មេរៀនទី 18 ៖ ថ្ងៃទី 1
អាលម៉ា 25–29
សេចក្តីផ្ដើម
បន្ទាប់ពីការផ្សព្វផ្សាយដំណឹងល្អអស់ជាច្រើនឆ្នាំមក អាំម៉ូនបានសរសើរតម្កើងព្រះអម្ចាស់ និង បង្ហាញពីការដឹងគុណចំពោះពរជ័យនៃការធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរស់ទ្រង់ ក្នុងការនាំដំណឹងល្អទៅដល់ពួកសាសន៍លេមិន ។ ពួកសាសន៍លេមិនជាច្រើននាក់បានចាប់ផ្ដើមជឿលើព្រះអម្ចាស់ ប្រែចិត្ត និង បានហៅខ្លួនគេថា អាន់តៃ-នីហ្វៃ-លីហៃ ។ បន្ទាប់ពីពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ បានធ្វើសេចក្ដីសញ្ញាមួយជាមួយនឹងព្រះ ថានឹងមិនដែលលើកគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមម្ដងទៀតឡើយ នោះពួកសាសន៍អាម៉ាលេកៃ និង ពួកសាសន៍លេមិនបានចាប់ផ្ដើមរៀបចំធ្វើសង្គ្រាមទាស់នឹងពួកគេ ។ ដើម្បីជួយពួកគេរក្សាសេចក្ដីសញ្ញារបស់គេជាមួយព្រះអម្ចាស់ ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ បានទទួលយកការការពារពីពួកសាសន៍នីហ្វៃ ។ ព្យាការីសាសន៍នីហ្វៃ គឺអាលម៉ា បានបង្ហាញពីសេចក្ដីអំណរ ដែលលោកបានមានពីការផ្សព្វផ្សាយដំណឹងល្អ និង ការអញ្ជើញអ្នកដទៃទៀតឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
អាលម៉ា 25
ការព្យាករណ៍របស់អ័ប៊ីណាដៃ ត្រូវបានបំពេញ ហើយពួកសាសន៍លេមិនជាច្រើនបានផ្លាស់ប្រែចិត្តជឿ
សូមគិតអំពីការផ្លាស់ប្ដូរណាក៏ដោយ ដែលអ្នកបានធ្វើ ពេលអ្នកប្រែចិត្តជឿកាន់តែខ្លាំងទៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ អាលម៉ា 25 ប្រាប់ពីការបំពេញនូវការព្យាករណ៍របស់អ័ប៊ីណាដៃដែលថា កូនចៅនៃពួកសង្ឃរបស់ស្ដេចណូអេ នឹងត្រូវគេដេញចាប់ និង សម្លាប់ ហើយបង្ហាញថា ព្រះអម្ចាស់ការពារដល់ពួកព្យាការីទ្រង់ និង បំពេញការព្យាករណ៍ដ៏បំផុសគំនិតរបស់ពួកលោក ( សូមមើល អាលម៉ា 25:9 ) ។ វាក៏ប្រាប់ផងដែរ ពីរបៀបដែលពួកសាសន៍លេមិនបានប្រែចិត្ត ហើយចូលរួមជាមួយពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ។ សូមអាន អាលម៉ា 25:14 ហើយរកមើលពីអ្វីដែលពួកសាសន៍លេមិនទាំងនេះបានធ្វើ ពេលពួកគេបានប្រែចិត្តជឿដល់ដំណឹងល្អ ។ នៅក្នុង អាលម៉ា 25:15 យើងរៀនពីមូលហេតុពីរ ដែលពួកគេរក្សាក្រិត្យវិន័យលោកម៉ូសេ ។
អាលម៉ា 26
អាំម៉ូនត្រេកអរនៅក្នុងសេចក្ដីមេត្តារបស់ព្រះអម្ចាស់ចំពោះពួកសាសន៍លេមិន និង ពួកបុត្រានៃម៉ូសាយ
តើត្រូវការអ្វីខ្លះ ដើម្បីកសាងផ្ទះមួយ ឬ ព្រះវិហារមួយ ? តើសាសនាចក្របែបណា ដែលជាងដ៏ចំណានម្នាក់ អាចសាងសង់ជាមួយនឹងសម្ភារ និង ឧបករណ៍ទាំងឡាយដ៏ត្រឹមត្រូវ ? នៅក្នុង អាលម៉ា 26 អាំម៉ូនបានពិពណ៌នាពីខ្លួនលោក និង បងប្អូនរបស់លោក ថាជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ ក្នុងការធ្វើកិច្ចការដ៏អស្ចារ្យ ។ សូមអាន អាលម៉ា 26:1–5, 12–13 ហើយរកមើលពីអ្វីដែលព្រះអម្ចាស់សម្រេចបាន ដោយការប្រើប្រាស់អាំម៉ូន និង បងប្អូនរបស់លោក ជាឧបករណ៍ក្នុងព្រះហស្ដទ្រង់ ។ ( អ្នកអាចនឹងចង់គូសចំណាំចម្លើយទាំងឡាយ ដែលអ្នករកឃើញនៅក្នុងព្រះគម្ពីររបស់អ្នក ) ។ នៅក្នុង ខ 5 ឃ្លាថា « លូកកណ្ដៀវ » មានន័យថា ធ្វើការដោយឧស្សាហ៍ « កណ្ដាប់ស្រូវ » តំណាងឲ្យពួកអ្នកប្រែចិត្តជឿ « ជង្រុក » តំណាងឲ្យសាសនាចក្រ និង ឃ្លាដែលថា ពួកអ្នកដែលត្រូវបានប្រមូលគឺពុំត្រូវ « ខាតបង់ » គឺសំដៅថា ព្រះរក្សាពួកអ្នកប្រែចិត្តជឿ ហើយនិងប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់ពួកគេ ។
សូមរកមើល ឬ គូសចំណាំឃ្លាមួយ ឬ ច្រើនជាងមួយ នៅក្នុង អាលម៉ា 26:12 ដែលចង្អុលបង្ហាញថា អាំម៉ូនបានយល់ថា លោកគ្រាន់តែជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ហើយថា គឺព្រះអម្ចាស់ទេតើ ដែលធ្វើអព្ភូហេតុទាំងឡាយអំឡុងពេលនៃបេសកកម្មរបស់លោក ។
ចេញពីខទាំងនេះ យើងរៀនពីគោលការណ៍នេះ ៖ ពេលយើងរៀបចំ និង បន្ទាបខ្លួនយើង នោះព្រះអម្ចាស់ពង្រឹងយើង និង ប្រើប្រាស់យើងជាឧបករណ៍មួយនៅក្នុងព្រះហស្ដទ្រង់ ។ យើងក៏បានរៀនពី គោលការណ៍អមមួយទៀត នៅក្នុង អាលម៉ា 26 គឺ ៖ យើងមានបទពិសោធន៍នៃសេចក្ដីអំណរ ពេលយើងបម្រើព្រះអម្ចាស់ និង កូនចៅទ្រង់ដោយស្មោះត្រង់ ។ សូមអាន អាលម៉ា 26:11, 13, 16 ហើយគូសចំណាំពាក្យ សេចក្ដីអំណរ ឬ អររីករាយ រាល់ដងដែលអ្នកឃើញវា ។
សូមអាន អាលម៉ា 26:13–16 ហើយរកមើលមូលហេតុទាំងឡាយ ដែលអាំម៉ូនបានផ្ដល់ឲ្យ ចេញពីការអររីករាយរបស់លោក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលអ្នកគិតថា យើងទទួលបានបទពិសោធន៍នៃសេចក្ដីអំណរ ពេលយើងនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ។ អ្នកអាចនឹងចង់សរសេរផងដែរ អំពីពេលមួយ ដែលអ្នកបានមានអារម្មណ៍នៃសេចក្ដីអំណរ ដែលជាលទ្ធផលមួយនៃការបម្រើរបស់អ្នកនៅក្នុងសាសនាចក្រ ។
សូមអានខទាំងឡាយខាងក្រោមនេះ ហើយសូមគិតពីចម្លើយដល់សំណួរដែលអមមកជាមួយនេះ ៖
អាលម៉ា 26:22–23, 26–29 ។ សូមកត់ចំណាំពីតម្រូវការទាំងឡាយ ដើម្បីដឹងពីអាថ៌កំបាំងរបស់ព្រះ ដែលមានរៀបរាប់ក្នុងនោះ ។ តើការសន្យាអ្វី ដែលមានដល់ពួកអ្នកផ្សព្វផ្សាយសាសនា ដែលមានលក្ខណៈសម្បត្តិទាំងនេះ ? តើមានឧបសគ្គអ្វីខ្លះ ដែលអាំម៉ូន និង បងប្អូនលោកបានជួប នៅក្នុងការបម្រើរបស់ពួកលោក ចំពោះព្រះអម្ចាស់ និង ពួកសាសន៍លេមិន ? តើឧបសគ្គណាមួយក្នុងចំណោមឧបសគ្គទាំងនេះ ស្រដៀងគ្នាទៅនឹងឧបសគ្គទាំងឡាយដែលបានជួបប្រទះ ដោយពួកអ្នកទាំងឡាយដែលបម្រើព្រះអម្ចាស់នៅសព្វថ្ងៃនេះ ? តើពួកអ្នកផ្សព្វផ្សាយសាសនានៅសម័យទំនើបនេះ រៀនអ្វីខ្លះចេញពី អាលម៉ា 26:29 អំពីទីកន្លែងដែលពួកគេគួរបង្រៀនដំណឹងល្អ ?
អាលម៉ា 26:30 តើអ្វីដែលបានលើកទឹកចិត្តដល់ពួកបុត្រានៃម៉ូសាយ ឲ្យបន្តបម្រើ សូម្បីតែនៅអំឡុងពេលនៃគ្រាដ៏លំបាកទាំងឡាយនោះ ?
-
សូមអាន អាលម៉ា 26:35–37 ហើយឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសេចក្ដីពិតអ្វីខ្លះ ដែលមានបង្រៀននៅក្នុងខទាំងនេះ ដែលនឹងផ្ដល់ដល់អ្នកនូវមូលហេតុទាំងឡាយដើម្បីអររីករាយ នៅក្នុងសេចក្ដីល្អនៃព្រះ ? ( អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងឡាយ ដែលចង្អុលបង្ហាញពីសេចក្ដីពិតទាំងនេះ ) ។
-
តើមានភាពខុសប្លែកគ្នាយ៉ាងណា ក្នុងការដែលដឹងថាព្រះអម្ចាស់ចងចាំអ្នក ?
-
អាលម៉ា 27
អាំម៉ូនដឹកនាំប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ ទៅកាន់កន្លែងសុវត្ថិភាពក្នុងចំណោមពួកសាសន៍នីហ្វៃ
ពេលអ្នករៀបចំសិក្សា អាលម៉ា 27 សូមគិតអំពីចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើអ្នកធ្លាប់មាននរណាម្នាក់ធ្វើការសន្យាដល់អ្នក ហើយបន្ទាប់មកក្បត់ការសន្យានោះឬទេ ?
-
តើអ្នកស្គាល់នរណាម្នាក់ ដែលតែងតែរក្សាការសន្យារបស់គាត់ចំពោះអ្នកដែរឬទេ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះមនុស្សដែលរក្សាការសន្យារបស់ពួកគេ ? ហេតុអ្វី ?
ក្រោយពីការប្រឹងប្រែងដែលមិនបានជោគជ័យរបស់ពួកគេ ក្នុងការបំផ្លាញពួកសាសន៍នីហ្វៃ នោះពួកសាសន៍លេមិនបានព្យាយាមបំផ្លាញពួកលេមិនទាំងនោះ ( គឺពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ) ដែលបានប្រែចិត្តជឿ ដោយសារអាំម៉ូន និង បងប្អូនលោក ។ សូមចងចាំថា ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ បានកប់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់ពួកគេ ដើម្បីបង្ហាញថា ពួកគេនឹងរក្សាសេចក្ដីសញ្ញារបស់ពួកគេ ថាពួកគេនឹងមិនកាប់សម្លាប់ម្ដងទៀតឡើយ ។ ដើម្បីរកមើល ថាតើពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ មានការតាំងចិត្តយ៉ាងណា ក្នុងការរក្សាសេចក្ដីសញ្ញានោះ សូមអាន អាលម៉ា 27:2–3 ។
សូមស្រមៃពីកម្លាំងនៃការតាំងចិត្តរបស់ពួកសាសាន៍អាន់តៃ-នីហ្វៃ-លីហៃ ក្នុងការគោរពដល់សេចក្ដីសញ្ញារបស់ពួកគេ ថានឹងមិនលើកអាវុធ ពេលដែលពួកគេត្រូវបានវាយប្រហារ ។ សូមពិចារណា ថាតើអ្នកអាចពង្រឹងការតាំងចិត្តរបស់អ្នកយ៉ាងដូចម្ដេច ក្នុងការរក្សាសេចក្ដីសញ្ញារបស់អ្នកជាមួយព្រះវរបិតាសួគ៌ ពេលវាហាក់ដូចជាពិបាកនឹងធ្វើដូច្នោះ ។
ដោយសារការបៀតបៀន និង ការវាយប្រហារពីពួកសាសន៍លេមិនដែលទុច្ចរិត នោះអាំម៉ូនបានដឹកនាំពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ទៅកាន់ដែនដីសារ៉ាហិមឡា—ទីក្រុងមួយរបស់ពួកសាសន៍នីហ្វៃ—ជាកន្លែងដែលពួកសាសន៍នីហ្វៃបានសន្យាថា នឹងការពារពួកគេពីសត្រូវរបស់ពួកគេ ។ សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើ ដើម្បីជួយពួកអ្នកដែលនៅជុំវិញអ្នកឲ្យរក្សាសេចក្ដីសញ្ញា ដែលពួកគេបានធ្វើជាមួយព្រះអម្ចាស់ ។
ពេលនៅក្នុងទីក្រុងសារ៉ាហិមឡា ពួកសាសន៍នីហ្វៃបានហៅពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ថាជាប្រជាជនអាំម៉ូន ។ សូមអាន អាលម៉ា 27:27–30 រកមើលថាតើប្រជាជនអាំម៉ូនត្រូវបានគេស្គាល់ថាជាមនុស្សយ៉ាងណា ? សូមគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយ ដែលបង្រៀនពីគោលការណ៍តទៅនេះ ៖ ពេលយើងប្រែចិត្តជឿទាំងស្រុងលើព្រះអម្ចាស់ នោះយើងរក្សាសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយទ្រង់ ។
-
សូមឆ្លើយសំណួរមួយ ឬ ទាំងពីរនៃសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកមានបទពិសោធន៍យ៉ាងណា ពេលដែលវាពិបាកសម្រាប់អ្នកក្នុងការរក្សាសេចក្ដីសញ្ញារបស់អ្នកជាមួយព្រះអម្ចាស់ ប៉ុន្តែអ្នកនៅតែរក្សាវា ?
-
តើនរណាជាគំរូដល់អ្នក ដែលជាមនុស្សស្មោះត្រង់ និង ពិតចំពោះសេចក្ដីសញ្ញារបស់គាត់ជាមួយព្រះអម្ចាស់ ? តើមនុស្សនោះបានបង្ហាញពីភាពស្មោះត្រង់របស់គាត់ចំពោះសេចក្ដីសញ្ញាទាំងនោះ ដោយរបៀបណាដែរ ?
-
អាលម៉ា 28
ពួកសាសន៍នីហ្វៃឈ្នះលើពួកសាសន៍លេមិននៅក្នុងចម្បាំងដ៏ធំមួយ
-
សូមស្រមៃថា អ្នកជាអ្នកយកការណ៍ម្នាក់ ដែលត្រូវបានចាត់តាំងឲ្យទៅយកការណ៍ពីព្រឹត្តិការណ៍ដែលមាននៅក្នុង អាលម៉ា 28 ។ សូមអាន អាលម៉ា 28:1–6, 11–14 ហើយសរសេរកថាខណ្ឌខ្លីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយសង្ខេបពីអ្វីដែលបានកើតឡើង ។ សូមប្រាកដថា អ្នកនឹងឆ្លើយនូវសំណួរខាងក្រោមនេះនៅក្នុងកថាខណ្ឌរបស់អ្នក ។
-
តើពួកសាសន៍នីហ្វៃបានបង់ថ្លៃអ្វីខ្លះ ក្នុងការជួយដល់ប្រជាជនអាំម៉ូនរក្សាសេចក្ដីសញ្ញារបស់ពួកគេ ? ( សូមមើល អាលម៉ា 28:1–3 ) ។
-
តើការស្លាប់នេះជះឥទ្ធិពលខ្លាំងប៉ុណ្ណា ដល់ពួកសាសន៍នីហ្វៃ ? ( សូមមើល អាលម៉ា 28:4–6 ) ។
-
ហេតុអ្វីមនុស្សមួយចំនួនភ័យខ្លាច នៅពេលមនុស្សជាទីស្រឡាញ់របស់ពួកគេស្លាប់ ខណៈដែលអ្នកផ្សេងទៀតរីករាយ ហើយមានក្ដីសង្ឃឹម ? ( សូមមើល អាលម៉ា 28:11–12 ) ។
-
សូមសរសេរសេចក្ដីថ្លែងនៃគោលការណ៍មួយ ដើម្បីសង្ខេបពីអ្វីដែលអ្នកបានរៀនចេញពី អាលម៉ា 28:11–12 ៖
គោលការណ៍មួយក្នុងចំណោមគោលការណ៍នានា នៅក្នុង អាលម៉ា 28 គឺ ៖ ពេលយើងមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ការសន្យារបស់ទ្រង់ នោះយើងអាចមានសេចក្ដីសង្ឃឹម និង មានសេចក្ដីអំណរ ថ្វីបើមានការស្លាប់ក៏ដោយ ។
-
សូមឆ្លើយសំណួរមួយ ឬ សំណួរទាំងពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកធ្លាប់បានឃើញនរណាម្នាក់ ប្រឈមមុខចំពោះសេចក្តីស្លាប់ផ្ទាល់ខ្លួន ឬ សេចក្តីស្លាប់របស់មនុស្សជាទីស្រឡាញ់ម្នាក់ ដោយសារតែសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅពេលណា ?
-
តើអ្នកនឹងពន្យល់ពីសេចក្ដីស្លាប់ទៅមនុស្សម្នាក់ដោយរបៀបណា ដើម្បីជួយមនុស្សនោះឲ្យមានសេចក្ដីសង្ឃឹម បន្ទាប់ពីការស្លាប់របស់មនុស្សជាទីស្រឡាញ់គេម្នាក់នោះ ?
-
សូមរកមើលសេចក្ដីថ្លែងការណ៍ទាំងបីនៃឃ្លាថា « ហើយ យើងឃើញ » របស់មរមននៅក្នុង អាលម៉ា 28:13–14 ។ អ្នកអាចនឹងចង់គូសចំណាំវា នៅក្នុងព្រះគម្ពីររបស់អ្នក ។ តើមរមនសង្កត់ធ្ងន់លើចំណុចអ្វីខ្លះ ពេលដែលលោកបញ្ចប់ដំណើររឿងនៃបេសកកម្មរបស់ពួកបុត្រានៃម៉ូសាយ ទៅកាន់ពួកសាសន៍លេមិននោះ ? សូមពិចារណាពីមូលហេតុ ដែលសេចក្ដីពិតទាំងនេះសំខាន់សម្រាប់អ្នកដើម្បីដឹង ?
អាលម៉ា 29
អាលម៉ារីករាយនៅក្នុងការនាំព្រលឹងទាំងឡាយមកឯព្រះអម្ចាស់
តើអ្នកធ្លាប់ប្រាថ្នាថា អ្នកមានអំណាចដើម្បីនាំមកនូវការល្អដ៏អស្ចារ្យ ឬ បញ្ឈប់ការអាក្រក់ខ្លះៗនៅក្នុងពិភពលោកនេះ ដោយខ្លួនអ្នកផ្ទាល់តែម្នាក់ឯងឬទេ ? អាលម៉ា 29 មាននូវការបង្ហាញពីបំណងប្រាថ្នារបស់អាលម៉ា ដើម្បីធ្វើជាឧបករណ៍មួយនៅក្នុងព្រះហស្ដព្រះអម្ចាស់ ។ សូមពិនិត្យមើល អាលម៉ា 29:1–3 ហើយរកមើលពីបំណងប្រាថ្នានៃចិត្តរបស់អាលម៉ា ។
ចងចាំពីអ្វីដែលបានកើតឡើងចំពោះអាលម៉ា ពេលគាត់នៅជាយុវជនម្នាក់ សូមពិចារណាពីមូលហេតុដែលអាលម៉ាអាចនឹងមានបំណងប្រាថ្នាដែលលោកបានបង្ហាញនោះ ។ សូមកត់ចំណាំនៅក្នុង អាលម៉ា 29:3 ពីមូលហេតុដែលលោកបានមានអារម្មណ៍ថា លោកកំពុងធ្វើអំពើបាបនៅក្នុងសេចក្ដីប៉ងប្រាថ្នារបស់លោក ។ សូមអាន អាលម៉ា 29:4–5 ហើយរកមើលពីអ្វីដែលព្រះអម្ចាស់ប្រទានដល់ពួកអ្នកដែលមានបំណងប្រាថ្នាសុចរិត ។
សូមពិនិត្យមើល អាលម៉ា 29:10, 14–16 ហើយគូសចំណាំរង្វាន់ដែលអាលម៉ាបានទទួល សម្រាប់ការនាំព្រលឹងទាំងឡាយមកឯព្រះគ្រីស្ទ ។ អ្នកអាចនឹងចង់គូសចំណាំរាល់ពេលដែលអាលម៉ាប្រើពាក្យ សេចក្ដីអំណរ នៅក្នុងខទាំងនេះ ។
គោលការណ៍មួយដែលបានបង្រៀននៅក្នុង អាលម៉ា 29 គឺ ៖ យើងនឹងទទួលបទពិសោធន៍នៃសេចក្ដីអំណរ ពេលយើងជួយអ្នកដទៃទៀតឲ្យប្រែចិត្ត និង មកឯព្រះយេស៊ូវគ្រីស្ទ ។ តើមានបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្ដីអំណរនៅក្នុងការជួយអ្នកដទៃទៀតឲ្យមកឯព្រះគ្រីស្ទនោះ ?
សូមសញ្ជឹងគិតមួយស្របក់ ពីរបៀបទាំងឡាយដែលអ្នកអាចជួយដល់បុគ្គលទាំងឡាយដែលនៅក្នុងក្រុមមនុស្សខាងក្រោមនេះ ដើម្បីធ្វើការផ្លាស់ប្ដូរដែលចាំបាច់នៅក្នុងជីវិតរបស់ពួកគេ ហើយមកឯព្រះយេស៊ូវគ្រីស្ទ ៖ ( ក ) មិត្តភក្ដិអ្នក ( ខ ) សមាជិកក្នុងគ្រួសារអ្នក និង ( គ ) មនុស្សទាំងឡាយដែលអ្នកមិនទាន់បានស្គាល់ច្បាស់នៅឡើយ ។ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណ ពេលអ្នករកមើលឱកាសទាំងឡាយ ដើម្បីនាំអ្នកដទៃទៀតមកកាន់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 25–29 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖