មេរៀនទី 29 ៖ ថ្ងៃទី 2
មរមន 9
សេចក្តីផ្ដើម
មរ៉ូណៃបានបញ្ចប់បញ្ជីរបស់ឪពុកលោក ដោយហៅដល់ពួកអ្នកទាំងឡាយដែលពុំជឿដល់ព្រះយេស៊ូវគ្រីស្ទ ឲ្យត្រឡប់មករកព្រះវិញ តាមរយៈការប្រែចិត្ត ។ លោកបានបង្រៀនថា ព្រះគឺជាព្រះនៃអព្ភូតហេតុ ដែលមិនប្រែប្រួលឡើយ ។ លោកក៏បានបង្រៀនផងដែរថា អព្ភូតហេតុឈប់ នៅពេលដែលមនុស្សឈប់មានសេចក្ដីជំនឿប៉ុណ្ណោះ ។ លោកបានលើកទឹកចិត្តឲ្យមនុស្សលោកទាំងអស់អធិស្ឋានទៅកាន់ព្រះវរបិតា នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីទទួលបានការណ៍ទាំងឡាយដែលពួកគេត្រូវការ ។
មរមន 9:1–6
មរ៉ូណៃហៅដល់ពួកអ្នកដែលពុំជឿលើព្រះយេស៊ូវគ្រីស្ទឲ្យប្រែចិត្ត
សូមស្រម៉ៃពីអ្វីដែលអ្នកអាចនឹងគិត ហើយមានអារម្មណ៍ដឹង ប្រសិនបើអ្នកត្រូវចូលទៅក្នុងវត្តមាននៃព្រះនៅថ្ងៃនេះ ។ តើអ្នកគិតថា មនុស្សទុច្ចរិតនឹងមានអារម្មណ៍យ៉ាងណានៅក្នុងវត្តមានរបស់ទ្រង់ ? សូមអាន មរមន 9:1–5 ហើយកត់ចំណាំថា មរ៉ូណៃបានពិពណ៌នាពីអ្វីដែលនឹងកើតឡើងនៅទីបំផុត ពេលមនុស្សដែលជ្រើសរើសមិនជឿលើព្រះយេស៊ូវគ្រីស្ទ ត្រូវនាំមកក្នុងវត្តមានរបស់ព្រះនៅទីបំផុត ។
ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានពន្យល់ថា មនុស្សជាច្រើនជឿទាំងខុសថា ពួកគេនឹងមានអារម្មណ៍ស្រួលនៅក្នុងវត្តមានរបស់ព្រះ សូម្បីបើពួកគេពុំបានប្រែចិត្តពីអំពើបាបរបស់គេក៏ដោយនោះ ៖
« ពុំអាចមានសេចក្ដីសង្គ្រោះ ដោយពុំមានការប្រែចិត្តនោះទេ ។ មនុស្សម្នាក់ពុំអាចចូលទៅក្នុងនគរព្រះ នៅក្នុងអំពើបាបរបស់គេឡើយ ។ វានឹងជារឿងមួយដែលមិនសមស្របទាល់តែសោះ សម្រាប់មនុស្សម្នាក់ដែលចូលទៅក្នុងវត្តមាននៃព្រះវរបិតា ហើយរស់នៅក្នុងវត្តមានរបស់ព្រះ នៅក្នុងអំពើបាបរបស់គេនោះ ។ …
« ខ្ញុំគិតថា មានមនុស្សច្រើនណាស់នៅលើផែនដី ប្រហែលជាមានពួកគេភាគច្រើននៅក្នុងសាសនាចក្រ—ឬយ៉ាងហោចណាស់មានអ្នកខ្លះ នៅក្នុងសាសនាចក្រ—ដែលមានគំនិតថា ពួកគេអាចឆ្លងកាត់ជីវិតនេះ ដោយការធ្វើអ្វីដែលពួកគេសប្បាយនឹងធ្វើ ដោយបំពានបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ហើយពួកគេនឹងនៅតែចូលទៅក្នុងវត្តមានរបស់ទ្រង់នៅទីបំផុត ។ ពួកគេគិតថា ប្រហែលជាពួកគេនឹងប្រែចិត្ត នៅក្នុងពិភពវិញ្ញាណ ។
« ពួកគេគួរតែអានពាក្យសម្ដីទាំងនេះរបស់មរ៉ូណៃ ៖ ‹ តើអ្នករាល់គ្នាគិតស្មានថា អ្នករាល់គ្នានឹងនៅជាមួយនឹងព្រះ [ ព្រះគ្រីស្ទ ] ដោយមានការដឹងនូវទោសរបស់ខ្លួនឬ ? តើអ្នករាល់គ្នាគិតស្មានថា អ្នករាល់គ្នាអាចសប្បាយរីករាយ ហើយរស់នៅជាមួយនឹងតួអង្គដ៏បរិសុទ្ធនោះ នៅពេលព្រលឹងរបស់អ្នកត្រូវញាំញី ដោយការដឹងនូវទោសដែលអ្នករាល់គ្នាធ្លាប់បានរំលងក្រិត្យវិន័យរបស់ទ្រង់ឬ ?
« ‹ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា បើអ្នករាល់គ្នារស់នៅជាមួយនឹងព្រះដ៏បរិសុទ្ធ ហើយយុត្តិធម៌ ដោយមានការដឹងនូវអំពើស្មោកគ្រោករបស់ខ្លួននៅចំពោះទ្រង់ នោះអ្នករាល់គ្នាវេទនាច្រើនជាងរស់នៅជាមួយនឹងពួកជាប់ទោស នៅក្នុងស្ថាននរកទៅទៀត ។ ដ្បិតមើលចុះ កាលណាអ្នករាល់គ្នាត្រូវបាននាំទៅមើលឃើញភាពអាក្រាតរបស់ខ្លួននៅចំពោះព្រះ ហើយឃើញសិរីល្អនៃព្រះផង និង បរិសុទ្ធភាពនៃព្រះយេស៊ូវគ្រីស្ទ ពេលនោះអណ្ដាតភ្លើងមួយដែលឥតរំលត់បាន នឹងត្រូវបង្កាត់ឡើងនៅក្នុងខ្លួនអ្នករាល់គ្នា › [ មរមន 9:3–5 ] » ( Doctrines of Salvation, comp. Bruce R. McConkie, 3 vols. [1954–56], 2:195–96 ) ។
-
សូមឆ្លើយសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីបានជាវាជាការខុសឆ្គង ក្នុងការបង្អង់ពុំប្រែចិត្តនៅក្នុងជីវិតនេះ ដោយអ្នកជឿថា អ្នកអាចប្រែចិត្តនៅក្នុងជីវិតបន្ទាប់នោះ ? ( អ្នកអាចនឹងចង់ប្រើប្រាស់នូវអ្វីដែលអ្នករៀនចេញពី មរមន 9:1–5; អាលម៉ា 12:14 និង អាលម៉ា 34:32–34 នៅក្នុងចម្លើយរបស់អ្នក ) ។
សូមអាន មរមន 9:6 ហើយរកមើលអ្វីដែល « អ្នកទាំងឡាយដែលពុំជឿ » ត្រូវតែធ្វើ ដើម្បីចៀសវាងពីការឈឺចាប់ ដែលមរ៉ូណៃបានពិពណ៌នានោះ ។ ចូរពិចារណាក្នុងការគូសចំណាំពាក្យទាំងឡាយនៅក្នុង មរមន 9:6 ដែលពិពណ៌នាអំពីស្ថានភាពរបស់ប្រជាជនដែលបែរមករកព្រះ ហើយសុំការអត់ទោសពីទ្រង់ ។ ចេញពីខទាំងនេះ យើងរៀនថា ៖ ប្រសិនបើយើងនឹងប្រែចិត្ត ហើយអំពាវនាវដល់ព្រះ នោះយើងនឹងពុំមានប្រឡាក់ស្នាមឡើយ នៅពេលយើងចូលមកក្នុងវត្តមានរបស់ទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នក ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរប្រយោគចំនួនពីរបី ថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណា នៅក្នុងវត្តមានរបស់ព្រះ ប្រសិនបើអ្នកបានដឹងថា អ្នកត្រូវបានធ្វើឲ្យបរិសុទ្ធ និង គ្មានប្រឡាក់ស្នាម តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនោះ ។
តាមរយៈការប្រែចិត្ត និង ការរស់នៅដោយសុចរិត អ្នកអាចរៀបចំខ្លួន ដើម្បីមានអារម្មណ៍សុខស្រួលនៅក្នុងវត្តមានរបស់ព្រះ ។ សូមសញ្ជឹងគិតពីអ្វីដែលសំខាន់បំផុត ដែលអ្នកមានអារម្មណ៍ថា អ្នកអាចធ្វើឥឡូវនេះ ដើម្បីរៀបចំឲ្យរួចស្រេច ដើម្បីជួបនឹងព្រះ ។
មរមន 9:7–20
មរ៉ូណៃប្រកាសថា ព្រះធ្វើអព្ភូតហេតុ និង ឆ្លើយតបការអធិស្ឋានរបស់ពួកអ្នកស្មោះត្រង់
តើអ្នកធ្លាប់ឃើញ ឬ មានបទពិសោធន៍ពីអព្ភូហេតុមួយឬទេ ? សូមសរសេរពីនិយមន័យរបស់អ្នកអំពីពាក្យអព្ភូតហេតុ ៖
មើលពាក្យmiracle នៅក្នុង Bible Dictionary ឬ ពាក្យ អព្ភូតហេតុ នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីបញ្ជាក់ ឬ បន្ថែមពីលើនិយមន័យរបស់អ្នក ។ តើអ្នកគិតថា ហេតុអ្វីមនុស្សមួយចំនួននៅសព្វថ្ងៃនេះ ពុំជឿលើអព្ភូតហេតុ ?
ដូចមានកត់ត្រានៅក្នុង មរមន 9:7–8 មរ៉ូណៃបានសរសេរទៅកាន់មនុស្សនៅថ្ងៃចុងក្រោយ ដែលនឹងបដិសេធថា ព្រះមានព្រះជន្មរស់ ថាទ្រង់ប្រទានវិវរណៈ ហើយថា ទ្រង់ចាក់អំណោយទានទាំងឡាយទៅលើពួកអ្នកស្មោះត្រង់ ។ មរ៉ូណៃបានបង្រៀនប្រកបដោយអំណាចថា មានព្រះមួយអង្គ និង ថាទ្រង់គឺនៅដដែល « ពីថ្ងៃម្សិល ថ្ងៃនេះ និង រហូតតទៅ » ( មរមន 9:9 ) ។ ទ្រង់បន្តធ្វើអព្ភូតហេតុក្នុងចំណោមមនុស្សស្មោះត្រង់នៅក្នុងគ្រប់ជំនាន់ទាំងអស់ ។ សូមអាន មរមន 9:9–11, 15–19 ហើយរកមើលពីអ្វីដែលមរ៉ូណៃបានបង្រៀន អំពីលក្ខណៈរបស់ព្រះ ដើម្បីលោកអាចជួយមនុស្សឲ្យជឿថា ព្រះនៅតែធ្វើអព្ភូតហេតុ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីអ្វីដែលអ្នកបានរៀនចេញពី មរមន 9:9–11, 15–19 អំពីលក្ខណៈរបស់ព្រះ ។ សរសេរផងដែរនូវចម្លើយរបស់អ្នកចំពោះសំណួរនេះ ៖ តើខទាំងនេះបង្រៀនអ្វីដល់អ្នក អំពីព្រះហឫទ័យ និង សមត្ថភាពរបស់ព្រះ ក្នុងការធ្វើអព្ភូតហេតុទាំងឡាយ នៅក្នុងជីវិតរបស់មនុស្សនៅសព្វថ្ងៃនេះ ?
សូមអាន មរមន 9:20 ហើយរកមើលមូលហេតុដែលមនុស្សមួយចំនួន ពុំអាចទទួលបទពិសោធន៍ពីអព្ភូតហេតុនានា ។
ពាក្យសម្ដីរបស់មរ៉ូណៃ ដែលមានកត់ត្រានៅក្នុង មរមន 9:9–19 បង្រៀនពីគោលការណ៍នេះ ៖ ដោយសារតែព្រះពុំផ្លាស់ប្ដូរ នោះទ្រង់នឹងប្រទានអព្ភូតហេតុទៅតាមសេចក្ដីជំនឿរបស់កូនចៅទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្បែរ មរមន 9:19–20 នៅក្នុងព្រះគម្ពីររបស់អ្នក ។
យើងអាចទទួលបទពិសោធន៍ពីព្រះចេស្ដាដ៏ប្រកបដោយអព្ភូតហេតុរបស់ព្រះ តាមរបៀបជាច្រើននៅក្នុងជីវិតយើង ។ បន្ទាប់ពីរំឭកពីអព្ភូតហេតុដ៏អស្ចារ្យមួយចំនួនដែលមានពិពណ៌នាក្នុងព្រះគម្ពីរ បងស្រី ស៊ីដនី អេស. រេណល ដែលបានបម្រើនៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ បានបង្រៀនថា ៖
« ‹ អព្ភូតហេតុផ្ទាល់ខ្លួន › តូចៗ ក៏សំខាន់ដូចជា ‹ អព្ភូតហេតុដ៏ធំ › ទាំងឡាយដែរ ដែលវាបង្រៀនយើងម្នាក់ៗឲ្យមានសេចក្ដីជំនឿលើព្រះអម្ចាស់ ។ អព្ភូតហេតុទាំងនេះកើតឡើង ពេលយើងទទួលស្គាល់ និង ស្ដាប់ការបំផុសពីព្រះវិញ្ញាណនៅក្នុងជីវិតយើង ។ …
« ខ្ញុំជឿថា យើងទាំងអស់គ្នា អាចថ្លែងទីបន្ទាល់ចំពោះអព្ភូតហេតុតូចៗទាំងនេះបាន ។ យើងស្គាល់ពួកកូនក្មេង ដែលអធិស្ឋានសុំជំនួយដើម្បីរកឃើញរបស់ដែលបាត់ ហើយក៏បានរកវាឃើញ ។ យើងស្គាល់ពួកមនុស្សវ័យក្មេង ដែលប្រមូលភាពក្លាហានដើម្បីឈរជាសាក្សីដល់ព្រះ ហើយបានដឹងពី ការគាំទ្រដោយព្រះហស្ដរបស់ទ្រង់ ។ យើងស្គាល់មិត្តភក្ដិ ដែលបង់ដង្វាយមួយភាគក្នុងដប់របស់គេ ជាមួយនឹងប្រាក់ទាំងអស់របស់គេ ហើយតាមរយៈអព្ភូតហេតុ នោះយើងឃើញថាពួកគេអាចបង់ថ្លៃសាលា ឬ បង់ថ្លៃផ្ទះ ឬ មានម្ហូបអាហារសម្រាប់គ្រួសារគេ ។ យើងអាចចែកចាយបទពិសោធន៍នៃការអធិស្ឋានដែលទទួលបានចម្លើយ និង ពរជ័យនៃបព្វជិតភាព ដែលបានផ្ដល់ភាពក្លាហាន នាំមកនូវការលួងលោម ឬ នាំឲ្យមានសុខភាពល្អឡើងវិញ ។ អព្ភូតហេតុប្រចាំថ្ងៃទាំងនេះ ធ្វើឲ្យយើងស្គាល់ព្រះហស្ដនៃព្រះអម្ចាស់នៅក្នុងជីវិតយើង » ( “A God of Miracles” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 12 ) ។
-
សូមសរសរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីបទពិសោធន៍មួយ ដែលអ្នកបានមាន ឬ បទពិសោធន៍មួយដែលអ្នកដឹង ដែលបញ្ជាក់ថា ព្រះនៅតែជាព្រះនៃអព្ភូតហេតុ នៅសព្វថ្ងៃនេះ ។
មរមន 9:21–37
មរ៉ូណៃបង្រៀនអំពីការអធិស្ឋាន និង អំពីគោលបំណងនៃបញ្ជីរបស់នីហ្វៃ
តើអ្នកអាចនឹកឃើញពីគ្រាមួយ ដែលអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌បានប្រទានដល់អ្នកនូវជំនួយដែលអ្នកត្រូវការ ដោយសារតែអ្នកបានអធិស្ឋានដែរឬទេ ? សូមអាន មរមន 9:21 ហើយរកមើលអ្វីដែលមរ៉ូណៃបានបង្រៀន អំពីការអធិស្ឋានដល់ព្រះវរបិតាសួគ៌ដើម្បីសុំជំនួយ ។
សូមអានសេចក្ដីថ្លែងតទៅនេះ ហើយរកមើលថា ការអធិស្ឋាននៅក្នុងព្រះនាមនៃព្រះគ្រីស្ទ មានន័យយ៉ាងណា ៖ « យើងអធិស្ឋាននៅក្នុងព្រះនាមនៃព្រះគ្រីស្ទ ពេលដែលគំនិតរបស់យើង គឺជាគំនិតរបស់ព្រះគ្រីស្ទ ហើយបំណងប្រាថ្នារបស់យើង គឺជាបំណងប្រាថ្នារបស់ព្រះគ្រីស្ទ—ពេលដែលព្រះបន្ទូលរបស់ទ្រង់គឺស្ថិតនៅក្នុងយើង ( យ៉ូហាន 15:7 ) ។ រួចហើយយើងទូលសុំព្រះប្រទាននូវអ្វីៗដែលអាចកើតឡើងទៅបាន ។ មានការអធិស្ឋានជាច្រើននៅតែមិនទាន់បានទទួលចម្លើយ ដោយសារការអធិស្ឋានទាំងនោះមិននៅក្នុងព្រះនាមរបស់ព្រះគ្រីស្ទទាល់តែសោះ ការអធិស្ឋាននោះមិនបានតំណាងឲ្យគំនិតរបស់ទ្រង់ទេ តែផ្តោតលើគំនិតអាត្មានិយមនៃដួងចិត្តមនុស្សទៅវិញ » ( Bible Dictionary, “Prayer” ) ។
សូមពិចារណាពីការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ដោយផ្អែកលើអ្វីដែលអ្នកទើបនឹងបានអាន ។ តើអ្នកអាចធ្វើអ្វី ដើម្បីអធិស្ឋានឲ្យបានកាន់តែពេញលេញនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ?
ដើម្បីផ្ដល់ជាឧទាហរណ៍មួយ អំពីមនុស្សដែលបានជឿលើព្រះអង្គសង្គ្រោះ ហើយអាចធ្វើអព្ភូតហេតុនានា នោះមរ៉ូណៃបានដកស្រង់នូវអ្វី ដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកសិស្សសាសន៍នីហ្វៃរបស់ទ្រង់ ។ ដូចមានកត់ត្រានៅក្នុង មរមន 9:22–25 ព្រះអង្គសង្គ្រោះបានបញ្ជាដល់ពួកសិស្សរបស់ទ្រង់ ឲ្យទៅទូទាំងពិភពលោក ហើយផ្សព្វផ្សាយដំណឹងល្អ ហើយទ្រង់បានសន្យាថា « ទីសម្គាល់ [ ដែលប្រកបដោយអព្ភូតហេតុ ] ទាំងនេះ នឹងមកតាមអ្នកដែលជឿ » ( មរមន 9:24 ) ។ បន្ទាប់មក មរ៉ូណៃបានបន្តការបង្រៀនរបស់លោកអំពីការអធិស្ឋាន ។
-
សូមអាន មរមន 9:27–29 ហើយរកមើលអ្វីដែលមរ៉ូណៃបានបង្រៀន អំពីរបៀបដែលយើងគប្បីអធិស្ឋាននៅក្នុងសេចក្ដីជំនឿ ។ ចូរសរសេរចំណុចដែលអ្នករកឃើញ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ បន្ទាប់មក សូមសរសេរពីរបីប្រយោគ ដែលពិពណ៌នាអំពីរបៀបដែលអ្នកប្រើប្រាស់ការបង្រៀនមួយចេញពីការបង្រៀនទាំងនេះ ដើម្បីអភិវឌ្ឍការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ។
អ្នកអាចនឹងចង់សរសេរគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ មរមន 9:27 ៖ បើយើងអធិស្ឋានដោយសេចក្ដីជំនឿទៅកាន់ព្រះវរបិតាសួគ៌ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងប្រទានពរជ័យដល់យើង ដែលនឹងជួយយើងឲ្យទទួលបានសេចក្ដីសង្គ្រោះ ។
ពេលមរ៉ូណៃបានបញ្ចប់ពាក្យសម្ដីរបស់លោក លោកបានបង្ហាញកង្វល់ថា មនុស្សមួយចំនួននៅក្នុងថ្ងៃចុងក្រោយ នឹងបដិសេធព្រះគម្ពីរមរមន ដោយសារតែភាពមិនឥតខ្ចោះរបស់អ្នកដែលសរសេរវា ( សូមមើល មរមន 9:30–34 ) ។ សូមអាន មរមន 9:35–37 ហើយរកមើលអ្វីដែលមរមនបានប្រកាស អំពីគោលបំណងនៃព្រះគម្ពីរមរមន ។
សូមពិចារណា ថាតើការលេចចេញមកនៃព្រះគម្ពីរមរមន ជាភស្ដុតាងបន្ថែមទៀតថា ព្រះគឺជាព្រះនៃអព្ភូតហេតុ ហើយថា ទ្រង់ឆ្លើយតបការអធិស្ឋាន យ៉ាងដូចម្ដេចដែរ ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរមន 9 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖