំណឹងល្អ ឲ្យបានពេញលេញដូចដែលគាត់អាចធ្វើបាន ។ សូមគិតពីចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើអ្នកអាចនឹងធ្វើអ្វី ដើម្បីជួយដល់មនុស្សនេះ ឲ្យត្រឡប់មកកាន់ព្រះវិហារវិញ ហើយឲ្យមានបំណងប្រាថ្នារក្សាបទបញ្ញត្តិទាំងឡាយនោះ ?
-
តើអ្នកអាចនឹងបែរទៅរកនរណា ដើម្បីបានជំនួយក្នុងការដោះស្រាយបញ្ហា និង ការយល់ខុសរបស់មនុស្សនេះ ?
មេរៀននេះលើកយកជាគោលសំខាន់ ពីរបៀបដែលអាលម៉ា និង អ្នកផ្សេងទៀតបានព្យាយាមជួយមនុស្សមួយក្រុម ដែលបានវង្វេងចេញពីសេចក្ដីពិតនៃដំណឹងល្អ ។ សូមអាន អាលម៉ា 31:1–2 ។ តើអាលម៉ាបានមានអារម្មណ៍យ៉ាងណា ពេលលោកបានឮពីអ្វីដែលពួកសាសន៍សូរាំកំពុងធ្វើនោះ ?
សូមអាន អាលម៉ា 31:3–4 ហើយរកមើលពីមូលហេតុដែលពួកសាសន៍នីហ្វៃ ចាប់ផ្ដើមភ័យខ្លាចដោយសារសកម្មភាពរបស់ពួកសាសន៍សូរាំ ។
គិតអំពីអ្វីដែលអ្នកបានរៀន អំឡុងពេលនៃការសិក្សាព្រះគម្ពីរមរមនរបស់អ្នក តើអ្នកគិតថា មានអ្វីខ្លះដែលនឹងជួយលើកទឹកចិត្តដល់ពួកសាសន៍សូរាំឲ្យប្រែចិត្ត ហើយត្រឡប់មកឯសេចក្ដីពិតនៃដំណឹងល្អវិញ ? សូមអាន អាលម៉ា 31:5 ហើយរកមើលពីអ្វី ដែលអាលម៉ាបានដឹងថាជារបៀបដ៏មានប្រសិទ្ធភាពបំផុតក្នុងការទាមទារយកពួកសាសន៍សូរាំមកវិញ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលអ្នកគិតថា ព្រះបន្ទូលនៃព្រះមានអំណាចនៅក្នុងការជួយប្រជាជនឲ្យផ្លាស់ប្ដូរ ច្រើនជាងការប្រើកម្លាំង ឬ អ្វីផ្សេងទៀត ។
សូមសញ្ជឹងគិតពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពី ប្រធាន ប៊យដ៏ ឃេ. ផាកកឺ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពីអំណាចនៃព្រះបន្ទូលនៃព្រះ ៖
« គោលលទ្ធិពិត បើបានយល់ នោះគឺនាំឲ្យផ្លាស់ប្ដូរអាកប្បកិរិយា និង ឥរិយាបទ ។
« ការសិក្សាពីគោលលទ្ធិនៃដំណឹងល្អ នឹងអភិវឌ្ឍឥរិយាបថបានលឿនជាងការសិក្សាពីឥរិយាបថ ដើម្បីអភិវឌ្ឍឥរិយាបថទៅទៀត ។ ចូរមមៃនឹកគិតជាមុនពីឥរិយាបទដែលមិនសក្ដិសម អាចដឹកនាំទៅកាន់ឥរិយាបទដែលមិនសក្ដិសម ។ នោះហើយជាមូលហេតុ ដែលយើងសង្កត់ធ្ងន់ជាខ្លាំងអំពីការសិក្សាគោលលទ្ធិទាំងឡាយនៃដំណឹងល្អ » ( “Little Children” Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 17 ) ។
ផ្អែកលើ អាលម៉ា 31:5 និង សេចក្ដីថ្លែងការណ៍របស់ ប្រធាន ផាកកឺ សូមបញ្ចប់គោលការណ៍តទៅនេះ ៖ ពេលខ្ញុំសិក្សាព្រះបន្ទូលនៃព្រះ វានឹងដឹកនាំខ្ញុំឲ្យ ។
ក្នុងចំណោមលទ្ធភាពផ្សេងៗទៀត នោះអ្នកអាចបញ្ចប់គោលការណ៍ខាងលើ ដោយរបៀបនេះ ៖ ពេលខ្ញុំសិក្សាព្រះបន្ទូលនៃព្រះ វានឹងដឹកនាំខ្ញុំឲ្យធ្វើអ្វីដែលត្រឹមត្រូវ ។
-
សូមសញ្ជឹងគិតពីបទពិសោធន៍របស់អ្នក ដែលមានជាមួយនឹងព្រះគម្ពីរ និង ការស្ដាប់ព្រះបន្ទូលនៃព្រះ ។ សូមសរសេរអំពីគ្រាមួយ ពេលដែលព្រះបន្ទូលនៃព្រះ បានដឹកនាំអ្នក គ្រួសារអ្នក ឬ មិត្តភក្ដិអ្នក ឲ្យធ្វើអ្វីដែលត្រឹមត្រូវ ។
អាលម៉ា 31:8–23
ពួកសាសន៍សូរាំអធិស្ឋាន និង ថ្វាយបង្គំតាមរបៀបខុសឆ្គង
អាលម៉ា និង មនុស្សប្រាំពីរនាក់ផ្សេងទៀត បានទៅផ្សព្វផ្សាយព្រះបន្ទូលនៃព្រះដល់ពួកសាសន៍សូរាំ ។ ពេលពួកលោកទៅដល់ នោះពួកលោកបានសង្កេតឃើញថា ពួកសាសន៍សូរាំថ្វាយបង្គំព្រះតាមរបៀបមួយដ៏គួរឲ្យភ្ញាក់ផ្អើល ។ តើមានអ្វីខ្លះក្នុងគំនិតអ្នក ពេលអ្នកគិតពីពាក្យថា ថ្វាយបង្គំ ?
ការថ្វាយបង្គំ សំដៅលើរបៀបដែលយើងបង្ហាញសេចក្ដីស្រឡាញ់ គារវភាព និង ការថ្វាយភក្ដីភាពដល់ព្រះ ។ ជាញឹកញាប់ ការថ្វាយបង្គំ រួមមានសកម្មភាពទាំងឡាយ ដូចជា អធិស្ឋាន តមអាហារ និង ការចូលរួមការប្រជុំរបស់សាសនាចក្រ ។ ទោះយ៉ាងណា ការថ្វាយបង្គំដ៏ពិត តែងតែរួមបញ្ចូលជាមួយនឹងដួងចិត្ត ។ សូមអាន អាលម៉ា 31:8–11 ហើយរកមើល និង គូសចំណាំពាក្យ និង ឃ្លាទាំងឡាយដែលពិពណ៌នាពីការថ្វាយបង្គំរបស់ពួកសាសន៍សូរាំ ។
វាអាចជាប្រយោជន៍ក្នុងការដឹងថា « ការប្រព្រឹត្តទាំងឡាយនៃសាសនាចក្រ » ( អាលម៉ា 31:10 ) គឺទាក់ទងនឹង « ពិធីបរិសុទ្ធទាំងឡាយ » ដូចជាការបូជា ដែលតម្រូវឲ្យមាននៅពេលនោះ ជាផ្នែកនៃក្រិត្យវិន័យលោកម៉ូសេ ឬ ជាពិធីសាក្រាម៉ងនៅជំនាន់យើងនេះ ។ អ្នកអាចនឹងចង់គូសចំណាំនៅក្នុង អាលម៉ា 31:10 នូវមូលហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយ ដែលយើងគួរថ្វាយបង្គំ និង អធិស្ឋានជាប្រចាំថ្ងៃ ។
សូមពិចារណាក្នុងការសរសេរគោលការណ៍នេះ នៅគែមព្រះគម្ពីររបស់អ្នក នៅក្បែរ អាលម៉ា 31:9–11 ៖ ការប្រឹងប្រែងប្រចាំថ្ងៃរបស់យើង ក្នុងការអធិស្ឋាន និង រក្សាបទបញ្ញត្តិទាំងឡាយ ជួយពង្រឹងកម្លាំងយើងក្នុងការតទល់នឹងការល្បួង ។
ខណៈពេលដែលអែលឌើរ រូលុន ជី. ខ្រេវិន បម្រើជាសមាជិកមួយរូបនៃពួកចិតសិបនាក់ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថ្វាយបង្គំផ្ទាល់ខ្លួនជាប្រចាំថ្ងៃ ថាជាការការពារមួយតទល់នឹងការល្បួង និង ការខុសឆ្គង ៖ « អំឡុងឆ្នាំកន្លងមកនេះ ពេលខ្លះ ខ្ញុំត្រូវបានស្នើដោយបងប្អូនប្រុស ( ពួកសាវក ) ឲ្យជួបនឹងសមាជិកសាសនាចក្រដែលប្រែចិត្ត ហើយសម្ភាសពួកគេ សម្រាប់ការស្ដារឡើងវិញនូវពរជ័យព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ ការណ៍នេះតែងតែជាបទពិសោធន៍ខាងវិញ្ញាណមួយដ៏រំជួលចិត្ត ក្នុងការស្ដារឡើងវិញនូវពរជ័យទាំងឡាយរបស់មនុស្សដ៏ប្រពៃទាំងនោះ ដែលបានប្រែចិត្ត ។ ខ្ញុំបានសួរពួកគេខ្លះៗ នូវសំណួរថា ‹ តើមានអ្វីខ្លះ បានកើតឡើងក្នុងជីវិតអ្នក ដែលបណ្ដាលឲ្យអ្នកបាត់បង់សមាជិកភាពរបស់អ្នកក្នុងសាសនាចក្រ ជាបណ្ដោះអាសន្ននោះ ? › ជាមួយនឹងទឹកភ្នែកជោគជាំ ពួកគេបានឆ្លើយថា ៖ ‹ ខ្ញុំពុំបានគោរពប្រតិបត្តិនូវគោលការណ៍មូលដ្ឋានរបស់ដំណឹងល្អ ៖ អធិស្ឋាន ទៅព្រះវិហារជាទៀងទាត់ បម្រើក្នុងសាសនាចក្រ និង សិក្សាដំណឹងល្អ ។ រួចហើយ ខ្ញុំក៏បានចុះចូលទៅក្នុងការល្បួង និង បាត់បង់ការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ › » ( “Temptation” Ensign ខែ ឧសភា ឆ្នាំ 1996 ទំព័រ 76 ) ។
តើសេចក្ដីថ្លែងការណ៍របស់ អែលឌើរ ខ្រេវិន គាំទ្រដល់សេចក្ដីពិតដែលមានក្នុង អាលម៉ា 31:9–11 យ៉ាងណាដែរ ?
សូមអាន អាលម៉ា 31:12–23 ហើយស្រមៃថា វានឹងទៅជាយ៉ាងណា ដែលឮពួកសាសន៍សូរាំអធិស្ឋានពីកន្លែងឈររបស់ពួកគេនោះ ។ សូមគិតពីចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើអ្នកមានកង្វល់អ្វីខ្លះ បើសិនជាអ្នកបានឮនរណាម្នាក់អធិស្ឋានតាមរបៀបនេះនោះ ?
-
តើគោលលទ្ធិក្លែងក្លាយអ្វីខ្លះ ដែលពួកសាសន៍សូរាំសូត្រនៅក្នុងការអធិស្ឋានរបស់ពួកគេ ?
-
តើអាកប្បកិរិយារបស់ពួកគេចំពោះអ្នកដទៃទៀតយ៉ាងណាដែរ ? ( សូមកត់ចំណាំ ថាតើមានពាក្យ យើង និង យើងខ្ញុំ មានប៉ុន្មានដង នៅក្នុងការអធិស្ឋានរបស់ពួកសាសន៍សូរាំ ) ។
បន្ទាប់ពីមនុស្សម្នាក់ៗបាននិយាយការអធិស្ឋានដដែលៗដូចគ្នានោះហើយ « ពួកគេក៏ត្រឡប់ទៅផ្ទះគេវិញ ដោយមិននិយាយអំពីព្រះរបស់គេទៀតឡើយ រហូតដល់ពួកគេបានជួបជុំគ្នាទៀត នៅកន្លែងឈរដ៏បរិសុទ្ធនោះ » ( អាលម៉ា 31:23 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្វីខ្លះជាគ្រោះថ្នាក់ នៃការថ្វាយបង្គំ អធិស្ឋាន និង និយាយពីព្រះ តែម្ដងក្នុងមួយសប្ដាហ៍ ?
-
តើអ្វីខ្លះជារបៀបមួយចំនួន ដែលយើងអាចថ្វាយបង្គំព្រះពេញមួយសប្ដាហ៍ ?
-
អាកប្បកិរិយារបស់យើងក៏សំខាន់ផងដែរ នៅពេលយើងថ្វាយបង្គំ ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពី អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពីរបៀបដែលអាកប្បកិរិយារបស់យើងជះឥទ្ធិពលដល់ការថ្វាយបង្គំរបស់យើង ៖
« ជាញឹកញាប់ ការថ្វាយបង្គំ រួមបញ្ចូលសកម្មភាពទាំងឡាយ ប៉ុន្តែការថ្វាយបង្គំដ៏ពិតតែងតែរួមបញ្ចូលទាំងអាកប្បកិរិយាជាក់លាក់នៃគំនិតផងដែរ ។
« អាកប្បកិរិយានៃការថ្វាយបង្គំ រំឭកពីអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតនៃភក្ដីភាព ការគោរព និង សេចក្ដីស្ងើចសរសើរ ។ ការថ្វាយបង្គំមានរួមផ្សំនូវសេចក្ដីស្រឡាញ់ និង គារវភាព នៅក្នុងសភាវៈនៃការថ្វាយភក្ដីភាព ដែលទាញយកវិញ្ញាណរបស់យើងទៅកាន់តែជិតព្រះ » ( Pure in Heart [1988] ទំព័រ 125 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកជឿថា អ្នកកំពុងធ្វើបានល្អប៉ុណ្ណានៅក្នុងការថ្វាយបង្គំ រួមបញ្ចូលទាំងអាកប្បកិរិយារបស់អ្នក នៅក្នុងផ្នែកទាំងឡាយដូចតទៅនេះ ៖ ( ក ) ការអធិស្ឋានផ្ទាល់ខ្លួនប្រចាំថ្ងៃ ( ខ ) ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនប្រចាំថ្ងៃ ( គ ) ការគោរពប្រតិបត្តិដល់បទបញ្ញត្តិទាំងឡាយ និង ( ឃ ) ការចូលរួមការប្រជុំនៅព្រះវិហារ និង ការទទួលទានសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ ។ សូមដាក់គោលដៅមួយ ដើម្បីធ្វើឲ្យការថ្វាយបង្គំផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់អ្នក បានប្រសើរឡើង ។ អ្នកក៏អាចនឹងចង់ប្រាប់ឪពុក/ម្ដាយ អ្នកដឹកនាំ ឬ មិត្តភក្ដិម្នាក់ អំពីគោលដៅរបស់អ្នក ដើម្បីគាត់អាចផ្ដល់ការលើកទឹកចិត្តដល់អ្នក រហូតដល់សប្តាហ៍បន្ទាប់ៗទៀត ។
អាលម៉ា 31:24–38
អាលម៉ាអធិស្ឋានសុំកម្លាំង និង ជោគជ័យ សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ក្នុងការនាំពួកសាសន៍សូរាំត្រឡប់មកព្រះអម្ចាស់វិញ
បន្ទាប់ពីបានឃើញការថ្វាយបង្គំដែលក្បត់ពីសាសនារបស់ពួកសាសន៍សូរាំ នោះអាលម៉ាបានអធិស្ឋានដល់ព្រះអម្ចាស់ ។ សូមអាន អាលម៉ា 31:30–35 ហើយរកមើលពីរបៀបដែលការអធិស្ឋានរបស់អាលម៉ា ខុសគ្នាពីការអធិស្ឋានរបស់ពួកសាសន៍សូរាំ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីអ្វីដែលអ្នកបានរៀន ដោយធ្វើការប្រៀបធៀបពីរបៀបអធិស្ឋានរបស់អាលម៉ា ជាមួយនឹងការអធិស្ឋានរបស់ពួកសាសន៍សូរាំ ។ សូមកត់ត្រាផងដែរ ថាតើគំរូនៃការអធិស្ឋានដ៏សុចរិតរបស់អាលម៉ា អាចជះឥទ្ធិពលដល់ការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងណាដែរ ។
សូមអាន អាលម៉ា 31:36–38 ហើយរកមើលពរជ័យទាំងឡាយ ដែលមានដល់អាលម៉ា និង ដៃគូទាំងឡាយរបស់លោក ពេលពួកលោកបានទទួលពរជ័យបព្វជិតភាព និង បានផ្សព្វផ្សាយដំណឹងល្អ ។ សូមកត់ចំណាំឃ្លា « លោកបានទះដៃទៅលើអ្នកទាំងឡាយដែលនៅជាមួយនឹងលោក » ( អាលម៉ា 31:36 ) គឺសំដៅលើការដាក់ដៃលើក្បាល ។
បទពិសោធន៍របស់អាលម៉ា និង ដៃគូទាំងឡាយរបស់លោក បង្រៀនគោលការណ៍នេះ ៖ បើយើងអធិស្ឋាន និង ប្រព្រឹត្តដោយសេចក្ដីជំនឿ នោះយើងនឹងទទួលជំនួយដ៏ទេវភាពនៅក្នុងការលំបាករបស់យើង ។
ក្រោយពីការអធិស្ឋានរបស់លោកហើយ អាលម៉ា និង ដៃគូទាំងឡាយរបស់លោក បានបង្ហាញសេចក្ដីជំនឿរបស់ពួកលោក ដោយទៅធ្វើកិច្ចការ និង ទុកចិត្តថាព្រះអម្ចាស់នឹងផ្គត់ផ្គង់ដល់ពួកលោក ពេលពួកលោកបម្រើទ្រង់ និង កូនចៅរបស់ទ្រង់ ។ សូមរកមើលរបៀបទាំងឡាយ ដែលអ្នកអាចធ្វើតាមគំរូរបស់អាលម៉ា ក្នុងការអធិស្ឋានដោយសេចក្ដីជំនឿ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 31 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖