មេរៀនទី 31 ៖ ថ្ងៃទី 1
អេធើរ 13–15
សេចក្តីផ្ដើម
ព្យាការីអេធើរបានព្យាករពីក្រុងយេរូសាឡិមថ្មី ។ លោកក៏បានព្រមានផងដែរ ដល់កូរីអានទុមើរជាស្ដេចរបស់សាសន៍យ៉ារេឌ ថាប្រជាជនរបស់ទ្រង់នឹងត្រូវបានបំផ្លាញ ដោយសារតែសេចក្ដីទុច្ចរិត ហើយលោកបានទូន្មានដល់កូរីអានទុមើរ និង គ្រួសារទ្រង់ឲ្យប្រែចិត្ត ។ ពេលកូរីអានទុមើរ និង ប្រជាជនបានបដិសេធមិនប្រែចិត្ត នោះសង្គ្រាម និង សេចក្ដីទុច្ចរិតបានរីករាលដាលកាន់តែធំឡើងអស់ជាច្រើនឆ្នាំ រហូតទាល់តែជាតិសាសន៍យ៉ារេឌទាំងមូលត្រូវបំផ្លិចបំផ្លាញអស់ ។ មានតែអេធើរ និង កូរីអានទុមើរប៉ុណ្ណោះដែលនៅរស់ ដើម្បីធ្វើជាសាក្សីពីការបំពេញនៃការព្យាករណរបស់អេធើរ ។
អេធើរ 13:1–12
មរ៉ូណៃកត់ត្រាពីការព្យាករណ៍របស់អេធើរ អំពីយេរូសាឡិមថ្មី និង យេរូសាឡិមពីបុរាណ
សូមពិចារណាពីទីក្រុងខ្លះៗនៅសព្វថ្ងៃនេះ ដែលមានឈ្មោះផ្សេងច្រើនខុសគ្នា ដែលចង្អុលបង្ហាញពីទ្រង់ទ្រាយរបស់ទីក្រុងនោះ ។ ឧទាហរណ៍ ទីក្រុងប៉ារីស ប្រទេសបារាំង ក៏ត្រូវបានស្គាល់ផងដែរថាជាទីក្រុងនៃពន្លឺ ។ ដើម្បីចាប់ផ្ដើម សូមមើលថាបើអ្នកអាចផ្គូផ្គងទីក្រុងខាងក្រោម ទៅនឹងឈ្មោះផ្សេងរបស់វា ( ចម្លើយមានផ្ដល់ឲ្យនៅចុងមេរៀន ) ។
ទីក្រុង ឃែរ៉ូ ប្រទេស អេស៊ីព្ទ |
ទីក្រុងដែលមានខ្យល់ខ្លាំង |
ទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន |
ទីក្រុងវិហារអ៊ីស្លាមមួយពាន់ |
ទីក្រុង ឈីកាហ្គោ ស.រ.អា. |
ទីក្រុងអស់កល្ប |
ទីក្រុងម៉ិកស៊ីកូ ប្រទេស ម៉ិកស៊ីកូ |
មុក្តានៃទិសខាងកើត |
ទីក្រុង រ៉ូម ប្រទេស អ៊ីតាលី |
ទីក្រុងនៃរាជវាំង |
មេរៀនថ្ងៃនេះ ទាញការយកចិត្តទុកដាក់ទៅលើទីក្រុងដ៏សំខាន់ពីរនៅថ្ងៃចុងក្រោយ ៖ ( 1 ) យេរូសាឡិម និង ( 2 ) យេរូសាឡិមថ្មី ។ នៅថ្ងៃចុងក្រោយ ទីក្រុងទាំងពីរនេះ នឹងត្រូវបានគេស្គាល់ពីភាពសុចរិតរបស់វា ។ អេធើរ បានបង្រៀនពួកសាសន៍យ៉ារេឌថា ដែនដីដែលពួកគេរស់នៅនេះ គឺជាទីកន្លែងសម្រាប់ទីក្រុងក្នុងពេលអនាគតមួយ ហៅថាក្រុង យេរូសាឡិមថ្មី ។
សូមអាន អេធើរ 13:2–8 ។ ព្រះអម្ចាស់បានបើកសម្ដែងដល់ ព្យាការី យ៉ូសែប ស្ម៊ីធ ថាទីក្រុង យេរូសាឡិមថ្មីដែលបានលើកឡើងនៅក្នុង អេធើរ 13:6 នឹងត្រូវបានស្ថាបនាឡើងនៅ ឃុំចាកសុន រដ្ឋ មិសសួរី ស.រ.អា. ( សូមមើល គ. និង ស. 57:1–4; 84:1–4 ) ។ តើ អេធើរ បាននិយាយអ្វី អំពីទីក្រុងទាំងនេះនៅក្នុង អេធើរ 13:3, 5 ? សូមសញ្ជឹងគិត ថាតើវានឹងជាយ៉ាងណា ដែលនឹងរស់នៅក្នុងទីក្រុងមួយដូចនោះ ។ សូមសិក្សា អេធើរ 13:10–11 ដើម្បីដឹងពីអ្វីដែលមនុស្សម្នាក់ត្រូវតែទទួលបទពិសោធន៍ ដើម្បីរស់នៅក្នុងទីក្រុងដ៏បរិសុទ្ធគឺ ក្រុងយេរូសាឡិមថ្មី និង យេរូសាឡិមចាស់ ( ដែលនឹងបានបរិសុទ្ធ ពេលវាត្រូវបានស្ថាបនាឡើងថ្វាយដល់ព្រះអម្ចាស់ សូមមើល អេធើរ 13:5 ) ។
ឈ្មោះមួយទៀតរបស់ក្រុងយេរូសាឡមថ្មី គឺក្រុងស៊ីយ៉ូន ( សូមមើល ម៉ូសេ 7:62; មាត្រានៃសេចក្ដីជំនឿ 1:10 ) ។ ខណៈដែលយើងអាចនឹងមិនបានរស់នៅក្នុងក្រុងយេរូសាឡិម ឬ ក្រុងយេរូសាឡិមថ្មី នោះសមាជិកសាសនាចក្រទាំងអស់ អាចព្យាយាមស្ថាបនាទីក្រុងស៊ីយ៉ូន ។ យើងអាចរៀបចំខ្លួន ដើម្បីរស់នៅក្នុងកន្លែងដ៏បរិសុទ្ធ រួមទាំងនគរសេឡេស្ទាលរបស់ព្រះ ពេលដែលយើងបានស្អាតស្អំ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
អេធើរ 13:13–15:34
ពួកសាសន៍យ៉ារេឌ បដិសេធ អេធើរ ហើយមានៈរស់នៅក្នុងសេចក្ដីទុច្ចរិត និង សង្គ្រាម រហូតទាល់តែពួកគេត្រូវបំផ្លិចបំផ្លាញអស់
សូមអាន អេធើរ 13:13–19 ហើយរកមើលស្ថានភាពនៃសង្គមរបស់ពួកសាសន៍យ៉ារេឌ នៅក្នុងជំនាន់របស់អេធើរ ។ សូមសិក្សា អេធើរ 13:20–22 ដើម្បីឃើញពីសារដំណឹងរបស់អេធើរ ទៅកាន់កូរីអានទុមើរ និង របៀបដែលកូរីអានទុមើរ និង ប្រជាជនរបស់ទ្រង់ឆ្លើយតប ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនៅក្នុងរបៀបណាខ្លះ ដែលអ្នកបានឃើញមនុស្សនៅក្នុងជំនាន់របស់យើងពង្រឹងចិត្តរបស់ពួកគេរឹងរូស ហើយបដិសេធពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ?
-
តើអ្នកនឹងធ្វើអ្វី ដើម្បីរក្សាខ្លួនអ្នកឲ្យនៅរឹងមាំក្នុងសេចក្ដីជំនឿ និង ស្ដាប់តាមពាក្យសម្ដីរបស់ពួកព្យាការី ?
-
ដូចមានកត់ត្រានៅក្នុង អេធើរ 13:23–14:20 កូរីអានតុមើរ បានប្រយុទ្ធក្នុងចម្បាំងជាមួយនឹងពួកបុរសមួយចំនួនទៀត ដែលបានព្យាយាមដណ្ដើមយកនគរពីគាត់ រួមមាន សារេឌ កាឡាត និង លិប ។ នៅទីបំផុត ជាតិសាសន៍យ៉ារេឌ ទាំងមូលត្រូវបានគ្របដណ្ដប់ដោយសង្គ្រាម ។ សត្រូវចុងក្រោយរបស់ កូរីអានទុមើរ គឺបុរសម្នាក់ឈ្មោះ ស៊ិស ។ ទំហំនៃការវិនាសក្នុងចំណោមសាសន៍យ៉ារេឌ ដែលមកពីសង្គ្រាមទាំងនេះ គឺត្រូវបានរៀបរាប់នៅក្នុង អេធើរ 14:21–25 និង អេធើរ 15:1–2 ។
សូមអាន អេធើរ 15:3–6 ដើម្បីរកមើលអ្វីដែល កូរីអានទុមើរ បានព្យាយាមធ្វើ ដើម្បីឲ្យប្រជាជនដែលនៅសល់ពីការបំផ្លិចបំផ្លាញបានរួចជីវិត ។ សូមគិតអំពីមូលហេតុដែល ស៊ិស បានបដិសេធការស្នើរបស់ កូរីអានទុមើរ និង មូលហេតុដែលប្រជាជននៅក្នុងពលទ័ពទាំងពីរមិនព្រមចុះចាញ់ ( សូមមើលផងដែរ អេធើរ 14:24 ) ។
សូមអាន អេធើរ 15:12–17 ហើយរកមើលព័ត៌មានពិស្ដារអំពីស្ថានភាពរបស់ពួកសាសន៍យ៉ារេឌ ។ តើអ្នករកឃើញអ្វីខ្លះ អំពីស្ថានភាពរបស់ពួកគេ ដែលប្រកបដោយភាពខ្លោចផ្សា និង ទុក្ខព្រួយជាពិសេសនោះ ? សូមចងចាំថា អេធើរ បានចំណាយពេលជាច្រើនឆ្នាំ ព្រមានដល់ប្រជាជនឲ្យប្រែចិត្ត ( សូមមើល អេធើរ 12:2–3; 13:20 ) ។ អាន អេធើរ 15:18–19 ហើយរកមើលលទ្ធផលទាំងឡាយ ដែលមកពីការបដិសេធចំពោះការព្រមានឲ្យប្រែចិត្តរបស់ព្រះអម្ចាស់ ។ ដោយផ្អែកលើអ្វីដែលអ្នកបានអាន សូមបំពេញសេចក្ដីថ្លែងនេះ ៖ បើយើងបដិសេធចំពោះការព្រមានឲ្យប្រែចិត្តរបស់ព្រះអម្ចាស់ នោះ ។
នៅក្នុងចន្លោះខាងលើ អ្នកអាចសរសេរគោលការណ៍មួយដូចតទៅនេះ ៖ បើយើងបដិសេធការព្រមានឲ្យប្រែចិត្តរបស់ព្រះអម្ចាស់ នោះព្រះវិញ្ញាណរបស់ទ្រង់ចាកចេញ ហើយសាតាំងទទួលបានអំណាចគ្រប់គ្រងលើចិត្តយើង ។
-
សូមប្រើប្រាស់ អេធើរ 15:19 និង គោលការណ៍ដែលយើងរៀនមកពីខគម្ពីរនោះ ពន្យល់ថាហេតុអ្វីបានជា ហេតុផលមួយ ឬ ច្រើនដូចតទៅនេះ ដែលមនុស្សណាម្នាក់ អាចទាញលើកឡើងមកនៅសព្វថ្ងៃនេះ អំពីការបដិសេធមិនប្រែចិត្ត គឺជាការខុសឆ្គង ៖
-
ខ្ញុំដឹងថា រឿងកុនដែលខ្ញុំមើល មិនស្របទៅនឹងបទដ្ឋានរបស់សាសនាចក្រទេ ប៉ុន្តែ វាហាក់ដូចជាពុំមានឥទ្ធិពលអ្វីមកលើខ្ញុំទេ ។
-
ផឹកគ្រឿងស្រវឹងជាមួយនឹងមិត្តភក្ដិខ្ញុំ មិនជាអាក្រក់ដូចការគិតនោះពេកទេ ។ យើងគ្រាន់តែមានការសប្បាយហ្នឹង ។
-
វាគ្រាន់តែជារូបអាសគ្រាមបន្ដិចបន្ដួចប៉ុណ្ណោះ ។ វាមិនដូចជាខ្ញុំចេញទៅធ្វើអ្វីដែលអសីលធម៌នោះទេ ។ ក្រៅពីនោះ ខ្ញុំអាចឈប់នៅពេលណាក៏បាន ដែលខ្ញុំមានអារម្មណ៍ថាចង់ឈប់ ។
-
ខ្ញុំមិនចាំបាច់ប្រែចិត្តឥឡូវនេះទេ ។ ការណ៍នេះអាចចាំរហូតដល់ខ្ញុំជិតចេញបេសកកម្ម ឬ ជិតរៀបការក្នុងព្រះវិហារបរិសុទ្ធក៏បានដែរ ។
-
អេធើរ 15:20–32 រៀបរាប់អំពីរបៀបដែលពលទ័ពសាសន៍យ៉ារេឌចំនួនពីរក្រុម ច្បាំងនឹងគ្នា រហូតនៅសល់តែមេដឹកនាំរបស់ពួកគេប៉ុណ្ណោះ គឺ កូរីអានតុមើរ និង ស៊ិស ។ បន្ទាប់មក កូរីអានតុមើរ បានសម្លាប់ស៊ិស ។
ប្រវត្តិសាស្ត្ររបស់ពួកសាសន៍យ៉ារេឌ ផ្ដល់នូវគំរូដ៏រស់រវើកមួយ ពីអ្វីដែលកើតឡើងដល់ប្រជាជនមួយ ពេលដែលពួកគេរួមគ្នាបដិសេធដល់ការខំជួយបញ្ចុះបញ្ចូលពួកគេឲ្យប្រែចិត្តម្ដងហើយម្ដងទៀតរបស់ព្រះនោះ ។ ខណៈដែលយើងមិនអាចនឹងជួបការវិនាសខាងសាច់ឈាមភ្លាមៗដោយការបដិសេធប្រែចិត្ត នោះយើងនឹងទទួលអារម្មណ៍ថាខុសឆ្គង បើយើងបដិសេធការព្រមានឲ្យប្រែចិត្តរបស់ព្រះអម្ចាស់នោះ ។
សូមសញ្ជឹងគិតលើសេចក្ដីថ្លែងការណ៍តទៅនេះមកពី អែលឌើរ នែល អិល. អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា ៖ « ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះអាច ហើយចង់អត់ទោសដល់អំពើបាបរបស់យើងខ្លាំងណាស់ ។ លើកលែងតែអំពើបាបរបស់មនុស្សមួយចំនួន ដែលជ្រើសរើសយកសេចក្ដីហិនហោច ក្រោយពីបានដឹងដ៏ពេញលេញហើយនោះទេ ក្រៅពីនោះពុំមានអំពើបាបណា ដែលពុំអាចអត់ទោសឲ្យបាននោះឡើយ ។ វាជាឯកសិទ្ធិដ៏អស្ចារ្យក្រៃលែង សម្រាប់យើងម្នាក់ៗ ក្នុងការងាកបែរចេញពីអំពើបាបរបស់យើង ហើយមករកព្រះគ្រីស្ទ ។ ការអភ័យទោសដ៏ទេវភាព គឺជាផលផ្លែដ៏ផ្អែមល្ហែមបំផុតមួយនៃដំណឹងល្អ ដែលដកចេញនូវទោសកំហុស និង ការឈឺចាប់ចេញពីដួងចិត្តយើង ហើយជំនួសវិញនូវសេចក្ដីអំណរ និង សេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » ( “Repent … That I May Heal You” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2009, ទំព័រ 40–41 ) ។
សូមពិនិត្យមើលអ្វីក៏ដោយដែលអ្នកអាចនឹងកំពុងធ្វើ ដែលអាចបង្អាក់ដល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតអ្នក ។ ពិចារណាពីរបៀបដែលអ្នកអាចទាញយកអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើការផ្លាស់ប្ដូរដែលចាំបាច់ ដែលនឹងជួយអ្នកឲ្យទទួលព្រះវិញ្ញាណ ហើយទប់ទល់នឹងអំណាចរបស់សាតាំង ។
ចេញពី អេធើរ 13–15 យើងរៀនថា កំហឹង និង ការសងសឹក នាំឲ្យយើងធ្វើនូវការជ្រើសរើសទាំងឡាយ ដែលនឹងធ្វើឲ្យខ្លួនយើង និង អ្នកដទៃទៀតឈឺចាប់ ។ សូមអាន ឬ អានឡើងវិញនូវវគ្គបទគម្ពីរតទៅនេះ ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយ ដែលបង្រៀនពីសេចក្ដីពិតនេះ ៖ អេធើរ 13:27; 14:24; 15:6, 22, 28 ។
ចូរសញ្ជឹងគិតពីលទ្ធផលអ្វីខ្លះ ដែលអាចកើតមានទៅលើក្រុមគ្រួសារ ឬ ទំនាក់ទំនងផ្សេងៗទៀត ដែលមកពីការមិនទប់កំហឹង ។ សូមគិតអំពីស្ថានភាពមួយនៅក្នុងជីវិតអ្នក ដែលអ្នកអាចនឹងត្រូវតែលះបង់អារម្មណ៍នៃកំហឹង ឬ ការសងសឹងចោល ។
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍តទៅនេះដោយ អែលឌើរ ដេវីឌ អ៊ី. សរិនសិន ជាសមាជិកកិត្តិយសមួយរូបនៃពួកចិតសិបនាក់ នោះសូមរកមើលរបៀបដែលអ្នកអាចយកឈ្នះអារម្មណ៍នៃការខឹង ឬ បំណងប្រាថ្នាក្នុងការសងសឹក ៖ « ពេលនរណាម្នាក់បានធ្វើឲ្យយើងឈឺចាប់ ឬ ធ្វើឲ្យមនុស្សដែលយើងខ្វល់ខ្វាយឈឺចាប់ នោះការឈឺចាប់នោះ មានស្ទើរតែច្រើនដ៏ហួសប្រមាណ ។ វាអាចមានអារម្មណ៍ថា ការឈឺចាប់ ឬ ភាពអយុត្តិធម៌នោះ គឺវាសំខាន់បំផុតនៅក្នុងលោកនេះ ហើយដែលថា យើងគ្មានជម្រើសទេ ក្រៅពីសងសឹកវិញនោះ ។ ប៉ុន្តែព្រះគ្រីស្ទ ជាម្ចាស់នៃសេចក្ដីសុខសាន្ត បានបង្រៀនយើងពីរបៀបមួយដ៏ប្រសើរជាង ។ វាអាចជាការពិបាកខ្លាំងណាស់ ក្នុងការអភ័យទោសដល់មនុស្សម្នាក់ ចំពោះអំពើអាក្រក់ដែលពួកគេបានធ្វើចំពោះយើង ប៉ុន្តែពេលយើងអភ័យទោស នោះយើងបើកចិត្តគំនិតយើងចំពោះអនាគតមួយដ៏ល្អប្រសើរជាង ។ ចូរកុំឲ្យកំហុសរបស់នរណាម្នាក់ មកគ្រប់គ្រងលើដំណើរជីវិតរបស់យើងឡើយ ។ ពេលយើងអភ័យទោសដល់អ្នកដទៃទៀត យើងមានសេរីភាពដើម្បីជ្រើសរើសយកការរស់នៅមួយតាមរបៀបជីវិតរបស់យើងផ្ទាល់ ។ ការអភ័យទោសមានន័យថា បញ្ហាទាំងឡាយក្នុងអតីតកាល ឈប់បញ្ជាជោគវាសនាយើងទៀតហើយ ហើយយើងអាចផ្ដោតទៅលើអនាគត ដោយមានសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងដួងចិត្តយើង » ( “Forgiveness Will Change Bitterness to Love” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2003 ទំព័រ 12 ) ។
-
សូមឆ្លើយសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើពេលណា ដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់បានមានបទពិសោធន៍នៃការបានជាសះស្បើយ និង មានសេរីភាព បន្ទាប់ពីជ្រើសរើសអភ័យទោសឲ្យគេ ?
អ្នកអាចយកឈ្នះអារម្មណ៍នៃកំហឹង និង ការសងសឹកគ្រប់យ៉ាង ប្រសិនបើអ្នកបែរទៅរកព្រះយេស៊ូវគ្រីស្ទ ហើយទទួលអំណាចនៃការអត់ទោស និង ការលួងលោម តាមរយៈដង្វាយធួនរបស់ទ្រង់ ។ សូមចងចាំបែរទៅរកព្រះអម្ចាស់ នៅក្នុងការអធិស្ឋានសុំជំនួយដែលអ្នកអាចនឹងត្រូវការ នៅក្នុងស្ថានភាពទាំងនោះ ។
-
សូមសរសេរចំណុចដែលមាននៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អេធើរ 13–15 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖